វិចិត្រសាល

រឿងនិទាន​ទាក់ទង​នឹង​អ្នកនៅជនបទ ​ជំពាក់​បំណុល​ធនាគារ​វ័ណ្ឌក…


នៅ​ក្នុង​ប្រកាស​របស់​ខ្ញុំ​មុន ដែលមាន​ចំណង​ជើង​ថាៈ ​រឿងរ៉ាវ​បោះឆ្នោត ​នៅឯ​ស្រុក​ភូមិ​​ម្តាយខ្ញុំ នៅ​ត្រង់​វគ្គ​​យុទ្ធនាការ​ខ្សឹប, ខ្ញុំមាន​ចំងល់​ថា តើ​ហេតុអ្វី​បាន​ជា​អ្នក​ស្រុក​​​​ក្នុង​ភូមិ​ឃុំ​ម្តាយ​ខ្ញុំ​​​ជា​ច្រើន​គ្រួសារ ​បាន​ជំពាក់​បំណុល​ធនាគារ​វ័ណ្ឌក​​​បែប​នេះ?… ហើយ​តើ​នេះ​ជា​កំហុស​របស់​ប្រជាពលរដ្ឋ ឬក៏​ជា​កំហុស​ខាង​រដ្ឋ​អំណាច?…

ភ្លាមៗនោះ​ខ្ញុំ​រក​ចំឡើយ​មិន​ឃើញ​ទេ, តែឥឡូវ​ខ្ញុំ​រក​ចំឡើយ​បាន​ខ្លះៗ​ហើយ… ហើយ​​ចំឡើយ​​ខ្លះៗ​របស់​ខ្ញុំ​នេះ​ទៀត​សោត ​​ក៏ខ្ញុំ​​មិន​ដឹង​ថា ជា​កំហុស​របស់​ខាង​ណាដែរ…។ ប្រកាស​នេះ ខ្ញុំ​សូម​មិន​និយាយ​ពាក់​ព័ន្ធ​ទៅ​នឹង​ករណី​​ប្រជា​ពលរដ្ឋ​យើង​ខ្ចី​ទុន​យក​មក​បំរើ​អោយ​ការ​ដាំ​ដុះ, ​ចិញ្ចឹម​សត្វ និង​​ប្រកប​​អាជីវកម្ម ឬសិប្បកម្ម​ខ្នាត​តូច ដែល​នេះ​គឺ​ជា​ការ​ខ្ចី​ទុន​មាន​ទិស​ដៅ​ច្បាស់​លាស់​​ ​ដើម្បី​បង្កើត​មុខ​របរ សំរាប់​បង្កើន​ប្រាក់​ចំណូល​ទេ…។

រឿង​និទាន​ខាងក្រោម​នេះ គឺ​ខ្ញុំ​គ្រាន់​តែ​ស្វែង​រក​ចំឡើយ​ខ្លះៗ ទាក់​ទង​ទៅ​​នឹង​​អ្នក​ខ្ចី​ប្រាក់​​ធនាគារ ​យក​មក​ចាយវាយ​មិន​ដឹង​មុខ ឬ​ខ្ចី​​យក​មក​ចាយ​ខុស​​ពី​ការ​រកស៊ី ដែល​ធ្វើ​អោយ​មាន​បំណុល​វ័ណ្ឌក រហូត​ដល់អ្នក​ជាប់​បំណុល​​​​​ខ្លះអស់​សង្ឃឹម និង​មាន​ជំនឿ​ថា «នឹង​មាន​ការ​លុប​បំណុល​ចោល​ទាំងអស់» ប្រសិន​បើ​មាន​ “អ្នក​ថ្មី” មក​ដឹកនាំ​​ប្រទេស​ ជំនួស​ “អ្នកចាស់”…។

“ខ្ចីប្រាក់” ដើម្បី​រត់ការអោយ​កូនចៅ​ ទៅ​ធ្វើ​ការ​ងារ​នៅស្រុកក្រៅ

នេះ​ជា​ករណី​ដែល​អ្នករស់​នៅ​ជនបទ បាន​ទៅ​ខ្ចីបុល​ធនាគារ​ដើម្បី​យក​ប្រាក់​មក​ចំណាយ​ «រត់ការ» អោយ​កូនចៅ​ខ្លួន ​ទៅ​ធ្វើការ​នៅ​ស្រុក​ក្រៅ​ ដូចជា​ទៅម៉ាឡេ និង​កូរ៉េ​ជា​ដើម។ ការ​ធ្វើ​បែប​នេះ​ ពួកគេ​សង្ឃឹម​ថា នឹង​ទទួល​បាន​កំរៃ​ច្រើន​ជាង​​ការ​ងារ​នៅ​ក្នុង​ស្រុក ហើយ​ជាក់​ស្តែង គ្រួសារ​ពួកគេ​ភាគ​ច្រើន​នៅ​ក្នុង​ភូមិ ​​មាន​ជីវភាព​ធូរធា​​ពិត​មែន​ តាម​រយៈ​ការ​បញ្ជូន​​កូន​ចៅ​អោយ​​ទៅ​ធ្វើ​ការ​នៅ​ស្រុក​ក្រៅ​នេះ…។ គ្រួសារ​បែប​នេះ គឺ​មិន​មាន​បញ្ហា​សង​បំណុល​ធនាគារ​ឡើយ។

​តែ​ក៏​មាន​​ករណី​ច្រើន​ដែរ ​ដែល​​ពួកគេ​​បាន​ធ្លាក់​ក្នុង​ល្បិច​បោក​ប្រាស់​របស់​ក្រុម​ហ៊ុន​​បញ្ជូន​ពលករ​មួយ​ចំនួន ធ្វើ​​អោយ​គ្រួសារ​ពួកគេ​នៅ​ក្នុង​ភូមិ រឹត​តែ​ជួប​ប្រទះ​​នូវ​​​ជីវភាព​ដុនដាប​ថែម​ទៀត ដោយសារ​តែ​ទំងន់​នៃ​​​ការ​ដោះ​បំណុល​ធនាគារ​​ ដែល​ជំពាក់​ពី​​មុន​នេះ​ឯង…។

“ខ្ចីប្រាក់” យក​មក​ដោះស្រាយ​ជាមួយ​សមត្ថកិច្ច និងរដ្ឋអំណាច

អ្នក​រស់​នៅទីជនបទ​ ដែល​ប្រព្រឹត្តិ​អំពើ​ខុស​ច្បាប់​ផ្សេងៗ គឺ​​ត្រូវ​ប្រឈម​មុខ​​ជា​មួយ​សមត្ថកិច្ចនៅ​តាម​មូលដ្ឋាន។ ក្នុង​ករណី​ធ្ងន់ធ្ងរ នឹង​ត្រូវ​ឡើង​មក​ដោះស្រាយ​ជា​មួយ​មន្រ្តី​​​​តុលាការ​នៅ​ថ្នាក់​​ខេត្ត​ទៀត​ផង។ ឧទាហរណ៍​ថាៈ ប្រជាជន​បាន​ប្រើ​ឧបករណ៍​​នេសាទ​ខុស​ច្បាប់ (ឆក់ត្រី), នៅ​ពេល​ដែល​សមត្ថកិច្ច​នៅ​មូលដ្ឋាន​ចាប់បាន គឺ​ត្រូវ​តែ​​ចំណាយ​ប្រាក់​ ដើម្បី​បាន​រួច​ខ្លួនពី​អំពើ​ខុស​ច្បាប់​នេះ… ឬយ៉ាង​យោច​ណាស់​ក៏​​សមត្ថកិច្ច​​បាន​ដក​យក​សំភារៈ​របស់​ពួកគេ​លែង​បាន​ចាប់​ត្រី​ទៀត​ដែរ។ ករណី​ខ្លះ​ដែល​​ប្រជាពលរដ្ឋ​គ្មាន​ប្រាក់​បង់​ទៅ​សមត្ថកិច្ច​នៅ​មូលដ្ឋាន​​ទេ គឺពួកគេ​នឹង​ត្រូវ​បញ្ជូន​ឡើង​ទៅ​ស្រុក រួច​បន្ត​ទៅ​ខេត្ត, ហើយ​ត្រូវ​ប្រឈម​មុខ​នឹង​ការ​ជាប់​ពន្ធនាគារ​តែ​ម្តង។ ដល់​ពេល​នោះ​ហើយ ​ដែល​ប្រជា​ពលរដ្ឋ​យើង ត្រូវ​ការ​រក​ប្រាក់​យក​មក​ «រត់ការ» ដើម្បី​ដោះស្រាយ​អោយ​ប្តីសី កូនចៅ​​របស់​ខ្លួន​ បាន​ត្រឡប់​ទៅ​រស់​នៅ​ផ្ទះ​សំបែង​វិញ។

រឿង​រ៉ាវ​តូច​តាច​បែបនេះ ថ្វីបើ​កំរ​នឹង​កើត​មាន​ឡើង​ពិតមែន, តែ​ការណ៍ពិត វាបាន​កើត​ឡើង​​​​ទៅ​​លើ​អ្នក​ស្រុក​​បឹង-ទន្លេ​ជា​ច្រើន​នាក់​​រួច​ទៅ​ហើយ…។

មាន​ករណីធំដុំ​ខ្លះ ដូចជាកូនចៅ​របស់​អ្នក​ស្រុក​មួយ​ចំនួន​ ដែល​មិន​ប្រកប​ដោយ​ធម៌ ហើយ​បានតាំង​ខ្លួន​​​ជា “បងធំ” ប្រចាំ​ភូមិ។ នៅ​ពេល​​​ដែល​មាន​​​បទល្មើស​កើត​ឡើង ដូចជា​ការ​ប្រើ​ប្រាស់​គ្រឿងញាណ, ការ​វ៉ៃតប់​បង្ក​របួស​ស្នាម​ដល់​អ្នក​ដទៃ​ជាដើម គឺ​អាណា​ព្យាបាល​របស់ “បងធំ” ហ្នុងឯង ដែល​នឹង​ត្រូវ​ការ​ប្រាក់​ដើម្បី​ «រត់ការ» ជួយ​ “បងធំ” អោយ​​បាន​រួច​ខ្លួន​ពី​ការ​មាន​ទោស…។

តើ​រត់ការ​យ៉ាង​ម៉េច​ដើម្បី​រួច​ខ្លួន?… គឺ​ត្រូវ​យក​ប្រាក់​ទៅ​អោយ​សមត្ថកិច្ច និង​តុលាការ​ ទៅ​តាម​ការ​ទាមទារ ចរចា​គ្នា​…។ តើ​អ្នក​នៅ​ជនបទ​ ​ត្រូវ​រក​ប្រាក់​បន្ទាន់​​យ៉ាងម៉េច​ បើ​គ្មាន​ស្អី​លក់​ដោះទាល់​សោះ?… គឺ​មាន​តែ​ទៅ​​ខ្ចី​បុល​ធនាគារ​ហ្នុង​ឯង​!…

“ខ្ចីប្រាក់” យក​មក​ដោះបំណុលក្រោយពិធីមង្គលការ និង​បុណ្យ​ទាន​ផ្សេងៗ

នេះ​ជា​ករណី​ជំពាក់​បំណុល​ធនាគារ ដោយសារ​តែ​មូលហេតុ​ «ឃើញដំរីជុះ ក៏ប្រឹងជុះ​តាមដំរី!…»​។ អ្នក​រស់​នៅ​ជនបទ​ភាគច្រើន នៅ​ពេល​មាន​ប្រារព្ធ​ពិធី​មង្គលការ​កូន​ ឬ​ពិធី​បុណ្យ​ទាន​ផ្សេងៗ គឺចូល​ចិត្ត​ធ្វើ​អោយ​មាន​ភាព​ហ៊ឹកហ៊ាក់, ​ភាព​អស្ចារ្យ ឬ​ចង់​បង្ហាញ​​ថា​ អស់ប៉ុន្មាន​អស់​ទៅ កុំ​អោយ​តែ​ខ្មាស់​ភ្ញៀវ!… គឺ​ធ្វើ​​លោត​ទៅ​តាម​អ្នក​មាន​ធនធាន​ក្នុង​ភូមិ ដោយ​មិន​ចេះ​គិត​ពី​ទ្រព្យ​ធន​ជាក់ស្តែង​​​​របស់​ខ្លួន​មាន​ស្រាប់ទេ។

ដល់​ក្រោយ​​​ចប់​ពិធីទៅ ពេល​រាប់​លុយ​​​ទូទាត់​ការ​ចំណាយ​ ទើប​នាំគ្នា​​ធ្វើ​ភ្នែក​ឡឹងឡង់​ ដោយសារ​ខ្វះ​ប្រាក់​អោយ​ថ្លៃ​ម្ហូប​ចិន ថ្លៃស្រា-ប៊ីយ៉ែរ ថ្លៃភ្នួង ថ្លៃភ្លេង ថ្លៃថតរូប… ហើយ​ដំណោះ​ស្រាយ​ដែល​រហ័ស​ទាន់​ចិត្ត គឺ​មាន​តែ​ទៅ​ធ្វើ​ខ្លួន​ជា​កូន​បំណុល​របស់​ធនាគារ​​​តែ​មួយ​មុខ​នេះ​ឯង..!!..

“ខ្ចីប្រាក់” ដោយសារញាណ​នឹង​ល្បែងស៊ីសង​

ករណីនេះ មាន​តិចតួច​ទេ, ហើយ​បើ​មាន​វិញ គឺ​មក​ពី​គ្រួសារ​នោះ វក់​នឹង​ល្បែង​ស្មើ​ដៃ​គ្នា​ទាំង​ប្តី​ទាំង​ប្រពន្ធ,​ គ្មាន​គិតគូ​ររកស៊ី ធ្វើស្រែ​​​ចំការ​អី​ទេ…។

សំរាប់​អ្នក​ញាណ​ល្បែង​ស៊ីសង, ពួកគេ​មាន​ទ្រឹស្តី​មួយគឺ «អ្នកលេងល្បែង, ពេលឈ្នះ​ល្បែង នឹង​ទិញ​របស់!… ដល់​ពេល​ចាញ់​ល្បែង​អស់, ​នឹង​លក់​របស់ យក​មក​លេង​ល្បែង​!…»។ ដោយ​ហេតុ​នេះហើយ​ នៅ​ពេល​ដែល​ប្តី​ប្រពន្ធ​​ជា​​អ្នក​​ញាណ​ល្បែង​ ​​អស់​មាន​របស់​អី​លក់​,​ គឺ​ពួកគេ​ងាយ​នឹង​ស្រុះ​ស្រួល​​គ្នា​​កាន់​ប្លង់ផ្ទះ ប្លង់ដី​​ យក​ទៅ​ដាក់​ធនាគារ ដើម្បី​ធ្វើ​យ៉ាង​ម៉េច​ «រកសេះលឿន ដេញ​អោយ​ទាន់​សេះដាច់»..!!.. 😀

អ្វីៗ​ដែល​ខ្ញុំ​រៀប​រាប់​ខាងលើ​នេះ គឺ​គ្រាន់​តែ​ជា​ការ​សង្កេត​ ស្រាវជ្រាវ​លេងៗ​​តាម​បែប​អផ្សុក​តែ​ប៉ុណ្ណោះ។ ថ្មីៗ​នេះ ​មាន​រឿង​រ៉ាវ​ “អ្នកក្លាហាន” ទៅ​ខ្ចី​ប្រាក់​ធនាគារ យក​មក​លេង​​នយោបាយទៀត ដែល​នេះ​គឺ​ជា​សំណើច​ចំអក​នៃ​ព្រហ្មលិខិត​ សំរាប់​អ្នក​វក់​នឹង​​ល្បែង​នយោបាយ​​នៅ​ទីជនបទ…។

​ការ​កត់​សំគាល់​របស់​ខ្ញុំ​ចុង​ក្រោយ គឺមាន​គ្រួសារ​ខ្លះ​បាន​ជំពាក់​បំណុល​ធនាគារ​ពីរ ឬបី​ស្ថាប័ន ដោយ​សារ​តែ​ការ​ខ្ចី​ធនាគារ​មួយ យក​ទៅ​ដោះ​សង​​បំណុល​ធនាគារ​មួយ​ទៀត។​ ការ​ខ្ចី​បែប​នេះ ខ្ញុំអោយ​ឈ្មោះថា ជាស្ទីល «លើក​ទំនប់ ទប់ប្រឡាយ»..!!..??..

ស្រុកស្រែ

Advertisements

One response to “រឿងនិទាន​ទាក់ទង​នឹង​អ្នកនៅជនបទ ​ជំពាក់​បំណុល​ធនាគារ​វ័ណ្ឌក…

  1. ឲ្យចឹងខ្លះទៅ បានបានពន្យារកំណើត និងកាត់បន្ថយភាពក្រីក្រ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s