វិចិត្រសាល

បាងកកខ្ចាត់ខ្ចាយ សប្បាយអង្គរវត្ត..!!..


អ្វីដែល​ខ្ញុំ​ទន្ទឹង​រង់​ចាំមើល​​​នូវព្រឹត្តិការណ៍​​ «​ពុទ្ធទំនាយ» មួយឃ្លា ដែល​មាន​ខ្លឹមសារ​​​ដាក់​​ទំនាយ ឬដាក់​បណ្តាសាដល់​ប្រទេស​ចំនួន​បីគឺៈ «បាងកករលំ ភ្នំពេញរលាយ ព្រៃនគរខ្ចាត់ខ្ចាយ សប្បាយអង្គរវត្ត» ប្រហែល​​ជា​ជិត​មក​ដល់ហើយ…។

ដោយសារ​តែ​ការ​វិវត្តន៍​នៃព្រឹត្តិការណ៍​​ដ៏​ក្តៅ​គគុក​នៅប្រទេស​ថៃ ​ក្នុងសប្តាហ៍​នេះ និងនៅ​សប្តាហ៍​ខាង​មុខៗ​ទៀត គឺប្រហែល​​ជា​អាច​​បំពេញ​បាន​នូវ​​ឃ្លា​ប្រយោគ​ខាងលើ​​នេះ​…។

ភ្នំពេញរលាយ គឺយើង​បាន​ឆ្លងកាត់​រួច​ហើយក្នុង​របបកម្ពុជា​ប្រជាធិបតេយ្យ​របស់​​ខ្មែរក្រហម ដោយ​ពួកគេ​បាន​ធ្វើ​អោយ​រាជធានី​ភ្នំពេញ​របស់​យើង​ក្លាយ​ទៅ​ជា «មានផ្ទះឥតមនុស្សនៅ មានផ្លូវ​ឥត​មនុស្ស​ដើរ!» ក្នុង​ចន្លោះពីខែមេសា ឆ្នាំ ១៩៧៥ ដល់ដើមខែមករា ឆ្នាំ១៩៧៩…។

ព្រៃនគរខ្ចាត់ខ្ចាយ ក៏បាន​ឆ្លងកាត់​រួចហើយ… គឺ​ពេល​ដែលអតីត​ទីក្រុងខ្មែរ​យើង​​មួយនេះ​ មាន​ឈ្មោះ​ថា សៃហ្គន ​គ្រប់​គ្រង​ដោយ​រដ្ឋាភិបាល​វៀតណាម​ខាងត្បូង ត្រូវ​បាន​ធ្លាក់​ចូល​ក្នុង​កណ្តាប់​ដៃ​កងទ័ព​វៀតណាម​ខាងជើង នា​ខែ​មេសា ឆ្នាំ១៩៧៥, បច្ចុប្បន្ន​មាន​ឈ្មោះថា ទីក្រុង​ហូជីមិញ ។ គឺ​នៅ​ក្នុង​ឆ្នាំ១៩៧៥ នេះហើយ ដែល​​ប្រទេស​​អាមេរិក ជា​អ្នក​គាំទ្រ​រដ្ឋាភិបាល​វៀតណាម​ខាងត្បូង បាន​រត់​ «ខ្ចាត់ខ្ចាយ!»… គឺរត់ទាំង​ភ្នែក​នៅ​កញ្ចឹង.ក ចេញ​ពី​ទីក្រុង​ព្រៃនគរ…។

សប្បាយអង្គរវត្ត គឺ​ក្រុងអង្គរ​បច្ចុប្បន្ន​នេះ​ហើយ ដែល​​សប្បាយ​​អ៊ូអរ​ទាំង​យប់​ទាំង​ថ្ងៃ ដោយសារ​ភ្ញៀវ​ទេសចរណ៍​ណែនៗ​ ​​ចូល​មក​ទស្សនា​​ប្រាសាទ​ដ៏​មហស្ចារ្យ​របស់​ដូនតា​យើង…។ ហេតុការណ៍​សប្បាយអង្គរវត្តនេះ ក៏​បាន​​ធ្វើ​អោយ​ក្រុមហ៊ុន​​របស់​លោកតា សុខគង់ «សប្បាយ» ប្រមូល​លុយ​ចង់​ងាប់ដែរ..!!.. 😀

នៅឡើយតែឃ្លា​ទីមួយ ទំនាយថា បាងកករលំ គឺ​អត់ទាន់​ឃើញ… ឬក៏ជិតមកដល់​? (ខ្ញុំមិន​បន់​ទេ, បាទ!)។ ដោយ​ហេតុនេះ​ ដើម្បី​អោយ​ត្រូវ​តាម​លំដាប់​លំដោយ ខ្ញុំគិត​​សុំដូរ​ឃ្លា​បណ្តាសា​របស់​ព្រះពុទ្ធ​ជា​ម្ចាស់​ខាង​លើ​ អោយទៅជាៈ «ភ្នំពេញរលំ ព្រៃនគរ​រលាយ បាងកក​ខ្ចាត់ខ្ចាយ សប្បាយ​អង្គរវត្ត» វិញ​ ដូចជា​ឡូស៊ីក​​ជាង…។

នៅពេល​ដែល​​កំដៅ​នយោបាយ​ប្រទេស​ថៃនា​ពេល​បច្ចុប្បន្ន បាន​ឡើង​ដល់​កំរិត សឹងតែ​ពុះ​ចែក​ប្រទេស​ជា​ពីរ​ទៅ​ហើយនោះ, តាម​មើល​ទៅ ទីក្រុង​បាងកក ប្រហែល​ជា​ជៀស​មិន​ផុត​ពី​ការ​ «រលំ ឬខ្ចាត់ខ្ចាយ» នា​ពេល​អនាគត​មិន​យូរ​ទេ​មើល​ទៅ។ ប្រសិន​បើ​គិត​ថយក្រោយ​កាល​ពី​ ១០ឆ្នាំមុន, គឺ​ច្បាស់​ជាគ្មាន​នរណា​នឹក​ស្មាន​ដល់​ថាៈ ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ជឿន​លឿន, ជាអារិយ​ប្រទេស ឬ​ប្រទេស​ដែល​ចាត់​ទុក​ជា​បងធំ​មួយ​​ក្នុង​​​​អាស៊ាន​ អាច​​នឹង​មាន​កើត​ហេតុការណ៍​កោលាហល​ ពេញ​ទីក្រុង​ដ៏​ទំនើប​​បែប​នេះ​ឡើយ…។

មាន​ចំណុច​មួយ​ដែល​ខ្ញុំ​នៅ​តែ​គិតៈ តើ​ភាព​ច្របូក​ច្របល់​នៅ​ក្នុង​ទីក្រុង​បាងកក បច្ចុប្បន្ន​នេះ, វា​ជា​ចំណែក​មួយ​នៃ​សេណារីយោ​របស់​រាជវាំងថៃ និង​ក្រុម​យោធាថៃ​ ដើម្បី​ជា​លេស​ក្នុង​ការ​ពន្យា​ពេល​ ឬ​គេចវេះមិន​អនុវត្តន៍​សាលដីកា​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ ស្តីពី​ជំលោះក្បែរ​តំបន់​​ប្រាសាទ​ព្រះវិហារ​របស់​កម្ពុជាយើង ពិត​មែន​ទេ? ព្រោះថា ភាគី​កម្ពុជាយើង​ ត្រូវ​តែ​រង់ចាំ​​ខាងភាគី​ថៃ​ ដើម្បី​អនុវត្តន៍​សាល​ដីកា​រួមគ្នា​អោយ​មាន​ប្រសិទ្ធិភាព។ ចុះ​បើ​ខាង​ភាគីថៃ ចេះ​តែ​អូស​បន្លាយ​ពេលបែប​នេះ, ដល់​យូរៗទៅ ភ្លេចត្រចៀក​បាត់..!!..

ប្រសិនបើ​គ្រាន់​តែ​ចង់​គេចវេះ​​មិន​អនុវត្តន៍​សាលដីការ ​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ​ ហើយ​អ្នក​នយោបាយ​ថៃ បាន​ប្រើ​វិធី​បិទ​ទីក្រុង​បាងកក បង្កើត​​នូវ​ភាព​ចលាចល​ក្នុង​ទីក្រុង, រហូត​ដល់​ថ្នាក់​ធ្វើ​អោយ​ «បាងកក​រលំ-​ខ្ចាត់ខ្ចាយ» ត្រូវ​តាម​ពុទ្ធទំនាយ​​ពិត​មែន​នោះ, ​ខ្ញុំ​គិត​ថា ប្រទេស​ថៃ​ បាន​លះបង់​តំលៃ​ធំណាស់ ដើម្បី​​គេច​ចេញ​ពី​ភាព​អាមាស់ ក្នុងរឿង​ជំលោះ​ប្រាសាទ​ព្រះវិហារ​ដ៏​ពិសិដ្ឋ​របស់​យើងនេះ..៕

កងទ័ពថៃកំពុងសំរាកយកកំឡាំង

កងទ័ពថៃកំពុងសំរាកយកកំឡាំង… កងទ័ពគឺជាឈ្នួនផ្ទុះ ដែលធ្វើអោយ​ក្រុងបាងកក អាចរលំខ្ចាត់ខ្ចាយបាន..!!.. (រូបថតគេហទំព័របរទេស)

បាងកក ជិតរលំ ខ្ចាត់ខ្ចាយ...

ក្រុងបាងកកបច្ចុប្បន្ន ប្រៀបដូច​ជាធុងរំសេវមួយ…។ ប្រសិនបើឈ្នួនផ្ទុះ(កងទ័ព) ប៉ះជាមួយ​កំទេចផ្កាភ្លើង(ក្រុមបាតុករអាវក្រហម) គឺទីក្រុងដ៏​ទំនើបមួយនេះ ច្បាស់​ជា​មាន​ការ​បង្ហូរ​ឈាមគ្នាដោយជៀសមិនរួច… (រូបថតគេហទំព័របរទេស)​

ដល់ពេល«សប្បាយអង្គរវត្ត»

ដល់ពេល «សប្បាយអង្គរវត្ត» ហើយ..!!..

ស្រុកស្រែ

Advertisements

9 responses to “បាងកកខ្ចាត់ខ្ចាយ សប្បាយអង្គរវត្ត..!!..

  1. សប្បាយតែអាយួនសុខគង់ដដែរណឹង?

  2. ទំនាយព្រះពុទ្ឋិពិតជាឈុតមិនចាញ់ទំនាយហោរាចារ្យចារនី បាបា វ៉ាន់ហ្ការបស់ប្រទេសប៊ុលហ្ការីដែលបានទាយថា អាដុល ហ៊ីត្លែរនឹងមិនស្លាប់ដោយសារស្នាដៃមនុស្សណាម្នាក់ឡើយ។

  3. ស្រមើ​ស្រមៃ ដូច​យល់​សប្តិ​កណ្ដាល​ថ្ងៃ​ត្រង់

  4. នយោបាយសៀមឬថៃនេះ
    វាក្រលាស់លឿនដូចបាតដៃចឹង
    កុំឆាប់ទាយពេក.
    ខ្លាចតែខ្មែរយើងទេ បាតដៃពិបាក ក្រលាស់ណាស់.
    បើផ្កាប់វិញគឺផ្កាប់ងាប់មុខតែម្តង បើក្រលាស់វិញ
    គឺក្រលាស់យ៉ាងរំភើយ!

  5. ឆ្ងល់​ដែរ តើព្រះ​ពុទ្ធ​មាន​គុំ​នុំ​អី ជា​មួយ​ប្រជាជន​ខ្មែរទៅ????

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s