វិចិត្រសាល

ក្រុងសែនមនោរម្យ នាពេលព្រឹកព្រលឹម​…


ជាថ្មី​ម្តង​ទៀត ខ្ញុំ​បាន​ទៅ​ដល់​ក្រុង​សែនមនោរម្យ​ នៅ​ពេល​រសៀលថ្ងៃច័ន្ទ ម្សិលម្ងៃ​នេះ…។

កាល​ពី​ថ្ងៃ​អាទិត្យ គឺ​មុនខ្ញុំ​ទៅ​ដល់​​មួយថ្ងៃ, អ្នក​លក់​ដូរ​នៅ​ក្បែរ​រង្វង់​មូល​គោព្រៃ បាន​ប្រាប់​ខ្ញុំ​អោយ​ដឹង​ថាៈ មនុស្សម្នា​បាន​មក​លេង​មណ្ឌលគីរី ឡើងពេញប៊ឹប ដល់​ថ្នាក់​​រក​កន្លែង​ស្នាក់​នៅ​​​លែង​បាន រួច​ក៏​នាំ​គ្នា​សំរាក​​ខាងក្នុង​ និង​ក្បែរ​រថយន្ត​ពួកគេ​​រៀងៗ​ខ្លួន ​​​តាម​ដំណើរ​ចឹង​ទៅ…។ ឯ​តំលៃ​បន្ទប់​ស្នាក់​នៅ​ ក៏​ហក់ឡើង​ទៅតាម​ដំណើរ​​ចឹង​ដែរ បើ​ទោះ​ជា​អាជ្ញាធរ​ទេសចរណ៍​ខេត្ត​ បាន​ធ្វើ​ការ​ណែនាំ​មិន​អោយ​តំឡើង​ថ្លៃ​​ក្នុង​រដូវ​បុណ្យ​ទាន​ក៏​ដោយ។

នៅព្រឹកព្រលឹម​ក្នុងថ្ងៃ​អង្គារ៍ ម្សិលមិញ​នេះ មាន​ផ្សែង​អ័ព្ទធ្លាក់​ចុះ​ក្រាស់​គួរ​សម​ដែរ តែ​អាកាស​ធាតុ​លែង​​រងារ​ត្រជាក់​ នាំ​អោយ​ស្ពឹក​ចុងដៃ​ចុងជើង ចុងអីៗ​… ដូច​ពីមុន​ទៀត​ហើយ…។ ទិដ្ឋភាព និង​បរិយាកាស​នៅ​ទីនេះ​ មើល​ទៅដូច​ជា​មិន​មាន​ការ​ផ្លាស់​ប្តូរ​អីទេ…។ តែខ្ញុំ​ចង់​ជំរាប​ជូន​អស់​លោក​អ្នក​ថា ខែនេះ​ គឺចូល​ដល់​​រដូវ​ផ្លែប៊ើរ (Avocado) នៅមណ្ឌលគីរី​ ទុំ និងសំបូរ​ខ្លាំង​ណាស់…។ ឯ​តំលៃ​ក៏​ថោក សឹង​មិន​គួរ​អោយ​ជឿ បើ​ប្រៀប​ធៀប​នឹង​តំលៃ​នៅ​ទី​ផ្សារ​ស្រុក​អំពេញ​ឯ​ណេះ…។

នៅ​ព្រឹក​ព្រលឹម​នេះ ខ្ញុំ​ជួប​រឿង​ពីរដែល​ខ្ញុំ​ចង់​ជំរាបជូន​​អស់​លោក​អ្នក។ រឿង​ទីមួយ​នោះ​គឺៈ ​ជា​ចៃដន្យ នៅ​ពេល​ខ្ញុំ​កំពុង​ឈរ​រ៉េរ៉នៅ​ជិត​រង្វង់​មូល​គោព្រៃ ស្រាប់​តែ​មាន​ស្រ្តី​ជន​ជាតិ​​​ភាគ​តិច​ម្នាក់​ ស្ពាយ​កាផាដាក់​ផ្លែ​ម្នាស់​ទុំ​យក​មក​លក់ និង​មាន​​កូន​ង៉ែត​តូច​មួយ​​នៅ​ក្នុង​ថ្នក់​ក្រមារ​ពាក់​ឆៀង​​ពី​ខាង​មុខ​ផង​ដែរ​។ គ្រាន់​តែ​ស្រ្តី​ជន​ជាតិ​​រូបនេះ​គាត់​បន្ទន់​ខ្លួន​ដាក់​កាផា​ចុះ​ដល់​ដី​​ភ្លាម ភ្ញៀវ​អ្នក​ភ្នំពេញ​យើង​ក៏​ចាប់​ផ្តើម​​​​រោម​គាត់​អ៊ូដែរ។ ខ្ញុំ​ប្រជ្រៀត​ចូល​ទៅ​អើត​មើល ឃើញ​ផ្លែម្នាស់​ទុំ​នៅ​ក្នុង​កាផា រាប់ទៅ​ឃើញ ៨ផ្លែ…។ មាន​ស្រ្តី​វ័យ​ជំទង់​ម្នាក់​ បាន​រើស​យក​ ៤ផ្លែ… ១ផ្លែ ២០០០​រៀល រួច​រាប់​លុយ​អោយ…។ នៅសល់​ ៤ផ្លែ​ទៀត មានមីងម្នាក់​​តថ្លៃ​ ៧០០០​រៀល… លក់​អត់?… ហើយ​ស្រ្តី​អ្នក​លក់​ ក៏គ្រវី​ក្បាល​ដាក់…។ ខ្ញុំ​ងាក​ទៅ​ខ្សឹប​​​ជំរាប​មីង​​ដែល​កំពុងឈរ​​តថ្លៃ​ម្នាស់​នេះ​ថាៈ អ្នក​មីង​មិន​គួរ​តថ្លៃ​គាត់​ទេ ខុស​គ្នា ១០០០​រៀល អ្នក​មីង​គួរ​តែ​ជួយ​ទិញ​គាត់​ទៅ..!!.. រួច​មីង​ម្នាក់​នោះ ក៏​អោយ​អ្នក​លក់​ច្រក​ស្បោង​អោយ​គាត់ ហើយ​អ្នក​រោម​មើល​ដទៃទៀត ក៏នាំ​គ្នា​ដើរ​ចេញ​អស់​ទៅ…។ ឆ្លៀត​ពេល​ស្រ្តី​អ្នក​លក់​កំពុង​ចាប់​ម្នាស់​ច្រក​ស្បោង ខ្ញុំ​ក៏​និយាយ​លេងជា​មួយ​គាត់​​ ដោយ​​ហៅ​គាត់​ថា​បងស្រី…

  • កូនតូចនេះ​ស្អាត​ណាស់… អាយុ​ប៉ុន្មាន​ហើយ?… (ខ្ញុំសួរ)
  • ៦ខែ ហើយ..!!.. (សំនៀង​គាត់រដឺន ខ្ញុំ​ស្តាប់​សឹង​មិន​បាន)
  • …ហើយនៅផ្ទះ មាន​​នៅសល់​កូនប៉ុន្មាន​ទៀត? (ខ្ញុំសួរបន្ត)
  • មាន ៦ទៀត តូចៗ… នៅផ្ទះ…
  • ហើយផ្ទះ​បងស្រី នៅ​ដល់​ណា?… (ខ្ញុំ​សួរ​បន្ថែម)
  • នៅជិតនេះឯង… ប្រហែល ១០គីឡូ… ដើរម៉ាតិច​ដល់..!!..??..

ខ្ញុំ​ក៏​ងាក​មក​សើច​ញឹមៗ ដាក់​​មីង​​អ្នក​ទិញ…។ បន្ទាប់​ពី​ស្តាប់​ឮការ​ជជែកគ្នា​រវាង​ខ្ញុំ និង​ស្រ្តី​កូនខ្ចី​ស្ពាយ​ម្នាស់​មក​លក់​នេះចប់ មីងដែល​តថ្លៃ​ទិញ​ម្នាស់​​ ៤ផ្លែ​ចុង​ក្រោយ​នេះ បាន​ហុច​ក្រដាស​ប្រាក់ ១ម៉ឺនរៀល​​ទៅ​ស្រ្តី​អ្នក​លក់… ហើយ​ស្រ្តី​អ្នក​លក់​បំរុង​រាប់​លុយ​អាប់ ស្រាប់​តែ​មីង​អ្នក​ទិញ​ប្រាប់​ថាៈ មិន​បាច់​អាប់​ទេ… ប្រាក់​នេះ​​ខ្ញុំ​ជូន​នាង..!!.. នេះជា​រឿង​ទីមួយ…។

ឯ​រឿងទីពីរនោះគឹៈ កាល​ពី​ពេល​ល្ងាច​​ថ្ងៃច័ន្ទ​ ខ្ញុំ​មក​ដល់, ខ្ញុំ​ឃើញ​រថយន្ត​ពាក់​ស្លាក​លេខ​រាជការ​យ៉ាង​ខ្ញង់​មួយ​គ្រឿង ដែល​នៅ​លើ​ជញ្ជាំង​ទ្វារ​​ខាង​មុខ មាន​បិទ​ឡូហ្គោ​មួយ​ផ្ទាំង ជា​ទង់​ជាតិ​ប្រទេស​ជប៉ុន និង​នៅ​ខាង​ក្រោម​ មាន​សរសេរ​អក្សរជា​ភាសា​​អង់គ្លេស​ដាក់​ថាៈ From the People of Japan បាន​បើក​ទៅ​បើក​មក ម្តុំរង្វង់​មូល​គោ​ព្រៃ​… ហើយ​ព្រឹក​នេះ​ទៀត ក៏ឃើញ​បើក​ឆ្វែល​ទៅ​ឆ្វែល​មក​ទៀត​ដែរ…។

រឿង​យក​ឡាន​រដ្ឋ ដែល​ជា​ជំនួយ​របស់​ប្រទេស​នានា យក​មក​ជិះ​​ដើរ​លេង​ជា​លក្ខណៈ​គ្រួសារ​​​​នៅ​ថ្ងៃ​ឈប់​សំរាក​បុណ្យទាន​ក្នុង​​ស្រុក​យើងនេះ គឺ​ជា​រឿង​​ពេញ​និយម​ណាស់ ហើយ​សាមញ្ញ​ទៀត។ វាខុស​​ប្លែក​ ១៨០ដឺក្រេ​ពី​នៅ​ស្រុក​យៀកណាម ដែល​យើង​នាំ​គ្នា​ហៅថា ជាស្រុក​កុំម្មុយនីសនោះ ដែល​ច្បាប់​​របស់គេ​ បាន​ដាក់​ទោស​ធ្ងន់​បំផុត ចំពោះ​​មន្រ្តី​រដ្ឋាភិបាល​ណា​​​​ដែល​បាន​ប្រើ​ប្រាស់​ទ្រព្យ​សម្បត្តិ​រដ្ឋ​ ជា​ប្រយោជន៍​ឯកជន​​នៅ​ក្នុង​ថ្ងៃ​ឈប់​សំរាក។ រូបភាព​ខ្ញុំ​ថត​បាន​ឡាន​រាជការ​ជិះ​ដើរ​លេង​​ក្នុង​ថ្ងៃ​ឈប់​សំរាក​បែប​នេះ បើ​នៅ​ស្រុក​យៀកណាម​វិញ ខ្ញុំ​ច្បាស់​ជា​បាន​ទទួល​​រង្វាន់​ពី​រដ្ឋាភិបាល​​ហើយ។ ​​ទង្វើ​​របស់​ខ្ញុំ​ តាម​រយៈ​ការ​ផ្តល់​រូបថតនេះ បើ​នៅ​ប្រទេស​វៀតណាម​វិញ ត្រូវ​បាន​ចាត់​ទុក​ថា​ ​ជា​ការ​ចូល​រួមធ្វើ​ជា​ភ្នែក​ជា​ច្រមុះ​ជួយ​រដ្ឋ​ ដើម្បី​កំចាត់​ «មន្រ្តីសេរី» ​​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល​របស់​វៀតណាម​ នា​ពេល​បច្ចុប្បន្ន…។​​

សំរាប់​ខ្ញុំ, ការ​និយាយ​​ត្រង់ៗ​​លើ​​​ករណី​តូច​តាច​មួយ​នេះ គឺមិនមែន​​ជា​ការច្រណែន​​ចំពោះ​​អស់​លោក​​អ្នក​ ដែល​មាន​សំណាង​បាន​​ប្រើ​ប្រាស់​រថយន្ត​​ពាក់ស្លាក​លេខ​​ស្ថាប័នជាតិ​​ទូទៅ​ យក​ទៅ​ជិះ​ដើរ​លេង​ជា​លក្ខណៈ​គ្រួសារ​ទេ។ អ្វី​ដែល​ខ្ញុំ​រៀបរាប់​ខាង​លើ​​នេះ គឺ​ចង់​សំដៅ​តែ​​ទៅលើ់​យានយន្ត​ដែល​មាន​បិទ​រូប​ឡូហ្គោ​នៅ​ជញ្ជាំង​ទ្វារ​​ ដែល​បង្ហាញ​ពី​ប្រទេស​ម្ចាស់​ជំនួយ​ ជួយ​មក​អភិវឌ្ឍន៍​ប្រទេស​ជាតិ… ហើយ​អស់​លោក​អ្នក​បែរ​​ជា​យក​មក​ប្រើ​ប្រាស់​ខុស​រឿង​​បែប​នេះ គឺ​គួរ​អោយ​ខ្មាស់​ប្រជាជន​ម្ចាស់​ជំនួយ​​ណាស់។ នេះ​នៅ​មិន​ទាន់​គិត​ពី​ការ​ប្រើ​​ប្រាស់​​ប្រេង​ឥន្ធនៈ​​របស់​រដ្ឋ តាម​​បែប​ខ្ជះ​ខ្ជាយ​ផង​ទេ​…។

នេះ​ជា​រឿង​ទីពីរ​ដែល​ខ្ញុំ​ចង់​ជំរាប​​ជូន។ ខ្ញុំ​សូម​ជំរាប​, បញ្ជាក់​ហើយ​បញ្ជាក់​ទៀត​ថា នេះ​មិន​មែន​ជា​រឿង​ខ្ញុំ​​ច្រណែន​​នឹង​អស់​លោក​ណា​ម្នាក់​ទេ!… តែជា​រឿង​​ខ្ញុំ​ខ្មាស់​គេ​ជួស..!!..

ខ្ជិល​និយាយ​វែង​ឆ្ងាយ… ហើយខាងក្រោម​នេះ ជាទិដ្ឋភាពក្រុងសែនមនោរម្យ នាពេល​ព្រឹកព្រលឹម​ក្នុង​ថ្ងៃ​ទីពីរ​ នៃ​ព្រះរាជពិធី​បុណ្យ​ចំរើន​ព្រះជន្ម​​ព្រះ​មហាក្សត្រ​យើង នាឆ្នាំ​២០១៣ នេះ…

ស្រុកស្រែ

Advertisements

One response to “ក្រុងសែនមនោរម្យ នាពេលព្រឹកព្រលឹម​…

  1. ហ៊ឹម… អានអត្ថបទនេះហើយ ពិតជានឹកមណ្ឌលគីរីណាស់ 😦

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s