វិចិត្រសាល

យុត្តិធម៌មានតំលៃដូច «អេតចាយ»..!!..


លោក អៀង សារី (Ieng Sary)

លោក អៀង សារី លើកដៃលា​ (រូបថត Reuters)

ដោយសារតែ​ប៉ុន្មានថ្ងៃ​នេះ ខ្ញុំ​ស្ថិតនៅ​ឯ​ជន​បទ ឆ្ងាយពីទីប្រជុំជន ទើប​ព័ត៌មាន​ស្តីពីការ​ស្លាប់​របស់លោក អៀង សារី កាល​ពី​ថ្ងៃម្សិលមិញ (ថ្ងៃទី ១៤ មីនា) ខ្ញុំហាក់​ដូច​ជា​ដឹង​យឺត​ជាង​គេ ជាង​ឯង​បន្តិច។ លោក អៀង សារី គឺ​ជា​តួឯក​មួយ​រូប ក្នុង​ចំណោម​តួឯក​ទាំង​បួន​រូប​នៅក្នុង ​សំណុំ​រឿង ០០២

ដោយហេតុនេះ​ហើយ ទើប​បាន​ជា​ថ្ងៃ​នេះ ខ្ញុំ​ខំប្រឹង​ប្រមូល​ព័ត៌មាន​តាម​រយៈការ​ស្តាប់ ទស្សនា និង​អាន​គ្រប់​​ព័ត៌មាន​ទាំងក្នុង​ស្រុក-​ក្រៅស្រុក ដើម្បី​ចង់​ដឹង​ពី​ប្រតិកម្ម​ និង​ចំណាប់​អារម្មណ៍​នានា ចំពោះ​មរណ​ភាព​​នៃ​មេ​ដឹក​នាំ​ខ្មែរក្រហម​រូប​នេះ ដែល​កំពុង​ស្ថិត​ក្នុង​ដំណើរ​ការ​​​​​កាត់ក្តី​នៅ​​អង្គ​ជំនុំ​ជំរះ​វិសាមញ្ញ​ ក្នុង​​សាលាក្តី​ខ្មែរ​ក្រហម​នៅ​ឡើយ។

ក្នុង​ចំណោម​ប្រតិកម្ម និង​ចំណាប់​អារម្មណ៍​នានារបស់​អ្នក​សល់ពីស្លាប់ ក្នុង​របប​ខ្មែរ​ក្រហម ខ្ញុំ​ចាប់​អារម្មណ៍​ជាង​គេ គឺ​ប្រសាសន៍​របស់​ស្រ្តី​ជា​​ជនរងគ្រោះម្នាក់​​ និង​ជា​ដើម​បណ្តឹង​រដ្ឋប្បវេណី​​ផង​ដែរ​​ ដែល​បាន​ផ្តល់​បទ​សំភាសន៍​ដល់​វិទ្យុ​​អន្តរជាតិ​មួយ​​ ​ផ្សាយ​ជា​ខេមរភាសាថា៖ …​ការបាត់បង់ជីវិត​របស់​លោក អៀង សារី ជាការសោក​ស្តាយ… ជាការ​ឆ្លុះបង្ហាញ​អំពី «យុត្តិធម៌​អេតចាយ»..!!.. ​។ នៅ​ពេល​ឮប្រសាសន៍​ដ៏​អស់​សង្ឃឹម​​បែបនេះ ខ្ញុំបែរ​ទៅ​ជា​​​​អស់​សំណើច​ទៅ​វិញ…។

សំរាប់ខ្ញុំក៏​មាន​ការ​យល់​ឃើញ ប្រហាក់​ប្រហែល​នឹង​ស្រ្តី​រង​គ្រោះ​ក្នុង​របប​ខ្មែរ​ក្រហម​ម្នាក់​នេះ​ដែរ។ សូម​ជំរាប​តាម​ត្រង់​ចុះ​ថា ដោយសារ​ខ្ញុំ​ជា​រាស្រ្ត​សាមញ្ញ​ដែល​មិន​មែន​ជា​អ្នក​ច្បាប់ ដូចនេះ​ប្រហែល​ជា​ខ្ញុំ​មើល​ទៅ​នីតិវិធី និង​បែប​បទ​ដំណើរ​ការ​កាត់​ក្តី​របស់​តុលាការ​មួយ​នេះ ​វាមាន​លក្ខណៈ «ស្តង់ដា» ពេក ឬ​វា​ហាក់​ដូច​ជា​មាន​ជួប​នូវ​​ការ​លំបាក​​ផ្ទៃ​ក្នុង​ស្អី​មួយ​ក៏​មិន​ដឹង​(?) ដែល​​ជា​មូលហេតុនាំ​អោយ​មាន​​ការ​​​អូស​បន្លាយ​ពេល​វេលា​សំរាប់​រឿង​ក្តី​ ០០២ នេះ…។ ជា​មួយ​គ្នា​នេះ ក្នុង​ពេល​ដែល​សំណុំ​រឿង​ ០០២ មិន​ទាន់​ដំណើរ​ការ​ចេញ​ជា​ក្រមរ​ស្រែង​​​អី​ផង ស្រាប់​តែ​អ្នកច្បាប់​​ក្នុង​តុលាការ​នេះ បាន​ស្នើ​សុំ​​ដំណើរ​ការ​លើ​សំណុំ​រឿង ០០៣ និង ០០៤ ទៀត ដែល​នេះ​​គឺ​ជា​មូល​ហេតុ​នាំ​អោយ​មាន​ការ​ជជែក​គ្នា​វល់ (ខ្ញុំ​មិន​ហ៊ានថា​ឈ្លោះ​គ្នា​ទេ) រវាង​អ្នក​ច្បាប់​ជាតិ និង​អ្នក​ច្បាប់​អន្តរជាតិ ថាតើ​គួរ​មាន ០០៣, ០០៤ ទៀត​ ឬក៏អត់?…

ការ​អូស​បន្លាយ​ពេល​ បាន​ធ្វើ​អោយ​ជន​ជាប់​ចោទ​ក្នុង​សំណុំ​រឿង ០០២ កាន់​តែ​ឈាន​ដល់​វ័យ​ជរាទៅៗ…។ ក្នុង​ចំណោម​ជន​ជាប់ចោទ​ទាំង​បួន​រូប, អ្នក​ដែល​ដើរ​ចេញ​ក្រៅ​សាច់​រឿងមុន​​គេ ​គឺ​លោក​ស្រី អៀង ធីរិទ្ធិ ជា​ភរិយាលោក អៀង សារី ដោយ​សារ​ហេតុផល «មានស្មារតី ឬ សតិ​មិន​គ្រប់​គ្រាន់» សំរាប់​ដំណើរ​ការ​ក្នុង​រឿង​ក្តី​នេះ។ ឥឡូវ​នេះ ចួល​ដល់​អ្នក​ទីពីរ គឺ​លោក​ អៀង សារី ដែល​បាន​ទទួល​មរណភាព ឬ​រលត់​ជីវិត​ទៅ… ធ្វើ​អោយ​បណ្តឹង​អាជ្ញា​ ក៏​ត្រូវ «រលត់ឈឹង» ទៅ​តាម​ជា​មួយ​ ត្រឹម​នេះដែរ… ហើយ​បន្ទាប់​ទៅ​ទៀត… (សូមខមាទោស) អាច​ថា… រវាង​​បងធំ​ទី២ ឬអ៊ុំនួន ហៅ​តា​ប្រហុក និងសមមិត្តហែម ​ដែល​​ម្នាក់​ក្នុង​ចំណោម​អ្នក​ទាំងពីរ នឹង​​ត្រូវ​ដើរ​ចេញ​​ជា​បន្ត​ទៀត..!!.. គឺនាំ​គ្នា​ដើរ​ចេញម្នាក់​ម្តង​​​​ទាល់​តែ​អស់​អាលីងឆិញ​ ពី​ក្នុង​សាច់​រឿង​ ០០២ នេះទៅ ទើប​បានអ្នក​ច្បាប់​នាំគ្នា​​ប្រកាស​ថា៖ ចប់ហើយ..!!..

នៅ​មាន​រឿង​លុយកាក់​ទៀត… ដោយសារ​តែ​ដំណើរ​ការ​រឿង​ក្តី ស៊ីពេល​យូរ​ពេក ទើបធ្វើ​អោយ​ជួបនូវ​​វិបត្តិ​​​ថវិកា​ រហូត​ដល់​ថ្មីៗ​នេះ ​បុគ្គលិក​ជាតិ​ បាន​ដាច់ចិត្ត​ធ្វើ​ពហិការ​មិន​ចូល​ធ្វើការ​ ដើម្បី​ទាមទារ​​​ប្រាក់​ខែ ​​ដែល​សាលាក្តី​បាន​ជំពាក់​បីខែ​មក​ហើយ។ រីឯ​ភាគី​​អន្តរជាតិ​វិញ បញ្ហា​លុយ​បើក​ប្រាក់​ខែ ពួក​គេ​មិន​ខ្វល់​ឡើយ…។ ​​

ជា​លទ្ធផល, ចាប់​តាំង​ពី​តុលាការ​ខ្មែរក្រហម​កកើត រហូត​មក​ដល់​ពេល​នេះ បាន​ចាយ​វាយ​ថវិកា​អស់​រាប់​រយលាន​ដុល្លារ​ហើយ… ថវិកា​រាប់​រយ​លាន​ដុល្លារ​នេះ ពីដំបូងៗ​ខ្ញុំ​មាន​​ជំនឿថា នឹងស្វែង​រក​យុត្តិធម៌ពិត​ប្រាកដ​មួយ​ សំរាប់​ផ្តល់​ជូន​ជន​រង​គ្រោះ​គ្រប់ៗ​រូប​​ក្នុង​របប​ខ្មែរ​ក្រហម ដោយ​ក្នុង​នោះ​  មាន​រូបខ្ញុំ និង​ក្រុម​គ្រួសារ​ខ្ញុំ​ដែរ…។ តែ​ដោយ​រង់ចាំ​យូរ​ពេក​ទៅ លុយរាប់រយ​លាន​ដុល្លាររបស់​ប្រទេស​ម្ចាស់​ជំនួយ រួម​ទាំង​លុយ​​​របស់​ប្រទេស​​យើង​ម្ចាស់​ផ្ទះ​ផង​ដែរ​ ហាក់​ដូច​ជា​ដូរ​បាន​យុត្តិធម៌​ធុន «អេតចាយ» មួយ​មែន..!!..??..

ស្រុកស្រែ

Advertisements

4 responses to “យុត្តិធម៌មានតំលៃដូច «អេតចាយ»..!!..

  1. អន្តរជាតិ​ចំណាយ​លុយឥត​ប្រយោជន៍​ហើយ

  2. តាមខ្ញុំគិត ជនរងគ្រោះមិនមែនតែអ្នកស្លាប់ឬក្រុមគ្រួសារអ្នកស្លាប់នោះទេ គឺប្រជាជនខ្មែរទំាងអស់តែម្ដង!ស្ដាយណាស់ដែលនំាអតីតមេដឹកនំាខ្មែរក្រហម
    ទៅកាត់ទោស ដូចជាយកលុយទៅហុចអោយអតីតមេដឹកនំាខ្មែរក្រហម
    (មេដឹកនំារដ្ឋាភិបាលសព្វថ្ងៃ=អតីតខ្មែរក្រហមដែរ)ទៅវិញ។
    គេមិនគួរបង្កើតតុលាការកាត់ក្ដីខ្មែរក្រហមទេដរាបណាអតីតមេដឹកនំាខ្មែរក្រហម
    នៅតែគ្រប់់គ្រងអំណាចនោះ!។គេគួរបង្កើតតុលាការកាត់ក្ដីខ្មែរក្រហមលុះ
    ណាតែលែងមានអតីតមេដឹកនំាខ្មែរក្រហមគ្រប់គ្រងអំណាច។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s