វិចិត្រសាល

អារាមក្រុងបាត់ដំបង៖ វត្តបាឡាត់


ចេញពី​វត្តកែវ ខ្ញុំ​បក​ត្រឡប់​ក្រោយ… មុន​នឹង​ទៅ​ដល់​វត្តបាឡាត់ មានអារាម​មួយ​ឈ្មោះ​ថា វត្តនរាធិបតី ។ ខ្ញុំ​បាន​ចូល​ទៅ​ថតរូប​ក្នុង​បរិវេណ​វត្ត​នរាធិបតី​នេះ​ដែរ តែ​ដោយសារ​​ខ្ញុំ​មើល​ទៅ​សំណង់​ព្រះវិហារ​មាន​សំបុរ​​ថ្មី​នៅ​ឡើយ និង​ទិដ្ឋភាព​ទូទៅ​មាន​ភាព​សាមញ្ញ ទើប​ខ្ញុំ​សំរេចថា «សុំរំលងវត្តមួយនេះ» ​មិន​ចុះ​ផ្សាយតែ​ម្តង​ទៅ…។

ហួស​ពី​វត្តនរាធិបតី គឺវត្តបាឡាត់ ដែល​ស្ថិត​នៅ​មាត់​ច្រាំង​ដង​ស្ទឹង​សង្កែ​ត្រើយ​ខាង​កើត។ តាមឯកសារ​របស់​លោក តូច ឈួង បាន​អះអាង​ថាៈ អ្នក​ផ្តើម​កសាង​វត្ត​បាឡាត់​ គឺជាមន្រ្តី​ក្រមការនៅ​ក្រុង​បាត់​ដំបងមួយ​រូប ឈ្មោះលោកបាឡាត់ រស់ ដែល​លោក​កសាង​វត្តនេះ​​​​ឡើង​ដើម្បី​លា​បំណន់​ ក្នុង​គ្រា​ដែលពួក​អាណ្ណា​មចាប់​ខ្លួន​គាត់ និង​ក្រុម​គ្រួសារ​ យក​ទៅ​ឃុំទុក​នៅ​ក្រុង​វ៉េ ​អស់​រយៈ​ពេល​ ១០ឆ្នាំ…។ លោក​បាឡាត់​ រស់ បាន​បន់​ស្រន់​ថា បើ​គាត់​ និង​ក្រុម​គ្រួសារ​​បាន​រួច​ផុត​ទុក្ខភ័យ និង​បាន​វិល​ត្រឡប់​មក​​ស្រុក​កំណើត​វិញ គាត់​នឹង​សង់​ព្រះវិហារ​មួយ ដើម្បី​ថ្វាយ​ព្រះ…។

​​ក្រោយ​ពេល​ដែល​មាន​សេរីភាព និង​បាន​​វិល​ត្រឡប់​ទៅ​ដល់​ទឹក​ដី​កំណើត​វិញ, លោក​បាឡាត់​ រស់ ក៏បាន​​កសាង​​ទី​អារាម​វត្ត​បាឡាត់​​នេះ​ឡើង ហើយ​អ្នក​ស្រុក​ក៏​ហៅ​វត្តនេះ​ថា វត្តបាឡាត់ៗ ជាប់​រហូត​មក។ ឯ​កាល​បរិច្ឆេទ​នៃ​ការ​កកើត​ទី​អារាម​នេះ ក្នុង​ឯកសារ​របស់​លោក ​តូច ឈួង មិន​បាន​បញ្ជាក់​ច្បាស់​លាស់​ទេ​។ តែ​នៅ​លើ​ហោជាង​ព្រះវិហារ​ប៉ែក​ខាង​លិច មាន​ដាក់​កាល​បរិច្ឆេទ​ «ឆ្នាំវក ពុទ្ធសករាជ ២៤៧៥» ខ្ញុំ​គិត​ដក​លេខទៅ ត្រូវ​នឹង​ គ.ស១៩៣១…។ កាល​បរិច្ឆេទ​នេះ គឺច្បាស់​ជាឆ្នាំ​នៃ​ការ​ជួស​ជុល​ព្រះវិហារ​​​​សាជា​ថ្មី​ហើយ។ ឯ​ព្រឹត្តិការណ៍ពួក​អាណ្ណាម​ចាប់​លោក​បាឡាត់ រស់ ទៅ​ឃុំ​ទុក​នៅ​ក្រុងវ៉េ អាច​កើត​ឡើង​ក្នុង​រវាង​ទសវត្សរ៍​ឆ្នាំ​មួយ​ពាន់​ប្រាំ​បី​រយប្លាយឯ​ណោះ… ហើយ​ទីអារាម​នេះ ក៏​ប្រហែល​ជា​កើត​ឡើង​តាំង​ពី​ពេល​នោះដែរ…។​

ព្រះវិហារ​វត្តវត្ត​បាឡាត់ សង់​​ទាប​នៅ​លើ​ខឿន​ថ្ម និង​មាន​រាង​រៅ​ស្រដៀង​គ្នា​នឹង​ព្រះ​វិហារ​ចាស់​នៅ​វត្តកែវ​ដែរ។ នៅ​​ពាក់​កណ្តាល​ជញ្ជាំង​ព្រះវិហារ​​​ប៉ែក​ខាង​លិច មាន​ព្រះ​ពុទ្ធ​បដិមា​មួយ​អង្គ តំកល់​នៅ​លើ​សសរ​ខ្ពស់​មួយ។ នៅ​ជាប់​នឹង​ខឿន​ព្រះវិហារ​ប៉ែក​ខាង​លិច​នេះ គឺ​ជា​សាលា​បុណ្យ ដែល​សង់​យ៉ាង​ទាប និង​ចាស់​ណាស់​ទៅហើយ។

មាន​សំណង់​កំពុង​សាងសង់​មួយ ​ស្ថិត​នៅ​ខាង​កើត​ឆៀង​ខាង​ជើង​​ព្រះវិហារ, តើជា​សាលា​ក្មេង​រៀន ឬសាលា​ធម្មសភា?… ឬក៏​ជា​សាលា​ពុទ្ធិក​​សិក្សា?… ខ្ញុំមិន​ច្បាស់​ដែរ។ ឯ​កុដិ​ព្រះសង្ឃ​បច្ចុប្បន្ន ស្ថិត​នៅ​ដង្ហែរគ្នាតាម​របង​វត្ត​ប៉ែក​ខាង​ត្បូង។ ក្នុង​នោះ កុដិ​ថ្មី​មាន​​ពីរខ្នង ស្ថិត​នៅ​ទន្ទឹម​នឹង​ព្រះវិហារ… ក្រៅពី​នោះ សុទ្ធ​តែ​សំណង់​កុដិ​ចាស់ៗបី​បួន​ខ្នង​​ សង់​ដង្ហែរ​គ្នា​តាម​មាត់​ផ្លូវ​សំដៅ​ក្លោង​ទ្វារ​វត្ត ច្រក​ខាង​ត្បូង។

ខាងក្រោមនេះ ជាទិដ្ឋភាព​វត្តបាឡាត់ ក្រុង​បាត់​ដំបង ដែល​ខ្ញុំ​ថត​ទុក​ជា​ឯកសារ កាល​ពីចុង​​ខែ​មេសា ឆ្នាំ២០១៣ កន្លង​ទៅនេះ…​ ហើយ​ខ្ញុំក៏​សូម​បញ្ចប់​កំណត់​ត្រា ​តាម​បែប​រូប​ភាព​តែ​ត្រឹម​នេះ។ ប្រសិន​បើ​ខ្ញុំ​បាន​ទៅ​ដល់​ក្រុង​បាត់​ដំបងម្តងទៀត ខ្ញុំ​នឹង​បន្ត​ថត​រូប​ភាព​ទី​អារាមបីបួន​ថែម​ទៀត ដែល​ស្ថិត​នៅ​ប៉ែក​ខាង​ត្បូង​ស្ពាន​ថ្ម​ចាស់​​វិញម្តង​…៕

ស្រុកស្រែ

___________________

អត្ថបទដែលទាក់ទង៖

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s