វិចិត្រសាល

តើនគរចាម្ប៉ា ​បាត់បង់​​​ទៅ​​ដោយ​របៀប​ម៉េច?


*** ដោយសារ​មាន​សំណួរពី​មិត្ត​ភក្រ្ត​ជា​ច្រើន​​​បាន​សួរ​ខ្ញុំ​ថា តើ​នគរ​ចាម្ប៉ា​ ​បាត់​បង់​ទៅ​ដោយ​របៀប​​ម៉េច?… ហើយ​ខ្ញុំ​ក៏​ខំ​ស្វែង​រក​ចំឡើយ​នេះ ​នៅ​ក្នុង​​​​សៀវ​ភៅ​​​ប្រវត្តិ​សាស្រ្ត​ពីរបី​ក្បាល​ ​​ដើម្បី​ផ្ទៀង​ផ្ទាត់​គ្នា​មើល​ពី​ព្រឹត្តិការណ៍​​​​ប្រវត្តិសាស្រ្ត ដែល​បាន​កើត​ឡើង​នា​​ពេល​នោះ​។ ក្នុង​ចំណោម​សៀវភៅ​ទាំង​នោះ គឺ​មាន​តែ​សៀវភៅ​របស់​លោក​អាដេម៉ា ឡឺក្លែរ ទេ​ដែល​រៀប​រាប់​បាន​ក្បោះក្បាយ​ជាង​គេ។

​​ខាងក្រោមនេះ គឺ​ជាអត្ថបទដកស្រង់​ដោយ​សង្ខេប​ចេញ​​ពី​សៀវភៅ ​ប្រវត្តិសាស្រ្ត​​ប្រទេស​​កម្ពុជា និពន្ធ​ដោយ​​លោក អាដេម៉ារ ឡឺក្លែរ (Adhémar Leclère)  បោះ​ពុម្ព​ផ្សាយ​​​នៅបារីស ឆ្នាំ១៩១៤ ។ ខ្ញុំ​សូម​ជំរាប​ផង​ដែរ​ថា ​ការ​ដែល​ខ្ញុំ​សំរេច​ចិត្ត​ចុះ​ផ្សាយ​អត្ថបទ​ដក​ស្រង់​នេះ​ គឺ​ខ្ញុំ​​មិន​មាន​បំណង​ឆ្កឹះកកាយ​ប្រវត្តិសាស្រ្ត​ចាស់ ដើម្បី​ធ្វើ​ជា​ឆ្នួន​បញ្ឆេះ​​កំហឹង​ជាតិ​និយម អោយ​ស្អប់​ជាតិ​សាសន៍​ដទៃ​នោះ​ទេ។ អ្វីៗ​​ដែល​បាន​កើត​ឡើង​​​​ចំពោះ​​ប្រទេស​ចាម្ប៉ាពី​អតីតកាល គឺ​​ជា​ព្រឹត្តិការណ៍​​​ប្រវត្តិសាស្រ្ត​មួយ ​ដែល​បាន​ឆ្លុះ​បញ្ចាំង​អោយ​ឃើញ​​ពី​​សិល្បៈ​នៃ​ការ​ដឹក​នាំ ​ក្នុង​សម័យ​កាល​​​​នាំ​គ្នា​ធ្វើ​សង្រ្គាម​ពង្រីក​ទឹក​ដី ​ដែល​បាន​ផ្តល់​​កិត្តិយស​ទៅ​លើ​អ្នកណា​ខ្លាំង អ្នកហ្នឹងឈ្នះ…។

********************

នៅសម័យ​ដែល​ស្តេច​វង្ស​វរ្ម័ន​អស់​អំណាច​ពី​ប្រទេស​កម្ពុជា ហើយតាចាយ ឬតាជ័យ ដែល​ជា​នាយ​ក្រុម​ដំណាំ​ត្រសក់​ផ្អែម ត្រូវ​បាន​គេ​លើក​អោយ​ឡើង​សោយ​រាជ្យ​លើ​រាជបល្ល័ង្គ, នៅ​ឯ​ប្រទេស​ចាម្ប៉ា​ឯ​ណោះ ក៏​បាន​បាត់​បង់​នូវ​ភាព​ថ្កុំ​ថ្កើង​ពី​អតីតកាល​​របស់​ខ្លួន​​អស់​ទៅ​ហើយ​ផង​ដែរ…។

កាល​ពី​សតវត្សរ៍​មុនៗ កងទ័ពចាម​​ធ្លាប់​បាន​ធ្វើ​សង្រ្គាម​​ទន្ទ្រាន​លុកលុយ​ទឹក​ដី​កម្ពុជា និង​អាណ្ណាម​ជា​ច្រើន​ដង ប៉ុន្តែ​ត្រូវ​ចាញ់​ជានិច្ច បណ្តាល​អោយ​​​មាន​ការ​ដេញ​តាម​វាយ​ប្រហារ​រហូត​ដល់​ក្នុង​ប្រទេស ​​ដុត​បំផ្លាញ​ទីក្រុង និង​ធ្វើ​អោយ​បាត់​បង់​ទឹក​ដី​ជា​ច្រើន​ខេត្ត។ ជាក់​ស្តែង គឺ​កម្ពុជា​បាន​វាយ​ដុត​បំផ្លាញ​នគរ​ចាម្ប៉ា​នៅ​ឆ្នាំ៩៦៩ បន្ទាប់​មក​នៅ​ឆ្នាំ ១១៤៥ និង​នៅ​ឆ្នាំ ១១៥៣ ហើយ​បាន​យក​នគរ​ចាម្ប៉ា​ដាក់​ជា​ខេត្ត​ចំណុះ​របស់​កម្ពុជា​ បាន​ចំនួន ៨ឆ្នាំ។ កម្ពុជា​បាន​វាយ​យក​នគរ​ចាម្ប៉ា​ម្តង​ទៀត​នៅឆ្នាំ ១១៩០ ហើយ​បាន​ដាក់​អោយ​ព្រះ​យុវរាជខ្មែរ​មួយ​អង្គ​សោយ​រាជ្យ​អស់​ពេល ៣០ឆ្នាំ រហូត​ដល់​ឆ្នាំ១២២០ គឺ​ទាល់​តែ​ពេល​ខ្មែរ​ត្រូវ​ដក​ទ័ព​ទៅ​ទប់​ទល់​ជា​មួយ​នឹង​សៀម​នៅ​ទិស​ខាង​លិច​វិញ។ ពេល​នោះ​ទើប​ស្តេច​ចាម ជ័យ​បរមេស្វរ​វរ្ម័ន​ទី២ អុងអង្សៈរាជា ឡើង​សោយ​រាជ​នៅ​វិជ័យ (ប៊ិញឌិញ) ដែល​ជា​រាជធានី​ចាម្ប៉ា​ខាងជើង ជំនួស​ព្រះយុវរាជ​ខ្មែរ។

ចំណែក​ខាង​អាណ្ណាម​វិញ ដែល​កងទ័ព​ចាម​តែង​តែ​លួច​វាយ​ឆ្មក់​តាម​មាត់​សមុទ្រ ឬ​ដណ្តើម​យក​ខេត្ត​ភាគ​ខាង​ត្បូង​ជា​ញឹក​ញយ​​នោះ បាន​វាយ​នគរ​ចាម្ប៉ា និង​ដុត​កំទេច​រាជធានី​ខ្ទេច​ខ្ទី​នៅ​ឆ្នាំ ១០១៥ ព្រម​ទាំង​​ចាប់មហាក្សត្រីយ៍ និង​ស្រី​ស្នំ​ក្រមការ​យក​ទៅ​ជា​មួយ​ផង។ អាណ្ណាម​បាន​វាយ​នគរ​ចាម្ប៉ា​ម្តង​ទៀត​នៅ​ឆ្នាំ ១០៦១ ព្រម​ទាំង​ចាប់​បាន​ព្រះរាជា​ចាម្ប៉ា​ជា​ឈ្លើយ​សឹក ហើយ​ទាល់​តែ​ចាម្ប៉ា​​យល់​ព្រម​ប្រគល់​អោយ​​អាណា​ខេត្ត​ភាគ​ខាង​ជើងចំនួន​បី​​​ជា​ថ្នូរ ទើប​អាណ្ណាម​យល់​ព្រម​ដោះ​លែង​ព្រះរាជា​មក​វិញ។​ បន្ទាប់​មក​ទៀត នគរ​ចាម្ប៉ា​បាន​ចាញ់​ដៃ​អាណ្ណាម​ម្តង​ទៀត​នៅ​ឆ្នាំ ១២៤១ ។

នៅឆ្នាំ១២៨០ ស្តេចចាម្ប៉ា ជ័យ​សិង្ហវរ្ម័ន​ទី២ ​បាន​ធ្វើ​ជា​សុំ​ចុះ​ចូល​​ចំណុះ​ប្រទេស​ចិន ក្រោយ​ពេល​ដឹង​ថា គូប៊ីឡៃខាន់ បាន​ទំលាក់​រាជវង្ស​សុង​ ពី​រាជ​បល្ល័ង្គ​ និង​ដណ្តើម​យក​បាន​ប្រទេស​ចិន​ទាំង​មូល​​មក​គ្រប់​គ្រង​រួច​ហើយ។ ស្តេច គូប៊ីឡៃខាន់ ក៏​បាន​យល់​ព្រម​នឹង​ការសុំ​​ចុះ​ចូល​នេះ តែ​ក្នុង​លក្ខខណ្ឌ​ដែល​នគរ​ចាម្ប៉ា​ទទួល​ស្គាល់​អាណានិគម និង​ក្រុម​ប្រឹក្សា​ភិបាល​មួយ​ បង្កើត​ឡើង​ដោយ​ គូប៊ីឡៃខាន់​ ខ្លួន​ឯង​ផ្ទាល់។ ពួក​ចាម្ប៉ា​បាន​ទទួល​យក​អាណា​និគម​នេះ តែ​បន្ទាប់​មក ពួកគេ​បាន​ងើប​បះបោរ​ឡើង​នៅ​ឆ្នាំ ១២៨២ ដោយ​បាន​ចាប់​មន្រ្តី​របស់​ព្រះ​ចៅ​អធិរាជ គូប៊ីឡៃខាន់ ឃុំឃាំង​ទាំងអស់។ ពេល​នោះ​ព្រះចៅ​អធិរាជ បាន​បញ្ជូន​កងទ័ព​ចិន​មួយកង​តាម​សំពៅ ​មក​ឡើង​នៅ​កំពង់ផែ​ឆេនឈីង ហើយ​វាយ​ដណ្តើម​យក​​បាន​រាជធានី​លីនយី ។ ព្រះរាជា​ចាម្ប៉ា និង​ព្រះ​រាជ​បុត្រ​ព្រះនាម ប៉ូទី បាន​ភៀស​ព្រះកាយ​ទៅ​ជ្រកកោន​តាម​ព្រៃ​ភ្នំ។ ពី​ជំរក​លាក់​ខ្លួន​នោះ សេ្តច​ចាម្ប៉ា​​បាន​ចាប់​ផ្តើម​ប្រមូល​កងទ័ព​ជា​ថ្មី និង​បាន​ប្រកាស​សុំ​ចរចា​ជា​មួយ​ឧត្តម​សេនីយ៍​កងទ័ព​ចិន រួច​ហើយ​លួច​វាយ​ឆ្មក់​​​ទៅ​លើ​កងទ័ព​ចិន រហូត​ដល់​ទទួល​បាន​ជ័យ​ជំនះ។ នៅ​ពេល​ដែល​ខ្លួន​ចាប់​ផ្តើម​មាន​ប្រៀប​ហើយ ស្តេច​ចាម្ប៉ា​បាន​ស្នើសុំ​ទៅ​ចិន​ អោយ​ពិចារណា​លើ​ករណី​ខ្លួន​ឡើង​វិញ តែ​ចិន​មិន​ព្រម​ ហើយ​ចាប់​ផ្តើម​ធ្វើ​សង្រ្គាម​ដើម្បី​សងសឹក ​តែ​គូប៊ីឡៃខាន់​ ​​បាន​សុគត​បាត់​​ទៅ ​ធ្វើ​អោយ​​ការ​​​​សងសឹក​​នឹងនគរ​​ចាម្ប៉ា​​ត្រូវ​បាន​បញ្ចប់​ត្រឹម​នេះ។

នៅ​ឆ្នាំ ១៣០០  នគរ​ចាម្ប៉ា​បាន​ចាប់​វាយ​ដណ្តើម​យក​អាណា​ខេត្ត​ដែល​ខ្លួន​បាន​ប្រគល់​អោយ​អាណ្ណាម​​កាល​ពី​ឆ្នាំ ១០៦១​ មក​វិញ តែ​ត្រូវ​អាណ្ណាម​វាយ​បក​​អោយ​បរាជ័យ ហើយ​បង្ខំ​អោយ​ប្រគល់​ខេត្ត​អស់​ចំនួន ២ ថែមទៀត ព្រម​ទាំង​លើក​បុត្រី​ ១អង្គ​ ថ្វាយ​ស្តេច​អាណ្ណាម​ទៀត​ផង។ រហូត​ដល់​​ឆ្នាំ ១៣១១ ទើប​អាណ្ណាម​បាន​នាំ​យក​ចាម​ម្នាក់ មក​អោយ​សោយរាជ្យ​នៅ​នគរ​ចាម្ប៉ា ជំនួស​ស្តេច​ដែល​គេ​បាន​ដក​ចេញ​ពី​រាជ​បល្ល័ង្គ។

យូរៗ​ម្តង នគរ​​ចាម្ប៉ាបាន​ចូល​​មក​វាយ​ឆ្មក់ ​ដុត​បំផ្លាញ​​កម្ពុជា​ ដែលកំពុង​ចុះ​ខ្សោយ ខ្សត់​ប្រជាជន និង​កំពុង​តែ​ចុះ​អាប់​អោន​ណាស់​ទៅ​ហើយ។ ក៏​ប៉ុន្តែ​ រាជាណា​ចក្រ​ចាម្ប៉ា​ខ្លួន​ឯង ក៏​ទុរន់ទុរា​ខ្លាំង​ណាស់​ដែរ នៅ​ចាំ​តែ​ពេល​រលត់​រលាយ​ទៅ​តែ​ប៉ុណ្ណោះ។

រវាង​នគរ​ចាម្ប៉ា និង​ស្រុកចិន មាន​កើត​ចំបាំង​ជាប់​ជា​ប្រចាំ។ បើ​ទោះ​ជា​គ្មាន​កង​​ទ័ព​ចេញ​ច្បាំង​ប្រឈម​មុខ​គ្នា​ដោយ​ផ្ទាល់​ក្តី តែ​ពួកគេ​មាន​អរិភាព​រ៉ាំរៃ​រវាង​គ្នា និង​គ្នា​បណ្តាល​មក​ពី​ទំនាស់​ពាណិជ្ជកម្ម​តាមផ្លូវ​​សមុទ្រ។

នៅក្នុងឆ្នាំ ១៣៧៧ កងទ័ពចាម្ប៉ា​ដែល​ដឹក​នាំ​ដោយ​ស្តេច ចេបុងញ៉ា បាន​វាយ​ប្រហារ​ទៅ​លើ​ទ័ព​អាណ្ណាម​ រហូត​ដល់​ជើង​កំផែង​ចាបាន ជារាជ​ធានី​ថ្មី​របស់​អាណ្ណាម ដោយ​បាន​កាប់​សំឡាប់​ស្តេច​ ត្រាន់ឌឹកតុង និង​ក្រុម​មន្ត្រី​ស្ទើរ​តែ​ទាំង​អស់។ ឆ្លៀត​ឳកាស​ដែល​ខ្លួន​កំពុង​មាន​ប្រៀប​នេះ កងទ័ព​ចាម្ប៉ា​បាន​បន្ត​ធ្វើ​ការ​វាយ​លុយ​ទៅ​លើ​តុងកឹង​ទៀត តែ​ត្រូវ​បរាជ័យ​នៅ​កំពង់​ផែដៃអាន និង​ធានភូ។ មួយឆ្នាំ​ក្រោយ​មក គឺ​ក្នុង​ឆ្នាំ ១៣៧៨ កងទ័ព​អាណ្ណាម​ បាន​វាយ​ដណ្តើម​យក​រាជធានី​​ចាបាន យក​មក​គ្រប់​គ្រង​​វិញ ព្រមទាំង​វាយ​បណ្តេញ​ពួក​ចាម​​អោយ​ខ្ទាត​ទៅ​ដល់​រាជធានី​ចាម្ប៉ា។

នៅឆ្នាំ ១៣៨៣ ក្រោយ​ពី​រៀបចំ​ប្រទេស​សាជា​ថ្មី​ឡើង​វិញ​ហើយ កងទ័ព​ចាម្ប៉ា​បាន​លើក​​ទៅ​វាយ​យក​ ង៉េអាន និង​ថាញ់វ៉ា ដើម្បី​ជួយ​គាំ​ទ្រ​ពួក​អ្នក​ស្រុក​ដែល​ភាគ​ច្រើន​ជា​ចាម​កំពុង​បះបោរ​ប្រឆាំង​នឹង​អាណ្ណាម តែ​ត្រូវ​កង​ទ័ព​អាណ្ណាម​វាយ​អោយ​បរាជ័យ​ទៀត ហើយ​សំពៅ​របស់​កងទ័ព​ចាម្ប៉ា​ត្រូវ​បាន​ដុត​បំផ្លាញ​ខ្ទេច​ខ្ទី​អស់។

នៅឆ្នាំ ១៣៩០ ព្រះរាជាចាម្ប៉ា ព្រះបាទស្រីឥន្រ្ទៈ បាន​ដឹក​នាំ​កងទ័ព​ទៅ​ធ្វើ​សង្រ្គាម​បន្ត​​​ទៀត ដោយ​​នៅ​ពេល​នោះ​ បាន​ទទួល​​​ជ័យ​ជំនះ​​ទៅ​​​លើ​កងទ័ព​អាណ្ណាម​​ ​តែ​ត្រូវ​បរាជ័យ​វិញ​នៅ​ពេល ២ឆ្នាំ​ក្រោយ​មក ហើយ​ព្រះរាជា​​​ដែល​មិន​ចេះ​នឿយ​ហត់​ក្នុង​​ការ​ធ្វើ​សង្រ្គាម​​​​អង្គនេះ​ បានត្រូវ​​គ្រាប់​កាំ​ភ្លើង​របស់​កងទ័ព​អាណ្ណាម សុគត​នៅ​លើ​សំពៅ​ទៅ។ ចាប់​ពី​ពេល​នោះ​មក នគរចាម្ប៉ា​​ត្រូវ​បាន​បាត់​បង់​ទាំងអ្នក​ដឹកនាំ ទាំង​ថាមពល។​​ ស្ថិត​ក្នុង​សភាព​គ្មាន​មេកោយ​នេះ មាន​ឧត្តមសេនីយ៍​ម្នាក់​ឈ្មោះ លីខៃ បាន​ដណ្តើម​យក​អំណាច​នៅ​ចាម្ប៉ា។ ចំណែក​នៅ​ឯ​អាណ្ណាម​វិញ ក៏​មាន​ឧត្តមសេនីយ៍​ម្នាក់​ដណ្តើម​យក​រាជ​សម្បត្តិ​ដែរ។ ភាព​ច្របូក​ច្របល់​បណ្តាល​មក​ពី​ការ​ជ្រែក​រាជ្យ​នេះ បាន​ធ្វើ​អោយ​នគរ​ទាំង​ពីរ​ផ្អាក​ការ​ធ្វើ​សង្រ្គាម​នឹង​គ្នា​​មួយ​រយៈដែរ។

សង្រ្គាម​រវាង​ចាម្ប៉ា-អាណ្ណាម​ បាន​ចាប់​ផ្តើម​ឡើង​វិញ​នៅ​ឆ្នាំ ១៤០៣ ក្រោយ​មរណភាព​របស់ លីខៃ ក្រោម​រជ្ជកាល​ព្រះរាជា​ដែល​អាណ្ណាម​ហៅ​ថា បាឌិចឡៃ (ចិនហៅថា ឆេនប៉ាធីឡៃ)។ ពេល​នោះ​ គឺ​ដល់​ពេល​ពួក​ខាង​អាណ្ណាម​ ជា​អ្នក​​ចេញ​វាយ​ចាម្ប៉ា​ វិញម្តង។ កងទ័ព​ចាម្ប៉ា​មិន​អាច​ទប់​ទល់​​នឹង​កងទ័ព​អាណ្ណាម​បាន ក៏​សុំ​ចរចា​សន្តិភាព តែ​ត្រូវ​ប្រគល់​ដែនដី​កូលុយ អោយ​ទៅ​អាណ្ណាម ដែល​អាណ្ណាមបាន​​រៀប​ចំ​ចេញ​ជា​ខេត្ត​ថាញ់វ៉ា (ក្វាងណាម) និង​ទឺងា (ក្វាងង៉ាយ)។​

ពេល​នោះ​ខាង​អាណ្ណាម​ ចាប់​ផ្តើម​មាន​គំនិត​ចង់​បំបាត់​នគរចាម្ប៉ាចោល ដោយ​សារ​តែ​​ការ​ធ្វើ​សង្រ្គាម​រ៉ាំរៃ​នឹង​គ្នា​អស់​រយៈកាល ៦សតវត្សរ៍​កន្លង​មក​ហើយ ហើយ​បើ​ទោះ​ជា​ខាង​ចាម្ប៉ា​ទទួល​ការ​បរាជ័យ​យ៉ាង​ម៉េច​ក៏​ដោយ ក៏​ពួកគេ​នៅ​តែ​កាន់​អាវុធ​មក​ប្រឆាំង​វិញ​ជានិច្ច។ ស្តេចចាម្ប៉ា​បាន​ដឹង​ពី​គោល​បំណង​នេះ ក៏​សុំ​អោយ​ព្រះចៅ​អធិរាជ​ចិន​ជួយ​ធ្វើ​អន្តរាគមន៍​។ ប៉ុន្តែ​ខាង​អាណ្ណាម​ មិន​អើពើ​នឹង​អន្តរាគមន៍​​ពី​សំណាក់​ប្រទេស​ចិន​ទេ​ ហើយ​បាន​ចូល​វាយ​ប្រហារ​យក​ខេត្តចាលីយ៉ា ដែល​ពួក​ខាង​ចាម្ប៉ា​បាន​ដណ្តើម​យក​បាន​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន។ ស្តេច​ចាម្ប៉ា ឆេនប៉ាធីឡៃ ខឹង​នឹង​អធិរាជ​ចិន ដោយ​សង្ស័យ​ថា​ បាន​បោះ​បង់​ខ្លួន​ចោល ក៏​ទៅ​ចង​សម្ព័ន្ធ​មិត្ត​ជា​មួយមេ​បះបោរ​នៅ​តុងកឹង​ម្នាក់ ជា​ហេតុ​ធ្វើ​អោយ​ព្រះចៅ​អធិរាជ​ចិន​ រឹត​តែ​ខឹង​ខ្លាំង​ឡើង ហើយ​បោះ​បង់​​​ស្តេច​ចាម្ប៉ា​ចោល​មែន​ទែន​តែ​ម្តង។ កងទ័ព​អាណ្ណាម​ក៏​តាំង​វាយ​​ទន្ទ្រាន​យក​នគរ​ចាម្ប៉ា​ ដែល​គ្មាន​កំឡាំង​អ្វី​​នឹង​ទប់ទល់ លើក​លែង​តែ​រាជធានី​​ចាបាន មួយ​ប៉ុណ្ណោះ​ដែល​មាន​កំពែង​ការពារ​រឹងមាំ។ ​ប៉ុន្តែ​ជា​សំណាង​ល្អ​ដោយ​សារ​ស្ថានភាព​​​ប្រទេស​នា​​ពេល​នោះ​ក្រីក្រ​​ខ្លាំង​ពេក ពិបាក​រក​ស្បៀងផ្គត់​ផ្គង់​អោយ​កងទ័ព,​ ខាង​អាណ្ណាម​ក៏​ដក​ទ័ព​ថយ​ទៅ​ស្រុក​វិញ​អស់​ទៅ។

ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក  អាណ្ណាម​បាន​ធ្វើ​សង្រ្គាម​​ជា​មួយ​ចិន​ ដើម្បី​ទាមទារ​យក​ខេត្ត​ឡាងសឺង។ សង្រ្គាម​នេះ​ បាន​អូស​បន្លាយ​ពេល​រហូត​ដល់​ទៅ ១០ឆ្នាំ។ ក្នុង​រយៈ​ពេល​ជាប់​ដៃ​ធ្វើ​សង្រ្គាម​ជា​មួយ​ចិន​នេះ​ ខាង​នគរចាម្ប៉ា​មិន​ឆ្លៀត​ឳកាស​​វាយ​ដណ្តើម​យក​មក​វិញ​ នូវ​ទឹក​ដី​ដែល​អាណ្ណាម​​បាន​ទន្រ្ទាន​យក​កាល​ពី​ពេល​មុន​ទេ។ ទំរាំ​​តែ​​នឹក​ឃើញ និង​បង្ហាញ​វត្តមាន​កងទ័ព​​នៅ​តាម​ជាយដែន​អាណ្ណាម​នៅ​ឆ្នាំ ១៤៤៤ ក្រោម​ការ​ដឹកនាំ​របស់​ស្តេច​មួយ​អង្គ ដែល​អាណ្ណាម​ហៅ​ថា ប៊ីកាយ (ចិនហៅថា ម៉ាហូពេនកៃ) អ្វីៗ​បាន​ហួស​ពេល​អស់​ទៅ​ហើយ។ ខាង​អាណ្ណាម​នៅ​តុងកឹង បាន​រៀបចំ​ខ្លួន​ឡើង​វិញ​ទាន់​ពេល ​ហើយ​ពួក​គេ​​ក៏​មាន​សមត្ថភាព​គ្រប់​គ្រាន់​ដើម្បី​ការពារ​ខ្លួន។​ មិន​ត្រឹម​តែ​ទប់​ទល់​ជាប់​ជា​មួយ​ចាម្ប៉ា​ទេ អាណ្ណាម​ថែម​ទាំង​បាន​វាយ​បក​រហូត​មក​ដល់​រាជធានី​ចាបាន ទៀត។ ស្តេចម៉ាហូពេនកៃ បាន​ត្រូវ​ចាប់​ជា​ឈ្លើយ​ ជា​មួយ​នឹង​រាជវង្ស និង​បរិពារ។

ជា​ការ​កត់​សំគាល់ ក្នុង​ពេល​កើត​​សឹក​សង្រ្គាម​ម្តងៗ ខាង​អាណ្ណាម​​បាន​ប្រើ​យុទ្ធសាស្រ្ត​ចាប់​ក្របួច​ស្តេច​ចាម្ប៉ា​​​​​​​​​ជា​ឈ្លើយ​សឹក សំរាប់​​ធ្វើ​​ជា​ថ្នូរ​​​ដោះ​ដូរ​យក​ទឹកដី​​​​របស់​ចាម្ប៉ា។ ប្រហែល​ជា​គិត​យល់​បែប​នេះ​ហើយ បាន​ជា​​ខាង​នាហ្មឺន​សព្វ​មុខ​​មន្រ្តី​ចាម្ប៉ា ​ក៏​បាន​បំភ្លេច​ស្តេច​ចំណាប់​ខ្មាំង​នោះ​ចោល ហើយ​លើក​រាជវង្ស​មួយ​អង្គ​ដែល​អាណ្ណាម​ហៅ​ថា ម៉ាហូគ្វីឡាយ (ចិន​ហៅ​ថា ម៉ាហូគ្វែយឡាយ) ត្រូវ​ជា​ក្មួយ​ស្តេចឆេនប៉ាធីឡៃ អោយ​ឡើង​សោយ​រាជ្យ​ជំនួស​។ គឺ​ពេល​នោះ​ហើយ​ ដែល​ខាង​អាណ្ណាម​បាន​ប្រើ​ល្បិច​បំបែក​បំបាក់​មួយ​ជាន់​ទៀត ដោយ​បាន​ដោះ​លែង​ស្តេច​ម៉ាហូ​ពេនកៃ​ អោយ​ត្រឡប់​ចូល​នគរ​ចាម្ប៉ា​វិញ ដើម្បី​អោយ​ទៅ​ប្រឈម​មុខ​ក្នុង​ការ​ដណ្តើម​អំណាច​គ្នា​ជា​មួយ​ស្តេច​ថ្មី ម៉ាហូគ្វីឡាយ ។ តែក្រោយ​មក ​ស្តេច​​ម៉ាហូគ្វីឡាយ ​ត្រូវ​​បាន​គេ​​លួច​ធ្វើ​គត ហើយ​ជំនួស​វិញ​ដោយ​ស្តេច​មួយ​អង្គ​ទៀត ដែល​អាណ្ណាម​ហៅថា គ្វីដូ

តាម​ឯកសារ​ប្រវត្តិសាស្រ្ត​ចិន បាន​អោយ​ដឹង​តមក​ថា ស្តេចគ្វីដូ ត្រូវ​បានគេ​ធ្វើ​​គត​​ដណ្តើម​រាជ្យ​បន្ត​ទៀត​ ដោយ​​ស្តេច​មួយ​អង្គ​ឈ្មោះ ម៉ូតូប៉ានឡាយវ៉េ (អាណ្ណាម​ហៅ​ថា បានឡា​ត្រាធ្វៀត)។ តែ​ស្តេច​បានឡា​ត្រា​ធ្វៀត​ ដែល​​បាន​សុគត​​​​ទៅ​នៅ​​ក្នុង​​ឆ្នាំ​ ១៤៦០ នោះ មិន​បាន​សោយ​រាជ្យ​ទេ ព្រោះ​ក្រោយ​ពី​បាន​ធ្វើ​គត​ស្តេច​គ្វីដូ​ រួច​​ក៏​បាន​ដាក់​រាជ្យ​ថ្វាយ​ទៅ​ព្រះអនុជ​​ព្រះនាម បានឡា​ថាត្សួន (អាណ្ណាម​ហៅ​ថា បានឡាត្រាលួន)។

ព្រះរាជា​ថ្មី​របស់​នគរ​ចាម្ប៉ា​​​ព្រះនាម បានឡាត្រាលូន ​ក៏​​ប្រញាប់​ប្រញាល់​​លើក​ទ័ព​ទៅ​វាយ​យក​ខេត្ត​ហ្វាចូវ ពីអាណ្ណាម​ភ្លាមៗ​ផងដែរ ដែល​​ព្រឹត្តិការណ៍​បង្ក​សង្រ្គាម​នេះ គឺ​​​ជា​ឳកាស​មាស​​​​សំរាប់​​​អោយ​អាណ្ណាម ​មាន​លេស​គ្រប់​គ្រាន់​​ដើម្បី​​​​វាយ​​យក​នគរ​ចាម្ប៉ា មក​​​​ដាក់​បញ្ចូល​​​ក្នុង​ទឹកដី​​របស់​ខ្លួន អោយ​វា​ចប់​រឿង។

ក្នុង​សង្រ្គាម​ផ្តាច់​ព្រ័ត្រនេះ​ ខាង​អាណ្ណាម​បាន​បញ្ចូន​ទ័ព​ថ្មើ​ជើង ១៦ម៉ឺននាក់ និង​ទ័ព​ជើង​ទឹក ១ម៉ឺនសំពៅ ដែល​មាន​ទ័ព​ចំណុះ​មិន​តិច​ជាង ​​១០ម៉ឺន​នាក់​​ឡើយ។ ស្តេច​បានឡា​ត្រាលូន ភិតភ័យ​ក៏​ប្រកាស​សុំ​ចរចា​សន្តិភាព។ អាណ្ណាម​ក៏​យល់​ព្រម​ចរចា តែមិន​ឯកភាព​លើ​សំណើ​​របស់​ចាម្ប៉ា​ទេ ហើយ​សង្រ្គាម​​ក៏​ផ្ទុះ​ឡើង។ កងទ័ព​អាណ្ណាម​ បាន​ឡោម​ព័ទ្ធ​បន្ទាយ​​ធីណាយ ភ្លាម។ ថ្ងៃ​បន្ទាប់ រាជធានី​ចាម្ប៉ា​ត្រូវ​អាណ្ណាម​ដណ្តើម​យក​បាន រួច​ការ​ដុត​បំផ្លាញ​រាជ​ធានី និង​ការ​សំឡាប់​រង្គាល​ក៏​ចាប់​ផ្តើម​ឡើងៈ មនុស្ស ៤ម៉ឺន​នាក់​ត្រូវ​បាន​សំឡាប់​​ និង​ ៣ម៉ឺន​នាក់​ទៀត​ត្រូវ​បាន​ចាប់​ជា​ឈ្លើយ​នាំ​យក​ទៅ​កាន់​តុង​កឹង។ ព្រះរាជា​ចាម្ប៉ា​ ក៏​ស្ថិត​ក្នុង​ចំណោម​ឈ្លើយ​សឹក​នឹង​គេ​ដែរ តែ​មាន​ការ​ថែ​ទាំ​ល្អ​ជាង ថ្វី​បើ​មិន​ព្រម​ចុះ​ចូល និង​មាន​ចរិត​កាច​សាហាវ​យ៉ាង​ណា​ក្តី។ ​បន្ទាប់​មក ទ្រង់​ក៏​បាន​សុគត​តាម​ផ្លូវ​នៅ ង៉េអាន ហើយ​ស្តេច​អាណ្ណាម​ បាន​បញ្ជា​អោយ​កាត់​ព្រះសិរ​ ​យកមក​ដោត​មុខ​ក្បួន​សំពៅ ដែល​នៅ​ពី​លើ​ មាន​​​​បដា​មួយ​​សរសេរ​អក្សរ​ដាក់​ថា៖ “ក្បាលស្តេចត្រាលូន ប្រភពនៃ​ទុក្ខសោករបស់​នគរចាម្ប៉ា” ។

​ទី​បំផុត​ទៅ សោកនាដកម្ម​នៃ​រឿង​រ៉ាវ​​​​​រាជាណាចក្រ​​​អ្នក​ចំបាំង ​នៅ​ខាង​កើត​នគរ​កម្ពុជា បាន​បញ្ចប់​ទៅ​យ៉ាង​ដូច្នេះ​ឯង។ ​អាណា​ខេត្ត​​​ទាំង​អស់​របស់​ចាម្ប៉ា​​ លើក​លែង​តែ​ផានរ៉ាង មួយ​ចេញ​ដែល​មិន​បាន​កាន់​សាសនា​មហា​ម៉ាត់ ត្រូវ​បាន​អាណ្ណាម​ដាក់​​បញ្ចូល​ជា​ទឹក​ដី​ខ្លួន និង​​មាន​អភិបាល​ខេត្ត​ជា​អាណ្ណាម ​នៅ​ត្រួត​ត្រា​ពី​លើ។

ដើម្បី​គេច​ចេញ​ពី​នឹម​ត្រួត​ត្រា​របស់​អាណ្ណាម​នេះ អ្នក​ស្រុក​ក៏​បាន​នាំ​គ្នា​រត់​ចេញ ខ្លះ​ទៅ​នៅ​ក្នុង​ព្រៃ​ភ្នំ​ជា​មួយ​ពួក​ម៉យ ខ្លះ​ឆ្លង​ចូល​មក​កម្ពុជា ខ្លះ​ចុះ​ទូក​ទៅ​កោះ​ស៊ូម៉ាត្រា, នៅ​សល់​​តែ​ស្រីៗ មនុស្ស​ចាស់ជរា និង​កុមារ​តែ​ប៉ុណ្ណោះ។ តាម​ពិត​ ពួក​អាណ្ណាម​បាន​ទុក​មេ​កោយចាម​ជា​ច្រើន​ ​អោយ​បន្ត​តាំង​ទីលំនៅ​ នៅ​ភាគ​ខាង​​ត្បូង​រាជាណាចក្រ​ជា​មួយ​នឹង​ខ្ញុំ​កំដរ​របស់​គេ គឺ​ពួក​ដែល​មិន​ដែល​ធ្វើ​សង្រ្គាម​ជា​មួយ​អាណ្ណាម។ ចំណែក​​អ្នក​ស្រែ​ចំការ​វិញ ពួក​គេ​ក៏​​​នៅ​តែ​បន្ត​រស់​នៅ​​​​លើ​ដី​ភូមិ​ឋាន​​​របស់​គេ​ដដែល​ជា​ធម្មតា។ ពួក​ចាម​​ទាំង​អស់​នោះ ​នៅ​តែ​​រក្សា​ទំនៀម​ទំលាប់​​ប្រពៃណី​របស់​ខ្លួន​ដដែល​​ ​ហើយ​អាណ្ណាម​បាន​​ហៅ​​អ្នក​ទាំង​នោះ​​ថា “ហូយ” ។

រី​ឯ​ពួក​ចាម​ណា​ដែល​មិន​ព្រម​​​រស់​នៅ​ក្រោម​ការ​ត្រួត​ត្រា និង​សំរប​សំរួល​​​​ជា​មួយ​អ្នក​ឈ្នះ​នោះ ​ខាង​អាណ្ណាម​​ក៏​ចាប់​បញ្ចូន​តាម​ទូក-សំពៅ រួច​ដឹក​ឆ្ពោះ​​ទៅ​សមុទ្រ​ខាង​ត្បូង ឆ្លង​​កាត់​ច្រក​សឹង្ហបុរី សំដៅ​ទៅ​ចំណុច​ខាង​ជើង​កោះ​ស៊ូម៉ាត្រា ជា​ស្រុក​កំណើត​ដើម​របស់​ពួកគេ ដែល​ក្រោយ​មក ពួកគេ​​បាន​បង្កើត​ជា​អាណាចក្រ​​ថ្មី​មួយ​ឈ្មោះថា រដ្ឋ​អាត់ឈីនន័រ ឬ អាចេន ឬ អាចេ (Aceh)។

ពួក​ចាម ​ដែល​បាន​ក្លាយ​​​​ទៅ​ជារដ្ឋ​អាចេ​នេះ នៅតែ​ជា​ប្រជាជាតិ​មួយ​ដូច​ពី​មុន​ដដែល គឺរំជើប​រំជួល ស្វាហាប់ ក្លាហាន ចូលចិត្ត​ច្បាំង និង​ធ្វើ​សង្រ្គាម​រហូត។ ជា​ទឡ្ហីករណ៍ នៅ​សតវត្សរ៍​ទី១៩ ពួក​ហុល្លង់​បាន​ប្រើ​ពេល​អស់ ៣០ឆ្នាំ ទំរាំ​នឹង​បង្រ្កាប​ពួក​អាចេ​នេះ ​ដើម្បី​​ត្រួត​ត្រា​ធ្វើ​អាណានិគម​​បាន…៕​

អតីត​ប្រាសាទ​របស់​នគរចាម្ប៉ា នៅម៉ីសឺន, ញ៉ាចាង, វៀតណាម (រូបថត​គេហទំព័របរទេស)

អតីត​ប្រាសាទ Po Nagar (ពោធិនាគ?) ​​របស់​នគរចាម្ប៉ា នៅញ៉ាចាង ប្រទេសវៀតណាម នាពេលបច្ចុប្បន្ន។ (រូបថតគេហទំព័របរទេស)

ផែនទីរដ្ឋអាឆេ (Aceh) ដែលស្ថិតនៅភាគខាងលើស៊ូម៉ាត្រ ប្រទេសឥណ្ឌូនេស៊ី

ផែនទីរដ្ឋអាចេ (Aceh) ដែលស្ថិតនៅភាគខាងជើង​ស៊ូម៉ាត្រា ប្រទេសឥណ្ឌូនេស៊ី នាពេលបច្ចុប្បន្ន។ (រូបថតគេហទំព័របរទេស)

Advertisements

31 responses to “តើនគរចាម្ប៉ា ​បាត់បង់​​​ទៅ​​ដោយ​របៀប​ម៉េច?

  1. តិច​ទៀត ចំប៉ា និង ខ្មែរ​ក្លាយ​ជា​មិត្ត​សំលាញ់​នឹង​គ្នា​មិន​ខាន ព្រោះ​បាត់​ដី​ដូច​គ្នា រស់​នៅ​ក្រោម​ដំបូល​របស់​វៀត​ណាម​ដូច​តែ​គ្នា​ទេ។

  2. ខ្ញុំចង់ស្តាប់រឿង កំណើតលាវ វិញម្តង ដែលសៀវភៅប្រវត្តិសាស្រ្តខ្មែរមិនដែលនិយាយលំអិតពីវត្តមានរបស់លាវនេះទេ!

    • រឿងកំណើត​លាវ មិន​សូវ​ជក់​ចិត្ត ​​ដូចកំណើត​របស់​ពួក​​ថៃ​ទេ…​

      • ប្រវត្តិសាស្រ្តថៃមានការ​លើកឡើងខុសៗគ្នា

        • ត្រូវ​ហើយតាម៉ាប់ សៀវភៅ​ប្រវត្តិសាស្រ្ត​ថៃ វា​សរសេរ​អួត​តែ​វា​​ខ្លួន​ឯង​ហ្នុង តែ​គ្រាន់​ថា មិន​ដឹង​មាន​ឯកសារ​អី​យោង​ក្រៅ​ពី​ផស់​វា​នេះ… ព្រោះ​យើង​ក៏​ដឹង​គ្រប់គ្នា​ដែរ​ថា ថៃ​បាន​ធ្វើ​សង្រ្គាម​ដុត​រៀងច័ន្ទ​របស់​ឡាវ និង​ដុត​លង្វែក​របស់​កម្ពុជា​យើង ហើយ​ឯកសារ​ គម្ទីរ ក្បួនច្បាប់​ គឺ​ថៃ​ប្រូល​ទុក​ទាំងអស់។ ដូច​នេះ​ខ្ញុំ​ជឿថា កន្លែង​ចំណុច​ដែល​វា​អន់​ ប្រាកដ​ជា​វា​មិន​ប្រាប់​គេ​ទេ។

          ប្រសិន​បើ​មាន​ពេល​ ខ្ញុំ​នឹង​សង្ខេប​ប្រវត្តិ​សាស្ត្រ​ឡាវ​ យក​មក​ចុះ​ផ្សាយ​នៅ​ទី​នេះ…

  3. ត្រូវម៉ាច់ ខ្ញុំ​ក៏ខ្ជិលអានសៀវភៅដែរ បើបានសរសេរចឹង ទើបបាន​អាន

  4. ខ្ញុំគិតថា ចំណុចដែលគួរច្បិចលើកមកសិក្សារលេងៗនោះគឺ៖

    ១-…(ដូចកាលអោយពួកប៉ារ៉ានិងខ្មែរក្រហមខាំគ្នាដែរ យួនដេកស្ដាប់សូរ !)

    ជា​ការ​កត់​សំគាល់ ក្នុង​ពេល​កើត​​សឹក​សង្រ្គាម​ម្តងៗ ខាង​អាណ្ណាម​​បាន​ប្រើ​យុទ្ធសាស្រ្ត​ចាប់​ក្របួច​ស្តេច​ចាម្ប៉ា​​​​​​​​​ជា​ឈ្លើយ​សឹក សំរាប់​​ធ្វើ​​ជា​ថ្នូរ​​​ដោះ​ដូរ​យក​ទឹកដី​​​​របស់​ចាម្ប៉ា។ ប្រហែល​ជា​គិត​យល់​បែប​នេះ​ហើយ បាន​ជា​​ខាង​នាហ្មឺន​សព្វ​មុខ​​មន្រ្តី​ចាម្ប៉ា ​ក៏​បាន​បំភ្លេច​ស្តេច​ចំណាប់​ខ្មាំង​នោះ​ចោល ហើយ​លើក​រាជវង្ស​មួយ​អង្គ​ដែល​អាណ្ណាម​ហៅថា ម៉ាហូគ្វីឡាយ (ចិន​ហៅ​ថា ម៉ាហូគ្វែយឡាយ) ត្រូវ​ជា​ក្មួយ​ស្តេច​ឆេនប៉ាធីឡៃ អោយ​ឡើង​សោយ​រាជ្យ​ជំនួស​។ គឺ​ពេល​នោះ​ហើយ​ ដែល​ខាង​អាណ្ណាម​បាន​ប្រើ​ល្បិច​បំបែក​បំបាក់​មួយ​ជាន់​ទៀត ដោយ​បាន​ដោះ​លែង​ស្តេច​ម៉ាហូ​ពេនកៃ​ អោយ​ត្រឡប់​ចូល​នគរ​ចាម្ប៉ា​វិញ ដើម្បី​អោយ​ទៅ​ប្រឈម​មុខ​ក្នុង​ការ​ដណ្តើម​អំណាច​គ្នា​ជា​មួយ​ស្តេច​ថ្មី ម៉ាហូគ្វីឡាយ ។ តែក្រោយ​មក ​ស្តេច​​ម៉ាហូគ្វីឡាយ ​ត្រូវ​​បាន​គេ​​លួច​ធ្វើ​គត ហើយ​ជំនួស​វិញ​ដោយ​ស្តេច​មួយ​អង្គ​ទៀត ដែល​អាណ្ណាម​ហៅថា គ្វីដូ ។

    ២-..(ក៏ជាឳកាស​មាស​ដែរ ពេលពួកអាពតវាយលុកចូលស្រុកវៀចណាម ?
    សូមបន់អោយតែខ្មែរយើងលែងបង្ក​​ឳកាស​មាសអោយបរទេសជាថ្មីៗទៀត !
    បើអាពតត្រូវគេចាប់បានកាត់កដែរនោះ ម្ល៉េះវាសមនឹងមានបដាមួយដែរថា
    “ក្បាលស្តេចប៉ុលពត ប្រភពនៃ​ទុក្ខសោករបស់​នគរខ្មែរ-អិណ្ឌូចិន” )

    ព្រះរាជា​ថ្មី​របស់​នគរ​ចាម្ប៉ា​​​ព្រះនាម បានឡាត្រាលូន ​ក៏​​ប្រញាប់​ប្រញាល់​​លើក​ទ័ព​ទៅ​វាយ​យក​ខេត្ត​ហ្វាចូវ ភ្លាមៗ​ផងដែរ ដែល​​ព្រឹត្តិការណ៍​បង្ក​សង្រ្គាម​នេះ គឺ​​​ជា​ឳកាស​មាស​​​​សំរាប់​​​អោយ​អាណ្ណាម ​មាន​លេស​គ្រប់​គ្រាន់​​ដើម្បី​​​​វាយ​​យក​នគរ​ចាម្ប៉ា មក​​​​ដាក់​បញ្ចូល​​​ក្នុង​ទឹកដី​​របស់​ខ្លួន អោយ​វា​ចប់​រឿង។

    ៣- …(ព្រមចរចា តែក្នុងកិច្ចចរចាក៏អាចពុំមានការព្រមព្រៀងគ្នាដែរ
    ចេចាក៏ចរចា វ៉ៃក៏វ៉ៃ ។ ពេលកំពុងចរចា កុំអាលផ្អែកកាំភ្លើងទុកចោល ។)

    អាណ្ណាម​ក៏​យល់​ព្រម​ចរចា តែមិន​ឯកភាព​លើ​សំណើ​​របស់​ចាម្ប៉ា​ទេ ហើយ​សង្រ្គាម​​ក៏​ផ្ទុះ​ឡើង។


    ១០០- ភាសាអ្នកជាតិនិយម ដែលកំពុងតែលឺខ្ទ័រខ្ចរខ្ចាយពេញណាពេញណី៖

    ពេលច្បាំងឈ្នះដណ្ដើមទឹកដីគេបាន ពួកយើងពូជចម្បាំងខ្លាំងពូកែ !
    ពេលចាញ់គេអស់ទឹកដីវិញ ពួកវាជាអាចោរឈ្លានពានលេបទឹកលេបដី !

    ។ល។

  5. ចេប៉ុនង៉ា​ ស្ដេចចាមដ៏អស្ចារ្យត្រូវបាន​គេធ្វើគុត​ក្នុងសមរភូមិ​នៅ​ពេល​ដែល​​វាយ​ស្រុកអណ្ណាមជិតបែក មិនសមសោះ ។

    • រាជធានីធំ​របស់​អាណ្ណាម​គឺ​តុងកឹង​… ឯចាបាន ជា​រាជធានី​ទី២​ ដែល​អាណ្ណាម​ទើប​តែ​បង្កើតថ្មី បន្ទាប់​​​ពី​ពង្រីក​យក​ដី​ពី​ចាម្ប៉ាបាន។

      យើង​អាច​សង្កេត​ឃើញទៀត​ថា ដោយសារ​តែ​ចាម្ប៉ា​មាន​ជំលោះ​តាម​ផ្លូវ​សមុទ្រ​ជា​មួយ​ចិន ដែល​ពេល​ខ្លះ​ មាន​រហូត​ដល់​ទៅ​ប្លន់​សំពៅ​រក​ស៊ី​របស់​ចិន​​ថែម​ទៀត​ផង។ ហេតុ​នេះ​ក៏​អាច​ជា​ហេតុ​ផល​សម​រម្យ​មួយ​ដែល​អធិរាជ​ចិន មិន​ចង់​ទុក​អោយ​ចាម្ប៉ា​នៅ​ទើ​ស​ដៃ​ទើស​ជើង​ទៀត​ដែរ។ ដូច្នេះ ការ​ដែល​អាណ្ណាម​អាច​​​បោសសំអាត​ចាម្ប៉ា​​ដើម្បី​យក​ទឹក​ដី ក៏​ប្រហែល​ជា​អាច​មាន​ការ​ត្រូវ​រ៉ូវ​​ផង​ដែររវាង​អាណ្ណាម និង​​ព្រះ​ចៅ​អធិរាជចិន ទើបប្រទេស​​ចិន មិន​លូក​ដៃ​អន្តរាគមន៍​សោះ​ឡើយ​នៅ​ក្នុងសង្រ្គាម​ផ្តាច់​ព្រ៏ត្រ​​នេះ។​​

      • ពិបាកថា​ដែរ ព្រោះ​តាម​ឃើញ​មក​ចិនវាយ​មិន​ដែល​ឈ្នះ​វៀតណាម​ទេ តាំងពីវៀតណាមទទួល​ឯករាជ្យពីចិននៅឆ្នាំ ១០០០ ជាង ទោះជា​សង្គ្រាមឆ្នាំ ៨៩ – ៩០ នេះក្ដី ។

        • ពិត​ជា​អីចឹង​ហើយ… តាម​ប្រវត្តិសាស្រ្តកន្លងមក ទោះ​ជា​ចិន​មាន​ប្រជាជន​ច្រើន​ក៏​ពិត​មែន តែចិន​មាន​អនុស្សាវរីយ៍​ជូរចត់​​ខ្លាំង​ណាស់​ជា​មួយ​ជប៉ុន​ពី​អតីតកាល…​

  6. ចម្បាធ្លាប់ជាប្រទេសមួយជាគូរនឹងខ្មែរ តែសូមគូរនាអតីកាល ហើយសូមកុំឲ្យមេរៀនចម្ប៉ាធ្លាក់មកខ្មែរអី ។

  7. ហេតុអីបានជាឈ្មោះស្តេចចាម ដូចខ្មែរ មេស តែ ចុងក្រោយទៅដូចចិនវិញ

    • អរគុណ Sa… ខ្ញុំ​មិនច្បាស់​ដែរ​ទេ ពី​រឿង​ស្តេចនៃ​ប្រទេស​ទាំង​ពីរ (ខ្មែរនិងចាម៉្បា) មាន​នាម «វរ្ម៏ន» នៅ​ខាង​ចុង​ដូច​គ្នា។ បើ​តាម​វចនានុក្រម​សម្តេច​ព្រះ​សង្ឃរាជ ជួន​ ណាត បាន​ពន្យល់​ថា៖ វរ្ម័ន គឺអាវ​ក្រោះ…។ ជ័យ​វរ្ម័ន មានន័យថា អាវ​ក្រោះ​មាន​ជ័យ; ឬអ្នក​ពាក់​ក្រោះ​មាន​ជ័យ ។

      ដោយ​បែប​នេះ​ហើយ ទើប​បាន​ជា​ក្សត្រ​គ្រង​រាជ​សម័យ​អាណាចក្រ​ទាំងយើង​ ទាំង​គេ និយម​ប្រើ​នាម​ខាង​ចុង «វរ្ម័ន» ដូចៗ​គ្នា​បែប​នេះ… (សុំទោស​ផង, នេះ​ខ្ញុំ​កាត់​យល់​ដោយ​ខ្លួន​ឯង​ទេ 😀 )​

      ឯឈ្មោះ​ដូច​ចិន​នេះ គឺ​ដោយសារ​ឯកសារ​ដែល​លោក​អារដឺម៉ាឡឺក្លែរ យក​មក​សិក្សាក្នុង​សៀវភៅ​របស់​លោក គឺ​ជា​ឯកសារ​ដើម​នៅ​ប្រទេស​ចិន។ ហេតុ​នេះ ចិន​អាន​បាលី សំស្ក្រិត​មិន​ច្បាស់​ទេ… វា​អាច​ក្លាយ​ ឬ​សំរាយ​ប្តូរ​ពី​ពាក្យ​ខ្មែរ​ដើម​បន្តិច​ហើយ…។​

  8. គួរតែដូរចំណងជើងថា: “តើនគរចាម្ប៉ាបាត់ឈ្មោះពីផែនទីពិភពលោកដោយរបៀបណា?” គួរប្រើពាក្យឣោយបានសមរម្យចំពោះចំនុចខ្លះ និង រក្សាសុជីវធម៌ក្នុងការសរសេរ។ ចំណែកប្រាសាទខាងលើគឺប្រាសាទ Po Nagar ស្ថិតនៅខេត្តញ៉ាត្រាង មិនមែននៅមុីសឺនទេ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s