វិចិត្រសាល

អារាមវត្តស្រះកែវ​មុនី​វណ្ណ ឬវត្តលើ ​ក្រុងស្ទឹងត្រែង


ខាងក្រោមនេះ ទិដ្ឋភាពនៃ​អារាម​ វត្តស្រះកែវមុនីវណ្ណ ឬវត្តលើ, ​ជា​អារាម​ទីបី និង​ជា​អារាម​ចុង​ក្រោយ ដែល​ខ្ញុំ​បាន​ថត​ទុក​ជា​ឯកសារ នា​ខែ​តុលា ឆ្នាំ២០១៣ ក្នុង​ឳកាស​ខ្ញុំ​បាន​ទៅ​ដល់​ក្រុង​ស្ទឹង​ត្រែង ជើង​នេះ…។

ព្រះវិហារ​នៃ​អារាម​នេះ មាន​កំពស់​មួយ​ជាន់ (ខ្មែរ​យើង​ហៅពីរជាន់) មើល​ទៅ​រាង​ប្លែក​បន្តិច។ ផ្អែក​តាម​កាល​បរិច្ឆេទ​នៅ​លើ​សសរ​ដង​ទង់​ខាង​មុខ​ព្រះ​វិហារ បាន​អោយ​ដឹង​ថា ព្រះវិហារ​នេះ​ត្រូវ​បាន​ជួស​ជុល​ឡើង​វិញ​ក្នុង​ឆ្នាំ១៩៩៦ ។ តាម​រយៈ​មើល​នឹង​ភ្នែក​ទទេ សំណង់​ព្រះ​វិហារ​នេះ បាន​ចាក់​ប្លង់​សេ​មួយ​សន្លឹក ដែល​​ជាន់​ខាង​ក្រោម​​ធ្វើ​ពី​បេតុង និង​ជាន់​ខាង​លើ​ឃើញ​ជញ្ជាំង​ក៏​ជា​ឥដ្ឋ​បេ​តុង​ដែរ តែ​សសរ​ និង​គ្រឿង​ដំបូល​ខាង​លើ គឺ​ប្រើ​​​សុទ្ធ​​គ្រឿង​​ឈើ​​ (ប្រភេទ​ឈើ​លេខ១)​…។

ខ្ញុំ​ចង់​​​ឃើញ​ផ្ទៃ​ខាង​ក្នុង​ព្រះ​វិហារ​ណាស់ តែក្រោយ​ពី​​ដើរ​ក្រឡឹង​មួយ​ជុំ​ទៅ ​មិន​ឃើញ​មាន​​ទ្វារ​ណា​មួយ​ចំហ​​​សោះ ទើប​មិន​មាន​ឳកាស​បាន​ចូល​​ថត​រូប​​ព្រះ​ពុទ្ធ​បដិមា​ក្នុង​ព្រះ​វិហារ ​នៃ​អារាម​វត្ត​ស្រះកែវវមុនី​វណ្ណ ឡើយ…។​

​ឧបដ្ឋាន​សាលា សង់​លើ​ខឿន​ផ្ទាល់​ដី ស្ថិត​នៅ​ជាប់​ខាង​ត្បូង​ព្រះវិហារ។ ឧបដ្ឋាន​សាលា​ដ៏​ចំណាស់​មួយ​​នេះ ត្រូវ​បាន​ជួស​ជុល​ឡើង​វិញ​នៅ​ក្នុង​ឆ្នាំ​១៩៩៧ គឺ​រយៈ​ពេល ១០០ឆ្នាំ​គត់​ក្រោយ​ការ​កសាង ព្រោះ​នៅ​លើ​ព្រំ​ដំបូល​ ឃើញ​មាន​សរសេរ​​កាល​បរិច្ឆេទ​កសាង​ក្នុង​ឆ្នាំ​១៨៩៧ ហើយ​សសរ​ឈើ​​ខាង​ក្នុង​ ភាគ​ច្រើនមាន​សភាព​រឹង​មាំ នៅ​ប្រើ​ប្រាស់​បាន​​រហូត​មក​​ដល់​សព្វ​ថ្ងៃ​នេះ​ទៀត…។​

កុដិព្រះចៅ​អធិការ​វត្ត ដែល​សង់​ពីឈើលើ​ថ្ម​ក្រោម​ ស្ថិត​នៅឆ្ងាយ​បន្តិច​ពី​ខាងកើត​ឧបដ្ឋាន​សាលា បាន​បន្សល់​​ទុក​នូវ​ទីធ្លាស្រឡះ​​ពី​ខាង​មុខ និង​មាន​រៀប​សួន​​មួយ​រាង​ជា​​រង្វង់​មូល​​​ផងដែរ។ ឯ​កុដិ​ព្រះ​សង្ឃ​គង់​នៅ​ផ្សេងៗ​ទៀត បាន​សង់​ដង្ហែ​គ្នា​តាម​របង​​ប៉ែក​ខាង​ត្បូង​​ជ្រុង​ខាង​កើត រហូត​មក​ដល់​ទន្ទឹម​នឹង​ឧបដ្ឋាន​សាលា។​

ផុត​ពី​កុដិ​ព្រះសង្ឃ គឺមាន​ចេតីយ៍​មួយ​លាប​ពណ៌​ទឹកមាស​លឿង​ឆ្អៅ សង់​បែរ​មុខ​ទៅ​ទិស​ខាង​ជើង។ ចេតីយ៍​មួយ​នេះ បងប្អូន​ជនជាតិ​លាវ​ក្នុង​ក្រុង​ស្ទឹងត្រែង មាន​ជំនឿ និង​គោរព​បូជា​ណាស់។ នៅ​ជាប់​នឹង​ច្រក​ចេតីយ៍ មាន​​​បញ្ឈរ​ចំលាក់​ “រាជលិង្គ” មួយ​កំពស់​ប្រហែល ៦តឹក​ ធ្វើ​ពី​ថ្មភក់ ដែល​ខ្ញុំ​មិន​ដឹង​ថា​ ​កសាង​ក្នុង​សម័យ​កាល​ណា​ទេ។ ខ្ញុំ​បាន​សួរ​ទៅ​បុរស​ចំណាស់​ពីរ​នាក់ ដែល​កំពុង​ធ្វើ​ការ​នៅ​ក្បែរ​នោះ ដើម្បី​ចង់​ដឹង​ពី​ប្រវត្តិ​ទូទៅ​ក្នុង​ទី​អារាម​នេះ, តែ​និយាយ​ពិបាក​ស្តាប់​បន្តិច ដោយ​ពួក​គាត់​ទាំង​ពីរ​រូប ជា​ជនជាតិ​លាវ ពេល​និយាយ​ភាសា​ខ្មែរ​មួយ​ម៉ាត់ៗ​​ចេញ​មក គឺទាល់​តែ​រក​នឹក​ពាក្យ..!!..

ទោះ​ជា​យ៉ាង​ណា បុរស​ចំណាស់​ជនជាតិ​លាវ​ទាំង​ពីរ​រូប​ បាន​ព្យាយាម​ប្រាប់​ខ្ញុំ​ថា ចេតីយ៍​ចំណាស់​មួយ​នេះ ត្រូវ​បាន​ពួក​ឈ្លប​ខ្មែរ​ក្រហម​ ឡើង​ទៅ​វ៉ៃ​កំទេច​ចោល​ជា​ច្រើន​សារ… តែ​អ្នក​ដែល​​ឡើងទៅ​​វ៉ៃ​កំទេច ត្រូវ​បាន​ស្លាប់​យ៉ាង​ទាន់​ហន់ នៅ​ពេល​មិន​យូរ​ប៉ុន្មាន​​ បន្ទាប់​ពី​ការ​ឡើង​រ៉ៃ​កំទេច។ ដោយ​ហេតុ​នេះ តួចេតីយ៍​ទាំង​មូល​គឺ​ខូច​ខាត​តែ​កំពូល​ខាង​លើទេ រួច​ក្រុម​ឈ្លប​ខ្មែរ​ក្រហម​មិន​ហ៊ាន​កំទេច​បន្តទៀត ​ក៏​ទុក​ចោល​ទៅ… ហើយ​​ចេតីយ៍​នេះ បាន​ជួស​ជុល​ដំបូល​ដែល​បាក់​បែក ​ដំណាល​គ្នា​នឹង​ឧបដ្ឋាន​សាលា​ដែរ…។

តមក​ពី​ខាង​លិច​ចេតីយ៍​ពណ៌លឿង គឺមាន​អាគារ​​ចំណាស់​មួយ​ទៀត ឃើញ​ដាក់​កាល​បរិច្ឆេទ​កសាង​ក្នុង​ឆ្នាំ១៩៤៧ ត្រូវ​​បាន​ទុក​ចោល មិនជួសជុល​​ប្រើ​ប្រាស់​ទេ។ រីឯ​នៅ​ម្ខាង​ទី​ធ្លា​ទល់​មុខ​នឹង​អាគារ​​​បោះ​បង់​ចោល​មួយ​នេះ គឺជា​សាលា​ពុទ្ធិក​​បឋម​សិក្សា​វត្ត​ស្រះកែវ​មុនីវណ្ណ ដែល​កសាង​ក្នុង​ឆ្នាំ២០០០ មើល​ទៅ​ឃើញ​សំបុរ​រាង​ថ្មី​ជាង​គេ។ តាម​រយៈ​អាគារ​ពុទ្ធិក​សិក្សា​មួយ​នេះ ខ្ញុំ​អាច​ដឹង​បាន​ថា នេះ​ជា​ទី​អារាម​របស់​ព្រះ​មេ​គណ​ខេត្ត​ស្ទឹងត្រែង​គង់​នៅ​ នា​ពេល​បច្ចុប្បន្ន…។

​​ចុង​បញ្ចប់, ខ្ញុំ​អរគុណ​ដល់​ កវីខេត្តស្ទឹងត្រែង ដែល​បាន​​និទាន​ប្រាប់​ខ្ញុំ​ ពី​ប្រវត្តិ​រឿង​រ៉ាវ​ខ្លះ​ទាក់​ទង​នឹង​ក្រុង​ភាគ​ខាង​ជើង​ប្រទេស​យើង​មួយ​នេះ។ បន្ទាប់​ពី​បាន​ជួប​គាត់​រួច ខ្ញុំ​ចង់​ដូរ​ហៅ​គាត់​ថា​ជា «កវីរួសរាយ» ​វិញ ព្រោះថា ​សំដី​សំដៅ និង​កាយ​វិការ​របស់​គាត់​ជា​មួយ​ខ្ញុំ គឺ​លឿន​រហ័ស​ជាង​កំណាព្យ​គាត់​សរសេរ​​នៅ​ទី​នេះទៅ​ទៀត..!!.. 😀

សង្ឃឹម​ថា យើង​នឹង​ជួប​គ្នា​​លើក​ក្រោយៗ​ទៀត​… ជូនពរ​សុខសប្បាយ «អ្នកក្លាហាន​រួសរាយ» ភាគខាង​ជើង..!!.. 😀 😀

ស្រុកស្រែ

Advertisements

3 responses to “អារាមវត្តស្រះកែវ​មុនី​វណ្ណ ឬវត្តលើ ​ក្រុងស្ទឹងត្រែង

  1. មកដល់ក្រុងសែនហើយមិនបានឡើងសន្ទុកបន្តិចទេអី

  2. ម្តេចសើច.
    ដឹងទេសើចមានន័យច្រើនណាស់!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s