វិចិត្រសាល

កំណត់ត្រា ភាគ៧៖ ជ្រុង​មួយ​នៅ​​ក្បែរ​ខាងក្រៅ​​​ព្រះរាជវាំង​ថៃ…


ខាងក្រោមនេះ គឺជាទិដ្ឋភាព​ជ្រុង​មួយ​នៅ​​ខាងក្រៅៗ ក្បែរ​ព្រះរាជវាំង​ថៃ… ខ្ញុំ​ប្រើ​ពាក្យ​ថា “ក្បែរ​ខាង​ក្រៅ” នេះ គឺ​ដោយ​សារ​តែ​ខ្ញុំ​អត់​បាន​​ទិញ​សំបុត្រ​ចូល​​ទៅ​ដើរ​ទស្សនា​ខាង​ក្នុង..!!..

សំរាប់​​ភ្ញៀវ​ទេសចរណ៍​បរទេស ចង់​ចូល​ទៅ​ទស្សនា​វត្តព្រះកែវ និង​រាជវាំង​ថៃ គឺ​ត្រូវ​ទិញ​សំបុត្រ​ ១សន្លឹក​ថ្លៃ ៤០០បាត… បើ​គិត​ជា​លុយ​ដុល្លា​អាគាំង ដូច​ជា​មិន​ថ្លៃ… តែ​បើ​គិត​ជា​លុយ​បាត​ថៃ គឺ​ថ្លៃ​គួរ​សមដែរ។ ដល់​គិត​ចុះ​គិត​ឡើង​ទៅ ស្តាយ​លុយ… គិត​ចង់​ទុក​លុយ​ ៤០០បាត​នេះ ទិញ​គ្រាប់​ផ្លែ​​កៅឡាក់ ​នៅ​ឆាយណា​ថោន​ (China Town) ញាំវិញ បាន​​ឆ្ងាញ់​មាត់​គ្រាន់​បើ​ជាង។ ណា​មួយ​​នៅ​​ថ្ងៃ​ខ្ញុំ​ទៅ​នោះ មាន​អ្នក​ទេសចរណ៍​​សំរុក​ចូល​ទៅ​ទស្សនា​វាំង​ច្រើន​ពេក ទើប​ធ្វើ​អោយ​ខ្ញុំ​​មិន​ចង់​ចូល ជា​ហេតុ​ធ្វើ​អោយ​​​​ខ្ញុំ​​​​​អត់​មាន​រូប​ថត​ក្នុង​​វាំង និង​វត្ត​ព្រះកែវ យក​មក​ចុះ​ផ្សាយ​នៅ​ទី​នេះ​…។

ពេល​ចេញផុត​​ពី​របង​​វាំង មក​នៅ​លើ​ដង​ផ្លូវ​​​នោះ​ហើយ ដែល​ខ្ញុំ​មាន​ឳកាស​បាន​ជិះ​ម៉ូតូ​កង់​បីម៉ាក ទុកទុក (Tuk Tuk) ដើរ​មើល​វត្ត​ថៃ បាន​បីបួន​វត្ត​ និង​ព្រម​ទាំង​បាន​ចូល​ទៅ​មើលតាម​​ហាង​​ផ្សេងៗ​ទៀត​មួយ​ចំនួន ​នៅ​ជិតៗ​​ម្តុំ​វាំង​​ផង​ដែរ​។

តាម​ការ​សង្កេត​របស់​ខ្ញុំ បុគ្គលិក​របស់​ភ្នាក់​ងារទេសចរណ៍​​ថៃ បាន​​រៀប​ចំដំណើរ​​កំសាន្ត​ជូន​ទៅ​ដល់​ភ្ញៀវ​ទេសចរណ៍​​​​តាម​របៀប​ជា​ខ្សែ​សង្វាក់​បាន​ល្អ​ណាស់ ដែល​ខ្ញុំ​អាច​រៀប​រាប់ ​​ជំរាប​ជូន​អស់​លោក​អ្នក​​បាន​តាម​ដំណើរ​រឿង​ដូច​តទៅ៖

  • មានភ្នាក់ងារ​ទេសចរណ៍​ជា​ច្រើន​នាក់ បាន​ឈរ​ចាំ​នៅ​តាម​ច្រក​ទ្វារ​ចូល​វាំង…។ ប្រសិន​បើ​ឃើញ​មាន​អ្នក​ទេសចរណ៍​ដើរ​កាន់​ផែនទី​តាម​ផ្លូវ នោះ​ភ្នាក់​ងារ​ទេសចរណ៍​នឹង​ធ្វើ​ការ​ប្រាស្រ័យ​ទាក់​ទងរាក់​ទាក់​ណាស់​ ដោយ​ប្រើ​ប្រាស់​ភាសា​អង់គ្លេស សួរ​ទៅ​អ្នក​ទេស​ចរណ៍​ថា ចង់​ធ្វើ​ដំណើរ​ទៅ​ណាដែរ?… ហើយ​ពួក​គេ​អាច​ចង្អុល​បង្ហាញ​​ផ្លូវ​នៅ​ក្នុង​ផែន​ទី​បាន ប្រសិន​បើ​មាន​អ្នក​​ទេសចរណ៍​វង្វេង​ផ្លូវ…។ ជា​មួយ​គ្នា​នោះ ភ្នាក់ងារ​ទេសចរណ៍ ក៏​បាន​ណែនាំ​ដល់​ភ្ញៀវ​ពី​ទី​កន្លែង​ទស្សនា​ផ្សេង​ៗ​ទៀត​ ​ដូចជា​ទី​​អារាម​ចំណាស់ៗ​​ ​និង​ហាង​លក់​គ្រឿង​អលង្ការ​​ បញ្ចុះ​តំលៃ​ពិសេស​​​​មួយ​ចំនួន​នៅ​ជិតៗ​ព្រះរាជវាំង​នេះ…។
  • បន្ទាប់​មក ពួក​ភ្នាក់ងារ​ទេសចរណ៍​ក៏​​បាន​ណែនាំពី​មធ្យោបាយ​ធ្វើ​ដំណើរ​​ទៅ​ទី​តាំង​ទាំង​នោះ… គឺ​យាន​​​ជំនិះ​​ម៉ូតូ​កង់បី ទុកទុក ដែល​មាន​តំលៃ​ថោក​មិន​គួរ​អោយ​ជឿ ហើយ​អ្នក​បើក​បរ​ក៏​ចេះ​ភាសា​អង់គ្លេស​តិច​តួច​ អាច​និយាយ​ទាក់ទង​ស្តាប់​គ្នា​បាន ដោយ​គ្រាន់​​តែ​ចំណាយ​ពី ២០​ ទៅ ៤០បាត​ប៉ុណ្ណោះ ​ពួក​គេ​នឹង​នាំ​អ្នក​ទេសចរណ៍​ទៅ​កាន់​ទី​តាំង​ពីរ​បី​កន្លែង ​តាម​ការ​ចង្អុល​បង្ហាញ​នៅ​ក្នុង​ផែនទី​ភ្លាម…។
  • ហេតុអ្វី​បាន​ជា​ម៉ូតូ​ទុកទុក ​ដឹក​ភ្ញៀវ​​យក​ថ្លៃ​ថោក​យ៉ាង​នេះ?… ជា​ចំឡើយ​គឺ​ថា ក្រៅ​ពី​ទីអារាម​ដែល​ម៉ូតូ​ទុកទុក នាំ​ទៅទស្សនា ពួក​គេ​ក៏​មិន​ភ្លេចដឹក​​អ្នក​ទេសចរណ៍​ទៅ​កាន់​​ហាង​​លក់​គ្រឿងអលង្ការ ហាង​កាត់​ដេរ និង​ហាង​លក់​វត្ថុ​សិល្បៈ​ និង​វត្ថុ​អនុស្សាវរីយ៍​មួយ​ចំនួន ដែល​​អ្នក​លក់​តាម​ហាង​ទាំងអស់​​នោះ បាន “គ្រុយ” ភ្ញៀវ​ថាៈ ជា​ថ្ងៃ​​ចុង​ក្រោយ ក្នុង​ការ​បញ្ចុះ​តំលៃ​ពិសេស!…  ​ដល់​ស្អែក​មក​ទៀត ក៏​ជា​ថ្ងៃ​​បញ្ចុះ​តំលៃ​​ចុង​ក្រោយ​ទៀត​ដែរ..!!.. ហើយ​ដើម្បី​​ជា​កិច្ច​សហការ​គ្នា​​រវាង​ម្ចាស់​ហាង និង​ម៉ូតូ​ទុកទុក, ម្ចាស់​ហាង​ទាំង​នោះ ក៏​បាន​ផ្តល់​ជា​បុង​ប្រេង​​សាំង​ សំរាប់​​​ចាក់​ម៉ូតូ​​ទុកទុក (ខ្ញុំ​អត់​ដឹង​ថា​ប៉ុន្មាន​ទេ) ដើម្បី​ជា​ការ​លើក​ទឹកចិត្ត​អោយ​​​ម៉ូតូ​ទុកទុក ដឹក​ភ្ញៀវ​ចូល​ហាង​ពួក​គេ​លើក​ក្រោយៗ​ទៀត បើ​ទោះ​ជា​ភ្ញៀវ​ភាគ​ច្រើន​ ​ពេល​​ដើរ​ចេញ​​ទៅ​វិញមិន​បាន​ទិញ​អ្វី​ពី​ហាង​ពួកគេ​​ក៏​ដោយ​។

ខាងលើ​នេះ ​គឺ​ជា​ផ្នែក​​តូច​មួយ​នៃ​ខ្សែ​សង្វាក់​​ការ​ងារ​​លើ​​វិស័យ​ទេសចរណ៍​​ក្នុង​ប្រទេស​ថៃ ដែល​ខ្ញុំ​មើល​ទៅ​ឃើញ​ថា ឈ្នះ!​ ឈ្នះ! ផស់​គេមែន… ហើយ​​អ្នក​ទេសចរណ៍​ទៅ​លេង​ស្រុក​ថៃ ​ក៏​​ទទួល​បាន​​ ឈ្នះ! ឈ្នះ! ​​ដូច​ម្ចាស់​ផ្ទះ​ដែរ គ្រាន់​តែ​​ឈ្នះ​តាម​របៀប​អស់​លុយ​ពី​ក្នុង​ហោ​ប៉ៅ​ដោយ​មិន​ដឹង​ខ្លួន​តែ​ប៉ុណ្ណោះ..!!..

ក្នុង​ឳកាស​​ដែល​ខ្ញុំបាន​​ដើរ​​មើល​តាម​ហាង​មួយ​ចំនួននេះ មាន​ចំណុច​មួយ​​​ខ្ញុំ​​​ចាប់​អារម្មណ៍​​​ជាង​គេ ​ហើយ​ដែល​ខ្ញុំ​ចង់​ជំរាប​ជូន​អស់​លោក​អ្នក​អោយ​បាន​ជ្រាប​ផង​ដែរ… នោះគឺ នៅ​តាម​ហាង​លក់​គ្រឿង​អលង្ការ​​ច្នៃ​ត្បូង បួនប្រាំ​ហាង​ដែល​​ម៉ូតូទុកទុក បាន​ជូន​ខ្ញុំ​ទៅ, ខ្ញុំ​តែង​តែ​សួរ​ទៅ​អ្នក​លក់​ទាំង​អស់​នោះ​​ថា តើ​ត្បូងថ្ម​​នេះ​ជីក​ក្នុង​ប្រទេស​​ថៃ ឬ​ក៏​នាំ​ចូល​ពី​ប្រទេស​ណា? ពួក​គេ​ក៏​ឆ្លើយ​​មក​ខ្ញុំ​វិញ​​ យ៉ាង​ហំ​​ថាៈ ជា​ត្បូង​របស់​ប្រទេស​ថៃ!… ត្បូងថៃ​លេខ១!… ត្បូង​ថៃ​ល្បី​ណាស់!… ហើយ​មាន​តែ​ថៃ​ទេ​ដែល​នាំ​ត្បូង​ទៅ​លក់​​​នៅ​លើ​ទី​ផ្សារ​ពិភពលោក​​ច្រើន​ជាង​គេ..!!..

ប៉ុន្តែ​… នៅតាម​ជញ្ជាំង​​ក្នុង​ហាង​ដែល​មាន​ដាក់​តាំង​រូប​ថត បង្ហាញ​ពី​​ប្រវត្តិ​ និង​ទី​កន្លែង​នៃ​ការ​ធ្វើ​អាជីវកម្ម​រ៉ែ​ត្បូង​​​ក្នុង​អំឡុង​ទស្សវត្សរ៍​ឆ្នាំ ១៩៨០-៩០ សំរាប់​យក​មក​ច្នៃ​​លក់នៅ​ក្នុង​​ហាង​របស់​ពួក​គេ​នីមួយៗ នា​ពេល​បច្ចុប្បន្ន​នេះ គឺ​ជា​រូបថត​​ដែល​ខ្ញុំ​មើល​ស្គាល់​ថា ទីតាំង​​​ធ្វើ​អាជីវកម្ម​ជីករ៉ែ​ត្បូង​​ទាំង​នោះ ស្ថិត​នៅ​ក្នុង​​ទឹក​ដី​ខេត្ត​ប៉ៃលិន​ របស់​កម្ពុជា​​យើង​សោះ…។

ប្រកាស​ចុងក្រោយ ខ្ញុំ​នឹង​បង្ហាញ​ពី​ផ្សារ​ប្រាទូណាម (Pratunam Market) និង​ដង​វិថី​ក្នុង​​តំបន់​ឆាយណាថោន​ដ៏​អ៊ូអរ នៅ​ក្នុង​ទីក្រុង​បាងកក ដើម្បី​បិទ​បញ្ចប់​នូវ​កំណត់ត្រា​របស់​​ខ្ញុំ​ក្នុង​ដំណើរ​ទៅ​កាន់​ប្រទេស​ថៃ​ ដោយ​រថយន្ត​​​លើក​នេះ។ រីឯ​ទិដ្ឋភាព​តាម​ហាង​​លក់​គ្រឿង​អលង្ការ​ត្បូង​ថ្ម​មួយ​ចំនួន ​ដែល​ខ្ញុំ​បាន​រៀបរាប់​ខាង​លើ​​នេះ គឺ​ខ្ញុំ​​មិន​បាន​យក​មក​ចុះ​ផ្សាយ​នៅ​ក្នុង​ប្រកាស​នេះ​ទេ ព្រោះ​ខ្ញុំ​គិត​ថា ទង្វើ​បែប​នេះ​ គឺ​ហាក់​ដូចជា​ជួយ​ផ្សព្វ​ផ្សាយ​អោយ​ហាង​ទាំង​នោះ​ដោយ​មិន​ដឹង​ខ្លួន​ទៅ​វិញ…​​៕

ស្រុកស្រែ

__________________________

អត្ថបទដែលទាក់ទង៖

 

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s