វិចិត្រសាល

វត្តព្រះវិហារធំ, អតីតអារាម​របស់​​​ “នេនទុំ”…


«...ថ្លាថ្លែងសម្តែងដើម​ឈ្មោះ ទុំ        នៅស្រុក បាភ្នំ ដែនដីស្រែ        កើតកបទំនៀមមានឪមែ        ប៉ុន្តែហេតុត្បិតឥតសម្តែង ។        កើតឡើងលុះធំល្មមប្រមាណ        ឆ្នាំច្រើនសោតបានម្តាយតុបតែង        យកទៅអោយរៀនចោលគ្រឿងល្បែង        ស្វះស្វែងនៅ វត្តវិហារធំ។»

ខាងលើ​នេះ ជា​ខ្លឹមសារ​កំណាព្យ​រឿង “ទុំទាវ” ​និពន្ធ​ដោយ​ព្រះបទុមត្ថេរ សោម​ ដែល​ប្រវត្តិ​នៃ​រឿងនេះ បាន​កើត​ឡើងនៅសម័យ​លង្វែក ​ក្នុង​រាជ​ព្រះបាទ​ រាមាជើងព្រៃ ​ក្នុង​ចន្លោះ​​ពី​ឆ្នាំ​១៥៩៤-​១៥៩៦ ។ ​ប្រវត្តិ​រឿង​រ៉ាវ​ស្នេហា​របស់​កំឡោះ​ទុំ នៅ​បាភ្នំ ខេត្ត​ព្រៃវែង និង​កញ្ញា​ទាវ នៅ​ត្បូងឃ្មុំ ខេត្តកំពង់ចាម ត្រូវ​បាន​ផ្តល់​តំលៃ​ជា​សកល ដោយ​អ្នក​និពន្ធ​​អន្តរជាតិ ​ចាត់ប្រដូច​ ទុំទាវ ទៅនឹង Romeo and Juliet របស់​កម្ពុជា​ពិតៗ…។

ដោយ​​សុំ​មិន​ចូល​ជ្រៅ​​ទៅលើ​​ទិដ្ឋភាព​ទូទៅ​ ដែល​បណ្តាល​អោយ​​​មាន​សោក​នាដកម្ម​​​ទៅ​លើ​តួអង្គទុំ និង ទាវ, គឺ​ខ្ញុំ​គ្រាន់​តែ​ចង់​បង្ហាញ​ពី​ទី​អារាម​មួយ​​ ដែល​មាន​ជាប់​ទាក់​ទង​ទៅ​នឹង​ប្រវត្តិ​នៃ​ទី​កន្លែង​របស់​​តួ​អង្គ​ ទុំ ​ក្នុង​រឿង​នេះ​​តែ​ប៉ុណ្ណោះ… នោះ​គឺ​អារាម ​វត្ត​ព្រះ​វិហារធំ ឬ​ វត្តវិហារធំ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ភាគ​ខាង​ជើង ជ្រុង​ខាងកើត​ភ្នំ​ឈើកាច់​ ក្នុង​ស្រុកបាភ្នំ នេះឯង…។​

ខ្ញុំ​បាន​ទៅដល់​វត្តវិហារធំ ចំពេល​ថ្ងៃ​ត្រង់…។ ព្រះវិហារ​មាន​សភាព​ស្ងាត់​ជ្រងំ, ឯ​នៅ​ជណ្តើរ​ឧបដ្ឋាន​សាលា​ដែល​ស្ថិត​នៅ​ចំ​ខាង​លិច​ព្រះវិហារ ខ្ញុំ​ឃើញ​មាន​លោក​នេន​មួយក្រុម​ កំពុង​ដើរ​ឡើង​លើ​សាលា និង​បាន​ងាកមើល​មក​ខ្ញុំ​ស្រ​ ក្នុង​ភាពងឿង​ឆ្ងល់។ នៅ​ជាប់​ខាង​ត្បូង​ឧបដ្ឋាន​សាលា​ ដែល​សង់​ពី​ថ្ម​ខ្ពស់​ផុត​ពី​ដី​នេះ គឺ​ជា​កុដិ​ព្រះ​សង្ឃ​គង់​នៅ។ ត​ជាប់​ពី​ខាង​ត្បូង​កុដិ​ព្រះ​សង្ឃ គឺ​មាន​អាគារ​ពុទ្ធិក​បឋម​សិក្សា និង​អាគារ​ពេទ្យ ​មួយ​ខ្នង ដែល​ខ្ញុំ​មិន​ដឹង​ថា តើសំរាប់​តែ​ព្យាបាល​ព្រះសង្ឃ ឬ​​ទទួល​ព្យាបាល​​អ្នក​ស្រុក​ដែល​នៅ​ក្បែរ​ខាង​នេះ​ដែរ ឬ​យ៉ាង​ណា?…​

នៅ​ខាង​ជើង​ព្រះ​វិហារ មាន​សំណង់​កំពុង​កសាង ធ្វើ​ពីដុំឥដ្ឋ ឃើញ​មាន​ពីរ​អាគារ។ ឯ​អាគារ​មួយ​ទៀត សង់​ពី​ឈើលើ ថ្មក្រោម ​នៅ​ជាប់​ខាង​ជើង​ឧបដ្ឋាន​សាលា ក៏​នៅ​មិន​ទាន់​ហើយ​រួច​រាល់​នៅ​ឡើយ​ដែរ។

នៅប៉ែក​ខាង​កើត​ព្រះ​វិហារ គឺជា​តំបន់​ចេតីយ៍ មាន​តូច​មាន​ធំ ខ្ពស់ទាប ចាស់​ថ្មី​ ស្ថិត​នៅ​លាយ​ឡំ​គ្នា។ ក្នុង​ពេល​កំពុង​ដើរ​ក្រឡឹង​ថត​ព្រះវិហារនេះ ខ្ញុំ​​ឮ​​​សំឡេង​សត្វ​ព្រាប​ថ្ងូរ​នៅ​សំយាប​ដំបូល​ព្រះ​វិហារ ឮស្រដៀង​នឹង​ស្អី​​កំពុង​បំពេរ​កូន ទាំង​កណ្តាល​ថ្ងៃ​ត្រង់… ហើយ​នៅ​ពេល​ខ្ញុំ​ចូល​ក្នុង​ព្រះ​វិហារ​​ បំរុង​ថ្វាយ​បង្គំ​ព្រះ​ពុទ្ធ​បដិមា និង​ថត​ទិដ្ឋភាព​ខាង​ក្នុង​ព្រះ​វិហារ, ស្រាប់​តែ​ខ្ញុំ​ក្រឡេក​ទៅ​ប៉ែក​ខាង​ជើង​បល្ល័ង្គ​​ព្រះ​អង្គ​ធំ ឃើញ​ម្ឈូស​ឈើ​​ទន្ទឹម​គ្នា​ពីរ នៅ​ហ្នឹង​ថ្កល់… រួច​ខ្ញុំក៏​​​ដើរ​ត្រឡប់​​ថយ​ក្រោយ​យ៉ាង​លឿន ជា​មួយ​នឹង​អារម្មណ៍ «ហ្គឺហ្គោម» យ៉ាង​ចំឡែក..!!.. :-D​ ​

នៅ​​ប៉ែក​ខាង​ជើងក្លោង​ទ្វារ​វត្ត ច្រក​ចូលពី​ខាង​កើត​ មាន​ទួល​មួយ​ដែល​មាន​ដើម​ឈើ​ដុះ​ស៊ុប​ទ្រុប… គឺ​ទីនេះ​ហើយ​​ដែល​​អ្នកស្រុក​​បាន​អះអាង​ថា ជា​ទួល​ដំបូក​​កន្លែង​នេនទុំ មក​ពួន​លួច​សឹក​ចាក​សិក្ខាបទ​​ដោយ​ឯក​ឯង ដោយ​សារ​តែ​អារម្មណ៍​នឹក​​គ្រឺត​​ “អូនទាវ” ខ្លាំ​ង​ពេក​ ទ្រាំ​លែង​បាន​..!!..??..

ពេលបាន​ឃើញ​ទួល​ព្រៃ កន្លែង​អនុស្សាវរីយ៍​របស់​​នេនទុំ ​ដែល​បន្សល់​​ទុក​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ​ នាំ​អោយ​ខ្ញុំ​នឹក​ទៅ​ដល់​កំណាព្យ​​​​របស់​ព្រះ​បទុមត្ថេរ សោម ត្រង់​​វគ្គ​នេន​ទុំ ​លួច​សឹក​នេះ​ថាៈ

«...វន្ទាវន្ទៈអ្នកកុំឃាត់        ផ្លាស់ស្បង់ចោលម៉ត់មិនស្រណោះ        រួចស្លៀកសំពត់ហូលល្អស្រស់        លើកអស់អង្ស័កដាក់ទុកទើរ ។        ព្រឹក្សាប្រគាបទាបជិតដី        បណ្ឌិតទុំថ្មីគាត់ហ៊ានធ្វើ        សឹកស្រេចចរត្រាច់ដើរលលើ        អំពើពុតខូចមិនរួចខ្លួន...។»​​

សូម​ជំរាបជូន​ថា វត្តវិហារធំ មាន​ក្លោង​ទ្វារ​ចូល​ពីរ គឺ​នៅ​ចំ​ខាង​ត្បូង​មួយ និង​មួយ​ទៀត​​នៅ​ចំខាង​កើត​ព្រះវិហារ​ ដែល​ស្ថិត​នៅ​ចំងាយ​ប្រមាណ​ជាង ១០ម៉ែត្រ ពី​ខាង​ត្បូង​​ទួល​នេន​ទុំ​សឹក។

​ខាងក្រោមនេះ ជា​ទិដ្ឋភាព​ទូទៅរបស់​អារាម​វត្ត​វិហារធំ ក្នុង​ស្រុក​បាភ្នំ ខេត្តព្រៃវែង ដែល​ខ្ញុំ​ថត​ទុក​ជា​ឯកសារ នា​ដើមខែវិច្ឆិកា ឆ្នាំ២០១៣ នេះ…៕

ស្រុកស្រែ

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s