វិចិត្រសាល

ប្រឡាយមេមួយខ្សែកំពុងជីក នៅជាប់​ផ្លូវ​ជាតិលេខ៨


ក្នុងដំណើរ​ឆ្លងកាត់​ផ្លូវជាតិ​លេខ៨ នា​ដើមខែកុម្ភះ ឆ្នាំ២០១៤ នេះ ពេលទៅជិត​ដល់​បង្គោល​គីឡូម៉ែត្រ​លេខ ៨៤ ហួស​ខាងកើត​រង្វង់មូល​ស្វាយអន្ទរ ប្រហែល ២គ.ម, ខ្ញុំ​ឃើញ​សកម្មភាព​គ្រឿងចក្រ​កំពុង​ជីក​ប្រឡាយ​មេ​មួយ​ខ្សែ ត្រង់ភ្លឹង ពីជើង​ទៅត្បូង​។ មិន​ដឹង​ថា ម្ចាស់​គំរោង​សាងសង់​ជា​របស់​ក្រសួង​ធនធានទឹក ឬ​ក្រសួង​អភិវឌ្ឍន៍​ជនបទ​ ឬក៏​ក្រសួង​កសិកម្ម​ទេ…។ យ៉ាង​ណា​ក៏​ដោយ, ច្បាស់ណាស់, ប្រឡាយ​មេមួយ​ខ្សែ​​នេះ ក្រោយ​ពេល​ស្ថាបនា​រួច ​វា​​នឹង​​ក្លាយ​ជា​ប្រភព​ផ្គត់​ផ្គង់ទឹកយ៉ាង​សំខាន់​ដល់​កសិករ ដែល​ប្រកប​របរ​ធ្វើ​ស្រែ​ និង​ដាំដំណាំ​ក្នុង​តំបន់​ជុំវិញ​ប្រឡាយ​មេ​នេះ​ឆ្លងកាត់។

បើ​តាមលោក សំបូរ, ជា​មិត្ត​​អ្នក​អាន​ជា​ទីគោរព​របស់​ខ្ញុំ បាន​អោយ​ដឹង​ថាៈ សំណង់​ធារាសាស្រ្ត​មួយ​នេះ គឺ​ជា​ផ្នែក​មួយ​នៃ «គម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធធារាសាស្ត្រ​វ៉ៃ​កូ» នៅក្នុង​​ខេត្តព្រៃវែង ដែល​កំពុងតែ​អនុវត្ត​ន៍ជំហាន​ទីមួយ ដោយ​ចំណាយ​ថវិកា​អស់​ប្រមាណ​​ជា ១០០​លាន​ដុល្លារ សម្រាប់​ជីក​ស្តារ​ព្រែ​កមួយ​ខ្សែ មាន​ប្រវែង​ជាង ៤០ គីឡូម៉ែត្រ ចែកចេញជា​ពីរផ្នែក៖

  • ​ផ្នែក​ទីមួយ មាន​ប្រវែង ១៣ គីឡូម៉ែត្រ ទទឹង​មាត់​លើ​៥៥​ម៉ែត្រ និង​ទទឹង​បាត​ក្រោម​២៥​ម៉ែត្រ ចាប់ពី​ឃុំ​មហាលាភ ស្រុក​កោះសូទិន ខេត្ត​កំពង់ចាម​ ដល់​ឃុំ​ស្វាយ​ជី​ក្រាយ ស្រុក​ស៊ីធរ​កណ្តាល ខេត្តព្រៃវែង​។
  • ផ្នែក​ទី​ពីរ ប្រវែង ២៧ គីឡូម៉ែត្រ មាន​ទទឹង​មាត់​លើ​៤៤​ម៉ែត្រ និង​ទទឹង​បាត​ក្រោម​១៨​ម៉ែត្រ ចាប់ពី​ឃុំ​ស្វាយ​ជី​ក្រាយ ស្រុក​ស៊ីធរ​កណ្តាល ដល់​ឃុំ​តា​ដោក ស្រុក​កំចាយមារ ខេត្តព្រៃវែង​។​

​ក្រៅពី​គម្រោង​ជីក​ស្តារ​ព្រែក​ខាងលើ នៅមាន​គម្រោង​ជីក​ប្រឡាយ​មេ​ពីរ​ខ្សែ ប្រវែង ៧៨ គីឡូម៉ែត្រទៀត​៖

  • ប្រឡាយ​ទីមួយ មាន​ប្រវែង ២៨,៥​គីឡូម៉ែត្រ ទទឹង​មាត់​លើ​២៥,៥​ម៉ែត្រ ទទឹង​បាត​ក្រោម​៨,៥​ម៉ែត្រ ចាប់ពី​ឃុំ​ស្វាយ​ជី​ក្រាយ ស្រុក​ស៊ីធរ​កណ្តាល ដល់​ឃុំ​ដំរី​ពួន  ស្រុក​ព្រៃវែង (គឺជាប្រឡាយ​ដែល​ខ្ញុំ​បាន​ឃើញ ដូច​ក្នុង​រូប​ថត​នេះ)​។
  • ប្រឡាយ​ទី​ពីរ ប្រវែង ៤៣ គីឡូម៉ែត្រ ទទឹង​មាត់​លើ​២៣​ម៉ែត្រ ទទឹង​បាត​ក្រោម​១១​ម៉ែត្រ ចាប់ពី​ឃុំ​តា​ដោក ដល់​ឃុំ​កំចាយមារ ឃុំ​ប្រា​ហួត ស្រុក​មេសាង ខេត្តព្រៃវែង​។ សាងសង់​សំណង់​យក​មេទឹក​ពីរ​កន្លែង សំណង់​បញ្ចាល់ទឹក ១៦​កន្លែង និង​សំណង់​បែងចែក​ទឹក ២២​កន្លែង​។​

​គម្រោង​ជំហាន​ទីមួយ​នេះ នឹង​ធានា​ដល់​ការស្រោចស្រព​ទឹក​​លើផ្ទៃ​ដី​ស្រូវវស្សា​បាន​ចំនួន ១០៨.៣០០​​ហិកតា និង​ផ្ទៃដី​ស្រូវប្រាំង ២៧.១០០ ហិកតា នៅក្នុង​ស្រុក​អូររាំងឪ ស្រុក​កោះសូទិន ក្នុង​ខេត្តកំពង់ចាម និង​ស្រុក​មេសាង ស្រុក​ស៊ីធរ​កណ្តាល ស្រុក​កំចាយមារ ស្រុក​ព្រៃវែង ខេត្តព្រៃវែង។ គំរោង​នេះ បាន​ចាប់ផ្តើម​តាំងពី ខែ​មករា ឆ្នាំ​២០១៣ មកម៉្លេះ។

តាម​ការ​កត់​សំគាល់​របស់​ខ្ញុំ ដែល​ធ្លាប់​បាន​ធ្វើ​ដំណើរ​ឆ្លងកាត់​ស្រុក​ទេស​​យើងពីលិច​ទៅ​កើត, ពី​ជើង​ទៅ​ត្បូង ស្ទើរ​តែ​សព្វ​ទី​កន្លែង ទាំង​ប្រាំង ​ទាំង​វស្សា​​… គឺ​កសិករ​​យើង​​ស្ទើរ​តែ​មួយរយ​ភាគ​រយ បាន​ទុក​ដី​ស្រែ​អោយ​នៅ​ចោល​ទំនេរ គ្មាន​ដាំ​ដុះ​អ្វី​សោះ បន្ទាប់​ពី​ការ​ប្រមូល​ផល​ស្រូវ​រដូវវស្សា​រួច។ ចំណុច​នេះ​ ខ្ញុំ​ក៏​យល់​មិន​ដល់​ដែរ ព្រោះ​ថា កន្លែង​ដែល​គ្មាន​ប្រភព​ទឹកទៅ គឺ​សម​នឹង​ទុក​ដី​អោយ​នៅ​ទំនេរ​អញ្ចឹង​ហើយ។ តែ​តំបន់​ខ្លះ​ដែល​មាន​ទឹក​នៅ​ក្នុង​ប្រឡាយ​ជាប់​ជាប្រចាំហើយ ក៏​នៅ​តែ​ទុក​ដីចោល ដោយ​គ្មានបន្ត​​ការ​ធ្វើ​ស្រែ​ប្រាំង​ ឬ​ដាំដុះ​អ្វី​ទាំងអស់… គឺ​ទុក​ដី​ចោល​អោយប្រេះ​បែក​ក្រហែង​ សោះ​កក្រោះ​ រកតែ​ស្មៅ​ដុះ​អោយ​គោក្របី​ស៊ី សឹង​មិន​បាន​ផង…។

មាន​កសិករ​យើង​ ឧស្សាហ៍​មួយៗ​ដែរ…។ ថ្វី​បើ​គ្មាន​ប្រភពទឹក ឬ​ប្រឡាយ​ដក់​ទឹក​ក៏​ដោយ ក៏​កសិករ​ឧស្សាហ៍​មួយៗនេះ នាំ​គ្នា​ជីក​អណ្តូងស្នប់ រួច​ប្រើ​ម៉ាស៊ីន​ បូម​ទឹក​ពី​ក្នុង​ដី​យក​មក​ស្រោច​ស្រែ​ប្រាំង ឬ​ស្រោច​ដំណាំ​​ផ្សេងៗ ដូច​ជា​ ឪឡឹក​ជាដើម…។ កសិករ​ឧស្សាហ៍​បែបនេះ​ភាគ​ច្រើន ​គឺ​មាន​ជីវភាព​ធូរធា​…៕

ស្រុកស្រែ

Advertisements

4 responses to “ប្រឡាយមេមួយខ្សែកំពុងជីក នៅជាប់​ផ្លូវ​ជាតិលេខ៨

  1. លោកស្រុកស្រែប្រឡាយនឹងមានឈ្មោះនៅ?
    បើមិនទាន់មានទេដាក់ឈ្មោះខ្ញុំក៏បាន ខ្ញុំមិនប្រកាន់អីទេ!

  2. ខ្ញុំគឹតថា​នេះ​ជា​គំរោង​របស់​ក្រសួង​ធនធានទឹក​ ហើយ​ប្រហែល​ជាគំរោង​ដ៏ធំបំផុត​សម្រាប់​ស្ថាប័នមួយ​​នេះ​ព្រោះថា​មាន​គ្របដណ្ដប់​លើបីខេត្ដ កំពង់ចាម ព្រៃវែង និង​ស្វាយរៀងដែល​គ្រោង​ចំណាយ​ថវិការ​ប្រហែល ២០០លាន​ដុល្លា​ (ជា​កម្ចី​ពី​មហាមិត្ដ)។​ តាមពត៌មាន​ដែល​ខ្ញុំ​ធ្លាប់​បាន​អាន​កាល​ពី​ដើម​ឆ្នាំមុន​ គំរោង​នេះ​មាន​ឈ្មោះថា គំរោងស្រោចស្រព(ព្រែកជីក)វ៉ៃគោ ដែល​នឹង​ត្រូវ​កសាង​ប្រឡាយ​មេ​ខ្នាត​យក្សប្រមាណ​ជា​បួន​ខ្សែ៖
    ១. ប្រវែង ១៣ គីឡូម៉ែត្រ ទទឹង​មាត់​លើ​៥៥​ម៉ែត្រ និង​ទទឹង​បាត​ក្រោម​២៥​ម៉ែត្រ ចាប់ពី​ឃុំ​មហាលាភ ស្រុក​កោះសូទិន ខេត្តកំពង់ចាម ដល់​ឃុំ​ស្វាយ​ជី​ក្រាយ ស្រុក​ស៊ីធរ​កណ្តាល ខេត្តព្រៃវែង។
    ២. ប្រវែង ២៧ គីឡូម៉ែត្រ មាន​ទទឹង​មាត់​លើ​៤៤​ម៉ែត្រ និង​ទទឹង​បាត​ក្រោម​១៨​ម៉ែត្រ ចាប់ពី​ឃុំ​ស្វាយ​ជី​ក្រាយ ស្រុក​ស៊ីធរ​កណ្តាល ដល់​ឃុំ​តា​ដោក ស្រុក​កំចាយមារ ខេត្តព្រៃវែង​។
    ៣. ប្រវែង ២៨,៥​គីឡូម៉ែត្រ ទទឹង​មាត់​លើ​២៥,៥​ម៉ែត្រ ទទឹង​បាត​ក្រោម​៨,៥​ម៉ែត្រ ចាប់ពី​ឃុំ​ស្វាយ​ជី​ក្រាយ ស្រុក​ស៊ីធរ​កណ្តាល ដល់​ឃុំ​ដំរី​ពួន ស្រុក​ព្រៃវែង​។ រូបភាព​ខាងលើ​ប្រហែល​ជា​ផ្នែក​មួយ​នៃ​ប្រឡាយ​មួយខ្សែនេះ។
    ៤. ប្រវែង ៤៣ គីឡូម៉ែត្រ ទទឹង​មាត់​លើ​២៣​ម៉ែត្រ ទទឹង​បាត​ក្រោម​១១​ម៉ែត្រ ចាប់ពី​ឃុំ​តា​ដោក ដល់​ឃុំ​កំចាយមារ ឃុំ​ប្រា​ហួត ស្រុក​មេសាង ខេត្តព្រៃវែង។​

    តំណាក់កាល​ទី​មួយ​នៃ​គំរោងនេះ​នឹង​ចំណាយ​ថវិការ​១០០លានដុល្លា ហើយ​អាច​រំពឹង​ថា​ស្រោចស្រព​លើផ្ទៃដី ១០៨.៣០០ ហិចតា​នា​រដូវវស្សា និង​២៧.១០០ហិចតានា​រដូវ​វស្សា។

    ប្រភព៖ http://www.fpmonline.net/article/13827

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s