វិចិត្រសាល

ក្រូសៗ… ប្លុក​ខ្ញុំ​អាយុ​បាន ២ឆ្នាំហើយ..!!..


លេងសើចៗ… មក​ដល់​ថ្ងៃ​ទី ២០ កញ្ញា ឆ្នាំនេះ, ប្លុក​ខ្ញុំ​បាន​ឈាន​ចូល​ដល់​គំរប់​ខួប​ ២ឆ្នាំ​នឹង​គេ​ដែរ​ហើយ…។

គិត​ថា​… ពី​ដំបូងៗ​បែប​មិន​ខ្មេះ​ទេ​មើល​ទៅ… ព្រោះថា ខ្ញុំ​មាន​ជំងឺ​​រ៉ាំរ៉ៃ​​មួយ​​ (មិន​មែនជា​ជំងឺ​​ស្រាល​ទេ បាទ! 😀 ) ដែល​ខ្ញុំ​ព្យាយាម​ព្យាបាល​​ខ្លួន​ឯង​អត់​ជា​សោះ… នោះ​គឺ​ “ជំងឺខ្ជិល”..!!.. គឺ​ទំលាប់​​ខ្ជិល​គ្រប់​មុខ!… ខ្ជិល​សព្វ​សារពើ!… ហើយ​ខ្ជិល​ធឺ​ម៉ាក់​​ស្រុក​ស្រែ​ខ្ញុំ​នេះ បើ​ខ្ញុំ​ធ្លាយ​​និយាយ​រឿង​​ខ្ញុំ​​ខ្ជិល​សព្វ​​មុខ​នេះ​​​​ប្រាប់​ចាស់ៗ​ពី​ដើម​វិញ ច្បាស់​ជា​ពួកគាត់​ប្រដូច​ខ្ញុំ​ទៅ​នឹង​ “អាសព្វ​ជាតិ” ជា​មិន​ខាន…។

​ហេតុ​ដូច្នេះ​ហើយ​ បាន​ជា​ពេល​​​ចាប់​ផ្តើម​បង្កើត​ប្លុក​​ស្រុកស្រែ​នេះ​​ពី​ដំបូងៗ ខ្ញុំតែង​បារម្ភ​ជានិច្ច​​​ពី​ភាព “មេម៉ាយ”  ដោយ​សារ​ជំងឺ​​កំជិល​អាំង​ផេះ​របស់​ខ្ញុំ​​​នេះ​តែ​ម្តង។ ប៉ុន្តែ… អ្វីៗ​ដែល​បាន​កើត​ឡើង​​នា​ពេល​បន្ទាប់ៗមក ចំពោះ​ប្លុក​ដែល​ខ្ញុំ​បាន​បង្កើត​ឡើង​​នេះ គឺ​មិន​​ដូច្នោះ​ទេ។ ផ្ទុយ​ទៅ​វិញ ខ្ញុំ​បាន​ចាប់​ផ្តើម​បង្វឹក​ខួរ​ក្បាល​ខ្ញុំ ដែល​ស្ទក់​ខាន​ប្រើ​ការ​យូរ ធ្វើ​អោយ​វា​ឧស្សាហ៍, ធ្វើ​អោយ​វា​មាន​ភាព​រស់​រវើក​ឡើង​វិញ។ ក្នុង​ន័យ​នេះ ខ្ញុំ​​បាន​ចាប់​ផ្តើម​រៀន​​ពី​វិធី​សរសេរ​​អត្ថបទ​ឡើង​វិញ ដែល​ការងារ​នេះ ខ្ញុំ​បាន​បោះ​បង់​​ចោល​​យូរ​ឆ្នាំ​មក​ហើយ។ ជា​មួយ​គ្នា​នេះ ខ្ញុំ​ក៏​ចាប់​ផ្តើម​ប្រមូល​ឯកសារ​ចាស់ៗ ដែល​ខ្ញុំ​ធ្លាប់​បាន​អាន​​ពី​មុនៗ​មក ​យក​​មក​សិក្សា​​រៀនសូត្រ ស្រាវ​ជ្រាវ​បន្ថែម​ទៀត ដើម្បី​បំពេញ​អោយ​កិច្ចការ​នៅ​ទី​នេះ។ ទន្ទឹម​នឹង​នោះ ខ្ញុំ​ក៏​​ខំ​ប្រឹង​​សន្សំ​រូប​ថត​បច្ចុប្បន្ន​ភាពដែល​ខ្ញុំ​បាន​ថត​​រាល់​ពេល​ខ្ញុំ​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ទី​កន្លែង​ណា​មួយ​​ដែល​ប្លែក​​ភ្នែក, ជា​ពិសេស​ គឺ​​រូប​ថត​ទី​អារាម​ព្រះ​ពុទ្ធ​សាសនា​ក្នុង​ប្រទេស​យើង ​​សំរាប់​ទុកជា​​ឯកសារអោយ​អ្នក​ជំនាន់​ក្រោយ​​បាន​សិក្សា​ស្វែង​យល់​​ផង​ដែរ។

ចាប់​តាំង​ពី​ថ្ងៃ​កកើត រហូត​មក​ដល់​​បាន​អាយុ ២ខួប ដែល​គិត​ទៅ​ មាន​​រយៈពេល​ ៧៣០ថ្ងៃ​​​, ខ្ញុំ​បាន​ចុះ​ផ្សាយ​នូវ​អត្ថបទ​ និង​រូបថត​ផ្សេងៗ​ សរុប​បាន​ចំនួន ៥៧៤ចំណង​ជើង​ដែរ…។ ទាំង​នេះ ​គឺ​ជា​ផលិត​ផល​​ដែល​បាន​មក​ពី​​ការងារ​ក្រៅ​ម៉ោង និង​ការងារ​ក្នុង​ថ្ងៃ​សំរាក​ចុង​សប្តាហ៍​​សុទ្ធសាធ ព្រោះ​ថា កិច្ចការ​សំរាប់​​ចិញ្ចឹម​ក្រពះ​របស់​ខ្ញុំ វា​បាន​ខាំ​ទំពារ​ពេល​វេលា​ប្រចាំ​ថ្ងៃ​របស់​ខ្ញុំ អស់​ទៅ​ហើយ។ នៅ​មាន​ទៀត… កិច្ចការ​នៅ​ទី​នេះ បាន​ធ្វើ​អោយ​ខ្ញុំ​ចុក​ខ្នង រោយ​ចង្កេះ​ខ្លាំង​ណាស់ ហើយ​បើ​ប្រៀប​នឹង​ការ​អង្គុយ​សំកុក​ផឹកស៊ី​តាមហាង​វិញ, ការ​អង្គុយ​សំកុក​សរសេរ​នៅ​ទី​នេះ បែប​ចង់​ខូច​សុខភាព​ជាង​អង្គុយ​ផឹក​ស៊ី​ទៅ​ទៀត… 😀 ព្រោះ​ថា អង្គុយ​ផឹកស៊ី គឺ​សប្បាយ ​នាំ​អោយ​អាយុ​វែង!… ឯអង្គុយ​សរសេរ​វិញ គឺអត់ល្ងុយ ​​ហើយ​​ប្រឹង​គិត​ឡើង​ស្កូវ​សក់ និង​ជ្រុះ​សក់​បណ្តើរៗ ​សឹង​អស់​ពី​ក្បាល​​​ថែម​ទៀត!…

ទោះ​ជា​យ៉ាង​ណា ខ្ញុំ​សប្បាយ​ចិត្ត​នឹង​ទទួល​យក​នូវ​ភាព​ស្កូវសក់, ភាព​ចុក​ខ្នង​រោយ​ចង្កេះ​នេះ​ខ្លាំង​ណាស់ ព្រោះ​ដោយសារ​​ខ្ញុំ​បាន​​ទទួល​ត្រឡប់​មក​វិញ​នូវ​ចំណង​​មិត្តភាព និង​ការ​រាប់​អាន​ដ៏​ស្មោះស​​មិន​អាច​កាត់​ថ្លៃ​បាន​ពី​ញាតិ​មិត្ត​​នៅ​ទីនេះ។ ជា​មួយ​គ្នា​នេះ ខ្ញុំ​សង្ឃឹម និង​មាន​ជំនឿ​ថា កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​​ខ្ញុំ​នៅ​ទី​នេះ នឹង​មិន​អត់​ប្រយោជន៍​ឡើយ, វា​នឹង​ក្លាយ​ជា​ចំណែក​មួយ​នៃ​ការ​​ចែក​រំលែក​ចំណេះ​ដឹង​ និង​បទពិសោធន៍​ដ៏​ស្តួច​ស្តើង​របស់​ខ្ញុំ សំរាប់​ជូន​ដល់​សាធារណជន​ខ្មែរ​ជិត​ឆ្ងាយ ដែល​ស្នេហា​អក្សរ​សាស្រ្ត​ខ្មែរ ទាំង​បច្ចុប្បន្ន និង​ទៅ​អនាគត។ ​ពី​ព្រោះ​ប្លុក​​ស្រុកស្រែ​ខ្ញុំ​​​នេះ គឺ​​បាន​ប្រើ​ប្រាស់​តែ​​ខេមរភាសា​សុទ្ធ​ ក្នុង​​បំណង​ចង់​​ថែ​រក្សា​ និង​លើក​តំកើង​​អក្សរ​សាស្រ្ត​ជាតិ​​យើង​តែ​មួយ​មុខ​​​គត់…។

ចុងក្រោយ… សូម​អរគុណដល់​​ភរិយា​សំណព្វ​ចិត្ត ដែល​បាន​ជួយ​លើក​ទឹក​ចិត្ត​ខ្ញុំ​ក្នុង​កិច្ចការ​នៅ​ទីនេះ​ ហើយ​ជា​និច្ចកាល​ ការ​ងារ​របស់​ខ្ញុំ​តែង​តែ​ឃ្លាត​ឆ្ងាយ​ពី​គាត់​ញឹក​ញាប់​បំផុត។ ជាក់​ស្តែង មួយ​​សប្តាហ៍ពេញ​​នេះ ខ្ញុំ​នៅ​ទី​ជនបទ​បែក​ពី​គាត់​​​រហូត…។

ក្នុង​គំរប់​ខួប​ ២ឆ្នាំ​នៃ​ប្លុក​ស្រុកស្រែ​របស់​ខ្ញុំ​នេះ ខ្ញុំសូម​ផ្ញើ​ជូន​អស់​លោក​អ្នក​ នូវ​ស្នាម​ញញឹម​ប្រកប​ដោយ​ការ​គោរព​រាប់​អាន​ និង​ស្និទ្ធ​ស្នាល​បំផុត​អំពី​ខ្ញុំ “ឆុកឈែ!”… :-D​

Advertisements

15 responses to “ក្រូសៗ… ប្លុក​ខ្ញុំ​អាយុ​បាន ២ឆ្នាំហើយ..!!..

  1. ហេភីបឺតដេ!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s