វិចិត្រសាល

វត្តជុំគ្រៀល, អារាម​ព្រះ​មេគណ​ខេត្តកំពត


នេះ​ជា​ប្រកាស​ចុង​ក្រោយ ទាក់​ទង​នឹង​អារាម​ព្រះពុទ្ធ​សាសនា​ នៅ​ក្នុង​ក្រុង​កំពត, ជាអារាម​ដែល​ខ្ញុំ​ឆ្លៀត​ពេល​ដើរ​ថត​​ទុក​ជា​ឯកសារ ក្នុង​ឳកាស​ខ្ញុំ​បាន​ទៅ​ស្នាក់​នៅ​​​ក្រុង​មាត់​សមុទ្រ​ ដ៏​ចំណាស់​មួយ​នេះ​ កាល​ពី​សប្តាហ៍​មុន… នោះគឺ​​អារាម​​មួយ​ មាន​ឈ្មោះ​ថា ​វត្តជុំគ្រៀល…។

​មានទីតាំង​ស្ថិត​នៅ​ខាង​ស្តាំ​ដៃ តាម​ផ្លូវ​ទៅ​កែប ដែល​មាន​​ចំងាយ​ប្រមាណ ២គ.ម​ ពី​ក្រុង​កំពត, អារាម​វត្ត​ជុំគ្រៀល មាន​ទីធ្លា​ធំ​ទូលាយ​ណាស់។ទីធ្លា​ដ៏​ទូលាយ​នេះ បាន​បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​ព្រះតេជគុណ ជលធី​វាសី ឯម ភឿន, ព្រះ​មេគណ​ខេត្ត​កំពត និង​ជា​ព្រះចៅអធិការ​វត្ត​ជុំ​គ្រៀល បង្កើត​អោយ​មាន​​ពុទ្ធិក​វិទ្យាល័យ ដែល​អាច​​ទទួល​​ភិក្ខុ​សង្ឃ​ដល់​ទៅ​​ជាង ៥០០អង្គ ​​អោយ​មក​សិក្សា​រៀន​សូត្រ​​នៅ​ទី​នេះ។ សព្វ​ថ្ងៃ, បើ​ទោះ​ជា​រដូវ​ព្រះសង្ឃ​វិស្សមកាល​ក៏​ដោយ ក៏អារាម​វត្ត​ជុំគ្រៀល មាន​ព្រះសង្ឃ​គង់​នៅ​ជាង​ពីររយ​អង្គ​ដែរ…។

ព្រះតេជគុណ ឯម ភឿន, ព្រះអង្គ​បាន​មក​គង់​នៅ​ក្នុង​អារាម​នេះ តាំង​ពី​ក្រោយ​ឆ្នាំ​១៩៧៩ មក​ម៉្លេះ។ ព្រះវិហារ ម៉ូត​ប៉ែតប្លាយ​ដែល​បន្សល់​ទុក​ដល់​បច្ចុប្បន្ន​នេះ គឺ​ព្រះ​តេជ​គុណ ឯម ភឿន បាន​ដឹកនាំ​ស្ថាបនា​នៅក្នុង​​ ព.ស​២៥៣១ ត្រូវ​នឹង​ គ.ស​១៩៨៧ ដែល​មក​ទល់​​នឹង​ពេល​នេះ គឺជិត ៣០ឆ្នាំ​ហើយ។

អ្វីជា​ការ​ចាប់​អារម្មណ៍​, គឺនេះ​ជា​អារាម​ទីពីរ​ហើយ​​ដែល​ខ្ញុំ​ទើប​នឹង​ជួប ចាប់​តាំង​ពី​ខ្ញុំ​ដើរ​ថត​អារាម​នានា​នៅ​ស្រុកយើង​មក (អារាម​ទីមួយ គឺវត្តចំពុះក្អែក)… នោះ​គឺ​អតីត​អារាម​ដែល​ពួក​ខ្មែរ​ក្រហម បាន​ប្រែ​ក្លាយ​​អោយ​ទៅ​ជា​​​មន្ទីរ​ឃុំ​ឃាំង, ធ្វើ​ទារុណ​កម្ម, និង​សំឡាប់​មនុស្ស ក្នុង​អំឡុង​ពេល​ពួក​គេ​កាន់​អំណាច។

ដោយ​ហេតុ​នេះ​ហើយ បាន​ជា​នៅ​លើ​ខឿន​ព្រះវិហារ​ប៉ែក​ខាង​លិច ជ្រុង​ខាង​ត្បូង មាន​រោង​តូច​មួយ​ ដែលបាន​ដាក់​តាំង​​អដ្ឋិធាតុ​លលាដ៏​ក្បាល​​នៃ​ជន​រង​គ្រោះ​ស្លាប់​បាត់​បង់​ជីវិត​ដោយ​ស្នាដៃ​ពួក​សន្តិបាល​​​​​នៅ​ទីនេះ។

នៅ​លើ​ខឿន​ខាង​ត្បូង​ព្រះវិហារ​​នេះ​ដែរ មាន​ចេតីយ៍​ពណ៌​ទឹក​មាស​មួយ​រាង​តូច​ច្រឡឹង ដែល​អដ្ឋិធាតុ​ដំកល់​ក្នុង​ចេតីយ៍​នេះ មាន​ប្រវត្តិ​រឿង​រ៉ាវ​ដ៏​គួរ​អោយ​រំជួល​ចិត្ត។ ខ្ញុំ​សូម​រៀប​រាប់​ដោយ​សង្ខេប នូវ​រឿង​រ៉ាវ​នេះ…

«…​នៅ​ក្នុង​សម័យ​អ៊ុនតាក់ (UNTAC), មន្រ្តី​ទទួល​បន្ទុក​ការ​បោះ​ឆ្នោត​ប្រចាំ​ខេត្តកំពត គឺ​ជា​ស្រ្តី​ជនជាតិ​ជប៉ុន​មួយ​រូប​ឈ្មោះ ម៉ារីកូ អូកាមុយរ៉ា (Mrs. Mariko Okamura)។ នៅ​ក្នុង​បេសកកម្ម​នេះ, លោកស្រី ម៉ារីកូ បាន​មក​ស្នាក់​អាស្រ័យ​នៅ​ក្នុង​អារាម​វត្ត​ជុំគ្រៀល​ ក្រោម​ការ​យក​ចិត្ត​ទុក​ដាក់​​ពី​សំណាក់​​ព្រះតេជគុណ ឯម ភឿន…។

ដោយសារ​ទឹក​ចិត្ត​សន្តោស​រាប់​អាន​របស់​ព្រះ​តេជ​គុណ ឯម ភឿន រួម​នឹង​ព្រះ​សង្ឃ​ទាំង​អស់​ក្នុង​អារាម​នេះ, ឬ​ក៏​អាច​​ថា មាន​និស្ស័យ​នឹង​អារាម​ព្រះ​ពុទ្ធ​សាសនា​នៅ​ក្នុង​ទឹក​ដី​ខេត្ត​កំពត​​ផង​ក៏​មិន​ដឹង, ទើប​ក្រោយ​ពេល​បញ្ចប់​បេសកកម្ម​អ៊ុនកាត់ ហើយ​​វិល​ត្រឡប់​ទៅ​ប្រទេស​ជប៉ុន​វិញ, លោក​ស្រី ម៉ារីកូ បាន​បង្កើត​ជា​មូលនិធិ​មួយ ដើម្បី​ប្រមូល​​ថវិកា​យក​មក​ស្ថាបនា​​អាគារ​សិក្សា​​ជា​ច្រើន​ខ្នង​​​​​​នៅក្នុង​បរិវេណ​នៃ​ទី​អារាម​នេះ សំរាប់​អោយ​កូន​​ចៅ​អ្នក​ស្រុក​បាន​អង្គុយ​សិក្សា​រៀន​សូត្រ​​។

តមក… ប្រហែល​ជា​ការ​តាំង​ចិត្ត​ ឬ​ជា​បំណង​​ចុង​ក្រោយ​របស់​លោកស្រី​ ម៉ារីកូ និង​ស្វាមី ដែល​សំរេច​ថា នឹង​ «ផ្ញើឆ្អឹង​នៅ​លើ​ទឹក​ដី​កម្ពុជា» ជា​ទី​ស្រឡាញ់​របស់​គាត់​​ហើយ​មើល​ទៅ ទើប​​​បាន​ជា​គូ​ស្វាមី​ភរិយា​ជប៉ុន​មួយ​គូនេះ បាន​សុំ​ការ​អនុញ្ញាត​ពី​ព្រះ​តេជ​គុណ ឯម ភឿន ដើម្បី​ស្ថាបនា​​ចេតីយ៍​​មួយ​នៅ​ក្នុង​ទី​អារាម​នេះ សំរាប់​ដំកល់​អដ្ឋិធាតុ​ពួកគាត់​​ទាំង​ពីរ ក្រោយ​ពេល​ពួក​គាត់​លា​ចាក​លោក​ផុត​ទៅ…។

ចេតីយ៍​ដ៏​តូច​ច្រឡឹង​មួយ ត្រូវ​បាន​ស្ថាបនា​ឡើង នៅ​លើ​ខឿន​ព្រះវិហារ​ប៉ែក​ខាង​ត្បូង ក្នុង​រវាង​ឆ្នាំ​២០០៥ ដែល​​ម្ចាស់​របស់​វា គឺ​លោក​ស្រី ម៉ារីកូ និង​ស្វាមីគាត់។ ១ឆ្នាំ​បន្ទាប់​មក គឺ​ក្នុង​ឆ្នាំ២០០៦, លោក​ស្រី​ ម៉ារីកូ ក៏បាន​ធ្វើ​មរណកាល​ទៅ… ។ អដ្ឋិធាតុ​លោក​ស្រី ម៉ារីកូ ត្រូវ​បាន​ស្វាមីគាត់ ដង្ហែ​នាំ​យក​​ពី​ប្រទេស​ជប៉ុន មក​ដំកល់​ទុក​នៅ​ទី​​ចេតីយ៍​នេះ ហើយ​ពិធី​បុណ្យ​បញ្ចុះ​អដ្ឋិធាតុ​​លោក​ស្រី ម៉ារីកូ បាន​ប្រព្រឹត្ត​ទៅ​យ៉ាង​អធិក​អធម​ក្រៃ​លែង ដោយ​មាន​ទាំង​ការ​បាញ់​កាំ​ជ្រួច​​ ជា​ការ​ជូន​ដំណើរ​លោក​ស្រី​ផងដែរ។

ក្រោយ​មក​ ៤ឆ្នាំ… ស្វាមី​របស់​លោក​ស្រី​ ម៉ារីកូ ក៏​បាន​ធ្វើ​មរណកាល​​តាម​ក្រោយដែរ ហើយ​អដ្ឋិធាតុ​​របស់​គាត់ ត្រូវ​បាន​ប្អូន​ប្រុស​បង្កើត​​​លោក​ស្រី ម៉ារីកូ (ប្ងូន​ថ្លៃ​គាត់) ដង្ហែ​នាំ​យក​​ពី​ប្រទេស​ជប៉ុន មក​ដំកល់​ទុក​ក្នុង​ចេតីយ៍ រួម​ជា​មួយ​​លោក​ស្រី ម៉ារីកូ ជា​ភរិយា។

តាម​ស្មាន​មើល​ទៅ នេះគឺ​ជា​​បណ្តាំ​ចុង​ក្រោយ​ ឬ​ជា​ការ​ផ្សង​សច្ចា​របស់​គូ​ស្វាមី​ភរិយា​​ជប៉ុន​មួយ​គូ​, មុនពេល​​​ពួក​គេ​លា​ចាក​លោក​យើង​នេះ…»៕

ស្រុកស្រែ

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s