វិចិត្រសាល

រឿងរ៉ាវបោះឆ្នោត នៅឯស្រុកភូមិ​ម្តាយខ្ញុំ…


ប្រកាស​នេះ ខ្ញុំ​សង្ឃឹមថា លោក ប៉ែន សំអាត, ជា​មន្រ្តី​ជាន់​ខ្ពស់​នៅ​ក្រសួង​គយ តំណាង​អោយ​ CPP ប្រាកដ​ជា​បាន​អាននៅ​ពេល​ណា​មួយ​ជា​មិន​ខាន… ព្រោះ​ខ្ញុំ​មាន​បំណង​ចង់​សរសេរ​ប្រកាស​មួយ​នេះ ដើម្បី​ផ្ញើ​ទៅ​​ក្រុម​ការងារ​របស់​​គាត់​ ដែល​បាន​ចុះ​ទៅ​ធ្វើ​ការ​ក្នុង​​អំឡុង​យុទ្ធការ​ឃោសនា​​​​បោះឆ្នោត នៅ​ក្នុងឃុំមួយ​របស់​ស្រុកស្អាង ខេត្ត​កណ្តាល ដែលជាភូមិជាតិ​កំណើត​ខាង​​ម្តាយខ្ញុំ…។

ផ្អែកតាម​លទ្ធផល​បឋម ប្រកាស​ដោយ​ គ.ជ.ប បាន​អោយ​ដឹង​ថា CNRP បាន​ឈ្នះ​សំឡេង​ឆ្នោត CPP ចំនួនជាង ១០ម៉ឺន​សំឡេង​​​ សំរាប់​មណ្ឌល​​ខេត្ត​កណ្តាល​មួយ​នេះ។ ដោយឡែក​នៅក្នុង​​ភូមិ​ទាំង​ដប់​​ របស់​​ឃុំ​ម្តាយ​ខ្ញុំ​រស់នៅ ក្នុង​ស្រុកស្អាង​នេះ, លទ្ធផល​ក្រោយ​​ពេល​រាប់​សន្លឹក​ឆ្នោត​ភ្លាមៗ គឺខាង CNRP បានស៊ីដាច់​ CPP ដល់​ទៅ​ចំនួន​ជាង ២ពាន់​សំឡេង។ តើ​មូលហេតុ​អ្វី​បាន​ជា​ CPP នៅ​ឃុំ​របស់​​ម្តាយ​ខ្ញុំ ចាញ់​ឆ្នោត​​ឡើង​ស្ពឹក​មុខ​បែប​នេះ?…

ក្រោយពេល​ខ្ញុំ​បាន​ទៅ​លេង​ផ្ទះ​ម្តាយ​ខ្ញុំ និង​បាន​ដើរ​​កាត់​ភូមិ​ឋាន​​មួយ​ត្រួស​ទៅ ទើប​ខ្ញុំ​អាច​ស្វែង​យល់​ពី​មូល​​ហេតុ​នៃ​ការ​ចាញ់​នេះ បាន​ខ្លះៗ​ដូច​ខាង​ក្រោម…

យុទ្ធសាស្រ្ត “ខ្សឹប” បាន​ធ្វើ​អោយ​ CNRP ឈ្នះយ៉ាង​គគ្រឹកគគ្រេងៈ

ក្រៅពី​គោលនយោបាយ​បើក​ចំហ ដែល​មាន​ ៧ចំណុច, ខាង​សកម្មជន​ CNRP នៅ​បាន​ដើរ​​ខ្សឹប​​​​ប្រាប់​អ្នក​ស្រុក​តាមផ្ទះ​​​ថាៈ «បើសង្គ្រោះជាតិ​ឈ្មះ នឹងលុប​​​បំណុល​ធនាគារ​ចោល​ទាំងអស់...»។ ​នេះ​ជា​ចំណុច​ទាក់​ទាញ​មួយ​ធំណាស់ សំរាប់​អ្នក​ស្រុក​អ្នក​ភូមិ​​ម្តាយ​ខ្ញុំ ដែល​​ភាគ​ច្រើន​ ពួកគេ​មិន​សូវ​យល់​ដឹង​ពី​ច្បាប់​ទំលាប់, ហើយ​ក្នុង​ចំណោម​អ្នក​ភូមិ ១០គ្រួសារ យ៉ាង​ហោច​ណាស់​ក៏មាន ៥ ទៅ ៦គ្រួសារ​ដែរ ដែល​ជំពាក់​បំណុល​ធនាគារ ឬស្ថាប័ន​មីក្រូ​ហិរញ្ញវត្ថុ​ណា​មួយ​ តាម​រយៈ​ការ​ខ្ចី​​ប្រាក់​យក​ទៅ​​រក​ស៊ី ឬ​យក​មក​ចាយ​វាយ​​មិន​ដឹង​មុខ…។

«ឧបទ្ទវហេតុ» ​ប្រជាជន​ក្នុង​ស្រុក​ភូមិ​ម្តាយខ្ញុំ ធ្លាក់​ខ្លួន​ជំពាក់​បំណុល​ធនាគារ​វ័ណ្ឌ​ក​បែប​​នេះ នាំ​អោយ​​ខ្ញុំ​ដាក់​ជា​សំណួរ​សួរ​ខ្លួន​ឯង​ថាៈ តើនេះ​ជា​កំហុស​របស់​ប្រជាជន ឬ​ក៏​ជា​កំហុស​​ខាង​រដ្ឋ​អំណាច?… សំណួរមួយ​នេះ ខ្ញុំឆ្លើយ​អត់ចេញទេ..!!..

នៅ​មាន​ខ្លឹមសារ “ខ្សឹប” មួយចំណុច​ទៀត ទាក់ទង​ទៅ​នឹង​គោល​នយោបាយ​​​​​របស់​រដ្ឋ​យើង​​ ដែល​បាន​ផ្តល់​ដី​សប្បទាន​​ ជូន​ទៅ​ប្រទេស​ជិត​ខាង​រកស៊ី តាម​កិច្ចសន្យា​​ក្នុង​រយៈ​ពេល ៣៦១៣៥ថ្ងៃ!… គិតទៅ ខ្វះតែ ៣៦៥ថ្ងៃ​, គឺ​ពេញ​មួយ​សតវត្សរ៍​ត្រឹម..!!..

ចំណុច​នេះ ខ្ញុំ​ក៏​គ្មាន​យោបល់​អីដែរ, គ្រាន់​តែ​ឆ្ងល់ថាៈ បើ​ចង់​ផ្តល់​ដី​អោយ​អ្នក​ជិត​ខាង​រកស៊ីបែប​នេះ គឺ​គួរ​តែ​​គិតគូរ​ដី​នៅ​តាម​ព្រំ​ខាង​កើត ទុក​សំរាប់​ផ្តល់​​អោយ​​​​អ្នក​នៅ​ខាង​លិច, ឯ​ដី​នៅ​តាម​ព្រំ​ខាង​លិច គឺ​ទុក​សំរាប់​ផ្តល់​​​អោយ​អ្នក​ខាង​កើតវិញ, និង​ក្នុង​រយៈ​ពេល ២០ ទៅ ​៣០​ឆ្នាំ​​​បាន​ហើយ… កុំយូរ​ដល់​ថ្នាក់ ៩៩ឆ្នាំ​បែបនេះ…។

ចំណាត់ថ្នាក់ “យិនស៊ិន”​​ គឺមេឃុំនៅស្រុកម្តាយខ្ញុំនេះហើយ…

មេឃុំនៅស្រុកម្តាយខ្ញុំ​នេះ បាន​កាន់​តំណែង​ជា​មេឃុំ តាំង​ពី​ឆ្នាំ​១៩៧៩ រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ ដែល​វ័យ​របស់​គាត់​ កាន់​តែ​ជ្រេ​ណាស់​ទៅ​ហើយ។ តាម​ខ្ញុំ​ស៊ើប​សួរ​ទៅ ពី​មួយ​អាណត្តិ​ទៅ​មួយ​អាណត្តិ មេឃុំ​នៅ​ស្រុក​ម្តាយ​ខ្ញុំ​នេះ តែងតែ​បង្ក​ការ​ថ្នាំងថ្នាក់ដល់​ប្រជាជន​ក្រោម​រដ្ឋបាល​គ្រប់​គ្រង​របស់​គាត់​ ស្ទើរ​តែគ្រប់​ភូមិ​ទាំង​ដប់​តែ​ម្តង​។ ​តែ​មិន​ដឹង​យ៉ាង​ម៉េច​ បាន​ជា​គាត់​នៅ​រក្សា​​​តំណែង​​​ជា​មេឃុំ​នេះ ​បាន​ជាប់​រហូត​មក។ តាម​មើល​​ទៅ ប្រហែល​ជា​នៅ​ឃុំ​ម្តាយ​ខ្ញុំនេះ មាន​ការ​លំបាក​នឹង​រក​មេឃុំ​​​ណា​ដែល​ពូកែ​ជាង​គាត់​ក៏​មិន​ដឹង ​ទើប​បាន​ជា​បែប​នេះ។ ដោយ​ហេតុ​នេះ​ ទើប​ខ្ញុំ​យល់​ថា ​មេឃុំ​នៅ​ស្រុក​ម្តាយ​ខ្ញុំ​នេះ ​អាច​ជាប់​ក្នុង​ចំណាត់​ថ្នាក់ជា “មេឃុំ​យិនស៊ិន” បាន​ហើយ…។

ជាការពិត, ចំណុច​​ខ្សោយ​​របស់ CPP ​នៅ​ឯ​ជនបទ​ គឺរឿង​មេឃុំ​​ភាគ​ច្រើន​អសមត្ថភាព​​ដឹកនាំ គ្រប់​គ្រង​ ដែល​ជា​ហេតុ​​​​បង្ក​អោយ​មាន​​ការ​ថ្នាំង​ថ្នាក់​ទូទៅ ​ដល់​ប្រជាជន​​ម្ចាស់​ឆ្នោត​នេះ​ឯង​​…។ ​តាម​មើល​ទៅ ប្រហែល​ជា​ដឹង​នូវ​ចំណុច​ខ្សោយ​នេះ​ហើយ ទើប​បាន​ជា​​ប្រមុខ​ដឹកនាំ​បក្ស​ CPP បាន​បញ្ជាក់​ទៅ​សមាជិក​ខ្លួន​ ​នៅ​មុន​ពេល​យុទ្ធនាការ​ឃោសនា​​​ថាៈ «សូម​មេត្តា​​កុំខឹងគោ មកវ៉ៃ​រទេះ» អោយសោះ..!!..

នៅ​ក្នុង​រឿង​នេះ ​​សំរាប់​អារម្មណ៍​​អ្នក​ស្រុក​ដែល​ស្រឡាញ់ «​រទេះ» គឺ​ពិត​ជា​មិន​ហ៊ាន​​វ៉ៃ​រទេះ​​ពិតមែន… គឺបាន​ត្រឹម​​តែ «ខឹងគោ, ស្អប់គោ» ​វ៉ៃ​គោ​​ណឹង​ឯង ដែល​ធ្វើ​អោយ​ «រទេះ» រក​កល​នឹង​​ក្រឡាប់​ភីង​តែ​ម្តង..!!..

“កាដូ” ជាពិសេស បានធ្វើ​អោយ​បាត់បង់​ការគាំទ្រ​ពីប្រជាជនៈ

តាម​ព័ត៌មាន, នៅ​មុន​ពេល​យុទ្ធនាការ​ឃោសនា​​ជាផ្លូវការ​មិន​ទាន់​មក​ដល់ ខាង​ក្រុម​ការងារ​​របស់​លោក ប៉ែន សំអាត បាន​ផ្តល់​នូវ​កាដូ​ជា​ពិសេស​ជូន​​ទៅ​ប្រធានភូមិ គឺ​ម៉ូតូ​​ថ្មីចែស ម្នាក់​មួយ​គ្រឿង អោយ​ជិះ​កំសាន្ត​លេង​…។ ក្រុម​ការងារ​ថែម​ទាំង​លួច​សន្យា​ស្ងាត់ៗ​ទៀត​ថា «ប្រសិន​បើ​ឃុំនេះ​ឈ្នះ, ក្រុមការងារ​នឹង​ជូន “អាំងប៉ាវ” ​លើក​ទឹក​ចិត្ត​ដល់​ប្រធាន​ភូមិ ក្នុង​ម្នាក់ៗ​ ២ពាន់​ដុល្លារ​អាគាំង​ថែម​ទៀត»។

រឿង​សន្យា​ស្ងាត់ៗនេះ នៅ​មិនសុខ​មិន​សាប់, ប្រធាន​ភូមិ​ខ្លះ​បាន​ដើរ​អួត​ប្រាប់​ប្រជាជន​ក្នុង​ភូមិ​របស់​ខ្លួន​ អំពី​ប្រាក់​រង្វាន់​​លើក​ទឹក​ចិត្ត​នេះ ដែល​នេះ​គឺ​ជា​មូល​ហេតុ​ធំបំផុត​ ធ្វើ​អោយ​ប្រជាជន​ ច្រណែន​នឹង​ប្រធាន​ភូមិ… រួចដល់​ពេល​បោះ​ឆ្នោត ​អ្នក​ភូមិ​ភាគ​ច្រើន ក៏​​នាំ​គ្នា​គូស​អោយ​លេខ៧​​ ទៅ​ហោង… ព្រោះ​បើ​គូស​អោយ​​លេខ៤ ឈ្នះ គឺដូច​អោយ​​​ប្រធាន​ភូមិ ឈ្នះ​​ប្រាក់​រង្វាន់​ ២ពាន់​ដុល្លារ​​ ស៊ឺៗ​អញ្ចឹង​ដែរ..!!..

សង្រ្គាម​ចិត្តសាស្រ្ត ទាក់ទង​នឹង​សន្លឹក​ឆ្នោតៈ

នៅ​កៀក​នឹង​ថ្ងៃ​បោះ​ឆ្នោត និង​ចូល​ដល់​​ថ្ងៃ​បោះឆ្នោត​តែម្តង, សកម្មជនខាង CNRP បាន​ដើរ​បំផុស​ប្រាប់​សមាជិក​របស់​ខ្លួន​ថា៖

  1. នៅលើ​សន្លឹក​ឆ្នោត មាន​ទឹកថ្នាំ​គីមី​ម៉្យាង ដែល​ធ្វើ​អោយ​អ្នក​បោះឆ្នោត​ មិន​អាច​គូស​​​នៅ​ត្រង់​លេខ៧ បាន​, និង
  2. នៅលើ​សន្លឹក​ឆ្នោត មាន​ទឹកថ្នាំ​គីមី​ម៉្យាង ដែល​នៅ​ពេល​​ដាក់​ចូល​ទៅ​ក្នុង​ហិប​ឆ្នោត នឹង​រលប់​ស្នាមគូស​នៅ​ត្រង់​លេខ៧ រួច​ទៅ​លេច​ចេញ​នៅ​ត្រង់​លេខ៤ វិញ ដូចការ​លេងសៀក​ឆ្ពិនភ្នែក…

ដោយហេតុនេះ​ហើយ ​បាន​ជានៅ​ពេល​រាប់​សន្លឹក​ឆ្នោត, គ្រប់​សន្លឹកឆ្នោត​ដែល​គូស​អោយ​លេខ៧ គឺ​សុទ្ធ​តែ​មាន​ស្នាម​ទក់​នៅ​ត្រង់​កន្លែង​គូស​នោះ ព្រោះ​ដោយសារ​តែ​អ្នក​បោះឆ្នោត​អោយ​លេខ៧ ម្នាក់ៗ​​បាន​គូស​ទាល់​តែ​ទក់​​​សឹង​រហែក​ក្រដាស​សន្លឹក​ឆ្នោត ដោយ​​​​​​បារម្ភ​ខ្លាច​​ក្រែង​រលប់​បាត់​ស្នាម​គូស​របស់​ខ្លួន ក្រោយ​ពេល​​ទំលាក់​សន្លឹក​ឆ្នោត​ចូល​ទៅ​ក្នុង​ហិប​…។

យុទ្ធនាការ​ឃោសនា​របស់ ​CNRP ពោរពេញ​ដោយ​ពាក្យ​គ្រោធគ្រាតៈ

បងថ្លៃ​ខ្ញុំ​ដែល​កំពុង​រស់​នៅ​​ក្នុង​គេហដ្ឋាន​ជា​មួយ​ម្តាយ​ខ្ញុំដែរ គាត់​មាន​មុខ​របរ​ជា​គ្រូ​បង្រៀន​សិស្ស​នៅ​អនុវិទ្យាល័យ​មួយ​​ក្នុង​ឃុំ​នេះ ហើយ​គាត់​បាន​ប្រកាន់​យក​ខាង CPP…។ ដោយ​ហេតុ​នេះ​​ហើយ ទើបនៅ​របង​ផ្ទះ​ម្តាយ​ខ្ញុំ មាន​បិទ​រូប​ឡូហ្គោ​​ CPP យ៉ាង​ខ្ញង់​មួយ​នៅ​​លើ​សសរ​របង​​ពី​ខាង​មុខ។​

ក្រៅពី​ប្រាក់​បៀវត្សរ៍​គ្រូ​បង្រៀន​ប្រចាំ​ខែ, បងថ្លៃ​ខ្ញុំ​បាន​ប្រឹង​​រក​ចំណូល​ពី​ការ​​ដាំបន្លែ​នៅ​រដូវ​សំរក និង​ចំណូល​បាន​មក​ពី​ចំការ​​ស្វាយ​ប្រមាណ​ម្ភៃ​ សាម​សិប​​ដើម ដើម្បី​ផ្គត់ផ្គង់​ដល់​កូន​ស្រី​គាត់​ពីរ​នាក់​ ដែល​កំពុង​សិក្សា​នៅមហាវិទ្យាល័យ​​​មួយ​ក្នុង​ក្រុង​ភ្នំពេញ។​ រីឯ​ប្រពន្ធ​គាត់ (បងស្រីខ្ញុំ) មាន​មុខ​របរដើរ​​​លក់​ខោអាវ​តាម​ភូមិ តាំង​ពី​ព្រឹក​ទល់​ល្ងាច ដើម្បី​បាន​កំរៃ​ចំណេញ​បន្តិច​បន្ទួច​សំរាប់​ផ្គត់​ផ្គង់​ជីវភាព​គ្រួសារ​គាត់…។​

នៅ​ក្នុង​ថ្ងៃ​បង្ហើយ​នៃ​​​យុទ្ធនាការ​ឃោសនា, នៅ​ពេល​ដែល​ក្រុម​ក្បួន​ខាង CNRP ហែ​មក​ដល់​មុខ​ផ្ទះ​ម្តាយ​ខ្ញុំ ពួក​គេ​ក៏​នាំ​គ្នា​ឈប់ រួច​ស្រែក​ដាក់​រូប​ឡូហ្គោ CPP ​ថាៈ «ផ្ទះអា​ក្បត់​ជាតិ!… ផ្ទះ​អាក្បាល​យួន ខ្លួន​ខ្មែរ!..

ដោយបែបនេះ, ខ្ញុំ​ចង់​សួរ​ថា តើគ្រួសារ​បងថ្លៃ​ខ្ញុំ​ ​បាន​ប្រព្រឹត្តិ​នូវ​ទង្វើ​ទុច្ចរិតអ្វី​ខ្លះ​​​ដល់​សង្គម​ជាតិ រហូត​ដល់​​ថ្នាក់​អ្នក​គាំទ្រ​​ CNRP ចោទ​ប្រកាន់ថា​ «អាក្បត់ជាតិ»?… ចុះ​ម្តាយ​ខ្ញុំ​​ ​មាន​វ័យ​ចាស់​ជាង​មេឃុំ​ទៅទៀត ដែល​គាត់​បាន​រក្សា​សីល ​សូត្រ​ធម៌​ថ្វាយ​បង្គំ​ព្រះ​រាល់​ល្ងាច​មិន​ដែល​អាក់​ខាន និង​មិន​ចូល​ពាក់​ព័ន្ធ​ក្នុ​ង​រឿង​ដណ្តើម​សន្លឹក​ឆ្នោត​គ្នា​​​សោះ​, តើ​គាត់​​ក្លាយ​ជា​ជន​ក្បត់​ជាតិ​ពី​អង្កាល?…

នេះជា​ពាក្យ​គ្រោធគ្រាត​ខ្លាំង​ណាស់, បើ​ទោះ​ជា​គ្រួសារ​​បងថ្លៃ​ខ្ញុំ ក៏​ដូច​ជា​គ្រួសារ​ដទៃៗ​ទៀត​ក្នុង​ភូមិ​នេះ​ មាន​​ពណ៌​សំបុរ​នយោបាយ​ខុស​​ពី​​បក្ស​ក្រុម​ខ្លួន​ក៏​ដោយ ក៏​ក្នុងនាម​ខ្មែរ​ដូច​គ្នា និង​កំពុង​រស់​នៅ​ក្នុង​​ទី​ជន​បទ​​ជា​មួយ​​គ្នា, មិនគួរ​ណា ប្រើ​ពាក្យ​​​ចោទ​ប្រកាន់​គ្នា​សុទ្ធ​តែ «​ក្បត់​ជាតិ»​ បែប​នេះ​ទេ…។

ក្រោយ​ពេល​បាន​ឮ​ពាក្យ​នេះ ក្នុង​​​អារម្មណ៍​​ខ្ញុំ​ ហាក់​ដូច​ជា​មាន​ស្អី​មក​ចាក់​អោយ​ស្រគារ​ពេញ​ក្បាល..!!..??..

ទស្សនៈរបស់​បងថ្លៃ​ខ្ញុំ ទាក់ទង​នឹង​វិធី​ឃោសនា​របស់ CPP នៅភូមិគាត់ៈ

​នៅ​ពេល​ខ្ញុំ​សួរ​​សំណួរ​ទាក់​ទង​នឹង​វិធី​ឃោសនា​​​របស់ CPP ក្នុង​ភូមិ​នេះ, បងថ្លៃខ្ញុំ​បាន​និយាយ​​ថាៈ «ក្នុង​អំឡុង​ពេល​យុទ្ធនាការ​​ឃោសនា, ខ្លឹមសារ​ឃោសនា​របស់ CPP ដែល​ផ្សាយ​កោកៗ​តាម​មេក្រូ ឮឆ្លើយ​ឆ្លង​គ្នា​​ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ គឺ​មានអត្ថន័យ​ «ផ្លូវការ»​ ​វែង​អន្លាយ​ខ្លាំង​ពេក ដែល​ធ្វើ​អោយ​​អ្នក​ស្តាប់​ទូទៅស៊ាំ​ត្រចៀក និង​​ហាក់​ដូច​ជា​គ្មាន​អ្វី​ទាក់​ទាញ ដូច CNRP ​សោះ»។ ចំណុច​នេះ ខ្ញុំ​ឯកភាព​ដូច​គាត់​ដែរ…។

បងថ្លៃ​ខ្ញុំ​ ថែម​ទាំង​​និយាយ​​បែប​បន្ទោស​ទៀត​​ថាៈ «ប្រសិន​បើ​សម្តេច​មាន​ប្រសាសន៍​​​ដោយ​ផ្ទាល់​តែ​មួយ​ម៉ាត់​ នៅ​​ក្នុង​ថ្ងៃ​ឃោសនា​បង្ហើយថា CPP នឹង​នឹង​តំឡើង​​ប្រាក់​ខែ​មន្រ្តី​រាជការ គ្រូបង្រៀន​​អោយ​បាន​ច្រើន​ជាង​នេះ, ​តំឡើង​ប្រាក់​ខែ​កម្មករ​ អោយ​បាន​ច្រើន​ជាង​នេះ… គឺ​និយាយ​ខ្លីៗ ដែល​ជា​ការ​សន្យា​​ងាយ​យល់, ងាយ​ស្តាប់, ងាយចាំ… ដូច​​អ្វី​ដែល​សម្តេច​បាន​ប្រកាស​​​នៅ​ស្រុក​ខ្សាច់​កណ្តាល​ ក្រោយ​ពេល​បោះ​ឆ្នោត​រួច​នោះ, ម៉្លេះ​សម​ CPP មិន​ចាញ់​ច្រើន​បែប​នេះ​ទេ!…»។

ការ​អះអាង​របស់​បង​ថ្លៃ​ខ្ញុំ​​ចុង​ក្រោយ​នេះ ខ្ញុំ​មិន​ដឹង​ថា​ត្រូវ​ ឬ​ក៏​ខុស​នោះ​ទេ…។ ខ្ញុំ​ក៏​ចង់​ជំរាប​ជូន​អស់​លោក​អ្នក​អោយ​បាន​ជ្រាប​​ជា​ចុង​ក្រោយ​​ផង​ដែរ​ថា មេឃុំ​​បច្ចុប្បន្ន​ ដែល​ខ្ញុំ​បាន​បន្ថែម​ងារ​ថ្មី​ជូន​គាត់​ថា​ជា «មេឃុំ​យិនស៊ិន» នេះ គឺ​គាត់​មាន​អាយុ​ប្អូន​ម្តាយ​ខ្ញុំ​​បន្តិច, ហើយ​​រវាង​គាត់ និង​ម្តាយ​ខ្ញុំ គឺ​ជា​​​​​អតីត​មិត្តភ័ក្រ្ត​​កំសត់​​កំរ​ជា​មួយ​​គ្នា​​​ទៀត​ផង… ព្រោះ​ពួកគាត់​ទាំងពីរ បាន​ស្ថិត​ក្នុង​កង​ចល័ត​​ស្រ្តីមេម៉ាយ​ដូច​គ្នា, ធ្វើ​ការ​រែក​ដី​ លើក​ទំនប់ ជីក​ប្រឡាយជា​មួយ​គ្នា, និង​ហុតទឹក​​បបរ​រាវ​កក្លូក​ជាមួយ​គ្នា ​នៅ​ក្នុង​ជំនាន់​ខ្មែរ​ក្រហម កាល​ពី​ជិត ៤០ឆ្នាំ​មុន​នេះ..!!..

ស្រុកស្រែ

Advertisements

8 responses to “រឿងរ៉ាវបោះឆ្នោត នៅឯស្រុកភូមិ​ម្តាយខ្ញុំ…

  1. ខ្ញុំមិនចូលចិត្តការផ្សព្វផ្សាយបែបបន្តុះបង្អាប់ឡើយ មានពេលខ្លះស្តាប់អ្នកនយោបាយនិយាយបន្តុះបង្អាប់គ្នា ខ្ញុំបិទវិទ្យុចោលភ្លាម។ យុវជនជាកម្លាំងមុតស្រួចក៏ពិតមែន គួរណាស់ពួកគេប្រើការពិចារណា ឱយបានច្រើនជាជាង ការខោកក្បាល ។

  2. សម័យនេះ គឺជាសម័យរបស់យុវជន ជាតិស្លាប់ក៏ព្រោះយុវជន រស់ក៏ព្រោះយុវជន។ ខ្ញុំមានការសោកស្តាយចំពោះទុច្ចរិតភាពនៃការឃោសនារបស់​សកម្មជន CNRP ប៉ុន្តែខ្ញុំជឿជាក់លើសមត្ថភាពក្បាលម៉ាស៊ីនខាងលើ បើការផ្លាស់ប្តូរធ្វើបានដោយសន្តិភាព ខ្ញុំជឿថា ផ្លូវដែលជាតិយើងកំពុងដើរទៅនោះ នឹងមិនរលាក់ចង់ធ្លាក់ថ្លើមដូចមុនទៀតទេ បើមិនបានទាំងស្រុង ក៏ស្រួលខ្លួនអាចដេកស្តាប់ចម្រៀងបានខ្លះ។

  3. ចឹងមានន័យថាជំពាក់លុយគេហើយអត់ចង់សង

    • អាចដែរ… ព្រោះថា​ អ្នក​ភូមិ​ទាំង​នោះ​មិន​សូវ​យល់​ដឹង​ពី​ច្បាប់​ទំលាប់​​របស់​ធនាគារ​ក៏​មិន​ដឹង។ ដោយ​ហេតុនេះ នៅ​ពេល​មាន​​អ្នក​ដើរ​ខ្សឹប​ថា «នឹងជួយ​លុប​បំណុល​ជំពាក់»​ អោយ​​ខ្លួនបែបនេះ ក៏​នាំ​គ្នា​ជឿ​តាម​ទៅ…។

      នៅ​មាន​រឿង​ប្លែកៗ​ថែម​ទៀត ដែល​ខ្ញុំ​មិន​សរសេរ​នៅ​ក្នុង​ប្រកាស​នេះ ទាក់​ទង​នឹង​មូលហេតុ​​​ធ្វើ​អោយ​អ្នក​ភូមិ​ខ្ញុំ​មួយ​ចំនួន​ ដែល​ «ងប់» នឹង​នយោបាយ ​បាន​ធ្លាក់​ខ្លួន​​ជំពាក់​បំណុល​ធនាគារ​​​។ តាម​ខ្ញុំ​ស៊ើប​សួរ​មើល​ទៅ, សំរាប់​​​ក្នុង​ឃុំរបស់​ម្តាយ​ខ្ញុំ​រស់​នៅមួយ, គឺ​ខាង CNRP មាន​បេក្ខភាព​​​​សំរាប់​តំណែង​ជា​​​​​ចៅហ្វាយ​ស្រុក​ស្អាង មាន​រហូត​​ដល់​ទៅ ៤នាក់ (ពួក​គេ​សង្ឃឹម​ថា CNRP នឹងឈ្នះ​ឆ្នោត) ។ ​ចុះបើ​ក្នុង​ស្រុកស្អាង​ទាំង​មូល​​មានដល់​ទៅ ១៦ឃុំ, តើ​បេក្ខភាព​ចៅហ្វាយ​ស្រុក របស់ CNRP មាន​ចំនួនដល់​​ប៉ុន្មាននាក់​ទៅ?…

      អ្វី​ដែល​ខ្ញុំ​បាន​ដឹង គឺករណី​ដូច​គ្នា​ ឬ​ប្រហាក់​ប្រហែល​គ្នា​នេះ បាន​កើត​មាន​ឡើង​នៅ​ឯ​ស្រុក​​ល្វាឯម ដែល​ជា​ស្រុក​មួយ​របស់​ខេត្ត​កណ្តាល​​ផង​ដែរ ដោយ​ក្នុង​មួយ​ឃុំៗ មាន​បេក្ខភាព​ CNRP ឈរឈ្មោះ​ជា​តំណែង​ចៅហ្វាយ​ស្រុក មាន​ចំនួន​​បួន-ប្រាំ​នាក់ៗ…។ តាម​ការ​បង្ហើប​អោយ​ដឹង​ខ្លះៗ​ពី​អ្នកភូមិ​​ដែល​មាត់​មិន​សូវ​ជិត បាន​អោយ​ដឹង​ថាៈ ​បើ​ចង់​ក្លាយ​ជា​បេក្ខភាព​ចៅហ្វាយ​ស្រុក គឺ​ម្នាក់ៗ តំរូវ​អោយ​​បង់​ប្រាក់​​ «វិភាគទាន» ជួយ​បក្ស សំរាប់​ចំណាយ​ក្នុង​យុទ្ធនាការ​ឃោសនា​ពី ៣ ទៅ ៤ពាន់​ដុល្លារ​អាគាំង។

      សំរាប់​អ្នក​រស់​នៅ​ជនបទ ដែល​មាន​មុខ​របរ​តែ​ធ្វើស្រែ ដាំស្រូវ ដាំពោត​នៅ​លើ​ផ្ទៃ​ដីដ៏​តូច​ចង្អៀត​ដូច​យ៉ាង​ខេត្ត​កណ្តាល​នេះ, ទំហំ​ទឹក​ប្រាក់​ចូល​​ពាន់​ដុល្លារ​​បែប​នេះ ពួក​គេ​មិន​ងាយ​នឹង​សន្សំ​បាន​ទេ។ ដោយហេតុនេះ, មធ្យោបាយ​ដែល​ល្អ គឺ​មាន​តែ​ទៅ​ខ្ចី​ចង់ការ​ប្រាក់​ពី​ធនាគារ​ យក​មក​ធ្វើ​នយោបាយ​ទេ ទើប​ទាន់​សភាពការណ៍ ហើយ​សង្ឃឹម​ថា ពេល​បក្ស​ខ្លួន​ឈ្នះ​ទៅ នឹង​អាច​លុប​ចោល​បំណុល​ពី​ការ​ជំពាក់​នេះ​បាន​ទៀត​ផង…។ គឺ​បញ្ហា វាស្ថិត​នៅ​ត្រង់​នេះ​ឯង..!!… ហើយ​រឿង​អ្នកក្លាហាន ដែល​ទៅ​ខ្ចី​ចងការ​ប្រាក់​ធនាគារ យក​មក​លេង​នយោបាយ​នេះ កុំ​សង្ឃឹម​ថា​​អោយ​​មេ​បក្ស​ខ្លួន​​​មក​ជួយ​ចេញ​សង​នោះ, «អត់ខ្វូវ» ទេ..!!..

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s