វិចិត្រសាល

ទិដ្ឋភាព​ទីលានប្រជាធិបតេយ្យ នា​ព្រឹក​​ព្រលឹម​ថ្ងៃទី ២៣ តុលា ២០១៣…


ព្រឺកថ្ងៃទី ២៣ ខែតុលា នេះ, មុនពេល​ចេញ​ទៅ​ព្រែកឯង ខ្ញុំ​បាន​ឆ្លៀត​ចូល​ទៅ​អើត​មើល​ទីលាន​ប្រជាធិបតេយ្យ​មួយ​សន្ទុះ​ធំ​ដែរ…។

ខ្ញុំ​បាន​ទៅ​ដល់​ទីលាន​ប្រជា​ធិបតេយ្យ នាវេលា​ម៉ោង ៨.៣០នាទី…។ លើ​ទីលាន​ដែល​ក្រាល​ដោយ​ដុំ​ឥដ្ឋ​ការ៉ូឡា នៅ​ស្រឡះ​ល្វឹង​,​ មិន​ទាន់​មាន​បាតុករ​មក​ប្រមូល​ផ្តុំ​គ្នាឈរ​លើ​ទីលាន​​នៅ​ឡើយ​ទេ។ នៅ​លើ​ទី​ធ្លា ឃើញ​មាន​ហ៊ុំ​ព័ទ្ធ​ដោយ​ខ្សែជ័រ​ប្លាស្ទីក បង្កើត​បាន​ជា​ផ្លូវ​ដើរ និង​កន្លែង​ដែល​បាតុករ​ត្រូវ​ឈរ​ ដើម្បី​រក្សា​អោយ​មាន​សណ្តាប់​ធ្នាប់ និង​ច្រក​​ចេញចូល។

នៅ​ប៉ែក​ខាង​លិច ជ្រុង​​ខាង​ជើង​វេទិកា, ខ្ញុំ​ឃើញ​មាន​ទង់សញ្ញា​លេខបូក ដែល​បង្ហាញ​ពីទីតាំង​សំរាប់​សង្គ្រោះ​​​បន្ទាន់ ហើយ​នៅ​ជ្រុង​ខាង​កើត ឆៀង​ខាង​ត្បូង​​ក៏​មាន​ទីតាំង​សំរាប់​សង្គ្រោះ​ដូច​គ្នា​នេះដែរ។

បង្គន់​អនាម័យ​ មាន​តាំង​តំរៀប​ជា​ជួរ នៅ​ប៉ែក​ខាង​ត្បូង និង​ខាង​ជើង​​ទីលាន​។ ឯបន្ទប់​ទឹក​វិញ ឃើញ​មាន​នៅ​ជ្រុង​ខាង​កើត​មួយ​កន្លែង។ នៅ​ប៉ែក​​ខាង​កើត​នេះ​ដែរ ខ្ញុំ​ឃើញ​មាន​កន្លែង​ទទួល​ “បច្ច័យ” ពី​សប្បុរសជន​ ដោយ​មានអ្នក​អង្គុយ​ចាំ​កត់ត្រា​​​​ចុះ​បញ្ជី​ស្នាម​ត្រឹម​ត្រូវ​ផងដែរ។

នាវេលា​ម៉ោង ៩ ព្រឹក, រថយន្ត​ដែល​ដឹក​ក្រុម​បាតុករ​មក​​ពី​បណ្តា​ខេត្ត​នានា ក៏​បាន​ចូល​មក​ដល់​បរិវេណ​ទីលាន​បាតុកម្ម​ជា​បន្ត​បន្ទាប់​​។ ពេល​ខ្ញុំ​ស្រែក​សួរទៅ, អ្នក​នៅ​លើ​ឡាន​បាន​ស្រែក​​ប្រាប់​ថា មកពី​កំពង់ចាម, ខ្លះ​មកពីព្រៃវែង, ខ្លះ​មក​ពីតាខ្មៅ ខេត្តកណ្តាល…។ ឯ​អ្នក​នៅ​ខេត្ត​ផ្សេង​ពី​នេះ ​ប្រហែល​ជា​មិន​ទាន់​មក​ដល់​ក៏​មិន​ដឹង។

មាន​​បាតុករ​ដែល​មក​ពី​ខេត្តកំពង់ចាមមួយ​ក្រុម​ធំ កំពុង​តែ​ព័ទ្ធវង់​ដាក់​បាយ​ចំអែត​ក្រពះ​អោយ​ហើយស្រេច នៅក្បែរ​​ខឿន​​សំណាក​ដូនពេញ ដែល​នៅ​ទល់​មុខ​​ម្ខាង​ផ្លូវ គឺជា​របង​ស្ថានទូត Uncle Sam…។ ម្ហូប​របស់​បាតុករ គឺត្រីកាម៉ុង​ចំហុយ និង​ជ្រក់​ត្រសក់។ ពេលខ្ញុំ​សួរទៅ​បាតុករ​ចំណាស់ៗ​ថា តើលោកអ៊ុំ​​អញ្ជើញ​មក ប្រុង​សំរាក​នៅ​ទី​នេះ ឬក៏​ត្រឡប់​ទៅ​ផ្ទះ​វិញ?… ពួកគាត់​បាន​ឆ្លើយ​មក​ខ្ញុំ​វិញ ទាំង​បាយ​ពេញ​មាត់ៈ «នៅរហូត​ដល់​ចប់..!!..» ។

សូម​ជំរាប​ផង​ដែរ​ថា ទិដ្ឋភាព​ដែល​ខ្ញុំ​ថត​បាន​នេះ គឺ​ខ្ញុំ​ឈរ​ថត​តែ​នៅ​ជ្រុង​ខាង​កើត​នៃ​ទីលាន​តែ​ប៉ុណ្ណោះ។ ឯ​នៅ​ជ្រុង​ខាង​លិច កន្លែង​វេទិកាប្រារព្ធ​ពិធី គឺ​ខ្ញុំ​មិន​បាន​ដើរ​ទៅ​ដល់​ទេ។

ចំណុច​ដែល​គួរ​អោយ​កត់​សំគាល់ គឺកង​កំឡាំង​សមត្ថកិច្ច​មិន​បាន​រឹត​បន្តឹង​សន្តិសុខ ដោយ​ដាក់​របាំង​ហាមឃាត់​យានយន្ត​នៅ​តាម​បណ្តា​ផ្លូវ​ជាតិ​សំខាន់ៗ ចូល​មក​ក្រុង​ភ្នំពេញ​ឡើយ។ នេះ​បាន​បង្ហាញ​ច្បាស់​ថា ទាំង​អាជ្ញាធរ​មាន​សមត្ថកិច្ច ទាំង​ក្រុម​បាតុករ​ចូល​រួម គឺ​ហាក់​ដូច​ជា​មាន​ភាព​ «ចាស់​ទុំ» ​រៀងៗ​ខ្លួន​… ហើយ​សកម្មភាព​សេដ្ឋកិច្ច​ ពាណិជ្ជកម្ម និង​ការ​​រកស៊ី​ទទួល​ទាន​របស់​អ្នក​ក្រុង​ភ្នំពេញ គឺនៅ​តែ​ប្រព្រឹត្តិ​ទៅ​ជា​ធម្មតា។ ទិដ្ឋភាព​បែប​នេះ នាំ​អោយ​ខ្ញុំ​យល់​ថា ​​អ្នក​នយោបាយ​ខ្មែរ​យើងគ្រប់​ភាគី បាន​ជ្រើស​រើស​យក​នូវ​ភាព​ «អហឹង្សា» ជា​អាទិភាព​ហើយ..!!..

ខ្ញុំ​នឹង​ព្យាយាម​ផ្តិត​យក​ទិដ្ឋភាព​នៅ​លើ​ទីលាន​ប្រជាធិបតេយ្យ នា​វេលា​រសៀលថ្ងៃ​​​នេះ​ជា​បន្ត​​ទៀត…៕

អ្នករាយការណ៍បីសេស

Advertisements

3 responses to “ទិដ្ឋភាព​ទីលានប្រជាធិបតេយ្យ នា​ព្រឹក​​ព្រលឹម​ថ្ងៃទី ២៣ តុលា ២០១៣…

  1. គេរាយការណ៍មកថា​មាន​ការត្រួតពិនិត្យ​គុណភាព​រថយន្ត​ឈ្នួល​នៅ​ថ្ងៃនេះ 😀

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s