វិចិត្រសាល

អារាម​វត្តត្រើយកោះ ក្រុងកំពត


ខាងក្រោមនេះ ជា​ទិដ្ឋភាព​អារាម​ វត្តត្រើយកោះ ក្រុងកំពត ដែល​ខ្ញុំ​ថត​ទុក​ជា​ឯកសារ នា​ដើម​ខែមីនា ឆ្នាំ២០១៤ នេះ…។

មាន​ទីតាំង​ស្ថិត​នៅ​ម្ខាង​ដៃ​សមុទ្រ ទល់​មុខ​សាលា​ខេត្ត​កំពត, វត្តត្រើយ​កោះ គឺ​ជា​អារាម​របស់​ព្រះអនុគណ​ក្រុង​កំពត គង់​នៅ។ ទីធ្លា​អារាម​នេះ​ទាំង​មូល មានស​ភាព​ធំទូលាយ​ ហើយ​អគារ​ធំៗ​ពីរ ដែល​មាន​ទីតាំង​នៅ​ខាង​លិច​ព្រះវិហារ​ទៀត​សោត ​គឺ​សាងសង់ឡើង តាម​បែប​មាន​សណ្តាប់​ធ្នាប់​ល្អណាស់…។​

ផ្អែក​តាម​ព័ត៌មាន​មួយ​ផ្ទាំង ដែល​ចារ​នៅ​លើ​ជញ្ជាំង​ខាង​ក្រៅ​​ព្រះវិហារ ប៉ែក​ខាង​លិច​ បាន​អោយ​ដឹង​ថាៈ ​ព្រះវិហារវត្តត្រើយ​កោះ បាន​ផ្តើម​ស្ថាបនា​ក្នុង ព.ស​២៥៣៤ ត្រូវ​នឹង​ គ.ស​១៩៩០ និង​ហើយ​រួច​រាល់​ជា​ស្ថាបពរ​នៅ​ថ្ងៃសុក្រ ១៣រោច ខែបុស្ស ឆ្នាំ​មមី ចត្វាស័ក​ ព.ស​២៥៤៦ ត្រូវ​នឹង​ថ្ងៃ​ទី…(អត់ដឹង) គ.ស​២០០៣ ដែល​គិត​ទៅ បាន​ប្រើ​​​រយៈ​ពេលសាងសង់​​​រហូត​ដល់​ទៅ ១៣ឆ្នាំ។ ចំពោះ​បច្ច័យ​ក្នុង​ការ​សាងសង់ គឺ​មិន​មាន​បញ្ជាក់​នៅ​ក្នុង​ស្លាក​ព័ត៌មាន​ខាង​លើ​នេះ​ទេ។​

ស្លាក​ព័ត៌មាន​ដដែល បាន​អោយ​ដឹង​ទៀត​ថាៈ ព្រះតេជគុណ ទៀង សុភារុណ អតីតព្រះចៅ​អធិការ​វត្ត ជា​អ្នក​ផ្តើម​កសាង​ដំបូង។ ក្រោយ​ពេល​ព្រះតេជគុណ ទៀង សុភារុណ ទទួល​អនិច្ចធម្ម​ទៅ ​ព្រះតេជគុណ ព្រហ្មប្បញ្ញោ សឹម ពន ដែល​​ឡើង​ជា​​ព្រះចៅ​អធិការ​​វត្ត​បន្ទាប់ បាន​បន្ត​ស្ថាបនា​ព្រះវិហារ​នេះត​មក​ទៀត។ នៅ​គ.ស​១៩៩២ ព្រះតេជគុណ សឹម ពន​ ​ត្រូវ​បាន​តំឡើង​ឋានៈ​ជា ព្រះមុន្នី​វង្សា​ចារ្យ, ជា​ព្រះអនុគណ​​​​ស្រុក​កំពង់បាយ ខេត្តកំពត រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ។ សូម​ជំរាប​ផង​ដែរ​ថា ស្រុក​កំពង់​បាយ បាន​ប្តូរ​មក​ជា​ក្រុងកំពត វិញ ចាប់តាំង​​ពី​ឆ្នាំ២០០៨ មក…។

នៅ​ជាប់​ខាងលិច​ព្រះវិហារ មានអគារ​ដ៏វិចិត្រ​មួយ ដែល​ព្រះតេជគុណ សឹម ពន ស្ថាបនា​ឡើង​សំរាប់​ជា​ការិយាល័យ​​របស់​ព្រះអង្គ ​បំពេញ​កិច្ចការ​ប្រចាំ​ថ្ងៃ និង​សំរាប់​ទទួល​ជួប​ជំនុំ​ភ្ញៀវ​តូច​ធំ ជិតឆ្ងាយ ក្នុង​ឋានៈ​ព្រះ​អង្គ​ជា​ព្រះ​អនុគណ​ក្រុង​កំពត។

តទៅ​ខាងលិច​អគារ​ការិយាល័យនេះ គឺ​ជា​អគារ​ឧបដ្ឋាន​សាលា ដ៏​ធំ​ជង្គ្រឹង និង​ល្អ​វិចិត្រ ដែល​បាន​សង់​ទន្ទឹម​គ្នាប្រៀប​ដូច​អគារ​ភ្លោះ។ ឆ្ងាយ​ពី​ទីធ្លា​ព្រះ​វិហារ ទៅ​ខាង​លិច​​បន្តិច គឺ​ជា​អគារ​ពុទ្ធិក​​​បឋម​សិក្សា ​ដែល​ក្នុង​នោះ មាន​ទាំង​បណ្ណាល័យ​ផង​ដែរ។ អគារពុទ្ធិក​សិក្សា​​នេះ បាន​កសាង​ក្នុង​ ព.ស​២៥៤២ ត្រូវ​នឹង គ.ស​១៩៩៩ ដែល​ចំណាយ​ទឹក​ប្រាក់​អស់ ៦៨.៣៦៧.០០០​រៀល, ស្មើនឹង 17,530$…។

កុដិ​ព្រះចៅ​អធិការ​វត្ត ស្ថិត​នៅ​ខាង​លិច​អគារ​ឧបដ្ឋាន​សាលា, ជាប់​នឹង​រោង​ចុងភៅ… ជា​កុដិ​សង់​ពី​ឈើកន្តឹមៗ ខ្ពស់​ផុតពីដី…។  ឯ​កុដិ​ព្រះ​សង្ឃ​វិញ ឃើញ​មានសង់​អំ​ពី​ឈើ ដង្ហែ​គ្នា​​​​របៀប​ជា​កូន​ខ្ទម​មួយ​ជួរ ​​ជាប់​របង​ខាង​ត្បូង​វត្ត, ក្នុង​នោះ​មាន​កុដិ​ថ្មមួយ កំពស់​មួយ​ជាន់ ស្ថិត​នៅ​ចំ​ខាង​ក្រោយ​ឧបដ្ឋាន​សាលា។ តទៅ​ខាង​កើត​កុដិ​ថ្មនេះ គឺ​ជា​អគារ​សិក្សាសាលា​វត្តត្រើយកោះ ដែល​សង់​មួយ​ជួរ​ដង្ហែ​គ្នា​ត្រង់​ភ្លឹង។​​

ក្នុង​រដូវ​ព្រះសង្ឃ​សំរាក​វិស្សមកាល​នេះ អារាម​វត្ត​ត្រើយ​កោះ​ទាំង​មូល មាន​ព្រះសង្ឃ​គង់​នៅ​តែ ១៧អង្គ​ប៉ុណ្ណោះ, ដល់​ពេល​ព្រះសង្ឃ​ចូល​កង​វិញ ទើប​បាន​កើន​ដល់​ ៣០​អង្គ…។ ប្រកាស​បន្ទាប់ ខ្ញុំ​នឹង​បន្ត​បង្ហាញ​ជូននូវ​អារាម​ក្នុង​ក្រុង​កំពត​​មួយ​ទៀត មាន​ឈ្មោះថា វត្តពិជ័យ​ឧត្តុង្គ ហៅវត្ត​កំពង់បាយ…៕

ស្រុកស្រែ

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s