វិចិត្រសាល

ទួលអ្នកតា “មេ.ស”, កន្លែង​ដែល​អ្នក​ស្រុក​បាភ្នំ ​​មានជំនឿ…


សំរាប់​អ្នកមាន​កំណើត​កើត​ជា​នៅ​បាភ្នំ គឺតែង​តែ​​អះអាង​ថា បើ​មិន​ស្គាល់​អ្នកតាមេ.ស ទេ គឺ​មិន​មែន​​ជា​អ្នក​ស្រុក​បាភ្នំឡើយ..!!..

នាពេល​បច្ចុប្បន្ន​នេះ, នៅ​រាល់​ខែមិថុនា ជា​រៀង​រាល់​​ឆ្នាំ អ្នក​ស្រុក​តែង​តែ​រួម​គ្នា​ប្រារព្ធ​ពិធី​ឡើង​អ្នកតា​មេ.ស ដែល​មាន​ទី​តាំង​ស្ថិត​នៅ​ខាង​កើត​ទីប្រជុំ​ជន​ស្រុក​បាភ្នំ។ ពិធី​បុណ្យ​នឹង​ប្រព្រឹត្តិ​ទៅ​រយៈ​ពេល​បីថ្ងៃ។ ឯ​ដង្វាយ​សំរាប់​អ្នកតាមេ.ស កាល​ពី​មុន គឺ​ត្រូវ​​យក​មនុស្ស​ទៅ​បូជាយញ្ញ, ក្រោយ​មក បាន​ដូរ​ពីមនុស្ស ដោយ​យក​សត្វ​ក្របី​ឡើង.ក មក​ជំនួស​វិញ ហើយតៗ​មក ក៏​ដូរ​ទៅ​ជា​ «ជ្រូក​ខ្វៃ» រហូត​ដល់​សព្វ​ថ្ងៃ​នេះ​ទៅ។

ប្រវត្តិនៃពិធីបូជាយញ្ញ ថ្វាយអ្នកតាមេ.ស

តាម​សៀវភៅ ប្រវត្តិស្រុកបាភ្នំ បាន​រៀប​រាប់​លំអិតពី​ការ​បូជាយញ្ញ​ ក្នុង​ពិធី​ឡើង​អ្នកតា​មេ.ស, ខ្ញុំ​សូម​សង្ខេប​ដូច​ខាងក្រោមៈ

«…ការ​ធ្វើ​ឃាត​មនុស្ស​ដោយ​វិធី​បូជាយញ្ញ សំរាប់​ថ្វាយ​អ្នកតាមេ.ស គឺ​មិន​ដឹង​កើត​មាន​​ឡើង​តាំង​ពី​ពេល​ណា​មក​ទេ, តែ​ការ​ពិឃាត​មនុស្ស​បែប​នេះ បាន​កើត​មាន​រហូត​ដល់​ជំនាន់​លោក​ក្រឡាហោម ឈាង ហាក់ ដែល​មាន​ងារ​ជា ធម្មាតេជោ, ​ជា​​មេទ័ព​ខាង​ជើងទឹក និង​ជា​ចៅហ្វាយ​ខេត្តបាភ្នំ ក្នុង​សម័យ​នោះ។

លោកតា ដោក ថន បាន​អះអាង​ថា កាលនោះ, ក្នុង​រវាង ៦០ឆ្នាំហើយ (ប្រហែល​ជា​ក្នុង​រវាង​ឆ្នាំ​១៨៨០) នៅ​សម័យ​ដែល​​ធម្មាតេជោ​ ជាចៅហ្វាយ​ខេត្ត គាត់​បាន​ចូល​រួម​ទស្សនា​​ពីរ​ដង​ ក្នុង​ពិធី​បូជា​យញ្ញ​សំឡាប់​មនុស្សនោះ។ ពេល​នោះ គេ​បាន​ធ្វើ​បុណ្យ​ឡើង​អ្នកតា​មេ.ស ពី​ ៥ថ្ងៃ ទៅ​ ៧ថ្ងៃ ដែល​មាន​ប្រជាពលរដ្ឋ​គ្រប់​ភូមិ ស្រុក ​ចំណុះ​អោយ​ខេត្ត​បាភ្នំ បាន​មក​ចូល​រួម​យ៉ាង​ច្រើន​កុះករ។ គេ​បាន​សង់​រោង​បុណ្យ​​ក្បែរ​ ដែល​ស្ថិត​នៅ​ចំងាយ​ប្រមាណ​ ១គ.ម ខាង​ទិស​អគ្នេយ៍​ពី​ខ្ទម​អ្នកតា ហើយ​គេ​បាន​និមន្ត​ព្រះសង្ឃ​មក​សូត្រ​គាថា និង​មន្ត​អាគមផ្សេងៗ…។

ពេល​ព្រឹកឡើង គេ​និមន្ត​ព្រះសង្ឃ​​សូត្រ​មន្ត ដើម្បី​ឧទ្ទិស​កុសល​ដល់​វិញ្ញាណក្ខន្ធ​អ្នក​ដែល​ស្លាប់​ហើយ។ ការ​សូត្រ​បែប​នេះ ត្រូវ​ប្រព្រឹត្ត​ទៅរៀង​រាល់​ថ្ងៃ រហូត​ដល់​ព្រឹក​ “ថ្ងៃ​បុណ្យ​ឡើង​អ្នកតា” ។ ចំពោះ​មនុស្សដែល​ត្រូវ​យក​ទៅ​បូជា​យញ្ញ​នោះ គេ​ត្រូវ​ជ្រើស​រើស​តែ​នរណាដែល​ជា​ពិរុទ្ធជន​ធ្ងន់ធ្ងរ​ជាង​គេ ក្នុង​ចំណោម​​ពិរុទ្ធជន​​​ដែល​មាន​ទោស​​ឧក្រិដ្ឋ។

មុន​នឹង​បូជាយញ្ញ គេ​បាន​ប្រាប់​មនុស្ស​នោះ ពី​អ្វីដែល​គេ​ត្រូវ​រង់ចាំ​នោះ។ គេ​អនុញ្ញាត​អោយ​មនុស្ស​នោះ ​ដើរ​លេង​ផឹកស៊ីតាម​ដែល​គាត់​ចង់។ គេ​បណ្តើរ​អោយ​ទស្សនា​រាល់​​ការ​កំសាន្ត​ទាំង​ឡាយ​នៅ​ក្នុង​ពិធី​បុណ្យ ដូច​មនុស្ស​ធម្មតា…។

ដល់​ថ្ងៃ​បូជាយញ្ញ, គេ​ដាក់​ឃ្នាង នៅ ក មនុស្ស​អ្នក​ទោស​នោះ (ឃ្នាង ជាឧបករណ៍​​បុរាណ​សំរាប់​ដាក់​គាប.ក​ អ្នកទោស​ ធ្វើ​ពី​ឫស្សី មាន​កាំ​ដូច​ជណ្តើរ​ផ្ទះ​) ហើយ​ក្បួន​ដង្ហែ​​ក៏​ចាប់​ផ្តើម​ចេញ​ដំណើរ​ពី​វត្ត​វិហារធំ ​ឆ្ពោះ​ទៅ​កាន់​​ទី​ទួល​អ្នកតា​មេ.ស ដោយ​មាន​ការ​ដុត​ផាវ និង​បាញ់​កាំ​ភ្លើង​ទទួល​ស្វាគមន៍​ផងដែរ។ នៅ​ខាង​មុខ និង​ខាង​ក្រោយ​ក្បួន​ដង្ហែ ក៏​មាន​កង​ទាហាន​ប្រដាប់​ដោយ​អាវុធ ចូល​រួម​ដង្ហែ​ជា​មួយ​ដែរ។​​

នៅឯ​ទីតាំង​អ្នកតា​មេ.ស គេ​រៀប​ចំ​ពិធី​សូត្រធម៌ បួង​សួង​សុំ​អោយ​អ្នកតា​​ជួយ​ស្រុក​អោយ​បាន​សុខ​សប្បាយ និង​សុំ​អោយ​មាន​ភ្លៀង​បរបូណ៌​នៅ​ពេល​រដូវ​ត្រូវ​ការ។ ក្រោយ​បញ្ចប់​ពិធី​​សូត្រធម៌​បួងសួង, ពិធី​សំឡាប់​ក៏​បាន​ឈាន​ចូល​មក​ដល់។ ឯ​កន្លែង​សំឡាប់ គឺ​នៅ​ចំ​ខាង​កើត​ទួល​អ្នក​តា​តែ​ម្តង។

គេ​បាន​នាំ​គ្នា​​ស្រែក​សន្ធប់​ ៣ដង​ខ្លាំងៗ​ថាៈ យក្សអើ!… យក្សអើ!… យក្សអើ!… រួចពេជ្ឈឃាត​​​ម្នាក់ មាន​ឈ្មោះ​ អ៊ិន ដែល​ទទួល​ភារៈ​​ខាង​សំឡាប់​ និង​​មាន​ងារ​ថា “មនោ” បាន​រាំ​ពត់​ពេន​ ដាក់​ដាវ​នៅ​លើ​ស្មា​​ទាំង​ពីរ​ដូច​ដង​រែក រាំ​ជុំវិញ​អ្នក​ដែល​ត្រូវ​សំឡាប់​នោះ។ ​បន្ទាប់​មក, មនោ បាន​កាន់​ដាវ​បង្វិល​ខ្លួន រួច​ប្រើ​កំឡាំង​ដៃ​ កាប់​មួយ​ខ្វាប់​ អោយ​ដាច់.ក ចេញ​ពី​ដង​ខ្លួន​អ្នក​ទោស​ជាប់​ឃ្នាង​នោះ​តែ​ម្តង។

ពួក​អ្នក​នៅ​ជុំវិញ ក៏​នាំ​គ្នា​មើល​ឈាម​​ដែល​កំពុង​​បាញ់​ចេញ​ពី​.ក ដែល​អត់​ក្បាល​នោះ, បើ​ឈាម​ហូរ​​បាញ់​ទៅ​ខាង​លើ​ស្មើ​គ្នា នោះ​គេ​នាំ​គ្នា​សន្និដ្ឋាន​ថា ទឹក​ភ្លៀង​នឹង​ធ្លាក់​ស្មើ​គ្នា​គ្រប់​ស្រុក, ​ហើយ​បើ​ឈាម​បាញ់​ចេញ​ទៅ​ទិស​ខាង​ណាច្រើន គេ​ក៏​នាំ​គ្នា​​ទាយ​ថា​ ស្រុក​ភូមិ​នៅ​ចំ​ទិស​នោះ នឹង​មាន​ភ្លៀង​ធ្លាក់​ច្រើន​..!!..

ក្រោយ​ពេល​ពិធី​សំឡាប់​​ដ៏​ឃោរឃៅ​នេះ​បាន​បញ្ចប់​ទៅ គឺ​នៅ​មិន​ទាន់​បញ្ចប់​ត្រឹម​នេះ​ទេ។ គេ​បាន​យក​ក្បាល​អ្នក​បូជាយញ្ញ​នោះ ដាក់​លើ​ថាស ដើម្បី​ថ្វាយ​ទៅ​​អ្នក​តា​មេ.ស, រីឯ​តួ​ខ្លួន និង​អវៈយវៈ ​គេ​ក៏​បាន​ចៀរ​យក​សាច់​​ ទៅ​ដោត​ជា​ច្រនួច​តូចៗ អោយ​បាន ១០០​ច្រនួច ដើម្បី​យក​ទៅ​ថ្វាយ​អ្នកតា​មេ.ស ផងដែរ…។

ពេល​ចូល​មក​​ដល់​សម័យ​ ធម្មាតេជោ, លោក​ក្រឡាហោម ឈាង ហាក់ គ្រប់​គ្រង, ពិធី​បូជាយញ្ញ​ដោយ​យក​មនុស្ស​មក​ពិឃាត​​បែប​នេះ​ គឺ​ត្រូវ​បាន​បំបាត់​ចោល ដោយ​ប្រើ​ក្របី​ឡើង.ក ជំនួស​វិញ។

ការ​រៀប​ចំ​ពិធី​បូជាយញ្ញ​ក្របី នៅ​តែ​មាន​រូបភាព​ដដែល ដូចជា​ការ​កាត់​.ក ក្របី​រួច ពិនិត្យ​មើល​ឈាម​ហូរ​ដើម្បី​ទស្សន៍​ទាយ​ពី​ប្រផ្នូល​ទឹក​ភ្លៀង​ និង​ការ​យក​សាច់​ក្របី​ទៅ​ដោត​អោយ​បាន ១០០ច្រនួច​ យក​ទៅ​ថ្វាយ​អ្នកតា​មេ.ស ជាដើម…។

ក្រោយ​មក នៅ​ជំនាន់​ធម្មាតេជោ ពុ ផ្លុង គ្រប់​គ្រង​ខេត្ត​បាភ្នំ, ពិធី​បូជា​យញ្ញ​ក្របី ក៏​នៅ​តែ​បន្ត​ធ្វើ តែ​មិន​សំឡាប់​ក្របីទេ គឺ​ទុក​ក្របី​អោយ​នៅ​រស់ ដោយ​គ្រាន់​តែ​ធ្វើ​ពិធី​ឧបកិច្ច​តែ​ប៉ុណ្ណោះ។

រហូត​មក​ដល់​ក្នុង​រវាង​ឆ្នាំ ១៩២៥ ទើប​អ្នក​ស្រុក​នាំ​គ្នា​ទិញ​ជ្រូក​ខ្វៃ​ មក​​ចៀរ​​យក​សាច់​ដោត​​អោយ​បាន ១០០ច្រនួច សំរាប់​បូជា​ថ្វាយ​អ្នកតា​មេ.ស រហូត​មក…»

ប្រវត្តិនៃ​ការកកើតអ្នកតាមេ.ស

នៅ​ក្នុង​រោង​អ្នក​តា​បច្ចុប្បន្ន មាន​រូប​សំណាក​មនុស្សធំ ​បីនាក់​ឈរ រួមមានៈ រូប​មនុស្ស​ស្រី​​ដែល​ឈរ​នៅកណ្តាល​​ មាន​ដៃ​បួន មានឈ្មោះ​ថា មេ.ស ដែល​ជា​មេ​ធំ​ជាងគេ​ប្រចាំ​ទី​ទួល​នោះ, ឯ​រូប​​ឈរ ខ្លួន​មនុស្ស ក្បាល​ដំរី ដូច​ព្រះ​គណេស មាន​ឈ្មោះថា គិរីផល និង​រូប​​ជួត​ក្បាល​កន្សែង​ក្រហម​ ឈរ​នៅ​កៀន​គេ មាន​ឈ្មោះថា គិរីជោត ដែល​ត្រូវ​ជា​កូន​បង្កើត​របស់លោកតា​ គិរីផល និង​លោក​យាយ មេ.ស ។

នៅមាន​រូប​សំណាក​មនុស្ស​តូច​ ឈរ​ទន្ទឹម​គ្នា​ពីរ​នាក់​ទៀត ដែល​ត្រូវ​ជា​មាតាបិតា​របស់​​លោក​តា គិរីផល មាន​ឈ្មោះថា លោកមេទ័ព តេជោ និងលោក​យាយ រតនៈ

ផ្អែក​តាម​ប្រវត្តិ​និទាន​តៗ​គ្នា ព្រមទាំង​ការ​អាន​ឯកសារ​មួយ​ចំនួន​ ទាក់​ទង​នឹង​រឿង​នេះ ​​ខ្ញុំមាន​ការ​លំបាក​នឹង​ជឿ​ណាស់, ព្រោះថា លោកយាយ​​មេ.ស មិន​មែន​ជា​ស្រ្តី​​ជនជាតិ​ខ្មែរ​យើង​ទេ​ គឺ​ជា​ស្រ្តី​មក​ពី​​ប្រទេស​ក្រិច ដែល​ស្ថិត​នៅ​​ចំងាយ​ប្រមាណ​ជិត ៨,៥០០គ.ម ពី​ស្រុកយើង..!!..

ខ្ញុំ​សូម​​រៀប​រាប់​ជូន​ដោយ​សង្ខេប ដែល​​ដក​ស្រង់​​រឿង​រ៉ាវ​ពី​ក្នុង​សៀវភៅ ប្រវត្តិ​ស្រុក​បាភ្នំ ដូច​ខាង​ក្រោមៈ

នៅ​សម័យ​នគរភ្នំ មាន​កំឡោះ​ម្នាក់​ឈ្មោះ គិរីផល ដែល​ឪពុក​ជា​​មេទ័ព​​ មាន​ងារ​ជា​តេជោ​ និង​ម្តាយ​ឈ្មោះ រតនៈ រស់​នៅតំបន់​បាភ្នំ ។ កាល​ណោះ នគរភ្នំ បាន​ចង​សម្ព័ន្ធ​ភាព​ការទូត​ជា​មួយ​ប្រទេស​ក្រិច​ ។ ​​​នៅ​ពេលកំឡោះ គិរីផល ​ចំរើន​ពេញ​វ័យ, ព្រះរាជា​នគរភ្នំ បាន​បញ្ជូន​អោយ​ទៅ​បន្ត​ការ​សិក្សា​​យុទ្ធសាស្រ្ត សិល្ប៍​វិជ្ជា​នៅ​ប្រទេស​ក្រិច ជា​មួយ​នឹង​កំឡោះ​​ខ្មែរ​ម្នាក់​ទៀត ដែល​រៀន​ពូកែ​ជាង​គេ​នៅ​ក្នុង​នគរ។

ពេល​ទៅ​ដល់​ប្រទេស​ក្រិច, យុវកំឡោះ គិរីផល បាន​ជួប​ និង​សិក្សា​ជា​មួយ​យុវតីម្នាក់​ឈ្មោះ មេ.ស (តាម​ខ្ញុំ​គិត​ស្មាន នារី​នោះ​គេ​ហៅ​ថា​ មីស ជា​ភាសា​អង់គ្លេស Miss ប្រែថា កញ្ញា ឬ​នាង​ក្រមុំ, ដល់​ខ្មែរ​យើង​សរសេរ មីស ទៅ​ជា មេស ឬ មេ.ស តែ​ម្តង 😀 )។ កញ្ញា មេ.ស គឺ​ជា​កូនស្រី​របស់​លោក​មេទ័ព​ប្រទេស​ក្រិច ហើយ​លោក​គឺ​ជា​​អាចារ្យ​បង្រៀន​យុវជន គិរីផល ​ផ្ទាល់​​តែ​ម្តង។

លុះ​បញ្ចប់​ការ​សិក្សា​ដែល​មាន​រយៈ​ពេល ៧ឆ្នាំ រួច​មក, ព្រះរាជា​ប្រទេស​ក្រិច មិន​អនុញ្ញាត​អោយ​យុវជន គិរីផល វិល​ត្រឡប់​មក​នគរភ្នំ​វិញ​ទេ ព្រម​​បាន​តែង​តាំង​ជា​មេទ័ព​ប្រចាំ​ប្រទេស​ ជំនួស​លោក​មេទ័ព​​ជា​ឪពុក​កញ្ញា មេ.ស ​ដែល​មាន​វ័យ​ជរា​ណាស់​ទៅ​ហើយ​។ ក្រោយ​មក យុវមេទ័ព គិរីផល ក៏​បាន​រៀប​ការ​ជា​មួយ​​កញ្ញា មេ.ស រួម​រស់​ជា​មួយ​គ្នា និង​បាន​កូន​ប្រុស​ម្នាក់​ជា​ចំណង​ដៃ ដាក់​ឈ្មោះ​ថា គិរីជោត ។

ក្នុង​អំឡុង​ពេល​នោះ នគរភ្នំ មាន​ចំបាំង​ជា​មួយ​នគរ​ចាម៉្បា។ ក្រោយ​​ពេល​ដឹង​ដំណឹង​នេះ លោកមេ​ទ័ព​គិរីផល ក៏​បាន​រត់​គេច​ខ្លួន​តែ​ម្នាក់​ឯង វិល​មក​នគរភ្នំវិញ ដោយ​ទុក​ភរិយា និង​កូន​ប្រុសអោយ​រស់​នៅ​ប្រទេស​ក្រិច​ដដែល។ ព្រះ​រាជា​ប្រទេស​ក្រិច​ពេល​ដឹង​រឿង​នេះ មាន​ការ​ក្រេវ​ក្រោធ​យ៉ាង​ខ្លាំង និង​បាន​ចេញ​បញ្ជា​អោយ​នាំ​យក​ហិប​សំរាប់​កាត់​ក្បាល​ (ក្នុងសៀវភៅ​សរសេរ​ថា ហិប​វេទមន្ត) ដើម្បី​នាំយក​ក្បាល គិរីផល​ ត្រឡប់​ទៅ​​ប្រទេស​ក្រិច​វិញ។

បន្ទាប់​មក នាង​មេ.ស ក៏​បាន​នាំ​កូនប្រុស​ឈ្មោះ គិរីជោត មក​តាម​រក​ប្តី​នៅ​នគរភ្នំ​​ដែរ។ តែការ​មក​ដល់​របស់​ពួក​គេ គឺ​​យឺត​ពេល​បន្តិច ព្រោះ​មេទ័ព​គិរីផល បាន​សុខ​ចិត្ត​អោយ​គេ​កាត់​ក្បាល​​ដាក់​ក្នុង​ហិប ដើម្បី​ជា​ថ្នូរ​នឹង​ការ​​មិន​ធ្វើ​សង្គ្រាម​ជា​មួយ​ប្រទេស​ក្រិច។​

នៅ​ពេល​ដែល​នាងមេ.ស មើល​ទៅ​សព​ប្តី​អត់​មាន​ក្បាល ​មាន​តែ​ដង​ខ្លួន​បែប​នេះ ចៃដន្យ​មាន​ព្រាន​ប្រមាញ់​​មួយ​ក្រុម ទើប​នឹង​ចាប់​បាន​កូន​ដំរី​មួយ ក៏​សុំ​​កាត់​ក្បាល​កូន​ដំរី​នោះ យក​មក​ត​​ភ្ជាប់​ជា​មួយ​ដង​ខ្លួន​អោយ​ប្តី។ មេទ័ព​គិរីផល ក្រោយ​ពេល​នាង​មេ.ស «ប្រស់» អោយ​រស់​ឡើង​វិញ គឺ​បាន​ត្រឹម​តែ​​ប្រើ​កាយ​វិការ​ងក់​ក្បាលងីងើ​តែ​ប៉ុណ្ណោះ ព្រោះ​ដោយសារ​ខ្លួន​​មាន​ក្បាល​ជា​ដំរី និយាយ​មិន​កើត…។

ក្រោយ​ពេល​អ្នក​ទាំង​បី​ស្លាប់​អស់​ទៅ ព្រះរាជា​នគរភ្នំ ក៏​បាន​ចាត់​អោយ​សង់​ប្រាង្គ​មួយ​​នៅ​លើ​ទីទួល​​ខ្ពស់​ត្រដែត សំរាប់​ដំកល់​រូប​សំណាក​អ្នក​ទាំង​បី​នេះ រួម​ទាំង​​​ឪពុក​ម្តាយ​របស់​លោក​មេទ័ព គិរីផល ផងដែរ ​ទុក​សំរាប់​ធ្វើ​បុណ្យ​ឧទ្ទិស​កុសល ​នា​ពេល​ខាង​មុខៗ​​ទៀត។

តាំង​ពី​នោះ​មក អ្នក​ស្រុក​ក៏​នាំ​គ្នា​សន្មត់​ហៅ​រូប​សំណាក​នៅ​លើ​ទីទួល​នោះ​ថា អ្នកតា​មេ.ស ហើយ​ក៏​នាំ​គ្នា​ធ្វើ​បុណ្យ​​​រំលឹក​គុណ​ជា​រៀង​រាល់​ឆ្នាំ​​ ដែល​អ្នក​ស្រុក​ហៅ​ថា «បុណ្យឡើង​អ្នកតាមេ.ស» រហូត​ដល់​សព្វ​ថ្ងៃ​នេះ។

បច្ចុប្បន្នភាពនៅ​លើ​ទីទួល​អ្នកតា​មេ.ស

នៅ​បរិវេណ​ទួល​អ្នកតា​មេ.ស បច្ចុប្បន្ន ត្រូវ​បាន​ក្រសួង​វប្បធម៌ និង​ចិវិត្រ​សិល្បៈ​ ដាក់​បញ្ចូល​ទៅ​ក្នុង​បញ្ជី​ «ទួលបុរាណ» នៅ​ឆ្នាំ២០១១ ។ ជា​ទួល​ថ្មភ្នំ ដែល​មាន​កំពស់​ប្រមាណ​ ១០ម៉ែត្រ​, នៅ​ចំ​ពី​លើ​ទួល មាន​សង់​រោង​ចំនួន​ពីរ ធ្វើ​អំពី​បេតុង ដែល​​រោង​​តូច​នៅ​ចំ​ផ្លូវ​ឡើង សំរាប់​​​ដំកល់​រូប​សំណាក​មួយ​ចំនួន​ (ដូច​រៀប​រាប់​ខាង​ដើម) និង​រោង​ធំ​​មួយ​​ទៀត អាច​សំរាប់​រៀង​ចំ​ធ្វើ​ពិធី​បុណ្យ​ទានផ្សេងៗ…​។

នៅ​ចំ​ខាង​កើត​ទី​ទួល មាន​ទី​ធ្លា​តូច​មួយ​ ហើយ​នៅ​តាម​ជំរាល​ទី​ទួល មាន​តាំង​រូប​សំណាក​​ជា​សត្វពីរ​បី​ជួរ ​ដូច​ជា​សត្វ​ខ្លា សត្វសេះ​ជា​ដើម…។ ផុត​ពី​រូប​សំណាក​សត្វ​នេះ​បន្តិច គឺ​ជាទីតាំង​បូជាយញ្ញមនុស្ស និង​សត្វ​ក្របី។ អ្វី​ដែល​ជាការ​សោក​ស្តាយ​​បំផុត​​នោះ គឺពេល​ខ្ញុំ​ថត​រូបដ៏​សំខាន់​នៅ​​ប៉ែក​ខាង​កើត​ទី​ទួល​នេះ មិន​ដឹង​យ៉ាង​ម៉េច​ស្រាប់​តែ​ដៃ​ខ្ញុំ​ញ័រ ធ្វើ​អោយ​រូប​ថត​បាន​មក​មិន​ច្បាស់​ល្អ ប្រើ​ការ​មិន​កើត​តែ​ម្តង..!!.. ​

ខាងក្រោមនេះ ជា​រូប​សំណាក​នៅ​លើ​ទីទួល​អ្នកតា​មេ.ស ក្នុង​​ទីប្រជុំជន​ស្រុកបាភ្នំ ខេត្តព្រៃវែង ដែល​ខ្ញុំ​ថត​ទុក​ជា​ឯកសារ​ នាដើម​ខែវិច្ឆិកា ឆ្នាំ២០១៣ នេះ…៕

ស្រុកស្រែ

Advertisements

5 responses to “ទួលអ្នកតា “មេ.ស”, កន្លែង​ដែល​អ្នក​ស្រុក​បាភ្នំ ​​មានជំនឿ…

  1. ឮ​ថា​ អ្នក​យាយមេ.ស នេះ មហិទ្ធិឫទ្ធិ អស្ចារ្យ​ខ្លាំង​ណាស់ ។ តែ​យ៉ាង​ម៉េច​យ៉ាង​ម៉ា រឿង​ព្រេង​នោះ​គ្រាន់តែ​ជា​រឿង​ប្រឌិត ឯ​ អ្នកតាគិរី​ផល​ នោះ ប្រហែល​ជា​យក​តាម ព្រះគណេស ផង ។

  2. ចាំខ្ញុំទៅថតម្ដង បើញ័រដែរ ដឹង​តែ​ច្បាស់​ហ្មង !

    • ខ្ញុំ​ជា​មនុស្ស​មិន​សូវ​ចេះ​ជឿ… រូប​យាយ​ម៉ៅ នៅពេជ្រនិល, យាយយាត នៅប៉ៃលិន… ខ្ញុំ​ចូល​ចិត្ត​​លេង​យក​ដៃ​បូត​ច្រមុះ អង្អែល​ថ្ពាល់​… ឯ​រូប​អ្នកតា​ឃ្លាំង​មឿង នៅពោធិសាត់ បើ​ខ្ញុំ​ចូល​ទៅ​លេង​ម្តងៗ ខ្ញុំ​ចូល​ចិត្ត​ទះ​កំផ្លៀង​គាត់​លេង​ ហើយ​ខ្ញុំ​ជឿ​ថា ពួក​គាត់​មិន​ប្រកាន់​នឹង​ខ្ញុំ​ទេ… 😀

      ឯកន្លែង​ទួល​អ្នកតា​មេ.ស​ នេះ អាច​មក​ពី​​​ខ្ញុំ​មិន​បាន​លេង​សើច​ជា​មួយ​ក៏​មិន​ដឹង… បើ​បាន​ទៅ​លើក​ក្រោយ ខ្ញុំ​នឹង​លេង​ជា​មួយ​តា​គិរីផល និង​យាយ​មេ.ស អោយ​ដឹង​ដៃ​ម្តង… :-D​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s