វិចិត្រសាល

អារាមវត្តជោត្តមង្គល ព្រែកព្នៅ


ម្សិលមិញនេះ អផ្សុកពេកមិន​ដឹង​ទៅណា ក៏គិតចង់​ទៅ​ថតរូប​នៅ​វត្តប្រាសាទ ដែល​មាន​ទីតាំង​នៅ​ជិតភ្នំបាសិទ្ធ, រួចក៏​ចេញ​ដំណើរ​លេងៗ ត្រឹកៗ​ទៅ…។ ពេលទៅដល់​ហួស​គល់​ស្ពាន​ព្រែក​ព្នៅ​បន្តិច ក៏​ជួប​នឹង​ការ​កក​ស្ទះ​ចរាចរណ៍ នៅ​ម្តុំ​​ផ្លូវ​បំបែក​ចូល​ភ្នំបាសិត ដែល​ការ​កកស្ទះនេះ បាន​ធ្វើ​អោយ​យានយន្ត​មាន​ទិស​ដៅ​ចេញ​ក្រៅ​ក្រុង បន្តកន្ទុយ​គ្នា​វែង​គួរ​សម…។

យានយន្តខ្ញុំ គឺ​ស្ថិត​នៅ​ក្នុង​ចំណោម​អ្នក​កកស្ទះ​នេះ។ ដោយ​ធុញ​ថប់​នឹង​ការតកឺគ្នា​ក្នុង​ល្បឿន​គើមៗនេះ, ខ្ញុំ​ក៏​កាច់​.ក អាក្តាមខ្ញុំ ​ចូល​ក្នុង​វត្តមួយ​ក្បែរ​នេះ​ផ្លុក… នោះគឺ​វត្ត​ព្រែកព្នៅ ជាទីស្នេហា!… 😀

មាន​ទីតាំង​ស្ថិត​នៅ​​ខាង​កើត​ថ្នល់ ជាប់​នឹង​ផ្លូវ​ជាតិ​លេខ៥, វត្តព្រែកព្នៅ មាន​ឈ្មោះ​ជា​បាលីបាគូថា វត្តជោត្តមង្គល, គឺ​ជា​អារាម​មួយ ក្នុង​ចំណោម​អារាម​ជាច្រើន ​ដែល​ខ្ញុំ​ទៅហួស មកហួស។ និយាយពិត និយាយត្រង់ទៅ ​នេះ​គឺ​ជា​លើក​ទីមួយ​ហើយ ដែល​ខ្ញុំ​បាន​ចូល​វត្តនេះ តាំង​ពីក្រោយ​​ឆ្នាំ​១៩៧៩ ​មក…។

បរិវេណវត្ត បាន​លាតសន្ធឹង​ចាប់​ពី​មាត់ផ្លូវកៅស៊ូ រហូត​ដល់​មាត់កំពង់ទឹក ធ្វើ​អោយ​ទីធ្លា​វត្ត​ មាន​សភាព​ធំទូលាយ​គួរ​សម។ អ្វីដែល​លេចធ្លោជាងគេ នៅ​ពេល​ដែល​អស់​លោក​អ្នក​ធ្វើ​ដំណើរ​ចូល​ផុត​ក្លោង​ទ្វារ​វត្ត គឺ​ឧបដ្ឋានសាលាថ្មីចែស​មួយ​ខ្នង ស្ថិត​នៅ​ខាងជើង​ព្រះវិហារ, ហើយ​ប្លែក​បំផុតមិន​ដែល​ឃើញ​ទៀត​នោះ គឺ​នៅ​ត្រង់​ថា ព្រះ​ពុទ្ធ​បដិមា​​ដែល​តាំង​ក្នុង​ឧបដ្ឋាន​សាលា​នេះ ត្រូវ​បាន​បែង​ចែក​ជា​ពីរអាសនៈ៖ ព្រះពុទ្ធ​សមណ​គោតម មួយ​អាសនៈ និងមួយអាសនៈ​ទៀត ​ទន្ទឹម​គ្នានេះ គឺ​ព្រះ​សិរអារ្យ​​មេត្រី ដែល​នៅ​មិន​ទាន់​ត្រាស់​ដឹង​នៅ​ឡើយ។ ឯកិរិយា​របស់​ព្រះសិរអារ្យ​មេត្រី​ទៀត​សោត ក៏​កាន់​តែ​ប្លែក​មិន​ដែល​ឃើញ​ដែរ, នោះគឺ​ព្រះអង្គ​ទ្រង់​ព្រះហស្ត​ឆ្វេង លើក​រា​មក​​ខាងមុខ និង​ព្រះហស្ត​ស្តាំ ទ្រង់​លើក​យក​មក​បាំងថ្ងៃ ដែល​កិរិយា​បែប​នេះ ខ្ញុំ​ធ្លាប់​ឃើញ​តែ​​អ្នក​ស្រែ​ អ្នក​ចំការ​យើង​ទេ។ ខ្ញុំ​ឆ្ងល់ថា នៅក្នុង​ម្លប់​សោះ ម៉េច​ក៏ចាំបាច់​លើក​ព្រះហស្ត​បាំងថ្ងៃ..??..!!.. 😀

ចំណែក​ឧបដ្ឋានសាលា​ចាស់ ដែល​សង់​អំពី​ឈើ ស្ថិត​នៅ​ខាងត្បូង​ព្រះវិហារ ត្រូវ​បាន​បោះ​បង់​ចោល ហើយក៏​មិន​រុះ​ចេញ​អោយ​ស្រឡះ​ដែរ។ នៅ​ជញ្ជាំង​ខាង​លិច​នៃ​អតីត​សាលាឆាន់​ដ៏​ជរានេះ ត្រូវ​បានប្រើ​​ជា​កន្លែង​ដណ្តាំ​ស្ល​ សំរាប់​​​ចង្ហាន់​ព្រះសង្ឃ​ចំនួន ១៨អង្គ ដែល​កំពុង​គង់​នៅ​ក្នុង​វត្ត​សព្វ​ថ្ងៃ​នេះ…។

ព្រះវិហារ​វត្តព្រែកព្នៅ ឃើញកំពុង​តែ​ជួស​ជុល​ជញ្ជាំងខាង​ក្រៅ។ ព្រះធម្មកោវិទ ឈឹម សុខៈ មាន​ឋានៈ​ជា ព្រះរាជា​គណៈ​ថ្នាក់​កិត្តិយស និង​ជា​ទីប្រឹក្សាសម្តេច​អគ្គ​មហា​សង្ឃ​រាជគណៈ​មហានិកាយ គឺ​ជា​ចៅ​អធិការ​វត្ត​ជោត្តមង្គល ព្រែកព្នៅ​បច្ចុប្បន្ន​នេះ។ កុដិ​របស់​ព្រះអង្គ ស្ថិត​នៅ​ជាប់​ខាង​ត្បូង​ព្រះវិហារ។ រីឯ​កុដិ​ព្រះសង្ឃ​គង់​នៅ​វិញ គឺ​ស្ថិត​នៅ​ក្នុង​អាគារ​មួយ​ជាប់​ខាង​លិច​នឹង​ឧបដ្ឋាន​សាលាថ្មី ដែល​ខ្ញុំ​ឃើញមាន​សំភារៈ​ជាង​សំណង់​កំពុង​តែ​ជួស​ជុល​បន្ទប់​ខាង​ក្នុង​ផងដែរ។​

ខាង​ក្រោមនេះ ជាទិដ្ឋភាព​ទូទៅ​ នៃអារាម​ជោត្តមង្គល ព្រែកព្នៅ ដែល​ខ្ញុំ​ថតទុក​ជា​ឯកសារ នាដើម​ខែ​កុម្ភះ ឆ្នាំ២០១៤ នេះ។ ប្រកាស​បន្ទាប់ ខ្ញុំ​នឹង​បង្ហាញ​ជូន​នូវ​អារាម​ដ៏​ល្បី​ល្បាញ​មួយ​ទៀត​មាន​ឈ្មោះថា វត្តប្រាសាទ ដែល​មាន​ទី​តាំង​ស្ថិត​នៅ​ជិត​ភ្នំ​បាសិទ្ធ…។

អូ!… ភ្លេច​ជំរាប… ពេល​ខ្ញុំ​ត្រឡប់​មក​ពី​វត្តប្រាសាទ​វិញ ទើប​បាន​ស្រឡះ​ផ្លូវ អាច​ថត​ក្លោង​ទ្វារ​វត្ត​ព្រែកព្នៅនេះ ពី​ម្ខាង​ផ្លូវ​បាន។ ចៃដន្យ, នៅពេល​មក​ជិត​ដល់កាច់​ជ្រុង​របង​វត្ត​ខាងជើង, ខ្ញុំក្រឡេក​ឃើញ​ស្លាក​មួយ​នៅ​ត្រង់​ច្រក​ផ្លូវ​ចូល «កំពង់ផែបែងចែក​ផល​នេសាទ​»​ ដាក់​ថា វត្តង៉ុកយាង (ជាភាសា​វៀតណាម Chùa Ngọc Viên )… មានន័យ​ថា វត្តវៀតណាម និង​វត្តខ្មែរ​យើង នៅជាប់​គ្នា… មើល​ទៅ​មាន​លក្ខណៈ​សាមគ្គីគ្នា​ស្អិត​រមួត ដូច​បងដូច​ប្អូន យូរ​អង្វែង​ម៉ឺនណាំទៅហោង..!!..??..

ស្រុកស្រែ​​

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s