វិចិត្រសាល

ទៅចូលរួមក្នុងពិធីប្រគល់​ពានរង្វាន់ “អាណាចក្រ​តារា​ ​ឆ្នាំ២០១៣”


នាយប់​ថ្ងៃទី ១៥ សីហា ​ម្សិល​មិញនេះ, ខ្ញុំ​ដាច់​ចិត្ត​យល់​ព្រម​ជូន «ឆីៗ» ខ្ញុំ ទៅទស្សនា​កម្មវិធីប្រគល់​ពាន​រង្វាន់ “អាណាចក្រ​តារា ឆ្នាំ២០១៣” នៅ​សាល​​មហោស្រព​កោះ​ពេជ្រ, បើ​ទោះ​ជា​នេះ​មិន​ត្រូវ​នឹង​ចំណូល​ចិត្ត​ខ្ញុំ​ក៏​ដោយ…។

ខ្ញុំ​បាន​ទៅ​ដល់​សាល​ប្រារព្ធ​ពិធីនៅ​​ល្ងាច​ម៉ោង​ ៥គត់ តាម​ការ​កំណត់…។ ចំពោះ​តំលៃ​សំបុត្រចូល​ទស្សនា, ១សន្លឹក​ថ្លៃ ១ម៉ឺន​រៀល ដែល​កាល​ពី​ថ្ងៃ​មិ្សល​មិញ ស្រីៗ​ខ្ញុំ​ គាត់​ជិះ​ដើរ​រក​ទិញ​តាម​ផ្សារ​ទំនើបៗ​ទំរាំ​តែ​បាន ដោយ​សារ​តែ​សំបុត្រ​ត្រូវ​បាន​លក់​ដាច់​អស់ ​នៅ​សល់​តែ​បួន​សន្លឹក​គត់។ បើ​តាម​ការ​អោយ​ដឹង​ពី​អ្នក​រៀប​ចំ​កម្ម​វិធី​នេះ​​ ​បាន​​អះ​អាង​ថាៈ ថវិកា​​​ដែល​បាន​មក​ពី​ការ​លក់​សំបុត្រ​ទាំង​អស់ នឹងយក​ទៅ​ជួយ​ឧបត្ថម្ភ​ដល់​សិល្បករ សិល្បការិនី​​ចាស់ៗ​ ដែល​ជួប​ការ​លំបាក…។ ដោយ​ហេតុ​នេះ​ហើយ ទើប​ខ្ញុំ​សំរេច​ចិត្ត​ថា គួរ​តែ​ចំណាយ​ពេល​វេលា​ដើម្បី​​ទៅ​ចូល​រួម​​ក្នុង​កម្មវិធី​នេះ។ ម៉្យាង​ដោយ​សារ​តែ​ខ្ញុំ​​​ចង់ឃើញ​​តារាៗ​ចិត្ត​ល្អ​មួយ​ចំនួន​ ដែល​និយម​តុប​តែង​កាយ​​តាម​បែប​​វាលលើ ខើច​​ក្រោម​​ ស្រឡះ​​ពី​ក្រោយ ចំហពីមុខ… ដែល​​រូបភាព​​ទាំង​នេះ នឹង​ក្លាយ​​ជា​ការ «ហាត់​សាច់ដុំ​ភ្នែក» ម៉្យាង​ដែរ… ហើយ​ជា​លទ្ធផល គឺភ្នែក​ខ្ញុំ​ពេញ​មួយ​ព្រលប់​​ម្សិល​មិញ​នេះ “ហត់នឿយ” ​ខ្លាំង​ណាស់..!!..

ទោះ​ជា​យ៉ាង​ណា, ខ្ញុំ​នៅ​អង្គុយ​​​ទស្សនា​ក្នុង​សាល​មិន​បាន​ចប់​ចុង​ចប់​ដើម​ទេ ដោយ​សារ​​តែ​​​ចាប់​ពី​ពាក់​កណ្តាល​កម្មវិធី​ទៅ គឺ​ចូល​ដល់​លក្ខណៈ​សាំ..!!.. ព្រោះថា ​បើ​ទោះ​ជា​កម្មវិធី​ចែក​ពាន​រង្វាន់​នេះ បាន​ដំណើរ​ការ​ទៅ​​ដោយ​​រលូន​ ហើយ​តារា​​ទទួល​បាន​ពាន​​ភាគ​ច្រើន ​មក​ពី​ស្ថានីយ៍​ទូរទស្សន៍​ CTN ក៏​ដោយ ក៏​ខ្ញុំ​មើល​ទៅ គឺ​ជា​រឿង​ធម្មតា​ទៅ​អស់​​ហើយ…។ តែ​អ្វី​ដែល​​ខ្ញុំ​ចង់​លើក​យក​មក​ជំរាប​ជូន​នៅ​ពេល​នេះ គឺ​​ភាព​ខ្វះ​ចន្លោះ​នៅ​ក្នុង​កម្ម​វិធី​ ហើយ​ភាព​ខ្វះ​ចន្លោះ​នោះ គឺ​មាន​ចាប់​តាំង​ពីមាត់​ផ្លូវ​ចូល រហូត​ដល់​កម្មវិធី​ខាង​ក្នុង​តែ​ម្តង…។

នៅ​តាម​បណ្តោយ​​កំរាល​ព្រំ​ពណ៌ក្រហម ដែល​មាន​ទទឹង​ជាង​មួយ​ម៉ែត្រ ក្រាល​លាត​ពី​ថ្នល់​កៅស៊ូ​ មក​មាត់​ទ្វារ​សាល​មហោស្រព គឺ​ត្រូវ​បាន​រោម​ជិត​ដោយ​មនុស្ស​ម្នា​អ៊ូអរ​តាម​​បែប​គ្មាន​សណ្តាប់​ធ្នាប់។ ខ្ញុំ​គិត​ថា ប្រសិន​បើ​អ្នក​រៀបចំ, រៀបអោយ​អ្នក​​ឈរ​មើល​​ទាំង​អស់​នោះ ស្ថិត​ក្នុង​ចំងាយ​យ៉ាង​ហោច​ណាស់​ពី ៣ ទៅ​ ៥ម៉ែត្រ អម​តាម​កំរាល​ព្រំ​នេះ នឹង​បង្កើត​នូវ​ភាព​ទូលាយ​ ​ស្រឡះ​​ល្អ… ធ្វើ​អោយ​តារាៗ​ ដែល​ដើរ​​ជាន់​លើ​កំរាល​ព្រំ​ពណ៌​​ក្រហម រឹត​តែ​ទាក់​ទាញ​ដល់​ក្រុម​​អ្នក​ប្រមាញ់​រូប​ថត​ថែម​ទៀត។ នេះ​ជា​ចំណុច​ខ្វះ​ខាត​ទីមួយ…។

​​ចំណុច​ខ្វះខាត​ទីពីរ គឺភាព​ធូរ​រលុង​លើ​ផ្នែក​សន្តិសុខ…។ អ្នក​ឈរយាម​មាត់​ទ្វារ​ចូល ខ្វល់​តែ​ពី​រឿងហែក​កន្ទុយ​សំបុត្រ​តែ​ប៉ុណ្ណោះ។ ឯការ​ត្រួត​ពិនិត្យ ឆែកឆេរ​អាវុធ​ជាតិ​ផ្ទុះ​ពី​​អ្នក​ចូល​ទស្សនា គឺ​គ្មាន​សោះ ដែល​នេះ​ជា​ការ​​​ធ្វេស​ប្រហែស​​មែន​ទែន​។ ប្រសិន​បើ​មាន​ឧបទ្ទវហេតុ​​ចៃ​ដន្យ​កើត​ឡើង តើ​នរណា​ជា​អ្នក​ទទួល​ខុស​ត្រូវ?…

ចំណុច​ខ្វះខាត​ទីបី គឺ​ការ​មិន​គោរពពេល​វេលា…។ នៅ​ក្នុង​សំបុត្រ​ដាក់​ថា កម្មវិធី​នឹង​ចាប់​ផ្តើម​នៅ​ម៉ោង ៥.៣០នាទី​ល្ងាច។ ប្រសិន​បើ​ទៅ​ដល់​សាល​មហោស្រព​​ហួស​ពី​ម៉ោង ៦.០០ ទៅ នឹង​មិន​ទទួល​ខុស​ត្រូវ​លើ​ការ​អត់​កៅអី​អង្គុយ​ឡើយ ហើយ​នៅ​​ក្នុង​សំបុត្រ​ទស្សនា និង​នៅ​ក្នុង​សាល​ពិធី​, ខ្ញុំ​រក​មើល​តារាង​​​កម្មវីធី​នៃ​ពិធី​នេះ​ទាំង​មូល​​​មិន​ឃើញ​សោះ។ ហេតុនេះ ប្រសិន​បើ​មាន​ព្រឹត្តិការណ៍​បែប​នេះឆ្នាំ​​ក្រោយ​ទៀត គឺ​​គួរ​តែ​មាន​តារាង​កម្មវិធី ​​ដើម្បី​អោយ​អ្នក​ទៅ​ទស្សនា​បាន​ដឹង​​ខ្លះផង។ ​ជា​ពិសេស គឺ​ការ​​គោរព​​ពេល​ម៉ោង​​សំខាន់​ណាស់។ ជាក់​ស្តែង​ពេល​នេះ កម្មវិធី​បាន​អូស​ពេល​ ដោយ​​ចាប់​ផ្តើម​នៅ​ម៉ោងជាង ៧យប់​ឯណោះ។ ទោះ​ជា​យ៉ាង​ណា ​នៅ​ម៉ោង​ជិត ៨​យប់​​ទៅ​ហើយ ខ្ញុំ​នៅ​​​ឃើញ​មាន​តារា​មួយ​ចំនួន ទើប​នឹង​ដើរ​ចូល​ក្នុង​សាល​​ពិធី​យ៉ាង​រភើយ​នៅ​ឡើយ..!!..

ចំណុច​ខ្វះ​ខាត​បន្ទាប់​បន្សំគឺៈ ដើម្បី​កុំ​អោយ​កម្ម​វិធី​ស៊ី​ពេល​វេលា​យូរ​ពេក ខ្ញុំ​ថា​យក​ល្អ ពិធី​​លើក​ក្រោយ​គួរ​តែ​ចែក​ចេញ​ជា​ពីរគឺ ពានរង្វាន់​ផ្នែក​តារា​​ទូរទស្សន៍​ផ្សេង និង​ពាន​រង្វាន់​ផ្នែក​តារា​ចំរៀង​​ផ្សេង, ទើប​ធ្វើ​អោយ​កម្ម​វិធី​ មិន​ប្រព្រឹត្តិ​ទៅ​បែប​​ត្រហេប​ត្រ​ហប​ខ្លាំង​ពេក​​ ដូចល្ងាច​មិញ​នេះ​ជា​ឧទាហរណ៍​ស្រាប់។

ចំពោះ​ការ​ប្រកាស​លទ្ធផល​ ក៏​មាន​ចំណុច​ខ្វះខាត​ដែរ។ យកល្អ គណៈកម្មការ​ផ្តល់​ពិន្ទុ​គួរ​តែ​បង្ហាញ​នៅ​លើ​អេក្រង់​ នូវ​បេក្ខភាព​​តារា​រូប​ណា​ខ្លះ ​ដែល​​​ត្រូវ​បាន​​ជ្រើស​រើស​អោយ​ទទួល​ពាន​រង្វាន់​​​​នីមួយៗ… បន្ទាប់​មក​ទើបតារាកិត្តិយស ​ហែក​ស្រោម​សំបុត្រ​ដើម្បី​ប្រកាស​ជា​ផ្លូវ​ការ។ ឧទាហរណ៍​ថា ពិធីការិនី យុគ ចិន្តា ឈ្នះ​បាន​ពាន​រង្វាន់​​​​ពិធីការិនី​ឆ្នើម​ប្រចាំ​ឆ្នាំ​២០១៣, តើ​​មានពិធីការិនីរូប​ណា​ខ្លះ ដែល​ត្រូវ​បាន​ជ្រើស​យក​មក​វាយ​តំលៃ​ ប្រៀប​ធៀប​ជា​មួយ​នឹង​ពិធីការិនី​ យុគ ​ចិន្តា?… ដូច​គ្នា​នេះដែរ, តើរឿង​ភាគ​ទូរទស្សន៍​ ​មាន​រឿង​អី​ខ្លះ ​ដែល​ជាប់​ចំណាត់​ថ្នាក់​ពេញ​និយម ​ត្រូវ​បាន​ជ្រើស​យក​មក​ប្រកួត​​ពាន​រង្វាន់​នេះ?… ហើយ​តើ​តារា​ចំរៀង​រូប​ណា​ខ្លះ ដែល​ឈរ​នៅ​លំដាប់​កំពូល ​ត្រូវ​បាន​ជ្រើស​យក​មក​ប្រកួត​ជា​មួយ​ មាស សុខសោភា?…​  ។ល។ និង​។ល។ គឺ​ទាំង​អស់​នេះ​ហើយ ដែល​​មិន​មាន​​បង្ហាញ​នៅ​អេក្រង់​ធំ​​​លើឆាក មុន​ពេល​​ប្រកាស​ពាន​រង្វាន់​នីមួយៗ​ ដែល​ខ្ញុំ​មើល​ទៅ គឺ​មាន​ភាព​សោះ កក្រោះ​ខ្លាំង​ណាស់…។

​ម៉ោង​ ៩យប់ទៅហើយ…​ ដោយ​ដឹង​ថា​ខ្ញុំ​មិន​ស្រួល​ចិត្ត ស្រីៗ​ខ្ញុំ គាត់​ក៏​ដឹកដៃ​ខ្ញុំ​ចេញ​ពី​​ក្នុង​សាល​ពិធី​នេះ ត្រឹម​ការ​ប្រកាស​ពាន​រង្វាន់​​ដល់​ពិធីករ​ តាប៊ុយ របស់ CTN​…។ ពេល​ចេញ​មក​ដល់​កំរាល​ព្រំ​ក្រហម​ នៅមាត់​ទ្វារ​ខាង​ក្រៅ គាត់​ក៏​​សួរ​ខ្ញុំ​ថា៖ ម៉េច​ទៅ​បង, កម្មវិធី​អាណាចក្រ​តារា ដែល​គេ​រៀប​ចំ​ឡើង​នេះ?… ខ្ញុំ​ក៏​ឆ្លើយ​ទៅ​គាត់​វិញ៖ គួរ​ដូរ​ពី​អាណា «ចាក់» ទៅ​ជា​អាណា «ដោត» តារា​វិញ ត្រូវ​ជាង..!!..??.. 😀

ខាងក្រោម​នេះ ជាទិដ្ឋភាព​​ខ្លះៗ ដែល​ខ្ញុំ​ថត​​មិន​សូវ​ច្បាស់​ ដោយ​សារ​អង្គុយ​ឆ្ងាយ​ពី​ឆាក​ពេក, នៅ​ក្នុងសាល​ពិធី​អាណាចក្រ​តារា​ឆ្នាំ២០១៣ (Anachakdara 2013 or Superstar Award 2013 ) …។ ឯរូប​ភាព​តារា​មួយ​ចំនួន​នៅ​លើ​កំរាល​ព្រំ​ក្រហម​ខាង​ក្រៅ​វិញ ខ្ញុំ​មិន​ហ៊ាន​ចុះ​ផ្សាយ​ទេ គឺសុំ​រក្សា​សិទ្ធិ​​ទុក​រូប​ទាំង​នោះ សំរាប់​មើល​​​​​ហាត់​សាច់​ដុំ​ភ្នែក​ខ្ញុំ ​តែ​ម្នាក់​ឯង​ប៉ុណ្ណោះ​… អ៊ែម សរី..!!..

ស្រុកស្រែ​​

Advertisements

3 responses to “ទៅចូលរួមក្នុងពិធីប្រគល់​ពានរង្វាន់ “អាណាចក្រ​តារា​ ​ឆ្នាំ២០១៣”

  1. ខ្ញុំគ្មានចំណូលចិត្តបន្តិចសោះ កម្មវិធីចឹង..

  2. អត់​មាន​ប្រុស​ស្អាតៗទេ មាន​តែ​តារា​ៗដុះ​ក្បាលពោះ មក​ទទួល​រង្វាន់​ប៉ុណ្ណោះ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s