វិចិត្រសាល

ជ្រុងមួយនៃក្រុងព្រៃវែង…


ខាងក្រោមនេះ ជាទិដ្ឋភាពជ្រុងមួយនៃ​ក្រុងព្រៃវែង ដែលខ្ញុំបាន​ថតទុក​ជា​ឯកសារ​ ក្នុង​ដំណើរ​ឆ្លងកាត់របស់​ខ្ញុំ កាល​ពី​សប្តាហ៍​មុននេះ…។

សំរាប់​អស់លោកអ្នក ដែលមាន​ស្រុក​កំណើត​នៅ​ភាគ​ខាងលិច​នៃ​ប្រទេស​យើង បើ​តាម​ខ្ញុំ​ស្មាន​ គឺមានភាគ​ច្រើន​ណាស់​ដែល​មិន​បាន​ទៅ​ដល់ ឬមិន​ដែល​បាន​ធ្វើ​ដំណើរ​ឆ្លងកាត់​​​ក្រុង​ព្រៃវែង​​​សោះតែ​ម្តង… ព្រោះថា បើ​មិន​មាន​ធុរៈ ឬ​​មិន​មាន​ការ​រវល់​អី​នៅទី​នោះ​ទេ គឺ​ប្រាកដ​ជា​​ឃ្វាងទៅ​ ឃ្វាង​មក​ហើយ។ សំរាប់​ខ្ញុំវិញ, ការ​បាន​ស្គាល់​ទីប្រជុំជន​នៃ​ក្រុង​ព្រៃវែង​នេះ​​​ជា​​លើក​ដំបូង គឺនៅ​ក្នុង​សម័យ​អ៊ុនតាក់​ ហើយ​មក​ទល់​នឹង​ឆ្នាំ​នេះ គិត​ទៅ ២០ឆ្នាំ​ហើយ, បើ​ខ្ញុំ​រាប់​ទៅ ខ្ញុំ​បាន​ឆ្លងកាត់​ទីនេះ មិន​លើស​ពី​​ដប់ដង​ទេ…។

តាមខ្ញុំយល់ មូលហេតុ​ធំ​ដែល​នាំ​អោយ​មនុស្ស​ភាគ​ច្រើន​ឃ្វាង​ទៅ ឃ្វាង​មកគឺៈ ខុស​ប្លែក​ពី​ទីតាំង​រដ្ឋបាល​​​នៃ​ខេត្ត​នានា​​ទូទាំង​ប្រទេស ដែល​តាំង​​នៅ​​ដង្ហែ​គ្នា​តាម​ដង​ផ្លូវ​ជាតិ​ធំៗ (Main Road) នោះ, ទីតាំង​រដ្ឋបាល​នៃ​ខេត្ត​ព្រៃវែង​ បែរ​ជា​ស្ថិត​នៅ​លើ​ដង​ផ្លូវ​ជាតិ​លេខ១១ ឬ​នៅ​ចន្លោះ​ផ្លូវ​ជាតិ​លេខ១ និង​​ផ្លូវ​ជាតិលេខ៨ និង​មាន​ចំងាយ​ ៣០គ.ម​ពីផ្លូវ​បំបែក​អ្នកលឿង​​ត្រើយ​ខាង​កើត។ ដោយ​ហេតុ​នេះ​ហើយ,​ បើ​អ្នក​ភ្នំពេញ​ធ្វើ​ដំណើរ​ទៅ​ប្រទេស​​វៀតណាមតាម​ផ្លូវ​ជាតិ​លេខ១ គឺកាត់​តែ​ក្រុង​ស្វាយរៀង, បាវិត… ឬបើ​ចង់ទៅ​ខេត្ត​ប៉ែក​​ខាង​​ភូមិភាគ​ឥសាន​​វិញ គឺ​អ្នក​ភ្នំពេញ​នឹង​ចេញតាម​ផ្លូវ​ជាតិ​លេខ៨ ឬផ្លូវ​ជាតិ​លេខ៦, ផុតបាត់…។ សូម្បីតែ​អ្នក​ស្វាយ​រៀង ចង់​ឡើង​ទៅស្រុកមេមត់, ស្នូល, ក្រចេះ… ក៏​មិន​ចាំបាច់​​ធ្វើ​ដំណើរ​វាង​មក​អ្នក​លឿង រួច​​ឡើង​តាម​ផ្លូវ​ជាតិ​លេខ១១ កាត់​ក្រុង​ព្រៃវែង​ដែរ…  គឺ​ពួកគេ​នឹង​ចេញ​ពី​ស្វាយរៀង កាត់តាមរមាសហែក មក​ចេញ​ផ្លូវ​ជាតិ​លេខ៨ នៅត្រង់​ផ្សារ​ក្របៅ ព្រំប្រទល់​ខេត្តកំពង់ចាម រួច​ចេញ​ទៅ​អន្លង់ជ្រៃ, ពញាក្រែក​ ដែល​ជា​ផ្លូវ​កាត់​ ចំណេញ​ទាំង​សោហ៊ុយ​ និង​ពេល​វេលា​ធ្វើដំណើរ​​បាន​យ៉ាង​ច្រើន…។​

បច្ចុប្បន្ន ក្រុង​ព្រៃវែង​មាន​ការ​វិវត្តន៍​ប្លែក​ភ្នែក​គួរ​សម​, បើ​ប្រៀប​នឹង​ប៉ុន្មាន​ឆ្នាំ​មុន។ ក្នុង​នោះ​ មាន​ផ្លូវវាង​ក្រៅក្រុងមួយ ដែល​បញ្ជៀស​បាន​នូវ​ការ​រំខាន​នានា​ពី​យានយន្ត​​តូចធំ​ ដោយ​​មិន​ចាំបាច់​ធ្វើ​ដំណើរ​ឆ្លងកាត់​ក្រុងថែម​ទៀត​ផង…។ ជា​មួយ​គ្នា​នេះ, សំណង់​ថ្មីៗ​ក៏ចាប់​កើត​ឡើង​​ច្រើន​កន្លែង​ដែរ។ ពេល​ខ្ញុំ​ជិះ​ឆ្វែល​ចុះ​ឡើង, ខ្ញុំ​ក៏​បាន​ឃើញ​ផង​ដែរ ពី​សកម្មភាព​ជួស​ជុល​ផ្លូវ​តូចៗ​ក្នុង​ក្រុង ដែល​ទិដ្ឋភាព​​នេះ​ខ្ញុំ​ឧស្សាហ៍​ឆ្ងល់ថាៈ ហេតុម៉េច​បាន​ជា​ស្រុក​យើង​ និយម​ជួសជុល​ផ្លូវ​​តែ​ក្នុង​រដូវ​ភ្លៀងធ្លាក់ ឬរដូវវស្សា?… ព្រោះថា បើ​នៅ​ស្រុកគេ​ជឿន​លឿន​វិញ គឺ​គេ​ជួស​ជុល​ផ្លូវ​តែ​ក្នុង​រដូវ​ប្រាំង និងធ្វើការ​​ដូរ​វេន​គ្នា​​​ជាប់​ពេញ​ ២៤ម៉ោងគ្មាន​ឈប់ ដែល​​ខុស​ពី​អ្នក​ធ្វើ​ផ្លូវ​នៅ​ស្រុកយើង គឺ​ធ្វើការអត់មាន​​អ្នក​ប្តូរ​វេនហើយ នាំ​គ្នា​ធ្វើដូច​អ្នក​ធ្វើការ​ក្នុង​ប៊ុយរ៉ូ​ម៉ាស៊ី​នត្រជាក់​ទៀត…។​

ក្រុងដ៏តូចច្រមក់​​មួយ​នេះ មានភាព​អ៊ូអរ​បំផុត​នៅ​រាល់​ពេល​ពិធី​បុណ្យ​ចេញ​វស្សា​ម្តងៗ ហើយ​​នៅ​តាម​មាត់​ច្រាំង​ស៊ីម៉ង់ត៍​​ដែល​រត់​ស្រប​នឹង​វិថី​ខាងមុខ​សាលា​ខេត្ត គឺ​ជា​កន្លែង​ទាក់​ទាញ​បំផុតក្នុង​ពិធី​ប្រណាំង​ទូក-ង របស់​ខេត្ត​មួយ​នេះ។ ដោយហេតុនេះ, តាម​ការ​កត់​សំគាល់​របស់​ខ្ញុំ បើ​ចង់​ទៅ​លេង​ក្រុង​ព្រៃវែង គឺ​ទៅ​ខែវស្សា ព្រោះដោយសារ​តែ​នៅ​ជុំវិញ​ខ្លួន​ឃើញ​សុទ្ធ​តែទឹក​ល្ហល្ហេវ… ហើយ​ទិដ្ឋភាព​បែប​នេះ នាំអោយ​​អស់​លោក​អ្នក​​ស្រឡះ​ចិត្ត​ និង​មាន​អារម្មណ៍​លន្លង់​លន្លោច​មែនទែន។ ដល់​ពេល​នោះ អស់​លោក​អ្នក​ប្រហែល​ជា​គិត​ដូច​ខ្ញុំ​ដែរ​ថាៈ ខេត្តនេះមិនគួរ​មាន​ឈ្មោះ​ «ព្រៃវែង» សោះ ព្រោះ​ខ្សត់​​ព្រៃណាស់ គឺគួរ​តែ​ដូរ​ដាក់​ថា «ទឹកវែង» វិញ​បាន​សម..!!.. 😀

ស្រុកស្រែ

Advertisements

2 responses to “ជ្រុងមួយនៃក្រុងព្រៃវែង…

  1. ខ្ញុំធ្លាប់ទៅម្ដងកាលពីនៅជាកុមារី (ប្រហែលឆ្នាំ៩៤ឬ៩៥) កាលណោះឃើញតែទឹកល្ហល្ហេវគួរអោយស្រណោះមែន ហើយនឹកដូចពូដែរថាមិនគួរដាក់ឈ្មោះខេត្តនេះថា ព្រៃវែងទេ គួរដាក់ថា វាលវែងទើបសមជាង

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s