វិចិត្រសាល

សម្តេចព្រះធម្មលិខិត លាស់ ឡាយ ​ក្នុងព្រះជន្ម ​៩៩ព្រះវស្សា


កាលពីអំឡុងខែតុលា ឆ្នាំ២០១២ កន្លង​ទៅ ខ្ញុំ​បាន​ដាក់ប្រកាស​ហូរហែ ស្តីពីទិដ្ឋភាព​ទូទៅ​នៃ​ទីអារាម​របស់​សម្តេច​សង្ឃ​ទាំង​ពីរ​រាជាគណ ក្នុង​ព្រះរាជា​ណាចក្រកម្ពុជា​យើង សំរាប់​ទុក​ជា​ឯកសារ​រូបភាព​នៅ​ទីនេះ។

ក្នុង​ចំណោម​សម្តេច​សង្ឃរាជាគណមហានិកាយ ដែល​ខ្ញុំ​បាន​រៀបរាប់​កន្លង​មក ខ្ញុំ​​ភ្លេច ឈឹង នូវ​សម្តេច​សង្ឃ​ជាន់ខ្ពស់​មួយអង្គ… នោះគឺ​ សម្តេចព្រះធម្មលិខិត លាស់ ឡាយ គង់នៅ​វត្ត​សន្សំកុសល រាជធានី​ភ្នំពេញ…។​ ដោយ​ហេតុ​នេះ​ហើយ នៅ​ពេល​ដែល​​មាន​ឳកាស​​បាន​​ជិះ​កាត់​វត្តសន្សំកុសល ខ្ញុំ​ក៏​ឆ្លៀត​ចូល​​ថត​ផ្តិត​យក​បច្ចុប្បន្ន​ភាព​នៃ​ទី​អារាម​នេះ ដើម្បី​ទុក​ជា​ឯកសារ​​តែ​ម្តង។

ថ្ងៃ​ខ្ញុំ​ចូល​ទៅថតនោះ គឺ​ចំពេល​មាន​ពិធី​បុណ្យ​សពមួយ ជាហេតុ​ធ្វើ​អោយ​​ខ្ញុំ​មិន​អាច​ដើរ​ថត​អោយ​បាន​សព្វ​គ្រប់​ជ្រុង, គ្រប់កន្លែង…។ តែ​អ្វី​ដែល​ទាក់​ចិត្តខ្ញុំ​​មុន​គេនោះ​​ គឺ​ព្រះចេតីយ៍​ថ្មីមួយ នៅ​ចំទីធ្លា​ខាងជើង​ព្រះវិហារ។ ព្រះចេតីយ៍​ថ្មី​នេះ សម្តេច​ព្រះធម្ម​លិខិត​បាន​កសាង​​ត្រៀម​ទុក​អោយ​ហើយ​ស្រេច សំរាប់​តំកល់​ព្រះអដ្ឋិធាតុ​​​របស់​ព្រះអង្គ​ផ្ទាល់ ក្រោយ​ពេល​ដែល​ព្រះ​អង្គ​ចូល​ទីវង្គត​ នា​វេលា​ណា​មួយ​មិន​ប្រាកដ…។

នៅ​ជាប់​នឹង​ចេតីយ៍​ថ្មី​នេះ មាន​អាគារ​ពុទ្ធិកវិទ្យាល័យមួយ និង​ពុទ្ធិក​​អនុវិទ្យាល័យ​មួយ ដែល​សម្តេច​ព្រះ​ធម្មលិខិត បាន​កសាង​ដោយ​ផ្ទាល់​ព្រះហស្ត​របស់​ព្រះអង្គ។ រីឯ​ឧបដ្ឋាន​​សាលា ស្ថិត​នៅ​ខាង​លិច​ចេតីយ៍​ថ្មីនេះ ត្រូវ​បាន​ខ័ណ្ឌ​ដោយ​ផ្លូវ​មួយ​ចេញ​ទៅ​ក្លោង​ទ្វារ​​វត្ត​ ច្រកខាង​ជើង ដែល​មាន​សភាព​ចាស់​ណាស់​ទៅ​ហើយ…​​។​

អាគារថ្ម​តូច​ផ្ទាល់ដី​ បែប​សាមញ្ញ​មួយឈ្មោះ “ធម្មសភា” ​ស្ថិត​នៅ​ចំ​​ខាង​លិច​ព្រះវិហារ គឺជា​ព្រះកុដិ​របស់​សម្តេច​ព្រះធម្មលិខិត​គង់​នៅ…។ ចំណែក​ឯ​​កុដិ​ព្រះសង្ឃ​ផ្សេងៗ​ទៀត​ ស្ថិត​នៅ​បន្ត​ពី​ព្រះកុដិ​ធម្មសភា​​នេះ ទៅ​ខាងលិច និង​​នៅ​ជួរ​ខាង​ក្រោយ​ផង​ដែរ។

​សម្តេច​ព្រះធម្មលិខិត លាស់ ឡាយ បច្ចុប្បន្នបាន​ឈាន​ចូល​ដល់​បច្ឆិមវ័យ​ណាស់​ទៅ​ហើយ។ គិត​មក​ដល់ខែ​កក្កដា ​ឆ្នាំ​២០១៣ នេះ ព្រះអង្គ​មាន​ព្រះជន្មជិត​គំរប់​ ៩៩ព្រះ​វស្សា និង​យាង​ចូល​ ១០០​ព្រះវស្សា ​​​នាប៉ុន្មាន​ខែ​ខាង​មុខ​នេះហើយ (ព្រះអង្គ​ប្រសួត្រ​ក្នុង​ខែភទ្របទ ព.ស១៩១៤)។​ អ្វី​ដែល​ធ្វើ​អោយ​ខ្ញុំ​រំភើប​ចិត្ត​ស្មាន​មិន​ដល់​នោះ គឺនៅ​ពេល​ដែល​ដឹង​ថា​ខ្ញុំ​មាន​បំណង​ចូល​ទៅ​ក្រាប​ថ្វាយ​បង្គំ​ព្រះអង្គ,​ ព្រះអង្គក៏​​បាន​ក្រោក​ពី​ផ្ទុំ មក​គង់​​ទទួល​ជួប​​សំណេះ​សំណាល​ជា​មួយ​ខ្ញុំ ​​បែប​យ៉ាង​​សាមញ្ញ​បំផុត។

ខ្ញុំ​បាន​ពិតទូលសួរ​ព្រះអង្គ ​ទៅ​តាម​ទំលាប់​នៃ​ការ​ចង់​ចេះ ចង់​ដឹង​របស់​ខ្ញុំ ហើយ​ព្រះអង្គ​ក៏​មាន​ព្រះឳង្ការ​តប​មក​ខ្ញុំ​វិញ​​ហូរហែ…។ តាម​រយៈ​នេះ ខ្ញុំ​អាច​ដឹង​ពី​ប្រវត្តិ​​ព្រះអង្គ​ដោយ​សង្ខេប​ដូច​តទៅៈ …សម្តេច​ព្រះធម្មលិខិត​​​ បាន​បួសជា​នេន​តាំង​ពី​អាយុ ១២ឆ្នាំ…​។ ក្រោយ​ពេល​ក្លាយ​ជា​សាមណេ ព្រះអង្គបាន​ខិតខំ​សិក្សា​ភាសា​បាលី​ ​​ដែល​ក្រោយ​មក ​បាន​ក្លាយ​ជា​សិស្ស​ដ៏ឆ្នើម​របស់​សម្តេច​ព្រះធម្មលិខិត ល្វី ឯម និង​សម្តេច​ព្រះសង្ឃរាជ ជួន ណាត។ ក្រោយ​មក​ ព្រះ​អង្គ​បាន​ក្លាយ​ជា​សាស្រ្តាចារ្យ​ជាន់​ខ្ពស់​ នៅសាលា​​បាលី​​តែម្តង។

នៅ​ថ្ងៃ ១៧ មេសា ១៩៧៥, ព្រះអង្គ​ត្រូវ​បាន​ជំលៀសទៅ​​កាន់​ខេត្តកំពង់ចាម និង​ត្រូវ​បាន​ពួក​ខ្មែរ​ក្រហម​ចាប់​ព្រះអង្គ​ផ្សឹក​​​​នៅ​ទីនោះ។ ព្រះអង្គ​ត្រូវ​បាន​ពួក​ឈ្លប​ខ្មែរ​ក្រហម​បំរុង​យក​ទៅ​សំឡាប់​បីដង តែ​មិន​ដឹង​យ៉ាង​ម៉េច ចេះ​តែ​រួច​ព្រះកាយ​រហូត…។ លើក​ទីមួយ គឺនៅ​ពេល​ដែល​ពួក​ឈ្លប​​ដើរ​ប្រមូលមនុស្ស​ដឹក​តាម​រទេះសេះ​​យក​ទៅ «រៀនសូត្រ»… ហើយ​ក្នុង​ពេល​ដែល​រទេះសេះ​ពួក​ឈ្លប បានមក​ដល់ជួប​ព្រះអង្គ​, ស្រាប់​តែ​មាន​មនុស្ស​ជិះ​ពេញ អត់​មាន​កន្លែង​សំរាប់​​អោយ​ព្រះអង្គ​អង្គុយ។ ដល់​អញ្ចឹង​ទៅ ពួក​ឈ្លប​ក្មេងៗ​ទាំង​នោះ​រអ៊ូថាៈ តាឯង​អត់​កន្លែង​អង្គុយ មិន​បាច់​ទៅ​ទេ!… ចាំ​លើកក្រោយ​ ចាំទៅ!…។ លើក​ទីពីរ​ក៏​ដូច​គ្នា​ដែរ… តែលើក​នេះ​ពួកឈ្លប​លែង​ប្រើ​រទេះសេះ​ទៀត​ហើយ គឺពួក​គេ​បាន​យក​ឡានពើហ្សូ-​កាត់សង់កាត់ (Peugeot-​404) មកដឹក​វិញ​ម្តង ហើយ​ព្រះ​អង្គ​ក៏​អត់​មាន​កន្លែង​ជិះ​ម្តង​ទៀត។ លើក​ទីបី គឺពួក​គណៈ​​សហករណ៍​​បាន​បង្ខំ​អោយ​ព្រះអង្គ​រៀប​គ្រួសារ (យក​ប្រពន្ធ) ហើយ​ព្រះ​អង្គ​បាន​ប្រកែកយ៉ាង​ដាច់​អហង្ការ​ជា​មួយ​ពួកគេ។ ​អង្គការ​​ខ្មែរ​ក្រហម ក៏​​​មាន​កំហឹង​នឹង​ព្រះអង្គ តែ​ទទួល​សភាពការណ៍​ស្រុក​ទេស​​ប្រែ​ប្រួល, កងទ័ព​វៀតណាមបាន​​ចូល​មក​ដល់ទាន់ ព្រះអង្គ​ក៏​រួច​ព្រះកាយ​​​ម្តង​ទៀត​ទៅ…។

ក្រោយ​ឆ្នាំ១៩៧៩, ព្រះអង្គ​បាន​បួស​ជា​ភិក្ខុ​សង្ឃ​សារជាថ្មី​ឡើង​វិញ​នៅ​វត្តឧណ្ណាលោម ដែល​មាន​សម្តេច​ព្រះអគ្គ​មហាសង្ឃរាជ ទេព វង្ស បច្ចុប្បន្ន​ ជាគ្រូ​ឧបជ្ឈាយ៍… ហើយ​​បន្ទាប់​មក ព្រះអង្គ​ក៏​បាន​មក​គង់​នៅ​ក្នុង​ទីអារាម​វត្ត​សន្សំកុសល​នេះ​រហូត​មក។ សព្វ​ថ្ងៃនេះ ព្រះ​អង្គ​មិន​មាន​នៅ​សល់​​សាច់​ញាតិ​បងប្អូន​បង្កើត​អី​ទេ។ ឯ​កូន​ចៅ​ក៏​គ្មានដែរ ព្រោះ​ពេញ​​មួយ​ជីវិត​របស់​ព្រះអង្គ​ គឺ​ព្រះអង្គ​បាន​បួស​ជា​សង្ឃ​ចាប់​តាំង​ពី​អាយុ​ ១២ឆ្នាំ ជាប់​រហូត​មក​,​ លើក​លែង​តែ​ក្នុង​សម័យ​ខ្មែរក្រហម​ជាង ៣ឆ្នាំ​តែ​ប៉ុណ្ណោះ ដែល​ព្រះអង្គ​​​រស់​នៅ​ជា​គ្រហស្ថ…។​

បច្ចុប្បន្ន ​ព្រះកាយពល​របស់​ព្រះអង្គ​ យាប់​យឺន​បន្តិច​ហើយ។ តែ​បញ្ញា​​ស្មារតី​របស់​ព្រះអង្គ ​​គឺនៅ​​រឹងមាំ​ និង​ចងចាំ​​បាន​​​ល្អណាស់។ ធម៌អាថ៌ ក្នុង​គម្ពីរ​បាលី សំស្រ្កឹតដែល​ព្រះ​អង្គ​​បាន​ចេះចាំ​ទាំង​ប៉ុន្មាន ក៏​គ្មាន​ភ្លេច​ភ្លាំង​សោះ។ ឯ​ព្រះកាណ៌ (ត្រចៀក) ទៀត​សោត ក៏​មិន​ធ្ងន់, នៅ​ស្តាប់​ឮធម្មតា។ លើក​លែង​តែ​ចក្ខុ​ទេ​ដែល​ព្រះអង្គ​​ទត​ជិត​​​លែង​មើល​ឃើញ​… គឺ​មើល​​ឃើញ​ព្រិលៗ​ក្នុង​ចំងាយ​​បីបួន​ម៉ែត្រ​ពី​ព្រះអង្គ។

ចំណែក​ឯក្រយា​ប្រចាំ​ថ្ងៃវិញ ព្រះអង្គ​សោយ​បាយ និង​យាគូ​បាន​បន្តិចបន្ទួច​ប៉ុណ្ណោះ។ ជំនួស​អោយ​ក្រយាស្ងោយ​នេះ ព្រះអង្គ​សោយ​បាន​​​ជា​ប្រចាំ នូវ​​​ទឹកដោះគោ​ម៉្សៅ​ម៉ាក​ Ensure Life (No Trans Fat) លាយ​ជា​មួយ​ទឹក​សុទ្ធ​ម៉ាក VICHY ហើយ​ក្នុង​មួយ​សប្តាហ៍ ព្រះអង្គ​ត្រូវ​ចាក់​សេរ៉ូម​កំឡាំង​ចំនួន​ពីរដង។ នេះ​ចាត់​ទុក​ជា​ដំណឹងផងដែរ​, ប្រសិន​បើ​អស់​លោក​អ្នក​មាន​បំណង​ចង់​ទៅ​ថ្វាយ​បង្គំ​ និង​​ប្រគេន ឬថ្វាយ​​ភត្តាហារ​ជូន​ព្រះអង្គ​ គឺគួរ​តែ​ទិញ​ម៉្សៅ​ទឹកដោះគោ និង​ទឹកសំរាប់​លាយ ទាំង​ពីរ​ម៉ាក​​ខាង​លើ​នេះ​ទៅ…។

ក្នុង​ពេល​ខ្ញុំ​កំពុង​សរសេរ​ប្រកាស​នេះ ខ្ញុំ​នៅមាន​អារម្មណ៍​រំភើប កក់ក្តៅ និង​ក្តុកក្តួល​នៅ​ឡើយ​ ​កាល​គ្រា​ដែល​សម្តេច​ព្រះ​ធម្មលិខិត បាន​យក​ព្រះហស្ត​មក​អង្អែល​ក្បាល​ខ្ញុំ ព្រម​ទាំង​ប្រសិទ្ធិពរ​ជ័យ​ដល់​ខ្ញុំ… គឺ​ពិត​ជា​នាំ​អោយ​អារម្មណ៍​ខ្ញុំ​​ស្ងប់​សុខ​ និង​រីករាយ​​មែន​ទែន…។

សូមបួង​សួង​អោយ​ព្រះអង្គ​មាន​ព្រះជន្ម​យឺនយូរ​តទៅ​ទៀត… ហើយ​ខាងក្រោមនេះ ជាទិដ្ឋភាព​អារាម​វត្ត​សន្សំកុសល និង​ព្រះភ័ក្ត្រ​ផ្ទាល់​របស់​សម្តេច​ព្រះធម្មលិខិត លាស់ ឡាយ ក្នុង​ព្រះជន្ម ៩៩ព្រះ​វស្សា ដែល​ខ្ញុំ​បាន​ថត​ទុក​ជាង​ឯកសារ នាដើម​ខែកក្កដា ឆ្នាំ២០១៣ នេះ…

ស្រុកស្រែ

___________________

អត្ថបទដែលទាក់ទង៖

Advertisements

2 responses to “សម្តេចព្រះធម្មលិខិត លាស់ ឡាយ ​ក្នុងព្រះជន្ម ​៩៩ព្រះវស្សា

  1. ខាង​វត្ត​គេ​មាន​រៀប​ចំ​ធ្វើ​បុណ្យ​អី​ឲ្យ​ព្រះ​អង្គ​ទេ?

    • ខ្ញុំ​អត់​បាន​ពិតសួរ​ព្រះអង្គដែរ។ ចាំ​មើល​គិត​ទិញ​ម៉្សៅ​ទឹកដោះគោ​ យកទៅ​ប្រគេន​ព្រះអង្គ ខ្ញុំ​នឹង​ពិតសួរ​នាំ​អោយ​បាន​ពិស្តារ​ជាង​នេះ។ ក្រោយ​ពេល​បាន​ជួប​ព្រះអង្គ​រួច គឺ​ពិត​ជា​នាំ​អោយ​ខ្ញុំ​កើត​សទ្ធា​ក្នុង​ការ​ធ្វើ​​បុណ្យ​ជា​មួយ​ព្រះ​អង្គ​ណាស់… 😀

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s