វិចិត្រសាល

ប្លែកៗ នៅក្រុងកំពង់ឆ្នាំង


មិនមាន​អ្វីជាពិសេស​ដើម្បី​បង្ហាញជូន​អស់​លោក​អ្នក​ទេ, តែ​ដោយ​សារ​ការ​កក​ស្ទះ​ចរាចរណ៍​បណ្តាល​មក​ពី​ការ​ជួស​ជុល​ផ្លូវ​ជាតិ​លេខ៥ នៅ​ក្នុង​ក្រុង​កំពង់ឆ្នាំង ​បាន​ធ្វើ​អោយយានយន្ត​ ចត​​​បន្ត​កន្ទុយ​គ្នា រហូត​មក​ដល់​​ម្តុំ​លក់ពោតអាំង-ចេកអាំង​ (អស់​លោក​អ្នកដែល​​ធ្វើ​ដំណើរ​ឆ្លង​កាត់​កំពង់ឆ្នាំង ប្រាកដ​ជា​ស្គាល់) ទើប​​​ខ្ញុំ​សំគាល់​ឃើញ​ថា នៅ​តាម​របង​គ្រប់មុខ​គេហដ្ឋាន​របស់​អ្នក​ក្រុង​កំពង់ឆ្នាំង មាន​បិទ​ស្លាក​ព័ត៌មាន​ដូចៗ​​គ្នា ដែល​លើ​ស្លាក​នោះ បាន​បង្ហាញ​អំពី​​ទិន្នន័យ​​​ប្រចាំ​គ្រួសារ​នីមួយៗ ដូចជា លេខផ្ទះ, លេខ​ផ្លូវ, លេខក្រុម, ឈ្មោះភូមិ, ឈ្មោះ​សង្កាត់, ឈ្មោះមេ​គ្រួសារ, និង​ចំនួន​សមាជិក​ក្នុង​គ្រួសារ ប្រុស​ប៉ុន្មាន? ស្រីប៉ុន្មាន? ជាដើម…។ ស្លាក​ព័ត៌មាន​បែបនេះ ខ្ញុំ​កំរ​ដែល​ឃើញនៅ​កន្លែង​ផ្សេងៗ​ទៀត​ណាស់ ក្នុង​ស្រុកយើង…។

​​​ខ្ញុំ​គិត​ថា នេះ​ជា​ការ​ល្អ… ព្រោះ​​វា​ជា​ចំណុច​វិជ្ជមាន​មួយ ដែល​​បង្ហាញពី​ការ​គ្រប់​គ្រង​របស់​អាជ្ញាធរ​ក្នុង​ក្រុង​កំពង់ឆ្នាំង ក្នុង​ការ​ត្រួត​ពិនិត្យ​​ស្ថិតិ​ប្រជាជន​ជាក់​ស្តែង​ ​ដែល​កំពុង​រស់​នៅ​ក្នុង​ភូមិ ឃុំ​របស់​ខ្លួន។ ​​

ខ្ញុំ​នៅ​ចាំ​បាន​ថា កាល​ពី​ក្នុង​ទសវត្សរ៍​ឆ្នាំ៨០, ប្រសិន​បើ​មាន​សាច់​ញាតិ​បងប្អូន​នៅ​ស្រុក​-​ខេត្ត​ផ្សេង​មក​លេង និង​ស្នាក់​នៅ​ គឺ​ម្ចាស់​ផ្ទះ​ត្រូវ​មាន​កាតព្វកិច្ច​រាយការណ៍​ប្រាប់​ទៅ​ប្រធាន​ក្រុម ឬ​ជួន​កាល ប្រាប់​ដល់​មេភូមិ, អំពី​សមាសភាព​ភ្ញៀវ​ដែល​មក​ស្នាក់​នៅ ថា​តើ​ពួក​គេ​មក​ពី​ណា? មានគ្នា​ប៉ុន្មាន​នាក់? និង​ស្នាក់នៅ​ប៉ុន្មាន​ថ្ងៃ?…​ជាដើម។ គោលការណ៍​នេះ បើ​ស្តាប់​មួយ​ភ្លែត​ទៅ គឺ​ហាក់​ដូច​ជា​ការ​រស់​នៅ​សម័យ​នោះ ស្ថិត​ក្រោម​រដ្ឋអំណាចត្រួត​ត្រា​ដ៏​តឹង​រឹង​មួយ​​…។ តែ​សម័យ​នោះ នៅ​តាម​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ណាស់, កំរ​កើត​មាន​នូវ​បទ​ឧក្រិដ្ឋ ឬ​អំពើ​អសីលធម៌​ក្នុង​សង្គម​ ដូច​បច្ចុប្បន្ន​នេះ​ណាស់… ហើយ​ក្រុម​បងតូច បងធំ ជា​ក្រុម​អ្នក​លេង​កាប់​ចាក់ គឺ​គ្មាន​សោះ​តែម្តង!… ព្រោះក្មេង​ស្ទាវ​សម័យ​នោះ ប្រសិន​បើ​គ្មាន​រៀន​សូត្រ​អី​ទេ គឺ​កំរ​​គេច​​ផុត​ពី​កំណែន​កងទ័ព​ ដែល​ភាសា​អ្នក​ស្រុក​ហៅ​ថា «ចាប់ទាហាន!» នោះណាស់។ ដូច្នេះ​ ពួក​ក្មេង​ស្ទាវ​ទាំង​ឡាយ ដែល​គ្មាន​ការងារ​ធ្វើ គឺ​ត្រូវ​តែ​​លិបក្បាល​ដូច​អណ្តើក​ក្នុង​ស្នូក, មិន​អាច​ក្លាយ​ទៅ​ជា​អ្នក​លេង​ប្រចាំ​ភូមិ​បាន​ឡើយ…។​

ពេល​ខ្លះ​ខ្ញុំ​គិត​ថា ចង់​អោយ​​អាជ្ញាធរ​ភូមិ​ឃុំ ​ប្រើ​​វិធី​គ្រប់​គ្រង​តឹងរឹង​ ​​ដូចកាល​ពី​​សម័យ​ឆ្នាំ​ប៉ែត​ប្លាយ​នោះ​ណាស់​។ ព្រោះថា ​ប្រសិន​បើ​ការ​គ្រប់​គ្រង​មាន​ភាព​ធូរលុង​ នៅ​ក្នុង​សម័យ​ទំនើប​ជឿន​លឿនយើង​​នេះ, អ្នកងាយ​រងគ្រោះ​ជាង​គេ គឺ​សាធារណ​ជន​ស្លូត​ត្រង់​ទូទៅ​នេះ​ឯង។ នេះ​នៅ​មិន​ទាន់​និយាយ​ដល់​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់​ជិត-​ឆ្ងាយដែល​ងាយ​ស្រួល​បន្លំ​​លាក់​ខ្លួន​រស់នៅតាម​ទី​ប្រជុំជន​នានា ដោយសារ​តែ​​​ការ​គ្រប់​គ្រង​​​របស់​អាជ្ញាធរ​មាន​សមត្ថកិច្ច មាន​ភាព​ធូរ​រលុង​​នេះ។

តែ​គំនិត​​ដែល​គិត​​ថយក្រោយ ចង់​អោយ​មាន​ការ​គ្រប់គ្រង​តឹងរឹង​ដូច​សម័យ​ឆ្នាំ​ប៉ែត​ប្លាយ​​​​បែប​​​ខ្ញុំនេះ,​ ប្រសិន​បើ​ខ្ញុំ​និយាយ​នៅ​​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុកវិញ ច្បាស់​​ជា​ «តារាឆ្នើមៗ» ប្រចាំទីនោះ នឹងព្រួត​គ្នា​ «ដំ» ខ្ញុំអោយ​ទក់​ដូច​​យីហ៊ឺដុត ហើយ​ច្បាស់​ជា​​​ចោទ​ខ្ញុំ​​ថាៈ មាន​ខួរ​ក្បាល​កក​ក្តាំង​ដោយ​កំអែល​កុំម្មុយនីស​ ដុះ​អត់​ជ្រះ..!!..??..​ 😀

ស្រុកស្រែ

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s