វិចិត្រសាល

ទីអារាមវត្តម៉ែបាន


មានទីតាំង​ស្ថិត​ក្នុង​ឃុំ​ស៊ីធរ ស្រុក​ខ្សាច់​កណ្តាល, វត្តម៉ែបាន ស្ថិត​​នៅ​លើ​ទី​ទួល​មួយ​ ដែល​ត្រូវ​បាន​ហ៊ុំព័ទ្ធ​ដោយ​ទឹក​សស្ញាច​​ក្នុង​រដូវ​វស្សា។ ប្រសិន​បើ​អស់​លោក​អ្នក​ធ្វើ​ដំណើរ​​តាម​ផ្លូវ​ជាតិ​លេខ៨ ពេល​ហួស​វត្ត​វិហារសួគ៌ ទៅ​ដល់​ជិត​បង្គោល​គីឡូម៉ែត្រ​លេខ៤៣ នឹង​មាន​ឃើញ​ស្លាក​ធ្វើ​ពី​ស៊ីម៉ង់ត៍​មួយ​ផ្ទាំង​នៅ​ខាង​ឆ្វេង​ដៃ មាន​សរសេរ​អក្សរ​ធំៗ ​ដាក់​ថា «វត្តម៉ែបាន» ហើយ​​លោក​អ្នក​ត្រូវ​ធ្វើ​ដំណើរ​តាម​ផ្លូវ​លំ​​ចូល​ទៅ​ មាន​ចំងាយ​ប្រហែល​ ១គ.ម នឹង​ទៅ​ដល់​ទី​អារាម​នេះ​ហើយ…។

សំរាប់​អ្នក​ស្រាវជ្រាវ​ប្រវត្តិសាស្រ្ត​ គឺ​ប្រាកដ​ជា​ដឹង​ច្បាស់​ហើយ​ថា ​ឈ្មោះ​វត្ត «ម៉ែបាន» នេះ គឺដាក់​តាម​ឈ្មោះ​​របស់​​មាតា ​ហ្លួង​ព្រះស្តេចកន​ ។ តាម​ឯកសារ​បាន​អោយ​ដឹង​ថា មុន​ពេលដែល​​ នាយកន​ មិន​ទាន់​ត្រូវ​បាន​ព្រះរាជា​តែង​តាំង​ជា ហ្លួង​ព្រះស្តេច​កន នៅឡើយ ​គឺនាយកន មាន​បង​ស្រី​ម្នាក់​ឈ្មោះ ​នាង​ពៅ និង​មាន​បិតា​ឈ្មោះ​ គឹម, មាតា​​​ឈ្មោះ បាន ។ លោក គឺម ដែល​ធ្វើ​ការ​ជា​មន្រ្តី​រាជការមាន​ងារ​ជា​ ហ្លួងមន្រ្តី​ស្នេហា, ឯ​អ្នក​ស្រី បាន មាន​ឋានៈ​​ជា​ ពល​ព្រះ នៅ​បម្រើ​ក្នុង​វត្ត​ច្រើន​ជំនាន់​មក​​ហើយ។ ​​ក្រោយ​ពេល​ដែល​នាង​ពៅ បាន​ក្លាយ​ជា​ស្នំឯក​របស់​ ​​ស្តេច​ស្រី​សុគន្ធបទ និងមាន​ងារ​ជា​អ្នក​ម្នាង​ហើយ, ស្តេច​ស្រីសុគន្ធបទ ក៏​បាន​តំឡើង​ងារលោក​ គឺម ពី​​ហ្លួង​មន្រ្តី​ស្នេហា ទៅ​ជា ​ព្រះពិជ័យនាគ ។ ចំណែកអ្នកស្រី បាន ក៏បានទទួលឋានៈជា អ្នកម៉ែបាន ចាប់​តាំង​ពី​ពេល​នោះ​មក…។ ​នេះ​គឺ​ជា​ប្រវត្តិ​សង្ខេប​ទាក់​ទង​នឹង​ទីទួល ម៉ែបាន ដែលមាន​​អារាម​ព្រះ​ពុទ្ធ​​សាសនាមួយ​​នៅ​ទីនេះ មាន​ឈ្មោះ​ថា វត្តម៉ែបាន

បច្ចុប្បន្ន អារាម​វត្ត​ម៉ែបាន មាន​ព្រះវិហារ​ពីរៈ មួយតូច​​នៅខាងលិច មានតំកល់​ពុទ្ធ​បដិមាដូច​ព្រះ​វិហារ​នានា​ទូទៅ​ដែរ, ឯមួយទៀត​នៅ​ខាង​កើត មាន​ទំហំ​ធំ ដែល​សង់​គ្រប​ពីលើ​ចេតីយ៍​ចំណាស់​មួយ និង​នៅ​ពីមុខ​ចេតីយ៍​ចំណាស់​នោះ គឺ​មាន​រូប​បដិមា​ព្រះពុទ្ធ​ចូល​និព្វានធំ​មួយ ស្ថិត​នៅ​ទទឹង​ព្រះ​វិហារតែ​ម្តង។ នៅ​ព្រះបាទាព្រះពុទ្ធ​ចូល​និព្វាន​នេះ ខ្ញុំ​ឃើញ​មានក្មេងៗពីរបី​នាក់ នៅ​​​ឈររង់​​​ចាំ​ទទួល​ផ្តិត​បោះពុម្ភក្រយៅ​ស្នាម​ព្រះបាទា​ ទៅ​​លើ​ក្រដាស​ប្រាក់ សំរាប់​អោយ​អ្នក​ទៅ​គោរព​បន់​ស្រន់​នៅ​ទី​នោះ ដោយ​​ពួក​គេ​មាន​ជំនឿ​ថា នឹង​នាំ​លាភ នាំ​សំណាង​ទៅ​ដល់​ម្ចាស់​ប្រាក់​​ពេល​ត្រ​ឡប់​ទៅ​ផ្ទះ​វិញ។ នៅជ្រុង​ខាង​លិច​ឆៀង​ខាង​ជើង​នៃ​ព្រះវិហារ​ធំ​នេះ មាន​រូប​សំណាក​លោក​យាយ ម៉ែបាន ដែល​​ដាក់​តាំង​​ក្នុង​តូប​មួយ​​សង់​ទាប​ផ្ទាល់​ដី…។​

ឧបដ្ឋានសាលា​​វត្ត​ម៉ែបាន សង់​ឡើង​បន្តើត​ខ្ពស់​ផុត​ដី ស្ថិត​នៅ​ខាង​ជើងព្រះវិហារ​តូច។ ព្រះចៅ​អធិការ​វត្តម៉ែបាន​ព្រះនាម កែវ ប៉ិង បាន​ទទួល​អនិច្ចធម្ម​កាល​ពី​មុន​នេះ​បីខែ ​ដោយ​អាពាធ​លើស​ឈាម​ ហើយ​ព្រះសពរបស់​ព្រះអង្គ​ត្រូវ​បាន​តំកល់​ទុក​នៅ​លើ​ឧបដ្ឋាន​សាលា​នេះ។ ឆ្លើយ​នឹង​សំណួរ​ខ្ញុំ​ ដែលសួរ​ថាៈ តើ​អង្កាល​ទើបប្រារព្ធ​ពិធី​បុណ្យ​រំលាយ​ព្រះសពនេះ?… តាតា​អាចារ្យ​បាន​ប្រាប់​ខ្ញុំ​ថាៈ «បើ​គិត​ទៅ​គឺ​លើស​មួយ​រយ​​ថ្ងៃ​ហើយ… តែ​ត្រូវ​រង់​ចាំមើល​អោយ​រាំង​ភ្លៀង​បន្តិច​សិន..!!..»។​

ក្នុង​រដូវ​បុណ្យ​កាន់​បិណ្ឌ​នេះ ទីអារាម​ប្រវត្តិសាស្រ្តដ៏​ចំណាស់​​មួយ​នេះ មាន​មនុស្សម្នា​អ៊ូអរ​ច្រើន​គួរ​សម។ ដោយ​ពិត​ទៅ ការ​បាន​ទៅ​ធ្វើបុណ្យ​នៅ​ទីអារាម​ជនបទដែល​ភាគ​ច្រើន​មាន​ភាព​អត្តខាត់ គឺ​ពិត​ជា​នឹង​នាំ​អោយ​​កើត​មាន​សទ្ធា​ជ្រះ​ថ្លា​ពិត​មែន…។​​

ប្រកាស​បន្ទាប់ ខ្ញុំ​នឹង​បង្ហាញ​ជូន​នូវ​ទិដ្ឋភាព​ទីអារាម​ដ៏​ល្បីល្បាញ​មួយ​ទៀត, នោះគឺ​វត្ត​វិហារសួគ៌ ដែល​ស្ថិត​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​អារាម​វត្ត​ម៉ែបាន​នេះ… ហើយខាង​ក្រោម​នេះ គឺ​ជា​ទិដ្ឋភាព​ទូទៅនៃ​ទីអារាម​វត្តម៉ែបាន ដែល​ខ្ញុំ​ថត​ទុក​ជា​ឯកសារ​ក្នុង​ឳកាស​បុណ្យ​កាន់​បិណ្ឌ នា​ដើម​ខែ​តុលា ឆ្នាំ​២០១៣ នេះ…៕

ស្រុកស្រែ

Advertisements

2 responses to “ទីអារាមវត្តម៉ែបាន

  1. និយាយ​អញ្ចឹ​ងខ្ញុំមិនដែល​បាន​ស្គាល់ឈ្មោះឪពុកនាយកនទេ ដឹងតែថា ពិជ័យនាគៗ មិនបានដឹង​ថាឈ្មោះ គឹម អញ្ចឹងសោះ ។

    ឯ​រឿងដែរ​ថា រាជធានីស្រីសុគន្ធបទ នៅឯទួលបាសាន ស្រីសឈរ នោះ អ្នកគ្រូ ពៅ សាវរស គាត់ថាមិនមែនទេ គឺឃុំស៊ីធរ​ នេះឯង ។ ខ្ញុំមិនដែល​បាន​ឃើញ​អ្នក​គ្រូ ពៅ សាវរស សោះ បើគាត់រស់នៅតែស្រុកបារាំង ឥតដែលឃើញមកស្រុកខ្មែរសោះ ។

    ចុះវត្ត​ដែល​មាន​ចេតិយលោកសង្ឃសត្ថាគ្រូនាយកននោះ ឈ្មោះអ្វីដែលទៅ ខ្ញុំមិនចាំសោះ ដឹង​តែថាប្រហែលជា​នៅម្ដុំៗ នោះដែរ ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s