វិចិត្រសាល

កត់ត្រារហ័ស៖ ជីវិតរបស់យុវតីខ្មែរជនបទ​មួយរូប ដែល​ទៅ​ធ្វើ​ការ​ជា​កម្មការិនី​​កាត់ដេរ​នៅ​ក្រុង​ភ្នំពេញ​


កាលពីចុងខែមករា មុននេះ ខ្ញុំ​បាន​ដាក់​ប្រកាស​មួយដែល​និយាយ​រៀបរាប់​ពី ជីវិត​ពលករ​​ខ្មែរ​​មួយ​រូប ​ទៅ​ធ្វើ​ការ​នៅ​​ប្រទេស​ថៃ តាម​រយៈ​​ក្រុមហ៊ុន​មួយ…​ ។ នៅ​ពេល​នេះ ខ្ញុំ​សូម​លើក​យក​ពី​ជីវិត​ពិត​របស់​យុវតី​ខ្មែរ​នៅ​ជនបទ​មួយ​រូប ដែល​​​ចាក​ចេញ​ពី​ស្រុក​កំណើត ទៅ​ធ្វើ​ការ​ជា​កម្មការិនី​​កាត់ដេរ​នៅ​ក្រុងភ្នំពេញ​វិញ​ម្តង។

ឧស្សាហ៍

យុវតីឈ្មោះ ឧស្សាហ៍

ចៃដន្យ, ពេល​ខ្ញុំ​ទៅ​ចូល​រួម​បុណ្យ​មិត្ត​ភក្តិ​នៅ​ក្នុង​ឃុំមួយ​នៃ​ស្រុក​អូររាំងឪ ខេត្តត្បូង​ឃ្មុំ​ ខ្ញុំ​បាន​ឃើញ​យុវតីម្នាក់​កំពុង​អង្គុយ​​ធ្វើ​ការ​ «ចំ​កន្លែងខ្លាញ់»… គឺលាង​ចាន​នៅ​ក្បែរ​រោង​ចុង​ភៅ…។ ដោយ​មាន​ទំលាប់​ លួច​ថត​រូប​គេ​មិន​អោយ​ដឹង​ខ្លួន, ខ្ញុំ​ក៏​លើក​ម៉ាស៊ីន​ថត​ចុចបាន​មួយ​ប៉ុស្តិទៅ។ មួយ​សន្ទុះ​ក្រោយ​មក​ទើប​ខ្ញុំ​ដឹង​ថា យុវតី​ដ៏​ស្រស់​សោភា​ម្នាក់​នេះ​ គឺជា​​អតីត​កម្មការិនីកាត់​ដេរ​មួយ​រូប​នៅ​ទី​ក្រុង​ភ្នំពេញ។

ដោយចំណាយ​ពេល​មិន​យូរ​ប៉ុន្មាន យុវតី​ដែល​មាន​ឈ្មោះ​ថា​ ឧស្សាហ៍ (ជាឈ្មោះ​ខ្ញុំ​ដាក់​អោយ)​ ត្រូវ​បាន​ខ្ញុំ​សួរ ជជែក​លេង​ពី​នេះ​ពីនោះ ទាក់​ទង​នឹង​ជីវិត​កាងារជា​កម្មការិនី​កាត់​ដេរនៅ​ទីក្រុង, ហើយ​ចំឡើយ​​ដែល​ឆ្លើយ​ប្រាប់​ខ្ញុំ​ ទាំង​ភ័យ​​ទាំង​អៀន​​​របស់​ ឧស្សាហ៍ បាន​ធ្វើ​អោយ​ខ្ញុំ​អស់​សំណើច​ផង, ហួស​ចិត្តផង, និង​នឹក​ទៅ​ដល់​យុវតី​ទូទៅផងដែរ ដែល​បានដាច់​ចិត្ត​​ចាក​ចោល​​​ភូមិកំណើត ទៅ​រស់​នៅ​ និង​​ធ្វើ​ការ​ងារ​​ជា​កម្មការិនី​កាត់ដេរក្នុង​ទីក្រុង…។

ខាងក្រោមនេះ ជាកំណត់ត្រា​រហ័ស ស្តីពី​​ជីវិត​ពិត​របស់ ឧស្សាហ៍ ដែល​ខ្ញុំ​ជជែក​​លេង​ផង សួរនាំ​ផង, រួច​សរសេរ​ចងក្រង​ឡើង​វិញ​តាម​លំដាប់​លំដោយ​ ដូច​តទៅ…

ស្ថានភាព​គ្រួសារ​…

ស្ថិត​ក្នុងវ័យ ១៩ឆ្នាំៗនេះ, យុវតី ឧស្សាហ៍ ជាកូនទី៤ ក្នុង​ចំណោម​បងប្អូន ៦នាក់ (ប្រុស៣ ​ស្រី៣)។ បងស្រី​បង្អស់​របស់​ ឧស្សាហ៍ ក៏​ជា​កម្មការិនីកាត់​ដេរ​នៅ​ក្រុង​ភ្នំពេញ​ដែរ, ហើយ​ ឧស្សាហ៍ បាន​ក្លាយ​ទៅ​កម្មការិនី​កាត់ដេរ និង​ស្នាក់​នៅ​ធ្វើការ​ងារ​ក្នុង​ទី​ក្រុង​ទឹក​ម៉ាស៊ីន​នេះ គឺស្ថិត​នៅ​ក្រោម​អា​ណា​ព្យាបាល​របស់​បង​ស្រី​បង្អស់​របស់​ខ្លួន​​នេះ។​ ចំណែក​បងប្រុស​ទីពីរ​របស់ ឧស្សាហ៍ បាន​ទៅ​ធ្វើ​ជា​ពលករ​ចំណាក​ស្រុក​នៅ​ប្រទេសថៃ អស់​រយៈ​ពេល​ជិតពីរឆ្នាំ​មកហើយ។ តាម​ដំណឹង ក្នុង​ពេល​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ខាង​មុខ បងប្រុសទីពីរ​របស់​ ឧស្សាហ៍ នឹង​បាន​ច្បាប់​មក​លេង​ផ្ទះ​សំបែង​ហើយ។ ឯបងស្រី​ទីបី​របស់ ឧស្សាហ៍ មិន​បាន​ចាក​ចេញពី​គ្រួសារទេ គឺមាន​ភារៈជួយ​មើល​ការ​ខុស​ត្រូវ​ក្នុងផ្ទះ និង​មើល​ថែទាំ​ឪពុកម្តាយ ព្រមទាំង​ប្អូនប្រុស​​​តូចៗ ពីរនាក់​ទៀត។​​

ដោយសារ​បញ្ហា​ជីវភាព​គ្រួសារ មាន​ការ​ខ្វះ​ខាត​ខ្លាំង នេះ​ម៉្យាង, ម្យ៉ាងទៀត​​ដោយសារ​តែ​មាន​បំណង​ចង់​សន្សំ​ប្រាក់ ​ដើម្បី​មក​ជួយ​ផ្គត់ផ្គង់​ក្រុម​គ្រួសារ​ផង ​​ឧស្សាហ៍ ក៏​បាន​បោះបង់​ចោល​ការ​សិក្សាកាល​ពី​ឆ្នាំ២០១៣ កន្លងទៅ ​ដោយ​រៀន​បាន​ត្រឹម​ថ្នាក់​ទី៨ តែ​ប៉ុណ្ណោះ។

ស្ថិត​ក្នុង​វ័យ ១៨ឆ្នាំ, ឧស្សាហ៍​បាន​បែក​ចេញ​ពី​មិត្ត​រួម​ថ្នាក់ និង​លោកគ្រូ​អ្នកគ្រូ, ឧស្សាហ៍​​បាន​​លាប៊ិច​លា​សៀវភៅ, លាចបកាប់​ជំរះ​ស្មៅ, លា​ប៉ោត​ដងរែក, លាវាល​ស្រែ, លាក្តាម​លាខ្យង, លាដើមដូង​ ដើម​ខ្វិត ដើមកន្ទួត… រួចចាប់​កាន់​មុខ​របរ​ថ្មី ជា​កម្មការិនីរោង​ចក្រ​កាត់ដេរ ដូច​កម្មការិនី​រាប់​ម៉ឺននាក់​ទៀត ដែល​កំពុង​ធ្វើ​ការ​នៅ​ទីក្រុង​ភ្នំពេញ ដោយ​សង្ឃឹមថា នឹង​សន្សំ​ប្រាក់​អោយ​បាន​ច្រើន ដើម្បី​លើក​ផ្ទះ​ថ្មី…។

តំបន់រោងចក្រទួលពង្រ, កន្លែង​ចាប់​ផ្តើម​ការងារ​ថ្មី…

ក្រោយ​ពេល​បោះឆ្នោត​រួចកាល​ពី​ឆ្នាំ​កន្លង​ទៅ ​បាន​ប្រហែល​បីខែ, ឧស្សាហ៍​ បាន​ឡើង​មក​ក្រុង​ភ្នំពេញ ដើម្បី​ដាក់​ពាក្យ​សុំ​ចូល​ធ្វើការ​ងារនៅ​ក្នុង​រោង​ចក្រ​មួយ ក្នុង​តំបន់​ទួល​ពង្រ សង្កាត់​ចោមចៅ តាម​រយៈ​បង​ស្រី​របស់​នាង។ តាម​ការ​រៀបរាប់​របស់​ ឧស្សាហ៍, នៅ​តំបន់​ទួល​ពង្រ​នេះ មាន​រោង​ចក្រ​កាត់ដេរជាច្រើន និង​មាន​មនុស្ស​រាប់​ពាន់ រាប់​ម៉ឺន​នាក់​ធ្វើការ ហើយ​រោងចក្រ​នីមួយ​ៗ បាន​កៀងគររក​កម្មករ​ដែល​មាន​ជំនាញ​ស្រាប់ៗ អោយ​ទៅ​ធ្វើ​ការ​នៅ​តាម​រោងចក្រ​​របស់​គេ​រៀងៗ​ខ្លួន។

ដោយ​ហេតុ​នេះ នៅ​ពេល​ដែល​ ឧស្សាហ៍ ដាក់​ពាក្យ​សុំ​ចូល​ធ្វើការថ្មី​ចែស​បែប​នេះ ត្រូវ​ជួប​នូវ​ការ​លំបាក​បន្តិច​បន្ទួច, ជាពិសេស គឺ​តំលៃ​ប្រាក់​ឈ្នួល​នេះ​តែ​ម្តង។ ទីបំផុតទៅ មាន​រោងចក្រ​មួយ បាន​ទទួល​អោយ ឧស្សាហ៍ ចូល​ធ្វើ​ការក្នុង​នាម​ជា​កម្មករ​ទូទៅ។

តាម​កិច្ចសន្យាការងារ, ឧស្សាហ៍ ត្រូវ​ធ្វើ​ជា​កម្មការិនី​បណ្តែតរយៈ​ពេល​ ៣ខែ, បន្ទាប់​ពីនោះ ទើប​រោង​ចក្រ​វាយ​តំលៃ​អោយ​ចូល​ជាក្របខ័ណ្ឌ​ពេញ​សិទ្ធិ​បាន។ ពេល​ម៉ោង​ធ្វើ​ការ គឺ​ព្រឹក​ចូល​ពី​ម៉ោង ៧ ដល់​ម៉ោង ១១ថ្ងៃត្រង់, រួច​សំរាក​ញាំបាយ… ដល់​រសៀល​ ចូល​ពីម៉ោង ១ ដល់​ម៉ោង ៤ ។ ផុត​ពី​ម៉ោង ៤ទៅ គឺ​ចូល​ដល់​ម៉ោង​ថែម ដែល​ក្នុង​ ១ថ្ងៃ​ មិន​អោយ​លើស​ពី ២ម៉ោង…។ ១សប្តាហ៍ ធ្វើ​ការ ៦ថ្ងៃ ពីថ្ងៃច័ន្ទ ដល់​ថ្ងៃ​សៅរ៍ និង​សំរាក​ថ្ងៃ​អាទិត្យ​។ ឯ​ថ្ងៃ​បុណ្យ​ទាន​ផ្លូវការ​របស់​រដ្ឋ ក៏​រោង​ចក្រ​អនុញ្ញាត​អោយ​ច្បាប់​ឈប់​សំរាក​​ដែរ។

ប្រាក់កំរៃទទួល​បាន​ប្រចាំខែ…

ប្រាក់ខែគោលសំរាប់​កម្មករ​បណ្តែត​ដូច ឧស្សាហ៍​ បែបនេះ គឺ​ទទួល​បាន​ ៧៥ដុល្លារ (កម្មករ​ពេញសិទ្ធិ ៨០ដុល្លារ)។ នៅ​មាន​ប្រាក់​ឧបត្ថម្ភ​ផ្សេងៗ​ទៀត ដែល​ត្រូវ​បាន​បូក​បញ្ចូល​ជា​មួយ​ប្រាក់​ខែ​គោល​ខាង​លើ ដូចជា ប្រាក់ថ្លៃ​ឈ្នួល​ផ្ទះ ៥ដុល្លារ, ប្រាក់​ថ្លៃ​បាយ ៧ដុល្លារ, ប្រាក់​ថ្លៃ​សោហ៊ុយ​ធ្វើ​ដំណើរ ៧ដុល្លារ, និង​ប្រាក់​លើក​ទឹក​ចិត្ត ១០​ដុល្លារទៀត…។ នៅ​មាន​ប្រាក់​ថែម​ម៉ោងប្រចាំ​ថ្ងៃ​ទៀត។ ដូច្នេះ ក្នុង​មួយខែៗ ឧស្សាហ៍ ទទួល​បាន​ប្រាក់​កំរៃ​ក្នុង​ចន្លោះ ពី ១១០ដុល្លារ ទៅ ១២០ដុល្លារ

ជាទូទៅ, ប្រាក់​ខែដែល​រោង​ចក្រកាត់ដេរ​ ឧស្សាហ៍ ធ្វើការ​ជាមួយ គឺ​បើក​នៅ​រៀង​រាល់​ថ្ងៃទី ១០ នៃខែបន្ទាប់…។​​ ចំពោះ​ប្រាក់បន្ថែម​ដំណាច់​ឆ្នាំវិញ គឺ​រោង​ចក្រ​នឹង​ផ្តល់​ជូន​តែទៅ​លើកម្មករ កម្មការិនី​រូប​ណា ដែល​ធ្វើការ​លើស​ពី ២ឆ្នាំឡើង​ទៅ ចំនួន ៤០ដុល្លារ​ផងដែរ។

ការចំណាយ​ប្រចាំ​ខែ…

នៅរៀងរាល់​ដំណាច់​ខែ, យុវតី ឧស្សាហ៍ ដែល​ស្នាក់​​នៅក្នុងបន្ទប់​មួយ ពីរនាក់​បងស្រី​នាង គឺត្រូវ​ចំណាយ​បង់​ថ្លៃ​ឈ្នួល​បន្ទប់​ចំនួន ៣០ដុល្លារ។​ ឧស្សាហ៍ បាន​អោយ​ខ្ញុំ​ដឹង​ផង​ដែរ​ថា បន្ទប់​សំរាប់​ជួល​អោយ​កម្មករ​ស្នាក់​នៅ គឺ​មាន​តំលៃ​ចាប់​ពី ២៨ដុល្លារ, ៣០​ដុល្លារ, រហូត​ដល់​ ៣៥ដុល្លារ​ជាដើម…។

រស់នៅ​ពីរនាក់​បងប្អូន, ឧស្សាហ៍ បាន​ទិញ​អង្ករ និងម្ហូប យក​មក​ដណ្តាំ​ស្ល​ខ្លួន​ឯង។ ក្នុង​ ១ខែ ពីរនាក់​បងប្អូនអស់​អង្ករ​ប្រមាណ ១៥គ.ក្រ។ ចំណែក​ម្ហូប​វិញ ក្នុង ១ថ្ងៃ ចំណាយ​ក្នុង​ចន្លោះ​ពី ៧,០០០រៀល ទៅ ១០,០០០រៀល។ ដូច្នេះ​ ជា​មធ្យម​ក្នុង​ ១ថ្ងៃ អស់ ២ដុល្លារ, ១ខែ ៣០ថ្ងៃ គិតទៅ​អស់ ៦០ដុល្លារ ត្រូវ​ចំណាយ​ទៅ​លើ​មុខ​ម្ហូប។ ឯគ្រឿង​ទេស​សំរាប់​ស្លស្លុកវិញ ក្នុង ១ខែចំណាយ​អស់​ខ្ទង់ ១០ដុល្លារ​ទៀត​ដែរ។

នៅ​មាន​ថ្លៃ​ទឹក ថ្លៃ​ភ្លើង​ទៀត…។ ភ្លើង​ក្នុង ១ខែ​ប្រើ​អស់ ៣គីឡូ, ១គីឡូ​ថ្លៃ ៣,០០០​រៀល, គិត​ទៅ​អស់ ៩,០០០រៀល។ ឯទឹកវិញ ក្នុង ១ខែ​ប្រើ​អស់ ៤ម៉ែត្រគីប, ១ម៉ែត្រ​គីប​​ថ្លៃ ២,៥០០រៀល, គិតទៅ​អស់ ១០,០០០រៀល។ សរុបទៅ ថ្លៃ​ទឹកភ្លើង ក្នុង ១ខែ​ ចំណាយ​អស់ ៥ដុល្លារ​ទៀត…។​

តាម​រយៈ​នៃ​ការ​ចាយ​វាយ​ត្បិតត្បៀត, ឧស្សាហ៍ ដែល​ត្រាំ​ខ្លួន​ក្នុង​ការ​ងារ​ជា​កម្មការិនី​កាត់ដេរ​អស់​រយៈ​ពេល ៣ខែ ក្នុង​ទីក្រុង​ភ្នំពេញ បាន​សន្សំប្រាក់​ខែ​​ផ្ញើ​មក​ម្តាយ​របស់​នាង សរុប​ទៅ​បាន ៦០ម៉ឺន​រៀល​ដែរ (ប្រមាណ ១៥០ដុល្លារ)…។

វិល​មក​ផ្ទះវិញ…

ក្រោយ​ហេតុការណ៍នៅ​លើ​កំណាត់​ផ្លូវ​វ៉េងស្រេង កាល​ពី​ដើម​ខែ​មករា មុននេះ, ឧស្សាហ៍ ក៏​បាន​វិល​ត្រឡប់ទៅ​សំងំ​នៅ​ផ្ទះវិញ​ ឯ​អូររាំងឪ រហូត​មក។

សព្វថ្ងៃ បងស្រី​របស់ ឧស្សាហ៍ បាន​វិល​មក​ភ្នំពេញ​វិញ ដើម្បី​បន្ត​ការងារ​ក្នុង​រោង​ចក្រ​របស់​គាត់​ឡើង​វិញដែរ​ហើយ។ លើកលែង​តែ ឧស្សាហ៍ គឺ​មិន​បាន​ត្រឡប់​ទៅ​តាម​បងស្រី​នាង​វិញ​ទេ។

ឆ្លើយនឹង​សំណួរ​ខ្ញុំ​ ដែល​សួរ​ថា៖ តើ​មាន​បំណង​នឹង​វិល​ទៅ​ធ្វើ​ជា​កម្មករ​កាត់ដេរ នៅ​ទីក្រុង​វិញ​អត់?… យុវតី ឧស្សាហ៍ បាន​ឆ្លើយ​ទាំង​គ្រវី​ក្បាល​ដាក់​ខ្ញុំ​វិញថា៖ មិន​ទៅ​វិញ​ទេ!… ខ្លាច​គេ​បាតុកម្ម​ណាស់… ណាមួយ​ សុំ​គេ​បាន​ចូល​ធ្វើ​ការ​ជា​កម្មករ​ជញ្ជូន​ឥដ្ឋ នៅ​ឡឥដ្ឋក្បែរ​ផ្ទះ​ផង… ១ថ្ងៃ​បាន​ឈ្នួល ១៧,០០០រៀល​ដែរ… គិតទៅ ១ខែ​បាន​ ៥០ម៉ឺន​រៀល​ គ្រាន់​បើ​ជាង​អង្គុយ​ដេរ​ផង… គ្រាន់​តែ​ការងារ​នេះ ទ្រាំ​នឹង​កំដៅ​ថ្ងៃ និង​ហត់​បន្តិច..!!..

_______________________________

ក្នុងពេល​កំពុង​សរសេរ​ប្រកាស​នេះ អារម្មណ៍ខ្ញុំនៅ​តែ​ដិត​ជាប់​នៅឡើយ ​ពី​ភាព​អឹម​អៀន ក្រម៉ិច​ក្រមើម ដូច​ស្វា របស់​យុវតី ឧស្សាហ៍។ ជូន​ពរ​អោយ​យុវតី​ជនបទ​ម្នាក់​នេះ ជួប​តែ​សំណាង​ល្អ…។

អ្វីៗ​ដែល​យុវតី​ខាងលើ​ បាន​រៀប​រាប់​ប្រាប់​ខ្ញុំ គឺ​អាច​ជា​ជ្រុង​មួយនៃ​ជីវិត​កម្មករ កម្មការិនី​ខ្មែរ​យើង​បច្ចុប្បន្ន ដែល​មិន​មែន​ជា​លក្ខណៈ​​ទូទៅនៃ​កម្មករ​កាត់ដេរ​នៅ​កម្ពុជា​យើង ទាំង ៦០ម៉ឺន​នាក់​ឡើយ។ បើ​មាន​ឳកាស ខ្ញុំ​នឹង​បន្ត​​ស្វែង​យល់​ពី​ជីវិត​​កម្មករ កម្មការិនី​​ផ្សេង​ទៀត ដើម្បី​យក​មក​ចុះ​ផ្សាយ​នៅ​ទីនេះ ព្រម​ទាំង​ចង់​ទៅ​ថត​ផ្ទាល់​ដល់​ទី​កន្លែង​ស្នាក់​នៅ​ ស៊ីចុករបស់​ពួក​គេ​តែម្តង…៕

ស្រុកស្រែ

Advertisements

2 responses to “កត់ត្រារហ័ស៖ ជីវិតរបស់យុវតីខ្មែរជនបទ​មួយរូប ដែល​ទៅ​ធ្វើ​ការ​ជា​កម្មការិនី​​កាត់ដេរ​នៅ​ក្រុង​ភ្នំពេញ​

  1. ខ្ញុំទើបតែត្រឡប់មកពីជប់ កាត់តាមអូរំាងឪដែរ។ ខ្ញុំឃើញថាទីរួមស្រុកនេះមានផ្ទះ ធំៗទ្រនុំខ្ពស់មែនពិត តែតាមឃុំឆ្ងាយៗពីទីរួមស្រុកវិញមិនដឹងថាប្រជាជនរករបរ ធ្វើអ្វីទេ? ជាពិសេសនារីៗប្រាកដជាគ្មានជំរើសអ្វីក្រៅពីកម្មការិនីនោះទេ! តាមស្រុកស្រែលែងឃើញហើយកូនក្រមុំដើរតាមភូមិ។

  2. ប្រាក់ខែប៉ុណ្ណឹងហើយចង់បានអីទៀត!
    គួរណាស់អរគុណរាជរដ្ធាភិបាល ក្រោមការដឹកនាំ
    ដ៏ឈ្លាសវៃរបស់ សម្តេចតេជោ គតិព្រឹទ្ធបណ្ធិត ហ៊ុន សែន
    នាយករដ្ធមន្ត្រី នៃព្រះរាជាណាចក្រ អឆ្ឆៈរិយះនេះ-sic​។ល។
    ដែលខំទាំងយប់ទាំងថ្ងៃ គៀងគរកអ្នកវិនិយោគ អេតចាយ
    មកអោយប្រជាជនខ្មែរបានស្គាល់បានយល់ វិស័យកាត់ដេរនេះ។
    បើប្រាក់ខែប៉ុណ្ណឹងទូទាត់ផាត់សើយទៅ នៅសល់មិនបាន
    ស្មើរចៅសម្តេចទិញកាំភ្លើងជ័រមួយលេងផងនឹង!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s