វិចិត្រសាល

អារាមវត្តព្រៃបាំង


កាលពីខែតុលា ឆ្នាំ២០១៣ កន្លងទៅនេះ ខ្ញុំ​បាន​ដាក់​ប្រកាស​មួយ​នៅ​ក្នុង​ចំណាត់ក្រុម​ទីអារាម​​របស់​ព្រះសង្ឃ​ទូទៅ មានឈ្មោះថា វត្តម៉ែបាន ដែល​ដាក់​តាមឈ្មោះ​មាតា​របស់​ហ្លួង​ព្រះស្តេចកន នៅ​ក្នុង​ឃុំស៊ីធរ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

នៅពេល​នេះ ខ្ញុំ​សូម​បង្ហាញ​ជូនអស់លោក​អ្នក​ នូវទីអារាមមួយ​ទៀតនៅជិតវត្តម៉ែបាន​ ហើយ​ដែល​ទាក់​ទង​ទៅ​នឹង​ប្រវត្តិ​ហ្លួង​ព្រះស្តេចកនដែរ​, នោះគឺអារាម វត្តព្រៃបាំង…។

ស្ថិតនៅជាប់នឹង​ផ្លូវជាតិ​លេខ៨ ត្រង់​បង្គោលគីឡូម៉ែត្រ​លេខ៤៤, វត្តព្រៃ​បាំង​ អាច​ជា​​អារាម​ដែល​កកើត​ឡើង​ក្នុង​ជំនាន់​ស្តេច​ស្រី​សុគន្ធបទ ផងដែរ។ ​បើ​តាមរាជ​​ពង្សាវតា​ខ្មែរ គឺព្រះសង្ឃ​នាម ព្រះសត្ថា គង់​នៅវត្តព្រៃបាំងនេះហើយ ដែល​បាន​បិណ្ឌ​បាត្រ​​ត្រី​ពោធិ​​រស់ ​ពីអ្នក​នេសាទ ដែល​នៅ​ក្នុងផ្លោក​​ពោះ​ត្រីពោធិនោះ មាន​ទារក​មួយ​ទើប​​នឹង​​កើត​ថ្មីៗ​… ទារកដែល​​ទើប​នឹង​កើត​ថ្មីៗ​នោះ​ហើយ គឺ​ជា​ទារក “កន”… ។

រាជ​​ពង្សាវតា​ខ្មែរនៅ​បាន​អះ​អាង​​ទៀត​ថា ព្រះសត្ថា​ ក្រោយ​មក​​បាន​ក្លាយ​ជាគ្រូ​របស់​នាយកន ហើយ​ក្រោយ​ពេល​នាយ​កន​ បាន​ក្លាយ​ទៅ​ជា “​ហ្លួង​ព្រះស្តេចកន” ហើយ ក៏បាន​តែងតាំង​ព្រះសត្ថា ជា​សម្តេច​ព្រះសុគន្ធាធិបតី​សិរី, ជាសង្ឃនាយកក្នុង​ដែន​ដី​ដែល​ខ្លួន​គ្រប់​គ្រង​តែ​ម្តង…។

អ្វីដែលបាន​បន្សល់​ទុក​សំរាប់​ទីអារាម​ប្រវត្តិសាស្ត្រ​មួយ​នេះ រហូត​មក​ដល់​បច្ចុប្បន្ន គឺចេតីយ៍​ចំណាស់​ពីរ ស្ថិត​នៅ​ប៉ែក​ខាងកើត​ព្រះវិហារៈ ចេតីយ៍មួយ​នៅ​ខាង​ត្បូង​ថ្នល់​ជាតិ បាន​បែកបាក់​ បាត់បង់​ទ្រង់ទ្រាយ​ដើម​អស់​ទៅ​ហើយ, ឯចេតិយ៍មួយ​ទៀត​នៅ​ខាង​ជើង​​ថ្នល់​ជាតិវិញ គឺនៅ​រក្សា​បាន​នូវ​ទ្រង់​ទ្រាយ​ដើម​ដដែល​នៅ​ឡើយ​ទេ។

បើ​តាម​សង្គ្រាជវត្តបច្ចុប្បន្នព្រះនាម ប៉ុន នី, ​ជា​ព្រះចៅអធិការវត្ត​ព្រៃបាំង​ ជំនាន់​ទី​៨ បាន​មាន​សង្ឃដីការៀបរាប់​ថាៈ «ចេតីយ៍បាក់បែកនៅ​ខាងកើត​ព្រះវិហារ​​នេះ គឺជា​ចេតីយ៍​សម្តេច​សង្ឃ ដែល​ជា​គ្រូ​របស់​ស្តេចកន…។ ចេតីយ៍​មួយនេះ ត្រូវ​បាន​វ៉ៃ​កំទេច​​ក្នុង​របប​ខ្មែរ​ក្រហម។ ចំណែក​ព្រះវិហារ​ចាស់ ត្រូវ​បាន​បំផ្លាញ​ខ្ទេច​ដោយ​យន្តហោះ តេវ៉ាំងវីត (T-28)​ របស់​ទាហាន លន់ នល់ ក្នុង​អំឡុង​ឆ្នាំ១៩៧៣…។ ក្រោយ​ពេល​បែក​ភ្នំពេញឆ្នាំ៧៥ ភ្លាមៗ, ទីវត្តនេះត្រូវ​បាន​ពួក​ខ្មែរ​ក្រហម​ យកធ្វើ​ជា​កន្លែង​អោយ​កង​​យោធា​ពិការរបស់​ពួក​គេ​​ស្នាក់នៅ…»

ពេល​ខ្ញុំ​សួរ​បញ្ជាក់​ទៅ​ព្រះអង្គ ថាតើ​ជំនាន់​ខ្មែរ​ក្រហម, ព្រះអង្គ​គង់​នៅ​ក្នុង​ភូមិជិតៗ​នេះពិតមែន​ទេ?… ព្រះអង្គ​បាន​មាន​សង្ឃដីកាថា ព្រះអង្គ​ត្រូវ​បាន​ពួក​ខ្មែរ​ក្រហម ជំលៀស​អោយ​ទៅ​ខាងកើត… ខាងពារាំង…។ ​ដោយ​បែប​នេះ​ខ្ញុំ​គិត​ថា ចេតីយ៍បែក​បាក់​នៅ​ខាង​ត្បូង​ថ្នល់ ដែល​សន្មត់ថា ជាចេតីយ៍គ្រូ​របស់​ស្តេចកន ព្រះនាម​សម្តេច​ព្រះសត្ថា ប្រហែល​ជា​ត្រូវ​បាក់​កំពូល​ដោយសារ​សង្គ្រាម, មិនមែន​​បាក់​ដោយ​ស្នាដៃ​មនុស្ស​ក្នុង​របប​ខ្មែរ​ក្រហម​ឡើយ។ ព្រោះថា បើ​ខ្មែរក្រហមចង់​​កំទេចវិញ គឺ​ច្បាស់​ជា​កំទេច​រាបដល់ដី ទៅលើ​ចេតីយ៍​ចំណាស់​ទាំងពីរនេះ​តែ​ម្តង…។

តាម​ការ​អោយ​ដឹង​​​របស់​ព្រះចៅអធិការវត្ត, បច្ចុប្បន្នវត្តព្រៃបាំង​មាន​ព្រះ​សង្ឃ​​គង់​នៅ​តែ​​ប្រាំអង្គ​គត់។ ពេល​ខ្ញុំ​ចង្អុល​ទៅ​កុដិ​ព្រះសង្ឃ ដែលបាន​សង់​មួយៗ​ ដង្ហែគ្នាជា​លក្ខណៈ Motel, Single Room នៅប៉ែកខាងត្បូង និង​ខាងលិច​ព្រះវិហារ, ព្រះអង្គ​បាន​មាន​សង្ឃដីកា​បន្ថែម​ទៀត​ថា កាល​ពី​មុន ព្រះអង្គ​បាន​បើក​បង្រៀនជា​​ពុទ្ធិក​សាលា​បាលី នៅ​ខាង​ក្រោម​កុដិ​ធំនេះ, ទើប​មាន​កូនអ្នក​ស្រុក​​ជាច្រើន​ ចូល​មកបួស​រៀន​ហូរហែ។ ដល់​បិទ​លែង​អោយ​មាន​ពុទ្ធិកសាលាបាលី​ទៅ វត្តនេះក៏​ស្ងាត់ព្រះសង្ឃ​​អញ្ចឹង​ទៅ…។​

នៅជាប់បរិវេណវត្តព្រៃបាំង ប៉ែកខាងលិច មានសាលារៀនមួយ ដែលកសាង​ឡើង​ដោយ​សប្បុរសជន​​​ជប៉ុន មាន​ឈ្មោះថា «សាលាបឋមសិក្សា សាកាម៉ូតូ ព្រៃបាំង» ហើយនៅ​ទល់មុខ​ក្លោង​ទ្វារ​វត្ត​ ឯម្ខាងផ្លូវ គឺជាប៉ុស្តិប៉ូលីស​រដ្ឋបាល​ឃុំ​ស៊ីធរ ដែល​មើល​ទៅមិន​ដឹងថា តើ​បងៗប៉ូលីស​យើង មាន​អារម្មណ៍​ធ្វើការ​យ៉ាង​ម៉េចកើត​ទៅ?…

ឈរពីលើថ្នល់​ ខាងមុខ​វត្ត​ព្រៃបាំងដដែល, ពេល​មើល​ទៅ​ខាងជើង ហួស​អូរ​ដែល​មាន​ទឹក​ដក់​នោះទៅ យើង​នឹង​ឃើញ​ដំបូល​ព្រះវិហារ​វត្តម៉ែបាន ច្បាស់ចែស… ហើយ​ខាង​ក្រោម​នេះ ជាទិដ្ឋភាព​ទូទៅ​ក្នុង​ទីអារាម​វត្តព្រៃបាំង ដែល​ខ្ញុំ​ថត​ទុក​ជា​ឯកសារ​ នា​ដើម​ខែកុម្ភះ ឆ្នាំ២០១៤ នេះ។ ប្រកាសបន្ទាប់ ខ្ញុំ​នឹង​បន្តរៀបរាប​បង្ហាញនូវ​ទីអារាម​ប្រវត្តិសាស្រ្ត​មួយ​ទៀត​ មាន​ឈ្មោះថា វត្តព្រះរាជ​និវេសនដ្ឋាន​ស្រីសឈរ ហៅស៊ីធរ ​ដែល​ស្ថិត​នៅ​លើ​ទីទួល​បាសាន ជា​អតីត​រាជធានី​របស់​​ព្រះបរមរាជា​ចៅពញាយ៉ាត ក្រោយ​ពេល​រើពី​ទីក្រុង​អង្គរ​នៅ​ក្នុង​ គ.ស ១៤៣១ និង​ព្រះបរមចេតីយ៍របស់​ព្រះអង្គ នៅ​រក្សា​ទ្រង់​ទ្រាយ​ស្អាត​ល្អ មិន​គួរ​អោយ​ជឿ..!!..

ស្រុកស្រែ

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s