វិចិត្រសាល

“កាព្យលោកធម៌” ព្រះរាជនិពន្ធ​ដំបូង​បំផុត​របស់​សម្តេច​ព្រះ​សង្ឃរាជ ​ជួន ណាត


*** អត្ថបទ​កំណាព្យ​ខាងក្រោមនេះ មាន​ចំណង​ជើង​ថា កាព្យលោកធម៌ ដែលខ្ញុំ (ស្រុកស្រែ) បាន​ដកស្រង់​យក​មក​ពី​ក្នុង​សៀវភៅ ព្រះរាជ​ប្រវត្តិ​ពិស្តារ របស់​សម្តេច​ព្រះ​សង្ឃរាជ (ជ.ណ ជោត្តញ្ញាណោ) និពន្ធ​​ដោយ​លោក​សាស្រ្តាចារ្យ ឈឹម ស៊ុម

កាព្យលោកធម៌ នេះ​ គឺ​​ជា​ព្រះរាជ​​ស្នាព្រះហស្ថ​​ដំបូង​បំផុត​របស់​​​​​សម្តេច​ព្រះ​​សង្ឃរាជ​​ជាអម្ចាស់ ហើយ​ទ្រង់​បាន​​ព្រះ​រាជ​ទាន​សិទ្ធិ​អោយ​លោក ឈឹម ស៊ុម ​​កាន់​កាប់​ជា​ព្រះ​កេរ្តិ៍ ក្នុង​គ្រា​ដែល​ទ្រង់​មាន​ព្រះ​បន្ទូល​​តែ​ពីរ​នាក់​គាត់ អំពី​រឿង​ផ្ទាល់​ខ្លួន​ កាល​ទ្រង់​​ស្ថិត​​ក្នុង​យុវភាព​នៅ​ឡើយ…។

កាលណោះ នៅថ្ងៃទី ២២ ខែសីហា ឆ្នាំ១៩១២ ​សម្តេច​ព្រះមហា​សង្ឃរាជ និល ទៀង បាន​តែង​តាំង​​តំឡើង​ឋានៈ​​ព្រះអង្គ ពី​ព្រះបាឡាត់​សាក្យបុត្តីយ៍ ជួន ណាត ទៅជា​ព្រះគ្រូ​សង្ឃ​សត្ថា ជា​ហេតុ​ធ្វើ​អោយ​​ព្រះ​អង្គ​មាន​​ព្រះ​ទ័យ​រំភើបពី​ខាង​ក្នុង​ខ្លះៗ បាន​ជា​រាត្រី​នោះ ​ព្រះអង្គ​ទាញ​គម្ពីរ​បាលី​មក​បើក​ទត​ត្រង់​រឿង​លោកធម៌ ហើយ​សរសេរ​ប្រែ​មក​ជា​សម្រាយ​ ចង​ក្រង​ជា​ពាក្យ​កាព្យ​ទៀត ដើម្បី​សង្កត់​នូវ​សេចក្តី​រំភើប​ខ្លះ​ដែល​មាន​ក្នុង​ព្រះទ័យ…។ តែ​ព្រះរាជ​​ស្នាដៃ​និពន្ធ​​ដំបូង​បង្អស់​នេះ ត្រូវ​រង់​ចាំ​​រហូត​មក​ដល់​ថ្ងៃទី ០៦ ខែតុលា ឆ្នាំ១៩៥៥  ទើប​សម្តេចព្រះ​​​សង្ឃរាជ​ជា​អម្ចាស់ បាន​សំរេច​​អនុញ្ញាត្តិ​​អោយ​លោក ឈឹម ស៊ុម បោះពុម្ព​ផ្សាយ​ជា​ផ្លូវការ​​…។

*********************************

                                  កាព្យលោកធម៌

ខ្ញុំឈ្មោះអក្សរ ផ្សំស្រះ អា          ដាក់ មុខ​ជា​តួ​បង្ហើយ          ជាតួប្រកបពុំអានឡើយ          ឲ្យដល់ស្រះចុងដូចបាលី។

មានកាលយប់មួយឥតកង្វល់          ខ្វល់ខ្វាយអំពីរឿងហេតុអ្វី          មានកិច្ចតែខាងមើលបាលី          ដែលព្រះជិនស្រីទ្រង់ទេសនា។

ខ្ញុំមើលត្រង់លោកធម្មសូត្រ           រហូតដល់ចប់ព្រះគាថា         មើលបណ្តើរគិតបណ្តើរដោយចិន្តា         គិតថានឹងប្រែជាសម្រាយ។

ជាប្រយោជន៍នៃជនអ្នកត្រូវការ         ចង់ចេះធម៌អាថ៌តាមអភិប្រាយ         អ្នកដែលមិនចេះខាងប្រែស្រាយ         បើពាក្យសម្រាយច្រើនចូលចិត្ត។

ខ្ញុំបានផ្តើមតែងជាពាក្យកាព្យ         តាមសភាពប្រាជ្ញាខ្ញុំរិះគិត         តម្រូវជាធម៌ដែលមានពិត         ប្រឌិដ្ឋប្រដូចឲ្យងាយយល់។

ខ្ញុំតែងជាកាព្យចម្រុះពាក្យ         ប្រាំពីរប្រាំបីតាមយោយល់         ឃ្លាខ្លះមានកើនរហូតដល់         ប្រាំបួនពាក្យផ្តល់តាមសេចក្តី។

ខ្ញុំសូមសម្តែងចែងពីធម៌         ដ៏បវរសម្រាប់ជនប្រុសស្រី         ឈ្មោះហៅលោកធម៌មានប្រាំបី         ជាសង្ខេបខ្លីតាមគាថា។

ធម៌ទាំងប្រាំបីប្រការនោះ         មានឈ្មោះតាមបាលីភាសា         លាភោមានលាភផងនានា         ទោះស្រែចម្ការទោះមាសប្រាក់។

អលាភោ ឥតលាភឬខាតបង់         ខុសចំណង់ឃ្វាងចំណុចទាស់ទើសទាក់         មុខស្រពោនខ្លួនស្រពន់ចិត្តអន់អាក់         គំនិតរាក់ប្រាជ្ញាវល់ពុំយល់ឆ្ងាយ។

យសោ មានយសស័ក្តិថ្កើងថ្កាន         បានអ្វីក៏បានមកដោយងាយ         តេជះតបះក៏ផ្សព្វផ្សាយ         ជនទាំងឡាយធំតូចសឹងរាប់អាន។

អយសោ ឥតយសឬថ្លស់យស         ខ្ពស់ចុះជាទាបមិនសមប្រាណ         ថយអំណាចតេជះមិនក្លាហាន         បានអ្វីក៏បានដោយលំបាក។

និន្ទា អ្នកផងគេតិះដៀល         ចាក់ឆ្កៀលដោយលំពែងគឺមាត់ពាក្យ         ទ្រគោះបោះបោកបោកខ្ជោកខ្ជាក         ជ្រោកជ្រាករិះគន់ពោលបង្កាច់។

បសំសា វាចាគេសរសើរ         បង្ហើរសម្តីដោយបូរបាច់          ឆ្ពោះមុខឬកំបាំងគេថាស្រេច         នឹងខ្លួនហើយដាច់គេទាំងអស់។

សុខំ សុខកាយសុខទាំងចិត្ត         ឥតមានក្តីទុកមកទើសទាល់         នេះនោះទាំងគ្រប់ស្រួលទាំងអស់         ខ្ពង់ខ្ពស់ថ្លៃថ្លាពេញបំណង។

ទុក្ខំ គឺក្តីទុក្ខក្តៅក្តួល         រំជួលជ្រួលច្រាល់មិនសមប៉ង         នាំកាយនិងចិត្តឲ្យសៅហ្មង         ឲ្យអ្នកផងគេព្រួយតែរាល់ប្រាណ។

ធម៌នេះរាប់រាយមានប្រាំបី         បើផ្គូឲ្យខ្លីជាគូបាន                     ត្រឹមតែបួនគូគត់តាមឋាន         កើតបានតែមួយមួយឈប់កើត។

ផ្លាស់ប្តូរជាវេនវេនតាមគូ         វិញ្ញូអ្នកប្រាជ្ញដែលចេះឆើត         កំណត់សម្គាល់ស្គាល់កំណើត         ទោះធម៌ណាកើតក៏អាចដឹង។

ព្រះពុទ្ធទ្រង់ត្រាស់សម្តែងថា         អោយអស់បណ្តាជនផងប្រឹង         យកចិត្តទុកដាក់គិតជញ្ជឹង         រំពឹកនឹកដល់ការប្រែប្រួល។

ប្រយ័ត្នគំនិតប្រុងស្មារតី         ទោះបីសុខទុក្ខស្រួលពុំស្រួល         កើតហើយបាត់ទៅតាមដំណួល         ត្រូវគិតសម្រួលតាមការណ៍ពិត។

សត្វលោកតែងស្ទោកព្រោះលោកធម៌         បានអរបង់អន់ស្រពន់ចិត្ត         មានយសខ្ពង់ខ្ពស់រីករាយឥត         មានគំនិតគិតដល់ថ្លស់យសឡើយ។

កាលបើបានឮពាក្យគេនិន្ទា         ឆ្ពោះអាត្មាឳរាក្តៅមិនស្បើយ         បើបានឮគេសរសើរហើយ         ចិត្តពុំកន្តើយអរផើតៗ ។

បានសុខភ្លេចនឹកដល់ទុក្ខំ         កើតកម្លាំងក្លាខ្លាំងឥតញញើត         ញញឹមញយៗអរពព្រើត         រកកល់គេទើតទាស់ពុំបាន។

លុះដល់អស់វេនសេចក្តីសុខ         ធ្លាក់វេនក្តីទុក្ខមកដល់ប្រាណ         ស្រាប់តែព្រួយរកគេឲ្យជួយច្រាន         ទុក្ខនោះឲ្យក្សាន្តពីអត្តភាព។

សុខក្តីទុក្ខក្តីរបស់សត្វ         ខ្ចាត់ទៅមកវិញតាមសភាព         បុណ្យបាបដែលធ្វើមករៀងរាប         ស្ទាបៗអោយផលដល់អាត្មា។

ព្រះសម្ពុទ្ធជាមកុដនៃត្រៃភព         ទ្រង់ប្រារព្ធធម៌នេះហើយត្រាស់ថា         ឲ្យសត្វរិះគិតដោយប្រាជ្ញា         កុំសាវ៉ាតាមចិត្តដែលប្រទះ។

បានលាភត្រូវនឹកដល់ការបង់         បានយសស័ក្តិរុងរឿងតេជះ         កុំកក្អិលក្អេងក្អាយដោយមានះ        ត្រូវនឹកខ្លះកុំភ្លេចការប្រែប្រួល។

បើឮអ្នកផងគេនិន្ទា         ដល់អាត្មាត្រូវតាំងចិត្តសម្រួល               សម្រាកក្តីក្រោធកុំរំជួល         បើទុកជាក្តៅក្តួលត្រូវខំអត់។

គប្បីគិតភ្លាមថានិន្ទា         នេះជាគ្នានឹងសរសើរជាប្រាកដ         បើអញតាំងចិត្តជាអំណត់         រាល់មាត់គេនឹងសរសើរអញ។

ថានេះហៅពេញជាចេះអត់         ចេះសង្កត់កំហឹងដែលចេះខ្នាញ់         ធ្វើអ្នកស្អប់ឲ្យត្រឡប់ជាស្រឡាញ់         បានសុខព្រោះផ្ចាញ់សេចក្តីក្រោធ។

មួយទៀតមានពាក្យសុភាសិត         អ្នកប្រាជ្ញប្រឌិដ្ឋជាចំណោទ         ថាកាលបើមានសេចក្តីក្រោធ         កុំច្រឡោតត្រូវរាប់អក្សរសិន។

រាប់អក្សរតាំងពី ក ដល់ ឡ អ័ង         រួចសំកាំងគំនិតគិតដង្វិន         គ្នេរគ្នាន់រកហេតុរកផលសិន         បើប្រសិនក្រោធល្មមនឹងបានស្រាក។

ពុំនោះលោកថាអោយរាប់លេខ         ពី ឯក ដល់ ទស ឈប់សម្រាក         ទ្រឹងមួយស្របក់នឹងបានស្រាក         ឃ្លាតចាកកំហឹងដ៏ឃោរឃៅ។

បើបានប្រកបដោយក្តីសុខ         ឃ្លាតចេញពីទុក្ខសោកហ្មងសៅ         កុំអាលអរអេកត្រេកសំដៅ         ដូចកង្កែបខែក្តៅត្រូវភ្លៀងធំ។

គប្បីតាំងចិត្តគិតទៅមុខ         ថាឥឡូវមានសុខមកអប់រំ           មុខជាថ្ងៃណាមួយនឹងរលំ         ទុក្ខតូចឬធំមកពុំខាន។

អ្នកណាបានសុខធំទូលាយ         ដល់វេនទុក្ខផ្សាយមកដល់ប្រាណ         នឹងមានទុក្ខធំពន់ប្រមាណ         តាមលំអានស្នាមសុខដែលកើតមុន។

ហេតុនេះគួរអស់សាធុជន         កុំទម្រន់គំនិតឲ្យលង់ស៊ុន         ក្នុងលោកធម៌ណាដែលកើតមុន         ទោះស្រាលទោះធ្ងន់ក្តីសុខទុក្ខ។

ទោះលាភទោះយសទោះខាតបង់         ទោះលិចលង់ថ្លស់យសមិនពេញមុខ         ទោះសរសើរទោះនិន្ទាថាកំព្រុក         ត្រូវតែតាំងចិត្តជាមធ្យម។

លុះបានតាំងចិត្តទុកដូច្នេះ         ទើបរបេះឃ្លាតខ្លះពីទុក្ខធំ         ដោយហេតុមិនផ្ងំចិត្តឲ្យងំ         ឲ្យរង្គំនៅក្នុងកន្លែងមួយ។

បើមានប្រាជ្ញាប្រយោគដល់         ហេតុនិងផលដែលមានជាតម្រួយ         ទើបចិត្តនឹងអាចឃ្លាតចាកព្រួយ         បើទុកជាព្រួយក៏គ្រាន់ទ្រាំ។

ពីព្រោះបានដឹងច្បាស់ការណ៍ពិត         ដោយគំនិតត្រិះរិះដ៏មួនមាំ         ដឹងថាលោកធម៌កើតជោគជាំ         ស៊ាំទាំនៅក្នុងសន្តានសត្វ។

កើតមានមិននឹងតែមួយៗ         ជួនព្រួយជួនអរមានបាត់ៗ         ហើយមានឡើងវិញមិនទៀងទាត់         មួយកើតមួយបាត់ផ្លាស់ប្តូរគ្នា។

បើដឹងដូច្នេះហើយគួរខំ         អប់រំប្រាជ្ញាឲ្យក្លៀវក្លា                            គួរគិតគួរគ្នេរពិចារណា         សិក្សារៀនសូត្រកុំធុញទ្រាន់។

គួរប្រឹងសង្កេតធម៌បរមត្ថ         មានអត្ថជ្រាលជ្រៅជាអនន្ត         ប្រាប់ផ្លូវមគ្គផលមិនមានភ័ន្ត         មានថ្នាក់មានជាន់តាមលំដាប់។

សត្វដែលនឹងបានរួចចាកទុក្ខ         ព្រោះធុញជូរមុខនឹងកើតស្លាប់         មានគំនិតដូចសត្វទទាជាប់         ក្នុងទ្រុងមិនគាប់ក្តីប្រាថ្នា។

ចេះតែស្ទុះច្រាស់ច្រាលដាលចឹកទ្រុង         ចង់អោយរលុងនឹងម្នីម្នា         ស្ទុះចេញឲ្យរួចហើយនឹងលា         ត្រដាងស្លាបវាហើយហើរទៅ។

អ្នកដែលធុញទ្រាន់នឹងកើតស្លាប់         ចង់ប្រញាប់ចាកចេញចោលលំនៅ         គឺវដ្តសង្សារនេះហើយទៅ         កាន់លំនៅដែលទុក្ខរលត់បង់។

មគ្គផលនឹងមានព្រោះអាស្រ័យ         ចិត្តដាច់អាល័យពីចំណង់         ហើយស្ម័គ្រនឹងដើរតាមផ្លូវត្រង់         ប្រកបដោយអង្គប្រាំបីយ៉ាង។

ហៅថាអដ្ឋង្គិកមគ្គ         ឥតអ្វីទើសទាក់ឥតវៀចវាង           ស្រួលដើរបំផុតដល់អ្នកសាង         មានសំណាងដូចយ៉ាងព្រះសុគត។

ផ្លូវនេះជាហេតុជាឧបាយ         ឲ្យសត្វទាំងឡាយបានរលត់         ភ្លើងទុក្ខហើយលែងមានរន្ធត់         ព្រោះលោកធម៌ទាំងប្រាំបី។

ឈ្មោះហៅថាបានព្រះនិព្វាន         ជានិរោធដ្ឋានគ្មានទុក្ខភ័យ         សុខក្រៃលែងសុខឥតទុក្ខអ្វី         មកប៉ះមកពាល់ដល់តិចឡើយ។

ជាឋានគ្មានចាស់គ្មានឈឺចាប់         គ្មានកើតគ្មានស្លាប់សុខកន្តើយ         ព្រះពុទ្ធទ្រង់ត្រាស់ហៅថាត្រើយ         អ្នកទៅដល់ហើយលែងមកវិញ។

ជាទីឥតកិច្ចការគ្រប់យ៉ាង         ឥតសង់ឥតសាងឥតលក់ទិញ         មានតែសុខមួយយ៉ាងជាចំណេញ         ឈ្មោះថាចេញចាកទុក្ខស្រឡះហោង។

សេចក្តីនេះពិតជាពាក្យកាព្យ         តែមិនមែនកំណាព្យពាក្យឆ្គាំឆ្គង         ជាសាច់ធម៌មែនឥតមោះហ្មង         គ្រាន់តែក្រងជាពាក្យមានឃ្លោងឃ្លា។

សូមអស់អ្នកប្រាជ្ញរាជកវី         កុំបីបន្ទោសដៀលនិន្ទា             ពាក្យនេះខ្ញុំតែងតាមមាត្រា         សម្ផស្សវាចាមិនមានល្អៀង។

តាមច្បាប់មេកាព្យវិលាសិនី         វិធីអ្នកប្រាជ្ញលោករៀបរៀង         ជាច្បាប់សម្រាប់គ្រាន់ផ្ទឹមផ្ទៀង         ឲ្យទៀងតាមបែបខ្យល់អក្សរ។

ឥតិ ឯវំ មេ កាព្យោ         បរិបុណ្ណោ តាមសាច់ធម៌         សុខិតាហោន្តុ សត្តនិករ         ចូរបានអំណរសុខគ្រប់គ្នា…៕

 ថ្ងៃទី ០៦ តុលា ព.ស ២៤៩៨ គ.ស ១៩៥៥
បានអនុញ្ញាតឲ្យអ្នកមហា ឈឹម ស៊ុម បោះពុម្ពផ្សាយចុះ…
សម្តេចព្រះមហាសុមេធាធិបតី
(ជ.ណ ជោតញ្ញាណោ) សង្ឃនាយក​​

_____________________________________________________

ព្រះរាជប្រវត្តិពិស្តាររបស់​សម្តេចព្រះសង្ឃរាជ ជួន ណាត ជោតញ្ញាណោ

 

Advertisements

9 responses to ““កាព្យលោកធម៌” ព្រះរាជនិពន្ធ​ដំបូង​បំផុត​របស់​សម្តេច​ព្រះ​សង្ឃរាជ ​ជួន ណាត

  1. Like Like Double Like ពូស្រុកស្រែអ្ហើយតើខ្ញុំអាចខ្ចីសៀវភៅនោះអានផងបានឥត? 😀

  2. កំណែលំអ ៖
    ….
    ជាតួប្រកបពុំអានឡើយ ឲ្យដល់ស្រះចុងដូចបាលី។

    គួរកែជា
    ជាតួប្រកបពុំអានឡើយ ឲ្យដល់ស្រៈអើយដូចបាលី។

    ព្រោះតាមក្បួនកាព្យ ត្រង់ហ្នឹងត្រូវជួនគ្នាបានបាន 😀

  3. Pingback: ព្រះរាជជីវប្រវត្តិរបស់​សម្តេច​ព្រះ​សង្ឃរាជ ជួន ណាត ​(វគ្គ៤) | ខេមរៈវប្បធម៌

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s