វិចិត្រសាល

សហគមន៍​ឥស្លាម​នៅភ្នំពេញដ៏​ច្រើន​លើស​លុប ក៏មិន​បោះឆ្នោត​គាំទ្រ CPP ដែរ…


ដូច​គ្នា​នឹង​និគមជន​វៀតណាម​ ដែល​ស្ថិត​នៅ​ម្តុំ​ច្រាំងបាក់, ច្បារអំពៅ, ផ្សារដេប៉ូដែរ… បើតាម​​​ព័ត៌មាន​​មិន​ផ្លូវ​ការ​​ ស្តីពី​លទ្ធផល​​បោះឆ្នោត​សកល កាល​ពី​សប្តាហ៍​កន្លង​​ទៅ​នេះ​ បាន​បង្ហាញ​ថា តំបន់​សហគមន៍​ឥស្លាម​ក្នុង​រាជធានី​ភ្នំពេញ នៅក្នុង​សង្កាត់​មួយ​ចំនួន​ដូច​ជា​​​ ជ្រោយចង្វារ, ​ច្រាំង​ចំរេះ​ទី១, ច្រាំងចំរេះទី២… គឺ​បាន​បោះឆ្នោត​គាំទ្រ CNRP ដ៏​ច្រើន​លើស​លុប​ ដែល​ធ្វើ​អោយ​ប្រមុខ​ដឹកនាំ​ជនជាតិឥស្លាម, លោក ឧស្មាន់ ហាសាន់ ចាញ់​ឡើង​ល្វីង​មុខ​ និង​មិន​គួរ​អោយ​ជឿ..!!..

មូលហេតុ​មិន​នឹក​ស្មាន​ដល់​ ដែល​នាំ​អោយ​ CPP បាត់​បង់​ការ​គាំទ្រ​ពី​សំណាក់​ប្រជា​​សហគមន៍​ឥស្លាម​​ទាំងអស់​នេះ ក៏​ពិបាក​នឹង​រក​ចំឡើយ យក​មក​ឆ្លើយ​​អោយ​បាន​ត្រឹមត្រូវ​ផង​ដែរ…។ តែ​ចំឡើយ​ដែល​ខ្ញុំ​គិតថា ត្រូវ​ខ្លះ​តិចតួចនោះ… គឺ​ប្រហែល​ជា​មិន​ខុស​គ្នា​ពី​នៅខាង​និគមជនវៀតណាម​ដែរ… នោះគឺ​មូលហេតុ​​មក​ពី​ការ​មិន​សប្បាយ​ចិត្ត ​​ដោយសារ​តែ​អាជ្ញាធរ​​​​​ និង​​សមត្ថកិច្ច​នានា​​នៅ​តាម​មូលដ្ឋាន ​​តែង​តែ​ដើរ​​រំខាន​​ការ​រកស៊ី​របស់​ពួក​គាត់។ ជាពិសេស គឺ​ការ​គាប​រក​ប្រាក់​កំរៃ​​ពី​ការ​ធ្វើ​លិខិត​ស្នាម​ផ្សេងៗ សំរាប់​បំរើ​អោយ​ការ​រក​ស៊ី​​ទទួល​ទាន​របស់​ពួក​គាត់​ជាដើម…។​​

ទាក់ទង​ដល់​ការ​គាប​រក​កំរៃ​ពី​ការ​ធ្វើ​លិខិត​ស្នាម​ផ្សេងៗ​នេះ គឺវា​ហាក់​ក្លាយ​​ជា​មុខ​របរ​របស់​សមត្ថកិច្ច​​​​ តាម​ជំនាញ​​រៀងៗ​ខ្លួន អស់ទៅ​ហើយ។ ខ្ញុំ​ធ្លាប់​បាន​ស្តាប់​ឮ​ដោយ​ផ្ទាល់​នៅ​​តុកាហ្វេ​ព្រឹកៗ ដែល​អ្នក​​​រស់​នៅ​ក្នុងខ័ណ្ឌ​សែនសុខ និងខ័ណ្ឌ​ពោធិ​សែនជ័យ​ ​បាន​និយាយ​គ្នា​ពី​ការ​ចំណាយ​ប្រាក់​ លើ​ថ្លៃ​សេវាកម្ម​ខាងលើ​នេះ។

អស់លោក​អ្នក​ក៏​បាន​ជ្រាប​រួច​ហើយ​ថា ប្រជាពលរដ្ឋ​ដែល​រស់​នៅ​ក្នុង​ខ័ណ្ឌ​ទាំង​ពីរ​នេះ​បច្ចុប្បន្ន គឺ​ត្រូវ​បាន​កាត់​យក​ពី​ក្នុង​ខ័ណ្ឌ​ឫស្សីកែវ​ខ្លះ, ខ័ណ្ឌ​ទួលគោក​ខ្លះ, និង​កាត់​យក​ពី​ខេត្តកណ្តាល​ខ្លះ។ ​ដោយហេតុ​នេះ ពួកគេ​ក៏​ត្រូវ​បាន​​តំរូវ​អោយ​ប្តូរ​ប័ណ្ណ​គ្រួសារ និង​សៀវភៅ​ស្នាក់​នៅថ្មី ដើម្បី​អោយ​ស្រប​ទៅ​នឹង​ទីតាំងសង្កាត់-​ខ័ណ្ឌ​ថ្មី​ផងដែរ… ហើយ​ការ​ «រត់ការ» ធ្វើ​ឯកសារ​ទាំង​នោះ​ហើយ ដែល​តំរូវ​អោយ​មាន​ការ​ចំណាយប្រាក់…។ ​​ ​

ចំពោះ​សោហ៊ុយ​សំរាប់​​ចំណាយ​ «រត់​ការ» ​ធ្វើ​ឯកសារ​ទាំងនោះ, ពួក​អ្នក​ស្រុករស់​​នៅ​ខ័ណ្ឌ​ពោធិ​សែនជ័យ និង​ខ័ណ្ឌ​​សែន​សុខ ​បាន​អះអាង​ថា ពួកគាត់​បាន​ចំណាយ​ប្រាក់​ពី ៣០​ដុល្លារ ដល់ ៥០ដុល្លារ។ ​អ្នក​ស្រុក​ទាំង​នោះ​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា​ ចំពោះ​តំលៃ​​ «​រត់ការ» ​ធ្វើ​អត្តសញ្ញាណ​ប័ណ្ណ​ប្រជាជន​វិញ បើ​ចង់​រហ័ស ​ល្បឿន​អ៊ិចប្រេស​, គប់​លុយ​ភ្លឹប បីបួន​ថ្ងៃ​ក្រោយ​បាន​ភ្លាម គឺ​ត្រូវ​ចំណាយ​ប្រាក់ ៥០ដុល្លារដែរ… ហើយ​បើចង់ Free មិន​អស់​លុយគឺ់ៈ បើធ្វើ​ថ្ងៃនេះ, ត្រូវ​រង់ចាំ ថ្ងៃនេះ​ឆ្នាំក្រោយ​ ទើប​បាន​មាន​​អត្តសញ្ញាណប័ណ្ណ​ប្រជាជន​ប្រើ​នឹង​គេ…។

អ្វី​ដែល​​ខ្ញុំ​បាន​រៀបរាប់​ខាងលើនេះ​ គឺ​ជា​ចំណុច​អវិជ្ជមាន​​​មួយ​តូច ដែល​ក្រុម​អាជ្ញាធរ និង​សមត្ថកិច្ច​នៅ​តាម​មូលដ្ឋាន​ បាន​ប្រព្រឹត្តិ​ទៅ​លើ​ប្រជាពលរដ្ឋ​ស្ថិត​ក្រោម​អំណាច​រដ្ឋបាល​របស់​ខ្លួន​ ហើយ​​វិធី​​ចំណាយ​ប្រាក់​​ «រត់ការ» បែបនេះ បាន​ក្លាយ​ជា​ទំលាប់​ទូទៅ​​បែប​សាមញ្ញ ធម្មតា​អស់​ទៅ​ហើយ ដែល​សំរាប់​អ្នក​មាន​លុយ​​ចាយ​​ពេញៗ​ដៃ​ មិនជារវ៉ីទេ​។ តែ​សំរាប់​​ប្រជា​ពលរដ្ឋ​សាមញ្ញ និង​ក្រុម​មន្រ្តី​រាជការ​តូច​តាច​ដែល​គ្មាន​ចំណូល​អី្វ​ក្រៅ​ពី​ប្រាក់​ខែ, ចំនួន​ទឹក​ប្រាក់​ខាង​លើ​​នេះ គឺពិត​​ជាច្រើន​ខ្លាំង​ណាស់។ ​

ដោយឡែក​ចំពោះ​រឿងរ៉ាវ​ «ស៊ីលុយ» តាម​ជំនាញ​​រៀងៗ​ខ្លួនរបស់​អាជ្ញាធរ​ និង​ក្រុម​សមត្ថកិច្ច​​​​​​​ ដែល​បាន​ប្រព្រឹត្តិ​ទៅ​លើ​​អ្នក​ស្រុក​​ នៅ​ក្នុង​ខ័ណ្ឌ​សែនសុខ និង​ខ័ណ្ឌ​ពោធិ​សែនជ័យ​​នេះ ​​អ្នក​ស្រុក​នៅ​ទីនោះ ចង់​ស្រែក​​អោយ​ឮ​​ដល់​មេប៉ូលីស​​​ផុត​កំពូល និង​លោកចៅហ្វាយ​ក្រុង​ចាស់-ថ្មី​ ​អោយ​បាន​ជ្រាប​ខ្លាំង​ណាស់ ពី​ការ​លំបាក​អស់​ទាំង​នេះ។ តែ​នៅ​ក្នុង​រឿង​នេះ គឺ​មិន​មាន​ដំណោះ​ស្រាយ​អ្វី​សោះ…​។​

ដោយ​ហេតុនេះ​ហើយ ទើប​បាន​ជា​ពួក​អ្នកស្រុក​​ បង្ហាញ​ពី​អារម្មណ៍​មួហ្មង​រៀងៗ​ខ្លួន តាម​រយៈ​ការ​គូស​​លើ​សន្លឹក​ឆ្នោត… ហើយ​ជា​លទ្ធផល​​ចេញ​មក​ ​បាន​ធ្វើ​អោយ​ក្រុម​អ្នក​​ដឹកនាំ​បក្ស​ខាង CPP ប្រចាំ​ខ័ណ្ឌ​សែនសុខ និង​ខ័ណ្ឌ​ពោធិសែនជ័យ​ នាំ​គ្នា​ធ្វើ​មុខ​ដូច​ពួក​ចាញ់​ល្បែង​កាស៊ីណូ​បេះបិទ..!!.. 😀

ស្រុកស្រែ

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s