វិចិត្រសាល

ទិដ្ឋភាព​«វាលស្រែយើង» និង ​«វាលស្រែគេ» ​នារដូវប្រាំង…


ខាងក្រោមនេះ ជាទិដ្ឋភាព​វាលស្រែ នា​រដូវប្រាំងនៅ​ជាប់​ព្រំដែន​កម្ពុជា-វៀតណាម ដែល​ខ្ញុំ​បាន​ថត​ក្នុង​ដំណើរ​វិល​ត្រឡប់​មក​ពី​ទីក្រុង​ហូជីមិញវិញ កាល​ពី​រសៀល​ថ្ងៃទី ១០ ខែមីនា ឆ្នាំ២០១៣ នេះ…។

នៅខាងប្រទេសវៀតណាម, ខ្ញុំ​បាន​ថតពីត្រឹមម្តុំ​ទីប្រជុំជន​ស្រុក​ចាងបាង (Trảng Bàng)​ និងស្រុកគូយ៉ូវ (Gò Dầu) នៃខេត្ត​តៃនិញ (Tây Ninh) រហូត​មក​ដល់​ព្រំដែន​អន្តរជាតិ ម៉ុកបាយ (Mộc Bài)…។ ឯ​នៅ​ខាង​ប្រទេស​កម្ពុជា​យើង​វិញ ខ្ញុំ​បាន​ថត​ចាប់​ពី​ម្តុំ​ហួស​តំបន់​សេដ្ឋកិច្ច​ពិសេស​មេនហាតធេន (Manhattan Special Economic Zone) នៅ​ក្រុង​បាវិត រហូត​មក​ដល់​ត្រឹមម្តុំ​​ទីប្រជុំជន​ស្រុក​ស្វាយ​ទាប នៃ​ខេត្ត​ស្វាយរៀង…។

ខ្ញុំ​សូម​មេត្តា​អធ្យាស្រ័យផង​ដែរ​ថា រូប​ភាព​ទាំងនេះ​​មិនមែន​មាន​ន័យ​ថា ​ជា​ការ​ចង់​យក​ប្រទេស​ជិត​ខាង មក​ធ្វើ​ការ​ប្រៀប​ធៀប​​នឹង​ប្រទេ​សយើង​​ ដែល​ត្រូវ​បាន “បំផ្លាញខ្ទេច”​​ដោយ​របប​ ប៉ុល ពត ​ទេ… គឺ​មិន​តេ!… មិនហ៊ាន​ប្រៀបធៀប​​តេ..!!.. តែអ្វីដែល​​ខ្ញុំ​ចង់​ច្បិច​យក​មក​បង្ហាញ​នៅ​ទី​នេះ គឺ​គ្រាន់​តែ​ជា​ការ​ឆ្ងល់​លេងៗ ​របស់​ខ្ញុំ​តែ​ប៉ុណ្ណោះ​… នោះគឺៈ ហេតុអី​បាន​ជា​វាល​ស្រែ​ «ខាងគេ» មាន​ទឹក​ខួប​ប្រាំង ខួប​វស្សា ធ្វើ​អោយ​មាន​ពណ៌​បៃតង​គ្រប់​រដូវ​កាល?… ឯ​វាល​ស្រែ​ «ខាងយើង» វិញ ហេតុម៉េច​ក៏​ខែប្រាំង គ្មាន​ទឹក​មួយ​តំណក់​ និង​សោះ​កក្រោះ​ខ្លាំង​ម្ល៉េះ​?…

នៅ​មាន​ទៀត… «ខាងគេ» អត់​មាន​ក្រសួង​ទឹក​ទេ… ឯ «ខាងយើង» វិញ មាន​​ទាំង​ក្រសួង​ទឹក​ ​និង​​មាន​ទាំង “នយោបាយទឹក” ​ដែល​ជា​គោល​នយោបាយ​ជាតិ​ ក្នុង​ទិសដៅ​ជំរុញ​វិស័យ​កសិកម្ម​ ​ដើម្បី​បង្កើន​ទិន្នផល​ស្រូវ​សំរាប់​នាំចេញ​អោយ​បាន​ ១លាន​តោន នា​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​ទៀត​នេះ។ បើ​បែប​នេះ ជា​ចំងល់​​បន្ត​ទៀតនោះ​គឺ តើត្រូវ​បង្កើន​ទិន្នផល​ស្រូវ​យ៉ាង​ម៉េច បើ​ខែ​ប្រាំង​​អត់​មាន​ទឹក​ធ្វើ​ស្រែ​សោះ?… ឬមួយ​​ក៏​ការអត់មានទឹកនេះ បណ្តាល​មក​ពី​មូល​ហេតុៈ ដីនៅ «ខាងគេ» មាន​នីវ៉ូ​ទាប​ជាង​ដី «ខាងយើង» ទើប​បាន​ជា​ទឹក​ មាន​នៅ​តែ​ក្នុងស្រែ​ «ខាងគេ» ជាប់​បែប​នេះ..?​?..!!..

ស្រុកស្រែ

Advertisements

12 responses to “ទិដ្ឋភាព​«វាលស្រែយើង» និង ​«វាលស្រែគេ» ​នារដូវប្រាំង…

  1. ខ្ញុំ​យល់​ស្រប​ថា​ទឹក​ជាប្រភព​សំខាន់​សំរាប់​ដំណាំ​កសិកម្ម ពិសេស​ដំណាំ​ស្រូវ។ អត្រា​ចំណាក​ស្រុក​របស់​ប្រជាជន​ខ្មែរ​គឺ​អ្នក​ស្វាយរៀង និង​ព្រៃ​វែង​ មាន​អត្រា​ខ្ពស់​ដែល​មូល​ហេតុ​ចំបង​មួយ​នោះ​ គឺ​គ្មាន​ទឹក​សំរាប់​បង្ក​បង្កើន​ផល​នា​រដូវ​ប្រាំង។ បើ​គិត​ពី​ទឺតាំង​ភូមិ​សាស្ដ្រ​ព្រៃវែង និង​ស្វាយរៀង ជាខេត្ដ​ទំនាប​ខ្លាំង​ជាងគេ​នៅ​ប្រទេស​កម្ពុជា សឹង​តែ​គ្មាន​ភ្នំ​សោះ។ លើស​នេះ​ទៀត​ ខេត្ដ​ទាំង​ពីរ​ស្ថិត​នៅ​តំបន់​ដី​សណ្តនៃ​ទន្លេ​មេគង្គ​ ដែល​តែង​តែ​ទទួល​ដី​ល្បាប់​មាន​ជីជាតិ​​រាល់​ពេល​មាន​ជំនន់​ទន្លេ។

    ពិត​ណាស់​ថា​យើង​មាន​ក្រសួង​ធនធាន​ទឹក រួម​ជាមួយ​គណកម្មការ​ជាតិ​គ្រប់​គ្រង​មហន្ដរាយ។ ស្ថាប័ន​ទាំង​ពីរ​នេះ​មាន​តួនាទី​សំខាន់​ក្នុង​ការ​គ្រប់គ្រង និង​ចាត់ចែង​ទឺក​ឲ្យ​​បាន​សមស្រប​តាម​រដូវកាល។ នា​រដូវ​​វស្សា​ពួក​គេ​​ត្រូវ​ពង្វាង​ទឹក​កុំ​ឲ្យ​​ជន់លិច​លំនៅដ្ឋាន និង​ច្បារដំណាំ ហើយ​ពួក​គេ​ក៏​ត្រូវ​គិត​គូរ​រក្សា​ទឹក​សំរាប់​ប្រើ​ប្រាស់​នា​រដូវ​ប្រាំង។ ដើម្បី​ទទួល​ជោគជ័យ​ គេ​ត្រូវ​ការ​ហេដ្ឋារចនា​សម្ព័ន្ធ​ធារាសាស្ដ្រ​ជាចាំ​បាច់​ រួមមាន​អាង​ស្តុក​ទឹក ប្រព័ន្ធ​ប្រឡាយ​ចែក​ចាយ​ទឹក​ជាដើម។ ស្រុក​ស្រែ​បាន​បង្ហាញ​ខ្លះ​ដែរ​ថា​ យើង​មាន​​ប្រឡាយ​នៅ​តាម​បណ្ដោយ​ផ្លូវ​ពី​បាវិត​មក​ស្វាយ​រៀង។ ជា​អកុសល​ប្រឡាយ​នោះ​ជា​ប្រឡាយ​អសកម្ម​​ ព្រោះ​ជា​ប្រឡាយ​គ្មាន​ទឹក។ ជា​ការពិត ​យើង​ត្រូវ​កា​ថវិកា​ជា​ច្រើន​ដើម្បី​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​នៃ​ប្រព័ន្ធ​ស្រោចស្រព​ទាំង​នៅ​តំបន់​ដី​សណ្ដ​នៃ​ទន្លេ​មេគង្គ ក៏​ដូច​នៅ​តំបន់​ទំនាប​ដទៃ​ទៀត ដូច​ជា​នៅ​ជុំ​វិញ​បឹង​ទន្លេ​សាប។

    ប្រទេស​កម្ពុជា​​​អាច​ចាត់​ទុក​ថា ​ជា​ប្រទេស​ដែល​សំបូរ​ទឹក​អនេក យើង​មាន​ទន្លេ​ធំៗ​ជា​ច្រើន ​រូម​ជាមួយ​បឺង​ដ៏​ធំ​មួយ​ គឺបឹង​ទន្លេសាប។ ជាពិសេស​រាល់​ឆ្នាំ​នារដូវ​វស្សា ទឹក​ផ្ទៃ​លើ​ទាំង​នោះ​បាច​សាច​ពេញ​ព្រៀប​តំបន់​ទំនាប​នៃ​ប្រទេស​យើង។ ផ្ទុយ​ទៅ​វិញ​ទឹក​នោះ​តែង​ហូរ​​ចេញ​ទៅវិញ​អស់​​តាមរយះ​ទន្លេ​មេគង្គ​ក្រោម​ និង​ទន្លេ​​បាសាក់​ ដែល​បាន​បង្ក​ឲ្យ​​តំបន់​ខាង​លើ​រីង​ និង​​ជាប្រចាំ គឺ​ខ្វះ​ទឹក​សំរាប់​បង្កបង្កើន​ផល​កសិកម្ម។ សង្ឃឹមថា ​នា​ពេល​ប៉ុន្មាន​ឆ្នាំ​​ទៅមុខ​ទៀត​ ប្រទេស​យើង​អាច​គ្រប់​គ្រង​ទឹក​បាន​ល្អ​ជាង​នេះ ដើម្បី​ជា​ប្រយោជន៍​ផ្ទាល់​ដល់​កសិករ ក៏​ដូច​ជា​ប្រជាជាតិ​ទាំង​មូល។

    នា​ពេល​ថ្មីៗ​នេះ​ក្រសួង​ធន​ធាន​ទឺក​បាន​បន្ដ​គំរោង​កសាង និង​ស្ដារ​ឡើយ​វិញ​ប្រព័ន្ធ​ស្រោច​ស្រព​​កំពង់​ត្របែក ដែល​មាន​ទឹក​ប្រាក់​ប្រហែល ២០០លានដុល្លា នឹង​រំពឹង​ថា ​អាច​ស្រោច​ស្រព​​បាន​ ៣០ម៉ឺន​ហិចតា នៅ​ផ្នែក​ខ្លះ​នៃ​ខេត្ដ​កំពង់​ចាម ព្រៃវែង និង​ស្វាយ​រៀង។ ខ្ញុំ​ជឿ​ថា​នេះ​ជា​ការ​ចាយ​វាយ​ដ៏​សំបើម​មួយ​ សំរាប​ប្រព័ន្ធ​ធារា​សាស្រ្ដ​នៅ​ស្រុក​ខ្មែរ។ ខ្ញុំ​អាច​រាប់​គំរោង​ធំៗ​ដទៃ​ទៀត​ដូចជា គំរោង​ស្ទឹង​ជីនិត (សង់​រួច​រាល់) គំរោង​កពង់​ថ្ម​នៅ​បន្ទាយ​មាន​ជ័យ គំរោង​កងហត នៅបាត់​ដំបង (កំពង់​សាង​សង់) និង​គំរោង​កំពឹង​ពួយ​នៅ​បាត់​ដំបង (ប្រហែល​បើក​ការ​ស្ដាឡើង​វិញ​នា​ពេល​ឆាប់​ៗ)។ គំរោង​ទាំង​ពីរ​នៅ​បាត់ដំបង ​ក៏​ប្រហែល​ជា​ត្រូវ​ចំណាយ​ជាង​១០០​លាន​ដុល្លា​ដែរ ដែល​ក្នុង​នោះ​នៅ​កំពីង​ពួយ​ជាង​២០​លាន​ដុល្លា។

    យ៉ាង​ណា​មិញ​អរគុណ​ស្រុក​ស្រែ​ដែល​បាន​ផ្ដិត​យក​រូប​ភាព​វាលស្រែ និង​ចំការ​ដំណាំ​ប្រទេស​ជិត​ខាង​យើង​មក​ចែក​រំលែក។ ខ្ញុំ​ជឿ​ថា​ ស្រុក​ស្រែ​អាច​មាន​មតិ​យោបល់​ច្រើន​ទាក់ទង​នឹង​កសិកម្ម​ប្រទេស​ជិត​ខាង​យើង រួម​មាន​វៀតណាម ថៃ និង ភូមា ដោយ​ហេតុ​ថា​ ស្រុក​ស្រែ​បាន​​ធ្វើ​ទស្សនកិច្ច​ដោយ​ផ្ទាល់​ទៅ​ប្រទេស​ទាំង​នោះ ហើយ​បូក​រួម​នឹង​ការ​ធ្វើ​ដំណើរ​​ដ៏​ច្រើន​របស់​ស្រុក​ស្រែ​នៅ​ក្នុង​ប្រទេស​យើង។

    ដូច​ជា​បញ្ចេញ​មតិ​ច្រើន​បន្តិច​ហើយ​ស្រុក​ស្រែ​អើយ​ សូម​កុំ​ប្រកែប្រកាន់ ​​ថ្វី​បើ​ខ្ញុំ​ចូល​ចិត្ដ​ពិភាក្សា​ពី​​ការ​អភិវត្ដន៍ ​ពិសេស​លើ​ហេដ្ឋារចនា​សម្ព័ន​នៅ​ប្រទេស​ខ្មែរ៕ 🙂

    • អរគុណចំពោះ​យោបល់​ដ៏​ក្បោះក្បាយ​របស់​លោក​ណាស់… ប្រសិន​បើ​អ្វីៗ​ដូច​ការ​រៀបរាប់​របស់​លោក ស្តីការ​យក​ចិត្ត​ទុក​ដាក់​របស់​រដ្ឋ​ ​ក្នុង​ការ​កសាង​សំណង់​ធារាសាស្រ្ត​​ធំៗ កើត​ចេញ​ជា​រូប​រាង​​សមិទ្ធិផល​ពិត​ប្រាកដមែន, សំរាប់​ខ្ញុំ គឺ​ជា​មោទនភាព​ជាតិ​ខ្ពស់​ណាស់។

      ម្យ៉ាង​ទៀត​ ខ្ញុំ​ទើប​នឹង​បាន​ដឹងពី​គំរោង​ជាតិ​ធំៗ ​ទាក់ទង​នឹង​វិស័យ​ធារាសាស្រ្ត​​ ក្នុង​ពេល​​ដែល​លោក​បាន​​លើក​ឡើង​នៅ​ពេល​នេះ​ឯង… ព្រោះ​ថា ព័ត៌មាន​ដ៏​គួរ​អោយ​មាន​មោទនភាព​នេះ ក្នុង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ (Media) របស់​យើង ហាក់​ដូច​មិន​សូវ​យក​ចិត្ត​ទុក​ដាក់​ប៉ុន្មាន​ទេ។ ជាពិសេស គឺ​សាមីក្រសួង​របស់​ជាតិ​យើង​តែ​ម្តង ដែល​​មិន​បាន​ផ្សព្វ​ផ្សាយ​អោយ​បាន​ទូលំទូលាយ…។ និយាយ​រួម គឺ​ខ្ញុំ​លំបាក​ក្នុង​ការរក​អាន និង​​ស្រាវជ្រាវ​មែនទែន…។​

      ទាក់ទង​នឹង​ប្រព័ន្ធ​ធារាសាស្រ្ត​នៅ​ប្រទេស​ជិត​ខាង… ខ្ញុំ​ដឹង​តែ​ប្រទេស​វៀតណាម​មួយ​ទេ​ថាៈ​ ទំរាំ​តែ​ក្លាយទៅ​​ជា​ប្រទេស​នាំមុខ​គេ​ ខាងនាំ​​​អង្ករ​ចេញ​លក់​ក្នុង​ពិភពលោក គឺ​ប្រទេស​នេះ​បាន​បោះ​ទុន​វិនិយោគ​ក្នុង​ការ​កសាង​ប្រព័ន្ធ​ធារាសាស្រ្ត​​ច្រើនរយ-ពាន់លាន​ដុល្លារណាស់ កាល​ពី​ក្នុងអំឡុង​ទសវត្សរ៍​ឆ្នាំ១៩៨០…។ ខ្ញុំ​មាន​មិត្តភក្រ្ត​នៅ​វៀតណាម​បាន​​​ប្រាប់​ខ្ញុំ​ថា ជំនួយ​ជា​គ្រឿង​ចក្រ និង​​ហិរញ្ញវត្ថុ ដែល​វៀតណាម​ទទួល​បាន​ពី​អតីត​សហភាព​សូវៀត​កាល​ពី​ពេល​នោះ គឺ​រដ្ឋ​វៀតណាម​បាន​ផ្តោត​ជា​សំខាន់​ទៅលើ​ការ​សាងសង់​សំណង់​ធារាសាស្រ្ត​ធំៗ​ នៅ​លើ​ដែន​ដី​សណ្តទន្លេ​មេគង្គ ព្រោះថា តំបន់​វាល​ទំនាប​ទន្លេ​មេគង្គ​​នេះ​ នឹង​អាច​ផលិត​ស្បៀង​សំរាប់​ផ្គត់ផ្គង់​ដល់​ប្រជាជន​វៀតណាមទូទាំង​ប្រទេស​បាន។ កាលណោះ ប្រទេស​យើង​បាន​ជាប់​ដៃ​ក្នុង​សង្គ្រាម​ស៊ីវិល​ផ្ទៃ​ក្នុង​រក​ទី​បញ្ចប់​គ្មាន ទើប​មិន​បាន​យក​ជំនួយ​របស់​អតីតសហភាព​សូវៀត មក​កសាង​ហេដ្ឋារចនា​សម្ព័ន្ធ​សង្គម ជាពិសេសគឺ​ប្រព័ន្ធ​ធារាសាស្រ្ត​នៅ​ជុំវិញ​បឹង​ទន្លេ​សាប អោយ​ដូច​ជា​ប្រទេស​វៀតណាមបាន​ធ្វើ​នៅ​លើ​ដែន​​ដី​សណ្ត​មេគង្គ​​ទេ។ ដោយ​ហេតុ​នេះ​ហើយ​បាន​ជាយើង យឺត​ជាង​វៀតណាម​មួយ​ជំហាន​យ៉ាង​វែង លើ​វិស័យ​គ្រប់​គ្រង​ធនធាន​ទឹក​នេះ…។

      ខ្ញុំ​ធ្លាប់​បាន​ធ្វើ​ដំណើរ​តាម​រថយន្ត​ទៅមក​ ហូជីមិញ-​កឹងធើ ដោយ​ឆ្លង​កាត់​ខេត្តពីរបី​នៅ​តាម​បណ្តោយ​ផ្លូវ​​ធ្វើ​ដំណើរ។​​ អ្វី​ដែល​ខ្ញុំ​ចាប់​អារម្មណ៍​នោះ​គឺ នៅ​ចំងាយ​ប្រមាណ ៥គ.ម យ៉ាង​ទៀង​ទាត់ នឹង​មាន​ប្រឡាយ​ទឹកធំមួយ​​ត្រង់​ភ្លឹង​​កាត់​ទទឹង​ផ្លូវ​ជាតិ ដែល​មាន​​ទឹក​ពេញ​ព្រៀប​ និង​អាច​អោយ​ទូក​ធ្វើ​ចរាចរ​ដឹក​ជញ្ជូន​ទំនិញ និង​កសិផល​បាន។ ពេលរដូវ​ប្រមូល​ផលម្តងៗ នៅត្រង់​ម្តុំ​តំបន់​​ដែល​ប្រមូល​ផល​ស្រូវ​ច្រើន គឺ​នៅ​សងខាង​​ផ្លូវ​ជាតិ​មាន​ឃ្លាំង​​ស្តុក​ស្រូវ​ធំៗ សង់​ដង្ហែរ​គ្នា​រាប់​សិប​គីឡូម៉ែត្រ។ ទិដ្ឋភាព​បែប​នេះ នាំ​អោយ​ខ្ញុំ​គិត​ថា តើ​ពេល​ណា​ទៅ ទើប​ការ​ផលិត​ស្រូវ​នៅ​ស្រុក​យើង នឹង​ឈាន​ឡើង​ដល់​កំរិត​កំពូល​បែប​នេះ?…

      ដោយឡែក​លើ​វិស័យ​កសិកម្ម​​នៅ​ប្រទេស​ថៃវិញ… ដូចលោក​សំបូរ​ជ្រាបស្រាប់​ហើយ បើ​ទោះ​ជា​ស្រុកគេមាន​វិបត្តិ​នយោបាយ​ញឹកញាប់​ពិតមែន តែស្រុក​គេ​​​មិន​ដែល​​​ធ្លាប់​បាន​ឆ្លងកាត់​សង្គ្រាម​បំផ្លិច​បំផ្លាញ​​បែប «ឡប់ឆ្កួត»​ ដូច​ស្រុកយើង​ឡើយ…។ នៅ​មាន​ព្រះមហាក្សត្រ​របស់​គេ ដែល​ស្រឡាញ់​កសិកម្ម ស្រឡាញ់ទឹក… រហូត​ដល់​បង្កើត​​ទឹក​ភ្លៀង​សិប្បនិមិត្ត​ សំរាប់​ជួយ​ដល់​កសិករ​ថៃ​នៅ​ពេល​ជួប​គ្រោះ​រាំង​ស្ងួត​ថែម​ទៀត​ផង។​ ហេតុនេះ វិស័យ​កសិកម្ម​តាម​រយៈ​ការ​គ្រប់​គ្រង​ធនធាន​ទឹក​​នៅ​ស្រុក​ថៃ គឺ​គេ​ជឿនលឿន​ជាង​យើង​ឆ្ងាយ​ណាស់។ ​ដោយហេតុនេះ​ហើយ បាន​ជាមិន​បាច់​ឆ្ងល់ឡើយ​ថា ហេតុអី​បាន​ជា​ប្រទេស​ថៃ នាំ​មុខ​គេ​ខាង​នាំ​អង្គរ​ចេញ​លក់​លើ​​ទីផ្សារពិភពលោក, ខណៈ​ពេល​ដែល​​វាល​ស្រែ​ស្រុកយើង ​ជួន​កាល​ជួប​គ្រោះ​ទឹក​ជំនន់, ជួនកាល​ជួបនឹង​គ្រោះ​រាំង​ស្ងួត​មិន​ចេះ​ស្វាង​នោះ​?…

    • តាមស្តាប់ប្រសាសន៍នេះទៅគឺដូចជារាជគ្រូរបស់ខ្ញុំណាស់។
      ចំពោះខ្ញុំ កត្តា​ទីផ្សារ​គឺជា​ការ​ចាំបាច់​ដែល​ត្រូវធ្វើ​ ដើម្បី​រក​ច្រក​នាំចេញ​ផល​ស្រូវ​ដែល​កសិករ​ផលិត​បាន។ កាលណា​គ្មាន​ទីផ្សារ ឬទីផ្សារ​នៅ​នឹង​មាត់​ឈ្មួញ​ ខ្ញុំគិត​ថា​ អ្នក​ផលិត​មិនសូវ​មាន​កម្លាំង​ធ្វើទេ ឬបើ​ធ្វើ​ ក៏ធ្វើ​ទាំង​ប្រថុយ។

      • អរគុណ កល្យាណ…. សំរាប់ខ្ញុំ ខ្ញុំគិតអញ្ចេះ៖ ប្រសិនបើ​​កសិករយើង​មាន​ទឹក​គ្រប់​គ្រាន់​ក្នុង​ការ​ប្រកប​របរ​កសិកម្ម​បាន​ពេញ​ខួប​ប្រាំង ខួប​វស្សា​ហើយ, បន្ទាប់​មក​ទៀត​ គឺ​ជា​ការងារ​របស់​ក្រសួង​កសិកម្ម​ជាតិ ដែល​នឹង​មាន​ភារកិច្ច​ជួយ​កសិករ​យើង​ ក្នុង​ការ​​បង្កើន​ទិន្នផល​នៃ​ការ​ដាំដុះ ​ទាំង​បរិមាណ និង​គុណភាព ដូចជា​ជួយ​ពន្យល់​​ ផ្សព្វផ្សាយ និង​ណែនាំ​អោយ​បាន​ទូលំទូលាយ​ដល់​​កសិករ​យើងអំ​ពី​​វិធី​ដាំដុះ ការជ្រើស​រើស​ពូជ ការថែទាំ និង​ការ​ប្រមូល​ផល​ជាដើម…។ គឺ​មាន​តែ​បែប​នេះ​ទេ ដែល​ផលិតផល​កសិកម្ម​របស់​​កសិករ​យើង អាច​ជាប់​ក្នុង​កំរិត​ស្តង់ដារ​មួយ ដើម្បី​យក​ទៅ​ប្រកួត​ប្រជែង​ក្នុង​ទីផ្សារ​ពិភពលោកបាន…។

        ដល់​ពេល​នោះ​ ទើប​ជា​​ការងារ​​របស់​ក្រសួង​ពាណិជ្ជកម្ម​ជាតិ ដែល​នឹង​ត្រូវ​ស្វែង​រក​ទីផ្សារ​អន្តរជាតិ​ ​សំរាប់​នាំ​ចេញ​ផលិតផល​កសិកម្ម​របស់​កសិករ​យើង ដែល​ផលិតសំរាប់​ធ្វើការ​នាំ​ចេញ​…។ ជាការ​ធម្មតា​ទេ នៅ​ក្នុង​សេដ្ឋកិច្ច​ទី​ផ្សារ​សេរី ដែល​ស្ថិត​ក្នុង​ភាព​ប្រកួត​ប្រជែង ប្រសិន​បើ​យើង​មាន​របស់​ល្អ គឺមិន​ខ្វះ​អ្នក​មក​រក​ទិញ​ដល់​ផ្ទះ​ទេ។ ឯ​តំលៃវិញ ​ក៏​មិន​ពិបាក​ចរចា​គ្នា​ដែរ។

        តែតាម​បទ​ពិសោធន៍​ជាក់ស្តែង​របស់​កសិករ​យើង​នៅ​ខេត្ត​ផលិតស្រូវ ​បាត់ដំបង និង​បន្ទាយ​មានជ័យ ដែល​តែង​តែ​មាន​ការ​ខឹង​សំបារ​នឹង​ក្រុម​ឈ្មួញ​ទិញ​ស្រូវ ក្នុង​ការ​បញ្ចុះ​តំលៃ​ស្រូវ​នៅ​រាល់​រដូវ​ប្រមូល​ផល​ម្តងៗ…។ ​ពិតមែនហើយ… ករណី​នេះ​​គឺ​មាន​ឈ្មួញ​ខ្លះ​ដើរ​ក្រឡុក​​​បញ្ចុះ​តំលៃ​ស្រូវ​ពិតមែន។ តែ​បើ​តាម​ខ្ញុំ​ដឹង កត្តាដែល​​សំខាន់​​នោះគឺ ​ស្រូវរបស់​កសិករ​យើង​ដែល​ផលិត​បាន, នៅ​ពេល​កិន​ចេញ​ជា​អង្ករ​ គឺ​មិន​បាន​ជាប់​ក្នុង​កំរិត​ស្តង់ដារ​សំរាប់​នាំ​ចេញទេ។ មូល​ហេតុ​នេះ គឺ​បណ្តាល​មក​ពី​កសិករ​យើង​ភាគ​ច្រើន មាន​ការ​យឺត​យ៉ាវ​​ក្នុងការ​ប្រមូល​ផល ដោយ​​ទុក​បណ្តោយ​អោយ​ស្រូវ​ទុំ​ជ្រុល​ទើប​ច្រូតកាត់…។ ដូច្នេះ​​គុណភាព​ស្រូវបែបនេះ ពេល​ចូល​ក្នុង​ម៉ាស៊ីន​កិន​ស្រូវ​​​ចេញ​ជាអង្ករមក​ នឹងបាក់​ពីរបី​កំណាត់ មិន​អាច​​នាំ​ចេញ​លក់​នៅ​ទីផ្សារ​អន្តរជាតិ​បាន​ឡើយ។ នេះជា​មូល​ហេតុ​ធំមួយ ដែល​កសិករ​យើង​តែង​តែ​យល់​ថា ធ្វើស្រូវ​បាន​ហើយ លក់​មិន​បាន​ថ្លៃ ឬ​ពិបាក​លក់… ​អត់ទីផ្សារ… តំលៃ​ស្រូវ​នៅ​នឹង​មាត់​ឈ្មួញ.. ។ល។ :-D​

  2. ខាង​ព្រំដែន​ស្រុក​ខ្មែរ​មាន​ការ​លំបាក​ណាស់ ខ្វះ​សព្វ​បែប​យ៉ាង អញ្ចឹង​ហើយ​មនុស្ស​មិន​សូវ​ចង់​ទៅនៅ​ទេ ចំណែក​ខាង​គេ​វិញ គេ​បង្ករ​ភាព​ងាយ​ស្រួល​សព្វ​គ្រប់ ហើយ​គេ​លើក​ទឹក​ចិត្ត​ឲ្យ​ប្រជាជន​គេ​ទៅ​ទៀត។

    • កន្លែង​ដែល​មាន​ប្រជាជនគេ​រស់​នៅ គឺនឹងមាន​ផ្លូវ មានភ្លើងរដ្ឋ មាន​ទឹក​ធ្វើ​ស្រែ… គ្មាន​អោយ​ប្រជាជន​គេ​លំបាក​សោះ… និយាយ​រួម គឺ​រដ្ឋ​បាន​បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​ការ​រស់​នៅ និង​ប្រកប​របរ​ទទួល​ទាន​​របស់​ប្រជាជន​គេ​បាន​ដោយ​ស្រួល…។

  3. អ្វី​ដែល​សំខាន់គឺ​ខាង​គេ​ប្រឡាយ​មាន​ជើង​ស៊ីម៉ង់ទប់ បើខាង​យើង​ឃើញ​ថា​ឧស្សាហ៍​កាយ​ដែរ តែ​ច្រើនតែបាក់វិញ ។ ប្រភពទឹកពេញតែស្រុក តែមិនចេះប្រើ នេះ​បាន​ចំ​ជា​ បាត​ដៃ​ទទេ មែនៗៗៗ

  4. ដល់ពេលនិយាយចឹងទៅ ព្រួយបារម្ភពីស្រុកទេសយើងណាស់

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s