វិចិត្រសាល

អារាមវត្តគាស់ក្រឡ ខេត្តបាត់ដំបង


ក្នុងឳកាស​បាន​ទៅ​ដល់ទីប្រជុំជន​គាស់ក្រឡ, ជា​មួយ​នឹង​ការងារ​ដ៏​មមាញឹក ខ្ញុំ​នៅ​ឆ្លៀត​ពេល​ចូល​ថត​ផ្តិត​យក​ទិដ្ឋភាពទូទៅនៃ​​ទីអារាម​ វត្តគាស់ក្រឡ ដើម្បី​ទុក​ជា​ឯកសារ ​និង​សំរាប់​ផ្ញើ​​ជាពិសេស ជូន​ទៅ​អស់​លោក​អ្នក ​​ដែលពី​អតីតកាល មាន​ដិត​ជាប់​នូវ​​អនុស្សាវរីយ៍​ផ្អែម​ល្ហែម​ជូរចត់ ​មិន​អាច​បំភ្លេច​បាន​ នៅក្នុង​​​តំបន់​គាស់ក្រឡ និងភ្នំធិបតី​នេះ..!!..

តាម​ពិតទៅ, វត្តគាស់ក្រឡសព្វថ្ងៃ គឺ​ជា​អារាម​ព្រះអនុគណ​ ព្រះនាម គឹម អៀង គង់​នៅ។ ព្រះគ្រូ គឹម អៀង បាន​ឡើង​កាន់​តំណែង​ជា​ព្រះ​អនុគណ​ស្រុកគាស់ក្រឡ ទើប​តែ​បាន​បួន​ឆ្នាំ, ឆ្នាំនេះ។ ព្រះអង្គបាន​ឡើង​ជា​ព្រះ​អនុគណ បន្ត​ពី​ព្រះគ្រូ ឃ្លោក វឿន, ជា​ព្រះ​អនុគណ​ចាស់, ក្រោយ​ពេល​ព្រះ​អង្គ​​​ទទួល​អនិច្ចធម្ម​ដោយ​ជរាពាធ កាល​ពី​ គ.ស​២០១០ ។

ព្រះគ្រូ គឹម អៀង ហាក់​ដូច​ជា​មិន​បាន​គ្រប់​គ្រង​ទី​អារាម​វត្ត​គាស់​ក្រឡ​​នេះ​ដោយ​ផ្ទាល់​ទេ ព្រោះ​អារាម​នេះ មាន​ព្រះ​ចៅ​អធិការ​វត្ត​មួយ​អង្គ​ទៀត មាន​ព្រះ​ជន្ម​ក្មេង​នៅ​ឡើយ ជា​អ្នក​គ្រប់​គ្រង​ចាត់​ចែង​ទូទៅ…។ បច្ចុប្បន្ន អារាម​នេះ​ទាំង​មូល មាន​ព្រះសង្ឃ​គង់​នៅ​ចំនួន ១១អង្គ, ក្នុងនោះ មាននេន​ទើប​នឹង​បួស​​ថ្មី​ពីរអង្គ និងព្រះ​សង្ឃ​មួយ​អង្គ​ទៀត មាន​ព្រះ​ជន្មាយុ​ ​ចាស់​វស្សា​ជាង​គេ (អាច​ចូល​ជិត ៩០​ព្រះវស្សា​)។

ព្រះអនុគណ និង​ព្រះចៅ​អធិការវត្ត គង់​នៅ​ក្នុងកុដិ​មួយ​រួម​គ្នា ស្ថិត​នៅ​ខាង​ជើង​ព្រះ​វិហារ។ នៅ​ចន្លោះ​រវាង​ព្រះវិហារ និង​​កុដិ​ព្រះអនុគណ មាន​កុដិ​ព្រះ​សង្ឃ​​មួយ​ទៀត។ នៅខាង​កើត​កុដិ​ព្រះអនុគណ មាន​អគារ​ឧបដ្ឋានសាលា​មួយ​ខ្នង ឃើញ​ចាក់​សោរ​ទុកចោល មិន​ប្រើ​ប្រាស់​ទេ។ នៅ​ជាប់​ពី​ខាង​ក្រោយ​អគារ​ឧបដ្ឋានសាលានេះ មាន​រោង​ដោល​វែង​​ សង់​ត.ជាប់​គ្នា ដោយ​​ម្ខាង​​​ជា​រោង​សំរាប់​ទុក​​ដាក់​ភស្តុភា​វត្ត និង​ម្ខាង​ទៀត​​ជា​រោង​​ចុងភៅ​សំរាប់​ចំអិន​ និង​រៀប​ចំ​ចង្ហាន់​ព្រះសង្ឃ។ គឺ​នៅ​ក្នុង​រោង​ចុងភៅ​នេះ​ហើយ ដែល​​​​​បាន​ក្លាយ​​​ជា​សាលាឆាន់ ជំនួស​ឧបដ្ឋាន​សាលា​ដែល​ទុក​ចោល…។

មាន​ផ្លូវបេតុងតូច​មួយដែល ត.​ភ្ជាប់​ព្រះវិហារ ​ឆ្ពោះ​ទៅ​កាន់​សំណង់​ជា​​​​ប្រាង្គ​ដ៏ធំមួយ​នៅ​ខាង​លិច​ ឆ្ងាយ​ពី​ទី​វត្ត​បន្តិច។ ​មាន​​រូប​ព្រះពុទ្ធ​បដិមា​ដ៏​ធំ​មួយ​អង្គ ​កំពស់​សឹង​ទល់​​ដំបូល​ប្រាង្គ បាន​ដំកល់​ទុក​នៅ​ក្នុង​ប្រាង្គ​នោះ ។ នៅ​ម្ខាង​នៃ​ផ្លូវ​បេតុង​ ឆ្ពោះ​ទៅ​កាន់​ប្រាង្គ​នេះ មាន​អគារថ្មមួយ និង​ផ្ទះឈើ​ពីរ ឃើញ​ហាក់​ដូច​ជា​ត្រូវ​បាន​បោះ​បង់​ចោល​, ឯ​នៅ​ម្ខាង​ទៀត ឃើញ​មាន​សំណង់ថ្ម​កំពស់​​មួយ​ជាន់​កំពុង​សាងសង់ គឺ​ជា​សំណង់​​អគារ​ពុទ្ធិក​សាលាបាលី​វត្តគាស់ក្រឡ នាពេល​​អនាគត។

នៅមាន​ស្រះ​ទឹក​ធំៗពីរ ស្ថិតនៅ​អម​សងខាង​ផ្លូវ​ចូល ដែល​ភ្ជាប់​ក្លោង​ទ្វារ​ធំ ទៅ​នឹង​ទីធ្លា​ខាង​កើត ពីមុខព្រះវិហារ…។

ព្រះវិហារ​វត្តគាស់​ក្រឡ មាន​រាង​តូចត្រឡឹង, មិន​ធំខ្ពស់ជង្រ្គឹង​ទេ។ ឯ​ទីធ្លា​លើ​ខឿន​ព្រះវិហារ មាន​ភាព​ទូលាយ ស្រឡះ​ល្អ​ណាស់។ ជា​ការ​គួរ​អោយ​សោក​ស្តាយ, ខ្ញុំ​​រក​មិន​​​​ឃើញ​កាលបរិច្ឆេទ​នៃ​ការ​ស្ថាបនា​ព្រះវិហារ​​​នេះទេ,​ តែនៅ​លើ​ក្លោង​ទ្វាររបង​​ ច្រក​ចូល​ព្រះ​វិហារ​​ពី​ខាង​កើត ឃើញ​មាន​ដាក់​កាលបរិច្ឆេទ ព.ស​២៥៤៤, គ.ស​២០០១…។ ដោយ​ហេតុ​នេះ ខ្ញុំ​គិត​ថា ព្រះវិហារអាច​​​​ស្ថាបនា​ដំណាល​គ្នា​នឹង​របង-ក្លោង​ទ្វារ​នេះ​ដែរ។

ផ្ទាំងគំនូរ​រៀបរាប់​ពី​ពុទ្ធ​ប្រវត្តិ​ តាម​ជញ្ជាំង​ខាង​ក្នុង​ព្រះ​វិហារ នៅ​មាន​ពណ៌​ស្រស់​ល្អ​នៅ​ឡើយ។ ​​អស់​លោក​អ្នក​ប្រហែល​ជា​ឆ្ងល់​នឹង​ខ្ញុំ ដែល​ចូល​ចិត្ត​ថតរូប​ក្នុង​ព្រះ​វិហារ ត្រង់​​ផ្ទាំង​រូបភាព​ «កាលទ្រង់​ទតរាហ៊ុល» មួយ​ឈុត​នេះ​ណាស់។ តាម​ពិត​ទៅ ខ្ញុំ​មិន​មាន​បំណង​ចង់​បន្តុះ​បង្អាប់ ឬ​បន្ទាបបន្ថោក​​ព្រះពុទ្ធ​សាសនា ដែល​ជា​សាសនា​របស់​រដ្ឋ​​យើង​ទេ។ អ្វី​ដែល​ខ្ញុំ​ដៅ​បង្ហាញ គឺ​ខ្ញុំ​ចង់​ទាញ​ការ​ចាប់​អារម្មណ៍​ពី​សំណាក់​​​​ក្រសួង​ធម្មការ ដែល​ជា​សាមី​ក្រសួង​គ្រប់​គ្រងកិច្ចការ​​សាសនា ​និងចង់​បង្ហាញ​ថ្វាយ​ជូន​​សម្តេច​​សង្ឃ​ជាន់​ខ្ពស់​ ដែល​គ្រប់​គ្រង​​ទៅ​លើ​ព្រះ​វិហារ​ព្រះពុទ្ធ​សាសនា​ទូទាំង​ប្រទេស​ផងដែរ, សូម​​មេត្តាដាក់​ចេញ​នូវ​បទបញ្ញត្ត ដែល​ជា​ច្បាប់​ ឬ​ទំរង់​​បែប​បទ​នៃ​ផ្ទាំង​គំនូរ ក៏ដូច​ជា​ព្រះ​ពុទ្ធ​បដិមា​​ដាក់​តាំង​ក្នុង​ព្រះ​វិហារ ​ដើម្បី​អោយ​មាន​ការ​ឯកភាព​គ្នា​​ទូទាំង​ប្រទេស​​តែ​ម្តង។ ​ឧបមាថា ឈុត​ទ្រង់ទត​រាហ៊ុល​នេះ ប្រសិន​បើ​មិន​គូរ​រូប​ស្រ្តី​ដេក​រដូក​រណែល​ក្បែរ​គ្រែ តើ​បាន​អត់?… ឬ​ក៏​គូរ​ដែរ តែ​អោយ​មាន​សំលៀក​បំពាក់សមរម្យ​​ត្រឹម​ត្រូវ​ទៅ តើ​បាន​អត់?… និយាយ​រួម​ទៅ គឺ​ខ្ញុំ​ចង់​ឃើញ​អោយ​មាន​ការ​ឯកភាព​គ្នា ឬ​ដូចៗ​គ្នា នៅ​គ្រប់​វិហារ​ព្រះ​ពុទ្ធ​សាសនា​ទូទាំង​ប្រទេស…។

ជាក់​ស្តែង​ ផ្ទាំង​គំនូរ​មួយ​ឈុត​​នេះ​ នៅជញ្ជាំង​ព្រះ​វិហារ​វត្តគាស់​ក្រឡ រាង​ជ្រុល​បន្តិច​ហើយ, មើល​យូរ​​ចង់ក្តៅសាច់… ហើយ​ជា​ទូទៅ ផ្ទាំង​គំនូរ​នេះ គឺ​នៅ​ទន្ទឹម​នឹង​បល្ល័ង្គ​ព្រះ​អង្គ​ធំ​​​តែ​ម្តង។ ប្រសិន​បើ​អស់​លោក​ណា​យល់​ថា​សមរម្យ, ខ្ញុំ​ក៏​គ្មាន​យោបល់​អី​ទៀតដែរ… 😀

មាន​រឿង​មួយ ​ដែល​ខ្ញុំចង់​បង្ហាញ​ជូន​អស់​លោក​អ្នក​ផងដែរ… នោះ​គឺ​ភាព​អត្តខាត់​នៃ​អារាម​ជនបទ​ដាច់​ស្រយាល​​នៅ​ស្រុក​យើង។ ចៃដន្យ ពេល​ខ្ញុំ​ដើរ​ថត​​ទី​អារាម​វត្ត​គាស់ក្រឡ គឺ​ចំពេល​ព្រះសង្ឃ​កំពុង​ឆាន់​ចង្ហាន់​ថ្ងៃត្រង់។ ក្រៅ​ពី​​សំឡ​ម្ជូរ​ត្រី និង​ប្រហុក​ចិញ្ច្រាំ, នៅ​មាន​ឆាមីកញ្ចប់​សល់​ពេញ​ចាន។ ឯ​បង្អែមវិញ ក្រៅពីនំអាកោរ នំកូរ, នៅ​មាន​ចាហួយ​ខ្មៅ​ និង​បបរ​សណ្តែក​ច្រកចង់ ដែល​អាច​ជា​ចង្ហាន់​ព្រះសង្ឃ​បិណ្ឌ​បាត្រ​បាន​នៅ​ក្នុង​ផ្សារ​គាស់ក្រឡ​នេះ…។

នេះ​យើង​ស្ថិតក្នុង​អំឡុង​ពេល​​ក្រោយ​​រដូវ​​ច្រូត​កាត់​​ប្រមូល​ផល​ស្រូវ ដែល​ជា​រដូវ​អ្នក​ស្រុក​ធូរធា​​រផង។ ចុះ​ទំរាំ​ចូល​ដល់​រដូវ​​​វស្សា​ ទឹក​​លិច​ល្ហាច​ល្ហឹម, ស្រូវ​ទើប​តែ​ឈ្លក់​ទឹក ដែល​នាំ​អោយ​អ្នក​ស្រុក​មាន​ការ​ខ្វះ​ខាត, តើ​ជីវភាព​ព្រះ​សង្ឃ​នៅ​តាម​ទីអារាមជនបទ​ដាច់​ស្រយាល​ នឹង​ជួបនូវ​បញ្ហា​​អត្តខាត់​យ៉ាង​ណា​ទៅ, ទំរាំ​ចូល​ដល់​រដូវ​វេន​បិណ្ឌ?…

ស្រុកស្រែ

Advertisements

2 responses to “អារាមវត្តគាស់ក្រឡ ខេត្តបាត់ដំបង

  1. ខ្ញុំក៏យល់ថា ជ្រុលមែនគំនូរហ្នឹង ចូលលក្ខណៈអុចអាល អោយលោកឆាប់សឹក មិនខានរ៉េ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s