វិចិត្រសាល

អារាមវត្តព្រះវិហារសួគ៌


ត្រឡប់​បក​ក្រោយ​ពី​​អារាម ​វត្តម៉ែបាន​ មក​វិញ ខ្ញុំ​ចង់​នាំ​អារម្មណ៍​អស់​លោក​​អ្នក​ អោយ​ទៅ​កាន់​ទី​អារាម​ប្រវត្តិសាស្រ្ត​ដ៏​ល្បីល្បាញ​មួយ​ទៀត, នោះគឺ​ វត្ត​ព្រះវិហារសួគ៌..!!..

ក្នុង​ទី​អារាម​ព្រះវិហារសួគ៌ ឬវត្តវិហារសួគ៌ បច្ចុប្បន្ននេះ, ​បើរាប់​ទៅ​ មានព្រះវិហារ​ដល់​ទៅ​បីគឺៈ ព្រះវិហារពុទ្ធសាសនា​ដ៏​ចំណាស់​​ ស្ថិត​នៅ​​ជាប់​ខាងជើងរបង​វត្តមួយ, ព្រះ​វិហារ​​បែប​ព្រហ្មញ្ញ​​ មាន​ឈ្មោះ​ថា ព្រះវិហារ​បំណន់ ស្ថិត​នៅ​កណ្តាលមួយ, និង​ព្រះ​វិហារ​បន់ស្រន់​បែប​ព្រហ្មញ្ញ​មួយ​ទៀត​​ ឈ្មោះថា ព្រះវិហារ​កោះអណ្តែត ស្ថិត​នៅ​ប៉ែក​ខាង​​ត្បូង​ផុត​…។

១. ព្រះវិហារធំ ឬ​ព្រះវិហារពុទ្ធសាសនាៈ ពិនិត្យលើ​ក្លោង​ទ្វារ​ចូល​ព្រះវិហារ ឃើញ​ដាក់​កាលបរិច្ឆេទ គ.ស ១៩០៤-​១៩២៧ ជា​ឆ្នាំ​ផ្តើម​​កសាង, បើ​គិត​មក​ទល់​ឆ្នាំនេះ គឺ​មាន​រយៈពេល​ជាង​មួយ​រយ​ឆ្នាំ​ហើយ។ ព្រះវិហារ​នេះ​ ត្រូវ​បាន​ជួស​ជុល​ឡើង​វិញ​ ក្រោម​ព្រះ​រាជនូបត្ថម្ភ​​ពី​សំណាក់​ព្រះ​ករុណា​ព្រះបាទ​សម្តេច​ព្រះនរោត្តម​ សីហនុ ព្រះបរមរតនកោដ្ឋ និង​ព្រះ​មហា​ក្សត្រី មុនីនាថ ​សីហនុ នា​ពុទ្ធ​សករាជ ២៥៣៩ (ឆ្នាំ១៩៩៥)។ លក្ខណៈវិសេស​របស់​ព្រះវិហារ​នេះ គឺសសរខាង​ក្នុង​​ចំនួន ១២ ដែល​ទ្រ​ដំបូល​ព្រះវិហារ ជាសសរ​ឈើ​​នៅ​ស្អាត​ត្រង់​ភ្លឹង​ដដែល, ឯ​គំនូរ​នៅ​លើ​ជញ្ជាំង គឺជា​ស្នាដៃ​វិចិត្រករ​គំនូរ​​បុរាណ​ដ៏​វិចិត្រ​ កំរ​ដែល​ឃើញ​ពីមុនៗ​មក។

តាម​ការ​និទាន​ប្រាប់​ពី​សំណាក់​​តាតា​ក្នុង​ព្រះ​វិហារ បាន​អោយ​​ខ្ញុំ​ដឹង​ថាៈ «ក្នុង​របប​ខ្មែរ​ក្រហម, ផ្ទាំង​គំនូរ​ទាំង​នេះ​ ត្រូវ​បាន​ពួកឈ្លប យក​ទឹក​ផ្លែ​​មក្លឿបុកលាយ​ជា​មួយ​ទឹក មក​ជះ​ពី​លើ​រូប​គំនូរ​ទាំង​អស់​នេះ ដើម្បី​អោយ​ប្រែ​​ពណ៌​ទៅជា​ខ្មៅ​ទាំងអស់ មុន​នឹង​យក​​ព្រះវិហារនេះ ​ធ្វើ​ជា​ជង្រុក​ស្រូវ។ ក្រោយពេល​​របប​ខ្មែរ​ក្រហម​ដួល​រលំ​ទៅ អ្នកស្រុក​បាន​​នាំ​គ្នា​យក​ទឹក​មក​​ដុស​លាង​ជញ្ជាំង​ឡើង​វិញ​​ ដើម្បី​អោយ​ជ្រះ​​ទឹក​ជ្រលក់​មក្លឿ ឃើញ​ស្អាត​បាន​ប៉ុណ្ណឹង…»។​

ក្រោយ​ការ​ជួស​ជុល​ជា​ថ្មី​ឡើង​វិញ​ នា​ឆ្នាំ​១៩៩៥, នៅ​ជញ្ជាំង​ខាងក្នុង​​ ឃើញ​មាន​សរសេរ​​ព្រះ​​បរមនាម​ ព្រះ​​បរម​រតន​កោដ្ឋ និង​​ព្រះ​​មហា​​ក្សត្រី​ ជា​ពុទ្ធ​សាសនូបត្ថម្ភក្នុង​ការ​ផ្តើម​ជួស​ជុល​ឡើង​វិញ​។ ឯនៅ​ជញ្ជាំង​ខាង​ក្រៅ ឃើញ​មាន​ស្លាក​មួយ​ផ្ទាំង ដែល​សរសេរ​ឧទ្ទិស​កុសល​​ទៅ​ដល់​អតីត​ព្រះមហាក្សត្រ​ និង​ព្រះ​ញាតិវង្ស​​មួយ​ចំនួន…។

បច្ចុប្បន្ន​ ព្រះវិហារ​នេះមិន​​សូវ​ឃើញ​មាន​ពុទ្ធសាសនិកជន​ជិត​ឆ្ងាយ​ ចូល​មក​គោរព​​ថ្វាយ​បង្គំ​ព្រះ​ពុទ្ធបដិមា​​ក្នុង​ព្រះ​វិហារ​ឡើយ។ មូល​ហេតុ​ពិត​ប្រាកដ​យ៉ាង​ណា​នោះ​ ខ្ញុំ​ក៏​ដឹង​មិន​ច្បាស់​ដែរ ព្រោះតាម​ការ​កត់​សំគាល់​របស់​ខ្ញុំ គឺ​ម្នាក់​ៗ​​ទៅ​វិហារសួគ៌ សំដៅចូល​តែ​ព្រះវិហារ​កណ្តាល និង​ព្រះ​វិហារ​ខាងត្បូង​ផុត​តែ​ប៉ុណ្ណោះ​។

មាន​ចំណុច​មួយ ​ដែល​ខ្ញុំ​ភ្លេច​ពិតសួរទៅ​ព្រះចៅ​អធិការ​វត្ត​ព្រះវិហារ​សួគ៌… នោះគឺ តើក្នុង​អារាម​នេះ មាន​ព្រះសង្ឃ​ពីរគណៈ​ (ធម្មយុត្តិ និង​មហានិកាយ) គង់នៅ​ចូល​គ្នា​ដែរ​ឬទេ?… ព្រោះ​តាម​ធម្មតា ព្រះវិហារ​ដែល​កសាង​ដោយ​ព្រះមហាក្សត្រ និង​ព្រះ​ញាតិវង្ស គឺ​ភាគ​ច្រើន​ជា​ព្រះវិហារ​ដែល​សង្ឃ​គណៈ​ធម្មយុត្តិកនិកាយ​គង់​នៅ។ តែ​ប្រសិន​បើ​អារាម​នេះ មាន​តែ​សង្ឃ​គណៈ​មហានិកាយ​គង់​នៅ គឺ​ជា​ការ​ចំឡែក​​ផង​ដែរ។

២.​​ ព្រះវិហារបំណន់ ឬព្រះវិហារ​បែប​ព្រហ្មញ្ញសាសនាៈ មាន​ទីតាំង​ស្ថិត​នៅ​​ខាង​ត្បូង​ បន្ទាប់​ពី​ព្រះវិហារ​ធំ។ ព្រះវិហារ​នេះ ត្រូវ​បាន​កសាង និង​​ជួស​ជុល​ឡើង​វិញ​​នៅ​ឆ្នាំ​១៩៩២ ម្តង, និង​នៅ​ឆ្នាំ ២០០៧ ម្តង​ទៀត ក្រោម​ការ​ជួយ​ឧបត្ថម្ភ​ពី​សំណាក់​សម្តេច ហ៊ុន សែន និង​លោក​ជំទាវ។

តាម​ពិត​ទៅ ព្រះវិហារ​នេះ ត្រូវ​បាន​សង់​គ្រប​ពី​លើ​កូន​ចេតីយ៍​ចំណាស់​មួយ ដែល​ពួក​ឈ្លប​ខ្មែរ​ក្រហម​ បាន​​ព្យាយាម​វ៉ៃ​កំទេច​ចោល​​ជា​ច្រើន​​លើក​​។ នៅ​ក្នុង​ចេតីយ៍​ចំណាស់​នេះ មាន​តំកល់​ពុទ្ធ​បដិមាមួយ​អង្គ​ សំបុរ​ខ្មៅ ដែល​បច្ចុប្បន្ន អ្នក​ទៅ​ពី​ចំងាយ​មិន​សូវ​​បាន​ចាប់​អារម្មណ៍​ទេ ព្រោះ​ម្នាក់ៗ​ចូល​ទៅ​បន់​ស្រន់​នៅ​តែ​ពុទ្ធបដិមា​ខាង​មុខៗ​ តែ​ប៉ុណ្ណោះ។​​

នៅ​ជុំវិញ​ព្រះវិហារ​បំណន់នេះ មាន​កន្លែង​គោរព​បូជា​ជា​ច្រើន ដូចជាទីសក្ការៈ​ព្រះពិស្ណុការ, ទីសក្ការៈជ័យជំនះ, ទីសក្ការៈមេទ័ពម៉ឺនឯក, លោកតាដំបងដែក, លោកតា​សំបុក​សំបូរ, លោកតាគហេ និងព្រះបាទបក្សីចាំក្រុង, និង​ព្រះម៉ែពៅ ជាដើម។ ជា​មួយ​គ្នា​នេះ ក៏​មាន​ចេតីយ៍​ចំណាស់​មួយ ស្ថិត​នៅ​លើ​ខឿន​ព្រះវិហារ​ ជ្រុងខាង​កើត​ឆៀង​ជើង​ផង​ដែរ ដែល​មិន​ដឹង​កាល​បរិច្ឆេទ​ពិត​ប្រាកដ…។

៣. ព្រះវិហារកោះអណ្តែតៈ ជាព្រះវិហារបែប​ព្រហ្មញ្ញ​សាសនាដែរ ស្ថិត​នៅ​ខាង​ត្បូង​ព្រះវិហារ​បំណន់។ ពីព្រះវិហារ​បំណន់ ទៅ​ព្រះវិហារ​កោះ​អណ្តែត ត្រូវ​បាន​ភ្ជាប់​ដោយ​ស្ពាន​នាគ​វែង​មួយ។ ព្រះវិហារ​នេះ ទើប​តែ​កសាង​ពង្រីក​តួ​ព្រះវិហារ​កាល​ពី​ឆ្នាំ២០១០ កន្លង​ទៅ​ថ្មីៗ​នេះ​ទេ។ ភាព​ល្បីល្បាញ​នៃ​ព្រះវិហារ​កោះ​អណ្តែត គឺ​ដោយ​សារ​មាន​រូប​សំណាក ព្រះម៉ែ​ពរផ្ទៃ​ តំកល់​នៅ​ក្នុង​នោះ។ រូបសំណាក​ព្រះម៉ែ​ពរផ្ទៃ​នេះ ត្រូវ​បាន​អ្នក​ផងមាន​ជំនឿ​ថា សំរាប់​អ្នក​គ្មាន​កូន គឺ​អាច​បន់​ស្រន់​សុំ​កូន​ពី​ព្រះ​ម៉ែ​ពរ​ផ្ទៃ​បាន។ ឯ​ការ​ពិត​យ៉ាង​ណា​នោះ ខ្ញុំ​មិន​ហ៊ាន​អះអាង​ទេ។

នៅ​ជុំវិញ​ព្រះវិហារ​កោះអណ្តែត ក៏​មាន​កន្លែង​គោរព​បូជា​ច្រើន​ដែរ​ដូចជា ទីសក្ការៈ​រំយោល​ទងផ្កា, ដំបូកខ្មៅ បៅជុំ, ក្រុងពាលី, តាគហេ, ម្តាយ​ដើមពីរ​នាក់ (ដេកមួយ, ឈរមួយ) និង​សាលា​សំណាក់​ ម្កុដបុរី​កោះអណ្តែត ជា​ដើម…។​

ខាងក្រោមនេះ ជា​ទិដ្ឋភាព​ទូទៅ​នៃ​ទីអារាម​វត្តព្រះវិហារសួគ៌ ដែល​ខ្ញុំ​បាន​ថត​ទុក​ជាឯកសារ ក្នុង​ឳកាស​បុណ្យ​កាន់​បិណ្ឌ នាដើម​ខែតុលា ឆ្នាំ២០១៣ នេះ…៕

ស្រុកស្រែ

Advertisements

2 responses to “អារាមវត្តព្រះវិហារសួគ៌

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s