វិចិត្រសាល

នៅទីលានប្រជាធិបតេយ្យ នាវេលា​​ថ្ងៃត្រង់ ​ទី ២៣ ​តុលា…


ជាថ្មីម្តងទៀត, ខ្ញុំបាន​ទៅដល់​ទីលាន​ប្រជាធិបតេយ្យ​នៅ​វេលា​ម៉ោង ១២.៣០​នាទី​ ថ្ងៃត្រង់ ហើយ​ខ្ញុំ​បាន​ចំណាយ​ពេល​ ១ម៉ោង ដើម្បី​ដើរ​ថត​ផ្តិត​យក​ទិដ្ឋភាព​ទូទៅ​ នៅ​លើ​ទី​លាន និងនៅ​ម្តុំ​វត្តភ្នំដូនពេញ​ផងដែរ…។

ស្ថិត​ក្រោម​កំដៅ​ព្រះអាទិត្យ ​ដែល​កំពុង​បណ្តើរ​កូន​ព្រិចៗ នា​រដូវ​បុណ្យ​កឋិន​ទាន​​នេះ ​​ក្រុម​បាតុករ​បាន​មក​ប្រមូល​ផ្តុំ​គ្នា​ ​សំរាក​ក្រោម​តង់ ដែល​បាន​សង់​ព័ទ្ធ​ជុំវិញ​ទីលាន​​។ អ្នក​ចូល​រួម​បាតុករ​ដែល​ទទួល​ទាន​បាយ​ថ្ងៃ​ត្រង់​ហើយ ក៏​សំរាក, ឯអ្នក​ខ្លះ​ទៀត​ទើប​តែ​ទទួល​បាន​ប្រអប់​បាយ ក៏​ចាប់​ផ្តើម​ចាត់ការ​ភ្លាមៗ​ដែរ។ ចំណែក​ម្ហូប​មិន​ដូច​គ្នា​ទេ (ដូច​មាន​ក្នុង​រូប​ស្រាប់)…។

នៅលើ​វេទិកា មាន​អ្នក​ប្រកាស​​មេក្រូកោកៗ អំពី​នាម​​សប្បុរសជន​ដែល​បាន​ផ្តល់​បាយ​ទឹក និង​​ថវិកា​ចូល​រួម​ជួយ​​ឧបត្ថម្ភ​ដល់​កម្មវិធី​បាតុកម្មនេះ​, ហើយ​បន្ទាប់​មក ក៏​មាន​ការ​ប្រគុំ​តន្រ្តី​សម័យ​ ដែល​ខ្លឹម​សារ​នៃ​បទ​ចំរៀង​ ស្តាប់​ទៅ​ច្រើន​​ជា​បទ​ “ឈឺចាប់ និងតស៊ូ​ប្តូរផ្តាច់!”… 😀

នៅ​កន្លែង​សង្រ្គោះ​ឯ​ជ្រុង​ខាងកើត, ក្រុម​គ្រូពេទ្យ​កំពុង​ញាប់ដៃ​ញាប់​ជើង​ជួយ​ដល់​​អ្នក​ឈឹ​ក្បាល​វិល​មុខ។ ខ្ញុំ​សួរ​ទៅ​គ្រូពេទ្យ​ម្នាក់​ ដោយ​ចង់​ដឹង​ថា តើមាន​អ្នក​សន្លប់​ប៉ុន្មាន​នាក់​ហើយ?… គ្រូពេទ្យ​បាន​ប្រាប់​ខ្ញុំ​ថាៈ «មាន​ច្រើនដែរ​តាំង​ពី​ព្រឹកមក… ភាគ​ច្រើន​ជា​មនុស្ស​ចាស់…»។ ផ្អែក​តាម​បដា​មួយ​ផ្ទាំង​នៅ​សំយាប​រោង, បរិក្ខារ​​ថ្នាំពេទ្យ​ដែល​ជា​ជំនួយ​សង្គ្រោះ​នៅ​ទីនេះ គឺជា​អំណោយ​របស់​សប្បុរសជន​ខ្មែរ​នៅ​ Cleveland រដ្ឋ Ohio សហរដ្ឋ​អាមេរិក។

នៅ​ប៉ែក​ខាង​កើត​ទីលាន​ឯ​ណោះ​វិញ បាតុករ​ភាគ​ច្រើន​ដែល​មិន​មាន​កន្លែង​ជ្រក​​គេច​ពី​កំដៅ​ថ្ងៃ ក៏​ប្រមូល​ផ្តុំ​គ្នា​នៅ​ក្រោម​ដើម​ឈើ​ដែល​ស្ថិត​នៅ​ម្តុំ​ស្ពាន​នាគ, ហើយ​សួន​ច្បារ​នៅ​​ខាង​ក្រោយ​រូប​សំណាក​លោក​នេរុ ក៏​បាន​ក្លាយ​ជា​កន្លែង​បាញ់នោម​​យ៉ាង​ស្រួល​ផង​ដែរ។ ចំណែក​នៅខាងត្បូង​វត្តភ្នំ​វិញ ​​​​ក៏មាន​ក្រុមបាតុករ​​កំពុង​អង្គុយ​សំរាក​ក្រោម​ម្លប់​ឈើ​​យ៉ាង​កកកុញ​ផងដែរ។

ពេល​ខ្ញុំ​រៀប​នឹង​ចាកចេញ​ពី​ម្តុំ​ស្ពាន​នាគ ខ្ញុំ​បាន​ឮ​សំឡេង​ក្នុង​ឧគ្ឃោសនសព្ទ​ប្រកាស​អោយ​ដឹង​ថា ថ្នាក់​ដឹកនាំ​ CNRP នឹងអញ្ជើញ​មកដល់​លើ​​វេទិកា​ ឆាប់ៗ​នេះហើយ..!!…​

និយាយ​រួម​ទៅ ទិដ្ឋភាព​អ៊ូអរ​​នៅ​ម្តុំ​ស្ពាន​នាគ និង​ខាង​ត្បូង​វត្តភ្នំ ដែល​នៅ​ឆ្ងាយ​បន្តិច​ពី​ទីលាន​ប្រជាធិបតេយ្យ បាននាំ​អោយ​ខ្ញុំ​​​ច្រឡំ​ស្មាន​ថា​ ​មនុស្ស​ម្នា​ទាំងអស់​នោះ កំពុង​ឡើង​មក​លេង​បុណ្យ​អុំទូក​នៅ​ភ្នំពេញ​ទៅ​វិញ​ទេ…៕

ស្រុកស្រែ

Advertisements

7 responses to “នៅទីលានប្រជាធិបតេយ្យ នាវេលា​​ថ្ងៃត្រង់ ​ទី ២៣ ​តុលា…

  1. អរគុណប្អូនស្រុកស្រែច្រើន 😀

    • លោក សម រង្ស៊ី ​និង ​លោក កឹម សុខា ​ប្រកាសឲ្យ​បាតុកររំសាយ​នៅម៉ោង​៦ល្ងាចនេះ….. (ដំណឺងនៅខាងកោះសន្តិភាព)
      http://kohsantepheapdaily.com.kh/article/82663.html

      បើនិយាយតាមភាសាសាមញ្ញថា
      ទៅណាទៅណីសិនទៅ ស្អែកចាំម៉ោទៀត !
      ចុះអ្នកដែកខំមកតាំងពីកំពង់ចាម និងពីតាមខេត្តឆ្ងាយទៀត ?

      • បាទ, តាមព័ត៌មាន គឺអ្នកនៅខេត្តកណ្តាល ជិតៗភ្នំពេញនឹង​ត្រូវ​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ ហើយ​បើ​ចង់​ស្នាក់​នៅ ក៏​គេ​មិន​ហាម​ឃាត់​ដែរ។ ឯ​អ្នក​នៅ​ខេត្ត​ឆ្ងាយៗ ដូចជា​កំពង់ចាម ព្រៃវែង… គឺ​ច្បាស់​ជា​​មិន​ត្រឡប់​ទៅ​ផ្ទះ​វិញ​ទេ ដោយ​ត្រូវ​សំរាក​​ស្នាក់​នៅ​​​ក្នុង​រោងហើយ​។

        តាម​ព័ត៌មាន​ក៏​បាន​អះអាង​ទៀត​ថា កងកំឡាំង​សន្តិសុខ​ជាតិ គឺ​ទទួល​ខុស​ត្រូវ​តែ​ត្រឹម​ម៉ោង ៦ព្រឹក ដល់​ម៉ោង​ ៦ល្ងាច​តែ​ប៉ុណ្ណោះ។ ឯចាប់​ពី​ពេល​យប់​ទៅ គឺ​ជា​ការ​ទទួល​ខុស​ត្រូវ​រ​បស់​កង​សន្តិសុខ​​បាតុកម្ម​ហើយ….។

        • ខ្ញុំគិតដូចឆោតមែន ។ អ្នកណាមានលុយ ដេក​តាម​ផុងងូ រឺហូតែល​មាន​ម៉ាស៊ីន​ត្រជាក់​លើ​ពូក​អន្ធឹលៗ​អីសិន​ទៅ។ អ្នក​អត់​លុយ​ដេក​ក្នុង​រោង​តាម​ម៉ា​តាណើរ​សិន​ មាន​ទៅអី បើថា​ខាង​បាតុករ​មាន​កង​សន្តិសុខ​ផស់​គាត់​ដែរ​នោះ កុំអោយ​តែ​មាន​មហា​ភ្លៀង​មក ។ ចាំមើល​ស្អែក​ទៀត ។

          • តាម​ចំណាំ, ចូលដល់​រដូវ​កឋិន គឺប្រាកដ​ជា​លែង​មាន​ភ្លៀង​ធ្លាក់​ទៀត​ហើយ។ ដែល​ច្បាស់​នោះ ចាប់​ពី​ខែនេះទៅ គឺពួក​អ្នក​លេង​ទឹក​ភ្លៀង​នៅ​អូរ​ឬស្សី គេ​ផ្អាក​ឈប់​ភ្នាល់​គ្នា​ស៊ី​សង ​ម៉ា​រយៈ​សិន​ហើយ… 😀

            • នៅមានគេលេងទឹកភ្លៀងទៀត ? គេមិន​នាំគ្នា​មើល​តាម​ម៉ោង​ថ្មីៗ ដែល​មាន​ភ្ជាប់​ជាមួយ​នូវ​ប្រដាប់​ប្រាប់​ថា​ភ្លៀង​រឺអត់ រឺមើល​តាម​កូន​កម្មវិធី​មើល​ធាតុអាកាស​តាម​អាយហ្វូន រឺស្មាត​ហ្វូន​ក៏បានដែរ ថាថ្ងៃ​ណា​មាន​ភ្លៀង នៅម៉ោង​ប៉ុន្មាន? នៅទីក្រុង រឺភូមិស្រុកណា? ម្យ៉ាង​ទៀត… ដែល​ចេះ​តែស្រែក​ថា​មិន​គ្រប់​ទឹកៗ តិច​ដល់​ទេវតា​លឺ ដាក់​មួយ​មេធំមក ច្បាស់​ជា​វីវរ​ដល់​កហើយ ! ដែល​ទឹកជន់​ហ្នឹង​ ក៏ខ្ញុំសង្ស័យ​ដែរ​ថា មកពី​ទេវតា​លឺថា …មិនគ្រប់​ទឹក! ៗ! ៗ! ដែរ​មើល​ទៅ 😀

            • បាទបង, នៅស្រុកយើង​មាន​លេង​ទឹក​ភ្លៀង ភ្នាល់​គ្នា​ធំៗ​ណាស់។ មាន​ដោយ​ទាំង​ចិន​មក​ពី​ស្រុក​ចិន​ទៀត ក៏​នាំ​គ្នា​ចាក់​ទឹក​ភ្លៀង​ដែរ​។ ខ្ញុំ​ឧស្សាហ៍​ផឹក​កាហ្វេ​​ព្រឹកៗ ជា​មួយ​ពួក​អ្នក​លេង​ទឹក​ភ្លៀង ទើប​បាន​ដឹង​រឿង​នេះ​ច្បាស់។ ​មួយ​ថ្ងៃៗ មាន​ឈ្នះ មាន​ចាញ់​​ ចូលម៉ឺន​ដុល្លា​ឯ​ណោះ។​

              ទាក់​ទង​រឿង​មើល​អាកាស​ធាតុ​នេះ ទោះ​ជា​បច្ចេកវិទ្យា​​ជឿន​លឿន​យ៉ាង​ណា ក៏​ច្បាស់​មិន​ដល់​​ពួក​ចំណាំ​ ពួក​មើល​ដោយ​​ភ្នែក​ទទេ ដែល​ញាណ​នឹង​ល្បែង​​ទឹក​ភ្លៀង​វាល់ខែ វាល់​ឆ្នាំ​ជា​ប្រចាំ​ដែរ។ សព្វ​ថ្ងៃ កន្លែង​ដែល​លេង​ទឹក​ភ្លៀង​ ភ្នាល់​គ្នា​ធំៗ គឺ​នៅ​ភ្នំពេញ ​ផ្សារ​អូរឬស្សី និង​នៅ​បាត់ដំបង ម្តុំ​បេន​ឡាន​ផ្សារ​បឹង​ឈូក… 😀

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s