វិចិត្រសាល

អារាមក្រុងបាត់ដំបង៖ វត្តកែវ


វត្តកែវ ដូចជា​មិន​មាន​ឃើញ​ឈ្មោះ​ជា​បាលី បាគូអី​ផ្សេង​ទៀត ដែល​បង្ហាញ​នៅ​លើ​ក្លោង​ទ្វារវត្ត​​ទេ។ មាន​ទីតាំង​ជាប់​នឹង​ផ្លូវ​កៅស៊ូ នៅតាម​បណ្តោយ​ដង​ស្ទឹងសង្កែ, ទីអារាម​វត្តកែវ មាន​ផ្ទៃ​ដី​ធំទូលាយ​ល្អ។ តែ​ដោយសារ​​មាន​សំណង់​​ចាស់ៗ​​បួន​ប្រាំ​អាគារដែល​​មាន​ទំហំធំៗ ទើប​ធ្វើ​អោយ​ទីធ្លាវត្ត​ មិន​ស្រឡះ​ភ្នែក​ដូច​​នៅ​​វត្តក្តុល​ឡើយ។

​នៅ​ក្នុង​បរិវេណ​វត្ត មាន​ព្រះវិហារ​ពីរ គឺវិហារចាស់ និងវិហារ​ថ្មី ដែល​ព្រះវិហារ​ថ្មី​សង់ចំ​ពីខាងលិច​ព្រះ​វិហារ​ចាស់​។ ព័ត៌មាន​លំអិត និង​​​​​កាលបរិច្ឆេទ​នៃ​ការ​កកើត​ព្រះ​វិហារ​ចាស់-​ថ្មី​ទាំង​ពីរ​នេះ​ ខ្ញុំ​ស្វែង​រកដែរ តែ​រក​​​មិន​ឃើញ​​សោះ…។ ​​ព្រះវិហារចាស់ មើល​ទៅ​ឃើញ​កន្តឹមៗ ដោយសារ​សង់​ទាប​ផ្ទាល់​ដី​…។ ផ្ទុយទៅវិញ ព្រះវិហារ​ថ្មី មើល​ទៅ​ឃើញខ្ពស់​​ ធំជង្រ្គឹង ដែលបន្ទប់​​នៅ​​​ខាង​ក្រោម​​ អាច​​​ប្រើ​ប្រាស់​ជា​កុដិ និង​ជា​ឃ្លាំង​សំរាប់​ទុក​ដាក់​ទ្រព្យ​សម្បត្តិ​​របស់​វត្ត​បាន។

បើតាមការ​អះអាង​របស់​លោក អាម៉េដ ខាន់អាលី បាន​អោយ​ដឹងថា៖ «ព្រះ​វិហារ​ថ្មី​ដែល​តាំង​នៅពី​ខាង​ត្បូង[ឬខាងលិច?] ​ព្រះ​វិហារ​ចាស់ ត្រូវ​បាន​សាង​សង់​នៅ​លើ​ខឿន និង​គ្រោង​សរសរ​ចាស់ ​ដែល​គេ​បាន​កសាង​ទុក​ នាចុង​សម័យ​សង្គមរាស្ត្រ​និយម ឬដើម​សម័យ​សាធារណរដ្ឋ​ខ្មែរ ដោយ​មាន​ព្រះគ្រូ​ចៅ​អធិការ​ព្រះនាម ចាន់ ឌី ជាអ្នក​គ្រប់គ្រង និង​មើល​ការ​ខុស​ត្រូវ​លើ​គម្រោង​សាង​សង់។ តែគ្រោងការ​ស្ថាបនា​ព្រះវិហារ​នេះ​ ​ត្រូវ​បាន​ផ្អាក​ទាំង​ស្រុង បន្ទាប់​ពី​ព្រះអង្គ ​ត្រូវ​បាន​ពួក​ខ្មែរ​ក្រហម​​ប្រើ​ល្បិច​និមន្ត​ព្រះអង្គ​ទៅ​ធ្វើកិច្ច​ប្រោះ​ព្រំ​នៅផ្ទះ​ប្រជាពលរដ្ឋ​​ម្នាក់​ ​ក្នុង​តំបន់​ប្រទាញ​ប្រទង់មួយ ដែល​ស្ថិត​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពីទីអារាម​របស់​ព្រះអង្គ រួចក៏​ចាប់​ព្រះអង្គ​ទៅ​ធ្វើ​គត​នៅ​ទីនោះ​ទៅ ដោយការ​ធ្វើ​រុណកម្ម​យ៉ាង​​ព្រៃផ្សៃ មុន​នឹង​កប់​ព្រះអង្គ​ទាំងនៅ​មាន​ព្រះជន្ម​នៅ​ឡើយ…។ បើតាម​ចាស់ៗ​សម័យ​នោះ ដំណាល​ថាៈ ព្រះគ្រូ​ចៅ​អធិការ​អង្គនេះ ធ្លាប់​មាន​ព្រះ​កិត្តិនាម​ល្បី​ល្បាញ​គួរសម​ដែរ​…។ លោក​មាន​សិស្ស​គណ​ច្រើន ទាំង​នៅ​ក្នុង​តំបន់​ និង​មក​ពីតាម​បណ្ដា​ខេត្ត​ឆ្ងាយៗ​​ផ្សេង​ទៀត ​នៃ​ប្រទេស​កម្ពុជា ដែល​ក្នុង​នោះ រួមទាំង​ក្រុម​​ទាហាន លន់ នល់ និង​​​​ក្រុម​យោធា​​ខ្មែរ​ក្រហម​ផង​ដែរ​…»។

រីឯសាលាធម្មសភា(ឬសាលាឆាន់?) ស្ថិត​នៅ​ជាប់​ខាង​ជើង​ព្រះវិហារ​ធំ, ជា​សំណង់​ចាស់ ដែល​នៅ​លើ​ហោជាង​ឃើញ​ដាក់​កាល​បរិច្ឆេទ ព.ស២៤៧៧ (គ.ស១៩៣៣)។ នៅបន្ត​ពីខាង​ជើង​សាលា​ធម្មសភា​នេះ មាន​រោង​មួយ​តំកល់​រូប​សំណាក​ព្រះពុទ្ធ​ចូល​និព្វាន បែរ​ព្រះភ័ក្រ្ត​ទៅកើត មាន​ទំហំ​ធំ​គួរ​សម ដែល​នៅ​ខាង​មុខ​មាន​ពំនូក​ខ្សាច់​មួយ អាច​ថា​ជា​ភ្នំខ្សាច់​ដែល​បាន​ពូន​កាល​ពី​រដូវ​បុណ្យ​ចូល​ឆ្នាំខ្មែរ​​កាល​ពីពីរ​សប្តាហ៍​មុន​នេះ ក៏​មិន​ដឹង។ នៅ​ខាង​ក្រោយ​រូប​សំណាក​​ព្រះពុទ្ធ​ចូល​និព្វាន មាន​កុដិ​ចាស់​មួយ​ផង​ដែរ។ ចំណែក​ឯ​កុដិ​ព្រះ​សង្ឃ​ផ្សេងៗ​ទៀត ស្ថិត​នៅ​មួយ​ជួរជាប់​របង​​វត្ត​ប៉ែក​ខាង​ត្បូង​…។

ខាងក្រោមនេះ ជាទិដ្ឋភាព​វត្តកែវ ក្រុង​បាត់​ដំបង ដែល​ខ្ញុំ​ថត​ទុក​ជា​ឯកសារ កាល​ពីចុង​​ខែ​មេសា ឆ្នាំ២០១៣ កន្លង​ទៅនេះ…​។ ប្រកាស​បន្ទាប់​ ខ្ញុំ​នឹង​បង្ហាញ​ជូន​ពី​ទិដ្ឋភាព​វត្ត​បាឡាត់ ដែល​ជា​វត្ត​ចាស់​មែន​ទែន និង​ជា​វត្ត​ចុង​ក្រោយ​ផង​ដែរ ដែល​ខ្ញុំ​បាន​ថត​ ក្នុង​​ដំណើរ​ទៅ​ដល់​បាត់​ដំបង​របស់​ខ្ញុំ កាល​ពី​ចុង​ខែ​មុន…៕

ស្រុកស្រែ

___________________

អត្ថបទដែលទាក់ទង៖

Advertisements

8 responses to “អារាមក្រុងបាត់ដំបង៖ វត្តកែវ

  1. ពូឆុឈែមានចាប់អារម្មណ៍ ថាវិហារវត្តកែវបែរមុខទៅទិសណាទេ?

    • បាទ, ធម្មតាព្រះវិហារព្រះពុទ្ធសាសនា គឺសង់​ឡើង​បណ្តោយ​ថ្ងៃ ដើម្បី​អោយ​ព្រះពុទ្ធរូប​ក្នុង​ព្រះវិហារ បែរ​ព្រះភក្រ្ត​ទៅ​ទិស​ខាង​កើត… ហើយ​ខ្ញុំ​មើល​ទៅ ព្រះវិហារ​វត្តកែវ ក៏​បែរ​មុខ​ទៅ​ទិស​ខាង​កើត​ដែរ…។ តើ​ម៉ាក់​ស្រី​តូច យល់​ថា​បែរ​ទៅ​ទិស​ណាដែរ?

      • ខ្ញុំអានសៀវភៅមួយ(មិនចាំចំណងជើងដែរ) ថាវិហារវត្តកែវសង់បែរមុខទៅជើងស្របតាមស្ថានភាពភូមិសាស្ត្រស្ទឹងសង្កែរបត់បែន តែខ្ញុំមិនដែលបានចូលមើលវត្តនោះទេ ធ្លាប់ជិះកាត់ម្ដង ហើយខ្ញុំក៏មិនបានចាប់អារម្មណ៍មើលដែរ ខ្ញុំសួរក្រែងលោពូឆុកឈែបានដឹង

        • ពេល​ទៅ​លើក​ក្រោយ ខ្ញុំ​នឹង​យក​ត្រីវិស័យ​ទៅបញ្ជាក់ពី​ទិស​សំណង់​​ព្រះវិហារ​វត្តនេះ ថាតើបែរ​ទៅ​ទិស​ណា?… ពេល​នេះ ខ្ញុំរំលឹក​ឡើង​វិញ​ទៅ រាង​ចំឡែក​ដែរៈ វត្តលៀប, វត្តរំដួល, វត្តស្លាកែត, និង​វត្តក្តុល… ស្ថិតនេះ​តាម​មាត់​ច្រាំង​​ស្ទឹង​សង្កែ​ប៉ែក​ខាង​លិច​ដង្ហែរ​គ្នា…។ ដល់​ពេល​ខ្ញុំ​ឆ្លងដ​ទៅ​ត្រើយ​ខាងកើត រួច​ធ្វើ​ដំណើរ​​ទៅ​ដល់​វត្តកែវ ស្រាប់​តែ​វត្តនេះ​ស្ថិត​នៅ​មាត់​ច្រាំង​ស្ទឹង​សង្កែត្រើយ​ខាង​លិច​​ដដែល។ ដោយ​ហេតុ​នេះ ខ្ញុំ​គិត​ថា ភាពបត់​បែន​នៃ​ដង​ស្ទឹង អាច​ធ្វើ​អោយ​អ្នក​ស្រុក​វង្វេងទិស។ ខ្ញុំ​នៅ​តែ​ប្រាកដ​ក្នុង​ចិត្ត​ថា គ្រប់​ព្រះវិហារ​ក្នុង​អារាម​​ព្រះពុទ្ធសាសនា​ គឺ​សង់​ឡើង​បណ្តោយ​ថ្ងៃ ដើម្បី​អោយ​ព្រះពុទ្ធ​បដិមា​ក្នុង​ព្រះវិហារ​ បែរ​ព្រះភក្រ្ត​ទៅ​ទិស​ខាង​កើត… 😀

  2. វត្តនឹងខ្ញុំធ្លាប់ទៅពេលចូលឆ្នាំតែខ្ញុំមិនដឹងថាជាវត្តកែវទេព្រោះពេលចូលៗតាមក្រោយ

    • លោកដែលម្ចាស់គេហទំព័រស្រុកស្រែ! ខ្ញុំសូម​ចូលរួម​មតិ​បន្តិច​បន្តួច​ជាមួយ​លោក​ក្នុង​ទីនេះ។

      ជាបឋម ខ្ញុំសូមអធ្យាស្រ័យទុកជាមុននូវ​រាល់​កំហុស​ឆ្គង​ទាំឡាយ នៅក្នុង​មតិ​ចូលរួម​របស់​ខ្ញុំនេះ ព្រោះថា ខ្ញុំ​ពុំមែន​ជា​អ្នក​មាន​ចំណេះ​ដឹង​ជ្រៅ​ជ្រះ​ខាង​កវីនិពន្ធ​ ឬជា​អ្នក​ស្រាវ​ជ្រាវ​ប្រវត្តិសាស្ត្រ​អ្វី​នោះ​ឡើយ។ ពោលគឺ​ ខ្ញុំ​គ្រាន់​តែ​សរសេរ​ចេញ​ពីការ​ចងចាំ​របស់​ខ្ញុំ​តែ​ប៉ុណ្ណោះ ។ ចម្លើយ​តប​នឹង​ការ​បក​ស្រាយ​របស់​លោក ក៏ជា​ការ​ត្រឹម​ត្រូវ​ម្យ៉ាង​ដែរ បើយើង​គិត​អំពី​ដំណើរ​ទំនង​នៃ​ស្ថាបត្យកម្ម​សំណង់​ជាទី​សក្ការៈ​ពី​បុរាណកាល និង​លក្ខណៈ​ភូមិសាស្ត្រ​ទួទៅ​ក្នុង​តំបន់​។ ​ប៉ុន្តែ​លោក​ប្រហែល​ជា​ពុំបាន​ចាប់​អារម្មណ៍​ទេថា នៅ​ពេល​លោក​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ទឹក ពីទីរួម​ខេត្ត​មក​ដល់​ចំណុច​ប្រសព្វ​រវាង​ផ្លូវ​ប្រប​មាត់​ស្ទឹង និង​ច្រក​ចូល​កំពង់​ចម្លង​ក្បាល​ជ្រោយ (ខាងកើត​ស្ទឹង) ដែល​ឈម​គ្នា​ទៅនឹង​កំពង់​ចម្លង​ដូនទាវ ស្ថិត​នៅខាង​ត្បូង​ក្បែរ​ផ្សារ​ដូនទាវ (ខាងលិច​ស្ទឹង) នោះ ទាំង​ដងស្ទឹង​សង្កែ និង​ទាំង​ផ្លូវ​ប្រប​មាត់​ស្ទឹង​ត្រើយ​ខាងកើត ចាប់​ផ្ដើម​មាន​លំងាក​យ៉ាង​ខ្លាំង ពោល​គឺលោក​ត្រូវបត់​ស្ដាំ​ស្ទើរ ៩០​អង្សា ទៅទិស​ខាង​កើត​វិញ​ម្ដង ខុស​ពីការ​ធ្វើ​ដំណើរ​ របស់​លោក​មុន​នេះ ដែល​មាន​ទិសដៅ​ឆ្ពោះ​ទៅ​ទិស​ខាង​ជើង​ឆៀង​លិច​បន្តិច​(ប្រមាណ ៥អង្សា)។ លោក​ត្រូវ​បន្ត​ដំណើរ​តាម​ទិស​ថ្មីនេះ​ប្រមាណ ៥០ម៉ែត្រ​ទៀត ទើប​ដល់​ក្លោង​ទ្វារ​ចូល​ទៅ ព្រះ​វិហារ​ចាស់​ នៅប៉ែក​ខាង​ស្ដាំ​ដៃ​របស់​លោក ដែល​មាន​ព្រះ​វិហារ​ទើប​កសាង​ថ្មី និង​ត្រូវ​បាន​បញ្ចុះ​ខ័ណ្ឌ​សីមា​ក្នុង​ឆ្នាំ ២០០១​(មិនច្បាស់) ស្ថិត​នៅ​ចំ​ពីខាង​ក្រោយ (ឬខាង​ត្បូង)។ ដោយសារ​វត្តនេះ មាន​ក្លោង​ទ្វារ​ចេញ​ចូល​ដល់​ទៅ ២ទិស គឺទិស​ខាង​លិច​(មានក្លោង​ទ្វារ ៣) និង​ទិស​ខាង​ជើង​(មាន​ក្លោង​ទ្វារ ៤) នោះ ខ្ញុំសូម​មិន​អះអាង​ថា វត្តកែវ​បែរ​មុខ​ទៅ​ទិស​ណា​ឲ្យ​ច្បាស់​លាស់​ទេ ប៉ុន្តែ​ព្រះពុទ្ធ​បដិមា​អង្គធំ​នៅ​ក្នុង​ព្រះវិហារ​ទាំងពីរ បើ​តាម​ខ្ញុំចាំ ​ ត្រូវ​បាន​កសាង​ឡើង​ដោយ​មាន​ព្រះភ័ក្ត្រ​បែរ​ឆ្ពោះ​ទៅ​រក​ផ្លូវ​ខាង​មុខ​ប្រប​មាត់​ស្ទឹង ដែល​នៅ​ទិស​ខាង​ជើង​នោះ​ឯង ។ សូម​បញ្ជាក់​ផង​ដែរ៖ ព្រះ​វិហារ​ថ្មី​ដែល​តាំង​នៅពី​ខាង​ត្បូង​ព្រះ​វិហារ​ចាស់ ត្រូវ​បាន​សាង​សង់​នៅ​លើ​ខឿន និង​គ្រោង​សរសរ​ចាស់ ​ដែល​គេ​បាន​កសាង​ទុក​តាំង​ពី​ប្រមាណ ២០ឆ្នាំ​មុន នាចុង​សម័យ​សង្គមរាស្ត្រ​និយម ឬដើម​សម័យ​សាធារណរដ្ឋ​ខ្មែរ ដោយ​មាន​ព្រះគ្រូ​ចៅ​អធិការ​ព្រះនាម ចាន់ ឌី ជាអ្នក​គ្រប់គ្រង និង​មើល​ការ​ខុស​ត្រូវ​លើ​គម្រោង​សាង​សង់។ គ្រោងការ​ត្រូវ​បាន​ផ្អាក​ទាំង​ស្រុង បន្ទាប់​ពី​ព្រះអង្គ​ត្រូវ​បាន​ពួក​ខ្មែរ​ក្រហម​ ប្រើ​ល្បិច​និមន្ត​ព្រះអង្គ​ទៅ​ធ្វើកិច្ច​ប្រោះ​ព្រំ​នៅផ្ទះ​ប្រជាពលរដ្ឋ​ម្នាក់​ក្នុង​តំបន់​ប្រទាញ​ប្រទង់មួយ ដែល​ស្ថិត​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពីទីអារាម​របស់​ព្រះអង្គ រួចក៏​ចាប់​ព្រះអង្គ​ទៅ​ធ្វើ​គត​នៅ​ទីនោះ​ទៅ ដោយការ​ធ្វើ​រុណកម្ម​យ៉ាង​ដំណំ និងកប់​ព្រះអង្គ​ទាំងនៅ​មាន​ព្រះជន្ម​នៅ​ឡើយ ។ បើតាម​ចាស់ៗ​សម័យ​នោះ ដំណាល​ថា៖ ព្រះគ្រូ​ចៅ​អធិការ​អង្គនេះ ធ្លាប់​មាន​ព្រះ​កិត្តិនាម​ល្បី​ល្បាញ​គួរសម​ដែរ​ នៅសម័យ​នោះ ។ លោក​មាន​សិស្ស​គណ​ច្រើន ទាំង​នៅ​ក្នុង​តំបន់​ និង​មក​ពីតាម​បណ្ដា​ខេត្ត​ឆ្ងាយៗ​​ផ្សេង​ទៀត ​នៃ​ប្រទេស​កម្ពុជា ដែល​ក្នុង​នោះ រួមទាំង​ទាហាន និង​សមាជិក​ក្រុម​ខ្មែរ​ក្រហម​ផង​ដែរ​។ ប្រហែល​ដោយ​ហេតុ​ផល​នេះ​ហើយ គួបផ្សំ​នឹង​និស្ស័យ និង​ឧបនិស្ស័យ​ពី​អតីត​ជាតិ និង​បច្ចុប្បន្ន​ជាតិ​ផង​នោះ (ជាទស្សន​វិស័យ​ផ្ទាល់ខ្លួន​របស់ខ្ញុំ) ទើប​នៅ​ពេល​រៀបចំ​ពិធី​បញ្ចុះ​ខ័ណ្ឌ​សីមា​ចាប់ពី​រាត្រី​ទី ៣ ដល់​រាត្រី​បង្ហើយ មាន​ប្រជាពលរដ្ឋ​អ្នក​ស្វែង​បុណ្យ​ទាំង​ក្មេង​ចាស់ ប្រុសស្រី បាន​អញ្ជើញ​មកពី​គ្រប់​ទិសទី​ទាំង​ក្នុង​ខេត្ត និងទាំង​ពី​បណ្ដា​ខេត្ត​ជិត​ឆ្ងាយ​ទាំងអស់​រួមទាំង កំពត កោះកុង ព្រៃវែង ស្វាយរៀង​ផងដែរ (តាមការ​សាកសួរ​របស់​ប្រជាពលរដ្ឋ​​ក្នុង​តំបន់​ ជាមួយ​ភ្ញៀវ​មួយចំនួន) ។ ពីរ ឬបី​រាត្រី​មុន​រាត្រី​បង្ហើយ មាន​ភ្ញៀវ​ណែន​ណាន់​តាន់​តាប់ អញ្ជើញ​ចូល​រួម​ក្នុង​ពិធី​បុណ្យ បង្ក​ឲ្យ​មាន​ការ​កក​ស្ទះ​ចរាចរ​សឹង​អស់​រាត្រី ទៅទិស​ខាង​ត្បូង​ រហូត​ដល់​ចំណុច​វត្ត​នរាធិបតី​ ទាំង​នៅ​តាម​ផ្លូវ​ប្រប​មាត់​ស្ទឹង និង​ផ្លូវ​សំរោង​ក្នុង និង​ទៅ​ទិស​ខាងជើង​ រហូត​ដល់​ចំណុច​ជិត​ដល់​ផ្សារ​ប្រហុក​ចាស់ ហើយ​ចរាចរ​អាច​ធ្វើ​ទៅ​បាន​ដោយ​ថ្មើរ​ជើង​អែបៗ​រថយន្ត និង​ទោចក្រយាន​យន្ត​ដែល​ចត​ចោល​ចន្លោះ​ចំណុច​ទាំង ២ ខាង​លើ​តែ​ប៉ុណ្ណោះ។ អ្វីដែល​ខ្ញុំ​ចង់​ចូល​រួម គឺមាន​តែ​ប៉ុណ្ណេះ ។ សូម​លោក​ពិចារណា​តាម​ការ​គួរ និង​សូម​អរគុណ!

      • អរគុណលោកណាស់… ខ្ញុំ​នឹង​បញ្ចូល​​យោបល់​​របស់​លោក ដែល​ទាក់​ទង​នឹង​ប្រវត្តិ​នៃ​វត្ត​នេះ ទៅ​ក្នុង​ប្រកាស​នេះ​តែ​ម្តង ព្រោះ​លោក​ចងចាំ​បាន​ក្បោះក្បយ​ល្អណាស់។

        ដោយ​ពិត​ទៅ ខ្ញុំ​ជា​អ្នក​ចំងាយ… មិនមែន​ជា​អ្នក​ស្រុក​បាត់​ដំបង​ទេ ហើយខ្ញុំ​​ក៏​មិន​មែន​ជា​អ្នក​ស្រាវ​ជ្រាវ​អី​ដែរ។ ​តែខ្ញុំ​​មាន​ចំណូល​ចិត្ត​ ​ចង់​ថតរូប​វត្តអារាម​ព្រះពុទ្ធ​សាសនា​​របស់​ខ្មែរ​​យើង​ទាំងអស់​​នៅ​ទូទាំង​ប្រទេស (បើអាច​ទៅ​រួច) ដើម្បី​យក​មកចុះផ្សាយ​ក្នុង​គេហទំព័រ​​ផ្ទាល់​ខ្លួន​របស់​ខ្ញុំ​នេះ គ្រាន់​​ទុក​ជា​ឯកសារ​តែ​ប៉ុណ្ណោះ។ រីឯ​ខ្លឹម​សារ​វិញ គឺខ្ញុំ​មើល​ឃើញ​យ៉ាង​ម៉េច ខ្ញុំ​នឹង​សរសេរ​យ៉ាង​ណឹង។ នៅ​ពេល​ដែល​ខ្ញុំ​ចុះ​ផ្សាយ​រួច ប្រសិន​បើ​មាន​អស់​លោក​អ្នក​អាន​បាន​ដឹង​ពី​​ប្រវត្តិ ឬ​រឿង​រ៉ាវ​ផ្សេងៗ​​នៃ​វត្ត​ទាំង​នោះ ខ្ញុំ​នឹង​​បន្ថែម​ខ្លឹមសារ​ទៅ​ក្នុង​ប្រកាស​នោះតែ​ម្តង ដើម្បី​ទុក​ជា​ឯកសារ​ ដូច​ក្នុង​ករណី​ប្រសាសន៍​របស់​លោក​ ទាក់ទង​នឹង​ប្រវត្តិ​នៃ​វត្តកែវ ក្រុង​បាត់ដំបង​នេះ​ជា​ដើម។

        ដោយឡែក​ចំពោះ​ទិស​នៃ​ព្រះវិហារវត្តកែវ​នេះ​វិញ ខ្ញុំ​នៅ​តែ​ប្រកាន់​ថា ទីអារាម​ព្រះពុទ្ធសាសនា​ខ្មែរ​យើង​ គឺ​ជានិច្ចកាល​សង់បណ្តោយ​ថ្ងៃ…។ ហេតុនេះ ប្រសិន​បើ​ខ្ញុំ​បាន​ទៅ​ដល់​វត្តកែវ​ម្តងទៀត​ ខ្ញុំ​នឹង​ប្រើ​ត្រីវិស័យ​ដើម្បី​ផ្ទៀង​ផ្ទាត់​អោយ​ច្បាស់។

        អរគុណលោក​ម្តងទៀត និង​សូមជូនពរ​សុខសប្បាយ..!!.. 😀

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s