វិចិត្រសាល

ទីអារាមវត្តចតុទិស នៃអតីតក្រុង​ឧត្តុង្គ


ខាងក្រោមនេះ ជាទិដ្ឋភាព​នៃទីអារាម​ វត្តចតុទិស ឬបួនទិស ឬទិសទាំងបួន ស្ថិតនៅ​តាម​ផ្លូវ​ចូល​ទៅ​ភ្នំព្រះរាជទ្រព្យ ដែល​ខ្ញុំ​បាន​​ថត​ទុក​ជា​ឯកសារ នា​ដើម​ខែកក្កដា ឆ្នាំ​២០១៣ នេះ…។

បើ​តាមការ​រៀបរាប់​របស់​លោកតា ញ៉ែម សារុន បច្ចុប្បន្ន​មាន​អាយុ ៧២ឆ្នាំ​ហើយ ដែល​​បុព្វការីជន​របស់​លោកតា មាន​កំណើត​កើត​ជា​នៅ​​​ក្នុង​អតីត​ក្រុង​ឧត្តុង្គ​នេះ ច្រើន​ដំណ​មក​ហើយ​នោះ បាន​អោយ​ខ្ញុំ​ដឹង​ថាៈ ទីអារាម​វត្ត​ចតុទិស​នេះ បាន​កកើត​​ឡើង​តាំងពី​សម័យ​លង្វែក​មក​ម៉្លេះ។ ប៉ុន្តែ​អារាមនេះ​ ត្រូវ​បាន​រៀប​ចំ​កសាង​ឡើង​វិញ​ ក្នុង​រាជ​ព្រះ​បាទ​​​អង្គឌួង ក្រោម​រាជកិច្ច​ចាត់ចែង​ដោយ​​​វររាជនី​ព្រះនាង ប៉ែន នៅក្នុងរវាង ព.ស​២៣៩២ ត្រូវ​នឹង​ គ.ស​១៨៤៨…។ អារាមនេះ គឺជា​អារាម​ធំ​របស់សម្តេច​​សង្ឃ​រាជាគណ​មហា​និកាយ, ជា​គូ​នឹង​អារាម​វត្ត​វាំង​ចាស់​ ជា​អារាម​ធំ​របស់សម្តេច​​សង្ឃ​រាជាគណ​​ធម្មយុត្តិ ក្នុង​រជ្ជកាល​ព្រះបាទ​អង្គ​ឌួង។

លោកតា ញ៉ែម សារុន បាន​អះអាង​បន្ត​ទៀត​ថាៈ ព្រះវិហារ​បច្ចុប្បន្ន​នេះ ទើប​តែ​កសាង​នៅ​សម័យ​យើង​នេះ​ទេ។ ឯ​ព្រះ​វិហារ​ដែល​កសាង​ឡើង​ដោយ​វររាជនី​ព្រះនាង ប៉ែន ក្នុង​រាជ​ព្រះបាទ​អង្គឌួងនោះ ត្រូវ​បាន​ពួក​​​ខ្មែរ​ក្រហម វាយ​កំទេច​អោយ​​រាប​ដល់​ដី​ កាល​ពី​ក្នុង​អំឡុង​ឆ្នាំ ១៩៧៧ អស់​ទៅ​ហើយ។

នៅ​ជ្រុង​ទាំង​បួន​នៃ​ព្រះ​វិហារចាស់ មាន​​ចេតីយ៍​ធំៗ​ ចំនួន​បួន​ ដែល​នៅ​បាត​ក្រោម​នៃ​ចេតីយ៍​បី ក្នុង​ចំណោម​ចេតីយ៍​ទាំង​បួន មាន​កប់បញ្ចុះ​​​​នូវ​​រតន​សម្បត្តិ​​​មាន​តំលៃ​ដ៏​​មហាសាល​ ​​របស់​ព្រះរាជា​ខ្មែរ…។

ដោយ​ហេតុ​នេះ​ហើយ បាន​ជា​ក្រោយ​ពេល​ដែល​ពួក​ឈ្លប​ខ្មែរ​ក្រហម​ វាយ​​​កំទេច​ព្រះវិហារ​អោយ​រាប​ដល់​ដីទៅ ពួក​គេ​ក៏​វាយ​កំទេច​ចេតីយ៍​ទាំង​បួន​​ទៀត ដើម្បី​គាស់​​កកាយ ប្រមូល​យក​រតន​សម្បត្តិរបស់​អតីត​ព្រះរាជា​ខ្មែរ​ ដែល​តាម​ការ​រៀបរាប់​​រួម​មាន ដាវមាស, ស្បែកជើង​មាស,​ កងដៃ-​កងជើង​មាស​​ធំៗ​ (ជា​មាសផ្កាកប្បាស​ទឹក៦)​ ព្រម​ទាំង​គ្រឿង​អលង្ការ​ធ្វើ​ពីត្បូង​ថ្ម​មាន​តំលៃ​ដ៏​ច្រើន​សន្ធឹក​សន្ធាប់ មាន​ចំនួន ៤កញ្ឆេរ​ធំៗ ដែល​មួយ​កញ្ឆេរៗ ពួក​ឈ្លប​សែង​គ្នា​បួននាក់​ឡើង​ញ័រ​សក់​ក្បាល…។

លោក​តា​ ញ៉ែម សារុន បាន​អះអាង​ច្បាស់​​បែបនេះ គឺ​ដោយសារ​គាត់​ធ្វើ​ការ​នៅ​ក្បែរ​វត្តនេះ, ក្នុង​ពេល​ពួក​ឈ្លប​គាស់​កកាយ​​រតន​សម្បត្តិបាន​ហើយ គាត់​​បាន​ឃើញ​ពួកវា​​ហូត​​ដាវមាស​ចេញ​ពី​ស្រោម មក​គ្រវី​កាប់​គ្នា​លេង ព្រម​ទាំង​យក​ស្បែក​ជើង​មាស មាន​រាង​-ងៗ យក​មក​បោះចុះ​បោះ​ឡើង​លេង មុន​នឹង​ពួក​វា​សែង​យក​ចេញ​ពី​ទីនេះ…។

រីឯ​នៅទីវាល​​ប៉ែក​ខាងត្បូង​ព្រះវិហារ ពួក​ខ្មែរ​ក្រហម​បាន​ប្រើស៊ីម៉ង់ត៍​ចាក់សាប​​ធ្វើ​ជា​ទីលាន​​បោក​ស្រូវ, បញ្ជាន់​ស្រូវ, និង​ហាល​ស្រូវ ដែល​ទីលាន​នេះ បាន​បន្សល់​ទុក​គ្រឹះ​ស៊ីម៉ង់ត៍​ ​រហូត​ដល់​បច្ចុប្បន្ន​នេះ​។

ក្រោយ​ពេល​កសាង​ព្រះវិហារ​វត្ត​ចតុទិស សារជា​ថ្មី​ឡើង​វិញ នៅ​ដើម​ទសវត្សរ៍​ឆ្នាំ​២០០០ មាន​​​រាស្រ្ត​ក្នុង​ភូមិ​​មួយ​គ្រួសារ ដែល​ជាប់​ខ្សែ​ស្រឡាយ​​រាជវង្ស​ពី​អតីត​កាល​ បាន​សំរេច​កសាង​ចេតីយ៍​​មួយ​ឡើង​វិញ នៅ​ជ្រុង​ខាងលិច​ប៉ែក​ខាង​ជើង ដំណាល​គ្នា​នឹង​ការ​កសាង​ព្រះ​វិហារ​នេះដែរ។ បើ​ទោះ​ជា​មាន​ការ​ពន្យល់ ហាមឃាត់​មិន​អោយ​កសាង​ចេតីយ៍​នេះ​ជា​ថ្មី​ឡើង​វិញ​នៅ​លើ​ខឿន​ព្រះវិហារ​​ក៏​ដោយ (អ្នកភូមិ​មាន​ជំនឿ​ថា បើមាន​ឋានៈ​ត្រឹម​រាស្រ្ត រួច​ចង់​​កសាង​ចេតីយ៍​នៅ​លើ​ខឿន​ព្រះ​វិហារ នោះ​នឹង​នាំ​មក​នូវ​អពមង្គល​ដល់​ខ្លួន) ក៏អ្នក​ភូមិ​មួយ​គ្រួសារ​នោះ នៅ​តែ​ជំនះ​កសាង​អោយ​ទាល់​តែ​ហើយ​រួច​រាល់​ជា​ស្ថាពរ​ នូវចេតីយ៍​មួយដែល​​​មាន​រូបរាង ទំហំ និង​កំពស់ គឺ​ដូច​គ្នា​បេះ​បិទ​ទៅ​​នឹង​ចេតីយ៍​ចាស់​ ​ដែល​ត្រូវ​បាន​បំផ្លាញ​ចោល​ដោយ​ពួក​ឈ្លប​ខ្មែរក្រហម…​។

ពិនិត្យ​មើល​ទៅ​លើ​ទីតាំង​ជាក់​ស្តែង គឺព្រះវិហារ​បាន​សង់​ឡើង​នៅ​លើ​ផ្ទៃដី​ធំទូលាយ និង​មាន​ខឿន​កំពស់​បី​ថ្នាក់។ នៅ​ប៉ែក​ខាង​ជើង​ព្រះវិហារ ក៍​មាន​ចេតីយ៍​​កំពូល​ជ្រួច​មួយ ទើប​តែ​កសាង​ហើយ​ថ្មីចែស​ផងដែរ…។ សាលាធម្មសភា ស្ថិត​នៅ​ប៉ែក​ខាង​ជើង​ ឆ្ងាយ​ពី​ព្រះ​វិហារ​បន្តិច​។ រីឯ​កុដិព្រះសង្ឃ​ បាន​សង់​ជា​ផ្ទះ​​ដាច់ៗ​ពីគ្នា… មាន​ថ្ម​មួយ និង​ឈើពីរ ស្ថិតនៅ​ដង្ហែ​គ្នា​ជា​ជួរ ​​នៅ​ខាង​លិច ​ឆ្ងាយ​ពី​​ព្រះវិហារ​ផងដែរ។​

ចុង​ក្រោយ… ខ្ញុំ​ឃើញ​​កូន​សត្វ​ទោច​កំព្រាមួយ​ក្បាល​ មានរោម​ដូច​សំឡី​​ ដែល​ក្មេងៗ​​ក្នុង​វត្ត កំពុង​បេះ​គ្រាប់​​ពោត​ស្ងោ​​រ​ហុច​អោយ​វា​ស៊ី។ មេបា​​របស់​វា​ ត្រូវ​បានរង​គ្រោះ​ដោយ​​​មនុស្ស​សំឡាប់​​អស់​ហើយ ធ្វើ​អោយ​កូន​ទោច​មួយ​ក្បាល​​នេះ រស់​នៅ​រងាឯកោ​នៅ​លើ​លោក​សន្និវាស​នេះ ជា​មួយ​នឹង​ក្មេង​វត្ត​ទៅ​វិញ…៕

ស្រុកស្រែ

Advertisements

2 responses to “ទីអារាមវត្តចតុទិស នៃអតីតក្រុង​ឧត្តុង្គ

  1. ធ្វើអ្នក​សរសេរ​អត្ថបទ​ទស្សនាវដ្តី​បាន​ហើយ​ប៉ុន្នេះ !

    • មានគេ​ចង់​ទាក់ទង​អោយ​ខ្ញុំ​ជួយ​សរសេរ​​អត្ថបទ​អោយ​គេដែរ តែ​រោគ​ខ្ជិល​របស់​ខ្ញុំ គឺ​ព្យាបាល​មិន​ជា​សោះ…។ ដោយហេតុ​នេះ ខ្ញុំ​សុខ​ចិត្ត​នៅ​ទីនេះ ​ចាំ​ផា​អោយ​​គ្នា​យើង​វិញ សប្បាយ​ចិត្ត​ជាង… 😀

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s