វិចិត្រសាល

រូបថតក្រុមមេដឹកនាំខ្មែរ នាឆ្នាំ១៩៧៩…


khmer_leader_1979

រូបថត​មួយ​សន្លឹក​ខាង​លើ​នេះ បើ​ទោះ​ជា​មិន​បាន​ថត​ជុំ​គ្នា​ក៏​ដោយ ក៏​បាន​បង្ហាញ​នូវ​​ឥស្សរជន​មួយ​ក្រុម​ ដែល​បាន​ដឹក​នាំ​ប្រទេស ​ក្រោយ​ពេល​ដួល​រលំ​របប​ខ្មែរ​ក្រហម​ក្នុង​ឆ្នាំ​១៩៧៩ ហើយ​បច្ចុប្បន្ននេះ ​ឥស្សរជន​មួយ​ចំនួន​ក៏​កំពុង​បន្ត​ដឹក​នាំ​ប្រទេស​យើង​ រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ​ដែរ​​…។ រូប​នេះ​ ថត​នៅ​ក្នុង​វាំង នា​ថ្ងៃ​ទី ២៧ ខែកក្កដា ឆ្នាំ១៩៧៩ ក្នុង​ឳកាស​បើក​ «មហា​សន្និបាត​វិសាមញ្ញ កម្មាភិបាល​ទូទាំង​ប្រទេស»។

រូប​នេះ ខ្ញុំ​ដើរ​សួរ​មនុស្ស​ដែល​សល់​ពី​សម័យ​​៧៩-៨០ ច្រើន​គ្នា​ហើយ… គឺ​ស្គាល់​បាន​តែ​ប៉ុន្មាន​រូប​ហ្នុង​ឯង។ ស្តាយដែរ… ប្រសិន​បើ​ខ្ញុំ​មាន​ស្គាល់​​ឥស្សរជន​ណា​ម្នាក់ នៅ​ក្នុង​រូប​ថត​នេះ ប្រាកដ​ជា​​សំគាល់​បាន​គ្រប់​គ្នា,​ គ្មាន​បាត់​ម្នាក់​ទេ។ ដោយ​ហេតុ​នេះ ប្រសិន​បើ​មាន​អស់​លោក​ណា​​បាន​ស្គាល់​រូប​​បុគ្គល​ផ្សេង​ទៀត​​​ក្រៅ​​​ពី​ខ្ញុំ​សំគាល់​​នេះ​ សូម​មេត្តា​​ជួយ​ផ្តល់​យោបល់​ផង, ខ្ញុំ​នឹង​កែ​តំរូវ​ដើម្បី​ទុក​ជា​ឯកសារ​ទៅ​ថ្ងៃ​ក្រោយ។

​​តាម​រយៈ​រូប​ថត​នេះ​ដែរ ក្នុង​ចំណោម​ឥស្សរជន​សំខាន់ៗ ដែល​បាន​ធ្វើ​ការ​ដឹក​នាំ​ប្រទេស​​ពី​គំនរ​ផេះ​ផង់ នា​ឆ្នាំ​១៩៧៩​ នោះ, ខ្ញុំ​ដូច​ជា​រក​មិនឃើញ​រូប​​លោក ចាន់ ស៊ី… អាច​ថា គាត់​ប្រហែល​ជា​មិន​បាន​មក​ថត​ជុំ​គ្នា​ក៏​មិន​ដឹង។ ​​ដូចគ្នា​នេះ​ដែរ លោក​ជំទាវ ឧប. ម៉ែន សំអន កាលណោះ​ក៏​មិន​បាន​មក​​​ឈរ​ថត​ជាប់​រូប​ខាង​លើ​នេះ​ដែរ…។ នៅ​មាន​ឥស្សរជន​សំខាន់ៗ​មួយ​ចំនួន​ទៀត ដូច​ជា​លោក ជា សុទ្ធ, លោក តាំង សារឹម, លោក ខាង សារិន, លោក ស៊ឹម កា, លោក​ ឃុន ឈី, លោក ចាន់ ភិន, លោក ស៊ើយ កែវ ជាដើម… ក៏​អាច​មាន​ជាប់​ក្នុង​រូប​ខាង​លើ​នេះដែរ, តែ​ដោយ​សារ​ខ្ញុំ​មើល​អត់​ស្គាល់…។​

ផ្អែក​តាម​រូប​ថត​អនុស្សាវរីយ៍​​ក្រុម​ឥស្សរជន​​ដឹក​នាំ​ប្រទេស​ឆ្នាំ១៩៧៩ មួយ​សន្លឹកនេះ ខ្ញុំ​មាន​ការ​កត់​សំគាល់​នូវ​ចំណុច​មួយ​ចំនួន​ ដូច​ខាង​ក្រោម៖

  • មើលទៅសម្តេច​ ជា​ ស៊ីម គឺ​មាន​មាឌ​ធំ និង​ហាក់​ដូច​ជា​មាន​​សុខភាព​ល្អណាស់ ហើយ​រូប​របស់​សម្តេច​ភាគ​ច្រើន គឺ​ឃើញ​តែ​​ពាក់​ឯកសណ្ឋាន​​កងទ័ព​តែ​បែប​នេះ​ឯង…។
  • ចំណែក​​ទំរង់​មុខ សម្តេច​ ហេង សំរិន វិញ, តាំង​ពី​ឆ្នាំ១៩៧៩ មក គឺ​​មិន​មាន​ការ​ប្រែប្រួល​សោះ…។
  • លោក ប៉ែន សុវណ្ណ មើល​ទៅ​ដូច​ជា​មាន​សាច់​ឈាម​ភ្លឺ​ថ្លា​ជាង​គេ។ ឯលោក កែវ ចិន្តា វិញ, ជានិច្ចកាល គឺ​លោក​មាន​ទំលាប់​​ឈរ​ក្រពាត់​ដៃ​ទៅ​ក្រោយ​ តែ​​អញ្ចឹង​ឯង…។
  • សម្តេច ហ៊ុន សែន កាល​ពី​ឆ្នាំ១៩៧៩ នៅ​ចូលចិត្ត​ពាក់​ស្បែក​ជើង​ជីបតុង នៅ​ឡើយ​ទេ។ ផ្ទុយ​ទៅ​វិញ លោក រស់ សម័យ មើល​ទៅ​ហាក់បង្ហាញ​ពី​លក្ខណៈ​​​​បុគ្គល​ដែល​ចូល​ចិត្ត​​​សប្បាយ​ មិន​ចេះ​កើត​ទុក្ខ​​​ ហើយ​គាត់​​មាន​ទំលាប់​ពាក់​ស្បែក​ជើង​ខ្វៀ ខាត់​ឡើង​រលោង​ស្រិល​តាំង​ពី​អើយ…។
  • លោក ប៊ូ ថង តំណាង​អោយ​ជនជាតិភាគ​តិច​ខ្មែរភូមិភាគ​ឥសាន និង​លោក ម៉ាត់ លី តំណាង​អោយ​ជនជាតិ​​ខ្មែរ​ឥស្លាម​ទូទាំង​ប្រទេស ហាក់​ដូច​ជា​មិន​​សូវ​ឃ្លាត​ឆ្ងាយ​ពី​គ្នា​សោះ…។
  • ចុងក្រោយ គឺរូប​បុរសម្នាក់​ដែល​ឈរនៅ​ពី​ខាង​ក្រោយ​​លោក​ស្រី មាន សំអាន, ខ្ញុំ​មើល​ទៅ គឺ​ដូច​លោក សាយ ឈុំ ណាស់…។

សូម​ជំរាប​ផង​ដែរ​ថា ក្រុម​ឥស្សរជន​ខ្មែរ ដែល​បាន​ផ្តើម​ដឹក​នាំ​ប្រទេស​ ចាប់​ពី​ត្រឹម​ម៉ោង​៧ព្រឹក ថ្ងៃទី ៨ ខែមករា ឆ្នាំ១៩៧៩ រួមមាន៖

  1. សម្តេច ហេង សំរិន ជាប្រធាន​ក្រុម​ប្រឹក្សា​ប្រជាជន​បដិវត្តន៍​កម្ពុជា
  2. សម្តេច ជា ស៊ីម ជាសមាជិក ទទួល​បន្ទុក​ក្រសួង​មហាផ្ទៃ
  3. សម្តេច ហ៊ុន សែន ជាសមាជិក ទទួល​បន្ទុក​ក្រសួង​ការបរទេស
  4. លោក តាំង សារឹម ជាសមាជិក ទទួល​បន្ទុកក្រសួង​ពាណិជ្ជកម្ម​ក្នុង និង​ក្រៅ​ប្រទេស
  5. លោក ចាន់ ភិន ជាសមាជិក ទទួល​បន្ទុក​ក្រសួង​ហិរញ្ញវត្ថុ
  6. លោក កែវ ចិន្តា ជាសមាជិក ទទួល​បន្ទុកក្រសួង​ឃោសនាការ និង​វប្បធម៌
  7. លោក ម៉ុក សាគុណ ជាសមាជិក ទទួល​បន្ទុកក្រសួង​ឧស្សាហកម្ម និង​ជីវភាព
  8. លោក នូ បេង ជាសមាជិក ទទួល​បន្ទុកក្រសួង​សុខាភិបាល និង​សង្គមកិច្ច
  9. លោក ចាន់ វ៉ែន ជាសមាជិក ទទួល​បន្ទុកក្រសួង​អប់រំ និង​សិក្សាធិការ
  10. លោក នៅ សាមុំ ជាសមាជិក ទទួល​បន្ទុក​ក្រសួង​កសិកម្ម
  11. លោក ឃុន ឈី ជាសមាជិក ទទួល​បន្ទុក​​គមនាគមន៍ និង​ប្រៃសណីយ៍
  12. លោក អ៊ុន ដារា ជាសមាជិក ទទួល​បន្ទុកវិទ្យុ​ផ្សាយ​សំឡេង​ជាតិ​កម្ពុជា
  13. លោក ជ័យ សុផុន ជាសមាជិក ទទួល​បន្ទុកសារព័ត៌មាន​កម្ពុជា SPK

រីឯ​នៅ​ក្នុង​ជួរ​ថ្នាក់​ដឹកនាំ​​របស់​គណបក្ស​វិញ ចាប់​ពី​ក្រោយ​រំដោះ​ឆ្នាំ១៩៧៩ មក ​​​ក្រុម​មេ​ដឹកនាំ​​កំពូលៗក្នុង​ជួរ​​ដឹកនាំ​បក្ស ​មិន​ត្រូវ​​បាន​ផ្សព្វ​ផ្សាយ​​អោយ​​សាធារណ​ជន​​បាន​ដឹង​ឮ​ អោយ​ទូលំ​ទូលាយ​​នៅ​ឡើយទេ គឺ​​ត្រូវ​រង់​ចាំ​រហូត​ដល់​ថ្ងៃទី ២៣ ខែឧសភា ឆ្នាំ​១៩៨១… គឺ​ក្រោយ​ពេល​បិទ​បញ្ចប់​មហា​សន្និតបាត​តំណាង​បក្ស​ទូទាំង​ប្រទេស​លើក​ទី៤ នៅ​សាល​មហោស្រព​ទន្លេ​បាសាក់​រួច​មក ទើប​បាន​ប្រកាស​ឈ្មោះ​​ឥស្សរជន​​ចំនួន ​២០រូប ដែល​បាន​ជ្រើស​រើស​ពី​ការ​បោះ​ឆ្នោត​ផ្ទៃ​ក្នុង​បក្ស​ មាន​​ខាង​ក្រោម៖

  1. លោក ប៉ែន សុវណ្ណ
  2. លោក ចាន់ ស៊ី
  3. ​សម្តេច ហេង សំរិន
  4. សម្តេច ជា ស៊ីម
  5. សម្តេច ហ៊ុន សែន
  6. លោក ជា សុទ្ធ
  7. លោក សាយ ភូថង
  8. លោក ខាង សារិន
  9. លោក ស៊ឹម កា
  10. លោក ម៉ាត់ លី
  11. លោក ប៊ូ ថង
  12. លោក លឹម ណៃ
  13. លោក គឹម​ យីន
  14. លោក រុងផ្លាម កៃសន
  15. លោក ឡាយ សាម៉ុន
  16. លោក ស៊ើយ កែវ
  17. លោក ចាន់ ភិន
  18. លោកស្រី ម៉ែន សំអន
  19. លោកស្រី មាន សំអាន
  20. លោកស្រី សោម គឹមសួគ៌

ចំណែក​សមាជិក​ការិយាល័យ​នយោបាយ​មជ្ឈឹម​បក្សវិញ​​ គឺមាន​ចំនួន ៨រូប ដែល​ត្រូវ​បាន​ជ្រើស​រើស​ពី​ក្នុង​ចំណោម​ឥស្សរជន​ដឹក​នាំ​​បក្ស​ទាំង ២០រូប​ខាង​លើ​នេះ​ មាន​ដូច​ខាងក្រោម៖

  1. លោក ប៉ែន សុវណ្ណ
  2. ​សម្តេច ហេង សំរិន
  3. សម្តេច ជា ស៊ីម
  4. សម្តេច ហ៊ុន សែន
  5. លោក ជា សុទ្ធ
  6. លោក ចាន់ ស៊ី
  7. លោក សាយ ភូថង
  8. លោក ម៉ាត់ លី

ស្រុកស្រែ

Advertisements

14 responses to “រូបថតក្រុមមេដឹកនាំខ្មែរ នាឆ្នាំ១៩៧៩…

  1. ធ្លាប់អានទស្សនាវដ្តី​​មួយ​និយាយពី​ជីវិត​ចុង​ក្រោយ​នៃ​លោក នូ បេង ដូចឥតឃើញ​មាន​សមមិត្ត​ណា​មក​ជួយ​គាត់​សោះ ។

    • មិនធ្លាប់​បាន​អានទស្សនាវត្តីហ្នុង​​ទេ… តែ​ធ្លាប់​ឮ​គេ​និយាយ​ដែរ​ថា គ្រួសារ​លោក​​ នូ​ បេង បាន​ចាញ់​បោក​គេអស់​ដី​ធ្លី ផ្ទះ​សម្បែងក្នុង​របរ​រកស៊ី​មួយ ហើយ​ក៏​ធ្លាក់​ខ្លួនក្រ​ ទៅ​​រស់​នៅក្រោម​សំយាប​ផ្ទះ​គេ​ ក្បែរ​មន្ទីរ​ពេទ្យ​មួយ​ក្នុង​ទីក្រុង​ភ្នំពេញ…។​​​​

      • មិនគួរសមមិត្តមិនគិតគូរឲ្យបន្តិចសោះ !

        • គ្នីគ្នាគាត់​កាល​ពី​ឆ្នាំ៧៩, បច្ចុប្បន្ននេះ គឺ​ប្រហែល​ជា​​មាន​តែ​លោក​ ប៉ែន សុវណ្ណ មួយ​ទេ​ដែល​ក្រ… ក្រៅពី​នោះ បើយាប់​ណាស់​ ក៏​​ពួក​គេ​លក់​វិឡាមួយ (របប​ជ័យភ័ណ្ឌ)​ ​​​បានពី​កន្លះ​លាន ទៅ​មួយ​លាន​ដុល្លា​ គ្រាន់​នឹង​ដាក់​ហោប៉ៅ​​កំដរ​ដៃ​ដែរ…។

          តាម​មើល​ទៅ​ ​លោក នូ បេង គឺ​ជា​ឧទាហរណ៍​ខាង​លើ​នេះ​ហើយ… គ្រាន់​តែគាត់​មាន​ប្រាក់​ហើយ តែមិន​ចេះ​ថែ​រក្សា ទើប​ធ្វើ​អោយ​ជីវិត​​ចុង​ក្រោយ​របស់​គាត់ ជួបនូវ​​វាសនា​ឡាក់ឆុង​បែប​នេះ..!!..​​

  2. បើមិនស្គាល់រូបច្បាស់សូមកុំដាក់ឈ្មោះតែផ្តាស់​- ហ៊ុនសែនក៏មិនស្គាល់ដាក់ឈ្មោះអ្នកផ្សេង​។​មិនស្គាល់មិនសួរម្ចាស់រូបថត

    • 😀 អរគុណលោកខ្មែរ… ខ្ញុំ និង​ចាស់ៗពីរ​បី​ទៀតបានពិនិត្យ និង​ប្រកែក​គ្នា​​ច្រើន​ដងហើយ, រូបសម្តេច ហ៊ុន សែន មិន​មាន​នៅក្នុង​រូប​ថត​មួយ​សន្លឹក​នេះ​ទេ… ហើយ​មក​ពី​ខ្ញុំ​មិនមាន​​វាសនា​បាន​សា្គល់​ម្ចាស់​រូបថត​ទាំងអស់​ហ្នុង​ហើយ ទើប​បាន​ជា​រូប​ខាង​លើ​នេះ ខ្ញុំរៀប​រាប់​ឈ្មោះ​អត់អស់…

      • លោកដាក់ឈ្មោះប្រាជ្ញស៊ុន​ហ្នឹងហើយ​ហ៊ុនសែន​។

        • 😀 ខិខិខិៗៗៗ… តាម​ពិត​ខ្ញុំ​បាន​ប្រកែក​មិន​ឈ្នះ​ចាស់ៗតាំង​ពី៧៩ រហូត​ដល់​ទៅ ៣នាក់​​… ខ្ញុំសំគាល់​ថា ជារូប​សម្តេច​ ហ៊ុន សែន ដែរ ដោយ​មើល​ទៅ​ទំរង់​មុខ និង​ដៃ​វែងៗ​របស់​គាត់… តែ​ដល់​គេ​នាំ​គ្នា​ថាលោក ប្រាជ្ញ ស៊ុន, ខ្ញុំ​ម្នាក់​ឯង​ក៏ ប្រាជ្ញ ស៊ុន តាម​គេ​ដែរ​ទៅ…។ អរគុណ​លោក​ខ្មែរ​ម្តង​ទៀត ខ្ញុំ​នឹង​កែ​តំរូវ​តាម​លោក…។

          • ប្រាជ្ញ ស៊ុន​មិនមាននៅក្នុងរូបថតនេះទេ។ ចំណែកឋានះនៅក្នុងជំនាន់នោះគ្នានពាក្យសម្តេចដូចលោកដាក់ទេ..មានតែពាក្យ​សមមិត្ត…និយាយអោយបានសមរម្យប្រើពាក្យ…លោក..ទើបសមបំផុត…ហ៊ុន​សែនទើបតែមានអាយុ២៦​កន្លះ

      • បន្ថែម-រូបថតដើមនៅនិងតាប៉ែនសុវណ្ណចំណែករូបទី២​នៅនិងខ្ញុំ។​

        • ខ្ញុំ​ក៏​ដឹង​ថា​រូប​ដើម​នៅ​លោក ប៉ែន សុវណ្ណ ដែរ, តែ​ខ្ញុំ​មិន​មាន​វាសនា​បាន​ស្គាល់​គាត់ ទើប​បាន​ជា​ខ្ញុំ​ដើរ​សួរ​អ្នក​ចាស់ៗ​ឆ្នាំ៧៩ តែ​ពាស…។ ប្រសិន​បើ​លោក​ស្គាល់​ច្បាស់​យ៉ាង​នេះ​ហើយ សូម​លោក​ជួយ​ខ្ញុំ​បញ្ជាក់​អោយ​​ច្បាស់​ផង​ថា តើ​រូប​ខ្ញុំ​បាន​ដាក់​ឈ្មោះ​រួច​ហើយ​នោះ ពិត​ជា​ត្រឹម​ត្រូវ​ដែរ​ឬទេ?… ហើយតើ​​លោក​អាច​សំគាល់​រូប​អ្នក​ដទៃ​ផ្សេង​ទៀត នៅ​ក្នុង​រូប​មួយ​សន្លឹក​នេះ​​​ដែរ​ឬទេ?… ខ្ញុំ​សូម​អរគុណ​លោក​ទុក​ជា​មុន និង​រង់ចាំ​កែ​តំរូវ​​តាម​លោក។ ដោយគោរព ពីខ្ញុំ​ស្រុកស្រែ (ក្មេងស្រករក្រោយ 😀 )

  3. ខ្ញុំមិនប្រកាន់រាយឈ្មោះជូនលោកទេ….តែខ្ញុំប្រកាន់លោកប្រើពាក្យ…សម្តេចទៅលើរូបថតនេះ…មូលហេតុ…ប្រវត្តនូវពេលវេលានៃរូបថតនេះគ្មាននរណាម្នាក់មានឋានះជា…សម្តេចទេ..ឋានះជាសមមិត្ត…ប្រវត្តិសាស្រ្តគឺជាប្រវត្តិសាស្រ្ត​។​

  4. បបូរមាត់ក្រាស់

    អ្នកធើចាំតែខុស!!!
    ហះហះហះ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s