វិចិត្រសាល

អ្នកទោសខ្មែរក្រហម៖ ​ការ​ត្រឡប់​មក​ឃើញ​ប៉េកាំង​ជាថ្មី


*** ខាងក្រោមនេះ គឺ​ជា​អត្ថបទ​សង្ខេប និង​ដកស្រង់​យក​មក​ពី​ក្នុង​សៀវ​ភៅ​ដែល​ជា​ព្រះរាជ​និពន្ធ​ដោយ​ ព្រះបរមរតនកោដ្ឋ មាន​ចំណង​ជើង​ថា “អ្នកទោស​ខ្មែរ​ក្រហម” ។ នៅ​វគ្គ​ខាង​ក្រោយ​នៃ​សៀវភៅ​នេះ ព្រះ​អង្គ​បាន​ពិពណ៌នា​ពី​ការ​យាង​ចាក​ចេញ​ពី​ទី​ក្រុង​ភ្នំពេញ​ នា​រាត្រី​ថ្ងៃទី ៦ មករា ១៩៧៩ ឆ្ពោះ​ទៅ​កាន់​ទី​ក្រុង​ប៉េកាំង រួច​ទៅ​ទី​ក្រុង​ញូវយ៉ក ដែល​នៅ​ទី​នោះ ព្រះ​អង្គ​បាន​ភៀស​ព្រះ​កាយ​ដោយ​ជោគជ័យ​ ចេញ​ផុត​ពី​ការ​​យាម​ឃ្លាំ​តាម​មើល​ដោយ​ពួក​មន្រ្តី​ខ្មែរ​ក្រហម​ ដែល​លោក អៀង​ សារី បាន​បញ្ជូន​ទៅ​ជា​មួយ​ពី​ភ្នំពេញ​ទៅ…។

គិត​មក​ដល់​ពេល​នេះ គឺ​មាន​រយៈ​ពេល ៣៤ឆ្នាំ​គត់ ដែល​ព្រឹត្តិ​ការណ៍​នេះហាក់​ដូច​ជា​នៅ​ថ្មីៗ​នៅឡើយ។ ស្របពេល​នឹង​ថ្ងៃ​ដួល​រលំ​នៃ​របប​ ប៉ុល ពត បាន​ខិត​ជិត​មក​ដល់ និង​ជា​ពិសេស គឺ​ស្ថិត​ក្នុង​រយៈពេល​នៃ​ការ​កាន់​ទុក​ព្រះ​បរមសព​ ព្រះ​បរម​រតនកោដ្ឋ​ផង ខ្ញុំ​សូម​ដក​ស្រង់​​ខ្លឹមសារ​ពី​​ក្នុង​សៀវភៅ​ដែល​ជា​ព្រះ​រាជ​និពន្ធ​​​​ផ្ទាល់​របស់​ព្រះ​អង្គ​​​​ ​យក​មក​ចុះ​ផ្សាយ​នៅ​​ផ្ទះ​ស្រុក​ស្រែ​ខ្ញុំ​នេះ ដើម្បី​ឧទ្ទិស​​ព្រះ​រាជ​កុសល​​ថ្វាយ​ព្រះ​វិញ្ញាណក្ខន័្ធ​​​ព្រះ​​អង្គ​ នៅ​​ក្នុង​ព្រះ​រាជ​ពិធី​បុណ្យ​ថ្វាយ​ព្រះភ្លើង​នា​ពេល​​ដ៏​ខ្លី​​​ខាង​មុខ​នេះ…។

ប្រកាស​នេះ បាន​តពី​ប្រកាស​មុន​ដែល​មាន​ចំណង​ជើង​ថា៖ ទឹកភ្នែក និង​សេចក្តី​ត្រេកអរ ហើយ​ពាក្យ “ខ្ញុំ” នៅ​ក្នុង​អត្ថបទ​នេះ​ទាំង​មូល គឺ​ជា​តួ​អង្គ​ព្រះ​បរម​រតនកោដ្ឋ ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់​ខ្ពស់…

សូម​អញ្ជើញ​អស់​លោក​អ្នក​ រីករាយ​តាម​ដានពី​​ព្រះ​រាជ​សកម្មភាព​របស់​ព្រះ​បរម​រតន​កោដ្ឋ​​ កាល​ពី​៣៤ឆ្នាំ​មុន ជាបន្តទៀត…

​****************************

យើងបានមកដល់​ទីក្រុងប៉េកាំងនៅពេលយប់ បន្ទាប់​ពី​ការ​ហោះ​ហើរ​ប្រកប​ដោយ​សុខសាន្ត​មួយ។ “ជនខ្លាំង” ថ្មីរបស់​ប្រទេស​ចិន​ប្រជាមានិត គឺ​ឯកឧត្តម តេង ស៊ាវពីង បាន​មក​ទទួល​ស្វាគមន៍​ខ្ញុំដោយ​ផ្ទាល់ នៅ​អាកាសយានដ្ឋាន​អន្តរជាតិ។ ត្រូវ​បាន​ធ្វើ​អោយ​រំភើប និង​សប្បាយ​រីករាយ​ក្នុង​ចិត្ត​ដែល​យើង​បាន​ជួប​គ្នា​ម្តង​ទៀត​​នេះ យើង​បាន​ចាប់​អោយ​រឹត​គ្នា​ទៅ​វិញ​ទៅមក។

អ្នកឆ្លើយ​ឆ្លង​ព័ត៏មាន​នៃ​ទី​ភ្នាក់​ងារ​សារព័ត៌មាន​បារាំងអាអេហ្វប៉េ និង​សហសេវិក​ម្នាក់​ក្នុង​ចំណោម​សហសេវិក​អង់ក្លូ​-សាក់សុង​ របស់​គាត់ បាន​សំរេច​ឆ្លង​កាត់​ជួរ​ភ្នាក់ងារ​សន្តិសុខ​ដែល​គេ​ដាក់​នៅ​កន្លែង​នោះ​សំរាប់​ការពារ​សន្តិសុខ​ខ្ញុំ។ អ្នក​ទាំង​ពីរ​បាន​ដើរ​មក​ក្បែរ​ខ្ញុំ ហើយ​ស្នើ​សុំ​ការ​អនុញ្ញាត​ពី​ខ្ញុំ​ដើម្បី​ថត​មួយ​ប៉ុស្តិ។ ខ្ញុំ​បាន​រៀប​ចំ​ព្រះ​កាយ​ដោយ​គ្មាន​នរណា​បង្ខំ​ តាម​ពាក្យ​សុំ​របស់​គេ។ នេះ​ជា​រូប​ថត​សីហនុ​ម្នាក់​កំពុង​ញញឹម ដែល​ពួក​គេ​នឹង​បញ្ជូន​ទៅ​អោយ​សារព័ត៌មាន​នានា​ទូទាំង​ពិភពលោក។

លោក តេង ស៊ាវពីង ក៏​សើច​ញញឹម​ដូច​ខ្ញុំ​ដែរ។ គាត់​លែង​ត្រូវ​ធ្វើ​អោយ​អន់​ចិត្ត​ទៀត​ហើយ ដែល​អាច​បង្ហាញ​ប្រាប់​សាធារណមតិ​អន្តរជាតិ​ថា ប្រទេស​ចិន​ចេះ​ការពារ​ខ្ញុំ អោយ​នៅ​គង់​វង្ស​ព្រះជន្ម​ និង​មាន​សុខភាព​យ៉ាង​ល្អ តាម​រយៈ​អ្នក​កាសែត​លោក​ខាង​លិច​ទាំង​ពីរ​នាក់​នេះ។ កាល​ពី​មុន​មាន​ទស្សនាវដ្តី​ជា​ភាសា​អង់គ្លេស​ធំ​មួយ​បាន​សរសេរ​​អត្ថបទ​តូច​មួយ​ក្រោម​ចំណង​ជើង​ថា “ការ​ធ្លាក់​អាប់​អោន​របស់​រាជវង្ស” ជា​មួយ​រូប​ថត​គួរ​អោយ​ព្រឺ​ខ្លាច​របស់​ខ្ញុំ​មួយ​សន្លឹក ដោយ​និយាយ​ថា ក្នុង​រូប​ថត​នេះ ខ្ញុំ​មាន​សុខភាព​យ៉ាង​អាក្រក់​បំផុត ហើយ​ពិបាក​ក្នុង​ការ​មាន​បន្ទូល​ផង!…

ក្នុង​រថយន្ត​លីម៉ូហ្ស៊ីន​ធំ​គម្រាំង​ពណ៌​ខ្មៅ មាន​ផ្លាកទង់​ជ័យ​ក្រហម​របស់​ចិន, លោក​ តេង ស៊ាវពីង បាន​ទូល​បញ្ជាក់​ប្រាប់​ខ្ញុំ​ថា ប្រទេស​ចិន​មិន​គ្រាន់​តែ​មិន​ពេញ​ចិត្ត​នឹង “ការប្រព្រឹត្តិ​ដ៏​គួរ​អោយ​សោក​ស្តាយ” ​ដែល​អង្គការ​បាន​ដាក់​ទោស​ខ្ញុំ​នៅ​ចន្លោះ​ខែ​មេសា ឆ្នាំ​១៩៧៦ មក​ទល់​នឹង​ខែ​វិច្ឆិកា ឆ្នាំ​១៩៧៨ ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​មិន​សប្បាយ​ចិត្តនឹង “ការ​ប្រព្រឹត្តិ​មិន​គួរ​សម” ចំពោះ “គំនិត​ស្នេហា​ជាតិ​ដ៏​ខ្ពង់​ខ្ពស់” របស់​ខ្ញុំ និង​ចំពោះ​ការ​បំរើ​ជា​គុណ​ប្រយោជន៍​ដល់​ការ​បដិវត្តន៍​របស់​ខ្មែរ​ក្រហម ពី​ឆ្នាំ​១៩៧០ ដល់ ១៩៧៥ ថែម​ទៀត។ ក្នុង​នាម​នៃ​ប្រទេស​ចិន គាត់​បាន​សុំ​ព្រះ​រាជ​ទាន​ទោស​ពី​ខ្ញុំ​ដែល​ពុំ​អាច​ធ្វើ​អ្វី​បាន​ទាល់​តែ​សោះ ដើម្បី​ធ្វើ​អោយ​ជោគ​វាសនា​របស់​ខ្ញុំ បាន​ប្រសើរ​ជាង​មុន។ គាត់​បាន​សន្យា​នឹង​ខ្ញុំ​ថា ប្រទេស​របស់​គាត់​នឹង​ធ្វើ​អ្វីៗ​គ្រប់​បែប​យ៉ាង​ដែល​ជា​សិទ្ធិ​អំណាច​របស់​គាត់ ក្នុង​ការ​ធ្វើ​អោយ​ខ្ញុំ​មាន​សេរីភាព​ដ៏​ពេញ​លេញ​មួយ​ជា​ស្ថាពរ​តទៅ ហើយ​នឹង​អោយ​គេ​ស្រាវ​ជ្រាវ​រក​ “អោយ​ខាង​តែ​ឃើញ​ និង​ក្នុង​រយៈ​ពេល​យ៉ាង​ឆាប់​បំផុតតាម​ដែល​អាច​ធ្វើ​ទៅ​បាន” នូវ​ព្រះរាជ​បុត្រា​បុត្រី និង​ព្រះរាជ​នត្តា​ទាំងឡាយ​របស់​ខ្ញុំ និង​អ្នក​មាន​ស្វាមី​ភក្តិ​នឹង​ខ្ញុំ​ផ្សេងៗ​ទៀត ដែល​ខ្ញុំ​គ្មាន​ដឹង​ដំណឹង​ពី​ពួក​គេ​ទាល់​តែ​សោះ តាំង​តែ​ពី​ការ​លាលែង​ពី​ដំណែង​របស់​ខ្ញុំ​នៅ​ខែ​មេសា ឆ្នាំ​១៩៧៦ មក។

មិត្ត​អ្នក​អាន​ទាំង​អស់​របស់​ខ្ញុំ​បាន​ដឹង​រួច​មក​ហើយ​ថា អ្នក​ទាំង​ឡាយ​ដែល​ជា​ទី​ស្រឡាញ់​​របស់​ខ្ញុំ ហើយ​ដែល​ខ្ញុំ​បែក​ឃ្លាត​ពី​គេ នៅ​តែ​មិន​អាច​រក​ឃើញ​ដដែល។ ពួក​គេ​បាន​ត្រូវ​ “សំឡាប់” យ៉ាង​ព្រៃ​ផ្សៃ​ដោយ​ពួក​ខ្មែរ​ក្រហម។ ខ្ញុំ​នឹង​បាន “ជួប​ពួក​គេ​ជា​ថ្មី” ប្រហែល​នៅ​បរលោក គឺ​ក្រោយ​ការ​ចូល​ទីវង្គត​របស់​ខ្ញុំ…។

ការត្រឡប់​មក​ឃើញ​ទីក្រុង​ប៉េកាំង​ជា​ថ្មី​​ម្តង​ទៀត​របស់​ខ្ញុំ​​នេះ ​​មិត្ត​ចិន​បាន​ទទួល​អោយ​ខ្ញុំ​​គង់​ស្នាក់​នៅ​ជា​បណ្តោះ​អាសន្ន​ជា​មួយ​ព្រះ​ញាតិ​វង្ស និង​ព្រះ​រាជ​បរិពារ​ខ្ញុំ នៅ​ក្នុង​គេហដ្ឋាន​ដ៏​មាន​ផាសុខភាព​មួយ​របស់​ “បុរី​សំរាប់​ពួក​ភ្ញៀវ​ជាន់​ខ្ពស់” ។ បុរី​នេះ​រួមមាន​និវេសន​ដ្ឋាន​ជា​ច្រើន​ខ្នង​ ប្រកប​ដោយ​សួនច្បារ​ល្អ​ស្អាត​របៀប​ចិន, ស្ពាន​តូចៗ, ស្រះ​ទឹក​ និង​ថ្ម​ដុះ​ស្រួច​ខ្ពស់ៗ ដែល​ទាំងអស់​នេះ​សុទ្ធ​តែ​ធ្វើ​​អោយ​លេច​​រូប​រាង​ឡើង​ដោយ​ពួក​សិល្បករ​ចិន។ រីឯ​ព្រះរាជ​ដំណាក់​ថ្មី​ដែល​គេ​សាងសង់​​សំរាប់​​ខ្ញុំ តាម​បញ្ជា​របស់​មិត្ត​ខ្ញុំ ជូ អេនឡាយ មាន​ទី​តាំង​ស្ថិត​នៅ​ត្រង់​​អតីត​ស្ថាន​ទូត​ប្រទេស​បារាំង​កាល​ពី​​ចុង​​ឆ្នាំ​ ១៩៧៥ នោះ នៅ​ពុំ​ទាន់​អាច​ចូល​ស្នាក់​នៅ​បាន​ទេ ពីព្រោះ​គេ​កំពុង​រៀប​ចំ​ដាក់​គ្រឿង​តុទូគ្រែ របស់​របរ​ផ្សេងៗ និង​តុបតែង​លំអ​។

ខ្ញុំ​ធ្លាប់​បាន​គង់​នៅ​ក្នុង​បុរី​នេះ​ម្តង​ហើយ នៅ​ថ្ងៃ​បន្ទាប់​ពី​រដ្ឋ​ប្រហារ​របស់​ លន់ នល់ នា​ខែ​មេសា ឆ្នាំ​១៩៧០ ។ នេះ​ជា​ការ​គាប់​ជួន​គ្នា​មួយ ព្រោះ​ខ្ញុំ​បាន​គង់​នៅ​ទី​នេះ នៅ​រៀង​រាល់​ពេល​ដែល​ប្រទេស​​របស់​ខ្ញុំ​ និង​រូប​ខ្ញុំ​ផ្ទាល់ ត្រូវ​គេ​ពន្លិច​ទៅ​ក្នុង​អពមង្គល និង​ការ​អាម៉ាស់​មុខ ហើយ​គឺ​ប្រទេស​ចិន​ប្រជាមានិត​ដដែល ដែល​ហុច​ដៃ​មក​ជួយ​យក​អាសាខ្ញុំ ក្នុង​កាលៈ​ទេសៈ​ដ៏​អាក្រក់​ទាំង​នេះ។ បើ​គ្មាន​ប្រទេស​ចិន និង​លោក​ប្រធានាធិបតី គីម អ៊ីល​ស៊ុង នៃ​សាធារណរដ្ឋ​ប្រជា​មានិត​ប្រជាធិបតេយ្យ​កូរ៉េ​ទេ តើ​ខ្ញុំ​នឹង​ក្លាយ​ទៅ​ជា​យ៉ាង​ណា​ទៅ?…

សព្វ​ថ្ងៃ​នេះ​ខ្ញុំ​ដឹង​ថា គេ​រិះ​គន់​ខ្ញុំ​ទាំងអយុត្តិធម៌​ដែល​ថា ខ្ញុំ​នៅ​តែ​ជំពាក់​ចិត្ត​ “យ៉ាង​ចចេស” ចំពោះ​ប្រទេស​ចិន និង​ប្រទេស​កូរ៉េ “ក្រហម” នៅ​ឡើយ។ នៅ​ក្នុង​ទី​ជំរៅ​នៃ​ការ​និរទេស​ខ្លួន​ដ៏​សប្បាយ​របស់​គេ​នៅ​សហរដ្ឋ​អាមេរិក និង​ប្រទេស​បារាំង ពួក​អ្នក​ដែល​តាំង​ខ្លួន​ជា “អ្នក​សីហនុ​និយម” បាន​បន្ថែម​សំឡេង​របស់​ពួក​គេ​​ទៅ​លើ​ការ​បន្ទោស​​​ទាំង​នោះ​ទៀត។ ប៉ុន្តែ​ខ្ញុំ​គ្មាន​មធ្យោ​បាយ​ខាង​ហិរញ្ញ​វត្ថុ​ផ្តល់​អោយ “ពួកខៀវ” ទាំង​នេះ​ទេ។ ហើយ​បើ​ទោះ​ជា​​ខ្ញុំ​មាន​ហិរញ្ញវត្ថុ​ក៏​ដោយ ក៏​ខ្ញុំ​នឹង​មិន​បរិច្ចាគ​អោយ​​ដោយ​ទទេ ចំពោះ​អ្នក​ទាំង​ឡាយ​​ជា​មហា​មិត្ត និង​ជា​អ្នក​ធ្វើ​ល្អ​នឹង​ខ្ញុំ​តាំង​ពី​ដំបូងៗ​មក​ដែរ។

ខ្ញុំ​មិន​មែន​ “ក្រហម” ឬក៏ “ខៀវ” ទេ។ ដូចនេះ​វា​សម​ហេតុ​សមផល​ណាស់ ដែល​ខ្ញុំ​យល់​ព្រម​ទទួល​នូវ​ការ​អោយ​ស្នាក់​អាស្រ័យ​​ដោយ​សប្បុរស​ របស់​បណ្តា​មិត្ត​ដ៏​គួរ​អោយ​ទុក​ចិត្ត និង​ដ៏​ស្មោះ​ត្រង់​បំផុត​របស់​ខ្ញុំ ទោះ​ជា​ពួក​គេ​ “ក្រហមឆេះ” ​ក៏​ដោយ។ មនោគមន៍​​វិជ្ជា គឺ​ជា​រឿង​មួយ, ឯ​មិត្តភាព គឺ​ជា​​រឿង​មួយ​ផ្សេង​ទៀត។ ខ្ញុំ​មិន​ដែល​ជ្រៀត​ជ្រែក​ក្នុង​កិច្ចការ​ផ្សេងៗ​របស់​ជាតិ​នៃ​ប្រទេស​នានា​​ទេ។ វា​ជា​ករណីកិច្ច​មួយ​របស់​អ្នក​កាន់​ព្រះពុទ្ធ​សាសនា​ ដែល​ត្រូវ​បង្ហាញ​អោយ​ឃើញ​នូវ​ការ​ដឹង​គុណ​ចំពោះ​អ្នក​ធ្វើ​ល្អ​ទាំង​ឡាយ​របស់​ខ្លួន។ ពួក​អ្នក​ដែល​រិះគន់​ខ្ញុំ ប្រាកដ​ជា​គ្មាន​ខ្វល់​ខ្វាយ​នឹង​ទ្រឹស្តី​ប្រៀន​ប្រដៅ​របស់​ពុទ្ធ​ជា​ម្ចាស់​ឡើយ…។

ក្រុងប៉េកាំង ថ្ងៃ​ទី ៩ កញ្ញា ១៩៧៥ ក្នុងឳកាស​លោក​ តេង ស៊ាវពីង ជូន​ដំណើរសម្តេចឪ និង​សម្តេចម៉ែ វិល​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ បន្ទាប់​ពី​ខ្មែរ​ក្រហម​បាន​ទទួលជ័យជំនះ... ៣ឆ្នាំក្រោយមក គឺ​លោក តេង ស៊ាវពីង ដដែល​បានរង់ចាំទទួល​សម្តេចឪ និង​សម្តេចម៉ែ ដែលបានវិលត្រឡប់ពីប្រទេសកម្ពុជា មក​ទី​ក្រុងប៉េកាំង ប្រទេសចិនម្តងទៀត...

ក្រុងប៉េកាំង ថ្ងៃ​ទី ៩ កញ្ញា ១៩៧៥ ក្នុងឳកាស​លោក​ តេង ស៊ាវពីង ជូន​ដំណើរសម្តេចឪ និង​សម្តេចម៉ែ ដើម្បី​យាង​វិល​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ បន្ទាប់​ពី​ខ្មែរ​ក្រហម​បាន​ទទួល​ជ័យជំនះ…។ ៣ឆ្នាំក្រោយមក គឺនៅ​រាត្រី​ថ្ងៃទី ៦ មករា ១៩៧៩ រូបលោក តេង ស៊ាវពីង ដដែល​បានរង់ចាំ​ទទួល​ស្វាគមន៍​សម្តេចឪ និង​សម្តេចម៉ែ ដែល​បាន​យាង​វិល​ត្រឡប់​ពី​ប្រទេសកម្ពុជា មកដល់​​ទី​ក្រុងប៉េកាំង ប្រទេសចិន ជាថ្មីម្តងទៀត…

លោកនាយករដ្ឋមន្រ្តីចិន ជូ អេនឡាយ សម្តេចឪ និងសម្តេចម៉ែ លោក ជូ​ អេនឡាយ នាទសវត្សរ៍ឆ្នាំ១៩៦០

លោកនាយករដ្ឋមន្រ្តីចិន ជូ អេនឡាយ បាន​រៀបចំពិធីលៀងសាយភោជន៍​ថ្វាយ​សម្តេចឪ និងសម្តេចម៉ែ នៅទីក្រុងប៉េកាំង នាទសវត្សរ៍ឆ្នាំ១៩៦០ (រូបថតមជ្ឈមណ្ឌលឯកសារកម្ពុជា)

(រូបថតមជ្ឈមណ្ឌលឯកសារកម្ពុជា)

(រូបថតមជ្ឈមណ្ឌលឯកសារកម្ពុជា)

*****************************

(ប្រកាស​ក្រោយ ស្រុកស្រែខ្ញុំ​​នឹង​បន្តរៀបរាប់ពី​ការ​​ “ងើយផឹកស្រាអោយ​អស់​ពីកែវ” តាម​របៀបចិន នៅ​ក្នុង​ពិធី​ជប់លៀង​នារាត្រី​ថ្ងៃ​ទី ៧ មករា ១៩៧៩… គឺ​ក្រោយ​ពីទទួល​ដំណឹង​​ថា ក្រុងភ្នំពេញ​បាន​ធ្លាក់​ក្នុង​ដៃ​កងទ័ព​វៀតណាមហើយ…​​)

_________________________

អត្ថបទដែលទាក់ទង៖

Advertisements

3 responses to “អ្នកទោសខ្មែរក្រហម៖ ​ការ​ត្រឡប់​មក​ឃើញ​ប៉េកាំង​ជាថ្មី

  1. below is only my opinion about the fate of Cambodia (our country)​ in the past:

    After Sihanouk got independence for Cambodia in1953,he declared neutrality for Cambodia, but china already had a plan to take him as its pawn to fight against the capitalism(America). China is afraid of being surrounded by the capitalism.That’s why china helped Vietnam in fighting against France and America until getting victory,but china was cheated by Vietnam by allying with soviet.In the north in the1950s,china had to help north Korea to fight against South Korea ,supported by western countries such America ,Canada…but that war was stopped ,each side could not get victory.As for Cambodia,china had to make Sihanouk becomes its great friend by building many factories in Cambodia and making the Cambodia’s economy in the 1960s flourish and so most Cambodians love Sihanouk so much ,and when he (Sihanouk) gets the Preah Vihear 1962 back from Thailand, he got more popularity until he was called the father of Cambodia, and many Cambodians even thought he is god.

    However, Khmer people had to pay for their ignorance about getting aids from China, Sihanouk had to collaborate with china in the Vietnam war by allowing north Vietnamese troops to go into Cambodia and supplying them the shelters and foods. But this is what Sihanouk did not see as the aggression of Cambodia’s integrity and then this was making a lot of Khmer people feel very disappointed about Sihanouk’s neutral policy ,so the Khmer national assembly had to oust him and choose a new leader for Cambodia (Lon Nol). Sihanouk is not a Khmer leader chosen by Khmer people,he was installed as Khmer leader by the France.Cambodia is not democratic yet,but will to follow the capitalist countries’s democracy for the respect of human rights and freedom.Unlike the communist countries,most of the countries living under the capitalism had their economy flourished.In the 1970 before Sihanouk was ousted ,we Khmer people had to choose Sihanouk or Lon Nol.But our country was split in two :one part controlled by Lon Nol,the other (jungle)was controlled by the Khmer rouge ,having Sihanouk as its top leader(in 1976, Sihanouk became the president of Khmer rouge,but he was cheated by Khmer rouge who brought him in their ranks just because Sihanouk could bring so many Cambodians and Vietcongs to join the Khmer rouge in fighting against Lon nol.So at that time, Khmer people have only two leader to choose which was Sihanouk or Lon no.But Khmer people(the majority)chose Sihanouk,the wrong one,which lead to the total destruction of Cambodia between 1975-1979.China had reached its goal: chasing out the capitalism (America) that was expanding into Indochina.

    Cambodia would have a good future if all Cambodians could defend Cambodia’s integrity and become a capitalist country at that time under the protection of America and all the western countries that has the UN as its headquarter in New York, America.

  2. ប្រសិនជា​យ៉ាង​ដូច​លោក​រៀបរាប់​ខាង​លើ​ជា​ភាសា​បរទេស​នេះ​មែន ម្ល៉េះ​អាមេរិក​មិន​រត់ចោល​សិរិមតៈ និង​គូរកន​របស់​លោក លន់ នល់ ទេ ។ ហេតុ​អី​ក៏​ហ៊ាន​និយាយ​ថា​ខ្មែរ​នឹង​ត្រូវ​អាមេរិក​គាំពារ​កើត?

  3. អាមេរិកវាយចាញ់់យួនក៏ដោយសារស្ដេចខ្មែរជួយផ្ដល់ទីជំរក និងស្បៀងអាហារ
    សព្វគ្រប់់បែបយ៉ាង។ប្រសិនជាខ្មែរអាចការពារបូរណភាពទឹកដីបានហើយ
    ទប់់ទល់់យួនខាងជើងមិនអោយជ្រៀតចូលស្រុកខ្មែរបាន ម្ល៉េះ អាមេរិកអាចទប់់
    ការវាយប្រយុទ្ធរបស់់យួនខាងជើងបានហើយក៏មានកំលំាងកាពារលោក លន់់
    ណល់់ ដែលគួរតែស្ដេចកុំទៅចូលដៃជាមួយយួនខាងជើង ជាមួយចិន
    ដែលខ្លាចអាមេរិកជ្រៀតឥទ្ធិពលចូលមកក្នុងឥណ្ឌូចិន។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s