វិចិត្រសាល

អារាមវត្តប៉ាហ៊ី ក្រុងប៉ៃលិន


ក្នុងឳកាស​ខ្ញុំ​បាន​ទៅ​ដល់​ប៉ៃលិន​កាល​ពី​សប្តាហ៍​មុន​នេះ, ក្រោយ​ពេល​ចុះ​ពី​ភ្នំយ៉ាត​ទៅ ខ្ញុំ​ក៏មិន​ភ្លេច​​ទៅអើត​មើលទីអារាម​ដ៏​ល្បី​ល្បាញ​មួយ​នៅ​ក្នុង​ទី​ក្រុង​ត្បូង​របស់​យើង​នេះ… នោះ​គឺ​វត្ត​ប៉ាហ៊ី!…។

វត្តប៉ាហ៊ី មាន​ឈ្មោះ​ពិត​ថា វត្តពោធិមារាម ស្ថិត​នៅ​ខាង​ជើង​រង្វង់​មូល​វិមានឯករាជ្យ ជាប់​នឹង​ថ្នល់​កៅស៊ូ ដែល​វិថី​នេះ រត់​ត្រង់​ពី​ជើង​ទៅ​ត្បូង សំដៅ​ភ្នំយ៉ាត…។

ព្រះវិហារ​វត្តពោធិមារាម ឬវត្តប៉ាហ៊ី​ មាន​ទំហំ​តូច​ច្រឡឹង និង​សង់បន្តើត​លើ​ខឿន​ដែល​មាន​កំពស់​ប្រហែល​កន្លះម៉ែត្រ។ ខ្ញុំ​មិន​ដឹង​ប្រវត្តិ​នៃ​ការ​កកើត​ទី​អារាម​នេះ​ទេ ហើយ​កាល​ពី​ក្នុង​របប​ខ្មែរ​ក្រហម ទី​តាំង​នេះ ក៏​មក​ដឹង​ពួកគេ​ប្រែ​ក្លាយ​ទៅ​ធ្វើ​ស្អី​ដែរ។ អ្វី​ដែល​ដឹង​ច្បាស់​នោះ គឺ​ព្រះ​វិហារ​នេះ​ទើប​នឹង​ជួស​ជុល​ ឬ​ធ្វើ​ថ្មី​ឡើង​វិញ​តែ​ប៉ុណ្ណោះ ព្រោះ​ពិដាន​ខាង​ក្នុង ឃើញនៅ​ចំហ​ធ្លុង មិន​ទាន់​ហើយ​រួច​រាល់​នៅ​ឡើយ​ទេ។ ឯ​​កាល​បរិច្ឆេទ​នៃ​ការ​ជួស​ជុល ឬ​ធ្វើ​ជា​ថ្មី​ឡើង​វិញ​នេះ ខ្ញុំ​ក៏​មិន​ដឹង​ដែរ ព្រោះ​រក​មនុស្ស​សួរ​នាំ​មិន​បាន​សោះ។

នៅ​ខាង​ត្បូង​ព្រះវិហារ មាន​ដើមពោធិធំ​មួយ​ដើម ហើយ​នៅ​ខាង​កើត​ដើម​ពោធិ​នេះ គឺមាន​​ចេតីយ៍​ចំណាស់​មួយ។ រីឯ​នៅលិច​ដើម​ពោធី គឺជា​កុដិ​ព្រះ​សង្ឃ​ធំមួយ​ សង់​ពី​បេតុង​កំពស់​មួយ​ជាន់។ នៅ​លើ​​ជញ្ជាំង​ខាង​ក្រៅ​​កុដិ​ជាន់​ខាងលើ មាន​ផ្ទាំង​គំនូរ​ហូរ​ហែ ​​ដែល​រៀប​រាប់​ពី​ពុទ្ធប្រវត្តិ, ចំណែក​នៅ​លើ​ជញ្ជាំង​ជាន់ខាង​ក្រោម ក៏មាន​ផ្ទាំង​គំនូរ​ហូរ​ហែ​ដែរ ​ដែល​និទាន​តាម​ដំណើរ​រឿង​កូឡាប​ប៉ៃលិន របស់​អ្នក​និពន្ធ​ ញ៉ុក ថែម នៅ​ត្រង់​ឈុត​ចៅចិត្រ​កំពុង​ជីក​ត្បូង, ចៅចិត្រ​ជូន​ឃុននារី​ដើរ​ផ្សារ, និង​សកម្មភាព​ថៅកែ​ត្បូង គឺ​ហ្លួង​រតនៈសម្បត្តិ កំពុង​ពិនិត្យ​មើល​គ្រាប់​ត្បូង…។

នៅ​ប៉ែក​ខាង​កើត​ព្រះ​វិហារ​ មាន​អាគារសិក្សា​ពីរ ដែល​សង់​ដង្ហែ​គ្នានៅ​ជាប់​របង​វត្ត ដោយ​បន្សល់​ទុក​ចន្លោះ​​រវាង​​​ព្រះវិហារ និងអាគារ​សិក្សា បង្កើត​បាននូវ​​ទីធ្លា​ធំ​​​ទូលាយ​មួយ។ នៅ​ប៉ែក​ខាង​ជើង​ព្រះវិហារ ក៏​មាន​ទី​ធ្លា​ស្រឡះ​ល្វឹង​ដែរ។ ចំណែក​នៅ​ខាង​លិច​ព្រះវិហារ ប៉ែកខាង​ជើង ឃើញ​មាន​អាគារ​ថ្មី​មួយ មាន​កំពស់​មួយ​ជាន់ ​កំពុង​សាងសង់ អាច​ជា​អាគារ​ពុទ្ធិក​សាលាបាលី​​ផង​ក៏​មិន​ដឹង, ហើយ​ហួស​ពី​អាគារ​កំពុង​សាងសង់​នេះ​ទៅ​ខាង​ជើង គឺជា​ឧបដ្ឋាន​សាលា។

តាម​ការ​កត់​សំគាល់​របស់​ខ្ញុំ​ ទី​អារាម​នេះ​មិន​សំបូរ​ចេតីយ៍​ និង​ផ្នូរ​ម៉ុងចិន​ស្ថិត​នៅ​ស្អេក​ស្កះ​​ព័ទ្ធ​ជុំវិញ​ព្រះវិហារ​ ដូច​អារាម​នានា ​នៅ​ក្រុង​បាត់​ដំបង​ទេ។ បែប​នេះ​ គឺ​មិន​ធ្វើ​អោយ​អ្នក​ចូល​ទស្សនា​ មាន​អារម្មណ៍​ព្រឺព្រួច ភ័យ​ខ្លាច​សោះ​ឡើយ។ ខ្ញុំ​គិត​ថា ប្រសិន​បើ​ខាង​អាជ្ញាធរ​ក្រុង​ប៉ៃលិន រៀប​ចំ​កែ​លំអ​អោយ​មាន​សោភ័ណភាព អនាម័យ និង​​បរិស្ថាន​បន្ថែម​ទៀត នៅ​ក្នុង​បរិវេណ​វត្ត​នេះ​ទាំង​មូល គឺ​ពិត​ជា​អាច​ទាក់​ទាញ​ភ្ញៀវ​ទេសចរណ៍​ជិត​ឆ្ងាយ ​​អោយ​ចង់​ទៅ​ឃើញ​ទីក្រុង​ប្រវត្តិសាស្រ្ត និង​សំបូរ​ត្បូង​របស់​យើង​មួយ​នេះ ជាក់​ជា​មិន​ខាន។

ខាងក្រោមនេះ ជា​ទិដ្ឋភាព​ទូទៅ​នៃ​ទីអារាម​ពោធិមារាម ហៅ​វត្តប៉ាហ៊ី ដែល​ខ្ញុំ​ថត​ទុក​ជា​ឯកសារ នាខែវិច្ឆិកា ឆ្នាំ២០១៣ នេះ…

ស្រុកស្រែ

Advertisements

4 responses to “អារាមវត្តប៉ាហ៊ី ក្រុងប៉ៃលិន

  1. ចង់ទៅមើល រ៉ែត្បួង និងភូមិជនជាតិកូឡានៅប៉ៃលិន។ តើមាននៅសល់ដែរឬទេ?

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s