វិចិត្រសាល

កំណត់ត្រា ភាគបញ្ចប់៖ វិថី​ឆាយណា​ថោន ​និង​ផ្សារ​ប្រាទូណាម


ខ្ញុំ​បាន​ទៅ​ដល់​វិថីនៅម្តុំឆាយណាថោន នា​ថ្ងៃ​បាក់រសៀល​ណាស់​ទៅ​ហើយ​…​។ មាន​ផ្នែក​ខ្លះនៅ​​ទីនេះ គឺ​ដូច​គ្នា​ទៅ​នឹង​ម្តុំ​ផ្សារ​អូរឫស្សី​យើង​ណាស់។ អ្វី​ដែល​ទាក់​ចិត្ត​ខ្ញុំ អោយ​​ចង់​​មក​​ឆាយណាថោន​នេះ គឺគ្រាប់​ផ្លែ​កៅឡាក់​លីង… ព្រោះថា គ្រាប់​កៅឡាក់​លីង​នៅ​ឆាយណាថោន​ទីក្រុង​បាងកក មាន​រស់ជាតិ​ឆ្ងាញ់​​មិន​ចាញ់​នៅ​ឆាយណាថោន​ទីក្រុង​សឹង្ហបុរី​ទេ ហើយ​បើ​​​ប្រៀប​ធៀប​ទៅ​នឹង​នៅ​ទីក្រុង​​ហូជីមិញ​វិញ ​គ្រាប់​កៅឡាក់​លីងនៅ​ទីនេះ គឺ​មាន​រសជាតិ​​​ឆ្ងាញ់​ដាច់​តែ​ម្តង…។ នៅ​ឆាយណាថោន​នេះ គ្រាប់​កៅឡាក់​លីងរួច មាន​ដាក់​លក់​តាម​ចិញ្ចើម​ផ្លូវ​ហូរហែ ត្រូវបាន​ខ្ចប់​ដាក់​ក្នុង​ប្រអប់​យ៉ាង​ស្អាត ១គ.ក្រ​ថ្លៃ ២៤០បាត។

បន្ទាប់​​ពី​ទិញ​បាន​គ្រាប់​កៅឡាក់​លីង​រួច​មក ខ្ញុំ​ក៏​តថ្លៃ​ម៉ូតូកង់បី ទុកទុក ​ជិះ​ពី​ឆាយណា​ថោន មក​ស្ថានីយ៍​រថភ្លើង​​អាកាស កីឡាដ្ឋានជាតិ (National Stadium Station)​​ នៃ​ខ្សែ​រថភ្លើង​​ស៊ីលំឡាញ (Silom Line) ​រួច​ក៏​​ទិញ​សំបុត្រ​​សំរាប់​ជិះ​ទៅ​ចុះ​នៅ​​ស្ថានីយ៍​​ព្យាថៃ (Phaya Thai Station) នៃ​ខ្សែ​រថភ្លើង សុខុមវីត​ឡាញ​ (Sokhumvit Line)។ ពីស្ថានីយ៍​កីឡាដ្ឋាន​ជាតិ ទៅ​ស្ថានីយ៍​ព្យាថៃ គឺ​​ត្រូវ​ប្តូរ​ខ្សែ​រថភ្លើង​​​​នៅ​ស្ថានីយ៍​ស្យាម (Siam Station)។ ពេល​ទៅ​ដល់​ស្ថានីយ៍​​ព្យាថៃ ខ្ញុំ​ត្រូវ​ដើរ​ឆ្លង​ស្ពាន​អាកាស​មួយ​នៅ​ក្បែរ​នោះ សំដៅ​ទៅ​ស្ថានីយ៍​អ្នកដំណើរ នៃ​ខ្សែ​រថភ្លើង​មួយ​ទៀត ​ដែល​ជា​រថភ្លើង​សំរាប់​​ដឹក​អ្នក​ដំណើរ​ទៅ​-មក អាកាសយានដ្ឋាន​សុវណ្ណភូមិ (Sovarnabhumi Airport Skytrain)​។ បន្ទាប់​មក ខ្ញុំ​ទិញ​សំបុត្រ​របស់​​ខ្សែ​រថភ្លើង​នេះ ​ជិះ​ទៅចុះ​នៅ​​ស្ថានីយ៍​រាជប្រារព្ធ (Ratchabrarob Station)។ ពីស្ថានីយ៍​ព្យាថៃ មក​ស្ថានីយ៍​រាជប្រារព្ធ ត្រូវ​​ចំណាយ​ពេល​ប្រហែល​​ជា​មួយ​ដង្ហើម​ចង្រិត…​ ​ទីបំផុត​ ខ្ញុំក៏​បានមក​​​ឈរ​លើ​វិថី​នៃ​ផ្សារ​ប្រាទូណាម (Pratunam) ​ដ៏​អ៊ូអរ​​ ប្រកប​ដោយ​សុវត្ថិភាព…។

សំរាប់​ខ្ញុំ នេះ​គឺ​ជា​លើក​ទីមួយ​ហើយ​ ដែល​ខ្ញុំ​​ធ្វើ​ដំណើរ​ក្នុង​ទី​ក្រុង​បាងកក​​តាម​​រថភ្លើង​អាកាស ​ដោយ​មើល​តាម​ផែនទី…។ ខ្ញុំ​គិតថា បើ​មាន​ឳកាសលើក​​ក្រោយ ខ្ញុំ​នឹង​សាក​ល្បង​ធ្វើ​ដំណើរ​ក្នុង​ទី​ក្រុង​បាងកក ​តាម​ម៉េត្រូ​ (Metro) ក្រោមដី​​វិញម្តង។ មាន​ចំណុច​មួយ​ដែល​ខ្ញុំ​ចង់​ជំរាប​ជូន​អស់​លោក​អ្នក​នៅ​ទី​នេះ​ផង​ដែរ​ថា ​ក្នុង​ឳកាស​​កំពុង​ធ្វើ​ដំណើរ​តាម​​រថភ្លើង​អាកាស​នោះ ខ្ញុំ​ឆ្លៀត​និយាយ​​សួរ​នាំ​ សំណេះ​សំណាល​ជា​មួយ​​​ជនជាតិ​ថៃ​ពីរ​បី​នាក់​​​ដែល​ធ្វើ​ដំណើរ​ក្បែរ​ខ្ញុំ​…។ ក្រោយ​​ពី​ជជែក​គ្នា​មួយ​សន្ទុះ ពួកគេ​បាន​​សួរ​មក​ខ្ញុំ​ថា៖ តើ​ខ្ញុំ​មក​ពី​ប្រទេស​ណា?… ខ្ញុំ​ក៏​សាកល្បង​​អោយ​ពួក​គេ​ទាយ​ទៅ​មើល​ ដោយ​ខ្ញុំ​ប្រាប់​ថា៖ រវាង​កម្ពុជា ភូមា និង​ហ្វីលីពីន តើ​ខ្ញុំ​មក​ពី​ប្រទេស​មួយ​ណា?… មាន​ពីរនាក់​ទាយ​ថា ខ្ញុំ​ជា​ជនជាតិ​ហ្វីលីពីន, ឯ​ម្នាក់​ទៀត​ទាយ​ថា ខ្ញុំ​ជា​ជនជាតិ​ភូមា…។ ខ្ញុំ​សើច​ដោយ​ប្រាប់​ទៅ​ពួក​គេ​​វិញ​ថា៖ មិនត្រូវទេ!… ខ្ញុំ​មក​ពី​កម្ពុជា!… ​​តែ​ពួក​គេ​នៅ​តែ​មិន​ជឿ​ ដោយ​នៅ​តែ​និយាយ​ថា​ ខ្ញុំ​ជា​ហ្វីលីពីន…។

មក​ទល់​នឹង​ពេល​នេះ ក៏​ខ្ញុំ​នៅ​មិន​ទាន់​​រក​ចំឡើយ​ឃើញ​ថា ហេតុអ្វី​បាន​ជា​ជនជាតិ​ថៃ​មើល​មក​ខ្ញុំ​ដែល​ជា​អ្នក​ទេសចរណ៍​ស្ពាយ​សាក់កាដូ កាន់​ផែនទីដើរ​​បែប​កាក្លិកាក្លាក់​ ថាមិន​មែន​ជា​ជនជាតិ​កម្ពុជា? តើជនជាតិ​កម្ពុជា មិន​ចេះ​មើល​ផែនទី​ដើរ​លេង​ទេ​ឬ?… អាយ ដុន ណូ..!!..??.. 😀

សូមអរគុណចំពោះ​អស់​លោក​អ្នក ដែល​បាន​អាន​កំណត់ត្រា​របស់​ខ្ញុំ តាំង​ពី​ដើម​រហូត​ដល់​ចប់​នេះ។ សូម​ផ្ញើ​ជូន​អស់​លោក​អ្នក នូវ​ស្នាម​ញញឹម​ប្រកប​ដោយ​ការ​គោរព និង​ស្និទ្ធ​ស្នាល​បំផុត​​…៕

ពី​ខ្ញុំ ឆុកឈែ

__________________________

អត្ថបទដែលទាក់ទង៖

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s