វិចិត្រសាល

ការផ្តល់​សក្ខីកម្មដ៏គួរ​អោយ​ជក់​ចិត្ត ​របស់​លោក​ហ្រ្វង់ស្វ័រ ប៉ុងសូដ៍…


Francois Ponchaud, Cambodia Year Zero, កម្ពុជាឆ្នាំសូន្យ

លោកហ្រ្វង់ស្វ័រ ប៉ុងសូដ៍ កំពុង​ផ្តល់​សក្ខី​កម្ម​ក្នុង​សំណុំ​រឿង០០២ កាលពីថ្ងៃទី ០៩ មេសា ម្សិលមិញ… (រូបថតរបស់ ECCC)

រយៈពេល​បីថ្ងៃ​កន្លងមកនេះ ​តុលាការ​កូនកាត់​កម្ពុជា-អន្តរជាតិ បាន​អញ្ជើញ​សាក្សី​ដ៏​សំខាន់​ម្នាក់ គឺ​លោក ​ហ្រ្វង់ស្វ័រ ប៉ុងសូដ៍ (François Ponchaud) ដើម្បី​អោយ​មក​ផ្តល់​សក្ខីកម្ម​នៅ​ក្នុងអង្គ​សវនាការ​លើ​សំណុំ​រឿង​០០២ ដែល​មាន​ចុង​ចោទពីររូប គឺលោក នួនជា និង​លោក​ ខៀវសំផន…។

សំរាប់​ខ្ញុំ, ការ​ផ្តល់​សក្ខីកម្ម​របស់​លោក​ហ្រ្វង់ស្វ័រ ប៉ុងសូដ៍ នាំ​អោយ​ខ្ញុំ​ជក់​ចិត្ត​តាម​ដាន​ស្តាប់​​ជាង​អ្នក​ផ្តល់​សក្ខីកម្ម​​មុនៗ ហើយ​ការ​ជក់​ចិត្ត​នេះ​ ធ្វើ​អោយ​ខ្ញុំ​មិន​អាច​ងាក​ទៅ​ធ្វើ​ការ​ងារ​អី​កើត 😀 …

តើ​លោក​ហ្រ្វង់ស្វ័រ ប៉ុងសូដ៍ ជា​នរណា?

ខ្ញុំ​ចាំ​ឈ្មោះ​លោក​ហ្រ្វង់ស្វ័រ ប៉ុងសូដ៍ តាម​រយៈ​ស្នាដៃ​និពន្ធ​សៀវ​ភៅ​មួយ​ក្បាល​​របស់​គាត់​​មាន​ចំណង​ជើង​ថា Cambodia Year Zero ដែល​ខ្ញុំ​បាន​អាន​​កាល​ពីជាង ១០ឆ្នាំ​មុន។ តាម​រយៈ​អារម្ភកថា ឬលំនាំដើម​នៃ​​សៀវភៅ​​នេះ បាន​អោយ​ដឹង​ថាៈ លោក​ហ្រ្វង់ស្វ័រ ប៉ុងសូដ៍ កើត​នៅ​ឆ្នាំ១៩៣៩ ក្នុង​ប្រទេស​បារាំង។ គិតមក​ដល់​ឆ្នាំនេះ លោក​មាន​អាយុ ៧៤ឆ្នាំហើយ។ លោកបាន​មក​​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ក្នុង​នាម​​ជា​បុព្វជិត​សាសនា​កាតូលិក ​ចាប់​តាំង​ពី​ឆ្នាំ១៩៦៥ រហូត​ដល់​​ខែឧសភា ឆ្នាំ១៩៧៥​ (១០ឆ្នាំ) នាំ​អោយ​លោក​យល់​ដឹង​ពី​ប្រពៃណី ទំនៀម​ទំលាប់ និង​ចេះ​និយា​ភាសា​ខ្មែរ​​ ដូច​ជនជាតិ​កម្ពុជា​យើង​ទូទៅ​ដែរ…។

​នៅ​ក្នុង​សៀវភៅ Cambodia Year Zero ឬ កម្ពុជាឆ្នាំសូន្យ បាន​រៀបរាប់​​​ថាៈ បីសប្តាហ៍​បន្ទាប់​ពី​យោធា​ខ្មែរ​ក្រហម​ដើរ​ចូល​ក្រុង​ភ្នំពេញ ​លោក​ហ្រ្វង់ស្វ័រ ប៉ុងសូដ៍ និង​ជន​បរទេស​​ដទៃៗ​ទៀត​ បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​ក្នុង​បរិវេណ​ស្ថានទូត​បារាំង។ បន្ទាប់​មក អង្គការ​ខ្មែរ​ក្រហម​ ក៏បាន​រៀបចំ​ «ជំលៀស» ​ជន​បរទេស​ដែល​ «កុនខ្លួន» ​នៅ​ទីក្រុង​ភ្នំពេញ​ អោយ​​ធ្វើ​ដំណើរ​ចាក​ចេញ​​​ពី​ប្រទេស​កម្ពុជា​។ ការ​ធ្វើ​ដំណើរ​ ត្រូវ​បាន​ដឹក​ជញ្ជូន​ដោយ​រថយន្ត​ពី​ទីក្រុង​ភ្នំពេញ​ ឆ្ពោះ​ទៅ​កាន់​ស្រុក​អូរជ្រៅ ព្រំដែន​ថៃ ក្រោម​កិច្ចការ​ពារ​ «ជូនដំណើរ» ដោយ​​​កម្មាភិបាល​ និង​ក្រុម​​យុទ្ធជន​ខ្មែរ​ក្រហម។ ការ​ដឹក​ជញ្ជូន​ បាន​ប្រព្រឹត្តិទៅ​​​ជាពីរ​ដំណាក់​​កាលៈ លើកទី១ នៅ​ថ្ងៃទី ៣០ មេសា ១៩៧៥ ដែល​មាន​ជន​បរទេស​ប្រមាណ ៥០០នាក់​​ តាម​រយៈ​រថយន្ត​ទ្រុង GMC ចំនួន២៥គ្រឿង និង​លើក​ទី២ នៅ​ថ្ងៃ​ទី ០៦ ឧសភា ១៩៧៥ គឺ​​ជន​បរទេស​ដែល​នៅ​សេស​សល់​ពី​ការ​ដឹក​ជញ្ជូន​លើក​ទី១។ ​លោក​​ហ្រ្វង់ស្វ័រ ប៉ុងសូដ៍ ស្ថិតនៅ​ក្នុងដំណើរ​​ជើង​ទី២ នេះ និង​បាន​​​ចាក​ចេញ​ពីស្ថានទូត​បារាំង​​ក្រោយ​គេ​បង្អស់ ព្រមទាំង​បាន​ប្រគល់​​កូន​សោ​ស្ថានទូត អោយ​ទៅ​សមមិត្ត ញ៉ែម ជា​អនុ​ប្រធាន​ក្តោប​ក្តាប់​ភ្នំពេញ​​ប៉ែក​ខាងជើង…។

​នាឳកាស​ស្នាក់​នៅ​ក្នុង​បរិវេណ​​ស្ថានទូត​បារាំង​ដ៏​​ច្របូក​ច្របល់​នេះ លោក​ហ្រ្វង់ស្វ័រ ប៉ុងសូដ៍ បាន​ឃើញ​ព្រឹត្តិការណ៍​​​​ចាប់​តាំង​ពីថ្ងៃ​ដំបូងៗ ដែល​យោធា​ខ្មែរ​ក្រហម​ដណ្តើម​យក​បាន​រាជ​ធានី​ភ្នំពេញ​នៅ​ថ្ងៃ​ ១៧មេសា ១៩៧៥ និង​ថ្ងៃ​បន្ត​បន្ទាប់​ដែល​យោធា​ខ្មែរ​ក្រហម​ទាំង​នោះ បាន​ជំលៀស​ប្រជាជន​ទាំងអស់​ចេញ​ពី​ទីក្រុង។ ដោយ​ហេតុនេះ​ លោកគឺ​​ជា​សាក្សី​ផ្ទាល់​ភ្នែក​មួយ​រូប ដែល​អាច​រៀបរាប់​ព្រឹត្តិការណ៍​ទាំង​អស់​នោះ​ឡើង​វិញ បាន​ក្បោះ​ក្បាយ​ល្អ​ជាង​គេ…។

ការបោះពុម្ព​ផ្សាយសៀវភៅ «កម្ពុជាឆ្នាំសូន្យ»…

ក្រោយ​ការ​វិល​ត្រឡប់​ទៅ​រស់​នៅ​ប្រទេស​បារាំង​វិញ ​លោក​ហ្រ្វង់ស្វ័រ ប៉ុងសូដ៍ បាន​យក​ចិត្ត​ទុក​ដាក់​បន្ត​តាម​ដាន​អំពី​សភាពការណ៍​ក្នុង​ប្រទេស​កម្ពុជា​ តាម​រយៈ​ការ​ស្តាប់​វិទ្យុ​កម្ពុជា​ប្រជា​ធិបតេយ្យ, តាម​រយៈ​ឯកសារ​ផ្លូវ​ការ​នានា, និងជា​ពិសេស គឺ​​តាម​រយៈ​ការ​ជួប​សំភាសន៍​ជា​មួយ​ជន​ភៀស​ខ្លួនខ្មែរ​ ដែល​បាន​រត់​​​ទៅ​ដល់​ប្រទេស​ថៃ វៀតណាម និង​បារាំង…។

ផ្អែក​តាម​ប្រភព​ព័ត៌មាន​ខាង​លើនេះ នៅឆ្នាំ១៩៧៦ ​លោក​ហ្រ្វង់ស្វ័រ ប៉ុងសូដ៍ បាន​និពន្ធ​ និង​បោះ​ពុម្ព​ផ្សាយ​សៀវភៅ Cambodge année zéro ដែល​បាន​រៀបរាប់​មុនគេ​បង្អស់​អំពី​របប​កម្ពុជា​ប្រជា​ធិបតេយ្យ ក្នុង​គោល​បំណង​អោយ​អន្តរជាតិ​ បាន​យល់​ដឹង​ពី​ទុក្ខ​លំបាក​របស់​ប្រជាជន​កម្ពុជា ហើយ​ក៏​ជា​ប្រភព​ដ៏​សំខាន់​ ​សំរាប់​អោយ​អ្នក​ចង់​ស្គាល់​របប​ខ្មែរ​ក្រហម​​កាល​ពី​សម័យ​នោះ​​​​ បាន​យល់​ដឹង​​ផងដែរ​។ សៀវភៅ​នេះ ​បាន​ជះ​​ឥទ្ធិពល​យ៉ាង​ខ្លាំង​នៅ​លើ​ឆាក​អន្តរជាតិ​ ដែល​ក្រោយ​មក ត្រូវ​បាន​បក​ប្រែ​ និង​​បោះពុម្ព​ផ្សាយ​ជា ៧ភាសា។ សំរាប់​ភាសា​ខ្មែរ ត្រូវ​រង់​ចាំ​រហូត​ដល់​ទៅ​ ៣០ឆ្នាំ​ក្រោយ​មក​ គឺ​ក្នុង​ឆ្នាំ២០០៦ ទើប​សៀវ​ភៅ​នេះ​ចាប់​កំណើត​ឡើង​ និង​មាន​ដាក់​​​លក់​​តាម​បណ្ណាគារ​ ​​មាន​ចំណង​ជើង​ថា «កម្ពុជា​ឆ្នាំសូន្យ»…។

លោកហ្រ្វង់ស្វ័រ ប៉ុងសូដ៍ បាន​ត្រឡប់​មក​រស់​នៅ​ប្រទេស​កម្ពុជាយើងវិញ ចាប់​តាំង​ពី​ឆ្នាំ១៩៩៣ រហូត​ដល់​បច្ចុប្បន្ន​នេះ…៕

ស្រុកស្រែ

Advertisements

3 responses to “ការផ្តល់​សក្ខីកម្មដ៏គួរ​អោយ​ជក់​ចិត្ត ​របស់​លោក​ហ្រ្វង់ស្វ័រ ប៉ុងសូដ៍…

  1. ហើយប៉ុន្មានសឹបឆ្នាំទៀតទៅ លោកអើយលោក!
    បានពួកក្រុមតុលាការកាត់ទោសខ្មែរក្រហមដែលគាំទ្រដោយពួកUN (sic!)
    នោះនឹងនាំគ្នាកាត់ទោសគ្នាអោយបានរួចរាល់ចប់សព្វគ្រប់ ?
    (ធ្លាប់លឺគេ…លឺគេ…គេនិយាយខ្សិបខ្សៀវចំអកអោយភាពយុត្តិធ៌មនោះថា
    “នាំគ្នាស៊ីផឹកអាំងអួងអស់ម៉ាតុក…ចង់អោយម៉ុកចេញលុយតែអែង! ម៉េចន្ត្រូវ ?”)
    ។ល។

  2. អាន​ពូ​ស្រុក​ស្រែ​សរសេរ ខ្ញុំ​ជក់​ចិត្ត​ជាង។ 😀

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s