វិចិត្រសាល

ព័ត៌មាន​ទាក់​ទង​នឹង​ជន​រងគ្រោះខ្មែរ ​​​ក្នុងគ្រោះ​ថ្នាក់​បាក់​សំណង់​អគារ​នៅ​ប្រទេស​ថៃ


ដោយសារ​រវល់​ពេក និង​​កំពុង​ស្ថិតនៅ​ឆ្ងាយ​ពី​ព័ត៌មាន​បន្តិចផង​ ទើប​​មួយ​សប្តាហ៍​​កន្លង​ទៅ​នេះ ខ្ញុំ​មិន​បាន​​ចុះ​ផ្សាយ​ប្រកាស​ថ្មីៗ បន្ថែម​ទៀត​សោះ…។

​ព្រឹក​នេះ​ មាន​ព័ត៌មានមួយដែល​ខ្ញុំ​ចាប់​អារម្មណ៍​ជាង​គេ… នោះ​គឺ​ករណី​​គ្រោះ​ថ្នាក់​បាក់​សំណង់​​​អគារ​នៅ​​ប្រទេស​ថៃ កាល​ពី​ថ្ងៃ​ទី ២៥ ខែកុម្ភះ ម្សិល​ម្ង៉ៃ​នេះ ដែល​បាន​បណ្តាល​អោយ​មាន​អ្នក​ស្លាប់ ១០នាក់ និង​រង​របួស ១៦​នាក់ ។ ក្នុង​ចំណោម​ជន​រង​គ្រោះ​ទាំង​អស់​​​នេះ គឺមាន​​​ពលករ​ខ្មែរ​យើង​​​ចំនួន ៧នាក់​ បាន​ស្លាប់ និង ១៤នាក់​​ទៀត​រង​របួស។

ពេល​ឃើញ​ព័ត៌មាន​ចុះ​ផ្សាយ​បែប​នេះ ធ្វើ​អោយ​ខ្ញុំ​នឹក​មមៃ​ទៅ​ដល់ជោគ​វាសនា​​ពលករ​ចំណាក​​ស្រុក​​ស្រប​ច្បាប់​​មួយ​​​រូប​ ឈ្មោះ​ សំណាង ដែល​ខ្ញុំ​បាន​ជួប​​សំភាសន៍​នៅ​បាត់ដំបង កាល​ពី​ចុង​ខែ​មករា មុន​នេះ… ហើយ​​ខ្ញុំ​ក៏​រក​លេខ​ទូរស័ព្ទ​ទំនាក់​ទំនង​ទៅ ទើប​បាន​ដឹង​ថា ពលករ​រូប​នេះ​មិន​ទាន់​វិល​ត្រឡប់​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ​វិញ​ទេ។ ទន្ទឹម​នឹង​នេះ ខ្ញុំ​ក៏​ទទួល​បាន​ព័ត៌មាន​ខ្លះៗ​ពី​ សំណាង, ទាក់​ទង​ទៅ​នឹង​អត្ត​សញ្ញាណ​នៃ​​ជន​រងគ្រោះ​បាត់​បង់​ជីវិត​​​ចំនួន​បី​រូប ក្នុង​ចំណោម ៧រូប​, ​ក្នុង​ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ខាង​លើ​នេះ…។

​បើ​តាម​ការ​អះអាង​របស់ សំណាង, ជនរងគ្រោះ​ស្ទើរ​តែ​ទាំងអស់​ នៅក្នុង​ឧបទ្ទវហេតុ​​គ្រោះ​ថ្នាក់​បាក់​សំណង់​អគារ​​នៃ​មន្ទីរ​ពេទ្យ Ramathibodi (រាមាធិបតី) នៅ​ប្រទេស​ថៃ​នេះ គឺ​ពួក​គេ​ជា​ពលករ​ចំណាក​ស្រុក​ ស្របច្បាប់​ខ្លះ និង​មិន​ស្រប​ច្បាប់​ខ្លះ, ហើយ​ពួកគេ​មាន​ស្រុក​កំណើត​នៅ​ក្នុង​ឃុំ​ស្មោងខាងត្បូង ស្រុកកំចាយមារ ខេត្តព្រៃវែង។

ដោយឡែក​ នៅ​ក្នុង​ភូមិវាល នៃ​ឃុំ​ស្មោង​ខាងត្បូង មាន​ជន​រងគ្រោះ​បាត់​បង់​ជីវិត​រហូត​ដល់​ទៅ​​បីរូប ​ហើយអ្នក​បាត់​បង់​​ជីវិត​ទាំង​បី​រូប​នេះ គឺ​ត្រូវ​ជា​សាច់​ញាតិ​របស់​ សំណាង ផងដែរ រួមមាន៖

  1. ឈ្មោះ រ៉ាន់ ភេទប្រុស ជាពលករស្រប​ច្បាប់
  2. ឈ្មោះ យី ឌៀក ភេទប្រុស ជាពលករ​ខុសច្បាប់, និង
  3. ​ឈ្មោះ នាង ភេទស្រី ជាពលករ​ខុសច្បាប់

​​ជន​រងគ្រោះ​ឈ្មោះ យី ឌៀក និង​ឈ្មោះ នាង គឺ​ត្រូវ​ជា​ពូ និង​ក្មួយ,​ ហើយ​ហេតុ​ដែល​ពួក​គេ​​ជួប​នូវ​គ្រោះ​ថ្នាក់​បាត់​បង់​ជីវិត​​ជុំ​គ្នា​បែប​នេះ គឺ​ដោយ​សារ​តែ​ពួក​គេ ​​សំរាក​​​​ទទួល​​ទាន​​បាយ​ថ្ងៃ​ត្រង់ជុំ​គ្នា ប្រហែល​ជាង​​ម្ភៃ​នាក់ នៅ​ក្នុង​ការដ្ឋាន​សំណង់​​មួយ​នេះ…។

សំណាង នៅ​បាន​អោយ​ខ្ញុំ​ដឹង​បន្ថែម​ទៀត​ថាៈ សាច់​ញាតិ​របស់​សព​​ឈ្មោះ យី ឌៀក និង​ឈ្មោះ នាង បាន​ធ្វើ​ដំណើរ​ទៅ​​អូរជ្រៅ (ប៉ោយប៉ែត) តាំង​ពី​ម្សិល​មិញ​​ម៉្លេះ (ថ្ងៃទី ២៦ កុម្ភះ) ដើម្បី​រង់​ចាំ​ទទួល​សាកសព ដែល​ក្រុម​សមត្ថកិច្ចថៃ និង​មន្រ្តី​ស្ថាន​ទូត​ខ្មែរ​ប្រចាំ​ប្រទេស​ថៃ បាន​ចាត់​ចែង​បញ្ជូន​មក​ត្រឹម​ព្រំដែន, ហើយ​បើ​តាម​ដំណឹង នឹង​ត្រូវ​ដឹក​ចេញ​ពី​កន្លែង​កើត​ហេតុ​ នៅ​វេលា​ម៉ោង ៨ ឬ៩​ព្រឹកនេះ…។ ឯ​ការ​ដឹក​បន្ត​ពី​ព្រំ​ដែន​មក​ស្រុក​កំណើត គឺ​សាច់​ញាតិ​សព​នឹង​ត្រូវ​ចំណាយ​អស់ ៨០០បាត (សព​មួយ​ ៤០០​បាត) ហើយ​តាម​ស្មាន​មើល​ទៅ, យប់​នេះ​ទើប​បានសព​មក​ដល់​ផ្ទះ…។

ដោយឡែក​ចំពោះ​សាកសព​ឈ្មោះ រ៉ាន់ គឺខាង​ក្រុម​ហ៊ុន​នាំ​ពលករ ​​ជា​អ្នក​ទទួល​រ៉ាប់​រង​ចំណាយ​ទាំង​ស្រុង ព្រម​ទាំង​ទទួល​បាន​នូវ​ប្រាក់សំណង​អាយុ​ជីវិត​​ទៀតផង។ នេះ​គឺ​ជា​ភាព​ខុស​គ្នា​រវាង​ពលករ​ស្រប​ច្បាប់ និង​ពលករ​ខុស​ច្បាប់។

សូម​ជំរាប​ផង​ដែរ​ថា ពលករស្របច្បាប់ គឺសំដៅ​ទៅលើ​ពលករចំណាក​ស្រុក តាម​រយៈ​ក្រុម​ហ៊ុន​​បញ្ជូន​ពលករ​ទៅ​ធ្វើការ​នៅ​ក្រៅ​ប្រទេស។ ពលករ​ស្រប​ច្បាប់​នេះ ពួកគេ​​មាន​កាន់​លិខិត​ឆ្លងដែន (Passport) ​ប្រើ​ប្រាស់​ត្រឹមត្រូវ។ ឯ​ពលករ​ខុស​ច្បាប់ គឺសំដៅ​ទៅ​លើ​ពលករ​ខ្មែរ​ទាំង​ឡាយ​ណា ដែល​​ឆ្លង​ដែន​ទៅ​​​ធ្វើការងារ ឬ​រស់​​នៅ​ក្នុង​ប្រទេស​គេ​ដោយ​គ្មាន​លិខិត​ឆ្លង​ដែន​ ​ខុស​​នឹង​ច្បាប់​អន្តោប្រវេសន៍…៕

ស្រុកស្រែ

Advertisements

4 responses to “ព័ត៌មាន​ទាក់​ទង​នឹង​ជន​រងគ្រោះខ្មែរ ​​​ក្នុងគ្រោះ​ថ្នាក់​បាក់​សំណង់​អគារ​នៅ​ប្រទេស​ថៃ

  1. This is what I saw and thought about you in this early morning.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s