វិចិត្រសាល

កត់ត្រារហ័ស៖ ជីវិតពលករខ្មែរ​មួយ​រូប ដែល​ទៅ​ធ្វើ​ការ​នៅ​​ប្រទេស​ថៃ តាម​រយៈ​​ក្រុមហ៊ុន​មួយ…​


សំណាង

ពលករ​ឈ្មោះ សំណាង

សំណាង ជា​ឈ្មោះ​ខ្ញុំ​ដាក់អោយ​​ពលករ​ខ្មែរ​មួយ​រូប ដែល​ខ្ញុំ​បាន​ជួប​ដោយ​ចៃដន្យ​ នៅ​ក្នុង​ហាង​កាហ្វេ​មួយ ជិត​បេនឡាន​ក្រុង,​ ក្នុង​ក្រុងបាត់ដំបង កាល​ពី​ថ្ងៃទី ២៥ មករា ម្សិល​មិញ​នេះ…។

ជា​ពលករ​ចំណាក​ស្រុក​មួយ​រូប ក្នុង​ចំណោម​ពលករ​ចំណាក​ស្រុក​​ស្រប​ច្បាប់​ដទៃៗ​ទៀត, សំណាង​ ទើបត្រឡប់​មក​ពី​ធ្វើ​ការ​ក្នុង​ប្រទេស​ថៃ ក្រោយ​ពេល​លក់​កំឡាំង​​ជា​កម្មករ​សំណង់ ​អស់​រយៈ​ពេលជាង​បីខែ​រួច​មក។

ដោយ​ចំណាយ​ពេល​ជិត ​១៥នាទី, សំណាង​ បាន​អោយ​ខ្ញុំ​​ដឹងនូវ​​រឿងរ៉ាវ​ផ្ទាល់​ខ្លួន​​ហូរហែ និង​រឿង​រ៉ាវ​ខ្លះ​​ទៀត​ដ៏​គួរ​អោយ​ជក់​ចិត្ត តាំង​ពី​នៅមុនពេល​ធ្វើ​ចំណាក​ស្រុក រហូតដល់​ក្នុង​អំឡុង​ពេល​ផ្ញើ​ខ្លួន​នៅ​ស្រុក​គេ អស់​រយៈ​ពេល​ជាងបីខែ​កន្លង​ទៅ​​នេះ។

ខាង​ក្រោម​នេះ ជា​កំណត់ត្រា​រហ័សនូវ​រឿង​រ៉ាវ​ពិតរបស់​ សំណាង ដែល​ខ្ញុំ​បាន​ជជែក​លេង​តាម​របៀប «សួរ​ជីក​ឬស ជីក​គល់»​… រួច​ខ្ញុំ​​សរសេរ​ចងក្រង​ឡើង​វិញ​តាម​លំដាប់​លំដោយ​ដូចតទៅ…

___________________________

សង្ឃឹមថា នឹងសន្សំប្រាក់​បានច្រើន​ផ្ញើមក​ផ្ទះ…

មាន​កំណើត​ក្នុង​ស្រុក​រមាសហែក ខេត្ត​ស្វាយរៀង, សំណាង ដែល​មាន​វ័យជិត ៤០​ឆ្នាំ​ មិន​ធ្លាប់​ដែល​បាន​ឈាន​ជើង​ចាក​ចេញ​ពី​ភូមិ​​កំណើត​ ​ចោល​ក្រុម​គ្រួសារ​គាត់​​ម្តង​ណា​ឡើយ។ នៅក្នុង​បន្ទុក, គាត់​មាន​ភរិយា និង​កូនបីនាក់​ (ប្រុសមួយ ស្រីពីរ)។

ឆ្លៀត​ពេលទំនេរ​​ពី​ការ​ធ្វើ​ស្រែ​​ នៅ​លើ​ផ្ទៃ​ដី​ដ៏​តូច​ចង្អៀត​, សំណាង និង​ភរិយា រួម​ទាំង​កូនប្រុស​ច្បងរបស់​គាត់ នៅបាន​ដើរ​លក់​កំឡាំង​ជាហូរហែ​ តាម​រយៈ​​ការ​​​ស៊ីឈ្នួល​ដាំដំឡូង ដកដំឡូង និង​ធ្វើស្មៅ​​ដំឡូង​​ជាដើម…។ ដោយ​សារឆ្នាំ​​កន្លង​ទៅ លែង​សូវ​មាន​អ្នក​ដាំ​ដំឡូងទៀត ព្រោះ​អ្នក​ដាំ​មុនៗ​ មិន​សូវ​បាន​ផល, ខាតច្រើន… ទើប​ក្រុម​គ្រួសារ​របស់​សំណាង ​លែងសូវ​មាន​​ការងារធ្វើ​ រក​ប្រាក់​កំរៃក្រៅ​ពី​ធ្វើ​ស្រែ​​​​​​​ទៀតបាន​​​។

ស្ថិត​ក្នុង​សភាព​គ្មាន​ការ​ងារ​ធ្វើ​បែបនេះ, កាល​ពី​អំឡុងចូលឆ្នាំខ្មែរ នា​ខែមេសា ឆ្នាំ​២០១៣ កន្លង​ទៅ ​មាន​អ្នក​ដើរ​ខ្សឹប​តៗគ្នាតាម​ភូមិ… គឺ​ខ្សឹប​​ឃោសនាថាៈ «ត្រូវការ​រើស​កម្មករ​សំណង់… ជា​កម្មករ​ស្របច្បាប់ ទៅធ្វើ​ការ​នៅ​ប្រទេស​ថៃ… មាន​ប៉ាស្ព័រ​ត្រឹមត្រូវ… ទទួល​បាន​ប្រាក់​ខែ​ច្រើន!…»។​​

ពីដំបូងៗ សំណាង មិន​ចាប់​អារម្មណ៍​ទេ។ តែ​ក្រោយពេល​អ្នក​ភូមិ​គាត់បួន​ប្រាំនាក់ មក​តឿន​បបួល​ខ្លាំង​ពេក, គាត់​ក៏ដាច់​ចិត្ត​ ​«អឺអើ» ជា​មួយ​គេ​ឯង​ទៅ…។ ហេតុផល​ចំបងដែល​នាំ​អោយ​គាត់ «អឺអើ» ​គឺៈ “ចង់​សន្សំ​ប្រាក់​អោយ​បាន​ច្រើន” ដើម្បី​ផ្ញើ​មក​ប្រពន្ធកូន, ​ព្រោះ​អ្នក​ដើរ​ឃោសនា​បាន​អួត​ប្រាប់ថា ក្នុង​មួយខែៗ យ៉ាង​ហោច​ណាស់ ក៏សល់​ប្រាក់​បាន​មួយលានរៀល​ផ្ញើ​មក​ផ្ទះ​ដែរ..!!..

ទៅ​ចុះឈ្មោះ និងកក់ប្រាក់ជូន​«មេខ្យល់»…

នៅក្នុង​អំឡុង​ដើ់ម​ខែឧសភា ឆ្នាំ២០១៣ គឺ​ក្រោយ​ពិធីបុណ្យ​ចូល​ឆ្នាំខ្មែររួច, សំណាង និង​គ្នីគ្នា​គាត់​បួននាក់​ទៀត បានធ្វើ​ដំណើរ​​ទៅ​ផ្ទះ «​មេខ្យល់» ដែល​ស្ថិត​នៅ​ក្នុង​ឃុំមួយ​នៃ​ស្រុក​កំចាយមារ ខេត្តព្រៃវែង។ ពេល​ទៅ​ដល់, គេ​បាន​យក​អត្តសញ្ញាណប័ណ្ណ​មក​កត់ត្រា​ ផ្ទៀង​ផ្ទាត់​ម្នាក់​ម្តងៗ រួច​គេ​បាន​តំរូវ​អោយ​បង់​ប្រាក់​​​ម្នាក់ៗ​ ចំនួន ២០ម៉ឺន​រៀល​ (ប្រមាណ ៥០ដុល្លារ) ដើម្បី​ជា​ការ «កក់សំដី!»។ ប្រសិន​បើ​ប្តូរ​ចិត្ត​ មិន​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​វិញ​ទេ នោះ​ប្រាក់​កក់​នេះ នឹង​ត្រូវ​ស៊ីដាច់..!!..

ឡើងមកភ្នំពេញ ដើម្បី​ធ្វើ​លិខិតឆ្លងដែន…

បន្ទាប់​ពី​កក់​ប្រាក់​រួច សំណាង ត្រូវ​រង់ចាំ​រយៈ​ពេល​ប្រហែល​​មួយ​ខែ​ទៀត​​ ទើប​បាន​មេខ្យល់ ហៅ​ប្រមូល​គ្នាអោយ​​ឡើង​មក​ភ្នំពេញ ដើម្បី​ថតរូប​ធ្វើ​ប៉ាស្ព័រ, គឺ​នៅ​ពាក់​កណ្តាល​ខែមិថុនា ឆ្នាំ២០១៣…។

ថ្ងៃកំណត់​បាន​មក​ដល់, សំណាង រួម​នឹង​ប្រុសៗ​គ្នីគ្នា​គាត់ក្នុង​ភូមិ​ ដែល​ស្ថិត​ក្នុង​វ័យ​ស្រករ​គាត់​ បាន​ធ្វើ​ដំណើរ​តាម​រថយន្ត​ឈ្នួល ១២កៅអី,​ ពីរមាសហែក ឡើង​មក​ភ្នំពេញ។ តាម​រយៈ​មេខ្យល់ រថយន្ត​ឈ្នួល​បានឈប់​ដាក់​មនុស្ស​ពីរ​បី​កន្លែង​ដើម្បី​បំពេញ​រថយន្ត ដែល​អ្នក​ដំណើរ​ទាំងអស់នោះ គឺ​ត្រូវ​ឡើង​ទៅ​ថតរូប​ធ្វើ​ប៉ាស្ព័រ​​ ដូច​ក្រុម​​របស់​ សំណាង ដែរ។

រថយន្ត​ឈ្នួលបាន​នាំ​ សំណាង និង​ក្រុម​របស់​គាត់ យក​មក​ដាក់​នៅ​ពីមុខ​ក្រុមហ៊ុន​នាំ​ពលករទៅ​ធ្វើ​ការ​ក្រៅ​ប្រទេស​មួយ ស្ថិត​នៅ​ម្តុំស្ទឹងមានជ័យ។ នៅក្នុង​ក្រុមហ៊ុន​ មាន​មនុស្ស​ជា​ច្រើន​ដែល​មក​ពីខេត្ត​នានា បាន​ឡើង​មកធ្វើ​ប៉ាស្ព័រ ​ដំណាល​គ្នា​ជា​មួយ​នឹង​ក្រុម​របស់ សំណាង ដែរ។ ពេល​មក​ដល់​​ក្រុមហ៊ុនភ្លាម, ក្រុមហ៊ុន​ក៏​ចាប់​ផ្តើម​ប្រមូល​លុយ​ថ្លៃ​ធ្វើ​ប៉ាស្ព័រ ក្នុង​ម្នាក់ៗ ១២០ដុល្លារ (ប្រមាណ ៤៨ម៉ឺនរៀល) ភ្លាមៗ​ដែរ។ ប្រមូល​លុយ​រួច ក្រុមហ៊ុន​ក៏យក​រថយន្ត​មក​ជញ្ជូន​ពលករ​យើង ដែល​ក្នុង​នោះ​មាន សំណាង ម្នាក់​ដែរ ដើម្បី​នាំ​យក​ទៅកាន់​​នាយកដ្ឋាន​ធ្វើ​លិខិត​ឆ្លងដែន ដែល​មាន​ទីតាំង​ស្ថិត​នៅ​ជិត​ភ្លើង​ស្តុប​ចំការមន។ ទំរាំ​ចប់​កិច្ចការ​នៅ​កន្លែង​ធ្វើ​លិខិត​ឆ្លងដែននេះ គឺ​ល្ងាចល្មម, ហើយ​ក្រុម​របស់ សំណាង ក៏​វិល​ត្រឡប់​មក​កាន់​លំនៅដ្ឋាន​រៀងៗ​ខ្លួន​វិញ​ទៅ…។

នៅ​ក្នុង​ហាង​កាហ្វេ, ខ្ញុំ​មើល​ក្នុង​លិខិត​ឆ្លងដែន​របស់​សំណាង ឃើញ​ដាក់​កាល​បរិច្ឆេទ​ធ្វើថ្ងៃ​ទី ២០ ខែមិថុនា ឆ្នាំ២០១៣ និង​ផុត​កំណត់​ថ្ងៃ​ទី ២០ ខែមិថុនា ឆ្នាំ២០១៦…។

ឡើងទៅភ្នំពេញ​ម្តងទៀត ដើម្បីរើស​ជំនាញការងារ…

បន្ទាប់​ពីថតរូបធ្វើ​ប៉ាស្ព័រ​រួច សំណាង និង​គ្នីគ្នាគាត់​ បានទន្ទឹង​​រង់ចាំ​ រហូត​មក​ទល់​នឹង​ចុង​ខែសីហា ឆ្នាំ២០១៣ ទើប​បាន​មេខ្យល់ ប្រកូក​ប្រកាស​អោយ​ប្រមូល​គ្នា​ឡើង​ទៅ​ភ្នំពេញ​ម្តង​ទៀត ដើម្បី​ទៅ​ធ្វើ​តេស្ត​សាកល្បងការងារ…។

ក្នុង​ពេល​កំពុង​ធ្វើ​ដំណើរ​តាម​ផ្លូវ, សំណាង ក៏​មិន​ដឹង​ថា ក្រុមហ៊ុន​នឹង​ធ្វើ​តេស្តគាត់​​ពី​អ្វី​ខ្លះ​​ទេ ហើយ​​គាត់ក៏​​មាន​ការ​បារម្ភ​ខ្លះៗ​ដែរ។ លុះ​មក​ដល់ភ្នំពេញ, ​​ក្រុមហ៊ុន​ក៏​​បាន​​នាំ សំណាង និង​គ្នីគ្នា​គាត់ មក​កាន់​ការដ្ឋាន​សំណង់ដ៏​ធំមួយ​ នៅជិត​​កាណាឌីយ៉ា (អាច​ម្តុំ​សំណង់​អាគារនាគ ​​វឌ្ឍនៈកាពីតាល់)។

មិន​ខុស​កាល​ពីមក​ធ្វើ​ប៉ាស្ព័រ​ដែរ, នៅកន្លែង​ធ្វើ​តេស្ត​នេះ មាន​មនុស្ស​ដែល​ក្រុម​ហ៊ុន​ហៅ​ឡើង​មក​ធ្វើ​តេស្ត​សាកល្បង​ច្រើននាក់​​ណាស់។ វិធីធ្វើតេស្ត គឺ​ងាយៗ​ទេ ដោយ​មាន​មេការ​ម្នាក់ បាន​​ហៅ​ឈ្មោះ​ម្នាក់​ម្តងៗ ហើយ​សួរ​បញ្ជាក់ពីមុខ​ជំនាញ​ដែល​​ពលករ​ម្នាក់​ៗ ​ស្ម័គ្រ​ចិត្តធ្វើការ, តើចង់​ធ្វើការ​​ខាង​​ជាង​ឈើ ឬក៏ជាង​រៀប​ឥដ្ឋ?… ប្រសិន​​បើ​ពលករ​​រូប​ណា ចង់​ធ្វើ​ខាង​ជាង​ឈើ គឺមេការ​នឹង​ធ្វើ​តេស្តសាកល្បង​ ​​អោយ​វ៉ៃក្តារ​ពុម្ព​សសរ​ភ្លាម, ហើយ​បើ​នរណា​ចង់​ធ្វើ​ការ​ខាង​រៀបឥដ្ឋ នឹង​ធ្វើ​តេស្ត​អោយ​​លាយ​ខ្សាច់​ស៊ីម៉ង់ត៍ រួច​រៀប​ឥដ្ឋ​ឡើង​ជា​ជញ្ជាំងភ្លាមៗ​ដែរ…។

ទោះជា​យ៉ាង​ណា ការ​ធ្វើ​តេស្ត​សាកល្បង​មិន​មាន​នរណា​ធ្លាក់​ទេ ព្រោះ​ខាង​ក្រុមហ៊ុន​​ចង់​អោយ​អ្នក​មក​ចុះ​ឈ្មោះទាំង​អស់ ជាប់ទាំងអស់​គ្នា។ ការ​ធ្វើ​តេស្ត​សាកល្បង​នេះ គឺ​បាន​ប្រព្រឹត្តទៅនៅ​​មុន​ពេល​​ចេញ​ដំណើរ​ទៅ​ប្រទេស​ថៃ ប្រហែល​ជា​មួយ​សប្តាហ៍​តែ​ប៉ុណ្ណោះ។​

សំរាប់​ សំណាង, គាត់​បាន​ជ្រើស​រើស​ខាង​ជាងរៀបឥដ្ឋ ព្រោះកាល​ពី​នៅ​កំឡោះ គាត់​ក៏ធ្លាប់​ធ្វើជា​ជាង​បាយអ, អាច​ស៊ីឈ្នួល​រៀបឥដ្ឋ ឬ​ចាក់​សាប​អោយ​អ្នក​ភូមិ​ ទទួល​បាន​ប្រាក់​កំរៃ​ជា​ហូរហែ​​ពីមុនៗ​មក​​ដែរ…។

ចេញ​ដំណើរពីភូមិកំណើត ​ទៅប្រទេសថៃ…

នៅថ្ងៃមួយ​ នាដើម​ខែកញ្ញា ឆ្នាំ២០១៣, សំណាង និង​គ្នីគ្នា​គាត់ បាន​ចេញដំណើរ​ពី​ភូមិកំណើត នា​ពេល​ព្រឹក​ព្រលឹម តាម​រថយន្ត​ឈ្នួល​មួយ ជុំគ្នា…។ មុន​ពេល​ចាក​ចេញ​ពីផ្ទះ, សំណាង​ បានសំឡឹង​មុខ​ភរិយា​គាត់ ដែល​កំពុង​មើល​មក​គាត់​ទាំង​ទឹក​ភ្នែក​រលីង​រលោង។ សំណាង ថែម​ទាំង​នៅ​ចាំ​នៅ​ឡើយ នូវ​​​ក្រសែ​ភ្នែក​កូន​ទាំង​បី អោយ​រញង់​របស់​គាត់​​ ​​​ដែល​សំឡឹង​មើល​មក​គាត់​មិន​និយាយ​ស្តី ហើយ​កូនស្រីគាត់​ តូចៗ​ពីរនាក់ ​បាន​រត់​ស្រតាម​​​ក្រោយ​គាត់ មក​ផ្លូវ​​ធំ, រួច​ឈរ​អោយ​រហង់​មើល​ទៅ​ឡាន​ដែល​កំពុង​តែ​ចាក​ចេញ​ឆ្ងាយ​ទៅៗ… (សំណាង​បាន​និទាន​ប្រាប់​ខ្ញុំ​ទាំង​រំជួល​ចិត្ត)។

រថយន្ត​ឈ្នួល បាននាំ​ក្រុម​របស់​សំណាង ​មក​ដល់ក្រុមហ៊ុន​នៅ​វេលា​បាយ​ថ្ងៃ​ត្រង់​ល្មម។ សំណាង និង​គ្នីគ្នាគាត់ បាន​ជុំគ្នាហូបបាយ​ប្រអប់​ ដែល​ពួកគាត់​នាំ​គ្នា​ទិញ​ខ្ចប់​នៅ​ឯ​ចំណត​ឈប់​សំចត​មួយ ​ជិត​ព្រំប្រទល់​ខេត្តកណ្តាល-ព្រៃវែង​(ផ្លូវជាតិ​លេខ៨)។

នា​ពេល​រសៀល, មនុស្សម្នា​បាន​ធ្វើ​ដំណើរ​មក​កាន់​ក្រុមហ៊ុន កាន់​តែ​ច្រើនឡើងៗ…។ អ្នក​​ទាំង​នោះ​ គឺ​សុទ្ធ​តែ សំណាង បាន​ជួប​កាល​ពេល​ថតរូប​ធ្វើ​ប៉ាស្ព័រ និង​ធ្វើ​តេស្ត​សាក​ល្បង​ កាល​ពី​មួយ​សប្តាហ៍​មុន​នេះ​ទាំងអស់។

មុន​ពេល​ថ្ងៃ​លិច, ក្រុមហ៊ុន​​បាន​ហៅ​ឈ្មោះ​ពលករ​ទាំងអស់​ដែល​ត្រូវ​ចេញ​ដំណើរ ដើម្បី​ផ្ទៀង​ផ្ទាត់​​​ជា​មួយ​លិខិត​ឆ្លងដែន​ ​ម្នាក់ម្តងៗ…។ រហូត​ដល់​ម៉ោង​ប្រហែល ៧ កន្លះយប់ មាន​រថយន្ត​ប៊ើស​ដឹក​អ្នក​ដំណើរធុន​​ធំ ចំនួន​ពីរគ្រឿង បាន​មក​ឈប់​នៅ​ខាង​មុខ​ក្រុមហ៊ុន ហើយ​ការ​ហៅ​ឈ្មោះ​ឡើង​ឡាន ក៏​បាន​មក​ដល់។ សរុប​ពលករ​ចំណាក​ស្រុក ដែល​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ ក្នុង​ថ្ងៃ​ចេញ​​ដំណើរ​ជា​មួយ​​​​ សំណាង គឺមាន​ចំនួន ៩៩នាក់… ខ្វះតែម្នាក់, គឺមួយរយនាក់ត្រឹម..!!..

ម៉ោង ៨យប់ ចាប់​ផ្តើម​ចេញ​ដំណើរ… ហើយ​នៅ​ពេល​ភ្លឺ​ស្រាងៗ រថយន្ត​ប៊ើស​ទាំង​ពីរ​គ្រឿង ដែល​ដឹក​ក្រុម​របស់​ សំណាង បាន​ទៅ​ដល់​​ច្រក​ព្រំដែន​ប៉ោយប៉ែត នៃ​ក្រុង​​កាស៊ីណូ អូរជ្រៅ ប្រកប​ដោយ​សុវត្ថិភាព…។

ក្រុម​របស់​ សំណាង ទាំង​ ៩៩នាក់​នោះ បាន​រង់ចាំ​ធ្វើ​បែបបទ​ឆ្លង​ដែន រហូត​ដល់​ម៉ោង​ប្រមាណ ២​រសៀល ទើប​បានហើយ​រួច​រាល់។ វេលា​ថ្ងៃ​បាក់​​រសៀល​ណាស់​ទៅ​ហើយ ទើប​រថយន្ត​ប៊ើសថៃ ពីរគ្រឿង បានចេញ​ដំណើរពី​ផ្សារ​រុងក្លឿ ដោយ​នាំ​យក​ពលករ​ខ្មែរ​ចំណាក​ស្រុកទាំង ៩៩​នាក់​ ឆ្ពោះទៅ​កាន់​ទីក្រុង​បាងកក…។

នៅវេលា​ម៉ោង​ប្រមាណ ៧យប់ ឡានប៊ើស​បានចូល​​ឈប់​សំចតនៅ​ហាង​បាយ​មួយ ដើម្បី​អោយ​ពលករ​ខ្មែរយើង​​ទាំង ៩៩នាក់ សំរាក​ទទួល​ទាន​បាយ​ល្ងាច។ បន្ទាប់​មក រថយន្ត​ក៏​បន្ត​ចេញ​ដំណើរ​ទៅ​មុខ​ទៀត… រហូត​ដល់​ម៉ោងប្រមាណ ៤ទៀបភ្លឺ ទើប​រថយន្ត​ឈប់​នៅកន្លែង​មួយ អាច​ជា​​មន្ទីរ​ពេទ្យ ឬ​ជាកន្លែក​បំរើ​សេវាសុខភាព​​ ដើម្បី​​អោយ​ក្រុម​ពលករ​ខ្មែរ​យើង​ដែល​ទើប​មក​ដល់ថ្មី​នេះ មក​ពិនិត្យឈាម និង​ពិនិត្យ​សុខភាព​ទូទៅ មុន​នឹង​បញ្ជូន​​ទៅ​ការដ្ឋាន​អោយ​​ធ្វើ​ការងារ…។

ក្រោយ​ពេល​​ពិនិត្យ​សុខភាព​រួចហើយ រថយន្តប៊ើស​ក៏​បន្ត​ចេញ​ដំណើរ​ទៅ​មុខ​ទៀត, ហើយ​នៅ​វេលា​ម៉ោង ៦ព្រឹក រថយន្ត​ក៏​បាន​មក​ដល់​ការដ្ឋានសំណង់​ដ៏​ធំ​ល្វឹង​ល្វើយ​មួយ​កន្លែង ដែល​ជា​គោល​ដៅ​ចុង​ក្រោយ​របស់​ សំណាង និង​ក្រុម​ពលករ​ចំណាក​ស្រុក​​ទាំង៩៩នាក់​ ដែល​នឹង​ត្រូវ​​នៅ​ធ្វើ​ការ​ទីនេះ… ទីនេះ​គឺជា​ខេត្ត​មួយ ស្ថិត​នៅ​ភាគ​ខាង​ត្បូង​ក្រុង​បាងកក មាន​ឈ្មោះថា «ខេត្តសាមុតប្រាកាន»។ សរុប​រយៈ​ពេល​នៃ​ការ​ធ្វើ​ដំណើរ គឺ ២ថ្ងៃ ២យប់គត់ ដែល សំណាង បាន​​ចាក​ចេញ​ពី​ផ្ទះ​មក…។

សូម​ជំរាប​ផង​ដែរ​ថា មុន​ពេល​ឡើង​រថយន្ត​ប៊ើស ចេញ​ពី​ផ្សារ​រុងក្លឿ​ព្រំដែន​មក, ក្រុមហ៊ុន​នាំ​ពលករខ្មែរមួយ​នេះ បាន​ប្រមូល​ទុក​នូវលិខិត​ឆ្លង​ដែន​ពី​ពលករ​ទាំង​ ៩៩នាក់​នេះ ហើយ​ក្នុង​ការ​ធ្វើ​ដំណើរចាប់​ពី​ភ្នំពេញ រហូត​មក​ដល់​ខេត្ត​សាមុតប្រាកាន ប្រទេស​ថៃ​នេះ​ទៀតសោត ពលករ​ទាំងអស់​មិនត្រូវ​បាន​​ចំណាយ​ប្រាក់​ផ្ទាល់​ខ្លួន​ ទៅ​លើ​សោហ៊ុយ​ធ្វើ​ដំណើរ​នេះ​​​ឡើយ គឺ​ក្រុម​ហ៊ុន​​ជា​អ្នក​ទទួល​រ៉ាប់​រងរាល់​ការ​​ចំណាយ​ទាំងស្រុង​…។​​

ការងារប្រចាំថ្ងៃនៅ​ការដ្ឋាន​សំណង់ ក្នុងខេត្តសាមុតប្រាកាន…

ពាក្យ «សាមុតប្រាកាន» ជាភាសាថៃ, បើ​ជាខេមរ​ភាសាវិញគឺ «សមុទ្រប្រាការ» អាច​មាន​ន័យ​ថាៈ កំពែងមាត់សមុទ្រ ឬបន្ទាយ​មាត់​សមុទ្រ…។

ការដ្ឋានសំណង់​ដែល សំណាង ទៅ​ធ្វើការ​នេះ ស្ថិត​នៅ​​ចំងាយ​ប្រមាណ ៥គ.ម ពី​ឆ្នេរ​សមុទ្រ។ សំណង់​មួយ​នេះ បាន​លាត​សន្ធឹង​វិសាលភាព​ធំណាស់ និង​បាន​ស្រូប​យក​កំឡាំង​ពលកម្ម​មនុសុ្ស​រាប់​ម៉ឺននាក់។ នៅ​ក្នុង​ឯកសារ​ដែល​ សំណាង​ ​បង្ហាញ​ខ្ញុំ​​បាន​អោយ​ដឹង​ថា ក្រុមហ៊ុន​ទទួល​ម៉ៅ​ការ​សាងសង់​ គឺ​ក្រុមហ៊ុន​មួយឈ្មោះ Italian-Thai Development Public ហើយ​បើ​តាម​ការ​អះអាង​របស់​ សំណាង, ​ម្ចាស់​សំណង់​អាចជា ព្រះចៅនៃ​ព្រះមហាក្សត្រ​ថៃ តែ​ម្តង…។

សំណាង បាន​អះអាង​ប្រាប់​ខ្ញុំ​ទៀត​ថាៈ នៅ​ក្នុង​ការដ្ឋានសំណង់​​ដ៏​ធំនេះ​ មាន​កម្មករ​​ជា​ជនជាតិ​​ខ្មែរ​យើង ប្រហែលពីពីរ ទៅបីពាន់​នាក់។ ឯកម្មករ​សំណង់​ដែល​មក​ពី​ប្រទេស​ភូមាវិញ គឺ​មាន​ចំនួន​ច្រើន​ជាង​យើង​ប្រហែល បីដង​ឯ​ណោះ…។

ការងារ​មិន​សូវ​លំបាក​នឿយ​ហត់​ទេ ព្រោះ​ការ​ជញ្ជូន លើក​ដាក់​សំភារៈ​សំណង់មិន​ប្រើ​កំឡាំង​មនុស្ស​ទេ គឺ​គេ​ប្រើ​គ្រឿង​ចក្រ​ជា​ជំនួយ​រហូត។ ពេល​វេលា​ធ្វើការ ក្នុង១​សប្តាហ៍ ៧ថ្ងៃពេញ, ក្នុង​ ១ថ្ងៃ ៨ម៉ោង, ព្រឹកពីម៉ោង ៧ ដល់​ម៉ោង ១២ថ្ងៃ​ត្រង់ សំរាក​ហូបបាយ​ថ្ងៃត្រង់​មួយ​ម៉ោង… រួចតពីម៉ោង ១ ដល់​ម៉ោង ៤រសៀល។ ផុត​ពី​ម៉ោង​ ៤រសៀល​ទៅ គឺ​ចូល​ដល់​ម៉ោង​ថែម ដែល​ក្នុង​មួយ​ថ្ងៃ​ មិន​អោយ​លើស​ពី ៣ម៉ោង។ ដូច្នេះ ពលករ​ម្នាក់ៗ បាន​ខំប្រឹង​ធ្វើការ​ថែម​ម៉ោងគ្រប់ៗ​គ្នា រហូត​ដល់​ម៉ោង ៧-៨យប់ ជារៀងរាល់​ថ្ងៃ។

ការ​ស្នាក់​នៅ គឺក្រុមហ៊ុន​សំណង់​បាន​សង់​ជា​ររោង​វែងៗ និង​ខ័ណ្ឌ​ជា​បន្ទប់តូចៗ ទំហំ ៣មx៤ម ។ សំរាប់​ប្រុសៗ ត្រូវ​បាន​បែង​ចែក​អោយ​ស្នាក់​នៅក្នុង​ ១បន្ទប់ ៣នាក់។ តែ​សំរាប់ពលករ​ដែល​ទៅ​ធ្វើ​ការ​ទាំង​ប្តីប្រពន្ធវិញ គឺ ១បន្ទប់ ១គ្រួសារ​តែម្តង។ ចំណែក​អាហារ​ប្រចាំ​ថ្ងៃ គឺ​ត្រូវ​ដោះ​ស្រាយ​រៀងៗ​ខ្លួន, ចង់​ដណ្តាំស្ល​ខ្លួន​ឯង​ក៏​បាន ឬក៏​ចង់បាយ​​ម្ហូប​ឆ្អិន​ស្រាប់​ក៏​បាន… មាន​លក់​មិន​ខ្វះទេ។ ចំពោះ សំណាង គឺ​គាត់​ទិញ​អង្ករ​មក​ដាំ​បាយ​ខ្លួនឯង ហើយ​ទិញ​ម្ហូប​ឆ្អិន​​ស្រាប់​មក​ទទួល​ទាន ព្រោះចង់​សន្សំ​ប្រាក់…។

ប្រាក់កំរៃ​ទទួល​បាន​ប្រចាំខែ…

ចំពោះ​ប្រាក់​កំរៃ​ដែល​ សំណាង​ ទទួល​បាន​គឺ ក្នុង ១ថ្ងៃ ៨ម៉ោង បាន ៣០០បាត (ប្រហាក់​ប្រហែល​នឹង ១០ដុល្លារ)។ សំរាប់​ថ្ងៃអាទិត្យនីមួយៗ ដែល​ជា​ថ្ងៃ​សំរាកគឺ​ប្រាក់​កំរៃ​ប្រចាំ​ថ្ងៃ​គុណនឹង ២, ស្មើ​នឹង ៦០០បាត​។ ចំណែក​ប្រាក់​ថែម​ម៉ោង​វិញ ក្នុង​ ១ម៉ោង បាន ៥៦បាត, ដូច្នេះបើ​១ថ្ងៃ ធ្វើ​ថែម​បាន ៣ម៉ោង នឹង​ទទួល​បាន​ប្រាក់ ១៦៨បាត បន្ថែម​ទៅ​លើ​ប្រាក់​កំរៃ​ប្រចាំ​ថ្ងៃ​ទៀត។ សរុបទៅ ពលករទូទៅបាន​ទទួល​ប្រាក់​កំរៃ​ប្រចាំ​ថ្ងៃ​ចំនួន ៤៦៨បាត (ប្រហាក់ប្រហែល​នឹង ១៦ដុល្លារដែរក្នុង ១ថ្ងៃ)។

នៅ​ថ្ងៃទី ២០ រៀងរាល់ខែ ពលករ​ម្នាក់​ៗ​ នឹង​បើក​ប្រាក់កំរៃ​ម្តង ជា​ប្រាក់​ប្រចាំ​ថ្ងៃ ដែល​ជា​ទូទៅគឺ ៣០០បាត x ២០ថ្ងៃ = ៦,០០០បាត, ហើយ​នៅ​ថ្ងៃទី៥ នៃ​ខែ​បន្ទាប់ នឹង​បើក​ម្តង​ទៀត ជា​ការ​បើក​ផ្តាច់ ដោយ​រួម​ទាំងប្រាក់​ប្រចាំ​ថ្ងៃ, ប្រាក់​បន្ថែម​ថ្ងៃ​អាទិត្យ, និង​ប្រាក់​ថែម​ម៉ោង​សរុប​ទាំង​ ៣០ថ្ងៃ​តែ​ម្តង ដែល​មាន​ចំនួន​ជាង ៩,០០០បាត​បន្ថែម​ទៀត។ ដូច្នេះ ក្នុងមួយ​ខែៗ ពលករ​ម្នាក់​ៗ ដូចជា សំណាង ជា​ដើម​នេះ អាច​រក​ប្រាក់​បានពី​ការងារ​ធ្វើ​សំណង់ ក្នុង​ចន្លោះ​ពី ១៥,០០០បាត ទៅ ១៦,០០០បាត…។

ដោយឡែក ចំពោះ​ពលករ​ខ្មែរ​ចំណាក​ស្រុក​ខុស​ច្បាប់ (គ្មាន​លិខិតឆ្លងដែន និង​គ្មាន​ក្រុមហ៊ុន​ខាង​ខ្មែរ​យើង​បញ្ជូន​ទៅ) ក៏​មាននៅ​​ធ្វើ​ការ​​​ក្នុង​ការដ្ឋាន​ជាមួយ សំណាង ដែរ។ ការងារ​ររបស់​ពួក​គេ​​​នឿយហត់​បន្តិច ដូចជា​​ការ​ចង​គ្រោង​ដែក​សំណង់​ជា​ដើម តែពួក​គេ​ក៏​ទទួល​បាន​ប្រាក់កំរៃ​ប្រចាំ​ថ្ងៃ ៣០០បាត សំរាប់​ប្រុសៗ, និង ២៥០បាត សំរាប់​ស្រ្តីផងដែរ។​

ការចំណាយប្រចាំខែ…

តាម​កិច្ចសន្យា​​មុន​ពេល​ចេញ​ដំណើរពី​ភ្នំពេញ, សំណាង ក៏​ដូច​ជា​ពលករ​ដទៃៗ​ទៀត ត្រូវ​ជាប់​កាតព្វកិច្ច បង់ប្រាក់​​ជូន​ទៅ​ក្រុម​ហ៊ុន​​ដែល​នាំ​គាត់​មក​ធ្វើ​ការ​នៅស្រុកថៃនេះ ចំនួន ២២,០០០​បាត (ប្រហាក់ប្រហែលនឹង ៧៥០ដុល្លារ) ដោយ​ត្រូវ​បង់​រំលោះ​​ចំនួន ៣,៥០០បាត ជារៀងរាល់ខែ, ហើយក្នុង​រយៈ​ពេល ៦ខែ ​ទើប​បាន​​រួច​ខ្លួន…។

នៅ​មានការ​ចំណាយ​ថ្លៃពេទ្យជា​រៀង​រាល់​ខែ, ក្នុង ១ខែ ៣៥០បាត (ប្រាក់នេះ អាចជា​ថ្លៃ​ធានារ៉ាប់រង​សុខភាព)។ ថ្លៃ​ទឹកភ្លើងក្នុង​មួយ​ខែៗ ១០០បាតទៀត។ ឯចំណាយ​ទៅ​លើ​ថ្លៃ​ម្ហូប និង​បារី​ជក់​ជាដើម, សំណាង​ ចាយ​យ៉ាង​គំរីស​បំផុត​ ក៏ ១ថ្ងៃ​អស់ ១០០បាត​ដែរ។ ដូច្នេះក្នុង ១ខែ ចំណាយ​អស់ ៣,០០០បាត​។ សំណាង បាន​បន្ត​អះអាង​ថាៈ សរុប​​ពេល​ដាច់​ខែ​ទៅ បើ​ទោះ​ជា​ចំណូល​ឃើញ​ច្រើន​ពិត​មែន តែ​ចំណាយ ​បេះបោច​ទៅ​​វិញ ក៏​អស់​ច្រើន​ដែរ… គ្មាន​សល់​អី​ជា​​ដុំកំភូន​ផ្ញើ​មក​ប្រពន្ធ​កូនប៉ុន្មាន​ទេ..!!..

ដោយឡែក​ចំពោះ​ពលករ​ចំណាក​ស្រុក​ខុសច្បាប់ ដូច​បាន​រៀបរាប់​ខាងលើ, បើទោះ​ជា​ពួកគេ មិន​​ចំណាយ ៣,៥០០បាត អោយ​ទៅ​ក្រុម​ហ៊ុនដូច សំណាង​ ក៏​ដោយ ក៏ពួក​គេ​​ម្នាក់ៗ​ ត្រូវ​ចំណាយប្រាក់បង់​អោយ​ក្រុម​តំរួតថៃ ៤០០បាត សំរាប់​​ថ្លៃ​រស់​នៅ​ខុស​ច្បាប់ និង​ថ្លៃស្នាក់នៅ ថ្លៃ​ទឹកភ្លើង ៤០០បាតទៀត, សរុបទៅ ៨០០បាតក្នុង ១ខែៗ…។

វិលមកផ្ទះវិញ…

ដោយសារឈឺសន្លាក់​ស្មា​ខាងស្តាំ នេះ​ម៉្យាង,​ និង​ម៉្យាង​ទៀត​ ដោយ​នឹករលឹក​មក​ក្រុមគ្រួសារផង, សំណាង​ ក៏​សំរេច​ចិត្ត​សុំច្បាប់​វិល​​ត្រឡប់​មក​ស្រុក​កំណើត​វិញ បន្ទាប់​ពី​​ការ​រស់​នៅ​​ផ្សងព្រេង​លក់​កំឡាំង​​ក្នុង​ប្រទេស​ថៃ អស់​រយៈ​ពេល​ជាង​បីខែ​រួចមក…។ ក្រុមហ៊ុន​ដែល​នាំ​ សំណាង ទៅធ្វើការ គឺមាន​ការិយា​ល័យ​នៅ​ប្រចាំការ​ក្នុង​ការដ្ឋាន​សំណង់ បាន​យល់​ព្រមតាម​ការ​ស្នើ​សុំ និង​បាន​​ទូទាត់​ប្រាក់​កំរៃ​ជូន សំណាង ព្រម​ទាំង​បាន​ប្រគល់​លិខិត​ឆ្លង​ដែន ​ជូន​មក​ សំណាង វិញ​ដែរ…។

សំរាប់​ការ​ស្នាក់​នៅ និង​ធ្វើ​ការ​រកលុយ​ក្នុង​ប្រទេស​ថៃ អស់​ពេល​ជាង​បីខែ​កន្លង​មក​នេះ, សំណាង​ បាន​ប្រាប់​ខ្ញុំ​ថាៈ បាន​សន្សំ​ប្រាក់​ផ្ញើ​ទៅ​ផ្ទះ​បានពីរដងដែរ… ​ម្តងៗ ផ្ញើបាន ១០,០០០បាត (ជិត​ប្រហាក់ប្រហែល​នឹង ៣៥០ដុល្លារ)..!!..

សំណាង​ ក៏​បាន​អោយ​ខ្ញុំ​ដឹង​ផង​ដែរ​ថាៈ ការ​វិល​ត្រឡប់​មក​កម្ពុជា​វិញរបស់​ពលករ​ខ្មែរ​យើង​ទូទៅ, ប្រសិន​បើ​មាន​លិខិត​ឆ្លងដែន​ត្រឹមត្រូវ គឺ​ជិះឡាន​អស់​សោហ៊ុយ​តែ ៣០០បាតទេ​។ តែ​បើ​គ្មាន​វិញ គឺ​ត្រូវ​ចំណាយ​ដល់​​ទៅ ១,៥០០បាត សំរាប់​បង់​អោយ​តំរួត​ថៃ ដែល​នៅ​ហូរហែ​តាម​ផ្លូវពីអារញ្ញ មក​ព្រំដែន​ផ្សារ​រុងក្លឿ​។ ឯខាង​ខ្មែរ​យើងវិញ ក៏​ប៉ិនកោស​រុះ​​រក​លុយ ​ចំណាប់​ណាស់​ដែរ..!!..

មុននឹង​បែក​ពី សំណាង, ខ្ញុំ​បាន​សួរ​សំណួរ​មួយ​ជា​ចុងក្រោយទៅ​គាត់ៈ ពេល​ទៅ​ដល់​ស្រុក និង​ព្យាបាល​ខ្លួនជារួច តើ​គិត​វិល​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​វិញ​អត់?… សំណាង​ បានតប​មក​ខ្ញុំ​វិញ​ទាំង​ញញឹមៈ ទៅ!… ព្រោះ​ស្រុកគេ​សំបូរ​ការងារ​ធ្វើ​ច្រើន… ហើយ​ថ្លៃ​ឈ្នួល​ក៏​ខ្ពស់​ជាង​នៅ​ស្រុក​យើង​ឆ្ងាយ​ណាស់..!!..​ ​

​_________________

ចំណាប់អារម្មណ៍របស់​ខ្ញុំ​ផ្ទាល់…

រឿង​រ៉ាវ​របស់​ពលករ​ខ្មែរ​មួយ​រូប​ខាង​លើ​នេះ​ ​ខ្ញុំ​សូម​ច្បិច​យក​​ចំណុច​​មួយ​ចំនួន​ដូច​ខាង​ក្រោម៖​

ទីមួយ- បើ​ជាពលករ​​ចំណាក​ស្រុក គួរតែជា​ពលករ​ស្រប​ច្បាប់​, មាន​លិខិត​ឆ្លងដែន​ត្រឹមត្រូវ និង​មាន​ការ​ធានា​ពី​សុខភាព និង​សុវត្ថិភាព​ការងារ​ ព្រម​ទាំង​ទទួល​បាន​ប្រាក់​ខែ​សមរម្យជាដើម ដូច​ករណី​ពលករ​ សំណាង នេះ​ជា​ឧទាហរណ៍​ស្រាប់។​ តាមរយៈ​ក្រុម​ហ៊ុន​នាំ​ពលករ​ជា​ច្រើន​នៅ​ក្នុង​ស្រុក, ពលករ​គ្រប់ៗ​រូប ត្រូវ​តែ​មាន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ក្រុមហ៊ុន​ណា​ដែល​កេង​ប្រវញ្ច ឬមិន​សុចរិត ដែល​នឹង​ធ្វើអោយ​ពលករ​ស្វែង​រក​ការងារ​ធ្វើ ក្លាយ​ជា​ជន​រងគ្រោះ​ដោយ​​ការ​ជួញ​ដូរ​កំឡាំង​​ពលកម្ម​ឆ្លងដែន​ទៅ​វិញ​…។ ចំពោះ​ក្រុមហ៊ុន​ដែល​នាំ សំណាង ទៅ​ធ្វើ​ការនៅ​ប្រទេស​ថៃ​នេះ អាច​ចាត់​ទុក​ថា ជា​ក្រុម​ហ៊ុន​សុចរិត មិន​បោកប្រាសខ្មែរ​គ្នា​ឯង​ហើយ, គ្រាន់​តែ​ថា ការកាត់​យក​ប្រាក់​ខែ​ពី​ពលករ​ រាង​ជ្រុល​ដៃ​បន្តិច..!!..  ​

ទីពីរ- ​តាម​រយៈ​ក្រុមហ៊ុន​ខាង​លើ, ការ​កាត់យក​​ប្រាក់​ខែពី​ពលករ​ខ្មែរ​យើងចំនួន ៣,៥០០បាត ជា​រៀង​រាល់​ខែ ដល់​ទៅ​ ៦ខែ ដើម្បី​អោយ​គ្រប់​​​ទឹក​ប្រាក់​​ ២២,០០០បាត​ ដោយ​ផ្អែក​​តាម​កិច្ចសន្យា​ការងារ​នោះ គឺ​ធ្ងន់ធ្ងរ​ពេក​ហើយ។ ប្រសិន​បើ​ក្រុមហ៊ុន​មួយ​ អាច​​បញ្ជូន​ពលករ​ខ្មែរ​ចូល​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ​បាន មួយពាន់នាក់, នោះ​ពួកគេ​នឹង​រក​ចំណូល​បាន​រហូត​ដល់​ទៅ ២២លានបាត ឬប្រហាក់​ប្រហែល​នឹង 750,000$ ​ទៅ​ហើយ!… គិតទៅ គឺ​ចំណេញ​កប់ក្តោង​..!!..

ធម្មតា ការ​រកស៊ី គឺ​ត្រូវ​តែ​ស្វែង​រក​ប្រាក់​ចំណេញ​អញ្ចឹង​ហើយ។ តែ​ប្រាក់ចំណេញ ដែល​បាន​មក​ដោយ​​វិធី​កាត់​យក​ប្រាក់​​ខែពី​ពលករ​​ម្នាក់ៗ ក្នុង​​ទំហំ​ទឹក​ប្រាក់​​ច្រើន​បែប​នេះ ខ្ញុំ​ចេះ​តែ​គិតថា វាដូច​​គ្នា​មែន​ទែន​ទៅ​​នឹង«​ចោរចាប់​ជំរិត»​ ដែល​បាន​បង្ខំ​ចាប់​ជំរិត​ប្រាក់​​​ពី​ពលករ​ស្លូត​ត្រង់​​របស់​យើង ​​ដែលប្រាក់​ទាំង​នោះ ​បាន​មក​ដោយ​កំឡាំង​ញើស​ឈាម​​សុទ្ធសាធ..!!..

ទីបី- ​រឿង​ថ្លៃ​ធ្វើ​លិខិត​ឆ្លងដែនម្នាក់អស់​ ១២០ដុល្លារ ដែល​បើ​តាម​ខ្ញុំ​ធ្លាប់​ឮ​ការ​ប្រកាស​របស់​ប្រមុខ​រាជរដ្ឋាភិបាល​​ពី​មុនៗមក​, ការ​ធ្វើ​លិខិត​ឆ្លងដែន​ជូន​​ពលករ​ស្រប​ច្បាប់​ចេញ​ទៅ​ក្រៅ​ប្រទេស គឺ​អស់​តែ ២០ដុល្លារ​​ទេ។ ចុះ​បើ​​ករណី​ចំណាយ​អស់​ដល់​ទៅ ១២០ដុល្លារ​បែបនេះ, តើខាង​ក្រុមហ៊ុន​នាំ​ពលករ​ចេញ ឬ​ក៏ខាង​នាយកដ្ឋាន​លិខិត​ឆ្លងដែន, ឬក៏​អា«លលាយ» ​​មួយ​ណា ដែល​ហ៊ាន​ស៊ី​លុយ​ញើស​ឈាម​ពលករ​ខ្មែរ​យើង​ ដោយ​គ្មាន​ចិត្ត​អាណិត​អាសូរ​សោះ​យ៉ាងនេះ..??..!!..​

ស្រុកស្រែ

Advertisements

15 responses to “កត់ត្រារហ័ស៖ ជីវិតពលករខ្មែរ​មួយ​រូប ដែល​ទៅ​ធ្វើ​ការ​នៅ​​ប្រទេស​ថៃ តាម​រយៈ​​ក្រុមហ៊ុន​មួយ…​

  1. មាន​រឿង​រ៉ាវ​គួរ​វេទនា​ចិត្ត​ច្រើន​ទៀត​រាប់​មិន​អស់ ដែល​ស្រុក​ស្រែ​មិន​បាន​ដឹង​អំពី​ជីវិត​កម្មករ​ខ្មែរ អ្នក​ដែល​មាន​ឈាម​ដូច​ស្រុក​ស្រែ​ដែរ​។ គ្មាន​កម្មករ​ដែល​ហ៊ាន​ប្រថុយ​ជីវិត​ទៅ​ស្រុក​គេ​ទាំង​នោះ​មិន​ដឹង​អំពី​ទុក្ខ​វេទនា ដែល​គេ​នឹង​ប្រឈម ព្រម​ទាំង​ភាព​ដាច់​ចិត្ត​របស់​ពួក​គាត់​ក្នុង​ការ​ចាក​ចេញ​ពី​ផ្ទះ​សម្បែង ពី​ក្រុម​គ្រួសារ ពី​ប្ដី​ពី​ប្រពន្ធ​ពី​កូន​ទេ​។ សំណួរ​សួរ​ថា ថា​ម្ដេច​ពួក​គាត់​ប្រថុយ​នឹង​ទៅ​? តើ​ជីវិត​នៅ​កម្ពុជា​ពិត​ជា​លំបាក​វេទនា​ពិ​ត​មែន ឬ​ថា វា​ស្រណុក​សុខ​ស្រួល​រហូត​ធ្វើ​ឲ្យ​ពួក​គាត់​ដាច់​ចិត្ត​ទៅ​ស្រុក​គេ​?

    រឿង​គេ​ចំណេញ​ប៉ុន្មាន​លើ​ពួក​គាត់​ប៉ុន្មាន​ប្រហែល​មិន​ស្ថិត​នៅ​ក្នុង​ការ​ពិចារណា​របស់​ពួក​គាត់​ជា​កម្មករ​ទាំង​នោះ​ទេ តែ​អ្វី​ដែល​គាត់​រំពឹង​ទុក​នោះ គឺ​ការ​អាច​រក​ចំណូល​បន្ថែម​លើស​ពី​គាត់​ដែល​នៅ​ស្រុក​ខ្មែរ​បើ​ទោះ​បី​ជា​លើស​តែ​មួយ​រៀល​គត់​ក៏​ដោយ​។

    ដូច​ក្នុង​ករណី​នេះ​យើង​ឃើញ​ថា បើ​ទោះ​បី​ការងារ​លំបាក​យ៉ាង​ណា​គឺ​គាត់​អាច​មាន​លទ្ធភាព​ផ្ញើ​ប្រាក់​មក​ផ្ទះ​បាន​ពីរ​ដង ក្នុង​ម្ដង​១​ម៉ឺន​បាទ សរុប​២​ម៉ឺន​បាទ គឺ​យ៉ាង​ហោច​ណាស់​ជាង​៥០០​ដុល្លារ​ទៅ​ហើយ​។ សួរ​ថា បើ​គាត់​ស៊ូ​ធ្វើ​ការ​នៅ​ស្រុក​ខ្មែរ តើ​ឲ្យ​គាត់​សល់លុយ​ប៉ុន្មាន​សម្រាប់​ផ្ញើ​មក​គ្រួសារ​នោះ​? បើ​ពួក​គាត់​ទារ​ត្រឹម​១៦០​ដុល្លារ នាំ​គ្នា​យ៉ាង​កាំភ្លើង​មក​បាញ់​ពួក​គាត់​យ៉ាង​នេះ​?

  2. អត្ថបទនេះគួរតែត្រូវបានយកទៅចុះផ្សាយនៅតាមទំព៍ររកាសែតនានា
    ជាពិសេបើដាក់ផ្សាយតាមទូរទស្សន៍បានផងរឺតតែប្រសើរ ​
    …រួចចាំស្ដាប់ប្រតិកម្មតបពីសំណាក់អ្នកអន់ធំចំពោះតំលៃ២២០០០បាត
    ដែលយកពីពលករម្នាក់ៗ និងពីរឿងថ្លៃប៉ាស្ព៍រថាយកតែ២០ដុល្លារ ដល់
    អនុវត្តន៍ ម៉េចមានការខាំត្របាក់លេបយកដល់ទៅ១២០ដុល្លារ ។
    បើគ្មានឃើញប្រតិកម្មអ្វីទេ ….មានតែ នាំគ្មាប្រាប់កូនចៅបន្តៗទៅថា​
    ខំរៀនទៅកូន អោយបានដល់ថ្នាក់ខ្ពស់ សញ្ញាបត្រធំៗ បានធ្វើលោកធំ
    នឹងគេ ស៊ីញេតែម៉ាខ្វាច់ បោះត្រាតាម៉ាប៉ូក បានលុយចាយបានឡានជិះ ។

    • រឿងស៊ីលុយដឹងគ្រប់​តែ​គ្នា​ណឹង… មិន​បាច់​ផ្សាយ​ក៏​ដឹង​ដែរ…។ ចំពោះ​​​រឿង​ប្រតិកម្ម​វិញ បើ​ប្រតិកម្ម​ដាក់​អ្នក​សរសេរ​ អាណឺង​ខ្ញុំ​ជឿ… តែ​បើ​អោយ​ចាប់​អា​ណា​មួយ​ដាក់​គុក ពី​រឿងស៊ីលុយ​​ធ្វើ​ប៉ាស្ព័រ​នេះ បែប «អត់ខ្វូវ» ទេ..!!.. 😀

  3. មិនដឹងអាលលាយណាទេ ដែលធ្វើបាបគ្នា ឱយមកដេកចាំធ្វើប៉ាស្ព័រ ពីរបីថ្ងៃទម្រាំបាន ក្នុងតម្លៃជាង ១៣០ ដុល្លា ទៀត។

  4. ម៉ែអាថ្លៃហើយ ១២០ដុល្លារ ៣ឆ្នាំអស់សុណលភាព.
    នៅស្រុកយួន ១៧ដុល្លារ ១០ឆ្នាំអស់សុពលភាព.
    ហើយកន្លែងធ្វើប៉ាស្ព័រនឹងដូចជាបេនឡានចាប់
    ម៉ូយនៅផ្សាថ្មីចឹង យើងដើរមិនទាន់ដល់ក្លោងទ្វារផង
    មានអាអ្នកសួរថា៖ បងចង់បានអាម៉ានងៃ មាន
    ៣ថ្ងៃ-១អាទិត្យ-២១ថ្ងៃ-១ខែ (៣៤០-២៩០-២៣០-១២០)

    • បើប៉ាស្ព័រ​ស្រុក​យើងចុះ​ថ្លៃ​មក​នៅ​ត្រឹម​ ២០ដុល្លារ សំរាប់​ប្រជាពលរដ្ឋ​ខ្មែរទូទៅនោះ ខ្ញុំ​សុខចិត្ត​ទៅ​លុត​ជង្គង់​ពីវិមាន​ឯករាជ្យ រួច​បែរ​មុខ​ទៅ​ភូមិគ្រឹះ​សម្តេច ដើម្បី​ថ្វាយ​បង្គំ​ ម៉ាង៉ៃបីដង, រយៈ​ពេល ៣ខែ​អត់ឈប់..!!.. 😀

      • មែនក៏អីពូ!? 😀

      • លោកស្រុកស្រែកុំឆាប់សន្យាពេក
        តិចប្រយ័ត្នដូចលោកដើមអម្ពិល.

        • ខ្ញុំ​ស្រុកស្រែ គឺ​ខុស​ពី​ «កំពូល​អ្នក​វិភាគ» ថៅកែ​ដើមអំពិល, ដោយសារ​គាត់​វិភាគ​ខាង​នយោបាយ…។ ធម្មតា​ទេ នយោបាយ​ស្រុក​យើង កាន់​តែ​វិភាគ​ កាន់​តែ​ខុយ…។ ឯ​ខ្ញុំ​វិញ គឺ​សុំត្រង់ៗ អោយ​រដ្ឋាភិបាល​បញ្ចុះ​តំលៃ​ធ្វើ​លិខិត​ឆ្លងដែន​ជូន​ដល់​ពលរដ្ឋ​ខ្មែរទូទៅ!… ប្រសិន​បើ​បាន​មែន ខ្ញុំមានទៅ​​​ខ្លាច​អី… ​គ្រាន់​តែ​ថ្វាយ​​បង្គំ​​ភូមិគ្រឹះ​សម្តេច​ ពី​វិមានឯករាជ្យ​ទៅនោះ, ចាត់ទុក​ដូច​ថ្វាយ​បង្គំ​រូប​សំណាក​ព្រះកូណា​ ព្រះបរមរតនកោដ្ឋ​ ទៅចុះ, ព្រោះនៅ​ខាងកើត​វិមាន​ឯករាជ្យ​ដូច​គ្នា..!!.. 😀

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s