វិចិត្រសាល

អារាម​វត្តព្រះពុទ្ធ​មានបុណ្យ ​ក្រុងភ្នំពេញ


មាន​ទីតាំង​នៅចំពី​ខាង​លិច​​ច្រមុះ​​ជ្រូក​​រូប​សំណាក​នាង​គង្ហីង ​ដែល​មាន​​កាយ​វិការ ឈរ​​ច្បូត​សក់​​ បង្ហូរ​​ទឹក​ដាក់​ចូល​​មាត់​ក្រពើ ​នៃ​វិថី​ប្រសព្វគ្នា​ប្រាំ​ផ្លូវនោះ, ​វត្តព្រះពុទ្ធ​មាន​បុណ្យ​ ឬហៅកាត់ថា វត្តព្រះពុទ្ធៗ… ត្រូវ​បាន​ខ្ញុំ​ចាត់​ទុក​ជា​អារាម​ដ៏​​ស្រស់​​ឆើត​ឆាយ​មួយ នៅ​ក្នុង​រាជ​ធានី​​ភ្នំពេញ​យើង​នេះ។ ​​

ពេល​ខ្ញុំ​ដើរ​ថត​កុដិ​ព្រះសង្ឃ​ ​នៅប៉ែក​ខាង​ត្បូង​ព្រះ​វិហារ ទើប​ខ្ញុំ​ដឹង​ថា អតីត​ព្រះ​ចៅ​អធិការ​វត្ត​ព្រះ​ពុទ្ធ ព្រះនាម ហេង លាង​ហោ មាន​ឋានៈ​ជា សម្តេច​ព្រះឧត្តមមុនី ដែល​កាល​ពី​មុន​ៗ​មក ខ្ញុំ​មិន​ដែល​ដឹង​សោះ..!!..

សម្តេច​ព្រះ​ឧត្តមមុនី ហេង លាងហោ, ព្រះអង្គ​បាន​ទទួល​អនិច្ចធម្ម​កាល​ពី​ថ្ងៃ​អាទិត្យ ៩កើត ខែ​អស្សុជ ឆ្នាំខាល ព.ស ២៥៥៤ ត្រូវ​នឹង​ថ្ងៃ​ទី… (អត់ដឹង 😀 ) គ.ស២០១០ ក្នុង​ព្រះ​ជន្មាយុ ៨៨ព្រះវស្សា ដោយ​ជរាពាធ។ ព្រះសពសម្តេច មិន​ត្រូវ​បាន​រំលាយ​ដើម្បី​យក​ព្រះ​អដ្ឋិធាតុ​មក​ដំកល់​ក្នុង​ទី​ចេតីយ៍​ទេ, តែ​ត្រូវ​បាន​​ដាក់​បញ្ចុះ​ទាំង​មូល​ នៅ​ក្នុង​ចេតីយ៍​ថ្មី​ចែស​មួយ ស្ថិត​នៅ​ចំ​ខាង​ត្បូង​ព្រះ​វិហារ។ ​ដើម្បី​ជា​ការ​រំលឹក និង​ចងចាំ​​ដល់​ស្នា​ព្រះ​ហស្ត​របស់​ព្រះ​អង្គ ដែល​បាន​កសាង​ទី​អារាម​នេះ តាំង​ពី​បាតដៃទទេ..!!.. 😀 គណៈ​កម្មការ​វត្ត ក៏​បានឯកភាព​គ្នា សំរេច​​ស្ថាបនា​រូប​សំណាក​ព្រះ​អង្គ​​មួយ ធ្វើ​អំពី… (ស៊ីម៉ង់ត៍/​ថ្ម​ភក់?) ក្នុង​កិរិយា​អង្គុយ​ពែន​ភ្នែន បែរ​ព្រះ​ភ័ក្រ្ត​ទៅ​រក​ព្រះ​វិហារ។ រោង​បុស្បុក ​ដែល​ដាក់​តាំង​ដំកល់​រូប​សំណាក​ព្រះ​អង្គ​នេះ ស្ថិត​នៅ​ខាង​មុខ​ចេតីយ៍បញ្ចុះ​​ព្រះ​​​​​សព​បន្តិច…។

បន្ទាប់​ពី​សម្តេច ហេង លាងហោ ទទួល​​អនិច្ចធម្ម​ផុត​ទៅ ឋានៈ ឬ​នាម​​បញ្ញត្តិ «សម្តេច​ព្រះឧត្តម​មុនី» របស់​ព្រះ​អង្គ ត្រូវ​បានផ្ទេរ​ ​ថ្វាយ​ជូន​ទៅ​ព្រះមេគណខេត្តកណ្តាល ​តាំង​ពី​ពេល​នោះ​មក។

ក្រៅ​ពី​របង​វត្ត ដែល​ព័ទ្ធ​ជុំ​វិញ​ទី​អារាម​នេះ​ទាំង​មូល, ព្រះវិហារ​​វត្ត​ព្រះពុទ្ធមាន​បុណ្យ ត្រូវ​បាន​ហ៊ុំ​ដោយ​របង​ថ្ម​​ព័ទ្ធ​ជុំវិញ​​មួយ​ជាន់​ទៀត និង​មាន​ក្លោង​ទ្វារ​ចូល​ទាំង​បួន​ទិស​ដ៏​វិចិត្រ​ផងដែរ។ នៅ​លើ​ក្លោង​ទ្វារ មាន​ព្រះ​មួយ​អង្គៗ នៅ​លើ​នោះ ដូច​ជា​នៅ​ក្លោង​ទ្វារ​​ខាង​ជើង មាន​ព្រះ​​បាទកុវេរ, ក្លោង​ទ្វារ​ខាងលិច​ មាន​ព្រះបាទវិរូបក្ខ, ក្លោង​ទ្វារ​ខាងត្បូង​ មាន​ព្រះ​បាទ​វិរុឡ្ឫក់, និង​ក្លោង​ទ្វារ​ខាងកើត​ មាន​ព្រះ​បាទធតរដ្ឋ…។

តាម​ស្លាក​ព័ត៌មាន​មួយ​ផ្ទាំង ដែល​ចារ​លើ​ជញ្ជាំង​ខាង​ក្នុង​ព្រះ​វិហារ​ជាន់​ខាង​ក្រោម បាន​អោយ​ដឹង​ថា ព្រះវិហារវត្ត​ព្រះ​ពុទ្ធ​​បច្ចុប្បន្ន​នេះ គឺ​​ព្រះតេជគុណ ហេង លាងហោ បាន​ផ្តើម​​កសាង​នៅ​ថ្ងៃ ២រោច ខែមាឃ ឆ្នាំកុរ សប្តស័ក ព.ស២៥៣៤ ត្រូវ​នឹង​ថ្ងៃ​ទី ២១ ខែកុម្ភះ ឆ្នាំ១៩៩១ និង​ស្ថាបនា​ហើយ​រួច​រាល់​ជា​ស្ថាពរ​នៅ​ថ្ងៃ​អាទិត្យ ពេញបូណ៌មី ខែ​ផល្គុន ឆ្នាំជូត អដ្ឋស័ក ព.ស​២៥៤០ ត្រូវ​នឹង​ថ្ងៃ​ទី ២៣ ខែមីនា ឆ្នាំ១៩៩៧ ដែល​ចំណាយ​​ទឹក​ប្រាក់​អស់ ២១០.៣៣១.៦២០រៀល និង​ប្រាក់​ដុល្លារ 79,153$ ។ ការ​សម្ពោធ​​កាត់​ឫស​សីមា​ឆ្លង​ព្រះ​វិហារនេះ មិន​មាន​បញ្ជាក់​កាល​បរិច្ឆេទ​ទេ។ តែតាម​ខ្ញុំចាំ ពិធី​បុណ្យ​កាត់​ឫស​សីមា​ ប្រហែល​​ជា​ប្រព្រឹត្ត​ទៅ​​នៅ​ឆ្នាំ​បន្ទាប់ គឺឆ្នាំ​១៩៩៨ ព្រោះ​ខ្ញុំ​បាន​មក​ចូល​រួម​ក្នុង​​ពិធី​បុណ្យ​ដ៏​អធិក​អធមនេះ​ កាល​ពី​ពេល​នោះ…។

​១៥ឆ្នាំ ក្រោយ​​ពេល​ស្ថាបនា​រួច​… គឺរហូត​មក​ដល់​​​ឆ្នាំ២០១២ កន្លង​ទៅ​នេះ, ព្រះវិហារ​វត្ត​ព្រះពុទ្ធ​មាន​បុណ្យ ត្រូវ​បាន​ជួស​ជុល​ដំបូល​​ជា​ថ្មី​ឡើង​វិញ។ ផ្តើម​ចេញ​ពី​ការ​ជួស​ជុល​ដំបូល​នេះ​ហើយ ទើប​ក្រុម​គណៈ​កម្មការ​វត្ត បាន​​សំរេច​រុះ​​​ដំបូលម៉ូដែល​ចាស់​ចោល ហើយ​កែ​​​ដំបូល​​ឡើង​ស៊េរី អោយ​ក្លាយ​​​ជា «​ព្រះវិហារ​ម៉ូដែល​ឆ្នាំ២០១២»​ វិញ ដូច​ដែល​សាធារណជន​ទូទៅ​បាន​ឃើញ រហូត​ដល់​សព្វ​ថ្ងៃ​នេះ…។

ផ្អែក​តាម​ស្លាក​ព័ត៌មានមួយ​ផ្ទាំង​ទៀត ​ដែល​ចារ​លើ​ជញ្ជាំង​ព្រះវិហារ​ជ្រុង​ខាង​កើត បាន​អោយ​ដឹង​ថា ការ​ជួស​ជុល​ដំបូល​ព្រះវិហារ និង​ការ​ស្ថាបនា​ក្លោងទ្វារ-របងដែល​ព័ទ្ធ​ជុំ​វិញ​ព្រះ​វិហារ គឺ​បាន​ចាប់​ផ្តើម​ពី​ថ្ងៃ​ពុធ ១១កើត ខែបុស្ស ឆ្នាំថោះ ត្រីស័ក ព.ស​២៥៥៥ ត្រូវ​នឹង​ថ្ងៃ​ទី ៤ ខែមេសា ឆ្នាំ២០១២ និង​បញ្ចប់​រួច​រាល់​នៅ​ថ្ងៃ​អង្គារ៍ ៩រោច ខែភទ្របទ ឆ្នាំរោង ចត្វាស័ក ព.ស២៥៥៦ ត្រូវ​នឹង​ថ្ងៃ​ទី ៩ ខែតុលា ឆ្នាំ២០១២ (រយៈ​ពេល ៩ខែ)។ សរុប​ការ​ចំណាយ​លើក​នេះ អស់​ទឹក​ប្រាក់​​​ចំនួន ៥១៨.៥៧២.០០០​រៀល ស្មើ​នឹង​ប្រាក់​ដុល្លារ​ចំនួន 129,643$ ហើយ​លោក​ឧបនាយករដ្ឋមន្រ្តី គាត ឈន់ ជា​អ្នក​បោះមេ…។

នៅ​ចំ​ខាង​លិច​ព្រះវិហារ មាន​អគារ​ធំ​មួយ កំពស់​មួយ​ជាន់ ដែល​ជាន់​ខាង​លើ​ជា​ពុទ្ធិក​សិក្សា​ និង​ជាន់​ខាង​ក្រោម ជា​ឧបដ្ឋាន​សាលា។ បច្ចុប្បន្ន ឃើញ​មាន​ជាង​បាយអរ កំពុង​រៀប​ឥដ្ឋ ​ត ពង្រីក​​អគារឧបដ្ឋាន​សាលា ខិត​មក​ខាង​កើត ជិត​របង​ព្រះវិហារ។ ដោយ​ឡែក​ ចំពោះ​សាលា​ពុទ្ធិក​សិក្សា​សព្វថ្ងៃនេះ បាន​ឈប់​ដំណើរ​ការ​ហើយ, ហើយ​ព្រះ​សង្ឃ​ដែល​គង់​ក្នុង​វត្ត​នេះ បាន​ចេញ​ទៅ​រៀនធម៌​អថ៌​នៅ​តាម​វត្ត​ខាង​ក្រៅៗ រៀងៗ​ខ្លួន​​តាម​ដំណើរ​ទៅហោង…។

អតីត​ឈាបនដ្ឋាន​វត្ត​ព្រះ​ពុទ្ធ ដែល​ស្ថិត​នៅ​ជ្រុង​ខាង​ត្បូង ឆៀង​ខាង​លិច ឃើញ​នៅ​ឈរ​ជ្រងោ​ មិន​ទាន់​វ៉ៃ​ចោល​​​នៅ​ឡើយ​ទេ បើ​ទោះជា​ត្រូវ​បាន​​ឈប់​អោយ​ប្រើ​ប្រាស់ តាំង​ពី​សាលា​រាជ​ធានី​ ចេញ​បំរាម​មិន​អោយ​មាន​ការ​បូជា​សព​នៅ​ក្នុង​ក្រុង​រួច​មក។ នៅ​ជាប់​ខាង​កើត​ឈាបនដ្ឋាន​នេះ គឺ​ជា​កុដិ​របស់​អតីត​​ព្រះ​ចៅ​អធិការ​វត្ត មាន​កំពស់​ពីរ​ជាន់ ដែល​ជាន់​ខាង​ក្រោម​ជា​បណ្ណាល័យ, ហើយ​កុដិ​ព្រះ​សង្ឃ​ពីរ​ទៀត ស្ថិត​នៅ​ដង្ហែគ្នា ត ទៅ​​ខាង​កើត។ បច្ចុប្បន្ន ក្នុង​អារាម​វត្ត​ព្រះ​ពុទ្ធ​ទាំង​មូល​ មាន​ព្រះ​សង្ឃ​គង់​នៅ​ចំនួន ៥៥​អង្គ។

នៅ​ប៉ែក​ខាង​ជើង​ព្រះ​វិហារ មួយ​ចំហៀង​តែ​ម្តង គឺ​លែង​ជា​តំបន់​ពុទ្ធ​ចក្ក​ទៀត​ហើយ… នោះ​គឺ​ជា​បរិវេណ​សាលាបឋម​សិក្សា​វត្ត​ព្រះ​ពុទ្ធ ដែល​មាន​អគារ​ចាស់​-ថ្មី ចំនួន​បួន​​អគារ​, ក្នុង​នោះ មាន​អគារ​ទីចាត់ការ​ដ៏​ចំណាស់​មួយ​ផងដែរ…។

ខាងក្រោមនេះ ជា​ទិដ្ឋភាព​ទូទៅ​នៃ​ទី​អារាម​វត្ត​ព្រះពុទ្ធ​មាន​បុណ្យ ដែល​ខ្ញុំ​ថត​ទុក​​ជា​ឯកសារ​ នាដើម​ខែ​មីនា ឆ្នាំ២០១៤ សើមៗ​នេះ…៕

ស្រុកស្រែ

Advertisements

2 responses to “អារាម​វត្តព្រះពុទ្ធ​មានបុណ្យ ​ក្រុងភ្នំពេញ

  1. រូបទី៣៨​ ៖ ទីងាត់ការ ?
    ប្រហែលចង់ដាក់ថា ទីចាត់ការ ហើយមើលទៅ ។
    ឃើញប៉ាយឡើងចាស់ហើយ មិនដឹងយូរមកប្លាហើយទេ ! 😀

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s