វិចិត្រសាល

វត្តរកាកណ្តាល ក្រុងក្រចេះ ​ជាអារាម​ដ៏ចំណាស់​ជាង​គេ​នៅ​ស្រុក​យើង


ចេញពីវត្តសិរីសន្ធរវង្ស ដែល​ស្ថិត​នៅ​ចំ​កណ្តាល​ក្រុង​ក្រ​ចេះ​ ខ្ញុំ​ចង់​នាំ​អារម្មណ៍​អស់​លោក​អ្នក អោយ​ទៅ​ទស្សនា​អារាម​ដ៏​ចំណាស់​មួយទៀត​នៅ​ជាប់​មាត់​ទន្លេ ​​​ហួស​ពី​​សាលា​ខេត្ត​បន្តិច​, អាច​ថា ជាសំណង់​​អារាម​ដ៏​ចំណាស់​ជាង​គេ​នៅ​ស្រុក​យើង​ផង​ក៏​មិន​ដឹង… នោះគឺ​ វត្តរកាកណ្តាល…។

តាម​ពិត​ វត្តរកាកណ្តាល​​បច្ចុប្បន្ន គឺ​ស្ថិត​នៅ​ខាងកើត​ថ្នល់​កៅស៊ូ ដែល​ទៅ​ពី​​ភ្នំពេញ​ទៅ។ ឯ​អារាម​វត្តរកាកណ្តាល​​​ចាស់ ​ដែល​ខ្ញុំ​លើក​យក​មក​បង្ហាញ​ជូន​នៅ​ពេល​នេះ គឺស្ថិត​នៅ​ខាង​លិច​ថ្នល់ ទល់​មុខ​នឹង​វត្ត​រកា​កណ្តាល​​បច្ចុប្បន្ន​នេះ​។

ពិនិត្យ​មើល​ក្លោង​ទ្វារ​វត្តរកាកណ្តាល​​សព្វ​ថ្ងៃ​នេះ​ ឃើញ​ដាក់​កាល​បរិច្ឆេទ​ ព.ស​២៥០៧ គ.ស​១៩៦៤, ​នាំ​​អោយ​ខ្ញុំ​​អាច​សន្និដ្ឋាន​បាន​ថា ព្រះវិហារ​វត្តរកា​កណ្តាល​ចាស់ ត្រូវ​បាន​បង់បោះ​ចោល​ក្នុង​ឆ្នាំ១៩៦៤…​ គឺ​បន្ទាប់​ពី​ការ​សម្ពោធ​កាត់​ឫស​​សីមា​ព្រះ​វិហារ​ថ្មី​រួច។ តាម​មើល​ទៅ ប្រហែល​ជា​អ្នក​ស្រុក​នៅ​ទី​នោះ​ មានការ​បារម្ភ​ភ័យ​ខ្លាច​​ពី​ការ​បាក់​ច្រាំង​ទន្លេ​ ដែល​ធ្វើ​អោយ​ប៉ះ​ពាល់​ដល់​សំណង់​ព្រះ​វិហារ​ក៏​មិន​ដឹង ទើប​បាន​​ជា​បង្ខំ​ចិត្ត​​ ​​នាំ​គ្នា​មក​កសាង​ព្រះវិហារ​ថ្មី នៅ​ខាង​កើត​ផ្លូវ​ ឆ្ងាយ​ពី​ច្រាំង​ទន្លេ​​បែប​នេះ។

តាមអ្នក​ទទួល​ខុស​ត្រូវ​នៅ​ទី​អារាម​​វត្ត​រកាកណ្តាល​​ដ៏​ចំណាស់​នេះ​ បាន​អះអាង​ថាៈ វត្តនេះ​បាន​កសាង​ឡើង​ក្នុង​ឆ្នាំ១៨៣៨ ដែល​ខឿន​ព្រះវិហារ​​ ត្រូវ​បាន​​រៀប​បន្តើត​ដោយ​ថ្ម​ភ្នំ​ មាន​តូច​មាន​ធំ, ជញ្ជាំង​រៀប​ពី​ឥដ្ឋ​បូក​បាយអរ, ដំបូល​​ប្រក់​ក្បឿង​ស្រកាលិញ​ ហើយគ្រឿង​​​ឈើ​ដំបូល​ខាង​លើ និង​សសរ​លុញ​​​ទាំង​អស់​ គឺធ្វើ​ពី​ឈើ​ក្រញូង និង​​តាត្រាវ ដែល​ទុក​កាន់​តែ​យូរ កាន់​តែ​រឹង​ដូច​ថ្ម…។

​នៅស្លាក​ប្រកាស​​លើ​ជញ្ជាំង​ខាង​ក្នុង​ព្រះវិហារវិញ បានបញ្ជាក់​លំអិត​​អោយ​​ដឹង​​ច្បាស់​​ថាៈ «វត្តរកា​កណ្តាល​ គឺ​ជា​វត្ត​ដែល​មាន​តែ​មួយ​គត់នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​បាន​បន្សល់​ទុក​តាំង​ពី​ចុង​សតវត្សរ៍​ទី១៨, ដើម​សតវត្សរ៍​ទី១៩ ។ ឈ្មោះ​ដើម​របស់​វត្ត​គឺ វត្តបទុមនី វណ្ណារាម។ តាម​សំណូមពរ​របស់​ខេត្ត​ក្រចេះ នៅ​ក្នុង​ឆ្នាំ២០០១, សម្ព័ន្ធ​សិប្បកម្ម​កម្ពុជា បាន​ធ្វើ​ការ​ជួស​ជុល​វត្តរកា​កណ្តាល​ឡើង​វិញ នៅខែ​កុម្ភៈ ដល់​ខែកក្កដា ឆ្នាំ​២០០២ ដើម្បី​ធ្វើ​ជា​មជ្ឈមណ្ឌល​សិប្បកម្ម​នៅតំបន់​នោះ។ រដ្ឋាភិបាល​​​អាល្លឺម៉ង់ បាន​ផ្តល់​ថវិកា​ចំនួន ៣០,០០០ដុល្លារ ដល់​មូលនិធិ​អាល្លឺម៉ង់ SEQUA ដើម្បី​អោយ​សភាសិប្បកម្ម​ទីក្រុង​កូប្លែន្ស និង​សម្ព័ន្ធ​សិប្បកម្ម​កម្ពុជា ជា​អ្នក​គ្រប់គ្រង​ និង​ធ្វើ​ការ​ជួស​ជុល»។

ផ្អែក​តាម​ស្លាក​ប្រកាស​នេះ ព្រះវិហារ​ដ៏​ចំណាស់​មួយ​នេះ ត្រូវ​បាន​ចំណាយ​​រយៈ​ពេល​ដល់​ទៅ ៦ខែ ដើម្បី​​ធ្វើ​ការ​ជួស​ជុល​ជា​ថ្មី​​ឡើង​វិញ។ អ្វី​ដែល​គួរ​អោយ​ចាប់​អារម្មណ៍​នោះ​គឺ មូលនិធិ​អាល្លឺម៉ង់​ Foundation for Economic Development and Vocational Training (SEQUA) ដែល​បាន​ផ្តល់​ថវិកា​ចំនួន ៣ម៉ឺន​ដុល្លារ តាម​រយៈ​​សភា​សិប្បកម្ម​ទីក្រុង​កូប្លែន្ស (Koblenz) សំរាប់​​ចំណាយ​លើ​ការ​ងារ​ជួស​ជុល​នេះ គឺ​ក្នុង​បំណង​ចង់​អភិរក្ស​សំណង់​​​អារាម​ព្រះ​ពុទ្ធ​សាសនា​ដ៏​ចំណាស់​​មួយ​នេះ ដែល​ត្រូវ​បាន​បោះ​បង់​ចោល​តាំង​ពី​ឆ្នាំ​១៩៦៤​ គឺ​ធ្វើ​យ៉ាង​ណា​​អោយ​មាន​ការ​ថែទាំ​ឡើង​វិញ​ និង​រក្សា​ទុក​អោយ​​បាន​យូរ​អង្វែង​តទៅ​មុខ​ទៀត​…។

ទាំង​នេះ​ គឺដោយ​សារ​តែ​​ខាង​អាជ្ញាធរ​​ខេត្ត​ក្រចេះ និង​ក្រសួង​វប្បធម៌​យើង មិន​មាន​​ថវិកា​សំរាប់​យក​មក​ជួស​ជុល​​សម្បត្តិ​វប្បធម៌​ដ៏​មាន​តំលៃ​មួយ​នេះ​… បានន័យ​ថា យើង​​ក្រ​លុយ​​ត្រឹម​តែ ៣ម៉ឺន​ដុល្លារ​សំរាប់​​ធ្វើ​ការ​ជួស​ជុល..!!.. ដល់​អញ្ចឹង​ទៅ… ក្រោយ​ពេល​ជួស​ជុល​រួច, ព្រះវិហារ​​ដ៏​ចំណាស់​នេះ ក៏​មិន​ត្រូវ​បាន​យក​មក​ប្រើ​ប្រាស់​ជា​​ព្រះ​វិហារ​ព្រះ​ពុទ្ធ​សាសនា​ទៀត​ដែរ ព្រោះ​​ផ្ទៃ​ខាង​​ក្នុង​ព្រះវិហារ​ បាន​ប្រែ​ក្លាយ​ទៅ​ជា​កន្លែង​លក់​ផលិតផល​សិប្បកម្ម ដ៏​គួរ​អោយ​សោក​ស្តាយ​ទៅ​វិញ ហើយ​ទី​អារាម​នេះ ​ហាក់​សឹង​​ក្លាយ​ទៅ​ជា​ម្ចាស់​កម្មសិទ្ធ​របស់​សម្ព័ន្ធ​សិប្បកម្ម​កម្ពុជា ​​ទៅ​ហើយ​ផង​​ដែរ។

នៅ​មាន​ទៀត… តាម​មើល​ទៅ​ មូលនិធិ​អាល្លឺម៉ង់ SEQUA គឺ​ជា​​គ្រឹស្ត​​បរិស័ទ។ ​ហេតុ​នេះ ព្រះពុទ្ធ​បដិមា​ដ៏​ចំណាស់​ ដែល​ស្ថិត​នៅ​ក្នុង​ព្រះវិហារ, ក្រោយ​ពេល​ជួស​ជុល​រួច ក៏មិន​​ត្រូវ​បាន​យក​មក​តំកល់​ទុក​ក្នុង​ព្រះ​វិហារ​វិញ​ដែរ​ គឺ​អ្នក​គ្រប់​គ្រង​សម្ព័ន្ធ​សិប្បកម្ម​កម្ពុជា បាន​យក​ទៅ​ដាក់​ក្នុង​រោង​ដោល​មួយ ប៉ុន​ទ្រុង​គោ ​ស្ថិត​នៅ​ខាង​ត្បូង​ព្រះ​វិហារ​ ក្បែរ​កុដិ​យាយជី ដែល​ឃើញ​ហើយ មាន​អារម្មណ៍​​​ក្តុក​ក្តួល​ណាស់…។​

ជា​ចៃដន្យ, នៅ​ពេល​ខ្ញុំ​កំពុង​ដើរ​ថត​ជុំវិញ​ព្រះវិហារ​ដ៏​ចំណាស់​នេះ ខ្ញុំ​បាន​ជួប​នឹង​មេ​ជាង​ជួស​ជុល​​ព្រះ​វិហារ​​នេះ កាល​ពី ១១ឆ្នាំ​មុន ព្រម​ទាំង​បាន​សាកសួរ​​ដឹង​រឿង​ច្រើន​ ទាក់​ទង​ទៅ​នឹង​​​ដំណាក់កាល​នៃ​ការងារ​ជួស​ជុល​​នេះ។ ពូ​មេជាង​នោះ គាត់​មាន​ស្រុក​កំណើត​នៅ​ខេត្ត​កំពង់ចាម។ ​ក្រោយ​ពេល​​​​ការ​ងារ​​ជួស​ជុល​ព្រះ​វិហារ​នេះ​ បាន​ហើយ​​រួច​រាល់​ចប់​សព្វ​គ្រប់ គាត់​និង​ក្រុម​គ្រួសារ ក៏​បាន​ស្នើ​សុំ​អាជ្ញាធរ​ក្រុង​ក្រចេះ ស្នាក់​នៅ​ក្បែរ​របង​វត្ត​នេះ​​រហូត​ដល់​សព្វ​ថ្ងៃ​នេះ​ទៅ។

មាន​ពាក្យ​ចចាម​អារាម​ច្រើន នៅ​ក្នុង​អំឡុង​ពេល​នៃ​ការ​ជួស​ជុល ដូច​ជា​ថាៈ នៅ​គ្រឹះ​បាត​សសរ មាន​កំណប់​មាសពេជ្រ​មាន​តំលៃ​​ជា​ច្រើន, តែតាម​ការពិត គឺ​គ្មាន​ទេ។ ពូមេជាង​បាន​អះអាង​ប្រាប់​ខ្ញុំ​ថាៈ ពេល​រើដំបូល និង​សសរ​ព្រះ​វិហារ​នេះ​ឡើង​វិញ, គាត់​រើស​បាន​កាក់​ស្ពាន់​ពីរ​បី ដែល​នៅ​​ទ្រាប់​​បាត​សសរ​កន្លោង… គ្មាន​វត្ថុ​មាន​តំលៃ​អី​ទេ…។ គ្រឿង​ឈើ​ដែល​ពុក​ផុយ ត្រូវ​បាន​ប្តូរចេញ, ឯក្បឿង​​សុទ្ធ​តែ​ស្លែ​កាន់​ក្រាស់​ឃ្មឹក​នោះ ត្រូវ​បាន​ក្រុម​កូនជាង​គាត់​ នាំ​គ្នាអង្គុយ​ដុស​​រាប់​ខែ ទំរាំ​ហើយ…។ ចំណែក​ខឿន​​ព្រះ​វិហារ​​ដែល​តំរៀប​ដោយ​ថ្ម​ភ្នំ​នោះ គឺ​ក្រុម​ជាង​ពួក​គាត់​បាន​តំរៀប​ឡើង​វិញ​ បាន​ស្អាត​ដូច​ដើម។

ក្នុង​អំឡុង​​​ពេល​នៃ​ការ​ជួស​ជុល​​នោះ​ដែរ មាន​ឈ្មួញ​ចំឡែកៗ មក​ទាក់​ទង​ទិញ​ចំលាក់​ឈើ​ហោ​ជាង​ដំបូល​ទាំង​សងខាង ដោយ​ហ៊ាន​អោយ​តំលៃ​​​ខ្ពស់ ដែល​​យ៉ាង​ហោច​ណាស់​ក៏ ២០ដំឡឹង​​មាស​ដែរ, តែ​ពូ​មេជាង​មិន​ព្រម​លក់​ដាច់​ខាត ដោយ​សារ​តែ​គាត់​ដឹង​ថា ក្រុម​ឈ្មួញ​ទាំង​នោះ នឹង​យក​ចំលាក់​ឈើ​ដ៏​ចំណាស់​នេះ ទៅ​លក់​អោយ​ថៃ…។​

មាន​រឿង​ហួស​ចិត្ត​មួយ​ទៀត…។ នៅ​ខាង​ជើង​ព្រះ​វិហារ មានអាគារ​ឈើ​មួយ​​សង់​​​ខ្ពស់​ផុត​ពី​ដី មិន​ដឹង​ថា ជា​កុដិ​យាយ​ជី ឬ​ជា​ផ្ទះ​​កម្មសិទ្ធិ​របស់សម្ព័ន្ធ​សិប្បកម្ម​កម្ពុជា​ទេ។ នៅលើ​ជញ្ជាំង​ក្បែរ​មាត់​ទ្វារ មាន​ស្លាក​មួយ​សរសេរ​លើជ័រ​ប្លាក​ស្ទិក​​ពណ៌​ខៀវ​ដាក់ថាៈ «អំណោយ​លោក​ជំទាវ​ភរិយា​ឯកឧត្តម VIPAVANH PHOMVIHANE អនុប្រធាន​សភា​ជាតិ​ឡាវ ចំនួន​ទឹក​ប្រាក់ $300, កសាង​ជណ្តើរ»។ ក្រោយ​ពេល​អាន​ស្លាក​នេះ​រួច ខ្ញុំអស់​អី​និយាយ​តែ​ម្តង ព្រោះ​ថា នេះ​ជា​ជណ្តើរ​ឈើ​យ៉ាង​សាមញ្ញ​បំផុត, មិនមែន​កសាង​ពី​ថ្ម​ម៉ាប ឬ​ពី​បេតុង​អាម៉េ​ដ៍​​អី​ទេ… ហើយ​ទី​នេះ​ជា​ស្រុក​ឈើ​ដ៏​សំបូរ​ហូរ​ហៀរ មិន​មែន​ដូច​នៅ​ស្វាយរៀង​ ដែល​សំបូរ​តែ​ដើម​ទន្ទ្រានខេត្ត​ទេ, ចុះ​ចាំ​បាច់​អី​ទាល់​តែ​មាន​អ្នក​មក​ពី​​ចំងាយ, ​មកចេញ​លុយ​​ជួយ​​ធ្វើ​បែប​នេះ?… គឺ​ពិត​ជា​មិន​ចេះ​អៀន​ខ្លួន​មែន..!!..??..

ខ្ជិល​និយាយ​ច្រើន… ហើយ​ខាងក្រោមនេះ ជា​ទិដ្ឋភាព​ទូទៅ​នៃ​ព្រះ​វិហារ​វត្តរកា​កណ្តាល​ចាស់ ដែល​ខ្ញុំ​បាន​ថត​ទុក​ជា​ឯកសារ នា​ដើម​ខែ​កញ្ញា ឆ្នាំ២០១៣ នេះ។ ប្រសិន​បើ​មាន​ឳកាស​លើក​ក្រោយ ខ្ញុំ​នឹង​ទៅ​ថត​ផ្តិត​យក​ទិដ្ឋភាព​វត្ត​រកា​កណ្តាល ឬ​វត្ត​បទុមនី វណ្ណារាម បច្ចុប្បន្ន​​សំរាប់​ទុក​ជា​ឯកសារ​នៅ​ទី​នេះ​ទៀត…៕

ស្រុកស្រែ

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s