វិចិត្រសាល

អ្នកទោសខ្មែរក្រហម៖ ​​ពិធី​ជប់លៀង ​និង​​ដំណឹង​នៃ​ការ​ដួល​រលំ​​ក្រុងភ្នំពេញ


*** ខាងក្រោមនេះ គឺ​ជា​អត្ថបទ​សង្ខេប និង​ដកស្រង់​យក​មក​ពី​ក្នុង​សៀវ​ភៅ​ដែល​ជា​ព្រះរាជ​និពន្ធ​ដោយ​ ព្រះបរមរតនកោដ្ឋ មាន​ចំណង​ជើង​ថា “អ្នកទោស​ខ្មែរ​ក្រហម” ។ នៅ​វគ្គ​ខាង​ក្រោយ​នៃ​សៀវភៅ​នេះ ព្រះ​អង្គ​បាន​ពិពណ៌នា​ពី​ការ​យាង​ចាក​ចេញ​ពី​ទី​ក្រុង​ភ្នំពេញ​ នា​រាត្រី​ថ្ងៃទី ៦ មករា ១៩៧៩ ឆ្ពោះ​ទៅ​កាន់​ទី​ក្រុង​ប៉េកាំង រួច​ទៅ​ទី​ក្រុង​ញូវយ៉ក ដែល​នៅ​ទី​នោះ ព្រះ​អង្គ​បាន​ភៀស​ព្រះ​កាយ​ដោយ​ជោគជ័យ​ ចេញ​ផុត​ពី​ការ​​យាម​ឃ្លាំ​តាម​មើល​ដោយ​ពួក​មន្រ្តី​ខ្មែរ​ក្រហម​ ដែល​លោក អៀង​ សារី បាន​បញ្ជូន​ទៅ​ជា​មួយ​ពី​ភ្នំពេញ​ទៅ…។

គិត​មក​ដល់​ពេល​នេះ គឺ​មាន​រយៈ​ពេល ៣៤ឆ្នាំ​គត់ ដែល​ព្រឹត្តិ​ការណ៍​នេះហាក់​ដូច​ជា​នៅ​ថ្មីៗ​នៅឡើយ។ ស្របពេល​នឹង​ថ្ងៃ​ដួល​រលំ​នៃ​របប​ ប៉ុល ពត បាន​ខិត​ជិត​មក​ដល់ និង​ជា​ពិសេស គឺ​ស្ថិត​ក្នុង​រយៈពេល​នៃ​ការ​កាន់​ទុក​ព្រះ​បរមសព​ ព្រះ​បរម​រតនកោដ្ឋ​ផង ខ្ញុំ​សូម​ដក​ស្រង់​​ខ្លឹមសារ​ពី​​ក្នុង​សៀវភៅ​ដែល​ជា​ព្រះ​រាជ​និពន្ធ​​​ផ្ទាល់​របស់​ព្រះ​អង្គ​​​​ ​យក​មក​ចុះ​ផ្សាយ​នៅ​​ផ្ទះ​ស្រុក​ស្រែ​ខ្ញុំ​នេះ ដើម្បី​ឧទ្ទិស​​ព្រះ​រាជ​កុសល​​ថ្វាយ​ព្រះ​វិញ្ញាណក្ខន័្ធ​​​ព្រះ​​អង្គ​ នៅ​​ក្នុង​ព្រះ​រាជ​ពិធី​បុណ្យ​ថ្វាយ​ព្រះភ្លើង​នា​ពេល​​ដ៏​ខ្លី​​​ខាង​មុខ​នេះ…។

ប្រកាស​នេះ បាន​តពី​ប្រកាស​មុន​ដែល​មាន​ចំណង​ជើង​ថា៖ ការ​ត្រឡប់​មក​ឃើញ​ប៉េកាំង​ជាថ្មី… ហើយ​ពាក្យ “ខ្ញុំ” នៅ​ក្នុង​អត្ថបទ​នេះ​ទាំង​មូល គឺ​ជា​តួ​អង្គ​ព្រះ​បរម​រតនកោដ្ឋ ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់​ខ្ពស់…

សូម​អញ្ជើញ​អស់​លោក​អ្នក​ រីករាយ​តាម​ដានពី​​ព្រះ​រាជ​សកម្មភាព​របស់​ព្រះ​បរម​រតន​កោដ្ឋ​​ កាល​ពី​៣៤ឆ្នាំ​មុន ជាបន្តទៀត…

​****************************

នៅ​ព្រឹក​ថ្ងៃ​ទី ៧ ខែ​មករា ឆ្នាំ​១៩៧៩ ឯកអគ្គរដ្ឋទូត​កម្ពុជា​ប្រជាធិបតេយ្យ ពេជ្រ ឈាង បាន​មក “ចូល​គាល់​សំដែង​ការ​គោរព” ចំពោះ​ខ្ញុំ។ គាត់​បាន​រួម​ដំណើរ​ជា​មួយ​ភរិយា​របស់​គាត់ ដែល​ប្រាថ្នា​មក “គោរព​មហេសី​ខ្ញុំ” ដែរ។ គូស្វាមី​ភរិយា​នេះ​ពុំ​បាន​គោរព​យើង​តាម​របៀប​ខ្មែរ (សំពះ) ទេ។ យើង​បាន​ចាប់​ដៃ​គ្នា​ជា​របៀប​អឺរ៉ុប​ទៅ​វិញ។ នេះ​ជា​របៀប​ដែល​ខ្មែរ​ក្រហម​ហៅ​ថា “ការពារ​ព្រលឹង​ជាតិ” នោះ។

ក៏​ប៉ុន្តែ​លោក ពេជ្រ ឈាង បាន​ប្រឹង​ប្រែង​ធ្វើ​ខ្លួន​ជា​មនុស្ស​ដែល​គួរ​​អោយ​ចូល​ចិត្ត​ម្នាក់ៈ គាត់​បាន​ទទួល​ពី​អង្គការ​ នូវ​ការ​បង្គាប់​បញ្ជា​អោយ​មក​ថ្លែង​​ពាក្យ​គួរ​សម​ចំពោះ​គំនិត​ស្នេហា​ជាតិ​មាតុភូមិ​របស់​យើង។

យើង​បាន​អញ្ជើញ​គាត់​អោយ​នៅ​ទទួល​ទាន​អាហារ​ថ្ងៃ​ត្រង់​ជា​មួយ​យើង។ ពួក​ចុង​ភៅ​នៅ​និវេសនដ្ឋាន​របស់​យើង​ បាន​រៀប​ចំ​​ល្អណាស់ ហើយ​ម្ហូប​អាហារ​គឺ​ជា​ស្នាដៃ​ឯក​មួយ។ ភ្ញៀវ​របស់​ខ្ញុំ បាន​រំលឹក​ប្រាប់​ខ្ញុំ​ថា គាត់​មាន “កិត្តិយស” បំផុត​ ដែល​បាន​ទទួល​បដិសណ្ឋារកិច្ច​ខ្ញុំ​នៅ​អង្គរ កាល​ពី​ឆ្នាំ​១៩៧៣ ក្នុង​ឋានៈ​គាត់​ជា​មេ​បញ្ជាការ​តំបន់​យោធា​ក្នុង​ពេល​ដែល​ “ខ្ញុំ​យាង​ត្រួត​ពិនិត្យ” តំបន់​រំដោះ​នានា។ ប្រពន្ធ​របស់​គាត់​ធ្លាប់​ធ្វើ​ “អង្គរក្ស” របស់​ម៉ូនិក ក្នុងរយៈ​ពេល​នៃ​ដំណើរ​ទស្សនា​ចរ​​របស់​យើង។​ អ្នក​ទាំង​ពីរ​បាន​ស្គាល់​គ្នា​នៅ​អង្គរវត្ត ហើយ​បាន​រៀបការ​នឹង​គ្នា​ បន្ទាប់​ពី​ដំណើរ​ត្រឡប់​របស់​យើង​ទៅ​ប្រទេស​ចិន​វិញ។ នេះ​ជា​ផល​ដ៏​ផ្អែម​ត្រជាក់​មួយ​ដែល​នាំ​អោយ​រំភើប​ចិត្ត។

ចូលមក​ដល់​​រាត្រី​ថ្ងៃ​ទី ៧ មករា ពិធី​ជប់​លៀង​មួយ​បាន​ត្រូវ​រៀប​ចំ​ឡើង​ជា​កិត្តិយស​ដល់​ខ្ញុំ ដោយ​រដ្ឋាភិបាល​ចិន នៅ​ក្នុង​មហាសាល​នៃ​វិមាន​ប្រជាជន ជា​ទី​ដែល​មិត្ត ជូ អេន​ឡាយ​ របស់​ខ្ញុំ ចូល​ចិត្ត​រៀប​ចំ​ធ្វើ​​បដិសណ្ឋារកិច្ច​ធំៗ​សំរាប់​ខ្ញុំ នៅ​ចន្លោះ​ឆ្នាំ​១៩៧០ និង ១៩៧៤ ជា​មួយ​ការ​ចូល​រួម​ពី​គ្រប់​បណ្តា​អង្គភាព​របស់​សាធារណរដ្ឋ​ប្រជា​មានិត​ចិន និង​អ្នក​ការទូត​ទាំង​ឡាយ ដែល​ប្រទេស​សាមី​ទាំង​នោះ​សុទ្ធ​តែ​យោគ​យល់​ចំពោះ​សីហនុ និង​រណសិរ្យ​រួប​រួម​ជាតិ​កម្ពុជា។

លើក​នេះ ចំនួន​ភ្ញៀវ​​ដែល​ចូល​រួម​ត្រូវ​បាន​បន្ថយ​យ៉ាង​ច្រើន។ គេ​បាន​បន្ថយ​ពួក​​អ្នក​ទទួល​ខុស​ត្រូវ​ចិន ខាង​កិច្ចការ​កម្ពុជា និង​ឥណ្ឌូចិន ដោយ​សារ​តែ​ភាព​ធ្ងន់​ធ្ងរ​នៃ​ស្ថានការណ៍​នៅ​ក្នុង​ប្រទេស​របស់​ខ្ញុំ។ បរាជ័យ​របស់​ពួក​ខ្មែរ​ក្រហម មាន​លក្ខណៈ​ជា​បរាជ័យ​សំរាប់​ប្រទេស​ចិន​ដែរ។ ម្យ៉ាង​ទៀត ខ្ញុំ​លែង​ជា​ប្រមុខរដ្ឋ​ទៅ​ហើយ ប៉ុន្តែ​តាម​ពិត​ គឺ​ជា​ឯកអគ្គរដ្ឋ​ទូតសាមញ្ញ​ម្នាក់​ប៉ុណ្ណោះ។

ខ្ញុំ​រក​នឹក​​ពុំ​ឃើញ​គំនិត​អ្វី​ថ្មី​ជា​ចាំបាច់​ ដល់​ការ​និពន្ធ​សុន្ទរកថា​សំរាប់​ថ្លែង​ក្នុង​ពិធី​នេះ​ឡើយ។ គឺ​ហេតុនេះ​ហើយ​បាន​ជា​ខ្ញុំ​ស្នើ​អោយ​អតីត​រដ្ឋ​មន្រ្តី​របស់​ខ្ញុំ គាត ឈន់ ដែល​លោក​ អៀង សារី បាន​បញ្ជូន​អោយ​មក “អម” ជួយខ្ញុំ, តាក់​តែង​សុន្ទរកថា​នេះ​ជា​ភាសា​ខ្មែរ ដោយ​អនុលោម​តាម​ទស្សនៈ និង​វត្ថុ​បំណង​របស់​អង្គការ ប៉ុល ពត និង​ឆន្ទៈ​បណ្តា​មិត្ត​ចិន​នៃ​យើង។

ខ្ញុំ​ប្រទះ​​ឃើញ​ខ្លឹមសារ​ “សុន្ទរកថា” ដែល​គួរ​អោយ​ស្អប់​ខ្ពើម​របស់​ខ្ញុំ​ដែល​ប្រើ​សំដី​ខ្លាំងៗ​ប្រឆាំង​វៀត​ណាម ដើម្បី​លើក​តំកើង​ជោគជ័យ​កម្ពុជា​ប្រជា​ធិបតេយ្យ។ នេះ​ជា​ភាសា​គំរូ​របស់​ខ្មែរ​ក្រហម, ជា​គំនិត​នយោបាយ និង​មនោគមន៍​វិជ្ជា​ដែល​ខ្ញុំ​មិន​មាន​ចំណែក​ជា​មួយ​ឡើយ។ ខ្ញុំ​អាន​សុន្ទរកថា​នេះ​ដោយ​លំបាក និង​ខុស​ពាក្យ​ជា​ញឹក​ញយ។

ជា​សំណាង​ល្អ​សំរាប់​ខ្ញុំ ពួក​ម្ចាស់​ផ្ទះ​ចិន​មិន​បាន​យក​ត្រចៀក​ស្តាប់​សុន្ទរកថា​របស់​ខ្ញុំ​ផង​ទេ។ ពី​លើ​វេទិកាទៅ ខ្ញុំ​ទត​ឃើញ​បណ្តា​ឥស្សរជន​ចិន​ បាន​សញ្ជឹង​គិត​លើ​ការ​អាន​ទូរលេខ​យ៉ាង​វែង​មួយ និង​ខ្សឹប​ខ្សៀវ​គ្នា​រអ៊ុះៗ ។ អ្នក​ទាំង​នោះ​មាន​អាការៈ​ស្រពាប់​ស្រពោន​គ្រប់​គ្នា។ ពេល​ត្រឡប់​មក​កន្លែង​ខ្ញុំ​វិញ បន្ទាប់​ពី​បាន​អាន​ចប់​ “សុន្ទរកថា ​សរសេរ​ដែល​នាំ​អោយ​ធុញ​ទ្រាន់”  សំរាប់​ខ្ញុំ​រួចមក, ខ្ញុំ​បាន​ដឹង​ពី​មាត់​ម្ចាស់​ផ្ទះ​ថាៈ រដ្ឋ​ធានី​របស់​យើង បាន​ធ្លាក់​ទៅ​ក្នុង​កណ្តាប់​ដៃ​ពួក​វៀតណាម​ហើយ ហើយ​ថា​ ការ​ខូច​ខាត​ខាង​យើង​មាន​សភាព “ស្រាល” ទេ..!!.. ចំណែក​មេ​ដឹក​នាំ​កម្ពុជា​ប្រជាធិបតេយ្យ​ទាំង​អស់ (ប៉ុល ពត និង​ក្រុម​គ្នា​គាត់) សុទ្ធ​តែ​មាន​សុវត្ថិភាព និង​បាន​ត្រឡប់​ទៅ​ជួប​ជុំ​គ្នា​នៅ​ក្នុង​ព្រៃ​ម៉ាគីម្តង​​ទៀត។

ខ្ញុំ​បាន​ស្នើ​អោយ​មនុស្ស​ទាំងអស់ ផឹក​ស្រា​បង្ហើយ​​តាម​របៀប​ចិន គឺ​ថា “ងើយ​ផឹក​អោយ​អស់​ពីកែវ” នូវ​ស្រា​ម៉ៅ​តាយ (Maotai) ដើម្បី​ “អនាគត​ជោគជ័យ” នៃ​កម្ពុជា​ប្រជា​ធិប​តេយ្យ​ លើ​ពួក​វៀតណាម ហើយ​ខ្ញុំ​បាន​នឹក​ទៅ​ដល់​​សំដី​របស់​លោក​ឧត្តម​សេនីយ៍​ដឺហ្គោល ដែល​បាន​ថ្លែង​នៅ​ឆ្នាំ​១៩៤០ បន្ទាប់​ពី​បរាជ័យ​របស់​បារាំង​​នៅ​ចំពោះ​មុខ​កងទ័ព​របស់ ហ៊ីត្លែរ ថា “ប្រទេស​បារាំង​បាន​ចាញ់​​ការ​ប្រយុទ្ធ​មួយ គឺ​ពុំ​មែន​ចាញ់​សង្រ្គាមទេ” ។ ខ្ញុំ​មិន​បាន​ដឹង​នូវ​អ្វី​ដែល​មិត្ត​ចិន​របស់​ខ្ញុំ​ គិត​ពី​ការ​រំលឹក​ពី​អនុស្សាវរីយ៍​នេះ​ទេ ប៉ុន្តែ​ខ្ញុំ​មិន​ដឹង​រំពឹង​លើ​នរណា​ ក្រៅ​ពី​មនុស្ស​ដែល​ខ្ញុំ​កោត​ស្ញប់​ស្ញែង​បំផុត​ គឺ​ឧត្តម​សេនីយ៍​ដឺហ្គោល​នោះ។

តាម​ពិត​ខ្ញុំ​បាន​ស្ថិត​នៅ​ក្នុង​ស្ថានភាព​មួយ​លំបាក​ណាស់ៈ “ប្រជាជន​ខ្ញុំ” ​បាន​ត្រូវ​រំដោះ​​ផុតពី​ក្រញាំ ប៉ុល ពត តែ “​ប្រទេស​របស់​ខ្ញុំ” ក៏​ត្រូវតែ​រំដោះ​ខ្លួន​អោយ​ផុត​ពី​ក្រញាំ​របស់​វៀតណាម​​ដែរ…។

ការខូចខាត

…ការខូចខាតខាងយើងមានសភាព “ស្រាល” ទេ ដោយគ្រាន់​តែ​រត់ចោល​​ទីក្រុង​ភ្នំពេញ..!!..??.. ចំណែកមេដឹកនាំកម្ពុជាប្រជាធិបតេយ្យទាំងអស់ សុទ្ធតែមានសុវត្ថិភាព និងកំពុងធ្វើដំណើរ​យ៉ាងស្វាហាប់ចូលព្រៃម៉ាគីម្តងទៀត…។ (ក្នុងរូបនេះ ដើរមុខគេគឺសមមិត្ត ប៉ុល ពត, បន្ទាប់មក​គឺសមមិត្ត អ៊ី ឈាន និងអ្នកទីបីគឺ​សមមិត្ត នួន ជា ព្រមទាំង​ក្រុម​ខ្មែរក្រហម​​គ្នាគាត់ ក្នុងឳកាសរត់​ពីទីក្រុងភ្នំពេញ ទៅ​នៅ​ក្នុង​ព្រៃ នាខែមករា ឆ្នាំ១៩៧៩…)

*****************************

(ប្រកាស​ក្រោយ ស្រុកស្រែខ្ញុំ​​នឹង​បន្តរៀបរាប់ពី​ការ​​យាង​ចេញ​ទៅ​បំពេញ​ព្រះរាជ​បេសកកម្ម​របស់​ព្រះ​បរម​រតនកោដ្ឋ នៅ​បុរី​ញូវយ៉ក និង​​ប្រភព​​នៃ “ទឹក២ដំណក់​​នឹង​ធ្វើ​អោយ​ទឹក​ហៀរ​ចេញ​ពី​ផើង”… គឺ​​មូល​ហេតុ​ចំបងពីរ​ដែល​​នាំ​អោយ​ព្រះ​អង្គ​ សំរេច​ព្រះ​ទ័យ​ដោះ​ព្រះ​កាយ​​ចេញ​ពី​ក្រុម​ខ្មែរ​ក្រហម ដើម្បី​សេរីភាព​​…​​)

_________________________

អត្ថបទដែលទាក់ទង៖

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s