វិចិត្រសាល

ផ្លូវជាតិលេខ ៣៧៦២ ​ទៅ​ច្រក​ព្រំដែន​ “ដាក់ដាំ”


ខាងក្រោមនេះ ជាទិដ្ឋភាពនៅតាម​បណ្តោយ​ដង​ផ្លូវជាតិ​លេខ ៣៧៦២ សែននោរម្យ-​ដាក់ដាំ ដែល​ខ្ញុំ​បាន​ថត​ទុក​ជាឯកសារ នា​ដើមខែមិថុនា ឆ្នាំ២០១៣ នេះ…។

ប្រសិន​បើ​គ្មាន​ការ​ណែនាំ​ពី​លោក សំបូរ ដែល​ជា​មិត្ត​អ្នក​អាន​មួយ​រូប ក្នុង​ចំណោម​មិត្ត​អ្នក​អាន​​ទាំង​អស់​របស់​ខ្ញុំ​ទេនោះ គឺ​ខ្ញុំ​ប្រាកដ​ជា​មិន​យល់​ពី​អត្ថន័យ​នៃ​លេខ​ផ្លូវ​ជាតិ​មួយ​នេះ ដែល​មាន​រហូត​ដល់​ទៅ​បួន​ខ្ទង់​បែប​​នេះទេ…។

ខ្ញុំ​អាច​ពន្យល់​បាន​ថាៈ កំណាត់​ផ្លូវ​ជាតិដែល​មាន​​ប្រវែង​ ២៦គ.ម​នេះ បាន​បែក​ចេញ​ពី​ផ្លូវជាតិ​លេខ ៧៦ នៅ​ត្រង់​ចំណុច​ជិត​ដល់​ក្រុង​សែនមនោរម្យ ឆ្ពោះទៅ​កាន់​ច្រក​​ព្រំ​ដែន​ទ្វេរ​ភាគី​ជា​មួយ​ប្រទេស​វៀតណាម​​នៅ​ដាក់ដាំ ។ ដោយសារ​ខេត្តមណ្ឌលគិរី ស្ថិត​នៅ​ក្នុង​តំបន់​លេខ៣ ដូច្នេះ​ផ្លូវ​ជាតិ​ទាំងឡាយ​ដែល​បែក​ចេញ​ពី​ផ្លូវ​ជាតិ​លេខ ៧៦ ត្រូវ​បាន​ផ្តើម​ដោយ​ក្បាល​លេខ ៣ គឺ ៣៧៦… ហើយ​ផ្លូវ​ដែល​បែក​ចេញ​នៅ​ខាង​ឆ្វេង​ដៃ ​ត្រូវ​បាន​កំណត់​ជា​«លេខសេស», ឯផ្លូវ​ដែល​បែក​ចេញ​នៅ​ខាង​ស្តាំ​ដៃ​វិញ គឺជា ​«លេខគូ»។ ប្រហែល​ជា​ផ្លូវ​ទៅ​ច្រក​ដាក់ដាំ​នេះ ជា​ផ្លូវ​​បំបែក​ទីពីរ​នៅ​ខាង​ស្តាំ​ដៃ​ ទើប​បាន​ដាក់​លេខ ២… ដូច្នេះ​ពេល​ផ្គុំ​លេខ​ទាំង​អស់​ចូល​គ្នា​ទៅ បានទៅ​ជា​ផ្លូវ​ជាតិ​លេខ ៣៧៦២ តែ​ម្រ៉ង…។ រីឯ​ផ្លូវបំបែក​ទីមួយ ជាលេខសូន្យ គឺផ្លូវ ៣៧៦០, អាច​ជា​ផ្លូវ​បំបែក​ចូល​ទីប្រជុំជន​ស្រុក​អូររាំង… ឬ​បើ​មិន​អញ្ចឹង​ទេ គឺ​ជា​ផ្លូវ​ដែល​បែក​ចេញ​​​ពី​ទីប្រជុំជន​កែវសីមា ឆ្ពោះ​ទៅ​ច្រក​ព្រំដែន​ឡាប៉ាខេ…។

ឧបមាថាៈ ប្រសិន​បើ​មានថ្នល់​ជាតិ​​បែកចេញ​ពី​ផ្លូវជាតិ​លេខ ៧៦ មាន​ដល់​ទៅ​ម្ភៃ-សាមសិប​ខ្សែនោះ គឺ​ច្បាស់​ជា​លេខ​ផ្លូវជាតិ​ទាំង​នោះ​ ​មាន​លេខ​​រហូត​ដល់​ទៅ ៥ខ្ទង់​​ហើយ..!!.. សំរាប់​ខ្ញុំ, ពេល​មើល​ទៅ​លេខ​ផ្លូវតែ​ត្រឹម​​បួន​ខ្ទង់​​នេះ គឺដូច​​​​ចង់​វិល​មុខ​ទៅ​ហើយ។ ចុះ​ទំរាំ​ដល់​ទៅ ៥ខ្ទង់​ទៀត?… តែ​ដើម្បី​អោយ​ងាយស្រួល​ចាំ​ឈ្មោះ​ផ្លូវជាតិ​នេះ គឺមាន​តែ​ហៅថា «ផ្លូវ​ដាក់ដាំ» ទៅ​ទើប​មិន​​រហ័ស​ស្កូវ​សក់ ​​ដោយ​សារ​តែ​ការ​ខំ​ទន្ទេញ​លេខ​ផ្លូវ​ជាតិ​មួយ​នេះ… 😀

​សូម​ងាក​មក​និយាយ​ពី​ទិដ្ឋភាព​ផ្លូវ​ជាតិ​នេះ​វិញ​ម្តង…។ ពេល​ធ្វើ​ដំណើរ​ចេញ​ពី​ផ្លូវ​បំបែក​ក្រុង​សែនមនោរម្យ​ទៅ អស់​លោក​អ្នក​ប្រាកដ​ជា​មាន​អារម្មណ៍​​រីករាយ ប្លែក​ភ្នែក​​ខ្លាំង​ណាស់ ដោយសារ​តែ​ទេសភាព​ដ៏​ត្រកាល​​នា​ដើម​រដូវ​វស្សា នៅ​តាម​បណ្តោយ​ដង​ផ្លូវ​ជាតិ​នេះ។ តាម​រយៈ​បង្គោល​គីឡូម៉ែត្រ ដែល​រាយ​បណ្តាក់​គ្នា​នៅ​លើ​ចិញ្ចើម​ផ្លូវ ក៏​​ប្រាប់​​អោយ​អស់​លោក​អ្នក​បាន​ដឹង​ផង​ដែរ ​​ពី​ឈ្មោះ​ភូមិ​-ឃុំរបស់​​ជនជាតិ​ភាគ​តិច​មួយ​ចំនួន​ ​​​ ដូចជា ពូក្រែង, ពូឆប, ពូរលេះ… និង​អូរដាក់​ដាង​​​ជាដើម។​ ​​

អូរដាក់ដាង ឬដាក់ដាំ គឺ​ជា​ច្រក​ព្រំដែន​ខាង​កម្ពុជា​យើង។ ឯនៅខាង​វៀតណាមវិញ, ច្រក​នេះ​​​មាន​ឈ្មោះថា ប៊ូប្រាំង ស្ថិត​ក្នុង​ស្រុក​ធីវឌឹក (Tuy Đức)​, ខេត្តដាក់ណុង (Ðắc Nông) ដែល​ជា​ខេត្ត​មួយ​​សំបូរ​ដោយ​ជនជាតិ​ភាគ​តិច​ ដូច​ខាង​យើង​ដែរ… ជា​ពិសេស​​ គឺជនជាតិ​ម៉ុងតាញ៉ា។ ជនជាតិ​ភាគតិច​វៀតណាម ម៉ុងតាញ៉ា​ ដែល​រស់​នៅ​ជាប់​ព្រំ​ប្រទល់​នៃ​ខេត្ត​មណ្ឌលគិរី​នេះ​ហើយ ដែល​បាន​រត់​គេច​ចេញ​​ពី​ប្រទេស​វៀតណាម មក​កម្ពុជា ក្នុង​នាម​ជា​ជន​ភៀស​​ខ្លួន​ ដើម្បី​​ធ្វើ​អន្តោប្រវេសន៍​ទៅ​កាន់​​ប្រទេស​ទីបី។

អស់​លោក​អ្នក​ប្រាកដ​ជា​នៅ​ចាំ​បាន​នៅឡើយ ​អំពី​ករណី​ជំលោះ​ការ​ទូត​ រវាង​កម្ពុជា​យើង​​ជា​មួយ​ឧត្តម​ស្នងការ​ជាន់​ខ្ពស់​​របស់​អង្គការ​សហ​ប្រជាជាតិ​ ទទួល​បន្ទុក​ជន​ភៀស​ខ្លួន (UNHCR) នៅក្នុង​សំណុំ​រឿង​ជន​ភៀស​ខ្លួន​ម៉ុងតាញ៉ា ​នៅ​ខេត្ត​មណ្ឌលគិរី​នេះ ដែល​បាន​អូស​បន្លាយ​ពេល​យូរ​គួរ​សម…៕

ស្រុកស្រែ

Advertisements

13 responses to “ផ្លូវជាតិលេខ ៣៧៦២ ​ទៅ​ច្រក​ព្រំដែន​ “ដាក់ដាំ”

  1. បើ​ខ្ញុំ​បាន​ទៅវិញ ថត​រូប​មក​សំញែង អុងឆុកឆែ ឲ្យណាណីម្ដង ! ឃើញ​ថា​ការ​អភិវឌ្ឍន៍​ស្រុក​ខ្មែរ​ អភិវឌ្ឍន៍​តែ​ ភ្លៅ មែន !

  2. ឃើញទេសភាពខៀវស្រស់ល្អ ឃើញភ្នំឃើញទួលនៅពីមុខ
    ស្រឡះភ្នែកល្វឹងល្វើយ…មិនខុសពីទេសភាពក្រៅទីក្រុងនៅ
    ខាងអឺរ៉ុបទេ ។ បើខុសវិញនោះ គឺវាលៗទាំងនោះគេមានសុទ្ធ
    តែជាចំការដំណាំកសិកម្មសំខាន់ៗដូចជា ទំពាំងបាយជូ ពោត
    ឈូករ័ត្នសំរាប់ធ្វើប្រេង…។ល។ ខាងយើងនៅស្រុកខ្មែរមិនដឹងថា
    មានគេដាំអ្វីខ្លះទេ ព្រោះមើលតាមរូបមិនបានច្បាស់ ។

    តាមធម្មតា ដូចនៅស្រុកគេ ផ្លូវទៅកាន់ភូមិឃុំស្រុកខេត្តណា
    គេច្រើនយកឈ្មោះភូមិឃុំស្រុកខេត្តនោះមកដាក់ជាឈ្មោះផ្លូវនោះ
    ឧទាហរណ៍ ផ្លូវហ្នឹងគួរតែមានឈ្មោះថា ផ្លូវ(ទៅ)ដាក់ដាំ មែនហ្នឹង។

    ឈ្មោះផ្លូវ ឈ្មោះវិថីនានា ចេញជាលេខព្រោងព្រាតមក ដូចជាចាប់ដូរ
    ចាប់មានតាំងពីសម័យអុងលើងៗចូលស្រុកមកហ្នឹងទេ ប្រហែល
    ជាការងាយស្រួលក្នុងការហៅតេអូប្រាប់ទីតាំងក្នុងយុទ្ធសាស្ត្រចំបាំង
    ផង ចង់ដូរអោយវាត្រឡប់ត្រឡិនវិលក្បុងវង្វែងស៊ុងកូនខ្មែរដែល
    ទើបនឹងញាស់សាករក្រោយៗផង ក៏មិនដឹង …នេះបើតាមការភ័យស្មាន !
    មានអី ! បើទុកអោយចេញជាលេខៗទាំងអស់ គេនឹងឃើញអសយដ្ខាន
    ហាងម៉ាស្សាមួយដាក់ថា ផ្ទះលេខ៦៦៦ ផ្លូវលេខ៦៦ សង្កាត់០៦ ខ័ណ្ឌ៦
    គឺសុទ្ធតែស៊ិច(តាមអង្លេស) ស៊ិស(តាមបារាំង) សិចៗ(តាមឡឺម៉ង់) 😀
    ទាំងអស់ ស្រួលចាំ អ្នកនៅដល់ក្រហែងណាក៏ងាយមករកឃើញដែរ ។

    • ខ្ញុំ​ចាប់​អារម្មណ៍​ជាង​គេ គឺហាង​ម៉ាស្សា ដែលមាន​អាស័យដ្ឋាន «សិច!សិច!…» 😀

      ស្រុកយើង ជាស្រុក​រាជាណាចក្រអច្ឆរិយៈ… ដូច្នេះ បើយើង​ធើឆ្អីមួយ ក៏ត្រូវ​ចេញ​ជា​របៀប​ «អច្ឆរិយៈ» ដែរ… ដូច​ការ​ដាក់​លេខ​ផ្លូវ​ជាតិ​នេះ ជា​ឧទាហរណ៍​ស្រាប់។

      ដោយឡែក​ចំពោះ​កំរាល​ស្មៅ​ពណ៌បែតង​ស្រងាត់​នេះ គឺ​វា​ត្រជាក់​ភ្នែក​បាន​តែ​ក្នុង​រដូវវស្សា​បែប​នេះ​ទេ។ បើ​ចូល​ដល់​រដូវ​ប្រាំង​វិញ វាល​ស្មៅ​នឹង​ដូរ​ពណ៌​ទៅ​ជា​គល់​ជញ្រ្ជាំង​វិញ​ហើយ។ ជួរភ្នំ​ត្រងោលៗ គ្មាន​ដើម​ឈើ​ និង​មានតែ​ស្មៅ​ដុះនេះ នៅ​ខាង​ក្រោម​ គឺ​ជា​កំណប់​រ៉ែ​​បុកស៊ីត ដ៏មហាសាល ​ដែល​រដ្ឋ​យើង​មិន​ទាន់​ទាញ​យក​មក​ធ្វើ​អាជីវកម្ម​​បាន​​នៅ​ឡើយ​​ទេ…។​

  3. ល្អឡើងវិញ បើមានរ៉ែបុកស៊ីតនៅពីក្រោមទីវាលហ្នឹង
    ហើយវាក៏នឹងអស្ចារ្យ បើការទាញយកផលរ៉ែនានាពីក្នុង
    ទឹកដីខ្មែរបានដោយសមត្ថភាពកូនខ្មែរទាំងស្រុង មិន
    ចាំបាច់ពឹងពាក់បណ្ដាក់ខ្ចីហ៊ុនហយជាមួយពួកបរទេស ។
    មិនយូរទេ … 😀

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s