វិចិត្រសាល

ជិះកាណូតទៅសំរាក​​នៅ​ឆ្នេរ​កោះរុង


វេលា​ម៉ោង ១ និង​ ៣០នាទីរសៀល… ឡានទ្រុងមួយ​គ្រឿង ប្រភេទ​ដឹក​ពងទា របស់​ក្រុមហ៊ុន​កាណូត​​ដឹក​អ្នក​ដំណើរ​ «កំពង់សោម-កោះរុង» បាន​មក​ទទួល​ខ្ញុំពី​ផ្ទះ​សំណាក់ រួច​ដឹក​ឆ្ពោះ​ទៅ​កាន់​ផែ​កាណូត​ទំនប់​រលក ដើម្បី​បន្ត​ដំណើរ​ទៅ​កោះរុង។​

តាម​កម្មវិធី​ក្នុង​សំបុត្រ, កាណូត​នឹង​ចេញ​ដំណើរ​នៅ​ម៉ោង ២រសៀល។ បើ​តាម​ក្រុម​ហ៊ុន​​កាណូត​ បាន​អោយ​ដឹង​ថា​ ក្នុង​មួយ​ថ្ងៃ​ មាន​កាណូត​ចេញ​​ទៅ​កោះ​រុងពីរ​ជើងៈ ព្រឹកម៉ោង ៩ មួយជើង, និង​រសៀល​ម៉ោង ២ មួយ​ជើង​ទៀត។

​ទំរាំតែឡាន​ប្រមូល​បាន​មនុស្ស​​​ជុំគ្នា និងធ្វើ​ដំណើរ​ដល់​ផែទំនប់​រលក, ម៉ោង ២ និង​២០នាទី​បាត់…។ គ្រាន់​តែ​អ្នក​ដំណើរ​ចុះ​ដល់​ទូក​អស់​ភ្លាម កាណូត​ក៏​ចាប់​ផ្តើម​ស្រាវ​ពួរ បញ្ឆេះ​ម៉ាស៊ីនថយ​ចេញ​ពី​ផែ​ភ្លាមៗ​ដែរ។ នៅ​ពេល​ដែល​តួកាណូត​ត្រឡប់​ក្រោយ​បែរ​ហើយ តៃកុងកាន់​ចង្កូត​​ក៏​តំឡើង​ហ្គារ រួច​ទូក​ក៏​គ្រញែង​ខ្លួន ស្ទះ​វឹង​ទៅ​កាន់​លំហ​សមុទ្រ ជា​មួយ​នឹង​ផ្សែង​ខ្មៅ​ហុយ​ទ្រុបនៅ​កន្សៃ​ទូក…។ នៅ​ក្នុង​ទូក, ក្នុង​ចំណោម​អ្នក​ដំណើរ​ជាង​ដប់​នាក់, មានតែ​​​ខ្ញុំ​​ពីរនាក់ខ្មែរ… ក្រៅ​ពី​នោះ គឺ​ជា​​ជន​បរទេសទាំង​អស់…។

ទូក​ខ្ញុំកំពុង​​ជិះ​នេះ មាន​ពណ៌.ស… ​ជា​ទូក​ធម្មតា ដូច​ទូក​អ្នក​នេសាទ​អូស​ម៉ឹក អូស​បង្គា​​ក្នុង​សមុទ្រ​ដែរ គ្រាន់​តែ​គេ​ច្នៃ​វា​អោយ​ក្លាយ​ទៅ​ជា​ទូក​ដឹក​អ្នក​ដំណើរ​វិញតែ​ប៉ុណ្ណោះ។ វា​មាន​ទំហំ​តូច​ជាង​ទូក Party Boat, ជា​ទូកដែល​ខ្ញុំ​ជិះ​ទៅ​កោះ​រុងសន្លឹម កាល​ពី​ដើម​ខែ​តុលា ឆ្នាំទៅ

នៅ​កំពង់​ផែ​ក្រុង​ព្រះសីហនុ មាន​នាវា​ទេសចរណ៍​អន្តរជាតិ ខ្នាតធំ​ដល់​ទៅ​ពីរ​គ្រឿង កំពុង​ចត​អែប​ផែយ៉ាង​សង្ហា មិន​ដឹង​ថា កប៉ាល់​ទាំង​ពីរ​នេះ បាន​ចូល​ចត​តាំង​ពី​ប៉ុន្មាន​ថ្ងៃ​មក​ហើយ​ទេ។ នាវា​​ឈ្មោះ Volendam, ជា​របស់​ក្រុមហ៊ុន Holland America Line បាន​ឈប់​​សំចត​នៅ​ផែប៉ែក​​ខាង​ជើង, និង​នាវា​ឈ្មោះ EUROPA 2​ កំពុង​ចត​នៅ​ផែ​ប៉ែក​ខាង​ត្បូង…។ ពេល​ចេញ​ឆ្ងាយ​ពី​ច្រាំង​បាន​មួយ​សន្ទុះ, កាណូត​ខ្ញុំ​ធ្វើ​ដំណើរ បាន​បើក​កាត់​ពី​មុខកប៉ាល់​បោះ​យុថ្កា ឈប់​ស្ងៀម​​មួយ​គ្រឿង​ឈ្មោះ AOLI 5, មិន​ដឹង​ថា​ ជា​កប៉ាល់​ដឹក​ទំនិញ ឬ​ដឹក​ប្រេង​ទេ…។

ដោយ​ចំណាយ​ពេល​ ២ម៉ោង នៅ​លើ​ទូក, ទី​បំផុត ខ្ញុំ​បាន​ទៅ​ដល់កំពង់​ផែកោះរុង​​ដោយ​សុវត្ថិភាព។ ខ្ញុំ​លើក​ដៃ​មើល​ម៉ោង ឃើញ​ទ្រនិច​នាឡិកា​ចង្អុល​ចំ​ម៉ោង ៥ និង​៣០​នាទីគត់… ជា​វេលា​ដែល​សុរិយា​ជិត​អស្តង្គត…។ ទោះ​ជា​យ៉ាង​ណា នៅ​លើ​​ឆក​នៃ​ឆ្នេរ​ខ្សាច់​​ដ៏​ស.ក្បុស ប៉ែក​ខាង​កើត​​កោះ​ធម្មជាតិ​របស់​យើង​នេះ នៅ​មាន​ពន្លឺ​ព្រះ​អាទិត្យ ​ចាំង​បាច​សាច​តាម​ប្រឡោះ​រុក្ខ​ជាតិ​តូច​ធំ ឆ្លុះ​ទៅ​​លើ​ទឹក​សមុទ្រ​ដ៏​ខៀវ​ស្រងាត់​នៅ​ឡើយ​ទេ។

នៅ​ទីនេះ មាន​សភាព​អ៊ូអរជាង​នៅ​កោះ​រុង​សន្លឹម​ឆ្ងាយ​ណាស់។ ប្រកាស​បន្ទាប់ ខ្ញុំ​នឹង​រៀប​រាប់​បង្ហាញ​ជូន​ពី​ទិដ្ឋភាព​ទូទៅ​នៅ​តាម​បណ្តោយ​ឆ្នេរ​ខ្សាច់​នេះ​ទាំង​មូល…៕

ស្រុកស្រែ

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s