វិចិត្រសាល

អារាមក្រុងបាត់ដំបង៖ វត្តសង្កែ


បន្ទាប់​ពី​វត្តកំផែង ឬវត្តវរណារា ខ្ញុំ​ចង់​បង្ហាញ​ជូន​​អស់​លោកអ្នក​ ​​នូវ​ទីអារាម​ដ៏​ចំណាស់​មួយ​ទៀត ដែល​ស្ថិត​នៅ​មាត់​ច្រាំង​ខាង​កើតដង​​ស្ទឹង​សង្កែ… នោះគឺ​ វត្តសង្កែ..!!..

វត្តសង្កែ​ ជា​ឈ្មោះហៅ​ក្រៅ ឯ​ឈ្មោះ​ពិត​ដែល​ពិបាក​ទាំងអាន ពិបាក​ទាំង​​ចាំ គឺឈ្មោះ វត្តឥន្ទ្រាធិបតីធារាម…។ វត្តឥន្ទ្រាធិបតីធារាម ឬវត្តសង្កែនេះ ពីអតីតកាល គឺជា​វត្តធំ​ជាង​គេ… ជាវត្ត​របស់សម្តេចចៅ ឬវត្តរបស់​ព្រះមេគណ ដែល​លោក ​កថាថន ញ៉ុញ និងក្រោយ​មក លោកកថាថន ឈុំ និយម​ទៅ​ធ្វើ​បុណ្យ​នៅ​វត្ត​មួយនេះ… ជាពិសេស គឺបុណ្យសែយិត ដែល​ជា​ពិធី​បុណ្យ​ផ្លូវ​ការ​ដ៏​ធំ​កាល​ពី​សម័យ​នោះ។

លោកកថាថន ញ៉ុញ ឬ​លោក​ម្ចាស់​ព្រះកោដ្ឋ ជា​អ្នក​ផ្តើម​កសាង​ព្រះវិហារ​វត្ត​សង្កែ​នេះ​ (មិនដឹង​កាល​បរិច្ឆេទ​ឆ្នាំណាទេ)។ ក្រោយ​ពេល​លោក​កថាថន ញ៉ុញ និង​លោក​ជំទាវ​ ធិម ដែល​ជាមាតា​បិតា​របស់​លោក​កថាថន ឈុំ បាន​ធ្វើ​មរណកាល​ទៅ អដ្ឋិធាតុ​នៃ​ជន​ទាំង​ពីរ​រូប​នេះ ត្រូវ​បាន​លោក​កថាថន ឈុំ ជាកូន​​យក​ទៅ​តំកល់​ទុក​​នៅ​ក្នុង​ចេតីយ៍​ធំពីរ ដែល​ស្ថិត​នៅ​ខាង​កើត​ព្រះវិហារ​​​​​។ បច្ចុប្បន្ន ចេតីយ៍​ចំណាស់​ទាំង​ពីរ​នេះ មាន​សភាព​ចាស់​ទ្រុឌ​ទ្រោម​ដោយ​មិន​មាន​នរណា​ថែទាំ ជួស​ជុល​ឡើយ…។

នៅលើជញ្ជាំង​ព្រះវិហារ ចំច្រក​ចូល​ខាងលិច មានផ្ទាំង​គំនូរ ឬចំលាក់ផុស​ (​មិន​ដឹង​ថា​ពាក្យ​បច្ចេកទេស ហៅយ៉ាងម៉េច​ទេ​) ដែល​និទាន​អំពី​ពុទ្ធ​ប្រវត្តិ​ ត្រង់វគ្គ​ព្រះអង្គ​យាង​ចេញ​ទៅ​សាង​ផ្នួស និង​កំពុង​​កាត់​ព្រះកេសា(សក់ក្បាល)…។ ផ្ទាំង​ចំលាក់​រូប​ផុស​នេះ មាន​ពណ៌​ស្រស់​ស្អាត​ណាស់។ ប្រសិន​បើ ចំលាក់​មួយ​ផ្ទាំង​នេះ មិន​មាន​ការ​ជួស​ជុល​លាប​ថ្នាំ​ជា​ថ្មី​ឡើង​វិញ នា​ពេល​ក្រោយៗ​នេះ​ទេ នោះជាង​ដែល​ឆ្លាក់ និង​ផាត់ពណ៌​​ចំលាក់​មួយ​ផ្ទាំង​នេះ គឺ​ពិតជា​មាន​ទេព​កោសល្យ​សិល្បៈ​​ក្នុង​កំរិត​កំពូល​ណាស់ ព្រោះ​ថា ពួក​គេ​បាន​​ប្រើ​​ពណ៌​​ ដែល​ចំរាញ់​យក​មក​ពី​ធម្មជាតិ​សុទ្ធសាធ មក​ប្រើ​លាប​លើ​ផ្ទាំង​គំនូរ​ ធ្វើ​​អោយ​រក្សា​ពណ៌​បាន​យូរ​បែប​នេះ។ នៅ​មាន​ចំលាក់រូប​មនុស្ស និង​យក្ស មាន​ទំហំ​​ធំ​ខ្ពស់ ដែល​ដាក់​តាំង​នៅ​តាម​ជ្រុង​ទាំង​បួន​នៃព្រះវិហារ​វត្តសង្កែនេះ​ផងដែរ។

នៅ​ខាង​មុខ​ព្រះវិហារ ជ្រុង​ខាង​ជើង មាន​ដាក់​តាំងគំនូរ​ជា​​រូបថត​មួយ​ផ្ទាំង។ រូបថត​មួយ​ផ្ទាំងនេះ គឺ​​ជា​ក្រុម​សប្បុរស​ជន ដែល​​រួម​គ្នា​ជួស​ជុល​កសាង​ព្រះវិហារ​វត្ត​សង្កែ​ ជាថ្មី​ឡើង​វិញ​។ តាម​រយៈ​ព័ត៌មាន​ដែល​នៅ​ខាង​ក្រោយ​ផ្ទាំង​រូប​ថត​នេះ ​បាន​អោយ​ដឹង​ថាៈ ព្រះ​វិហារ​​វត្តសង្កែ ត្រូវ​បាន​​ចាប់​ផ្តើម​ជួសជុល​នៅ​ខែមីនា ឆ្នាំ១៩៩៣ និង​ហើយ​រួច​រាល់​ជា​ស្ថាពរ​​នៅ​ខែ​មេសា ឆ្នាំ១៩៩៦ ដែល​ចំណាយ​អស់​ថវិកា​ប្រមាណ​ជាង ១២ម៉ឺន​ដុល្លារ​សហរដ្ឋ​អាមេរិក។

ក្នុង​ចំណោម​រូបថត​សប្បុរស​ជន​មួយ​ផ្ទាំង​នេះ ខ្ញុំ​ចាប់​អារម្មណ៍​ជាង​គេ គឺ​រូបថត​ពីរ​នៅ​ជួរក្រោម​​ ខាង​ស្តាំ​ដៃ ដែល​មាន​ដាក់​ឈ្មោះថា លោក ប៊ុនលីក ធីថាក់​ណារ៉ុងថន និង​អ្នកស្រី វិល័យ ធីថាក់ណារ៉ុងថន ដែល​ច្បាស់​ណាស់ គឺ​ពួក​គេ​ជា​សប្បុរស​ជន​មក​ពី​ប្រទេស​ថៃ…។

ខាងក្រោមនេះ ជាទិដ្ឋភាព​ទូទៅ​នៅ​វត្តសង្កែ ឬ​វត្តឥន្ទ្រាធិបតីធារាម ដែល​ខ្ញុំ​បាន​ថត​នា​ពាក់​កណ្តាល​ខែ​មេសា ឆ្នាំ២០១៣ សំរាប់​​ទុក​ជា​ឯកសារ…

ស្រុកស្រែ

___________________

អត្ថបទដែលទាក់ទង៖

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s