វិចិត្រសាល

អ្នកទោសខ្មែរក្រហម៖ ​ភ័ព្វ​អាក្រក់​របស់​ខ្ញុំ​នៅ​ទីក្រុង​ញូវយ៉ក


*** ខាងក្រោមនេះ គឺ​ជា​អត្ថបទ​សង្ខេប និង​ដកស្រង់​យក​មក​ពី​ក្នុង​សៀវ​ភៅ​ដែល​ជា​ព្រះរាជ​និពន្ធ​ដោយ​ ព្រះបរមរតនកោដ្ឋ មាន​ចំណង​ជើង​ថា “អ្នកទោស​ខ្មែរ​ក្រហម” ។ នៅ​វគ្គ​ខាង​ក្រោយ​នៃ​សៀវភៅ​នេះ ព្រះ​អង្គ​បាន​ពិពណ៌នា​ពី​ការ​យាង​ចាក​ចេញ​ពី​ទី​ក្រុង​ភ្នំពេញ​ នា​រាត្រី​ថ្ងៃទី ៦ មករា ១៩៧៩ ឆ្ពោះ​ទៅ​កាន់​ទី​ក្រុង​ប៉េកាំង រួច​ទៅ​ទី​ក្រុង​ញូវយ៉ក ដែល​នៅ​ទី​នោះ ព្រះ​អង្គ​បាន​ភៀស​ព្រះ​កាយ​ដោយ​ជោគជ័យ​ ចេញ​ផុត​ពី​ការ​​យាម​ឃ្លាំ​តាម​មើល​ដោយ​ពួក​មន្រ្តី​ខ្មែរ​ក្រហម​ ដែល​លោក អៀង​ សារី បាន​បញ្ជូន​ទៅ​ជា​មួយ​ពី​ភ្នំពេញ​ទៅ…។

គិត​មក​ដល់​ពេល​នេះ គឺ​មាន​រយៈ​ពេល ៣៤ឆ្នាំ​គត់ ដែល​ព្រឹត្តិ​ការណ៍​នេះហាក់​ដូច​ជា​នៅ​ថ្មីៗ​នៅឡើយ។ ស្របពេល​នឹង​ថ្ងៃ​ដួល​រលំ​នៃ​របប​ ប៉ុល ពត បាន​ខិត​ជិត​មក​ដល់ និង​ជា​ពិសេស គឺ​ស្ថិត​ក្នុង​រយៈពេល​នៃ​ការ​កាន់​ទុក​ព្រះ​បរមសព​ ព្រះ​បរម​រតនកោដ្ឋ​ផង ខ្ញុំ​សូម​ដក​ស្រង់​​ខ្លឹមសារ​ពី​​ក្នុង​សៀវភៅ​ដែល​ជា​ព្រះ​រាជ​និពន្ធ​​​ផ្ទាល់​របស់​ព្រះ​អង្គ​​​​ ​យក​មក​ចុះ​ផ្សាយ​នៅ​​ផ្ទះ​ស្រុក​ស្រែ​ខ្ញុំ​នេះ ដើម្បី​ឧទ្ទិស​​ព្រះ​រាជ​កុសល​​ថ្វាយ​ព្រះ​វិញ្ញាណក្ខន័្ធ​​​ព្រះ​អង្គ ​នៅ​​ក្នុង​ព្រះ​រាជ​ពិធី​បុណ្យ​ថ្វាយ​ព្រះភ្លើង​នា​ពេល​​ដ៏​ខ្លី​​​ខាង​មុខ​នេះ…។

ប្រកាស​នេះ បាន​តពី​ប្រកាស​មុន​ដែល​មាន​ចំណង​ជើង​ថា៖ ពិធី​ជប់លៀង ​និង​​ដំណឹង​នៃ​ការ​ដួល​រលំ​​ក្រុងភ្នំពេញ ហើយ​ពាក្យ “ខ្ញុំ” នៅ​ក្នុង​អត្ថបទ​នេះ​ទាំង​មូល គឺ​ជា​តួ​អង្គ​ព្រះ​បរម​រតនកោដ្ឋ ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់​ខ្ពស់…

សូម​អញ្ជើញ​អស់​លោក​អ្នក​ រីករាយ​តាម​ដានពី​​ព្រះ​រាជ​សកម្មភាព​របស់​ព្រះ​បរម​រតន​កោដ្ឋ​​ កាល​ពី​៣៤ឆ្នាំ​មុន ជាបន្តទៀត…

​****************************

នៅ​ថ្ងៃ​ទី ៩ ខែមករា ឆ្នាំ១៩៧៩ យន្តហោះ​ប៊ូអ៊ីង​មួយ​គ្រឿង​របស់​ក្រុម​ហ៊ុន​អាកាសចរ​ចិន បាន​នាំ​យក​ខ្ញុំ​សំដៅ​ទៅ​ប្រទេស​ជប៉ុន ជា​កន្លែង​ឈប់​សំចត​ចាក់​សាំងមុន​នឹង​ហោះ​ឆ្ពោះ​សំដៅ​ទៅ​សហរដ្ឋ​អាមេរិក។ នៅ​ចំណត​អាកាស​យានដ្ឋាន​អន្តរជាតិ​ក្រុង​តូក្យូ លោក​ឯកអគ្គរដ្ឋទូត​ចិន ​បាន​រៀប​ចំ​លៀង​សាយ​ភោជន​ពេល​ល្ងាច​ដ៏​ត្រចះ​ត្រចង់​មួយ (តាម​បែប​បារាំង) ជា​កិត្តិយស​ដល់​ខ្ញុំ ដែល​ក្នុង​ពេល​នោះ​មាន​ទាំង​ឥស្សរជន​របស់​ជប៉ុន​មួយ​ចំនួន​តូច​ចូល​រួម​ដែរ ដោយ​មាន​តំណាង​ម្នាក់​នៃ​ទី​ស្តី​ការ​ក្រសួង​ការបរទេស​ផង។

មិត្តអាមេរិកាំង​ដ៏​ស្មោះ​ត្រង់​បំផុត​របស់​ខ្ញុំ ម៉ៃ ម៉ាន​ហ្វៀល (Mike Mansfield) ដែល​មុន​នេះ​មិន​យូរ​ប៉ុន្មាន​ ជា​មេ​ដឹក​នាំ​សំឡេង​ភាគ​ច្រើន​នៃ​គណបក្ស​ប្រជាធិបតេយ្យ​នៅ​ព្រឹទ្ធសភា​នោះ បច្ចុប្បន្ន​បាន​មក​ធ្វើ​ជា​ឯកអគ្គរដ្ឋ​ទូត​តំណាង​ប្រទេស​គាត់​នៅ​ប្រទេស​ជប៉ុន។ គាត់​ផ្ញើ​មក​ថ្វាយ​ខ្ញុំ​នូវ​សារលិខិត​ដ៏​ថ្លៃ​ថ្នូរ​ និង​ប្រកប​ដោយ​មិត្តភាព​មួយ​នៅ​អាកាស​យានដ្ឋាន តាម​សហការី​ម្នាក់​ក្នុង​ចំណោម​សហការី​ជា​ច្រើន​របស់​គាត់។

សារព័ត៌មាន​របស់​ជប៉ុន និងសារព័ត៌មាន​អន្តរជាតិ​ធំៗ​ បាន​ទទូច​អោយ​ខ្ញុំ​ធ្វើ​សន្និសីទ​កាសែត​មួយ​សំរាប់​ពួក​គេ។ សំណួរ​ផ្សេងៗ​របស់​ពួក​អ្នក​កាសែត​ជប៉ុន មាន​លក្ខណៈ​ចេះ​គួរ​សម​គ្មាន​ឆ្គាំ​ឆ្គង។ ប៉ុន្តែ​ពួក​អ្នក​កាសែត​លោក​ខាង​លិច​ខ្លះ ក្នុង​នោះ​មាន​ស្រ្តី​អង់ក្លូ-សាក់សុង​ម្នាក់ ដែល​មាន​លក្ខណៈ​បំពាន​បំផុត បានធ្វើ​ទុក្ខ​បុកម្នេញ​ខ្ញុំ​ពី​រឿង​ ប៉ុល ពត, រឿង​ខ្មែរ​ក្រហម​ និង​ពី​ការ​យល់​ព្រម​​របស់​ខ្ញុំ​ធ្វើ​ជា​តំណាង​ប្រទេស​មួយ​ដែល​ពិភពលោក​ទាំង​មូល “ខ្ពើមរអើម” យ៉ាង​ខ្លាំង។

ខ្ញុំ​បាន​ថ្លឹង​ថ្លែង​ពី​ទំហំ​នៃ​ការ​គ្មាន​ប្រជាប្រិយភាព​របស់​កម្ពុជា​ប្រជាធិបតេយ្យ នៅ​ក្នុង​ការ​ព្រម​ព្រៀង​នៃ​ប្រជាជាតិ​នានា។ វា​ហួស​ពី​អ្វី​​ដែល​ខ្ញុំ​អាច​ស្រមៃ​​ឃើញ​ នៅ​ពេល​ដែល​ខ្ញុំ​ស្ថិត​នៅ​ជាប់​ឃុំ​ឃាំង​នៅ​ទី​ក្រុង​ភ្នំពេញ​​ទៅ​ទៀត។ ខ្ញុំ​យល់​ច្បាស់​ប្រសើរ​ជាង​មុន​ថា ហេតុអ្វី​បាន​ជា​ពួក​វៀតណាម​ហ៊ាន​លើក​ទ័ព​ចូល​មក​​បណ្តេញ​ ប៉ុល ពត នៅ​ក្នុង​ប្រទេស​​របស់​ខ្ញុំ​បែប​នេះ?…

ពេល​ទៅ​ដល់​ចំណត​អាកាស​យានដ្ឋាន​ទី​ក្រុង​ញូវយ៉ក មាន​អ្នក​កាសែត​ និង​អ្នក​យក​ព័ត៌មាន​របស់​វិទ្យុ និង​ទូរទស្សន៍​ជាង ១០០​នាក់​នៅ​រង់​ចាំ​ខ្ញុំ​ដើម្បី​ធ្វើ​សំភាសន៍។ ពួក​គេ​មិន​ជា​អ្នក​រំលោភ​បំពាន​លើ​គេ​ទេ។ ខ្ញុំ​បាន​យាង​ចេញ​ពី​ការ​សាកល្បង​នេះ ដោយ​គ្មាន​ការ​អាក់​អន់​ព្រះទ័យ​បន្តិច​បន្ទួច​ឡើយ។

ចំណែក​អ្នក​ការ​ទូត​វិញ គឺ​គ្មាន​ឃើញ​អ្នក​ណា​ម្នាក់​សោះ។ ក្រៅ​ពី​ឯកអគ្គរដ្ឋ​ទូត​ចិន និង​អ្នក​ការ​ទូត​ម្នាក់​របស់​សាធារណរដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យ​កូរ៉េ ខ្ញុំ​ទត​ឃើញ​តែ​ឯកអគ្គរដ្ឋ​ទូត​នៃ​ប្រទេស​សេណេហ្កាល់​ប្រចាំ​អង្គការ​សហ​ប្រជា​ជាតិ​តែ​ប៉ុណ្ណោះ ដែល​មាន​សេចក្តី​ក្លាហាន​អញ្ជើញ​មក​គោរព​ខ្ញុំ។ ខ្ញុំ​នៅ​ចាំ​នៅ​ឡើយថា នា​ខែ​កញ្ញា ឆ្នាំ​១៩៧៥ គឺ​ ៥ខែ​បន្ទាប់​ពី​ការ​ដើរ​ចូល​ក្រុង​ភ្នំពេញ​ប្រកប​ដោយ​ជោគជ័យ​​​របស់​ពួក​ខ្មែរ​ក្រហម មាន​ឯកអគ្គ​រដ្ឋ​ទូត​ជាង ៨០រូប ដែល​មាន​ ២រូប​ជា​ឥស្សរជន​មក​ពី​ក្រសួង​ការបរទេស​អាមេរិកាំង, ប្រធាន​បេសកកម្ម​ការទូត​ខាង​លោក​សេរី​ជា​ច្រើន​រូប, ពួក​អ្នក​ការ​ទូត​មួយ​ក្រុម​នៃ​ប្រទេស​តតិយលោក និង​ប្លុក​ខាង​សូវៀត​ផង​ដែរ បាន​ស្ទុះ​មក​យ៉ាង​លឿន​ដើម្បី​សំដែង​សេចក្តី​គោរព និង​អបអរ​សរសើរ​ខ្ញុំ ជា​មួយ​ការ​ញញឹម​រួស​រាយ​មួយ​នៅ​ក្នុង​អាកាស​យានដ្ឋាន​​ក្រុង​ញូវយ៉ក​ដដែល​នេះ។ វា​មិន​មាន​អ្វី​គួរ​អោយ​ងឿង​ឆ្ងល់​ឡើយថា “អ្នកឈ្នះ​” តែងតែ​ត្រូវ​គេ​បញ្ជោរ​រក​ផល​ប្រយោជន៍​ជានិច្ច រីឯ​ “អ្នក​ចាញ់” ​វិញ គេ​ចៀស​វាង​មិន​សេពគប់​ជា​មួយ​ឡើយ…។ ​​

ដោយ​មាន​ចិត្ត​សប្បុរស​បំផុត​ជានិច្ច​នោះ សាធារណរដ្ឋ​ប្រជាមានិត​ចិន​​ដែល​ជា “មាតា” ដ៏​ល្អ បាន​អោយ​ខ្ញុំ និង​មហេសីខ្ញុំ ព្រមទាំង​បរិពារ​ខ្មែរ​ក្រហម​ទាំង​បី​រូប​ដែល​ចាំ “អម​ការពារ” ខ្ញុំ គង់​និង​ស្នាក់​​អាស្រ័យ​នៅ​សណ្ឋាគារ​វ៉ាល់ដ័ហ្វ អាស្តូរៀ (Waldorf Astoria) ដែល​ជា​សណ្ឋាគារ​ដ៏​មាន​កិត្តិនាម​ល្បី​សុះសាយ​ និង​ដ៏​ថ្លៃ​ជាង​គេ​បំផុត​នៅ​សហរដ្ឋ​អាមេរិក។ ប្រទេស​ចិន​បាន​រក្សា​ទុក​សំរាប់​ខ្ញុំ និង​មហេសី​ខ្ញុំ នូវ​អ្នកហែរហម​មួយ​ក្រុម​​ ដែល​ជា​អ្នក​ចាយ​ច្រើន​បំផុត​ ហើយ​ឯកអគ្គ​រដ្ឋ​ទូត​ចិន​បាន​ទទូច​សុំ​កុំ​អោយ​ខ្ញុំ​​ត្បិត​ត្បៀត​ការ​ចំណាយ​ក្នុង​ដំណើរ​ជីវភាព​រស់​នៅ​របស់​ខ្ញុំ។ គាត់​បាន​ទូល​អង្វរ​ខ្ញុំ​ថា “សូម​ព្រះ​អង្គ​កុំ​សន្សំ​សំចៃ​​ក្នុង​ការ​ចំណាយ​ពេក ព្រោះ​ថា​ វា​អាច​ធានា​ដល់​ការ​ធ្វើ​សកម្មភាព​ការ​ទូត​របស់​ព្រះអង្គ​ ដែល​ធ្វើ​អោយ​ផ្អើល​គេ​ឯង​ និង​នាំ​មក​នូវ​​ជោគជ័យ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន…” ។

ប៉ុន្តែ​ខ្ញុំ​ត្រូវ​បាន​​ធ្វើ​អោយ​បាត់​សេចក្តី​ទុក​ចិត្ត​លើ​ព្រះអង្គ​ឯង​កាន់​តែ​ខ្លាំងឡើងៗ ពីព្រោះ​តែ​រដ្ឋាភិបាល​ចិន​ពុំ​អាចទូល​ប្រាប់​ខ្ញុំ​ពី​ជោគ​វាសនា​របស់​ព្រះ​រាជ​បុត្រ ៥អង្គ និង​ព្រះរាជ​នត្តា​ ១៤អង្គ​របស់​ខ្ញុំ​ទាល់​តែ​សោះ ហើយ​ពួក​អ្នក​កាសែត​លោក​ខាង​លិច បាន​ធ្វើ​ទុក្ខ​បុក​ម្នេញ​ខ្ញុំ​ទាំង​ថ្ងៃ​ទាំង​យប់​ ដោយ​ទូរស័ព្ទ​មក​កាន់​អាគារ​ស្នាក់​នៅ​របស់​ខ្ញុំ ដែល​ធ្វើ​អោយ​ខ្ញុំ​រក​ផ្ទុំ​លែង​បាន រហូត​ដល់​ធ្វើ​អោយ​ខ្ញុំ​បាត់​បង់​ចំណង់​ក្នុង​ការ​សោយ​អាហារ​ថែម​ទៀត។

ក្នុង​អំឡុង​ពេល​នោះ មាន​ទូរទស្សន៍​បារាំង​មួយ​ក្រុម​បាន​ធ្វើ​ដំណើរ​ពី​បារីស​មក ដោយ​ចំណាយ​សោហ៊ុយ​យ៉ាង​ច្រើន​ ដើម្បី “ធ្វើ​ម្ហូប” សំរាប់​ខ្ញុំ តាម​រយៈ​ការ​ធ្វើ​​បទ​សំភាសន៍​ដ៏​វក់​វី​មួយ។ គឺ​អ្នក​កាសែត​អង់ក្លូ-​សាក់សុង​​​​​​​​ដែល​មាន​សំបុរ​ទង់​ដែង និង​រូប​រាង​ស្អាត​សង្ហា​ដូច​តួ​កុន​​ម្នាក់​នេះ​ហើយ ដែល​បាន​ចាត់​ទុក​ខ្ញុំ​ថា​ជា​អ្នក “សមគំនិត” នឹង​ពួក​ឧក្រឹដ្ឋជន​ខ្មែរ​ក្រហម។

សំណួរ​ទាំងឡាយ​ត្រូវ​បាន​ចោទ​សួរ​​ឡើង​វិញ​ត្រឡប់​ត្រឡិន​​ទៅមក​ដដែលៗ… នៅទីបំផុតទៅ អធិការ​ប៉ូលីស​អាមេរិកាំង​​ដ៏​សង្ហា​ម្នាក់ ដែល​ទទួល​បន្ទុក​ការ​ពារ​សន្តិសុខ​ខ្ញុំ​ក្នុង​រយៈ​ពេល​នៃ​ការ​គង់​អាស្រ័យ​របស់​ខ្ញុំ​នៅ​ទីក្រុង​ញូវយ៉ក ចាប់​អាណិត​អាសូរ​ខ្ញុំ ហើយ​បាន​ទូល​ខ្ញុំ​ថាៈ “សម្តេច​សីហនុ! ការ​ធ្វើ​សំភាសន៍​នេះ​ធ្វើ​អោយ​ព្រះ​អង្គ​នឿយ​ព្រះ​កាយ​ណាស់ ដោយសារ​សំណួរ​ផ្សេងៗ​មិន​ចេះ​ចប់​របស់​ពួកគេ។ សំណួរ​ទាំង​នេះ រួម​ទាំង​ចំឡើយ​និង​ការ​បក​ស្រាយ​ពន្យល់​របស់​ព្រះ​អង្គ​ផង គឺ​ខ្ញុំ​ចេះចាំ​យ៉ាង​រត់​មាត់​ទាំងអស់។ ពី​ពេល​នេះ​ទៅ សូម​ព្រះអង្គ​ឈប់​ធ្វើ​អោយ​អស់​ព្រះ​កាយ​ជា​មួយ​អ្នក​កាសែត​ទាំង​នេះ​ទៅ។ សូម​ព្រះ​អង្គ​សំរាក​ព្រះ​កាយ​ក្នុង​ក្រឡា​បន្ទំ​របស់​ព្រះ​អង្គ​​ដោយ​ស្ងប់​ស្ងៀម ទុក​អោយ​ខ្ញុំ​ជា​អ្នក​ឆ្លើយ​ និង​ពន្យល់​ពួក​គេ​ក្នុង​​នាម​ព្រះអង្គ​ចុះ។ សូម​ព្រះ​អង្គ​កុំ​ព្រួយ​ព្រះទ័យ! ខ្ញុំ​ចាំ​និង​យល់​អស់​ហើយ។ ខ្ញុំ​មុខ​ជា​នឹង​មិន​ច្រឡំ​ក្នុង​ការ​ឆ្លើយ​តប​របស់​ខ្ញុំ​ឡើយ”…។

ក្នុង​អំឡុង​ពេល​​គង់អាស្រ័យ​បំពេញ​បេសកកម្ម​នៅ​ទីក្រុង​ញូវយ៉ក​ ដែល​ជា​ “ស្រុក​នៃ​អ្នក​បំភ្លឺ​ផ្លូវ​ទៅ​រក​សេរីភាព” នេះ​ ខ្ញុំ​និង​មហេសី​ខ្ញុំ​ត្រូវ​បាន​ជួប​នឹង​ការ​រោម​ព័ទ្ធ​​តាម​ឃ្លាំ​មើល​យ៉ាង​តឹង​រឹង​ទាំងយប់​ទាំង​ថ្ងៃ ដោយ​ពួក​មនុស្ស​របស់​ ប៉ុល ពត និង អៀង សារី ដែល​ទទួល​ទានបាយ​គ្រប់​តែពេល​​នៅ​ក្នុង​បន្ទប់​បាយ​របស់​យើង និង​ជ្រក​នៅ​តាម​បន្ទប់​ផ្សេងៗ​ដ៏​ល្អ​ចិញ្ចាច​ចិញ្ចែង​ដែល​ព័ទ្ធ​ជុំ​វិញ​បន្ទប់​ស្នាក់​នៅ​របស់​យើង​ទៅ​វិញ។ ការ​ឃ្លាំ​មើល​គ្រប់​តែ​ពេល​វេលា​នេះ ធ្វើ​អោយ​ខ្ញុំ​លំបាក​ព្រះទ័យ​ខ្លាំង​ឡើងៗ​ជា​រៀង​រាល់​ថ្ងៃ ពី​ព្រោះ​ខ្ញុំ​គ្មាន​សមត្ថភាព​ទ្រាំទ្រ​នឹង​ការ​ឃ្លាំ​មើល​ពី​អ្នក​ណា​ម្នាក់​ទេ ទោះ​អ្នក​នោះ​ជា​អ្នកណា​ក៏​ដោយ។

លោក ជួន ប្រសិទ្ធិ (រូបថតឆ្នាំ១៩៧៥)

លោក ជួន ប្រសិទ្ធិ (រូបថតឆ្នាំ១៩៧៥)

ទឹក​២ដំណក់ នឹង​ធ្វើ​អោយ​ទឹក​ហៀរ​ចេញ​ពី​ផើង!… លោក​ ជួន​ ប្រសិទ្ធិ បាន​ទូល​ខ្ញុំ​ជា​ភាសា​ខ្មែរ​ថាៈ “សម្តេច! កិច្ចការ​និង​បេសកកម្ម​របស់​ព្រះអង្គ​នៅ​ក្រុម​ប្រឹក្សា​សន្តិសុខ​ បន្ទាប់​មក​ នៅ​មហា​សន្និបាត​នៃ​អង្គការ​សហប្រជាជាតិ នឹង​ត្រូវ​ទទួល​ជោគ​ជ័យ​យ៉ាង​ធំ​​ដោយ​ចៀស​មិន​ផុត ព្រោះថា កិច្ចការ​ទាំង​នេះ​ត្រូវ​បាន​ជួយ​សំរួល​យ៉ាង​ច្រើន​មក​ហើយ​​ដោយ​ “ប្រភពទុន” ដែល​តាំង​ពី​ឆ្នាំ​១៩៧៥ រហូត​មក​ដល់​ពេល​នេះ ​សមមិត្ត អៀង សារី បាន​ប្រមូល​ទុក​(sic!) សំរាប់​កម្ពុជា​ប្រជា​ធិបតេយ្យ​របស់​យើង ខាង​ផ្នែក​សេចក្តី​​រាប់​អាន, សមានចិត្ត, ការកោត​សរសើរ និង​ការ​គាំទ្រដែល​បណ្តា​រដ្ឋ​ជា​សមាជិក​នៃ​អង្គការ​សហប្រជាជាតិ​ដ៏​ច្រើន​លើស​លប់​មួយ បាន​ព្រម​ព្រៀង​នឹង​គាត់​រួច​ហើយ”…។

ខ្ញុំ​ដឹង​ពី​សេចក្តី​ស្រឡាញ់​ជ្រុល​ហួស​ហេតុ​ដែល ​ប្រសិទ្ធិ ផ្តោត​ទៅ​រក​ ប៉ុល ពត និង អៀង សារី, សេចក្តី​ស្អប់​ខ្ពើម​ និង​ការ​ប្រមាថ​មើល​ងាយ​ដែល​លាក់​ទុក​ក្នុង​ចិត្តគាត់​យ៉ាង​អាក្រក់​ចំពោះ​រូប​ខ្ញុំ និង​របបរាជា​ធិបតេយ្យ​ខ្មែរ។ ហេតុ​អ្វី​បាន​ជា​គាត់​មិន​ដឹង​ខ្លួន​ពី​សំដីដែល​មាន​លក្ខណៈ​​ឈ្លើយ​ខុស​គេ​របស់​គាត់?… បន្ទាប់​ពី​ការ​វាយ​សំពងដែល​ពួក​អ្នក​កាសែត​លោក​ខាង​លិច​ទូង​ក្បាល “ព្រះ​ទាំង​២អង្គ” របស់​គាត់ និង​ក្បាល​របស់​គាត់​ផ្ទាល់​មក ហេតុអ្វី​បាន​ជា​​ក្មេង​ប្រុស​ដ៏​មាន​ប្រាជ្ញា​វៃ​ឆ្លាត​នេះ ដែល​ជា​វិស្វករ​ចេញ​មក​ពី​សកល​វិទ្យាល័យ​មួយ​របស់​បារាំង អាច​នៅ​រក្សា​​ក្តី​សង្ឃឹម​ខុស​តិច​តួច​នៅ​ឡើយ ចំពោះ​ទស្សនៈ​ដែល​សហគមន៍​អន្តរជាតិ​វាយ​តំលៃ​ពី​របប​ខ្មែរ​ក្រហម ប៉ុល ពត និង អៀង សារី ជា​បិសាច​ពីរ​នាក់ដែល​ហុត​ឈាម​ប្រជាជន​ឯង​ដូច្នេះ?… ជួន ប្រសិទ្ធិ ជា​មនុស្ស​វៃ​ឆ្លាត​បំផុត ពុំ​មែន​មិន​ដឹង​ថា ការ​ដែល​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​លោក ប៉ុល ពត-​អៀង សារី ផ្ទាល់ អំពាវនាវ​ហៅ​ខ្ញុំ ដើម្បី​ធ្វើ​ជា​តំណាង​កម្ពុជា​ប្រជា​ធិបតេយ្យ​នៅ​ក្នុង​ក្រុមប្រឹក្សា​សន្តិសុខ​នោះ គឺ​ព្រោះ​តែ​បណ្តា​ប្រទេស​ជា​សមាជិក​នៃ​អង្គការ​សហ​ប្រជា​ជាតិ ដែល​មាន​ភាគ​ច្រើន​លើសលប់​នោះ ចូល​ចិត្ត​ប្រាស្រ័យ​ទាក់​ទង​នឹង​ខ្ញុំ ជា​ជាង​​ប្រាស្រ័យ​ទាក់​ទង​នឹង អៀង សារី ឬ​ ខៀវ​ សំផន ដែរ​ទេ?… ដោយ​ជាក់​ស្តែង ជួន ប្រសិទ្ធិ សុខ​ចិត្ត​បន្ថយ​សេចក្តី​ថ្លៃ​ថ្នូរ​របស់​គាត់ ដែល​គាត់​ជួយ​ជ្រោម​ជ្រែង​ខ្ញុំ ដោយ​ប្រឹង​ប្រែង​ធ្វើ​អោយ​ខ្ញុំ​ជឿថា អង្គការ​គ្មាន​ត្រូវ​ការ​ជំនួយ​​ពី​ខ្ញុំ​ទេ។ ប៉ុន្តែ​គាត់​យល់​ខុស​ហើយៈ ខ្ញុំ​ដឹង​យ៉ាង​ប្រាកដ​នូវ​អ្វី​ដែល​​ខ្ញុំ​ត្រូវ​គិត​ក្នុង​រឿង​នេះ​ចំពោះ ​​“ប្រជាប្រិយភាព” និង “កិត្តិនាម” របស់​ អៀង សារី, បក្សកុម្មុយនីស​កម្ពុជា និង​កម្ពុជា​ប្រជាធិបតេយ្យ ដែល​តាម​ការ​ពិត សុទ្ធ​តែ​ត្រូវ​ជេរ​ប្រទេច​ដោយ​ពិភពលោក​ទាំង​មូល លើស​លែង​តែ​ប្រទេស​មួយ​ក្រុម​ដែល​កំពុង​យក​ចិត្ត​ទុក​ដាក់​ប្រើ​ប្រាស់​ពួក​ខ្មែរ​ក្រហម ជា​សាច់​ដុំ​នៅ​ក្នុង​កាណុង​ដើម្បី​សំឡាប់​ពួក​វៀតណាម​​តែ​ប៉ុណ្ណោះ។

បើ​សិន​ជា​អង្គការ​ពុំ​ត្រូវ​ការ​ខ្ញុំ​ជា​បន្ទាន់​​​បំផុត​ ក្នុង​ពេល​ដែល​នាវា​កម្ពុជា​ប្រជាធិបតេយ្យ​កំពុង​តែ​លិច​នេះទេ អង្គការ​ច្បាស់​ជា​មិន​ដោះ​លែង​ខ្ញុំ​ចេញ​ពី​គុក​ឥត​ជញ្ជាំង​របស់​កម្ពុជា​ប្រជាធិបតេយ្យ​​ឡើយ​។ នេះ​រឿង​ជា​មួយ​លោក​ ជួន ប្រសិទ្ធិ គឺជា​ដំណក់​ទឹក​ទី១…។

ដំណក់​ទឹក​ធំ​ទី២ ដែល​ធ្វើ​អោយ​ទឹក​ហៀរ​ចេញ​ពី​ផើង​គឺៈ ខ្ញុំ​បាន​ទទួល​ពី​ទីក្រុង​ប៉េកាំង នូវ​សារលិខិត​មួយ​ដែលផ្តល់​​ដំណឹងមកដល់​​ខ្ញុំ​ថា បន្ទាប់​ពី​ការ​ជជែក​ពិភាក្សា​ខាង​នយោបាយ និង​ការ​បោះ​ឆ្នោត​នៅ​ក្នុង​ក្រុម​ប្រឹក្សា​សន្តិសុខរួច, ខ្ញុំ​នឹង​ត្រូវ​ទទួល​បន្ទុក​ដឹក​នាំ​គណៈប្រតិភូ​កម្ពុជា​ប្រជាធិបតេយ្យ “ស្តីទី” ដើម្បី​ទៅ​ចូល​រួម​សម័យ​ប្រជុំនៃ​មហា​សន្និបាត​អង្គការ​​សហប្រជាជាតិ​​ជា​បន្ត​ទៀត ដោយ​ត្រូវ​រង់​ចាំ​ការ​ទៅ​ដល់​ទី​ក្រុង​ញូវយ៉ក របស់​លោក អៀង សារី ជា​ឧបនាយក​រដ្ឋមន្រ្តី​​ទទួល​បន្ទុក​ខាង​កិច្ចការ​បរទេស ដែល​នឹង​ធ្វើ​ជា​ “មេដឹកនាំ​​ពេញ​លក្ខណៈ” នៃ​គណៈប្រតិភូ​នេះ។

ដោយ​ដឹង​ពី​ការ​គ្មាន​ប្រជាប្រិយភាព​បំផុត​របស់​លោក​ អៀង សារី ខ្ញុំ​មិន​អាច​មិន​នឹក​គិត​មួយ​ភ្លែត​ថា ចំពេល​ដែល​ស្ថាន​ការណ៍​​ប្រកប​ដោយ​មហន្តរាយ​ធំ ប្រឈម​មុខ​នឹង​ពួក​វៀតណាម​ដូច្នេះ គេ​អាច​ “ផ្ទេរ” និង​ប្រគល់​ការ​ដឹក​នាំ​គណៈ​ប្រតិភូ​នៃ​ប្រទេស​យើង ទៅ​អោយ​បុគ្គល​ម្នាក់​ដែល​ត្រូវ​ធ្វើ​អោយ​អាម៉ាស់​មុខ​ជា​សាធារណៈ និង​ដែល​ត្រូវ​មើល​ងាយ​នៅ​លើ​ឆាក​អន្តរជាតិ​កើត​ដែរ​ឬ?… ចំណែក​ខ្ញុំ ជាអតីតព្រះមហាក្សត្រ និង​ជា​ព្រះប្រមុខ​រដ្ឋ​​ខ្មែរ ៣ដង គេ​បែរ​ជា “មើល​ងាយ” ដោយ​តែង​តាំងជា “ស្តីទី” ជា “អនុ​” លោក អៀង សារី ទៅ​ចូល​រួម​សម័យ​ប្រជុំ​មហា​សន្និបាត​លើក​ទី៣៤ នៃ​អង្គការ​សហ​ប្រជាជាតិ​ទៅ​វិញ!… នេះ​ជា​ការ​ផ្គើន​បំបាក់​មុខមួយ។ សេចក្តី​ថ្លៃ​ថ្នូរ​របស់​ខ្ញុំ បានហាម​ឃាត់​ខ្ញុំ​មិន​អោយ​អត់​អោន​ចំពោះ​ការ​ប្រមាថ​មាក់ងាយ​មួយ​បែប​នេះ​ទេ។

ការ​សំរេច​ព្រះទ័យ​របស់​ខ្ញុំ បាន​ត្រូវ​ប្រកាន់​យក។ បន្ទាប់​ពី​សម័យ​ប្រជុំ​ចុង​ក្រោយ​នៅ​ថ្ងៃ​ទី ១៣ ខែមករា ឆ្នាំ​១៩៧៩ ខ្ញុំ​បាន​សំរេច​ព្រះទ័យ ដោះ​ព្រះកាយចេញ​ពី​ការ​ឃ្លាំ​មើល​ ដែល​ពុំ​អាច​អត់​ទ្រាំ​បាន​របស់​អង្គការ​​ខ្មែរ​ក្រហម​ភា្លម​ដែរ…។​

ពីឆ្វេងទៅស្តាំ- អ្នកស្រី អេលីហ្សាប៊ែត បេកគ័រ, មន្រ្តីខ្មែរក្រហម​(មិនស្គាល់ឈ្មោះ), លោក គាត ឈន់ និង​លោក អៀង សារី នៅ បុរីញូវយ៉ក ក្នុងឆ្នាំ១៩៧៨

ពីឆ្វេងទៅស្តាំ- អ្នកស្រី អេលីហ្សាប៊ែត បេកគ័រ, មន្រ្តីខ្មែរក្រហម​(មិនស្គាល់ឈ្មោះ), លោក គាត ឈន់ និង​លោក អៀង សារី នៅបុរីញូវយ៉ក ក្នុងឆ្នាំ១៩៧៨ (រូបថតមជ្ឈមណ្ឌលឯកសារកម្ពុជា)

សម្តេចឪ និងក្រុមអ្នកយក​ព័ត៌មាន​វិទ្យុ និង​ទូរទស្សន៍​ នៅបុរីញូវយ៉ក នាខែមករា ឆ្នាំ១៩៧៩

សម្តេចឪ និងក្រុមអ្នកយក​ព័ត៌មាន​វិទ្យុ និង​ទូរទស្សន៍​ នៅបុរីញូវយ៉ក នាខែមករា ឆ្នាំ១៩៧៩ (រូបថតមជ្ឈមណ្ឌលឯកសារកម្ពុជា)

*****************************

(ប្រកាស​ក្រោយ ស្រុកស្រែខ្ញុំ​​នឹង​បន្តរៀបរាប់ពី​ការគេចចេញ​ដោយ​ជោគជ័យ​នៅ​វេលា​ម៉ោង ២ជិតភ្លឺ ពី​សណ្ឋាគារ Waldorf Astoria របស់​ព្រះបរមរតនកោដ្ឋ ក្រោម​ការ​ជួយ​ជ្រោម​ជ្រែងដោយ​កង​សន្តិសុខ​ និង​ក្រុម​មន្រ្តី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក…)

_________________________

អត្ថបទដែលទាក់ទង៖

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s