វិចិត្រសាល

ទំនប់ទឹកកំពីងពួយ


ក្នុង​ឳកាស​ឈប់​សំរាក​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ ឆ្នាំថ្មី ឆ្នាំម្សាញ់ ​ពុទ្ធសករាជ​ ២៥៥៧ នេះ ខ្ញុំ​​រីករាយ​នាំ «ខ្លា» ជាទី​ស្រឡាញ់​របស់​ខ្ញុំ ​​ទៅ​លេង​នៅ​ទីក្រុង​ប្រវត្តិសាស្ត្រ​ភាគ​ខាង​លិច​នៃស្រុក​យើង… នោះគឺ ក្រុងបាត់ដំបង..!!.. ម្យ៉ាង​ ខ្ញុំ​ចង់​​ទៅ​ជួប​​មិត្តចាស់ៗ​ ប៉ុន្មាន​នាក់​​​នៅ​ទីនោះ ដើម្បី​អង្គុយ​​​​មើល​ថ្ងៃលិចនៅ​ឯ​ភូមិ​ចំការ​សំរោង និងដើម្បី​ជុំគ្នា​ «ផឹកស្រា​ និទាន​រឿង​ដើម» ​នៅ​ក្រោម​ពន្លឺព្រះច័ន្ទ​ ក្នុង​រាត្រី​ឆ្លង​ឆ្នាំ​ថ្មីនេះ​​..!!..??.. 😀

និយាយ​ដល់មិត្ត​ចាស់ៗ​នេះ ខ្ញុំ​ក៏​ចង់​រំលឹក​រឿងពួក​គេ​​​បន្តិចចុះ… គឺកាលពីអំឡុងចុង​ទសវត្សរ៍​​ឆ្នាំ​១៩៩០ ​ខ្ញុំ​បាន​​ចាត់ទុក​​​បាត់ដំបង ក្នុង​ចំណាត់​​ថ្នាក់ជា «ទីក្រុង​​សប្បាយ​​​រីក​ថ្លើម​បំផុត» ​​ព្រោះ​ដោយហេតុ​ថា គ្នីគ្នា​ខ្ញុំ​ដែល​ជា​ក្រុម​​អ្នក​គុននិយម​​​​ទៅ​ពី​ភ្នំពេញ​ទៅ ​តែង​​ចាត់ទុក​ទីក្រុង​ដ៏​ចំណាស់​មួយនេះ​ថា ជា​ទីក្រុងសំបូរ​ដោយ​​ «ឆីឆស់» ជាងគេ…។ ​ភាព​​ឆើត​ឆាយ និង​សំបូរ​សប្បាយ​តាម​បែប​ហក់​លោត​និយម​​ រួម​ផ្សំ​ដោយ​ផ្លូវ​ភ្នំពេញ-​បាត់ដំបង ម៉ែឪ​មហា​យាប់​ថែម​ទៀតនោះ​​ គឺ​​ជា​ដើមហេតុ​បណ្តាល​​​អោយបាត់ដំបង​ក្លាយ​ទៅ​ជា​​ក្រុង «ដីស្អិត» ងាយ​នឹង​ «ជាប់​ដៃ​ជាប់​ជើង»​ ពិបាក​ដក​ថយ​​វិល​មក​ភ្នំពេញ​រួច​ណាស់។​ បើ​និយាយ​តាម​បែប​ប្រលោម​លោក​វិញ​គឺ​ថា ​បេះដូង «​ក្រុមកន្លង់​ភ្នំពេញ» ​ដែល​ពី​មុនៗ​ ​ចូលចិត្ត​​ហោះ​ហើរ​អារាត់​អារាយ​គ្រប់​ទី​កន្លែង ​ត្រូវបាន​​ទទួល​​រងគ្រោះ​«ធ្លុះធ្លាយ» ​ខ្ទេច​ខ្ទី​អស់ ​ដោយសារ​តែ​បន្លា​ដ៏​មុត​ស្រួច​​​របស់​ «​កូឡាប​បាត់ដំបង»…។ ហេតុការណ៍​ព្រេង​វាសនា​នេះ បាន​ធ្វើ​អោយ​​គ្នីគ្នា​ខ្ញុំ​បីបួន​​​នាក់​ [រត់រួច​តែខ្ញុំមួយ 😀 ] បាន​សំរេច​ចិត្ត ​ផ្ញើ​វាសនាទៅតាម​ខ្សែ​ទឹក​​នៃ​​ដង​ស្ទឹង​សង្កែ​ដ៏​ស្ងប់​ស្ងាត់​​ រហូត​ដល់​សព្វថ្ងៃ​នេះ​ទៅ..!!..

បច្ចុប្បន្ន​ ​ក្រុង​បាត់ដំបង​មាន​ការ​ប្រែប្រួល​រីក​ចំរើន​ច្រើន បើ​ប្រៀប​ធៀប​កាល​ពី​សម័យ​ខ្ញុំ​ដើរ​ហក់​លោត​​​​នោះ។​ អ្វីដែល​លេច​ធ្លោរ​​នោះគឺ អាជ្ញាធរ​ខេត្ត បាន​រៀបចំ​អោយ​មាន​​​​រមណី​យដ្ឋាន​ប្រវត្តិសាស្រ្ត និង​ធម្មជាតិ​​ជា​ច្រើន ​សំរាប់​ទទួល​​បំរើ​ភ្ញៀវ​​ជិត​ឆ្ងាយ​​ទៅ​លេង​កំសាន្ត។ ក្នុង​​ចំណោម​​​រមណីយដ្ឋាន​ទាំង​​នោះ ខ្ញុំ​ចាប់​អារម្មណ៍​ជាង​គេ គឺ​រមណីយ​ដ្ឋាន​អាងទឹក កំពីងពួយ ហើយ​​ឆ្លៀតពេលបាន​​ទៅ​លើក​នេះ ខ្ញុំ​ក៏​មិន​ភ្លេច​​​ទៅ​អើត​មើល​ទី​នោះ​ផង​ដែរ…។

ដោយ​មាន​ចំណូល​ចិត្ត​នឹង​ប្រព័ន្ធ​ធារា​សាស្រ្ត​​នៅ​ស្រុក​យើង​​, នៅ​ពេល​ទៅ​ដល់​រមណីយដ្ឋាន​កំពីងពួយ, ខ្ញុំ​ក៏​ឆ្លៀត​​ស្វែង​រក​ព័ត៌មាន​​សំខាន់​ៗ ​ទាក់​ទង​​ទៅ​នឹង​ប្រវត្តិ​នៃ​ការ​កកើត​ ទំនប់​ទឹក​កំពីងពួយ នេះតែម្តង…។

ប្រវត្តិ​​សង្ខេប​នៃ​ការ​កកើត​ទំនប់​ទឹក​កំពីងពួយ​នៅ​ក្នុង​ប្រកាស​នេះ ​គឺ​ខ្ញុំ​​បាន​មក​ដោយ​ការ​​​​​ប្រាស្រ័យ​ទាក់​ទង​​​ដោយ​ផ្ទាល់​ ជា​មួយ​មនុស្ស​វ័យ​ជាង​ពាក់​កណ្តាល​អាយុ (មជ្ឈឹម​វ័យ) ​​​​​ចំនួន​ប្រាំរូប ដែល​អ្នក​ទាំង​អស់​នោះ បាន​ចូល​រួម​​ដោយ​ផ្ទាល់​ក្នុង​ការ​កសាង​ទំនប់​ទឹក​នេះ ។

ដោយឡែក ចំពោះ​ទិន្នន័យ​សំខាន់ៗ​មួយ​ចំនួន​ដូចជា ចំណុះ​នៃ​អាង​ស្តុកទឹក និង​ទំហំ​វាល​ស្រែ​ដែល​ទទួល​ផល​ពី​អាង​ស្តុក​ទឹក​នេះ គឺ​ខ្ញុំ​រក​តួ​លេខ​ផ្លូវ​ការ​​មក​អះអាង​​មិន​បាន​ទេ។ ​ក្នុង​នោះ ក៏មាន​ទិន្នន័យ​​​​ខ្លះៗ ​​នៅ​ក្នុង​គេហទំព័រ​​មួយ​ចំនួន​ដែរ តែ​ខ្ញុំ​គិត​ថា «​មិន​ផ្លូវការ» ទើប​ខ្ញុំ​មិន​ហ៊ាន​ចុះ​ផ្សាយ។ ជា​មួយ​គ្នា​នេះ ខ្ញុំ​ក៏​​រក​ឃើញ​ឯកសារ​ផ្លូវការ​​​ស្តីពី ផែនការ​យុទ្ធសាស្រ្ត ឆ្នាំ២០០៩-​២០១៣ នៅក្នុង​គេហទំព័រ​របស់​ក្រសួង​ធនធាន​ទឹក និង​ឧត្តុនិយម ដែល​មាន​កំរាស់ ២៨ទំព័រ ជា​ខេមរភាសា ហើយ​ខ្ញុំអាន​​មើល​ទៅ គឺ​មាន​តែ​តួលេខ​រួម សរុបៗ… ដោយ​មិន​មាន​​ទិន្នន័យ​លំអិត​​ទៅ​លើ​អាង​ស្តុក​ទឹក​នីមួយៗ នៅ​​ទូទាំង​ប្រទេស​យើង​ឡើយ…។

ប្រវត្តិនៃការកសាង​ទំនប់​ទឹកកំពីងពួយ

ទំនប់​ទប់​ទឹក​អាង​កំពីងពួយ កាល​ពី​ពេល​កំពុង​សាងសង់ មាន​ប្រវែង​ ៧.៦០០ម៉ែត្រ ឬប្រហាក់ប្រហែល​ ៨គីឡូម៉ែត្រ បានចំណាយ​រយៈ​ពេល​​កសាងអស់ ២ឆ្នាំ និង​មិន​ទាន់​ស្ថាបនា​ហើយ​រួច​រាល់​នៅ​ឡើយ​ទេ ​ដោយសារ​តែ​ការ​ដួល​រលំ​នៃ​របប​កម្ពុជា​ប្រជាធិ​ប​តេយ្យ ប៉ុល ពត…។ ទំនប់​ទឹក​នេះ ​ស្ថិត​នៅ​ក្នុង​ឃុំតាគ្រាម ស្រុកបាណន ខេត្តបាត់ដំបង​​​​​​ បាន​ចាប់​ផ្តើម​​សាងសង់​នៅ​ក្នុង​ឆ្នាំ ១៩៧៧ ដោយ​​​មាន​​ជំនួយ​ពី​គ្រឿង​ចក្រ​ចំនួន​ពីរ​បី​គ្រឿង​ដែរ។ ​គ្រឿង​ចក្រ​ទាំង​នោះ បាន​ធ្វើ​ការងារ​ចូក-កាយ-ឈូសដី​ ​​តែ​នៅ​​ប៉ែក​ខាង​ត្បូង​​ទ្វារទឹក​ធំ​ទី​មួយ និង​ប៉ែក​ខាង​ជើង​ទ្វារ​ទឹក​ទី២ តែ​ប៉ុណ្ណោះ។ ឯ​ការ​ស្ថាបនា​ទំនប់​ទឹក​នៅ​ចន្លោះ​​ទ្វារ​ទឹក​ទី១ និង​ទី២ គឺ​ត្រូវ​បាន​​ប្រើ​ដោយ​កំឡាំង​ដៃមនុស្ស​សុទ្ធសាធ..!!..

ការកសាង​ទំនប់ទឹក​កំពីងពួយ ត្រូវ​បាន​ធ្វើ​ជា​ពីរ​ដំណាក់​កាល៖ ដំណាក់កាល​ទី​​មួយ ក្នុង​ឆ្នាំ​១៩៧៧ គឺប្រធាន​ការដ្ឋាន​ដែល​បាន​ដឹក​នាំ​កំឡាំង​រែក​ដី បាន​បញ្ជា​ពលករ​អោយ​​ជីក​ និង​ជញ្ជូន​​អាចម៍ដី​ពី​ខាង​​​ក្នុងអាង យក​មក​ស្ថាបនា​ទំនប់​​មួយ​ចំហៀង​ប៉ែក​ខាង​លិច​​ ដើម្បី​ទប់​ទឹក​ជាមុន​​​សិន។ ចូល​ដល់ដំណាក់​កាល​ទីពីរ ក្នុង​ឆ្នាំ​១៩៧៨ គឺ​នៅ​ពេល​ដែល​ក្នុង​អាង​មាន​ដំកល់​ទឹក​ពោរពាស​​រួច​ហើយ ទើប​​ប្រធាន​ការដ្ឋាន បញ្ជា​កំឡាំង​អោយ​ជីក និង​ជញ្ជូន​​​អាចម៍​ដី​ពី​ខាង​ក្រៅអាង យក​មកបន្ត​​ស្ថាបនា​ទំនប់​មួយ​ចំហៀង​ប៉ែក​ខាង​កើត​ទៀត ដើម្បី​អោយ​ចេញ​ជា​ទំនប់​ពេញ​លេញ​ ទៅ​តាម​ផែន​ការ​​កំណត់​ដែល​មាន​ទំហំ​បាតក្រោម​ប្រវែង ៧០ម៉ែត្រ ខ្នងលើ ៣០ម៉ែត្រ និងមាន​កំពស់​ចាប់​ពី ១០ ទៅ​ ១៥ម៉ែត្រ ទៅ​តាម​ស្ថានភាព​​ដី​ជាក់​ស្តែង។

ដើម្បី​សំរេច​កិច្ចការ​នេះ​, តា ឆាំសមមិត្ត ឆាំ ដែល​ជា​ប្រធាន​គណៈ​​សេដ្ឋកិច្ច​ភូមិភាគ​ពាយព្យ ជា​អ្នក​​ទទួល​ខុស​ត្រូវ​នៅ​​​ការដ្ឋាន​ទំនប់​ទឹក​កំពីងពួយ បាន​ដាក់​ផែនការ​សំរាប់​សហករណ៍​នីមួយៗ​ ដែល​មាន​ភារកិច្ច​មក​ចូល​រួម​កសាង​ទំនប់​ទឹក​នេះ គឺ​ក្នុង​មួយ​សហករណ៍​ ត្រូវ​កសាង​ទំនប់​​ខ្នាត​យក្ស​នេះ អោយ​បាន​ប្រវែង ៥០០ម៉ែត្រ ។​ ​ដោយហេតុនេះ សហករណ៍​នីមួយៗ ក៏​បាន​ដាក់​ផែនការ​បន្ត​ទៀត​ទៅ​ដល់​កំឡាំង​​ពលករ​ដែល​មក​ចូល​រួម​ក្នុង​កិច្ចការ​នេះ ទៅ​តាម​សភាព​ជាក់ស្តែង ដោយ​សហករណ៍​ខ្លះ គឺក្នុង​មួយ​ថ្ងៃ, ពលករ​ម្នាក់ត្រូវ​រែកអាចម៍​ដី​អោយ​បាន ២ម៉ែត្រ​គីប​​… ឯសហករណ៍​ខ្លះ​ទៀត បាន​បង្ខំ​ពលករ​ រែកដីអោយបាន ២ម៉ែត្រគីប​កន្លះ (អាចម៍ដី​ក្នុង​​ទំហំ​ទទឹង​ ១ម​ គុណនឹង​បណ្តោយ ២.៥០ម​ គុណនឹង​ជំរៅ ១ម)។ ដូច្នេះបើ​ធ្វើ​ចូល​គ្នា ​ម្នាក់​កាប់​ដី និង​ម្នាក់​ជា​អ្នក​រែក​យក​ទៅ​ចាក់​នៅ​ទំនប់ គឺត្រូវ​តែ​សំរេច​​ជូន​អង្គការ ​ក្នុង​ ១ថ្ងៃ ពីរនាក់​​ត្រូវ​រែកដី​អោយ​បាន​ ៥ម៉ែត្រគីប​ ជាដាច់​ខាត..!!..

ដោយសារ​តែ​ចំងាយ​ពី​ទំនប់​ទៅ​កន្លែក​ជីក​ដី កាន់​តែ​ឆ្ងាយទៅៗ ដែល​យ៉ាង​ហោច​ណាស់​ពី ១០០ ទៅ​ ២០០ម៉ែត្រ ទើប​ធ្វើ​អោយ​ពលករ​រែក​ដី លំបាក​នឹង​សំរេច​បាន​តាម​ផែនការ​ជូន ​«អង្គការ» ​របស់​តា​ឆាំ ​ណាស់… ហើយ​ប្រសិន​​​បើ​ថ្ងៃនេះ​សំរេច​មិន​បាន ថ្ងៃស្អែក​នឹង​ត្រូវ​ថែម ៥ម៉ែត្រគីប​ទៀត… គឺ​ថែម​រហូត បណ្តាល​អោយ​ពលករ​ត្រូវ​ខ្សោះ​​អស់​កំឡាំង​ពី​ក្នុង​ខ្លួន ដោយសារ​តែ «ជំពាក់​ការងារ​រែកដី» ​ជូន​អង្គការ​នេះ…។ ដូច្នេះ​ដើម្បី​​កុំ​អោយ​ជំពាក់ការងារ​​​អង្គការ​ប្រចាំ​ថ្ងៃ ពលករ​ម្នាក់ៗ គឺ​ត្រូវ​តែ​​ប្រឹងប្រែង​រែក​ដី​ទាំង​ថ្ងៃ​ទាំង​យប់ (មាន​ខ្លះ​រែកដី​​​សឹង​ទើស​ភ្លឺ) ទាំងហេវ​​ហត់ ទាំងឈឺ​​ជា ​ទាំង​ភ័យ​​ព្រួយ ​​ទាំង​កើត​ទុក្ខ… រហូត​សំរេច​​ចេញ​ជា​សមិទ្ធិផល​ទំនប់​ទប់​ទឹក​​ដ៏​ធំ​សម្បើម​មួយ​​នេះ​…។

ក្នុង​ចំណោម​សហករណ៍​ទាំងអស់ ​ដែល​មក​ចូល​រួម​លើក​ទំនប់​កំពីងពួយ កាល​ពី​សម័យ​​នោះ​ គឺមាន​តែ​ សហករណ៍ស្នឹង​ មួយទេដែល​សំរេច​​ភារកិច្ច​​​ជូន​អង្គការ បានហើយ​រួច​រាល់​ជា​ស្ថាពរ។ ក្រៅ​ពី​នោះ គឺ​មាន​សហករណ៍​ជា​ច្រើន​ទៀត​ ដែល​នៅមិន​ទាន់​​សំរេច​បាន​​តាម​ផែនការ​របស់​អង្គការ​តាឆាំ នៅ​ឡើយ​​​ទេ រួច​ក៏​ទទួល​បែក​របប​ ប៉ុល​ ពត​ ទៅ…។ ​ដោយ​ហេតុនេះ​ហើយ បាន​ជានៅ​​​ត្រង់​កន្លែង​ណា​​ធ្វើ​មិន​ទាន់​ហើយ​ នៅខាង​លើខ្នង​​​ទំនប់​ ​​ឃើញ​មាន​ពីរ​គន្លាក់ គឺ​ផ្លូវ​នៅ​ខាង​លើ និង​ផ្ទះ​អ្នក​ស្រុក​នៅ​ខាង​ក្រោម។ ឯកន្លែង​ធ្វើ​ហើយរួច​រាល់​ (ត្រង់​សហករណ៍​ស្នឹង) នៅ​ខាង​លើ​ខ្នង​ទំនប់​ ឃើញ​ចេញ​​ជា​ទំនប់​ ពេញ​​លក្ខណៈ​​​តែ​ម្តង​…។

សំណង់ទ្វារទឹក នៃទំនប់កំពីងពួយ

សំណង់​ទ្វារ​ទឹកទំនប់​កំពីងពួយ​ មាន​ពីរ​កន្លែង គឺទ្វារទឹកធំទី១ ត្រូវ​បាន​ស្ថាបនា​នៅ​ប៉ែកខាង​ត្បូង​​អូរស្វាយ-ស ប្រមាណជាង ១០០ម៉ែត្រ។ ទ្វារទឹក​ធំនេះ ត្រូវ​បាន​គូស​ប្លង់ភ្ជាប់​ជា​មួយ​នឹង​គំរោង​​បង្កើត​វារី​អគ្គិសនី​​ខ្នាត​តូច​មួយផងដែរ។ រីឯ​​ទ្វារទឹក​ទី២ ត្រូវ​បាន​ស្ថាបនានៅ​ម្តុំខាង​ជើង​ ជិត​ភ្នំ​កំពីងពួយ​តែម្តង។

បើ​តាម​សាក្សី​រស់ ដែល​ជា​យុវជន​កង​ចល័ត​​​ប្រចាំ​ភូមិភាគ ​បាន​បញ្ជាក់​អោយ​ដឹង​ថា៖ ស្ថាបត្យករដែល​គូស​ប្លង់​សំណង់​​ទ្វារ​ទឹក​​​ទំនប់​​កំពីងពួយ និង​បាន​ដឹក​នាំ​ដំណើរ​ការ​សាងសង់​​តាំង​ពី​ពេល​ចាប់​ផ្តើម​រហូត​ដល់​ចប់  គឺ​ជា​វិស្វករ​ ១៧មេសា ពីរ​នាក់​បង​ប្អូន​បង្កើត ដែល​ជំលៀស​ពី​ភ្នំពេញ​ទៅ​។ វិស្វករ​ជា​បង​ ត្រូវ​បាន​អ្នក​ធ្វើ​ការ​ជា​មួយ​​ហៅ​​​​ឈ្មោះ​ថា តា គិរី, ឯវិស្វករ​​ប្អូន​​ឈ្មោះថា តា ឆាត ។ នៅ​ពេល​ដែល​សំណង់​ទ្វារ​ទឹក​ស្ថិត​ក្នុង​ដំណើរ​ការ​សាងសង់​​បាន​​ប្រមាណ​ ៥០% ​​ហើយ អង្គការ​ក៏​បាន​ «ស្នើសុំ» វិស្វករ គិរី ជាបង យក​ទៅ​ «រៀនសូត្រ» បាត់​ឈឹង​ទៅ..!!.. ហើយ​នៅ​ពេល​សំណង់​ទ្វារ​ទឹក​បាន​ស្ថាបនា​ហើយ​រួច​រាល់​ជា​ស្ថាពរ, អង្គការ​ក៏​បាន​ «ស្នើ» យក​វិស្វករ ឆាត ជាប្អូន​ទៅ​ «រៀនសូត្រ» បង្ហើយ​​​ទៀត​ទៅ..!!..??..

ដូច្នេះ ការស្ថាបនា​ទំនប់ និង​ទ្វារ​ទឹក​អាង​កំពីងពួយ ​​ជា​ស្នាដៃ​ជនជាតិយើង​សុទ្ធសាធ គឹមិន​មាន​វិស្វករ ឬស្ថាបត្យករ​ជា​ជន​​បរទេស​មក​ចូល​រួម​ឡើយ។ តែ​នៅ​ក្នុង​អំឡុង​ពេល​នៃ​ការ​សាងសង់ទំនប់​នេះ មាន​គណៈ​ប្រតិភូ​ជាន់​ខ្ពស់​​​មួយ​ក្រុម​មក​ពី​ប្រទេស​ចិន បាន​មក​​ទស្សនកិច្ច​ដោយ​​ផ្ទាល់​នៅ​ទីនេះ​​ផង​​ដែរ។

ដោយឡែក​ចំពោះតា ឆាំសមមិត្ត ឆាំ ជា​ប្រធាន​​​គណៈ​សេដ្ឋកិច្ច​ភូមិភាគ​ពាយព្យ និង​ជា​អ្នក​ទទួល​បន្ទុក​​ការដ្ឋាន​ទំនប់​កំពីងពួយ​វិញ ​នៅក្នុង​អំឡុង​ចុង​ឆ្នាំ ១៩៧៨ គាត់ត្រូវ​​បាន​សាក្សី​រស់​អះអាង​ថា ​«គេចខ្លួនបាត់»… និង​​អាច​នៅ​រស់​រាន​មាន​ជីវិត​ រហូត​ដល់​សព្វ​ថ្ងៃ​នេះ​ផង​ក៏​មិន​ដឹង ព្រោះថា បន្ទាប់​ពី​​គ្នីគ្នា​គាត់​ ត្រូវ​បាន​​ទាក់​ជំពប់​ដោយ​រលក​នៃ​ការ​បោស​សំអាត ​​រួមមាន៖ តា រស់ ញឹមសមមិត្តញឹម ជាលេខា​ភូមិភាគ​ពាយព្យ, តា តុំសមមិត្តតុំ ជាលេខាតំបន់៣ និង តា មិសមមិត្តមិ ជាប្រធាន​គណៈ​សេដ្ឋកិច្ច​តំបន់​៣ ត្រូវ​បាន​បញ្ជូន​អោយ​ទៅ​ «រៀនសូត្រ» នៅ​មជ្ឈឹម​បាត់​អស់​ទៅ តាឆាំ ក៏​គេច​ខ្លួន​បាត់​ ដោយ​មិន​មាន​វាសនា​បាន​​មក​ជួប​ក្រុម​​តា ឌុច នៅ​មន្ទីរ​ ស-២១ ឡើយ..!!..

បច្ចុប្បន្នភាព​នៃ​ទំនប់​ទំពីងពួយ

ក្នុង​ពេល​ធ្វើ​ដំណើរ​ពី​ទ្វារ​ទឹក​ធំទី១ ទៅ​ទ្វារ​ទឹក​ទី២ ខ្ញុំ​បាន​ឃើញ​ក្រុម​វិស្វករ​របស់​ក្រសួង​ធនធាន​ទឹក​ និង​អ្នក​ជំនាញការ​ជនជាតិ​កូរ៉េ កំពុង​តែ​រៀបចំ​​ជីកដី ​ចោះ​ទំនប់​ ដើម្បី​ស្ថាបនា​​ទ្វារ​ទឹក​ធំ​មួយ​​បន្ថែម​ទៀត នៅ​ម្តុំ​ពាក់​កណ្តាល​ទំនប់​ទឹក។​ រីឯ​​ទ្វារ​ទឹក​ទីពីរ​ ​ត្រូវ​បាន​វ៉ៃ​កំទេច​​ចោល ហើយ​សង់​ជំនួស​ដោយ​ទ្វារ​ទឹក​ថ្មីចែស និង​មាន​ទំហំ​ធំ​ជាង​មុន។ ដោយ​ឃើញ​ស្ថានភាព​ជាក់​ស្តែង​បែប​នេះ​ ខ្ញុំ​ចេះ​តែ​គិត​ថា ទ្វារ​ទឹកធំ​ទីមួយ (ចាស់) ក៏​ប្រហែល​ជា​ត្រូវ​វ៉ៃចោល រួច​ស្ថាបនា​ជាថ្មី​​​ឡើងវិញ​ផង​ដែរ​ ក៏​មិន​ដឹង…។

ក្នុង​អំឡុង​ពេល​ធ្វើ​ដំណើរ​ទស្សនាចរលើ​ខ្នង​ទំនប់​ដ៏​រគិបរគុបនេះ ខ្ញុំ​ក៏​បាន​ឆ្លៀត​រាប់​គេហដ្ឋាន​របស់​អ្នក​ស្រុក​ ដែល​សង់​នៅ​ចន្លោះ​ទ្វារ​ទឹក​ចាស់​ទាំងពីរ​នេះ​ផង​ដែរ… គឺរាប់​លេងៗ​ទៅ ឃើញ​មាន​ប្រមាណ​ជា ១៣០គ្រួសារ (ក្នុង​នោះមាន​កសិដ្ឋាន​ចិញ្ចឹម​ទា​ មួយ​កន្លែង​ផងដែរ)។ ប្រសិន​បើ​ត្រូវ​ជួស​ជុល​ទំនប់​ទឹក​នេះ​ឡើង​វិញ តើ​គ្រួសារ​ទាំង​អស់​នេះ នឹង​ត្រូវ​រើ​​យក​ទៅ​ដាក់​នៅ​ឯ​ណា​ដែរ?…

៣៤ឆ្នាំ​កន្លង​ផុតទៅ…

តាម​សាក្សី​រស់​បានបញ្ជាក់​អះអាង​​អោយ​ខ្ញុំ​ដឹង​​​ថាៈ នៅ​មុន​ពេល​សាងសង់ ប៉ែក​ខាង​ក្នុង​ទំនប់​ គឺ​សំបូរ​ព្រៃឈើ​​ធំៗ និង​អំពក​ស្រែ​​តូចៗ…។ ឯ​នៅ​ខាង​ក្រៅ​ទំនប់​ ជា​​វាលស្រែ និង​មាន​ព្រៃ​របោះ​តិច​តួច។ នៅ​ពេល​ចាប់​ផ្តើម​កសាង​ទំនប់​ដំបូង ប្រធាន​ការដ្ឋាន​កសាង​ទំនប់​ទឹក ​​បាន​បញ្ជា​អោយ​​ពលករ​កាប់​ឆ្ការ​ព្រៃ​​ទទឺង​ប្រហែល​ ១០០ម៉ែត្រ មាន​សណ្ឋាន​វាល​ធ្លុង​ទៅ​តាម​រាង​បណ្តោយ​នៃ​​តួទំនប់។​ ក្រោយ​​ពេល​សាងសង់​ក្នុង​ឆ្នាំទី​មួយ ព្រៃ​ឈើ​ដែល​ស្ថិត​​នៅ​ប៉ែក​ខាង​​ក្នុង​អាង​ទឹក​​ ត្រូវ​បាន​លិច​ទឹក រួច​ក៏​ចាប់​ផ្តើម​ងាប់… ហើយ​​រុក្ខជាតិ​ទាំង​អស់​នោះ បានបន្ត​ងាប់​​​នៅ​ឆ្នាំ​បន្ទាប់ៗ​មក​ទៀត រហូត​ដល់​វាល​​​​​ល្ហល្ហេវ​​ដូច​សព្វ​ថ្ងៃ​នេះ​ទៅ។ រីឯ​ដើមឈើ​ធំៗ ​ដែល​ឃើញ​​​​នៅ​លើ​ទំនប់​បច្ចុប្បន្ន​នេះ គឺ​តំណាង​អោយ​អាយុ​កាល​​ទន្ទឹម​គ្នា​នឹង​​ការ​កសាង​ទំនប់​នេះ​​តែ​ម្តង។

សាក្សីរស់​ដដែល​ក៏​បាន​បញ្ជាក់បន្ថែម​​ទៀត​ថាៈ ការ​ស្ថាបនា​​ទំនប់​ទឹក​នេះ គឺ​បាន​ធ្វើ​តែ​ក្នុង​រដូវ​ប្រាំង​ ​​រយៈពេល បីបួន​ខែតែ​ប៉ុណ្ណោះ [អាច​ចាប់ពី​​ខែធ្នូ ដល់ខែមីនា ឬមេសា​]។ លុះ​ចូល​ដល់​រដូវវស្សា​ គឺ​ត្រូវ​ដក​កំឡាំង​ពលករ​រែក​ដី​​​​ទាំងអស់ ​អោយទៅ​ធ្វើ​​ស្រែ​​តាម​សហករណ៍​រៀងៗ​ខ្លួន​​វិញ​ ដោយ​ទុក​តែ​កំឡាំង​កង​ចល័តភូមិភាគ ​អោយ​​នៅ​បន្ត​ធ្វើការ​​ក្នុង​​សំណង់​ទ្វារទឹក​តែ​ប៉ុណ្ណោះ…​។ រីឯរបប​ហូប​ចុក​វិញ ក្នុង​រយៈពេល​សំរុក​រែក​ដីនេះ គឺ​ពលករ​បាន​ទទួល​«របបបាយឆ្អែត» ​គ្រប់គ្រាន់។ តែ​ចូល​ដល់​រដូវ​វស្សា​ធ្វើ​ស្រែ​វិញ របប​ហូប​ចុក​ត្រូវ​បាន​កាត់​បន្ថយ​ ពី​បាយ​​«ដោយ​​សេរី» ទៅជា​«បាយចែក» តាម​កំណត់។ រួចបន្ទាប់​មក ក៏ដូរពីបាយ​ទៅ​ជា​​«បបរខាប់»… រួច​ក៏​ដូរ​ពី​បបរខាប់ ទៅ​ជា​​«បបររាវ» ហើយ​បបរ​រាវ​នេះ​ទៀត​សោត គឺហូប​មិន​ឆ្អែត​ទៅ​ទៀត..!!.. នេះ​ជា​ស្ថានភាព​រស់នៅ​ពិត​របស់​អ្នក​ស្រុក​ផលិត​ស្រូវ នៅ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ មហា​លោត​ផ្លោះ មហា​អស្ចារ្យ​របស់ ប៉ុល ពត..!!..

សាក្សី​រស់​ក៏​បាន​អះអាង​ផងដែរ​ថាៈ ក្នុង​អំឡុង​ពេល​រែកដី​កសាង​ទំនប់​ទឹក​នេះ អង្គការ​មិន​បាន​​យក​ពលករ​ទៅ​​កាប់​សំឡាប់​ទេ, តែ​បើ​មាន​ ក៏​តិចតួច​ដែរ ដោយ​អ្នក​ទាំង​នោះ​ត្រូវ​បាន​​ចោទ​ប្រកាន់​ថា «ខុសសីលធម៌» ឬ​មាន​ទំនក់​ទំនង​ស្នេហា​គ្នា​លួចលាក់។

អ្វី​ដែល​សាក្សី​រស់​​ នៅ​ចង​ចាំ​​មិន​ភ្លេច​​​នោះគឺ អង្គការ​របស់​តាឆាំ បាន​បំបាក់​​មនុស្ស​ ដោយ​ប្រើ​​អោយ​ទាល់​តែ​ខ្សោះ​អស់​​​​​​កំឡាំង​តែ​ម្តង… មាន​ន័យ​ថា តាឆាំ បាន​ប្រមូលផ្តុំ​​ពលករ​ខ្មែរ​រាប់​ពាន់ រាប់​ម៉ឺន​នាក់ មក​ពូត​យក​កំឡាំង​ទាល់​តែ​ខ្សោះ​អស់​ពី​ក្នុង​ខ្លួន​ម្នាក់ៗ ដើម្បី​ធ្វើ​​អោយ​កើត​ចេញ​ជា​អាង​ស្តុក​ទឹក​​មួយ​នេះ​ឡើង…។

សំរាប់ខ្ញុំ, ​បើ​ទោះ​ជា​មិនបាន​មក​ចូល​រួម​លើក​ទំនប់​នៅ​ការដ្ឋាន​កំពីងពួយ​នេះ​ក៏​ដោយ តែក្រោយ​ពី​បាន​ស្តាប់​ការ​​រៀបរាប់​​​​​រ​បស់​សាក្សី​រស់… រួច​នៅ​ពេល​ដែល​ខ្ញុំ​​​បាន​​​មក​​ឈរ​នៅ​លើ​​ខ្នង​ទំនប់​នេះ ហើយ​ធ្មេច​ភ្នែក​នឹក​ត្រឡប់​ថយ​ក្រោយ​រំលឹក​ទៅ​​ព្រឹត្តិការណ៍​​​កាល​ពី​ ៣៤ឆ្នាំមុន, គឺ​ខ្ញុំ​ហាក់​ដូច​ជា​​នៅ​ឮស្នូរ​សំឡេង​​ចបកាប់​ កាប់ដី… នៅ​ឮសូរ​សំឡេង​ខ្ញៀវខ្ញាររបស់​ពលករ​រាប់​ពាន់​រាប់​ម៉ឹននាក់​កំពុង​សំរុក​រែក​ដី…  នៅឮសូរ​សំឡេង​ចំរៀង​បដិវត្តន៍​​ ដែល​ចំទាល​ឡៗ តាម​ម៉េក្រូ​ផ្កាត្រកួន​ទាំង​​ថ្ងៃទាំង​យប់… ឮសំឡេង​​ការ​ប្រជុំ​បំពាក់​គោល​ជំហរ​បដិវត្តន៍​អោយ​មុត​ស្រួច ដើម្បី​រែក​ដី​ជូន​អង្គការ… ​ឮ​សំឡេង​ចាន-​​ស្លាបព្រា​​​​​ទង្គិច​គ្នា ​ក្នុង​ពេល​​សំរាកទទួល​ទាន​អាហារ​ប្រចាំ​ថ្ងៃ… ឮស្នូរ​ឌិបៗ​នៃ​ជើង​ដំរី ​ដែល​មិត្តៗនារី​​ឈរ​ជា​ជួរ​បុក​បង្ហាប់​ដី​នៅ​លើ​​ខ្នង​ទំនប់… នៅ​ស្រមៃ​​ឃើញ​​​​ទិដ្ឋភាព​នៃ​អ្នក​ធ្វើ​ការ​ទាំង​ហេវ​ហត់​នៅ​ក្រោម​កំដៅ​ថ្ងៃ… ​ស្រមៃ​ទៅ​ដល់​​ទិដ្ឋភាព​​អំពូល​ម៉ែត្រ​នា​ពេល​រាត្រី សំរាប់​ជួយ​​បំភ្លឺ​ដល់​អ្នក​រែក​ដី​​នៅពេល​យប់… គឺ​អ្វីៗ​ទាំង​អស់​នេះ​រួម​បញ្ចូល​​គ្នា​ទៅ ទើប​បង្កើត​ចេញ​ជា​ទំនប់​ទឹក​​ដ៏​ធំ​អស្ចារ្យ​នេះ​ឡើង…។​

​អាច​និយាយបាន​ថា ទំនប់​ទឹកដែល​ខ្ញុំ​កំពុង​​ធ្មេច​ភ្នែក​ឈរ​នៅ​ពី​លើ​វា​នេះ គឺកើត​ចេញ​មក​ពី​​ដំណក់​ញើស, ដំណក់​ទឹក​ភ្នែក និង​ដំណក់​ឈាម​ពលករ​ខ្មែរ​យើង​រាប់ពាន់ ​រាប់​​ម៉ឺននាក់​ កាល​ពី ៣៤ឆ្នាំ​មុន..!!..

ស្រុកស្រែ

Advertisements

19 responses to “ទំនប់ទឹកកំពីងពួយ

  1. ចាំមើលខ្ញុំត្រៀមប្តឹងបងស្រី 😀

  2. អរគុណលោកស្រុកស្រែ ដែលបានចែករំលែក ! ទំហំទំនប់ កំពស់ប្រហែលគ្នា ឬ ដូចគ្នា ទំនប់អូដូនតា ដែលគេឱ្យពួកខ្ញុំជីកដែរ តែទំនប់អូដូនតា ចាប់ផ្តើមធ្វើតាំង ពីដើមឆ្នាំ ១៩៧៥ម្លេះ គឺនៅខាងលើ ឬទៅភាគនិរតីនៃទំនប់កំពីងនេះ ប្រហែល ចម្ងាយ ២៥-៣០ គីឡូម៉ែត្រ ។ ទំនប់អូដូនតាជាប្រភពមេទឹកធំ ឱ្យហូរចាក់មក ទំនប់គំពីងពួយ ។ ជីកដោយដៃ ៣ ខែ មិនបានស្មើនឹង អាសានី ជីក ៣ អាទិត្យ ទេ អាសានីហ្នឹងឯង ដែលក្រោយមកយកជីក ទំនប់កំពីងពួយ មានតែពីរគ្រឿង ទេតូចមួយធំមួយ គេយកពីប៉ោយប៉ែតអូជ្រៅ យកទាំងអ្នកបញ្ជាឬបើកគ្រឿង ម៉ាស៊ីននេះមកផង ។ មានអីមានមិត្តនារីគេចេះបើកគ្រឿងចក្រនេះដែរ តែពួក ខ្ញុំជាលោកសង្ឃ ឃើញនារីគេចេះបើក ក៏ចាត់ឱ្យលោកសង្ឃមួយអង្គ ទៅរៀន បើកនឹងគេដែរ តែលោកអង្គនោះមាឌ អាគាំងសុំខ្មាស ខ្ញុំហៅលោកថា តាប៊ឹបៗ លោកចេះបើកឡូយជាងនារីទៅទៀត ។ល។

    • សូមអរគុណ និង​សូមជូនពរ​សិរីសួស្តី​ជូន​ដល់​លោកបង និង​ក្រុម​គ្រួសារ​ជាទី​គោរព…

      តើទំនប់អូរដូនតា ស្ថិតនៅ​ក្នុង​ឃុំ-ស្រុក​​អីដែរ​លោក​បង?… បើ​មាន​ឳកាស ខ្ញុំ​នឹង​ព្យាយាម​ទៅ​អោយ​ដល់​​ទីនោះ ដើម្បី​ថតរូប​យក​មក​បង្ហាញ​ជូន​លោក​បង នៅ​ទីនេះ​ទៀត…

      • អូ, ដឹងថាមានភូមិអូដូនតានៅខាងលិចហ្នឹង ប្រហែលជា នៅឃុំក្តុល-តាហែនកាលលើកមុន តែទំនប់នោះមិនឱ្យមាន ទឹកហូរចេញទៅក្រោមទំនប់ទេ អត់មានទ្វាទឹកទេ គឺឱ្យទឹក ហូរចាក់មកភ្នំកំពីងពួយនេះ ឯង បើមិនទប់ទេ ទឹកត្រូវហូរ ចូលស្ទឹងមង្គលបូរី ឬ ស្ទឹង តាគត់តាគ្រៃ តែកាលពីដើម សម័យសង្គមរាស្រ្តនិយម ឬ សាធារណរដ្ឋ មិនដែលទប់ ទឹកនោះជាប់ទេ ដោយសារ តែកម្លាំងទឹកនោះខ្លាំងពេក ទើបតែពួកខ្ញុំទប់ទេ ទើប ជាប់ ឬ នៅក្រោមការគ្រប់គ្រងតាទៀប តាយ៉ៃ ឬតាឆាំ ពីព្រោះពួកគាត់នោះ ចុះធ្វើភ្ទាល់ជាមួយពួកខ្ញុំដែរ ជាពិសេសធ្វើបាទទំនប់ ។

        • សូមអរគុណលោកបងម្តងទៀត… បើតាម​ការ​រៀបរាប់ ទំនប់នេះ​ប្រហែល​ជា​ស្ថិត​នៅ​ក្នុង​ស្រុក​បរវេលហើយ ព្រោះ​មាន​មិត្ត​ភក្តិ​បាន​ប្រាប់ខ្ញុំ​ថា មាន​ទំនប់​ធំមួយដែល​កសាង​ក្នុង​សម័យ​ ប៉ុល ពត បាន​ទប់​ទឹក​ស្ទឹង​មង្គលបុរី ដើម្បី​បង្វិល​ទឹក​យក​មក​បញ្ចូល​ស្តុក​ទុក​ក្នុង​អាង​កំពីងពួយ​នេះ…។ ស្គាល់ហើយ… មាន​ពេល​ ខ្ញុំនឹង​ទៅ​ទីនោះ… 😀

          • មិនទប់ស្ទឹងទេ តែទប់អូរ ប៉ុន្តែអូរនោះ មានកម្លាំង ទឹកខ្លាំង ណាស់ ពីព្រោះមានដៃវារាប់រយ ហូរចូលអូរនេះ ពេលរដូវ វង្សាម្តងៗទឹកហូរនាំដើមឈើ ទាំងដុលៗ តែខែប្រាំងរីងអស់ អត់ឃើញមានទឹកទេ មានតិចៗ តែជីកទៅឆាប់ចេញទឹក ណាស់ ។ នៅខែ ៧ ឬកក្កដា ឆ្នាំ ៧៥ គេបញ្ជូនកងចល័ត រាប់រយឬពាន់នាក់ មកជំនួស ពួកខ្ញុំ ដើម្បីជីប្រឡាយបន្តរទៅភ្នំកំពីងពួយ តែដូចជា មិនឃើញមានប្រឡាយវែងទេ ប្រហែលជាមកពី គ្រុនចាញ់ខ្លាំងពេក ស៊ូទ្រាំមិនបាន ទើបគេផ្អាក មើលទៅ !!

  3. ខ្ញុំសរសើរសិល្បិ៍វិធីក្នុងការរៀបរាប់របស់ពូស្រុកស្រែណាស់ អាន​ដំបូង​នាំអោយ​អ្នកអាន​រីករាយ អស់​សំណើច​នឹង​ឃ្លាឃ្លោង​ឡែប​ខាយ​របស់​អ្នកនិពន្ធ ដល់​ចុង​ក្រោយ មាន​អារម្មណ៍​ធ្ងន់​ក្នុងចិត្ត ព្រោះ​តែដិត​ដាម​នឹង​រឿង​កំសត់​របស់​ប្រជាជន​ដែល​បាន​ស្លាប់​ដោយសារ​ការ​កសាង​អាងទឹក​នេះ thumb up for you!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s