វិចិត្រសាល

អារាមក្រុងបាត់ដំបង៖ វត្តដំរី-ស


នេះជាវត្តទីបីហើយ ដែល​ខ្ញុំ​ចង់​បង្ហាញ​ជូន​អស់​លោក​អ្នក​ ស្ថិតនៅ​ក្នុង​ក្រុង​បាត់ដំបង… នោះគឺ​ វត្តដំរី ស..!!..

មិន​ខុស​ពី​វត្ត​ទាំង​ពីរ​មុននេះ​ដែរ, វត្តដំរី ស មាន​ឈ្មោះ​យ៉ាង​ពិរោះ​ និង​វែង​អន្លាយ​ថា វត្តស្វេតឆត្រ័​កុញ្ជរជ័យ… ជា​អារាម​ព្រះពុទ្ធ​សាសនា​ដ៏​ចំណាស់​មួយ ក្នុង​ចំណោម​ទី​អារាម​ចំណាស់ៗ​ដទៃ​ទៀត​ នៃ​ក្រុង​ប្រវត្តិសាស្រ្ត​មួយ​នេះ។ ពាក្យ «ស្វេត» មានន័យ​ថា ពណ៌ «ស», ដល់ពាក្យ «ស្វេតឆត្រ័» ប្រហែល​មាន​ន័យថា «ឆត្រ័ ស»។ រីឯ​ពាក្យថា «កុញ្ជរ» មានន័យថា «សត្វដំរី»។ ដល់​ប្រែ​អោយ​ពិរោះ​​ទៅគឺ ស្វេតឆត្រ័កុញ្ជរជ័យ អាចមាន​ន័យ​ថា «ដំរី-សជ័យ»។

ខ្ញុំ​មិន​បាន​ដឹង​ពី​កាលបរិច្ឆេទ​ពិត​ប្រាកដ​​ នៃ​ការ​កសាង​វត្តនេះ​ទេ តែ​ក្នុង​អំឡុង​ពេល​ខ្ញុំ​ដើរ​ចូល​វត្តដំរី ស ជា​លើក​ទីមួយ​នេះ គាប់​ជួន​មាន​ភ្ញៀវ​ទេសចរណ៍​ថៃ​មួយ​ក្រុម បាន​មក​ចូល​ទស្សនា​វត្ត​ដ៏​ចំណាស់​​របស់​យើង​​នេះ​ផងដែរ… រួច​ខ្ញុំ​ឮ​មគ្គុទេសក៍​ទេសចរណ៍ បាន​ពិពណ៌នា​ជំរាប​ប្រាប់​ភ្ញៀវ​ថា វត្តនេះ​មាន​អាយុកាល ២៨២ឆ្នាំ​ហើយ (សងលយ ប៉ែតសីប​សង)។ ប្រសិន​បើ​ដូច​ការ​អះអាង​ពី​សំណាក់​មគ្គុទេសក៍​ទេសចរណ៍​នេះ​មែន ពេលខ្ញុំ​ធ្វើ​លេខដក​ទៅ គឺ​វត្តនេះ​អាច​នឹង​ចាប់​ផ្តើម​កសាង​នៅ​ម្តុំ​ឆ្នាំ ១៧៣០ ជាង… រួចបន្ទាប់​មក​ ក៏​ប្រហែល​ជា​មាន​ការ​កសាង ជួស​ជុល​ជា​បន្ត​បន្ទាប់​ផង​ដែរ។ តែ​បើ​តាម​ឯកសារ​របស់​លោក តូច ឈួង វិញ​បាន​អះអាង​ថា ព្រះវិហារ​វត្តដំរី ស បច្ចុប្បន្ន​នេះ ត្រូវ​បាន​កសាង​ឡើង​ដោយ​លោកស្រី អ៊ឹង ដែល​ជា​លោក​ជំទាវ​ធំ​របស់​លោក​ កថាថន ឈុំ…។

ចំពោះ​ក្រុ​មជាង​​ស្ថាបនា​ព្រះវិហារ​វត្តដំរី ស ឬវត្តស្វេតឆត្រ័កុញ្ជរជ័យ ​ដែល​យើង​កំពុង​ឃើញ​​មក​ទល់​នឹង​សព្វ​ថ្ងៃ​នេះ បើ​តាម​ឯកសារ​របស់​លោក​ តូច ឈួង បាន​អះអាង​ថាៈ ជាងអ្នក​​ទទួល​ការ​ងារ​​រៀប​ឥដ្ឋ​​​​គឺ កុងតូ នៅភូមិ​ដូនទាវ និង​ជាង ស្នា នៅ​មុខ​វត្តកំផែង។ ឯ​ជាង​ខាង​​ឆ្លាក់​រូប​ស៊ីម៉ង់ត៍ ជារូប​គ្រុឌ តោ ស្វា មនុស្ស យក្ស… គឺជាង ញឹក នៅព្រែក​តាតន់ និង​ជាង សឿន នៅ​ភូមិ​ចំការ​សំរោង។ ចំណែក​ជាង​ចំលាក់​ឈើ​​វិញ គឺ​ជាង អុន នៅ​ក្បែរ​វត្តក្តាំងងារ ដែល​ថ្វី​ដៃ​ឆ្លាក់​របស់​​គាត់​ បាន​ស៊ីដាច់​​ជាងឆ្លាក់​​ឈើ​ដទៃៗ​ទៀត​ក្នុង​សម័យ​នោះ…។​

ក្រោយពេល​ដើរថតរូប និង​សង្កេត​មើល​ទីតាំង​ក្នុង​​បរិវេណ​វត្ត​នេះ​ទាំង​មូល​រួច​មក ​អារម្មណ៏​កោត​ស្ញប់​ស្ញែង​ និង​សោក​ស្តាយ​​ បាន​កើត​​​​​លាយ​ឡំ​​គ្នា​នៅ​ក្នុង​ក្បាល​ក្រឡក​ខួរ​របស់​ខ្ញុំ…។ អារម្មណ៍​កោត​ស្ញប់​ស្ញែង គឺ​ក្រោយ​ពេល​បាន​ឃើញ​ចំលាក់ផុស​ដ៏​រស់​រវើក​នៅ​តាម​ជើង​ជញ្ជាំង និង​បង្អួច​បញ្ឆោត​របស់​​ព្រះវិហារ និង​​ថ្វីដៃ​គំនូរ​ដ៏វិចិត្រ ដែល​វិចិត្រករ​យក​ពណ៌​ពី​រុក្ខជាតិ មកគូរ​​នៅខាង​​លើ​​​ជញ្ជាំង​ខាង​ក្រៅ​ មួយ​ជុំ​​​ព្រះវិហារ!… ចំលាក់​សូន្យ​រូប​​សត្វ​សីហៈ​ ដែល​ឈរយាម​តាម​របង​ព័ទ្ធ​ជុំវិញ​ព្រះវិហារ!… សត្វគ្រុឌ​ ដ៏សង្ហា​អស់​ទាស់​ ដែលកំពុង​លើក​ដៃ​ទាំង​ពីរ​ ទ្រចុង​ដំបូល​ព្រះ​វិហារ!… និង​ជា​ពិសេស គឺ​ក្រោយ​ពី​បាន​ពិនិត្យ​មើល​រូបភាពចំលាក់​(ឈើ?) ​នៅ​លើ​​ហោជាង​ដំបូល​ព្រះ​វិហារ គឺពិត​ជា​អត់​ទ្រាំ​​មិន​សរសើរ ​មិន​បាន…។

រីឯ​អារម្មណ៍​សោក​ស្តាយ​វិញគឺថា… ហេតុម៉េច​បាន​ជា​ «​យើង» ​ទុក​បណ្តោយ​អោយ​វត្ត​បុរាណ​នៅ​ចំកណ្តាល​ក្រុង​​មួយ​នេះ ធ្លាក់​ខ្លួន​ទុរន់ទុរា​ខ្លាំង​ម៉្លេះ?… អ្វី​ដែល​ខ្ញុំ​សោក​ស្តាយ​ខ្លាំង​មែន​ទែន​នោះ​គឺ ហេតុម៉េច​ក៏​អ្នក​ស្រុក នាំ​គ្នា​យក​សព​ទៅ​កប់​ព័ទ្ធ​ជុំ​វិញ​ខឿន​ព្រះ​វិហារ ដែល​ហាក់​​ដូច​សឹង​​​ក្លាយ​ទៅ​ជា​វាល​កប់​សព​នៅ​កណ្តាល​ក្រុង​ទៅ​ហើយ?… ព្រោះថា នៅខាង​មុខ និង​ចំហៀង​ខាងជើង និង​ខាង​ត្បូង​ខឿន​ព្រះវិហារ​វត្ត​ដំរី ស គឺ​សុទ្ធ​តែ​ម៉ុង​កប់សាកសព ព្រម​ទាំង​​ចេតីយ៍​តូចៗ​​ ជា​ច្រើន​ទៀត​ ឡើង​ណែន​ក្តន់ សឹង​តែ​រក​ផ្លូវ​ដើរ​មិន​ឃើញ។

ដោយ​ហេតុនេះ ប្រសិន​បើ​ចង់​រៀប​ចំ​វត្ត​នេះ ដើម្បី​ទាក់​ទាញ​ភ្ញៀវ​ទេសចរណ៍​ជិត​ឆ្ងាយ គឺ​ដំបូង​បង្អស់ ​ត្រូវ​តែ​រៀប​ចំ​​ដោះ​ស្រាយ​ជា​មួយ​ម្ចាស់​​ម៉ុងខ្មោច និង​ចេតីយ៍​ ដែល​ស្ថិត​នៅ​កៀក​ជាប់​ខឿន​ព្រះវិហារ​នេះ​ជា​មុន​សិន។ រួច​បន្ទាប់​មក ទើប​ធ្វើ​ការ​ជួស​ជុល​​កែ​លំអ​អោយ​មាន​សោភ័ណភាព​ឡើង​វិញ ដោយ​រក្សា​ទុក​រចនាបទ និង​ទ្រង់​ទ្រាយ​ដើម​ទាំង​ស្រុង​។ វា​ហាក់​ដូច​ជា​លុយដ៏​​ច្រើន​សន្ធឹក​​នៅ​នឹង​មុខ​សោះ​ តែ​​យើង​នៅ​ស្ទក់​ ​​មិន​ព្រម​បើក​ភ្នែក​មើល​ទៅ​ប្រទេស​ជិត​ខាង​ ដើម្បី​រៀន​សូត្រ​​ពី​គេ​ អំពី​​របៀប​រៀប​ចំ​​​​កែ​ច្នៃ​ទី​វត្តបុរាណ​​​ដ៏​មាន​តំលៃ​​បែប​​ប្រវត្តិសាស្រ្ត​​នេះ​​ ​អោយ​ក្លាយ​ទៅ​ជា​ប្រភព​ចំណូល​​ដ៏​សំខាន់​​​ក្នុង​​វិស័យ​ទេសចរណ៍​សោះឡើយ..!!..​​​

ខាងក្រោមនេះ ជាទិដ្ឋភាព​ទូទៅ​នៅ​វត្តដំរី-ស ឬ​វត្តស្វេតឆត្រ័កញ្ជរជ័យ ដែល​ខ្ញុំ​បាន​ថត​នា​ពាក់​កណ្តាល​ខែ​មេសា ឆ្នាំ២០១៣ សំរាប់​​ទុក​ជា​ឯកសារ…

ស្រុកស្រែ

___________________

អត្ថបទដែលទាក់ទង៖

 

Advertisements

2 responses to “អារាមក្រុងបាត់ដំបង៖ វត្តដំរី-ស

  1. ខ្ញុំធ្លាប់បានទៅបាត់ដំបងពីរបីដងដែរ តែមិនដែលបានចូលមើលវត្តទាំងបី(ក្នុងប្រកាសរបស់ពូឆុកឈែ)សោះ យ៉ាប់មែនអ្នកខ្លួនបួនប្រាំតាឯង។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s