វិចិត្រសាល

អារាមក្រុងបាត់ដំបង៖ វត្តពោធិក្នុង


វត្តពោធិក្នុង មាន​ទីតាំង​ស្ថិត​នៅជិត​ស្ពាន​ថ្មថ្មី ​ជាប់​ផ្លូវ​ជាតិ​លេខ៥ ប៉ែក​ខាង​កើត​ស្ទឹង​សង្កែ។ ទីអារាម​នេះ បាន​លាត​សន្ធឹង​នៅលើ​ផ្ទៃ​ដី​ដ៏​ធំទូលាយ ប្រមាណ​ជា ៥ហិកតា។ ផ្អែក​តាម​វិសាលភាព​នេះ ព្រះវិហារ​ត្រូវ​បាន​សង់​ឡើងស្ថិត​នៅ​ឆ្ងាយ​ពី​ថ្នល់​ជាតិ បង្កើត​​បាន​ជា​ទីធ្លា​ធំ​ស្រ​ឡះ​ល្អ ដល់​សាលា​បឋម​សិក្សា​មួយ​ដែល​ស្ថិត​ក្នុង​បរិវេណ​​​វត្ត​​ពោធិ​ក្នុង​ ​នេះ​ដែរ…។

ព្រះវិហារ​ មាន​កំពស់​ពីរ​ជាន់ ដែល​ជាន់​ខាង​ក្រោម​ គឺ​ជា​កុដិ​សំរាប់​ព្រះ​សង្ឃ​ស្នាក់​នៅ​ផង​ដែរ។ តួព្រះវិហារ ត្រូវ​បាន​ស្ថាបនា​ឡើង​តាម​បែប​សាមញ្ញ ដោយ​​ផ្ទៃ​ជញ្ជាំង និង​សសរ​លាប​ថ្នាំ​ពណ៌ស, មិន​មាន​សត្វ​គ្រុឌ​ឈរ​លើក​ដៃ​ទ្រ​ចុងដំបូល ​និង​មិន​មាន​​ក្បាច់​រចនា ម៉ូត​ម៉ាយ​រញ៉េ​រញ៉ៃ​ទេ​។ អ្វី​ដែល​ប្លែក​ភ្នែក​ទៀត​នោះ​ គឺក្បាច់​ផ្តែរ​​ដ៏​រស់​រវើក ដែល​តុប​​តែង​លំអ​​​នៅ​លើ​គ្រប់​ក្លោង​ទ្វារ​ចូល​ព្រះ​វិហារ ត្រូវ​បាន​ធ្វើ​ពី​ដែក​ពត់ ដោយ​មិន​ប្រើ​ប្រាស់​ក្បាច់​​ពុម្ព​ស៊ីម៉ង់ត៍​ឡើយ។​

តាម​ព័ត៌មាន​​ដែល​សរសេរ​​លើ​ផ្ទាំង​ថ្ម​ក្រានីត នៅ​ជញ្ជាំង​​​ព្រះវិហារ​ជ្រុង​ខាង​កើត​ បាន​អោយ​ដឹង​ថា ព្រះវិហារ​ដ៏​ថ្មី​ស្រឡាង​នេះ ទើប​នឹង​ជួស​ជុល​ឡើង​វិញ និង​បញ្ចុះ​ខ័ណ្ឌ​សីមា​​ កាល​ពី​ថ្ងៃ​ទី ១៥ ខែឧសភា ឆ្នាំ២០១១ កន្លង​ទៅ​​ ក្រោម​ការ​ជួយ​ឧបត្ថម្ភ​ពី​សំណាក់​ ឯកឧត្តម​ឧកញ៉ា វិសេសវិជ្ជា វេជ្ជបណ្ឌិត មី សាមឺឌី…។​

ឧបដ្ឋាន​សាលា ស្ថិត​នៅ​ជ្រុង​ខាង​កើត​​ឆៀង​ខាង​ជើង ដែល​នៅ​ពីមុខ​ មាន​ជញ្ជាំង​​ស៊ីម៉ង់ត៍​ដ៏​ធំ​មួយ ​មាន​សរសេរ​រាយ​នាម​សប្បុរសជន​ចូល​បច្ច័យ​កសាង​ឧបដ្ឋាន​សាលា​នេះ។ នៅ​លើ​ជញ្ជាំង​ស៊ីម៉ង់ត៍​ មាន​ដាក់​កាលបរិច្ឆេទ​ឆ្នាំ១៩៧៤ គឺមុន​ពេល​ដួល​រលំ​របប​សាធារណរដ្ឋខ្មែរ មួយ​ឆ្នាំ…។​

កុដិព្រះសង្ឃ​ បាន​សង់​ដង្ហែ​គ្នា​​​ជា​ជួរ​ យ៉ាង​មាន​សណ្តាប់​ធ្នាប់ ស្ថិត​នៅ​តាម​របង​ជ្រុង​ខាង​កើត និង​ខាង​ត្បូង​ព្រះវិហារ។ ក្នុង​នោះ មាន​កុដិ​ដ៏ធំ​មួយ​​កំពស់​មួយ​​ជាន់ សង់​នៅ​ខាង​ត្បូង​ព្រះវិហារ ដែល​ខ័ណ្ឌ​ដោយ​ស្រះ​ទឹក​ធំមួយ​នៅ​​ចំពី​មុខ។ បច្ចុប្បន្ន​ អារាម​វត្ត​ពោធិ​ក្នុង មានព្រះសង្ឃ​គង់​នៅ​ជាង ៩០អង្គ។

មាន​ចំណុច​មួយ​ដែល​ខ្ញុំ​ប្លែក​ក្នុង​ចិត្ត​ដែរ គឺទី​អារាម​នេះ​មិន​មាន​ចេតីយ៍​ច្រើន​ស្អេក​ស្កះ​​​នៅ​ព័ទ្ធ​ជុំ​វិញ​ព្រះ​វិហារ ដូច​នៅ​វត្ត​ដំរីស ឬ​វត្ត​សង្កែ​ទេ… គឺ​មាន​តែ​ចេតីយ៍​ភ្លោះ​មួយ​គូ ស្ថិត​នៅ​ខាង​ជើង​ព្រះ​វិហារ។ នៅ​មាន​ចេតីយ៍​ចំណាស់​​​​ តូច​​ច្រឡឹង​មួយ​ទៀត ​ដែល​ស្ថិត​នៅ​ដាច់​តែ​ឯង​​ឆ្ងាយ​ពី​គេ ​ឯ​​ទី​ធ្លា​សាលារៀន…។​

ខាងក្រោមនេះ ជាទិដ្ឋភាព​ទូទៅ​នៃ​អារាម​វត្តពោធិក្នុង ដែល​ខ្ញុំ​បាន​ថត​ទុក​ជាឯកសារ នា​ដើម​ខែកញ្ញា ឆ្នាំ២០១៣ នេះ។ ប្រកាស​បន្ទាប់ ដែល​ជា​ប្រកាស​ចុង​ក្រោយ​ទាក់​ទង​នឹង​ទី​អារាម​ព្រះ​ពុទ្ធ​សាសនា​​នៅ​ក្រុង​បាត់ដំបង, ខ្ញុំ​នឹង​បង្ហាញ​អារាម​មួយ​ទៀត​មាន​ឈ្មោះ​ថា វត្តពិភិទ្ធារាម ដែល​ជា​អារាម​ចំណាស់​ជាង​គេ ស្ថិត​នៅ​ចំកណ្តាល​ក្រុង​​ប្រវត្តិ​សាស្រ្ត​ប៉ែក​ខាង​លិច​ប្រទេស​យើង​នេះ…៕

ស្រុកស្រែ

___________________

អត្ថបទដែលទាក់ទង៖

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s