វិចិត្រសាល

មុខរបរត្បាញកន្ទេលខ្សែ របស់​អ្នកភូមិ​ពាមឧកញ៉ាអុង…


ខាងក្រោមនេះ ជាទិដ្ឋភាពនៃ​ការ​ត្បាញកន្ទេល​ខ្សែ របស់​អ្នកភូមិ​ពាមឧកញ៉ាអុង ក្នុង​ស្រុក​ល្វាឯម ខេត្ត​កណ្តាល ដែល​ខ្ញុំ​បាន​ថត​​ទុក​ជាឯកសារ…។

ខុស​ពី​កន្ទេល​សំរាប់​ក្រាល​ដេកពួន, កន្ទេលខ្សែ ជាកន្ទេល​ខ្នាតវែង ដែល​មាន​បណ្តោយ ៥ម៉ែត្រ និង​ទទឹង ១ម៉ែត្រ សំរាប់​ប្រើ​ប្រាស់​​ក្នុង​ពិធី​បុណ្យ​ង៉ាន​ផ្សេងៗ នៅ​តាម​ទី​​​វត្ត​អារាម។ បច្ចុប្បន្ន កន្ទេល​ខ្សែ​ត្រូវ​​បាន​បង្រួញ​​ប្រវែង​មក​នៅ​​ត្រឹម​​បណ្តោយ ៤ម៉ែត្រ ៨តឹក​ តែ​ប៉ុណ្ណោះ។ មូល​ហេតុ​ «រួញ​ខ្លួន» អស់ ២តឹក​នេះ គឺ​ដោយ​សារ​តែ​អ្នក​តំបាញ​ រកស៊ី​លែង​ចំណេញ ហើយ​នេះ​​ជា​វិធី​​តែ​មួយ​គត់​​ដើម្បី​កាត់​បន្ថយ​វត្ថុ​ធាតុ​ដើម។

វត្ថុធាតុ​ដើម​សំរាប់​យក​មក​ត្បាញ​អោយ​ចេញ​ជា​កន្ទេល គឺ​មាន​តែ «កក់ និងក្រចៅ» ។តាម​ការសួរ​នាំ​​ខ្លះៗ ពី​សិប្បករ​តំបាញ​ដោយ​ដៃ​នេះ​បាន​អោយ​ខ្ញុំ​ដឹង​ថាៈ ដើម្បី​បាន​កន្ទេល​មួយ​ខ្សែ គឺ​ត្រូវ​ចំណាយ​ «កក់» អស់​ពី ៤ ទៅ ៥គីឡូក្រាម, និង​ «ខ្សែក្រចៅ» អស់ កន្លះគីឡូក្រាម ។ តំលៃ​សរសៃកក់​ក្នុង​ ១គីឡូក្រាម បច្ចុប្បន្ន​ថ្លៃ​ក្នុង​ចន្លោះពី ៣ពាន់រៀល ទៅ ៤ពាន់​រៀល។ ឯខ្សែ​ក្រចៅ មានតំលៃ​ក្នុង​ចន្លោះពី ១ម៉ឺនរៀល ទៅ ១ម៉ឺន ៤ពាន់រៀល។ ប្រសិន​បើ​​យើងមិន​ចេះ​អន្ទង បេះទង ឡើងក្បាច់​ទេ ហើយ​ត្រូវ​ការ​ជួល​គេ​​មក​តំឡើង​អោយ គឺ​នឹង​ត្រូវ​អស់​​ឈ្នួលក្នុង​កន្ទេល​មួយថ្លៃ ១ម៉ឺនរៀល​​ទៀត​(តែកិច្ចការ​នេះ ជា​ទូទៅ​​គឺ​ចេះ​គ្រប់​ផ្ទះ)។ នៅមាន​ការ​ជ្រលក់​លក្ខណ៍​លើ​សរសៃ​កក់​ ដើម្បី​តំរូវ​ទៅ​តាម​ពណ៌​ចង់​បាន​ទៀត ដែល​នេះ​ក៏​ត្រូវ​ចំណាយ​ប្រាក់​ទិញ​លក្ខណ៍​ជ្រលក់​​​​ដែរ។

ក្រោយ​ពេល​ត្បាញ​រួច ត្រូវ​កាត់​តំរឹម​​ព្រុយជាយ និង​ដេរ​ស្រោប​កំណាត់​សំពត់​ពណ៌​ក្រហម ដែល​ក្នុង​កន្ទេល​មួយ​ខ្សែ​អស់​ថ្លៃ​ឈ្មួល ៤ពាន់​រៀល​ទៀត។ នៅពេល​​ចេញ​ជា​ផលិតផល​សំរេច «កន្ទេលខ្សែ» ក្រោយ​ពេល​ដេរ​ជាយ​រួច គឺអាចលក់​បាន​ក្នុង​តំលៃ​ចាប់​ពី​ចន្លោះ ៤ម៉ឺនរៀល ទៅ ៥ម៉ឺនរៀល ទៅ​តាម​ការ​បញ្ជា​ទិញ។​ ដូច្នេះ​សរុប​ទូទាត់​​ការ​ចំណាយ​ទៅ គឺ​សិប្បករ​តំបាញ​យើង​ បាន​ចំណេញ​តិច​តួច​មែន​ទែន…។

​ចំពោះ​ឧបករណ៍​សំរាប់​ត្បាញ​វិញ គឺ​សាមញ្ញ​ណាស់។ ក្រៅ​ពី «កី» ដែល​ចង​សន្ធឹង​​ភ្ជាប់​ដោយ​បង្គោល​បួន​ដើម ​និង​មាន​កំពស់​ពីដី​​ប្រហែល​ ៣តឹក និង​ឧបករណ៍​ «​ធ្មេញឈើ ឬ​ក្តារកី​» កាច់​ដោយ​ដៃ ​ទៅមុខ​ទៅ​ក្រោយ​ សំរាប់​ត្បាញ​ទះ​សរសៃ​កក់​អោយ​ហាប់​តំរៀប​ចេញ​ជា​កន្ទេល គឺ​មាន​តែ​ឧបករណ៍ «ឈើចាក់»​​ មួយ មាន​ទំហំ​ប៉ុន​ម្រាម​ដៃ រាងរាវ​ចុង សំរាប់​ចាប់​កួច​ចុង​​សរសៃ​កក់​​ ចាក់ចូល​​ក្នុង​ចន្លោះ​ខ្សែ​ក្រចៅ​ដើម្បី​ត្បាញ។ «ឈើចាក់» នេះ គេទំលាប់​ធ្វើ​ពី​ដើម​ទ្រាំង, ឈើ​​ព្រៃ​ផ្សេង​​ទៀត មិន​អាច​យក​មក​ប្រើ​ជា​ឧបករណ៍​​ឈើ​ចាក់​ត្បាញ​កន្ទេល​បាន​ឡើយ។ ​

ដោយ​ហេតុ​នេះ ដើម្បី​ដំណើរការ​សង្វាក់​ផលិតកម្ម​​​​ «ត្បាញកន្ទេល» បាន គឺត្រូវ​តែ​មាន​មនុស្ស​ពីរនាក់ (ច្រើន​តែ​ពីនាក់​ម្តាយកូន) ដោយ​កូនកៅមុំ​ជា​អ្នក​​កាន់ក្តារកី, រីឯ​ម្តាយ​ជា​អ្នក​​កាន់ឈើចាក់…។

ជា​ធម្មតា បើ​​អង្គុយ​ត្បាញ​ជាប់ ក្នុង​មួយ​ម៉ោង​អាច​ត្បាញ​កន្ទេល​បាន​ប្រវែង​ពី ៨តឹក ទៅ ១ម៉ែត្រ ។ ​ដូច្នេះ​​​ក្នុងមួយ​ថ្ងៃ​ ពីរនាក់​​ម្តាយកូន ​ត្បាញលេងៗ គឺបាន​​កន្ទេល​​ខ្សែ​មួយ…។ ក្រោយ​ពេល​ត្បាញរួច នាពេលរសៀល ឬព្រលប់ៗ ពួកគេ​នឹង​ចាប់​ផ្តើម​អន្ទង បេះទង ឡើងក្បាច់​កន្ទេល​ខ្សែ​មួយ​កី​ថ្មី​ទៀត សំរាប់​ត្បាញ​នៅ​ព្រឹក​ស្អែក។ នេះ​គឺ​ជា​សកម្មភាព​ក្នុង​មុខ​របរ​ត្បាញ​កន្ទេល​ របស់​អ្នក​ភូមិ​ពាមឧកញ៉ាអុង​ សព្វថ្ងៃ​នេះ។

សំរាប់​អ្នក​ភូមិ​ដែល​មិនមាន​កំឡាំង​ត្បាញ ពួកគេ​ក៏​បាន​ចាប់​យក​របរ​ដាំកក់ និង​ក្រចៅ ដើម្បី​ផ្គត់​ផ្គង់​ដល់​សិប្បករ​តំបាញនៅ​ក្នុង​ភូមិ​ដែរ។ ដំណាំកក់ ត្រូវ​បាន​កសិករ​យើង​ស្ទូង​ដូច​ដំណាំ​ស្រូវ​ដែរ ដោយ​ចាប់​ផ្តើម​ដាំ​នៅ​តាម​មាត់​បឹង​នា​រដូវ​សំរក​ក្នុង​ខែធ្នូ ឬខែមករា និង​ចាប់​ផ្តើម​ប្រមូល​ផល​ក្នុង​ចន្លោះ​ពី​ខែមីនា ដល់​ខែឧសភា…។ នៅពេល​ច្រូត​ប្រមូល​ផល, ​ដើមកក់​ខ្លី​ដែល​មាន​ប្រវែង​ ១ម៉ែត្រ​ មាន​តំលៃ​ថោក ព្រោះ​​អាច​​យក​ទៅ​​ត្បាញ​​បាន​តែ​ជា​កន្ទេល​​ខ្សែ​។ ឯ​ដើម​កក់​មាន​ប្រវែង​លើស​ពី ១ម៉ែត្រ មាន​តំលៃ​ថ្លៃ, កាន់​តែ​វែង កាន់​តែ​ថ្លៃ ព្រោះ​អាច​យក​ទៅ​ត្បាញ​ជាកន្ទេល​​ក្រហម​បាន។

ជា​ផលវិបាក​ចំពោះ​សិប្បករ​ត្បាញ​កន្ទេល​នា​ពេល​បច្ចុប្បន្ន គឺ​ការ​ខ្វះ​ខាត​ទុន​ក្នុង​ការ​​​បង្វិល​ទិញ​វត្ថុ​ធាតុដើម។ រីឯ​ផលិតផល​សំរេច ​ដែល​ផលិត​បាន​វិញ គឺ​មិន​ពិបាក​ក្នុង​ការ​រក​ទីផ្សារ​​លក់​ឡើយ។

តាម​ការ​គិត​លេងៗ​របស់​ខ្ញុំ, ប្រសិន​បើ​អ្នកភូមិ​ពាមឧកញ៉ាអុង ចេះរួមគ្នា​បង្កើត​ជា​សហគមន៍​​ផលិត​​នូវ​​ផលិត​ផល​ ឬ​វត្ថុ​អនុស្សាវរីយ៍​ធ្វើ​ពី​សរសៃ​កក់ ដោយ​មាន​ការ​ជួយ​ជ្រោម​ជ្រែង​ផ្តល់​​ទុនគ្រប់​គ្រាន់​ សំរាប់​ដាំ​ដុះវត្ថុ​ធាតុ​ដើម​បំរើ​អោយ​​ការ​ផលិត និង​​​​ចេះ​ច្នៃ​បង្កើត​​នូវ​វត្ថុ​ប្រណិតៗ សំរាប់​បំរើ​អោយ​​​ទី​ផ្សារ​ទេសចរណ៍ ព្រមទាំង​​មាន​ការ​​គ្រប់​គ្រង​​​ច្បាស់​លាស់​ថែម​ទៀត​នោះ, អ្នក​ភូមិនេះនឹង​មាន​ជីវភាព​ធូរធារ​ទាំង​អស់​​គ្នា​​… ហើយ​បន្ទាប់​មក ​​ស្រុកភូមិ​នេះ​ប្រាកដ​ជា​មាន​ភាព​សុខដុមរមនា ក្លាយ​ជា​ភូមិឋាន​ខ្មែរ​ពិតៗ ដែល​ស្ថិត​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​រាជធានី​ភ្នំពេញ​យើង…។

ដល់​ពេល​នោះ អ្នក​គ្រប់​​គ្រង​សហគមន៍  នឹងទាក់​ទង​ភ្នាក់ងារ​ទេសចរណ៍​ ដើម្បី​នាំ​ភ្ញៀវ​ជិះកាណូត​ ទៅ​ទស្សនា​​​​ភូមិខ្មែរ​​​នៅ​ពាមឧកញ៉ាអុង ក្នុង​បំណង​​​ថ្ពក់​​ទាញ​ប្រាក់​ពី​ក្នុង​ហោបៅ​ភ្ញៀវ អោយ​អត់​ទ្រាំ​ទិញ​វត្ថុ​អនុស្សាវរីយ៍​ផលិត​ពី​សរសៃ​កក់​របស់​អ្នកភូមិ​នេះ​ជា​មិន​ខាន… ហើយភ្ញៀវ​ទេសចរណ៍​នឹង​មាន​អារម្មណ៍​រីក​រាយ​ក្នុង​ការ​​ទទួល​ទាន​អាហារ​ពេល​ល្ងាច​​ ទស្សនា​ថ្ងៃ​លិចនៅ​លើ​កាណូត​​តាម​មាត់​ច្រាំង​ទន្លេ​មេគង្គ​ដ៏​ស្រស់​បំព្រង​របស់​យើង​ជាក់​ជា​មិន​ខាន…។

ខាង​លើ​នេះ​ គឺ​គ្រាន់​តែ​ជាការ​គិត​តាម​​បែប​រវើ​រវាយ​របស់​​​​ «ចៅស្រុកស្រែ»… ដែលខុស​​ពី «ចៅចាក់ស្មុគ» ​បន្តិច​​បាទ..!!.. 😀

​ស្រុកស្រែ

Advertisements

5 responses to “មុខរបរត្បាញកន្ទេលខ្សែ របស់​អ្នកភូមិ​ពាមឧកញ៉ាអុង…

  1. បើពួកខាង​លើ​ចេះផ្តល់ទុនជួយនោះ គេផ្ដល់​យូរ​ណាស់​ទៅ​ហើយ ចៅអើយ !

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s